យើងអាចធ្វើកិច្ចការធំជាងនេះ
១ កិច្ចការដ៏ល្អប្រសើរនេះហើយ ដែលបានសម្គាល់កិច្ចបំរើរបស់ព្រះយេស៊ូគ្រីស្ទ។ ទ្រង់បានផ្ដល់អាហារយ៉ាងអព្ភូតហេតុដល់មនុស្សរាប់ពាន់នាក់ បានធ្វើឲ្យមនុស្សជាច្រើនជាស្បើយ ហើយប្រោសឲ្យមនុស្សស្លាប់ខ្លះរស់ឡើងវិញផង។ (ម៉ាថាយ ៨:១-១៧; ១៤:១៤-២១; យ៉ូហាន ១១:៣៨-៤៤) សកម្មភាពរបស់ទ្រង់ធ្វើឲ្យមនុស្សទាំងឡាយចាប់អារម្មណ៍។ យ៉ាងណាក៏ដោយ ថ្ងៃល្ងាចចុងក្រោយមុនការសោយទិវង្គតរបស់ទ្រង់ៗមានបន្ទូលដល់អ្នកកាន់តាមទ្រង់ដ៏ស្មោះថា៖ «អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត»។ (យ៉ូហាន ១៤:១២) តើយើងអាចធ្វើការ«ធំជាង»ការទាំងនេះយ៉ាងដូចម្ដេចបាន?
២ ដោយផ្សាយនៅកន្លែងច្រើនជាង: សកម្មភាពផ្សាយរបស់ព្រះយេស៊ូ គឺមានត្រឹមតែស្រុកប៉ាឡេស្ទីនប៉ុណ្ណោះ ឯចំណែកសិស្សពីបុរាណរបស់ទ្រង់វិញបានប្រាប់ឲ្យទៅផ្សាយ«រហូតដល់ចុងផែនដីបំផុតផង» ឆ្ងាយជាងកន្លែងដែលព្រះយេស៊ូផ្ទាល់ធ្លាប់ផ្សាយទៅទៀត។ (កិច្ចការ ១:៨) ការផ្សាយដែលទ្រង់បានចាប់ផ្ដើម ឥឡូវនេះបានពេញពិភពលោកក្នុង២៣២ប្រទេស។ (ម៉ាថាយ ២៤:១៤) តើអ្នកមានចំណែកដ៏ពេញលេញក្នុងការផ្សាយតាមតំបន់ ដែលបានកំណត់ឲ្យក្រុមជំនុំរបស់អ្នកទេ?
៣ ដោយផ្សាយដល់មនុស្សជាច្រើន: ពួកសិស្សដែលព្រះយេស៊ូបានចាកចេញទៅនោះ ដើម្បីឲ្យបន្តកិច្ចការផ្សាយមានចំនួនប្រមាណ១២០នាក់ទេ។ (កិច្ចការ ១:១៥) ដោយសារការផ្សាយដ៏ខ្នះខ្នែងរបស់គេនៅបុណ្យភិន្ដាកុស ឆ្នាំ៣៣ ស.យ. នោះពួកអ្នកដែលទទួលសេចក្ដីពិតនិងធ្វើបុណ្យជ្រមុជទឹក មានចំនួនប្រមាណបីពាន់នាក់។ (កិច្ចការ ២:១-១១, ៣៧-៤១) ការប្រមូលពួក«ដែលត្រូវបានជីវិតអស់កល្បជានិច្ច» គឺមានបន្តរហូតដល់ជំនាន់យើងនេះ ដែលជាមធ្យមមានមនុស្ស១.០០០នាក់ធ្វើបុណ្យជ្រមុជទឹករៀងរាល់ថ្ងៃ។ (កិច្ចការ ១៣:៤៨) តើអ្នកខំប្រឹងដ៏អស់ពីសមត្ថភាព ដើម្បីទៅផ្សាយដល់មនុស្សដែលមានចិត្តស្មោះត្រង់ នៅទីកន្លែងណាដែលអាចរកឃើញ ហើយត្រឡប់ទៅជួបអ្នកណាដែលយកចិត្តទុកដាក់ឲ្យបានយ៉ាងឆាប់ជាទីបំផុតទេ?
៤ ដោយផ្សាយបានយូរជាង: កិច្ចបំរើរបស់ព្រះយេស៊ូកំណត់ត្រឹមតែបីឆ្នាំកន្លះគត់តែប៉ុណ្ណោះ។ យើងភាគច្រើនបានផ្សាយយូរជាងនេះទៅទៀត។ ដោយមិនគិតកំណត់ពេលដែលត្រូវអនុញ្ញាតឲ្យបន្តការនេះ យើងសប្បាយរីករាយនឹងជួយសិស្សថ្មីនិមួយៗក្នុងការចាប់ផ្ដើមដើរតាមផ្លូវ ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ (ម៉ាថាយ ៧:១៤) តើអ្នកមានការធ្វើក្នុងព្រះអម្ចាស់ឲ្យបានគ្រប់គ្រាន់រៀងរាល់ខែទេ?—កូរិនថូសទី១ ១៥:៥៨
៥ ដោយសារព្រះយេស៊ូគាំទ្រ យើងអាចទុកចិត្តថា យើងនឹងនៅតែធ្វើការធំជាង ជាពួកសិស្សដ៏ពិតរបស់ទ្រង់។—ម៉ាថាយ ២៨:១៩, ២០