អ្នកត្រួតពិនិត្យដែលនាំមុខ—ប្រធានត្រួតពិនិត្យ
១ ការបំរើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ ជាកិច្ចការដ៏សំខាន់មួយ។ (កិច្ចការ ២០:២៨; ធីម៉ូថេទី១ ៣:១) នេះជាអត្ថបទទីមួយនៃអត្ថបទមួយចំនួន ដែលនឹងបង្ហាញអំពីកិច្ចការជាច្រើននៃអ្នកចាស់ទុំគ្រីស្ទាន ដើម្បីឲ្យយើងគ្រប់គ្នាមានការអបអរនឹងកិច្ចការដ៏សំខាន់ ដែលពួកគេធ្វើសំរាប់យើង។
២ សមាគមតែងតាំងប្រធានត្រួតពិនិត្យឲ្យបំរើមួយរយៈពេល។ កាលដែលប្រធានត្រួតពិនិត្យរៀបចំចាត់ចែងអ្វីមួយ នេះនឹងជួយពួកអ្នកចាស់ទុំ ឲ្យយកចិត្តទុកដាក់លើកិច្ចការរបស់គេឲ្យបានដិតដល់។ (កិច្ចបំរើយើង ទំព័រ ៤២) តើនេះតម្រូវអ្វីខ្លះ?
៣ ប្រធានត្រួតពិនិត្យទទួលសំបុត្រក្រុមជំនុំ ហើយក៏ឲ្យទៅស្មៀនយ៉ាងឆាប់រហ័ស។ ក្នុងការរៀបចំកិច្ចប្រជុំនៃអ្នកចាស់ទុំ ប្រធានត្រួតពិនិត្យទទួលយកយោបល់ពីអ្នកចាស់ទុំ អំពីរឿងដែលចាំបាច់ត្រូវការពិគ្រោះគ្នា ហើយប្រមូលរឿងដែលត្រូវពិភាក្សា។ កាលណាបានសំរេចសេចក្ដីហើយ គាត់នឹងធ្វើយ៉ាងណាដើម្បីឲ្យមានការអនុវត្តដ៏ត្រឹមត្រូវ។ គាត់មើលខុសត្រូវក្នុងការរៀបចំកិច្ចប្រជុំអប់រំ ហើយធ្វើតារាងនៃការអធិប្បាយសាធារណៈ។ គាត់យល់ព្រមដល់សេចក្ដីជូនដំណឹងទាំងអស់ ដែលទាក់ទងទៅលើក្រុមជំនុំ ហើយយល់ព្រមការសងប្រាក់ទៅលើការចំណាយផ្សេងៗ ហើយធានាមើលខុសត្រូវ មានការពិនិត្យមើលបញ្ជីបាបត្រឹមត្រូវបីខែម្ដង ក្នុងក្រុមជំនុំ។
៤ ជាអ្នកបើកកម្មវិធី ប្រធានត្រួតពិនិត្យរៀបចំកិច្ចការនៃគណៈកម្មាធិការបំរើក្រុមជំនុំ។ ពេលដែលសិស្សព្រះគម្ពីរមានគោលបំណងចង់ធ្វើជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក ឬក៏ពេលដែលអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកចង់ធ្វើបុណ្យជ្រមុជទឹក ប្រធានត្រួតពិនិត្យរៀបចំឲ្យពួកអ្នកចាស់ទុំជួបពិគ្រោះជាមួយគាត់។ ប្រធានត្រួតពិនិត្យក៏ធ្វើជាអ្នកនាំមុខ ក្នុងការរៀបចំពេលដែលអ្នកត្រួតពិនិត្យមណ្ឌលមកតាមក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំទទួលប្រយោជន៍ពេញលេញពីសប្ដាហ៍ពិសេសនេះ។
៥ កិច្ចការនៃប្រធានត្រួតពិនិត្យ គឺច្រើនហើយផ្សេងៗពីគ្នាទៀត។ កាលដែលគាត់មើលខុសត្រូវនឹងកិច្ចការ«ដោយឧស្សាហ៍» នោះយើងទាំងអស់គ្នាអាចមានចំណែករៀងៗខ្លួន ក្នុងការចុះចូលជាមួយពួកអ្នកចាស់ទុំ។ (រ៉ូម ១២:៨) ប្រសិនជាយើង«ស្ដាប់តាម» ហើយ«ចុះចូល»នឹងពួកអ្នកដែលនាំមុខក្នុងចំណោមយើងរាល់គ្នា នោះពួកគេអាចធ្វើកិច្ចការរបស់គេពេញដោយអំណរ។—ហេព្រើរ ១៣:១៧