-
សូមកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ មករា
-
-
សូមកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះ
«ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្ដិនៅថ្ងៃនេះចុះ»។—យ៉ូស. ២៤:១៥
សូមខំរកចម្លើយ
តើអ្នកអាចមានទស្សនៈត្រឹមត្រូវចំពោះការងាររបស់អ្នកយ៉ាងដូចម្ដេច?
តើតាមរបៀបណាអ្នកអាចមានតុល្យភាពស្តីអំពីការកម្សាន្ត?
ប្រសិនបើសមាជិកក្នុងក្រុមគ្រួសាររបស់អ្នក បោះបង់ចោលព្រះយេហូវ៉ា តើអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់យ៉ាងដូចម្ដេច?
១-៣. (ក) ហេតុអ្វីយ៉ូស្វេជាគំរូល្អស្តីអំពីអ្នកដែលបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត? (ខ) ពេលធ្វើការសម្រេចចិត្ត តើយើងគួរចាំអំពីអ្វី?
ការ«រើសយក»ឬការជ្រើសរើសគឺជាពាក្យដែលមានឥទ្ធិពលខ្លាំង។ បុគ្គលម្នាក់អាចមានជម្រើស ហើយអាចកំណត់នូវអ្វីដែលកើតឡើងក្នុងជីវិតរបស់គាត់បានមួយកម្រិត។ ជាឧទាហរណ៍: សូមស្រមៃគិតថាបុរសម្នាក់ដែលកំពុងដើរនៅលើផ្លូវមួយ ស្រាប់តែគាត់ឃើញផ្លូវនោះបែកជាពីរ។ តើគាត់ត្រូវរើសយកផ្លូវមួយណា? ប្រសិនបើគាត់មានគោលដៅទៅទីណា នោះគាត់ទំនងជាជ្រើសរើសផ្លូវជិតជាងដែលនាំគាត់ទៅដល់កន្លែងនោះ ជាជាងផ្លូវដែលនាំគាត់ទៅកាន់តែឆ្ងាយពីកន្លែងនោះ។
២ គម្ពីរមានគំរូជាច្រើនរបស់មនុស្សដែលជួបនឹងស្ថានភាពស្រដៀងគ្នានេះ។ ជាឧទាហរណ៍ កាអ៊ីនត្រូវសម្រេចចិត្តថាប្រព្រឹត្តតាមកំហឹងរបស់គាត់ឬក៏ទប់កំហឹងនោះ។ (លោ. ៤:៦, ៧) យ៉ូស្វេត្រូវសម្រេចចិត្តរវាងការបម្រើព្រះពិតនិងការគោរពបូជាព្រះមិនពិត។ (យ៉ូស. ២៤:១៥) គោលដៅរបស់យ៉ូស្វេគឺនៅជិតព្រះយេហូវ៉ា។ ហេតុនេះគាត់បានជ្រើសរើសផ្លូវមួយដែលនាំគាត់ទៅដល់គោលដៅនោះ។ កាអ៊ីនមិនមានគោលដៅបែបនេះទេ ហើយគាត់បានជ្រើសរើសផ្លូវដែលនាំគាត់ទៅកាន់តែឆ្ងាយពីព្រះយេហូវ៉ា។
៣ ជួនកាល យើងប្រហែលជាជួបនឹងផ្លូវបែកជាពីរក្នុងន័យធៀប។ បើអ្វីនោះកើតឡើង សូមនឹកចាំអំពីទិសដៅឬគោលដៅរបស់អ្នក ពោលគឺយើងធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង ហើយយើងជៀសចេញពីអ្វីទាំងអស់ដែលបណ្ដាលឲ្យយើងឃ្លាតឆ្ងាយពីលោក។ (សូមអាន ហេប្រឺ ៣:១២) ក្នុងអត្ថបទនេះនិងនៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីសកម្មភាព៧យ៉ាងក្នុងជីវិតដែលយើងមិនគួរអនុញ្ញាតឲ្យវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។
ការងារនិងអាជីព
៤. ហេតុអ្វីការរកស៊ីចិញ្ចឹមជីវិតគឺជាអ្វីដែលសំខាន់?
៤ គ្រិស្តសាសនិកមានកាតព្វកិច្ចចិញ្ចឹមខ្លួននិងក្រុមគ្រួសារ។ គម្ពីរបញ្ជាក់ថាប្រសិនបើមានអ្នកណាដែលមិនចង់ទំនុកបម្រុងសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះអាក្រក់ជាងអ្នកដែលមិនជឿទៅទៀត។ (២ថែ. ៣:១០; ១ធី. ៥:៨) ច្បាស់ណាស់ ការងារចិញ្ចឹមជីវិតគឺជាអ្វីដែលសំខាន់ក្នុងជីវិត ប៉ុន្តែប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ ការងារនិងអាជីពអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ តើតាមរបៀបណា?
៥. តើអ្នកគួរគិតអំពីអ្វីខ្លះ មុននឹងទទួលយកការងារណាមួយ?
៥ ឧបមាថាអ្នកកំពុងស្វែងរកការងារ។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលមិនសូវមានការងារធ្វើ អ្នកប្រហែលជាចង់ទទួលយកការងារណាក៏ដោយដែលគេផ្ដល់ឲ្យអ្នក។ ប៉ុន្តែ ចុះយ៉ាងណាបើការងារបែបនោះប្រឆាំងនឹងគោលការណ៍គម្ពីរ? ឬបើពេលម៉ោងធ្វើការនិងការធ្វើដំណើរទៅកន្លែងធ្វើការនោះរំខានដល់សកម្មភាពគ្រិស្តសាសនិករបស់អ្នក ឬធ្វើឲ្យអ្នកមិនអាចចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់អ្នក? តើអ្នកគួរទទួលយកការងារនោះដោយគិតថា មានការងារមិនល្អគឺប្រសើរជាងគ្មានការងារឬទេ? សូមចាំថា ការសម្រេចចិត្តខុសអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ (ហេ. ២:១) ទោះជាអ្នកកំពុងស្វែងរកការងារ ឬកំពុងគិតផ្លាស់ប្ដូរការងាររបស់អ្នកក៏ដោយ តើអ្នកអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃយ៉ាងដូចម្ដេច?
៦, ៧. (ក) តើគោលដៅអ្វីខ្លះដែលបុគ្គលម្នាក់ប្រហែលជាមានស្តីអំពីការងារ? (ខ) តើគោលដៅអ្វី ដែលនឹងនាំអ្នកទៅកាន់តែជិតព្រះយេហូវ៉ា ហើយហេតុអ្វី?
៦ ដូចបានរៀបរាប់ខាងលើ សូមចាំជានិច្ចអំពីគោលដៅរបស់អ្នក។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំធ្វើការដើម្បីអ្វី?›។ ប្រសិនបើអ្នកចាត់ទុកការងារជាមធ្យោបាយសម្រាប់ចិញ្ចឹមជីវិត ពោលគឺដើម្បីផ្គត់ផ្គង់ខ្លួននិងក្រុមគ្រួសារ និងដើម្បីឲ្យអ្នកអាចបម្រើព្រះយេហូវ៉ា នោះលោកនឹងឲ្យពរចំពោះការព្យាយាមរបស់អ្នក។ (ម៉ាថ. ៦:៣៣) ព្រះយេហូវ៉ាដឹងអំពីរបៀបជួយអ្នកនៅពេលដែលអ្នកបាត់បង់ការងារភ្លាមៗឬពេលមានបញ្ហាសេដ្ឋកិច្ច។ (អេ. ៥៩:១) លោក«ចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—២ពេ. ២:៩
៧ ផ្ទុយទៅវិញ ចុះយ៉ាងណាបើអ្នកធ្វើការដោយមានគោលដៅដើម្បីក្លាយទៅជាអ្នកមាន? ប្រហែលជាអ្នកអាចធ្វើដូច្នេះបាន។ ប៉ុន្តែបើអ្នកធ្វើការដើម្បីឲ្យបានធ្វើជាអ្នកមានប៉ុណ្ណោះ នេះនាំឲ្យអ្នកជួបទុក្ខលំបាក។ (សូមអាន ធីម៉ូថេទី១ ៦:៩, ១០) ការឲ្យតម្លៃហួសហេតុពេកទៅលើទ្រព្យសម្បត្ដិនិងអាជីពរបស់អ្នក នឹងធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។
៨, ៩. តើឪពុកម្ដាយគួរសួរខ្លួននូវសំណួរអ្វីខ្លះស្តីអំពីការងារ ឬអាជីព? ហេតុអ្វី?
៨ ប្រសិនបើអ្នកជាឪពុកម្ដាយ សូមគិតអំពីរបៀបដែលគំរូរបស់អ្នកមានឥទ្ធិពលលើកូនរបស់អ្នក។ តើពួកគេនឹងគិតថាអ្វីគឺសំខាន់បំផុតចំពោះអ្នក ការងាររបស់អ្នកឬក៏ចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា? ប្រសិនបើពួកគេឃើញថា ឋានៈ មុខមាត់និងទ្រព្យសម្បត្ដិជាអ្វីដែលសំខាន់ក្នុងជីវិតរបស់អ្នក តើពួកគេប្រហែលជានឹងធ្វើតាមរបៀបរស់នៅបែបនេះឬទេ? តើពួកគេអាចលែងគោរពអ្នកជាឪពុកម្ដាយរបស់ពួកគេមួយកម្រិតឬទេ? គ្រិស្តសាសនិកវ័យក្មេងម្នាក់និយាយថា៖ «តាមខ្ញុំចាំបាន ឪពុកខ្ញុំជាប់រវល់ហួសហេតុពេកនឹងការងាររបស់គាត់។ មុនដំបូងមើលទៅដូចជាគាត់ខំប្រឹងធ្វើការដោយសារគាត់ចង់ឲ្យគ្រួសារយើងមានអ្វីដែលល្អបំផុត។ គាត់ចង់ឲ្យយើងមានអ្វីៗដែលយើងត្រូវការ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំនេះ មានអ្វីមួយបានផ្លាស់ប្ដូរ។ គាត់ធ្វើការជាប់រហូត ហើយបន្ទាប់មកគាត់ទិញរបស់ថ្លៃៗជាជាងអ្វីដែលសំខាន់ចាំបាច់ក្នុងជីវិត។ ជាលទ្ធផល យើងត្រូវបានគេស្គាល់ថាជាក្រុមគ្រួសារដែលមានលុយច្រើន ជាជាងជាក្រុមគ្រួសារដែលលើកទឹកចិត្តអ្នកឯទៀតឲ្យមានគោលដៅក្នុងការគោរពប្រណិប័តន៍ព្រះ។ ខ្ញុំចង់ឲ្យឪពុកខ្ញុំជួយក្រុមគ្រួសារឲ្យមានចំណងមិត្តភាពជាមួយព្រះ ជាជាងខំធ្វើការដើម្បីរកលុយសម្រាប់ក្រុមគ្រួសារ»។
៩ ឪពុកម្ដាយទាំងឡាយ សូមកុំឃ្លាតឆ្ងាយពីព្រះយេហូវ៉ាដោយឲ្យតម្លៃហួសហេតុពេកចំពោះការងាររបស់អ្នក។ សូមបង្ហាញកូនថាអ្នកពិតជាជឿថាការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាគឺសំខាន់ជាងលុយនិងរបស់របរផ្សេងៗឆ្ងាយណាស់។—ម៉ាថ. ៥:៣
១០. តើយុវជនម្នាក់ប្រហែលជាពិចារណាអំពីអ្វី ពេលជ្រើសរើសអាជីពមួយ?
១០ ប្រសិនបើអ្នកនៅក្មេង ហើយកំពុងគិតអំពីការងារបែបណាដែលអ្នកនឹងធ្វើពេលអ្នកធំឡើង តើតាមរបៀបណាអ្នកអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ? ដូចដែលបានពិចារណារួចហើយ អ្នកត្រូវដឹងអំពីគោលដៅនៃជីវិតរបស់អ្នក។ តើការទទួលការបង្ហាត់បង្រៀននិងការងារដែលអ្នកកំពុងពិចារណា អនុញ្ញាតឲ្យអ្នកចូលរួមកិច្ចការរាជាណាចក្រឲ្យបានច្រើនជាង ឬក៏ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាវិញ? (២ធី. ៤:១០) តើអ្នកចង់ធ្វើដូចមនុស្សក្នុងពិភពលោក ដែលសប្បាយតែពេលដែលពួកគេមានលុយច្រើនប៉ុណ្ណោះឬ? ឬតើអ្នកនឹងសម្រេចចិត្តធ្វើដូចដាវីឌដែលបង្ហាញទំនុកចិត្តលើព្រះឬទេ? គាត់បានសរសេរថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) សូមចាំថាផ្លូវមួយនឹងធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា រីឯផ្លូវមួយទៀតនាំឲ្យអ្នកមានជីវិតប្រសើរបំផុត។ (សូមអាន សុភាសិត ១០:២២; ម៉ាឡាគី ៣:១០) តើអ្នកនឹងរើសយកផ្លូវមួយណា?a
ការកម្សាន្ត
១១. តើគម្ពីរបង្រៀនយ៉ាងណាអំពីការកម្សាន្ត ប៉ុន្តែតើយើងគួរចាំអំពីអ្វី?
១១ គម្ពីរមិនប្រឆាំងនឹងការកម្សាន្តសប្បាយទេ ហើយក៏មិនបានចែងថានេះនាំឲ្យខាតពេលវេលាដែរ។ ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្តួច»។ (១ធី. ៤:៨) គម្ពីរថែមទាំងចែងថា មាន«ពេលសើច»និង«ពេលសំរាប់លោតកញ្ឆេង» ហើយគម្ពីរក៏លើកទឹកចិត្តយើងឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។ (សាស្ដ. ៣:៤; ៤:៦) ប៉ុន្តែ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ការកម្សាន្តអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ តើតាមរបៀបណា? មានចំណុចសំខាន់ពីរយ៉ាងស្តីអំពីការកម្សាន្តដែលច្រើនតែនាំឲ្យមានគ្រោះថ្នាក់គឺប្រភេទនៃការកម្សាន្តនិងពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្ត។
១២. តើអ្នកត្រូវពិចារណាអំពីកត្ដាអ្វីខ្លះស្តីអំពីប្រភេទនៃការកម្សាន្តដែលអ្នកជ្រើសរើស?
១២ មុនដំបូងសូមពិចារណាអំពីប្រភេទនៃការកម្សាន្ត។ សូមមានទំនុកចិត្តថាអ្នកអាចរកបានការកម្សាន្តល្អដែលនាំឲ្យទទួលការលើកទឹកចិត្ត។ ប៉ុន្តែមានការកម្សាន្តជាច្រើនដែលលើកតម្កើងអ្វីៗដែលព្រះស្អប់ ដូចជាអំពើហិង្សា ការទាក់ទងជាមួយនឹងពួកវិញ្ញាណអាក្រក់ និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ហេតុនេះ អ្នកត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់អំពីប្រភេទនៃការកម្សាន្តដែលអ្នកចូលរួម។ តើការកម្សាន្តនោះមានឥទ្ធិពលយ៉ាងណាមកលើអ្នក? តើការកម្សាន្តនោះលើកទឹកចិត្តអ្នកឲ្យប្រព្រឹត្តអំពើហិង្សា មានចិត្តគំនិតឃោរឃៅ ប្រកួតប្រជែងគ្នា ឬមានគំនិតជាតិនិយមឬទេ? (សុភ. ៣:៣១) តើការកម្សាន្តនោះធ្វើឲ្យអ្នកខ្ជះខ្ជាយលុយកាក់ឬទេ? ហើយតើវាអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួលឬទេ? (រ៉ូម ១៤:២១) តើការកម្សាន្តដែលអ្នកបានជ្រើសរើសនាំឲ្យអ្នកសេពគប់ជាមួយមនុស្សបែបណា? (សុភ. ១៣:២០) តើការកម្សាន្តនេះនាំឲ្យអ្នកចង់ប្រព្រឹត្តអំពើខុសឆ្គងឬទេ?—យ៉ា. ១:១៤, ១៥
១៣, ១៤. ស្តីអំពីពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្ត តើអ្នកត្រូវពិចារណាអំពីអ្វី?
១៣ សូមពិចារណាផងដែរថាអ្នកចំណាយពេលច្រើនប៉ុន្មានទៅលើការកម្សាន្ត។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចំណាយពេលច្រើនដល់ម្ល៉េះទៅលើការកម្សាន្ត បានជាខ្ញុំមានពេលតែបន្ដិចបន្តួចសម្រាប់សកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះឬទេ?›។ ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលច្រើនហួសហេតុពេកទៅលើការកម្សាន្ត អ្នកនឹងដឹងថាការកម្សាន្តនោះមិននាំឲ្យអ្នកទទួលការលើកទឹកចិត្តដូចដែលអ្នកនឹកស្មាននោះឡើយ។ តាមការពិតអ្នកដែលប្រុងប្រយ័ត្នដោយមិនចំណាយពេលច្រើនពេកទៅលើការកម្សាន្ត សប្បាយនឹងការកម្សាន្តរបស់ពួកគេច្រើនជាង។ ហេតុអ្វី? ពីព្រោះពួកគេដឹងថាពួកគេបានធ្វើ«ការអ្វីដែលសំខាន់ជាង»ជាមុន ដូច្នេះពួកគេមិនចាំបាច់មានអារម្មណ៍ថាខ្លួនខុសដោយសារបានកម្សាន្តសប្បាយខ្លះ។—សូមអាន ភីលីព ១:១០, ១១
១៤ ទោះជាការចំណាយពេលច្រើនក្នុងសកម្មភាពកម្សាន្តប្រហែលជាមើលទៅគួរឲ្យទាក់ទាញចិត្តក្ដី ការធ្វើដូច្នោះអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ប្អូនស្រីម្នាក់ដែលមានអាយុ២០ឆ្នាំឈ្មោះគីម ធ្លាប់ធ្វើដូច្នេះ។ នាងនិយាយថា៖ «ខ្ញុំធ្លាប់ចូលរួមការជប់លៀងទាំងអស់។ រាល់ចុងសប្ដាហ៍ ពោលគឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គេរៀបចំកម្មវិធីកម្សាន្តធំៗ។ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងថាមានអ្វីសំខាន់ជាងជាច្រើនដែលខ្ញុំត្រូវធ្វើ។ ជាឧទាហរណ៍ ជាអ្នកត្រួសត្រាយ ខ្ញុំភ្ញាក់ឡើងនៅម៉ោង៦ព្រឹកដើម្បីទៅផ្សព្វផ្សាយ ដូច្នេះខ្ញុំមិនអាចចូលរួមកម្សាន្តរហូតដល់ម៉ោងមួយ ឬម៉ោងពីរយប់ទេ។ ខ្ញុំដឹងថាការចូលរួមកម្មវិធីកម្សាន្តផ្សេងៗមិនមែនអាក្រក់ទាំងអស់ទេ ប៉ុន្តែអ្វីទាំងនេះអាចបំបែរអារម្មណ៍យ៉ាងខ្លាំង។ ដូចអ្វីៗផ្សេងទៀតដែរ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះការកម្សាន្ត»។
១៥. តើតាមរបៀបណាដែលឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យមានការកម្សាន្តដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ?
១៥ ឪពុកម្ដាយមានភារកិច្ចផ្គត់ផ្គង់ខ្លួននិងកូនៗរបស់ពួកគេខាងសម្ភារ ខាងការគោរពប្រណិប័តន៍ព្រះ និងខាងផ្លូវចិត្ត។ នេះរួមបញ្ចូលការរៀបចំឲ្យមានការកម្សាន្តដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។ បើអ្នកជាឪពុកម្ដាយ សូមកុំចាត់ទុកថាការកម្សាន្តទាំងអស់សុទ្ធតែអាក្រក់ឡើយ។ នៅដំណាលគ្នានោះ សូមប្រុងប្រយ័ត្ននឹងអ្វីដែលមានឥទ្ធិពលមិនល្អ។ (១កូ. ៥:៦) បើអ្នកគិតឲ្យបានហ្មត់ចត់ អ្នកអាចរកឃើញការកម្សាន្តដែលពិតជាធ្វើឲ្យគ្រួសាររបស់អ្នកមានកម្លាំងចិត្តឡើងវិញ។b តាមរបៀបនេះ អ្នកនិងកូនរបស់អ្នកនឹងជ្រើសរើសផ្លូវដែលនឹងនាំអ្នកទៅកាន់តែជិតព្រះយេហូវ៉ា។
ទំនាក់ទំនងក្នុងក្រុមគ្រួសារ
១៦, ១៧. តើមានស្ថានភាពអ្វីដែលនាំឲ្យឪពុកម្ដាយជាច្រើនឈឺចាប់ ហើយតើតាមរបៀបណាយើងអាចដឹងថាព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់ពួកគាត់?
១៦ សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនគឺជាចំណងដ៏រឹងមាំដល់ម្ល៉េះបានជាព្រះយេហូវ៉ាប្រើទំនាក់ទំនងនេះជាគំរូដើម្បីបញ្ជាក់អំពីស្រឡាញ់របស់លោកចំពោះរាស្ត្ររបស់លោក។ (អេ. ៤៩:១៥) ដូច្នេះ ជាការធម្មតាដែលយើងកើតទុក្ខយ៉ាងខ្លាំង ពេលដែលសមាជិកជាទីស្រឡាញ់ណាម្នាក់ក្នុងគ្រួសារបោះបង់ចោលព្រះយេហូវ៉ា។ បងស្រីម្នាក់ដែលមានកូនស្រីដែលបានត្រូវបណ្ដាច់មិត្តភាពនិយាយថា៖ «ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ខ្ញុំឆ្ងល់ថា ‹ហេតុអ្វីនាងបោះបង់ចោលព្រះយេហូវ៉ា?›។ ខ្ញុំមានអារម្មណ៍ថាខ្លួនខុស ហើយខ្ញុំបន្ទោសខ្លួនខ្ញុំ»។
១៧ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់អ្នក។ លោក«មានព្រះហឫទ័យព្រួយ»ពេលដែលសមាជិកដំបូងនៃក្រុមគ្រួសាររបស់លោក ហើយក្រោយមកពេលដែលមនុស្សភាគច្រើនដែលរស់នៅមុនពេលទឹកជំនន់នៅសម័យណូអេ បានបះបោរប្រឆាំងនឹងលោក។ (លោ. ៦:៥, ៦) ពួកអ្នកដែលមិនធ្លាប់មានសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ពិបាកយល់នូវទំហំនៃការឈឺចាប់នេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឲ្យការប្រព្រឹត្តមិនត្រឹមត្រូវរបស់សមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។ ប៉ុន្តែតើតាមរបៀបណាអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រៃលែង ដែលបណ្ដាលមកពីសមាជិកម្នាក់ក្នុងក្រុមគ្រួសារបោះបង់ចោលព្រះយេហូវ៉ា?
១៨. ហេតុអ្វីឪពុកម្ដាយមិនគួរបន្ទោសខ្លួនគាត់ ប្រសិនបើកូនបោះបង់ចោលព្រះយេហូវ៉ា?
១៨ សូមកុំបន្ទោសខ្លួនអ្នកចំពោះអ្វីដែលបានកើតឡើង។ ព្រះយេហូវ៉ាឲ្យមនុស្សមានជម្រើស ហើយសមាជិកក្នុងក្រុមគ្រួសារម្នាក់ៗដែលបានប្រគល់ខ្លួនជូនព្រះ ហើយបានទទួលការជ្រមុជទឹក ត្រូវ«ទទួលភារៈរបស់ខ្លួន»។ (កាឡ. ៦:៥) នៅទីបំផុត ព្រះយេហូវ៉ាចាត់ទុកថាអ្នកដែលធ្វើអំពើខុសឆ្គងនោះជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន មិនមែនអ្នកទេ។ (អេស. ១៨:២០) កុំបន្ទោសអ្នកឯទៀតផងដែរ។ ចូរគោរពការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការប្រដៅ។ ចូរតតាំងនឹងមេកំណាច មិនមែននឹងពួកគង្វាលដែលព្យាយាមការពារក្រុមជំនុំទេ។—១ពេ. ៥:៨, ៩
១៩, ២០. (ក) តើឪពុកម្ដាយដែលមានកូនដែលបានត្រូវបណ្ដាច់មិត្តភាពអាចធ្វើអ្វី ដើម្បីស៊ូទ្រាំនឹងការឈឺចាប់របស់ពួកគាត់? (ខ) តើឪពុកម្ដាយទាំងនោះនៅតែមានសេចក្ដីសង្ឃឹមអ្វី?
១៩ ម្យ៉ាងទៀត ប្រសិនបើអ្នកខឹងនឹងព្រះយេហូវ៉ាស្តីអំពីរឿងនេះ នោះអ្នកនឹងឃ្លាតឆ្ងាយពីលោក។ អ្វីដែលសមាជិកក្នុងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នកត្រូវឃើញ គឺជំហររឹងមាំរបស់អ្នកក្នុងការចាត់ទុកព្រះយេហូវ៉ាថាសំខាន់ជាងអ្វីៗទាំងអស់ រួមទាំងទំនាក់ទំនងក្នុងក្រុមគ្រួសារផងដែរ។ ដូច្នេះដើម្បីស៊ូទ្រាំនឹងស្ថានភាពនេះ សូមព្យាយាមរក្សាចំណងមិត្តភាពរឹងមាំជាមួយព្រះ។ សូមកុំឈប់សេពគប់ជាមួយនឹងបងប្អូនប្រុសស្រីដែលជាគ្រិស្តសាសនិកស្មោះត្រង់ឡើយ។ (សុភ. ១៨:១) តាមរយៈសេចក្ដីអធិដ្ឋាន សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ (ទំនុក. ៦២:៧, ៨) សូមកុំរកលេសដើម្បីទាក់ទងជាមួយសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាពឡើយ ជាឧទាហរណ៍តាមរយៈការផ្ញើអ៊ីមែល។ (១កូ. ៥:១១) សូមបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះ។ (១កូ. ១៥:៥៨) បងស្រីដែលបានរៀបរាប់ខាងលើនិយាយថា «ខ្ញុំដឹងថាខ្ញុំត្រូវបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយរក្សាខ្លួនឲ្យមានចំណងមិត្តភាពរឹងមាំជាមួយលោក ដើម្បីពេលដែលកូនស្រីរបស់ខ្ញុំត្រឡប់មករកព្រះយេហូវ៉ាវិញ ខ្ញុំនឹងអាចជួយនាងបាន»។
២០ គម្ពីររៀបរាប់ថាសេចក្ដីស្រឡាញ់«សង្ឃឹមលើអ្វីៗទាំងអស់»។ (១កូ. ១៣:៤, ៧) មិនមែនជាការខុសទេដែលយើងនៅតែសង្ឃឹមថាបុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ។ ជារៀងរាល់ឆ្នាំបុគ្គលជាច្រើននាក់ដែលបានធ្វើខុសបានប្រែចិត្ត ហើយត្រឡប់មកអង្គការរបស់ព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមិននៅតែខឹង ក្រោយពេលដែលពួកគេបានប្រែចិត្តឡើយ។ ផ្ទុយទៅវិញលោក«បំរុងតែនឹងអត់ទោស»។—ទំនុក. ៨៦:៥
សូមធ្វើការសម្រេចចិត្តឲ្យបានល្អ
២១, ២២. ពេលដែលអ្នកប្រើចិត្តសេរីរបស់អ្នក តើអ្នកតាំងចិត្តធ្វើអ្វី?
២១ ព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សជាតិដែលលោកបានបង្កើតនូវចិត្តសេរី។ (សូមអាន ចោទិយកថា ៣០:១៩, ២០) ប៉ុន្តែនេះមានន័យថាយើងមានភារកិច្ចធ្វើការសម្រេចចិត្តឲ្យបានល្អ។ គ្រិស្តសាសនិកម្នាក់ៗគួរសួរខ្លួនថា ‹តើខ្ញុំដើរតាមផ្លូវមួយណា? តើខ្ញុំអនុញ្ញាតឲ្យអាជីព ការកម្សាន្ត ឬទំនាក់ទំនងក្នុងក្រុមគ្រួសារធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឬទេ?›។
២២ សេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះរាស្ត្ររបស់លោកមិនរង្គោះរង្គើឡើយ។ មានតែអ្វីមួយប៉ុណ្ណោះដែលអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា គឺបើយើងសម្រេចចិត្តដើរតាមផ្លូវខុស។ (រ៉ូម ៨:៣៨, ៣៩) ប៉ុន្តែ អ្វីនោះមិនត្រូវកើតឡើងទេ! សូមតាំងចិត្តកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីសកម្មភាពបួនយ៉ាងទៀត ដែលអ្នកអាចបង្ហាញថាអ្នកតាំងចិត្តធ្វើដូច្នេះ។
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀតស្តីអំពីការជ្រើសរើសអាជីពមួយ សូមមើលជំពូកទី៣៨នៃសៀវភៅសំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព (Questions Young People Ask—Answers That Work) ភាគទី២។
b ដើម្បីបានយោបល់ថែមទៀត សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ១៧-១៩។
[រូបភាពនៅទំព័រ១២]
[រូបភាពនៅទំព័រ១៤]
ការកម្សាន្តដែលល្អ ហើយមិនចំណាយពេលច្រើនហួសហេតុពេក នាំឲ្យមានកម្លាំងចិត្តឡើងវិញ
[រូបភាពនៅទំព័រ១៦]
មិនមែនជាការខុសទេដែលយើងនៅតែសង្ឃឹមថាបុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ
-
-
ចូរបន្ដចូលទៅជិតព្រះយេហូវ៉ាទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ មករា
-
-
ចូរបន្តចូលទៅជិតព្រះយេហូវ៉ា
«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ា. ៤:៨
តើអ្នកអាចពន្យល់បានឬទេ?
តើតាមរបៀបណាយើងអាចរក្សាទស្សនៈត្រឹមត្រូវចំពោះបច្ចេកវិជ្ជានិងសុខភាព?
តើតាមរបៀបណាយើងអាចរក្សាទស្សនៈត្រឹមត្រូវចំពោះប្រាក់និងមោទនភាព?
តើតាមរបៀបណាយើងអាចរក្សាភាពជិតស្និទ្ធនឹងព្រះយេហូវ៉ា?
១, ២. (ក) តើ«កលល្បិចទាំងប៉ុន្មាន»របស់សាថានគឺជាអ្វី? (ខ) តើអ្វីនឹងជួយយើងឲ្យចូលទៅជិតព្រះ?
ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិឲ្យមានសេចក្ដីត្រូវការចង់ចូលទៅជិតលោក។ ប៉ុន្តែ សាថានចង់ឲ្យយើងគិតដូចវាដែរ ពោលគឺគិតថាយើងមិនត្រូវការព្រះយេហូវ៉ាទេ។ នេះជាពាក្យកុហកដែលសាថានបានលើកឡើង តាំងពីវាបានបញ្ឆោតនាងអេវ៉ាក្នុងសួនអេដែន។ (លោ. ៣:៤-៦) តាំងពីពេលនោះមក មនុស្សជាច្រើនបានគិតថាមនុស្សជាតិមិនត្រូវការព្រះទេ។
២ ប៉ុន្តែ យើងមិនចាំបាច់ធ្លាក់ក្នុងអន្ទាក់របស់សាថានឡើយ។ «ព្រោះមិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ»។ (២កូ. ២:១១) សាថានព្យាយាមធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ាដោយជំរុញយើងឲ្យសម្រេចចិត្តខុស។ ប៉ុន្តែ ដូចអត្ថបទមុនបានបង្ហាញ យើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវស្តីអំពីអាជីព ការកម្សាន្ត និងទំនាក់ទំនងក្នុងក្រុមគ្រួសារ។ អត្ថបទនេះនឹងបង្ហាញថាការមានទស្សនៈត្រឹមត្រូវចំពោះបច្ចេកវិជ្ជា សុខភាព ប្រាក់ និងមោទនភាព អាចជួយយើងឲ្យ«ចូលទៅជិតព្រះ»។—យ៉ា. ៤:៨
បច្ចេកវិជ្ជា
៣. សូមឲ្យឧទាហរណ៍អំពីរបៀបដែលបច្ចេកវិជ្ជាអាចប្រើតាមរបៀបត្រឹមត្រូវនិងតាមរបៀបមិនត្រឹមត្រូវ។
៣ នៅទូទាំងពិភពលោក មនុស្សកំពុងប្រើប្រាស់គ្រឿងអេឡិចត្រូនិកទាន់សម័យជាទូទៅ។ បើយើងប្រើផលិតផលទាំងនេះតាមរបៀបត្រឹមត្រូវ នេះអាចមានប្រយោជន៍យ៉ាងខ្លាំង។ ប៉ុន្តែបើយើងប្រើតាមរបៀបមិនត្រឹមត្រូវ នេះអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីបិតារបស់យើងដែលនៅស្ថានសួគ៌។ សូមពិចារណាអំពីកុំព្យូទ័រ។ ទស្សនាវដ្ដីដែលអ្នកកំពុងអាននេះបានត្រូវសរសេរនិងបោះពុម្ពដោយប្រើកុំព្យូទ័រ។ កុំព្យូទ័រអាចជាឧបករណ៍សម្រាប់ស្រាវជ្រាវដែលមានប្រសិទ្ធភាព និងជាឧបករណ៍សម្រាប់ទំនាក់ទំនងគ្នា ហើយជួនកាលវាជាប្រភពមួយនៃការកម្សាន្តដែលធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ។ ប៉ុន្តែ យើងក៏អាចវក់នឹងបច្ចេកវិជ្ជាកុំព្យូទ័រដែរ។ ពួកអ្នកផ្សាយពាណិជ្ជកម្ម ប៉ិនប្រសប់ធ្វើឲ្យមនុស្សជឿថាពួកគេត្រូវតែទិញផលិតផលដែលចេញថ្មីបំផុត។ យុវជនម្នាក់ចង់បានកុំព្យូទ័របន្ទះស្តើងមួយប្រភេទខ្លាំងដល់ម្ល៉េះបានជាគាត់លួចលក់តម្រងនោមម្ខាងរបស់គាត់ដើម្បីទិញវា។ នេះជាការលះបង់ដោយឥតគិតវែងឆ្ងាយសោះ!
៤. តើគ្រិស្តសាសនិកម្នាក់បានធ្វើអ្វីដើម្បីកុំឲ្យគាត់ប្រើប្រាស់កុំព្យូទ័រច្រើនហួសហេតុពេក?
៤ គួរឲ្យស្ដាយខ្លាំងជាងនេះទៅទៀត បើអ្នកលះបង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដោយសារការប្រើប្រាស់បច្ចេកវិជ្ជាតាមរបៀបមិនត្រឹមត្រូវឬប្រើហួសហេតុពេក។ យ៉នaជាគ្រិស្តសាសនិកម្នាក់ដែលមានអាយុជិត៣០ឆ្នាំនិយាយថា៖ «ខ្ញុំដឹងថាគម្ពីរប្រាប់ថាយើងគួរ‹ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត›សម្រាប់រឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ បើនិយាយអំពីកុំព្យូទ័រ គឺខ្លួនខ្ញុំនេះឯងដែលធ្វើឲ្យមានការពិបាក»។ យ៉នច្រើនតែប្រើអ៊ីនធឺណិតរហូតដល់យប់ជ្រៅ។ គាត់រៀបរាប់ថា៖ «ខ្ញុំកាន់តែអស់កម្លាំង ខ្ញុំកាន់តែពិបាកឈប់ផ្ញើសារគ្នាទៅវិញទៅមក ឬមើលវីឌីអូខ្លីៗទោះជាវីឌីអូខ្លះមិនល្អក៏ដោយ»។ ដើម្បីជួយខ្លួនគាត់ឲ្យយកឈ្នះទម្លាប់អាក្រក់នេះ យ៉នបានកំណត់ពេលឲ្យកុំព្យូទ័ររបស់គាត់បិទដោយខ្លួនវាកាលណាដល់ពេលគាត់ចូលដេក។—សូមអាន អេភេសូរ ៥:១៥, ១៦
៥, ៦. (ក) តើឪពុកម្ដាយមានភារកិច្ចអ្វីខ្លះចំពោះកូនរបស់ពួកគេ? (ខ) តើតាមរបៀណាដែលឪពុកម្ដាយអាចធ្វើឲ្យប្រាកដថាកូនរបស់ពួកគេមានការសេពគប់ល្អ?
៥ ឪពុកម្ដាយទាំងឡាយ អ្នកមិនចាំបាច់ត្រួតពិនិត្យរាល់សកម្មភាពរបស់កូនអ្នកទេ ប៉ុន្តែអ្នកត្រូវត្រួតពិនិត្យរបៀបដែលកូនរបស់អ្នកប្រើកុំព្យូទ័រ។ កុំបណ្ដោយឲ្យពួកគេមើលគេហទំព័រដែលបង្ហាញអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហ្គេមដែលមានអំពើហិង្សា អ្វីដែលទាក់ទងជាមួយពួកវិញ្ញាណកំណាច និងការទាក់ទងជាមួយមនុស្សអាក្រក់។ ប្រសិនបើអ្នកបណ្ដោយឲ្យពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើដើម្បីកុំឲ្យពួកគេមករំខានអ្នកប៉ុណ្ណោះ នោះពួកគេប្រហែលជាសន្និដ្ឋានថាអ្វីៗទាំងនេះមិនខុសទេ។ ក្នុងនាមជាឪពុកម្ដាយ អ្នកមានភារកិច្ចការពារកូនទាំងតូចទាំងធំរបស់អ្នកពីអ្វីក៏ដោយដែលអាចធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ សូម្បីតែសត្វក៏ចេះការពារកូនរបស់ពួកវាពីគ្រោះថ្នាក់ដែរ។ សូមគិតទៅមើលថាមេខ្លាឃ្មុំនឹងធ្វើអ្វី ប្រសិនបើអ្នកណាម្នាក់ចង់ធ្វើបាបកូនរបស់វា!—សូមពិនិត្យបន្ថែម ហូសេ ១៣:៨
៦ សូមជួយកូនរបស់អ្នកឲ្យសេពគប់ជាមួយគ្រិស្តសាសនិកឯទៀតទាំងចាស់ទាំងក្មេងដែលបង្ហាញគំរូល្អ។ សូមចាំថាកូនរបស់អ្នកត្រូវការឲ្យអ្នកចំណាយពេលជាមួយពួកគេ! ដូច្នេះ សូមលៃពេលដើម្បីសើចសប្បាយ លេង ធ្វើការនិង«ចូលទៅជិតព្រះ»ជាមួយគ្នា។b
សុខភាព
៧. ហេតុអ្វីយើងទាំងអស់គ្នាចង់មានសុខភាពល្អ?
៧ «តើអ្នកសុខសប្បាយជាទេ?»។ ពាក្យដ៏សាមញ្ញនេះបញ្ជាក់ការពិតមួយដែលធ្វើឲ្យក្រៀមក្រំចិត្ត។ ដោយសារឪពុកម្ដាយដំបូងរបស់យើងបានអនុញ្ញាតឲ្យសាថានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីព្រះយេហូវ៉ា យើងទាំងអស់គ្នាអាចមានជំងឺ។ គោលបំណងរបស់សាថានគឺចង់ឲ្យយើងមានជំងឺ ដោយសារកាលណាយើងឈឺ យើងកាន់តែពិបាកបម្រើព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើយើងស្លាប់ យើងមិនអាចបម្រើលោកបានទាល់តែសោះ។ (ទំនុក. ១១៥:១៧) ដូច្នេះ ជាការធម្មតាទេដែលយើងចង់ធ្វើអ្វីដែលយើងអាចធ្វើ ដើម្បីមានសុខភាពល្អc ហើយយើងក៏គួរគិតអំពីសុខភាពនិងសុខទុក្ខរបស់បងប្អូនយើងដែរ។
៨, ៩. (ក) តើតាមរបៀបណាយើងអាចជៀសវាងពីការគិតអំពីសុខភាពហួសហេតុពេក? (ខ) តើការអប់រំខ្លួនឲ្យមានចិត្តសប្បាយនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
៨ ប៉ុន្តែ ជាការសំខាន់ដែលយើងជៀសវាងពីការគិតអំពីសុខភាពហួសហេតុពេក។ បងប្អូនខ្លះចំណាយពេលនិយាយអំពីអាហារ ការថែទាំសុខភាពឬផលិតផលខ្លះច្រើនជាងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះទៅទៀត។ ពួកគាត់ប្រហែលជាជឿជាក់យ៉ាងស្មោះថាពួកគាត់កំពុងជួយអ្នកឯទៀត។ ប៉ុន្តែយើងមិនប្រើសាលប្រជុំ សន្និបាតឬមហាសន្និបាតរបស់យើងដើម្បីលក់ផលិតផលផ្សេងៗ ឬផ្សព្វផ្សាយគំនិតរបស់យើងអំពីសុខភាពទេ។ ហេតុអ្វីយើងមិនគួរធ្វើដូច្នេះ?
៩ យើងជួបជុំគ្នាដើម្បីពិភាក្សាគ្នាអំពីរឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះនិងដើម្បីធ្វើឲ្យយើងកាន់តែមានអំណរ ដែលជាផលផ្លែនៃសកម្មពលបរិសុទ្ធរបស់ព្រះ។ (កាឡ. ៥:២២) ការផ្ដល់យោបល់អំពីសុខភាពនិងផលិតផលសុខភាពក្នុងឱកាសបែបនេះ ទោះជាអ្នកឯទៀតសុំឬមិនសុំយោបល់យើងក៏ដោយ នេះអាចបំបែរអារម្មណ៍បងប្អូនពីគោលដៅរបស់ពួកគាត់ក្នុងការគោរពប្រណិប័តន៍ព្រះ ហើយធ្វើឲ្យអ្នកឯទៀតលែងមានអំណរ។ (រ៉ូម ១៤:១៧) សូមទុកឲ្យបុគ្គលម្នាក់ៗសម្រេចចិត្តដោយខ្លួនឯងស្តីអំពីរបៀបថែរក្សាសុខភាពរបស់ខ្លួន។ បន្ថែមទៅទៀត គ្មានអ្នកណាម្នាក់មានមធ្យោបាយបំបាត់ចោលជំងឺទាំងអស់នោះទេ។ សូម្បីតែគ្រូពេទ្យដ៏ពូកែបំផុតក៏ទៅជាចាស់ មានជំងឺ ហើយទីបំផុតពួកគេក៏ស្លាប់ដែរ។ ការខ្វល់ខ្វាយអំពីសុខភាពរបស់យើងហួសហេតុពេកមិនអាចធ្វើឲ្យជីវិតយើងវែងជាងបានទេ។ (លូក. ១២:២៥) ផ្ទុយទៅវិញ«ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស»។—សុភ. ១៧:២២
១០. (ក) តើគុណសម្បត្ដិអ្វីខ្លះដែលព្រះយេហូវ៉ាចាត់ទុកថាល្អចំពោះលោក? (ខ) តើពេលណាយើងអាចមានសុខភាពល្អបំផុត?
១០ ស្រដៀងគ្នាដែរ ជាការសមរម្យដែលយើងគិតអំពីអាការក្រៅរបស់យើង។ ប៉ុន្តែ យើងមិនចាំបាច់ព្យាយាមលុបបំបាត់ស្នាមជ្រីវជ្រួញទាំងអស់នោះទេ។ ស្នាមទាំងនោះអាចជាសញ្ញាសម្គាល់នៃភាពចាស់ទុំ ភាពថ្លៃថ្នូរ និងសម្រស់ដែលនៅក្នុងចិត្ត។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ឯសក់ស្កូវបើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភ. ១៦:៣១) នេះជាអ្វីដែលព្រះយេហូវ៉ាឲ្យតម្លៃចំពោះយើង ហើយយើងក៏គួរព្យាយាមធ្វើដូចលោកដែរ។ (សូមអាន ពេត្រុសទី១ ៣:៣, ៤) ដូច្នេះ យើងមិនចាំបាច់ប្រើវិធីវះកាត់ឬប្រើវិធីថែទាំសុខភាពដែលអាចធ្វើឲ្យយើងខូចសុខភាពឬមានគ្រោះថ្នាក់ដល់ជីវិតដើម្បីឲ្យយើងមានសម្ផស្សល្អជាងមុនប៉ុណ្ណោះទេ។ «អំណររបស់ព្រះយេហូវ៉ា»នោះគឺជាប្រភពនៃសម្រស់ពិតដែលចេញពីក្នុងចិត្ត ទោះជាយើងមានអាយុច្រើនឬមានសុខភាពយ៉ាងណាក៏ដោយ។ (នេហ. ៨:១០) នៅក្នុងពិភពលោកថ្មីយើងនឹងមានសុខភាពល្អពេញលេញនិងនៅក្មេងម្ដងទៀត។ (យ៉ូប ៣៣:២៥; អេ. ៣៣:២៤) ទម្រាំដល់ពេលនោះ យើងត្រូវសម្រេចចិត្តឲ្យបានល្អ ហើយមានជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ នេះនឹងជួយយើងឲ្យសប្បាយនឹងជីវិតរបស់យើង ហើយមិនចាត់ទុកបញ្ហាសុខភាពជាអ្វីសំខាន់បំផុតឡើយ។—១ធី. ៤:៨
ប្រាក់
១១. តើប្រាក់អាចក្លាយជាអន្ទាក់តាមរបៀបណា?
១១ ប្រាក់មិនមែនជាអ្វីដែលអាក្រក់នោះទេ ហើយការរកស៊ីទៀងត្រង់ក៏មិនខុសដែរ។ (សាស្ដ. ៧:១២; លូក. ១៩:១២, ១៣) ប៉ុន្តែ បើយើងចាប់ផ្ដើម«ស្រឡាញ់ប្រាក់» នេះនឹងនាំឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ាជាមិនខាន។ (១ធី. ៦:៩, ១០) ការ«ខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ» ពោលគឺការខ្វល់ខ្វាយហួសហេតុពេកក្នុងការរកអ្វីៗដែលចាំបាច់ក្នុងជីវិត អាចនាំឲ្យយើងឃ្លាតឆ្ងាយពីព្រះ។ ដូច្នេះ «ការល្បួងនៃទ្រព្យសម្បត្ដិ»អាចធ្វើឲ្យយើងយល់ខុសថា ទ្រព្យសម្បត្ដិនាំឲ្យមានសុភមង្គលនិងសុវត្ថិភាពដែលស្ថិតស្ថេរ។ (ម៉ាថ. ១៣:២២) លោកយេស៊ូបានពន្យល់យ៉ាងច្បាស់ស្តីអំពីរឿងនេះថា «គ្មានអ្នកណា»អាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ។—ម៉ាថ. ៦:២៤
១២. តើមនុស្សជាច្រើនខំធ្វើអ្វីដើម្បីរកប្រាក់បានច្រើនក្នុងរយៈពេលខ្លី? តើយើងអាចជៀសវាងពីការសម្រេចចិត្តខុសយ៉ាងដូចម្ដេច?
១២ ការមានទស្សនៈមិនត្រឹមត្រូវចំពោះប្រាក់អាចនាំឲ្យយើងធ្វើខុស។ (សុភ. ២៨:២០) ដោយសារគេសន្យាថាអាចឈ្នះឬចំណេញបានប្រាក់ច្រើនយ៉ាងឆាប់រហ័ស បងប្អូនខ្លះទិញឆ្នោត ឬបង្កើតគម្រោងរកស៊ីជាមួយគ្នាដែលគួរឲ្យសង្ស័យ ដូចជាលេងតុងទីន ថែមទាំងបញ្ចុះបញ្ចូលបងប្អូនឯទៀតក្នុងក្រុមជំនុំឲ្យចូលរួមក្នុងគម្រោងនោះទៀតផង។ នៅពេលផ្សេងទៀត បងប្អូនខ្លះបានសុំខ្ចីលុយពីសមាជិកក្នុងក្រុមជំនុំដើម្បីរកស៊ី ហើយបានសន្យាថានឹងសងប្រាក់យ៉ាងច្រើនមកវិញ។ សូមកុំអនុញ្ញាតឲ្យចិត្តលោភលន់បណ្ដាលឲ្យអ្នកចាញ់បោកគេឡើយ។ ចូរគិតឲ្យបានវែងឆ្ងាយនិងសមហេតុផល។ ការរកប្រាក់បានច្រើនក្នុងរយៈពេលខ្លី តាមធម្មតាគឺមិនអាចទៅរួចទេ។
១៣. តើព្រះយេហូវ៉ាចង់ឲ្យយើងមានទស្សនៈយ៉ាងណាចំពោះលុយ?
១៣ ពេលយើងចាត់ទុក«រាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះ»ជាអ្វីដែលសំខាន់បំផុត ព្រះយេហូវ៉ាផ្ដល់ពរមកលើការខំប្រឹងរបស់យើងដើម្បីមានអ្វីដែលចាំបាច់ក្នុងជីវិត។ (ម៉ាថ. ៦:៣៣; អេភ. ៤:២៨) លោកមិនចង់ឲ្យយើងដេកលក់ក្នុងអំឡុងកិច្ចប្រជុំដោយសារយើងខំប្រឹងធ្វើការខ្លាំងពេក ឬមិនចង់ឲ្យយើងខ្វល់ខ្វាយអំពីលុយទេ ពេលយើងនៅក្នុងសាលប្រជុំ។ ប៉ុន្តែ មនុស្សជាច្រើនក្នុងពិភពលោកជឿថា ទាល់តែពួកគេខំប្រឹងរកលុយ ទើបពួកគេអាចមានអនាគតល្អ ហើយមានជីវិតស្រណុកស្រួលនៅពេលក្រោយ។ ពួកគេច្រើនតែជំរុញកូនរបស់ពួកគេឲ្យមានគោលដៅស្វែងរកទ្រព្យសម្បត្ដិដូចពួកគេដែរ។ លោកយេស៊ូបានបញ្ជាក់ថា ការគិតបែបនេះគឺមិនសមហេតុផលឡើយ។ (សូមអាន លូកា ១២:១៥-២១) នេះប្រហែលជារំលឹកយើងអំពីកេហាស៊ីដែលបានគិតថាគាត់អាចបំពេញចិត្តលោភលន់របស់គាត់ ហើយក៏នៅតែអាចមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាបានដែរ។—២ព. ៥:២០-២៧
១៤, ១៥. ហេតុអ្វីការគិតថាលុយនឹងធ្វើឲ្យយើងមានសុវត្ថិភាពមិនមែនជាគំនិតឈ្លាសវៃ? សូមលើកឧទាហរណ៍។
១៤ ធ្លាប់មានគេសង្កេតឃើញថាសត្វឥន្ទ្រីខ្លះបានលង់ទឹកស្លាប់ពេលដែលវាមិនព្រមលែងត្រីធំពេកពីក្រញាំរបស់វា ពេលវាមិនអាចយកឡើងពីទឹករួច។ តើរឿងស្រដៀងគ្នានេះអាចកើតឡើងដល់គ្រិស្តសាសនិកឬទេ? អ្នកចាស់ទុំម្នាក់ឈ្មោះអេលិកពន្យល់ថា៖ «ធម្មតាខ្ញុំសន្សំសំចៃណាស់។ បើខ្ញុំចាក់សាប៊ូកក់សក់ច្រើនជ្រុលបន្ដិចខ្ញុំចាក់វាចូលក្នុងដបវិញ»។ ប៉ុន្តែ អេលិកបានបានផុងខ្លួនទិញផ្សារភាគហ៊ុន ដោយគិតថាគាត់អាចឈប់ធ្វើការភ្លាមៗ ហើយចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ គាត់កាន់តែជក់ស្លុងក្នុងការស្រាវជ្រាវអំពីរបៀបទិញនិងលក់ភាគហ៊ុន។ ដោយប្រើលុយដែលគាត់សន្សំនិងលុយដែលបានខ្ចីពីឈ្មួញកណ្ដាល គាត់បានទិញភាគហ៊ុនដែលពួកអ្នកវិភាគបានឃោសនាថានឹងឡើងថ្លៃយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ ភាគហ៊ុនទាំងនោះបានធ្លាក់ចុះយ៉ាងខ្លាំង។ អេលិករៀបរាប់ថា៖ «ខ្ញុំចង់បានលុយខ្ញុំមកវិញ។ ដូច្នេះខ្ញុំគិតថាបើខ្ញុំទុកវាតទៅទៀត ភាគហ៊ុនទាំងនោះអាចឡើងថ្លៃវិញ»។
១៥ អស់ជាច្រើនខែ អេលិកមិនអាចគិតអំពីអ្វីក្រៅពីភាគហ៊ុនរបស់គាត់ទេ។ គាត់ពិបាកផ្ចង់អារម្មណ៍ទៅលើរឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ ហើយគាត់ដេកមិនលក់។ ប៉ុន្តែ ភាគហ៊ុនទាំងនោះមិនឡើងថ្លៃវិញសោះ។ អេលិកខាតអស់លុយដែលគាត់បានសន្សំ ហើយគាត់ត្រូវលក់ផ្ទះរបស់គាត់។ គាត់សារភាពថា៖ «ខ្ញុំបានបណ្ដាលឲ្យគ្រួសារខ្ញុំឈឺចាប់យ៉ាងខ្លាំង»។ ប៉ុន្តែ គាត់បានរៀនមេរៀនដ៏សំខាន់មួយ។ គាត់បាននិយាយថា៖ «ឥឡូវខ្ញុំដឹងថាអ្នកណាដែលទុកចិត្តលើរបៀបរបបសាថាននឹងខកចិត្តយ៉ាងខ្លាំង»។ (សុភ. ១១:២៨) តាមការពិត ការសង្ឃឹមទៅលើលុយដែលយើងសន្សំ ការវិនិយោគទុនឬទៅលើសមត្ថភាពក្នុងការរកលុយក្នុងរបៀបរបបពិភពលោកនេះគឺដូចគ្នានឹងការសង្ឃឹមទៅលើ«ព្រះនៃរបៀបរបបពិភពលោកនេះ» ពោលគឺសាថាន។ (២កូ. ៤:៤; ១ធី. ៦:១៧) តាំងពីពេលនោះមក អេលិកបានធ្វើឲ្យរបៀបរស់នៅរបស់គាត់ទៅជាសាមញ្ញ«ដើម្បីដំណឹងល្អ»។ គាត់ចង់ប្រាប់អ្នកថាការធ្វើដូច្នេះបានធ្វើឲ្យគាត់និងក្រុមគ្រួសារគាត់មានសុភមង្គលច្រើនជាង ហើយធ្វើឲ្យពួកគេចូលកាន់តែជិតព្រះយេហូវ៉ា។—សូមអាន ម៉ាកុស ១០:២៩, ៣០
មោទនភាព
១៦. តើតាមរបៀបណាមោទនភាពជាអ្វីដែលល្អ? តើអ្វីអាចកើតឡើងបើយើងគិតច្រើនពេកអំពីខ្លួនយើង?
១៦ ការមានមោទនភាពទៅលើអ្វីដែលត្រឹមត្រូវអាចជាអ្វីដែលល្អ។ ជាឧទាហរណ៍ យើងគួរមានមោទនភាពជានិច្ចដោយសារយើងជាសាក្សីព្រះយេហូវ៉ា។ (យេ. ៩:២៤) ដោយសារយើងឲ្យតម្លៃត្រឹមត្រូវលើខ្លួនយើងមួយកម្រិត នេះជួយយើងឲ្យធ្វើការសម្រេចចិត្តបានល្អ ហើយជួយយើងជៀសវាងការប្រព្រឹត្តណាដែលផ្ទុយពីខ្នាតតម្រារបស់ព្រះដែលហាក់ដូចជាបន្ទាបបន្ថោកខ្លួនយើង។ ប៉ុន្តែការឲ្យតម្លៃលើទស្សនៈឬឋានៈរបស់យើងហួសហេតុពេកអាចនាំឲ្យយើងឃ្លាតឆ្ងាយពីព្រះ។—ទំនុក. ១៣៨:៦; រ៉ូម ១២:៣
១៧, ១៨. (ក) សូមលើកឧទាហរណ៍ក្នុងគម្ពីរអំពីមនុស្សដែលមានចិត្តរាបទាបនិងមនុស្សដែលមានចិត្តអំណួត។ (ខ) តើតាមរបៀបណាដែលបងប្រុសម្នាក់មិនឲ្យចិត្តអំណួតធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីព្រះយេហូវ៉ា?
១៧ ក្នុងគម្ពីរមានគំរូជាច្រើនស្តីអំពីមនុស្សដែលមានចិត្តអំណួតនិងមនុស្សដែលមានចិត្តរាបទាប។ ស្តេចដាវីឌបានស្វែងការណែនាំពីព្រះយេហូវ៉ាដោយចិត្តរាបទាប ហើយព្រះយេហូវ៉ាបានឲ្យពរដល់គាត់។ (ទំនុក. ១៣១:១-៣) ប៉ុន្តែ ព្រះយេហូវ៉ាបានបន្ទាបស្តេចនេប៊ូក្នេសានិងស្តេចបេលសាសារដែលមានចិត្តអំណួត។ (ដាន. ៤:៣០-៣៧; ៥:២២-៣០) សព្វថ្ងៃនេះក៏មានស្ថានភាពខ្លះដែលសាកល្បងចិត្តរាបទាបរបស់យើងដែរ។ រ៉ៃអ៊ិនដែលមានអាយុ៣២ឆ្នាំជាជំនួយការខាងកិច្ចបម្រើ បានរើទៅក្រុមជំនុំថ្មី។ រ៉ៃអ៊ិនរៀបរាប់ថា៖ «ខ្ញុំរំពឹងថាមិនយូរប៉ុន្មានខ្ញុំនឹងត្រូវតែងតាំងជាអ្នកចាស់ទុំ ប៉ុន្តែមួយឆ្នាំកន្លងទៅហើយ ខ្ញុំមិនទាន់បានត្រូវតែងតាំងទេ»។ តើរ៉ៃអ៊ិនមានមោទនភាព ហើយខឹងពួកអ្នកចាស់ទុំដែលមិនបានតែងតាំងគាត់ឬទេ? តើគាត់ឈប់ចូលរួមកិច្ចប្រជុំ ដោយឲ្យអំណួតធ្វើឲ្យខ្លួនគាត់ឃ្លាតឆ្ងាយពីព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំឬទេ? បើអ្នកជាគាត់វិញ តើអ្នកនឹងធ្វើអ្វី?
១៨ រ៉ៃអ៊ិននៅចាំថា៖ «ខ្ញុំបានស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់អង្គការយើងអំពីសេចក្ដីសង្ឃឹមដែលមិនទាន់សម្រេចដូចបំណង»។ (សុភ. ១៣:១២) «ខ្ញុំចាប់ផ្ដើមទទួលស្គាល់ថាខ្ញុំត្រូវរៀនឲ្យចេះអត់ធ្មត់ ហើយមានចិត្តរាបទាប។ ខ្ញុំត្រូវឲ្យព្រះយេហូវ៉ាបង្ហាត់បង្រៀនខ្ញុំ»។ រ៉ៃអ៊ិនបានឈប់គិតអំពីខ្លួនគាត់ ហើយគិតអំពីការបម្រើអ្នកឯទៀតនៅក្នុងក្រុមជំនុំនិងក្នុងកិច្ចផ្សព្វផ្សាយ។ មិនយូរក្រោយមក គាត់បានដឹកនាំការសិក្សាគម្ពីរមួយចំនួនដែលរីកចម្រើន។ គាត់និយាយថា៖ «ពេលខ្ញុំបានត្រូវតែងតាំងជាអ្នកចាស់ទុំនៅមួយឆ្នាំកន្លះក្រោយមក ខ្ញុំបានភ្ញាក់ផ្អើល។ ខ្ញុំបានឈប់ខ្វល់អំពីរឿងនោះទៀត ដោយសារខ្ញុំសប្បាយនឹងកិច្ចបម្រើផ្សាយខ្លាំងណាស់»។—សូមអាន ទំនុកតម្កើង ៣៧:៣, ៤
ចូររក្សាភាពជិតស្និទ្ធនឹងព្រះយេហូវ៉ា!
១៩, ២០. (ក) តើតាមរបៀបណាយើងអាចប្រាកដថា អ្វីៗដែលយើងបានរៀនក្នុងអត្ថបទទាំងនេះមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា? (ខ) តើយើងមានគំរូអ្វីខ្លះស្តីអំពីមនុស្សដែលរក្សាភាពជិតស្និទ្ធនឹងព្រះដែលយើងអាចធ្វើតាម?
១៩ យើងគួរមានទស្សនៈត្រឹមត្រូវចំពោះរឿងទាំងអស់ដែលបានពិចារណាក្នុងអត្ថបទនេះនិងក្នុងអត្ថបទមុន។ យើងមានមោទនភាពដោយសារយើងជាអ្នកបម្រើព្រះយេហូវ៉ា។ សុខភាពល្អនិងក្រុមគ្រួសារដែលមានសុភមង្គលជាអំណោយដ៏ប្រសើរបំផុតក្នុងចំណោមអំណោយឯទៀតរបស់ព្រះយេហូវ៉ា។ យើងដឹងថាលុយនិងការងារជួយយើងមានអ្វីដែលយើងត្រូវការ។ យើងដឹងថាការកម្សាន្តអាចធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ រីឯគ្រឿងបច្ចេកវិជ្ជាក៏អាចមានប្រយោជន៍ដែរ។ ប៉ុន្តែបើយើងធ្វើឬប្រើអ្វីៗទាំងនេះខុសពេល ឬច្រើនហួសហេតុ ឬតាមរបៀបដែលរំខានដល់ការគោរពប្រណិប័តន៍ព្រះ នេះអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។
២០ សាថានចង់ឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ប៉ុន្តែអ្នកអាចរារាំងកុំឲ្យរឿងអាក្រក់នេះកើតឡើងដល់ខ្លួនអ្នកនិងក្រុមគ្រួសាររបស់អ្នកបាន! (សុភ. ២២:៣) ចូរចូលទៅជិតព្រះយេហូវ៉ា ហើយរក្សាភាពជិតស្និទ្ធនឹងលោក។ យើងមានគំរូជាច្រើនក្នុងគម្ពីរដែលជួយយើងស្តីអំពីរឿងនេះ។ អេណុកនិងណូអេ«ដើរជាមួយនឹងព្រះ»។ (លោ. ៥:២២; ៦:៩) ម៉ូសេ«បន្តស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»។ (ហេ. ១១:២៧) លោកយេស៊ូបានទទួលការគាំទ្រជានិច្ចពីព្រះយេហូវ៉ា ដោយសារលោកតែងតែធ្វើអ្វីដែលបិតាលោកនៅស្ថានសួគ៌ពេញចិត្ត។ (យ៉ូន. ៨:២៩) ចូរធ្វើតាមគំរូទាំងនេះ។ «ចូរអរសប្បាយជានិច្ច។ ចូរអធិដ្ឋានឥតឈប់។ ចូរថ្លែងអំណរគុណសម្រាប់អ្វីៗទាំងអស់»។ (១ថែ. ៥:១៦-១៨) ចូរកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះ!
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវប្ដូរ។
b សូមមើលអត្ថបទដែលមានចំណងជើងថា «របៀបចិញ្ចឹមអប់រំកូនឲ្យចេះទទួលខុសត្រូវ»ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខែតុលា ឆ្នាំ២០១១។
c សូមមើលអត្ថបទដែលមានចំណងជើងថា «គន្លឹះប្រាំយ៉ាងដើម្បីមានសុខភាពកាន់តែល្អ»ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខែមីនា ឆ្នាំ២០១១។
[រូបភាពនៅទំព័រ១៧]
[រូបភាពនៅទំព័រ១៨]
ឪពុកម្ដាយទាំងឡាយ ចូរជួយកូនរបស់អ្នកឲ្យប្រើបច្ចេកវិជ្ជាតាមរបៀបដ៏ឈ្លាសវៃ
[ឃ្លាអក្សរធំនៅទំព័រ២១]
ចូរកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះ!
[រូបភាពនៅទំព័រ២១]
ជាជាងចង់បានមុខងារក្នុងក្រុមជំនុំ ចូរសប្បាយនឹងកិច្ចការផ្សព្វផ្សាយរបស់អ្នក!
-