បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២១ ទំ. ១៧៥-១៨៣
  • ថ្ងៃជំនុំជំរះ និងក្រោយពីពេលនោះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃជំនុំជំរះ និងក្រោយពីពេលនោះ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដំណើរ​រស់​ឡើង​វិញ​ឲ្យ​បាន​«​ជីវិត​»​ និង​«​ឲ្យ​ជាប់​មាន​ទោស​»​
  • ពេល​ដែល​ថ្ងៃ​ជំនុំជំរះ​ចាប់​ផ្ដើម
  • ក្រោយ​ពី​ថ្ងៃ​ជំនុំជំរះ
  • ថ្ងៃ​ជំនុំជំរះ​នៅ​បច្ចុប្បន្ន​កាល​នេះ
  • តើថ្ងៃជំនុំជំរះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២១ ទំ. ១៧៥-១៨៣

ជំពូក​ទី២១

ថ្ងៃ​ជំនុំជំរះ និង​ក្រោយ​ពី​ពេល​នោះ

១ តើ​ទស្សនៈ​ទូទៅ​អំពី​ថ្ងៃ​ជំនុំជំរះ មាន​យ៉ាង​ណា​ខ្លះ?

នៅ​ពេល​ដែល​អ្នក​ឮ​ពាក្យ​ថ្ងៃ​ជំនុំជំរះ តើ​អ្នក​ស្រមៃ​ឃើញ​រូប​អ្វី​ដែរ? មនុស្ស​ខ្លះ​ស្រមៃ​ឃើញ​បល្ល័ង្ក​ដ៏​ធំ​មួយ ហើយ​នៅ​ពី​មុខ​នោះ មាន​ពួក​មនុស្ស​តម្រង់​ជួរ​យ៉ាង​វែង​មួយ ដែល​បាន​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់។ នៅ​ពេល​ម្នាក់​ៗ​បាន​ដើរ​កាត់​មុខ​បល្ល័ង្ក​នោះ គេ​ត្រូវ​បាន​ជំនុំជំរះ​ដោយសារ​អំពើ​អតីតកាល​របស់​គេ ដែល​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​របស់​មហា​ចៅក្រម​នោះ។ ស្រេច​ទៅ​លើ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត បុគ្គល​ម្នាក់​ៗ​ត្រូវ​បញ្ជូន​ទៅ​ស្ថានសួគ៌ ឬ​ក៏​ទៅ​ស្ថាន​ភ្លើង​នរក។

២ (​ក​) តើ​អ្នក​ណា​បាន​ចាត់​ចែង​ឲ្យ​មាន​ថ្ងៃ​ជំនុំជំរះ? (​ខ​) តើ​ទ្រង់​បាន​តម្រូវ​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ចៅក្រម?

២ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​សម្ដែង​ឲ្យ​ឃើញ​រូប​ខុស​ពី​នោះ​ទៅ​វិញ អំពី​ថ្ងៃ​ជំនុំជំរះ។ នេះ​មិន​មែន​ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ញញើត​ឬ​ខ្លាច​នោះ​ទេ។ សូម​កត់សម្គាល់​នូវ​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ពី​ព្រះ​៖ ​«​ពីព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំជំរះ​លោកីយ​ដោយ​យុត្ដិធម៌ ដោយសារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ​»។ (​កិច្ចការ ១៧:៣១​) ចៅក្រម​ដែល​បាន​តម្រូវ​ដោយ​ព្រះ​នោះ គឺ​ពិត​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។

៣ (​ក​) ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ថា ព្រះ​គ្រីស្ទ​ទ្រង់​នឹង​ធ្វើ​ការ​ជំនុំជំរះ​ដោយ​សម​ធម៌? (​ខ​) តើ​មនុស្ស​លោក​នឹង​ត្រូវ​បាន​ជំនុំជំរះ​ទៅ​លើ​មូលដ្ឋាន​ណា?

៣ យើង​អាច​ជឿជាក់​ថា ព្រះ​គ្រីស្ទ​ទ្រង់​នឹង​ធ្វើ​ការ​ជំនុំជំរះ​ដោយ​សម​ធម៌​ហើយ​ដោយ​យុត្ដិធម៌​ជា​មិន​ខាន។ បទ​ទំនាយ​ដែល​ស្តី​អំពី​ទ្រង់ នៅ​ក្នុង​អេសាយ ១១:៣, ៤ បាន​ធានាអះអាង​នឹង​យើង​អំពី​រឿង​នេះ។ ដូច្នេះ ផ្ទុយ​នឹង​មតិ​ប្រជាប្រិយ​នោះ ទ្រង់​នឹង​មិន​ជំនុំជំរះ​មនុស្ស​លោក​ដោយ​សំអាង​ទៅ​លើ​អំពើ​បាប​ពី​អតីតកាល​របស់​ពួកគេ ដែល​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ក្នុង​សេចក្ដី​ល្ងង់ខ្លៅ​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា នៅ​ពេល​ស្លាប់ មនុស្ស​ម្នាក់​បាន​រួច​ខ្លួន ឬ​ក៏​បាន​ត្រូវ​ដោះលែង​ពី​អំពើ​បាប​ទាំង​ឡាយ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ​»។ (​រ៉ូម ៦:៧​) នេះ​បាន​សេចក្ដី​ថា កាលណា​មនុស្ស​ម្នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​នឹង​ត្រូវ​ជំនុំជំរះ​ទៅ​លើ​មូលដ្ឋាន​នៃ​អ្វី​ៗ​ដែល​គាត់​ប្រព្រឹត្ត​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ មិន​មែន​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​មុន​ពេល​គាត់​ស្លាប់​នោះ​ឡើយ។

៤ (​ក​) តើ​ថ្ងៃ​ជំនុំជំរះ​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ? (​ខ​) តើ​អ្នក​ណា នឹង​ទៅ​ជា​ចៅក្រម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ?

៤ ដូច្នេះ​ហើយ ថ្ងៃ​ជំនុំជំរះ មិន​មែន​ជា​ថ្ងៃ​ដែល​មាន​២៤​ម៉ោង​មែនទែន​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ ពេល​ដែល​ចែង​ពី​ពួក​ដែល​នឹង​ចូលរួម​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុង​ការ​ជំនុំជំរះ​នោះ។ (​កូរិនថូសទី១ ៦:១​-​៣​) អ្នក​សរសេរ​នៃ​ព្រះ​គម្ពីរ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន នឹង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំជំរះ​»។ ចៅក្រម​ទាំង​នេះ ជា​ពួក​អ្នក​កាន់​តាម ដែល​ជា​អ្នក​ចាក់ប្រេងតាំង​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គម្ពីរ​បាន​ចែង​បន្ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ​»។ ដូច្នេះ ថ្ងៃ​ជំនុំជំរះ​នឹង​មាន​រយៈ​ពេល​១.០០០​ឆ្នាំ។ គឺ​ដូច​គ្នា​នឹង​រយៈ​ពេល​១.០០០​ឆ្នាំ​ដែល​ព្រះ​គ្រីស្ទ​និង​ពួក​អ្នក​ចាក់ប្រេងតាំង​១៤៤.០០០​នាក់​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ នឹង​សោយ​រាជ្យ​ជា​«​ផ្ទៃ​មេឃ​ថ្មី​»​ ទៅ​លើ​«​ផែនដី​ថ្មី​»​នោះ​ដែរ។—វិវរណៈ ២០:៤, ៦; ពេត្រុសទី២ ៣:១៣

៥, ៦ (​ក​) តើ​អ្នក​សរសេរ​ព្រះ​គម្ពីរ​ទំនុកដំកើង​ម្នាក់ បាន​ពិពណ៌នា​ពី​ថ្ងៃ​ជំនុំជំរះ​យ៉ាង​ណា? (​ខ​) តើ​ជីវិត​នៅ​លើ​ផែនដី​មាន​សភាព​យ៉ាង​ណា ក្នុង​កំឡុង​ពេល​ថ្ងៃ​ជំនុំជំរះ?

៥ សូម​អញ្ជើញ​មើល​ទំព័រ​ទាំង​នេះ។ រូប​ទាំង​នេះ​សម្ដែង​ឲ្យ​យើង​ដឹង​ខ្លះ​ៗ​អំពី​ថ្ងៃ​ជំនុំជំរះ ដែល​នឹង​ទៅ​ជា​ថ្ងៃ​ដ៏​ល្អ​អស្ចារ្យ​ចំពោះ​មនុស្ស​លោក។ អ្នក​សរសេរ​ព្រះ​គម្ពីរ​ទំនុកដំកើង​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​ស្រែចំការ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ទីនោះ បាន​សប្បាយ​ឡើង​យ៉ាង​ក្រៃលែង នោះ​អស់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ច្រៀង ដោយ​អំណរ​ដែរ គឺ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក គឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំជំរះ​ផែនដី ទ្រង់​នឹង​ជំនុំជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មាន ដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់​»។—ទំនុកដំកើង ៩៦:១២, ១៣

៦ ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ ពួក​ដែល​នៅ​រស់​ពី​អើម៉ាគេដូន​នឹង​ធ្វើ​ការ ដើម្បី​កសាង​ផែនដី​ឲ្យ​ទៅ​ជា​សួន​មនោរម្យ។ នៅ​ក្នុង​សួន​មនោរម្យ​នេះ ពួក​មនុស្ស​ស្លាប់​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​មក​វិញ។ (​លូកា ២៣:៤៣​) តើ​ជា​ការ​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ដែល​គ្រួសារ​ដែល​បាន​បែក​បាក់​គ្នា​ជា​យូរ​មក​ហើយ​ដោយ​សេចក្ដី​ស្លាប់​បាន​ជួប​គ្នា​វិញ​នោះ! មែន​ហើយ តើ​ជា​ទី​រមណីយ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​រស់​នៅ​ដោយ​សន្ដិភាព ក្នុង​ការ​សប្បាយ​នឹង​សុខភាព​ដ៏​ល្អ និង​ការ​ទទួល​នូវ​សេចក្ដី​បង្រៀន​អំពី​គោល​បំណង​របស់​ព្រះ​នោះ! ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្ដិធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត​»។ (​អេសាយ ២៦:៩​) ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ មនុស្ស​លោក​ទាំងអស់​នឹង​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ពួកគេ​នឹង​ត្រូវ​បាន​ផ្ដល់​នូវ​គ្រប់​ឱកាស​ដើម្បី​គោរព​និង​បម្រើ​ទ្រង់។

៧ ក្នុង​កំឡុង​ពេល​ថ្ងៃ​ជំនុំជំរះ តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​ដែល​ជ្រើសរើស​យក​ការ​បម្រើ​ព្រះ និង​ពួក​ដែល​បដិសេធ​មិន​ព្រម​ធ្វើ​ដូច្នេះ​នោះ?

៧ ព្រះ​យេស៊ូវ​គ្រីស្ទ​និង​ពួក​១៤៤.០០០​នាក់​ដែល​ជា​សហ​ស្តេច​របស់​ទ្រង់ នឹង​ជំនុំជំរះ​មនុស្ស​លោក ក្រោម​ស្ថានភាព​នៃ​សួន​មនោរម្យ​បែប​នេះ។ មនុស្ស​ណា​ដែល​ជ្រើសរើស​យក​ការ​បម្រើ​ព្រះ​យេហូវ៉ា នឹង​មាន​ឋានៈ​ក្នុង​ការ​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច។ ប៉ុន្តែ សូម្បី​តែ​នៅ​ក្រោម​កាលៈទេសៈ​ដ៏​ប្រសើរ​បំផុត​នេះ​ក៏​ដោយ ក៏​មាន​មនុស្ស​ខ្លះ​នឹង​បដិសេធ​មិន​ព្រម​បម្រើ​ព្រះ​ទេ។ ដូច​ជា​បទ​គម្ពីរ​បាន​ចែង​ថា​៖ ​«​បើសិនជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀងត្រង់​ផង​»។ (​អេសាយ ២៦:១០​) ដូច្នេះ ក្រោយ​ពី​បាន​ផ្ដល់​ឲ្យ​ឱកាស​ដ៏​បរិបូណ៌​ដើម្បី​ប្ដូរ​នូវ​ផ្លូវ​របស់​គេ និង​រៀន​សេចក្ដី​សុចរិត មនុស្ស​កំណាច​បែប​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ជន​ខ្លះ​នឹង​ត្រូវ​ប្រហារ​ជីវិត មុន​ពេល​ថ្ងៃ​ជំនុំជំរះ​ដល់​ទីបញ្ចប់​ទៅ​ទៀត។ (​អេសាយ ៦៥:២០​) ពួកគេ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ ដើម្បី​ធ្វើ​ឲ្យ​ពុករលួយ ឬ​ក៏​ធ្វើ​ឲ្យ​ខូច​ដល់​សួន​មនោរម្យ​ផែនដី​ឡើយ។

៨ តើ​ស្ថានភាព​ខាង​សីលធម៌​របស់​មនុស្ស​នៃ​ក្រុង​សូដុំម​យ៉ាង​ណា​ដែរ?

៨ នេះ​នឹង​ពិត​ជា​ឯក​សិទ្ធិ​ដ៏​ធំ​មួយ ក្នុង​ការ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ​ដ៏​មហិមា​របស់​ព្រះ​យេហូវ៉ា។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្ហាញ​ប្រាប់​ថា នេះ​ជា​ឯក​សិទ្ធិ​មួយ​ដែល​គ្រប់​ៗ​គ្នា​មិន​អាច​ទទួល​បាន​ឡើយ។ ឧទាហរណ៍ សូម​ពិចារណា អំពី​ប្រជាជន​នៅ​ទីក្រុង​សូដុំម។ ព្រះ​គម្ពីរ​បាន​ចែង​ថា មនុស្ស​ប្រុស​នៃ​ទីក្រុង​សូដុំម​បាន​ស្វែងរក​ការ​រួម​មេថុន​ជា​មួយ​«​មនុស្ស​ប្រុស​»​ដែល​បាន​មក​លេង​នឹង​ឡុត។ ឥរិយា​បទ​ដ៏​អត់​សីលធម៌​របស់​ពួកគេ ហួស​ហេតុ​ពេក​រហូត​ដល់ ពេល​ពួកគេ​បាន​ត្រូវ​បណ្ដាល​ឲ្យ​ខ្វាក់​ភ្នែក​ដោយ​អព្ភូតហេតុ ​«​បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​»​ផ្ទះ​ដើម្បី​ចូល​ទៅ​ក្នុង ទៅ​រួម​សង្វាស​ជា​មួយ​ភ្ញៀវ​របស់​ឡុត​នោះ។—លោកុប្បត្តិ ១៩:៤​-​១១

៩, ១០ តើ​បទ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ណា អំពី​សេចក្ដី​សង្ឃឹម​ក្នុង​ដំណើរ​រស់​ឡើង​វិញ ចំពោះ​មនុស្ស​អាក្រក់​នៃ​ក្រុង​សូដុំម​នោះ?

៩ តើ​មនុស្ស​ដ៏​អាក្រក់​ជួជាតិ​បែប​នេះ នឹង​ត្រូវ​រស់​ឡើង​វិញ​នៅ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ​ឬ​ទេ? ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា តាម​មើល​ទៅ​ពួកគេ​នឹង​មិន​រស់​ឡើង​វិញ​ទេ។ ជា​ឧទាហរណ៍ សិស្ស​របស់​ព្រះ​​យេស៊ូវ​ម្នាក់ ឈ្មោះ​យូដាស ដែល​នៅ​ក្រោម​អានុភាព​នៃ​វិញ្ញាណ​របស់​ព្រះ បាន​សរសេរ​ជា​មុន​ដំបូង អំពី​ពួក​ទេវតា​ដែល​បាន​បោះបង់​ទីលំនៅ​របស់​គេ​នៅ​ស្ថានសួគ៌ ដើម្បី​រួម​សង្វាស​ជា​មួយ​នឹង​កូន​ស្រី​របស់​មនុស្ស។ បន្ទាប់​មក លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«​ដូច​ជា​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទីក្រុង​នៅ​ជុំវិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្ដោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់កល្ប​ជានិច្ច​»។ (​យូដាស ៦, ៧; លោកុប្បត្តិ ៦:១, ២​) មែន​ហើយ ព្រោះ​តែ​អំពើ​អត់​សីលធម៌​ដ៏​ហួស​ហេតុ​របស់​ពួកគេ ប្រជាជន​នៃ​ទីក្រុង​សូដុំម​និង​ទីក្រុង​នៅ​ជុំវិញ បាន​រង​ទុក្ខ​មហន្តរាយ ហើយ​បើ​តាម​មើល​ទៅ ពួកគេ​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៀត​ទេ។—ពេត្រុសទី២ ២:៤​-​៦, ៩, ១០​ក

១០ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​បង្ហាញ​ថា អ្នក​ក្រុង​សូដុំម​ប្រហែល​ជា​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​ទីក្រុង​កាពើណិម ជា​ទីក្រុង​មួយ​ដែល​ទ្រង់​បាន​បង្កើត​អព្ភូតហេតុ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​ការ​ឫទ្ធិ​បារមី ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង​[​កាពើណិម​] បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត​ស្ថេរ​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជាជាង​ឯង​»។ (​ម៉ាថាយ ១១:២២​-​២៤​) ក្នុង​បទ​នេះ ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ពី​ការ​ដែល​គួរ​ឲ្យ​ធ្វើ​ទោស​ដល់​ប្រជាជន​នៃ​ទីក្រុង​​កាពើណិម ដោយ​មាន​បន្ទូល​ថា អ្នក​ក្រុង​សូដុំម​សម័យ​ដើម​នឹង​ទ្រាំ​បាន​ងាយ​ជាជាង​ឯង ដែល​នៅ​ក្នុង​សតិ​របស់​អ្នក​ស្ដាប់​ជាតិ​អ៊ីស្រាអែល​របស់​ទ្រង់ អ្នក​ក្រុង​សូដុំម​មិន​សម​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ​ទាល់តែ​សោះ នៅ​ថ្ងៃ​ជំនុំជំរះ។

១១ ហេតុ​អ្វី​ក៏​ជា​ការ​ស្រួល នៅ​ថ្ងៃ​ជំនុំជំរះ​ចំពោះ​«​មនុស្ស​សុចរិត​»​ជាង​ចំពោះ​«​មនុស្ស​ទុច្ចរិត​»​?

១១ ហេតុ​ដូច្នេះ​ហើយ យើង​គួរ​តែ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដឹក​នាំ​ជីវិត​របស់​យើង​យ៉ាង​ណា ឲ្យ​សមនឹង​ទទួល​ដំណើរ​រស់​ឡើង​វិញ។ ប៉ុន្តែ រឿង​នេះ​ប្រហែល​ជា​មាន​គេ​សួរ​ទៀត​ថា​៖ ចំពោះ​អ្នក​ខ្លះ​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ឲ្យ​រៀន​និង​ប្រព្រឹត្ត​សេចក្ដី​សុចរិត តើ​នេះ​ជា​ការ​ពិបាក​ជាង​អ្នក​ឯ​ទៀត​ឬ? អញ្ចឹង សូម​ពិចារណា​មើល​៖ មុន​នឹង​មនុស្ស​«​សុចរិត​»​ដូច​ជា អ័ប្រាហាំ អ៊ីសាក យ៉ូប ដេបូរ៉ា នាងរស់ ដានីយ៉ែល​បាន​ស្លាប់​នោះ ពួកគេ​បាន​ទន្ទឹង​ចាំ​ពី​ការ​យាង​មក​នៃ​ព្រះ​​មែស៊ី។ តើ​ពួកគេ​នឹង​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎​នៅ​កំឡុង​ថ្ងៃ​ជំនុំជំរះ ក្នុង​ការ​រៀន​ដឹង​អំពី​ទ្រង់ ហើយ​ថា​ទ្រង់​កំពុង​តែ​សោយ​រាជ្យ​នៅ​ស្ថានសួគ៌​នោះ! ដូច្នេះ នឹង​រឹតតែ​ស្រួល​ទៅ​ទៀត​ចំពោះ​មនុស្ស​«​សុចរិត​»​ទាំង​នេះ ដើម្បី​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ពេល​នោះ ជាង​ចំពោះ​ពួក​«​ទុច្ចរិត​»​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក្នុង​ការ​ប្រព្រឹត្ត​យ៉ាង​នេះ។—កិច្ចការ ២៤:១៥

ដំណើរ​រស់​ឡើង​វិញ​ឲ្យ​បាន​«​ជីវិត​»​ និង​«​ឲ្យ​ជាប់​មាន​ទោស​»​

១២ យោង​ទៅ​តាម យ៉ូហាន ៥:២៨​-​៣០ តើ​ពួក​ណា​នឹង​ទទួល​ដំណើរ​«​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត​»​ ហើយ​ពួក​ណា​នឹង​ទទួល​ដំណើរ​«​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»​នោះ?

១២ ក្នុង​ការ​ពិពណ៌នា​ពី​ស្ថានភាព​នៅ​ថ្ងៃ​ជំនុំជំរះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស . . . ខ្ញុំ​ជំនុំជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្ដី​ជំនុំជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពីព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ​​ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​»។ (​យ៉ូហាន ៥:២៨​-​៣០​) តើ​ដំណើរ​«​រស់​ឡើង ឲ្យ​បាន​ជីវិត​»​នេះ​ជា​អ្វី ហើយ​ដំណើរ​«​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»​នេះ​ជា​អ្វី​ដែរ? ហើយ​ពួក​ណា​នឹង​ទទួល​ការ​ទាំង​នេះ?

១៣ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស ដែល​ទទួល​ដំណើរ​«​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត​»​នោះ?

១៣ យើង​បាន​យល់​យ៉ាង​ច្បាស់​ថា ពេល​ដែល​មនុស្ស​ស្លាប់​ចេញ​ពី​ផ្នូរ​មក ពួកគេ​នឹង​មិន​ត្រូវ​ជំនុំជំរះ​តាម​ការ​ប្រព្រឹត្ត​របស់​គេ​ពីដើម​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​នឹង​ត្រូវ​ជំនុំជំរះ​ទៅ​លើ​មូលដ្ឋាន​នៃ​អ្វី​ៗ​ដែល​ពួកគេ​ប្រព្រឹត្ត​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ​នោះ។ ដូច្នេះ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​វាចា​ថ្លែង​អំពី​«​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ​»​ និង​«​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​»​ទ្រង់​បាន​សំដៅ​ចំពោះ​អំពើ​ល្អ​និង​អំពើ​អាក្រក់ ដែល​ពួកគេ​នឹង​ធ្វើ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ។ ដោយ​ព្រោះ​តែ​អំពើ​ល្អ​ដែល​គេ​ធ្វើ ភាគ​ច្រើន​នៃ​ពួក​ដែល​បាន​រស់​ឡើង​វិញ នឹង​រីក​ចម្រើន​ទៅ​ដល់​ភាព​ជា​មនុស្ស​ល្អ​ឥតខ្ចោះ នៅ​ចុង​១.០០០​ឆ្នាំ​នៃ​ថ្ងៃ​ជំនុំជំរះ​នោះ។ ដូច្នេះ​ហើយ ការ​ត្រឡប់​មក​វិញ​ពី​សេចក្ដី​ស្លាប់​របស់​ពួកគេ​នឹង​ទៅ​ជា​ដំណើរ​«​រស់​ឡើង ឲ្យ​បាន​ជីវិត​»​ ព្រោះ​ពួកគេ​នឹង​ទទួល​ជីវិត​ល្អ​ឥតខ្ចោះ​ដែល​គ្មាន​បាប។

១៤ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស ដែល​ទទួល​ដំណើរ​«​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»​នោះ?

១៤ ម្យ៉ាង​វិញ​ទៀត តើ​ពួក​អ្នក​ដែល​‹បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ឬ​ក៏​អប្រិយ› នៅ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ នឹង​ទៅ​ជា​យ៉ាង​ណា? ការ​ត្រឡប់​មក​វិញ​ពី​សេចក្ដី​ស្លាប់​របស់​ពួកគេ​នឹង​ទៅ​ជា​ដំណើរ​«​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? គឺ​មាន​ន័យ​ថា ជា​ការ​ជំនុំជំរះ​ឬ​ក៏​ជា​ការ​កាត់​ទោស ប្រហារ​ជីវិត។ ដូច្នេះ មនុស្ស​ទាំង​នេះ​នឹង​ត្រូវ​កំទេច​ចោល នៅ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ ឬ​ក៏​នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​នោះ។ មូលហេតុ​នោះ​គឺ​ថា ពួកគេ​ធ្វើ​អំពើ​អាក្រក់ ពួកគេ​បដិសេធ​ដោយ​ចិត្ត​មានះ​មិន​ព្រម​រៀន​និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ឡើយ។

ពេល​ដែល​ថ្ងៃ​ជំនុំជំរះ​ចាប់​ផ្ដើម

១៥ តើ​មាន​អ្វី​កើត​ឡើង មុន​នឹង​ថ្ងៃ​ជំនុំជំរះ​ចាប់​ផ្ដើម​ភ្លាម​នោះ?

១៥ សាវក​យ៉ូហាន​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត នូវ​អ្វី​ៗ​ដែល​នឹង​កើត​មាន​ឡើង មុន​ថ្ងៃ​ជំនុំជំរះ​ភ្លាម​នោះ។ លោក​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ នឹង​ព្រះ​អង្គ​ដែល​គង់​លើ ឯ​ផែនដី នឹង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ . . . នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ . . . រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​បាន​ជំនុំជំរះ​»។ (​វិវរណៈ ២០:១១, ១២​) ដូច្នេះ មុន​ពេល​ដែល​ថ្ងៃ​ជំនុំជំរះ​ចាប់​ផ្ដើម របប​នៃ​សម័យ​បច្ចុប្បន្ន​នេះ ដែល​ផ្គុំ​ឡើង​ដោយ​«​ផែនដី​និង​ផ្ទៃ​មេឃ​»​ នឹង​ត្រូវ​កន្លង​បាត់​ទៅ។ មាន​តែ​ពួក​ដែល​បម្រើ​ព្រះ​ទេ ដែល​នឹង​រួច​រស់​ជីវិត នៅ​ពេល​ដែល​មនុស្ស​កំណាច​បាន​ត្រូវ​កំទេច​នៅ​គ្រា​អើម៉ាគេដូន​នោះ។—យ៉ូហានទី១ ២:១៧

១៦ (​ក​) ក្រៅ​ពី​មនុស្ស​ស្លាប់ អ្នក​ណា​ទៀត​នឹង​ត្រូវ​ជំនុំជំរះ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ? (​ខ​) តើ​ពួកគេ​នឹង​ត្រូវ​ជំនុំជំរះ ពី​អ្វី?

១៦ ដូច្នេះ មិន​មែន​មាន​តែ​«​មនុស្ស​ស្លាប់​»​ដែល​បាន​រស់​ឡើង​វិញ ជា​អ្នក​ដែល​ត្រូវ​ជំនុំជំរះ​ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ​នោះ​ទេ។ ពួក​«​មនុស្ស​រស់​»​ដែល​បាន​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន ព្រម​ទាំង​កូនចៅ​ដែល​ពួកគេ​មាន​ទាំង​ឡាយ ក៏​នឹង​ត្រូវ​ជំនុំជំរះ​ដែរ។ (​ធីម៉ូថេ​ទី​២ ៤:១​) តាម​រយៈ​ចក្ខុនិមិត្ត លោក​យ៉ូហាន​បាន​ឃើញ​របៀប​ដែល​ពួកគេ​បាន​ត្រូវ​ជំនុំជំរះ។ លោក​បាន​សរសេរ​មក​ថា​៖ ​«​បញ្ជី​ក៏​បាន​បើក​ឡើង . . . រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន។ ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន​»។—វិវរណៈ ២០:១២, ១៣

១៧ តើ​អ្វី​ជា​«​បញ្ជី​»​ដែល​ពី​ទីនោះ​«​មនុស្ស​រស់​»​និង​«​មនុស្ស​ស្លាប់​»​នឹង​ត្រូវ​ជំនុំជំរះ​នោះ?

១៧ តើ​អ្វី​ជា​«​បញ្ជី​»​ដែល​បាន​បើក​ឡើង ដែល​ពី​ទីនោះ​«​មនុស្ស​ស្លាប់​»​និង​«​មនុស្ស​រស់​»​ត្រូវ​បាន​​ជំនុំ​ជំរះ​នោះ? ជា​ការ​ជាក់​ស្តែង​ណាស់ នេះ​ច្បាស់​ជា​អ្វី​មួយ​ទៀត ដែល​បន្ថែម​ទៅ​លើ​ព្រះ​គម្ពីរ​បរិសុទ្ធ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ។ នេះ​គឺ​ជា​ឯកសារ​ដែល​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ ឬ​ក៏​សៀវភៅ​ដែល​មាន​ក្រិត្យ​​វិន័យ​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា។ ដោយ​អាន​របស់​ទាំង​នេះ មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី នឹង​អាច​ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន។ បន្ទាប់​មក ទៅ​លើ​មូលដ្ឋាន​នៃ​ក្រិត្យ​​វិន័យ​និង​សេចក្ដី​បង្រៀន​នៅ​ក្នុង​«​បញ្ជី​»​ទាំង​នេះ មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​នឹង​ត្រូវ​ជំនុំជំរះ។ អស់​អ្នក​ណា​ដែល​គោរព​ស្ដាប់បង្គាប់​សេចក្ដី​ដែល​បាន​ចែង​ក្នុង​នោះ នឹង​បាន​ទទួល​ប្រយោជន៍​ពី​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ ហើយ​ពួកគេ​នឹង​លូត​លាស់​បន្ដិច​ម្ដង​ៗ រហូត​បាន​ទៅ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ។

១៨ (​ក​) តើ​ស្ថានភាព​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​ជំនុំជំរះ? (​ខ​) តើ​ក្នុង​ន័យ​យ៉ាង​ណា​ដែល​«​មនុស្ស​ស្លាប់​»​នឹង​ត្រូវ​ទទួល​ជីវិត​នៅ​ទីបញ្ចប់​នៃ​១.០០០​ឆ្នាំ​នោះ?

១៨ នៅ​ទីបញ្ចប់​១.០០០​ឆ្នាំ​នៃ​ថ្ងៃ​ជំនុំជំរះ គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែនដី នឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​សេចក្ដី​ស្លាប់ ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​អ័ដាម​ទៀត​ឡើយ។ ពិត​មែន​ហើយ តាម​ន័យ​យ៉ាង​ពេញលេញ​បំផុត​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ត្រូវ​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ​វិញ។ នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​សំដៅ​ចំពោះ ពេល​ដែល​បាន​ចែង​ថា​៖ ​«​តែ​មនុស្ស​ស្លាប់​ឯ​ទៀត​[​ពួក​ក្រៅ​ពី​ពួក​១៤៤.០០០​នាក់ ដែល​ទៅ​ស្ថានសួគ៌​] មិន​បាន​រស់​វិញ​ទេ ទាល់តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ​»។ (​វិវរណៈ ២០:៥​) ការ​សំដៅ​ចំពោះ​«​មនុស្ស​ស្លាប់​ឯ​ទៀត​»​នៅ​ទីនេះ មិន​មែន​មាន​ន័យ​ថា អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​ជំនុំជំរះ​១.០០០​ឆ្នាំ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រឿង​នេះ​មាន​ន័យ​ថា មនុស្ស​ទាំងអស់​នឹង​ត្រូវ​ទទួល​ជីវិត​ឡើង​វិញ គឺ​បាន​សេចក្ដី​ថា នៅ​ទីបញ្ចប់​ពួកគេ​នឹង​ត្រូវ​ទទួល​ភាព​នៃ​មនុស្ស​ល្អ​ឥតខ្ចោះ។ ពួកគេ​នឹង​មាន​ភាព​ល្អ​ឥតខ្ចោះ​ដូច​ជា​អ័ដាម​និង​អេវ៉ា​ធ្លាប់​មាន​មក នៅ​ក្នុង​សួនច្បារ​អេដែន​ពីដើម។ ដល់​ពេល​នោះ តើ​អ្វី​នឹង​កើត​មាន​ឡើង?

ក្រោយ​ពី​ថ្ងៃ​ជំនុំជំរះ

១៩ តើ​ព្រះ​គ្រីស្ទ​ទ្រង់​នឹង​ធ្វើ​អ្វី នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​ជំនុំជំរះ?

១៩ ក្រោយ​ពី​បាន​សម្រេច​ការ​ទាំងអស់​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ទ្រង់​ធ្វើ​នោះ ព្រះ​យេស៊ូវ​គ្រីស្ទ​«​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ទៅ​វិញ​»។ ការ​នេះ​នឹង​កើត​ឡើង​នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​ជំនុំជំរះ​១.០០០​ឆ្នាំ។ គឺ​ដល់​ពេល​នោះ សត្រូវ​ទាំងអស់​នឹង​ត្រូវ​បំបាត់​សាប​សូន្យ​អស់​ហើយ។ សត្រូវ​ចុង​ក្រោយ​បង្អស់ គឺ​ជា​សេចក្ដី​ស្លាប់​ដែល​បាន​ទទួល​ជា​មរតក​ពី​អ័ដាម។ នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ! បន្ទាប់​មក ព្រះ​រាជាណាចក្រ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​នឹង​សោយ​រាជ្យ​ផ្ទាល់​អង្គ​ជា​ស្តេច។—កូរិនថូសទី១ ១៥:២៤​-​២៨

២០ (​ក​) តើ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា ដើម្បី​សម្រេច​ឈ្មោះ​ណា​ត្រូវ​កត់​ទុក​នៅ​ក្នុង​«​សៀវភៅ​ជីវិត​»​នោះ? (​ខ​) ហេតុ​អ្វី​ក៏​ការ​ល្បង​មនុស្ស​លោក​ចុង​ក្រោយ​បង្អស់​ជា​ការ​ត្រឹម​ត្រូវ​នោះ?

២០ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​សម្រេច ឈ្មោះ​ណា​ត្រូវ​កត់​ទុក​នៅ​ក្នុង​«​បញ្ជី​ជីវិត​»​ឬ​«​សៀវភៅ​ជីវិត​»​នោះ? (​វិវរណៈ ២០:១២, ១៥​) ការ​នេះ​នឹង​ត្រូវ​សម្រេច​តាម​រយៈ​ការ​ល្បង​មួយ​ទៅ​លើ​មនុស្ស​លោក។ តើ​លោក​អ្នក​នៅ​ចាំ​ទេ អំពី​របៀប​ដែល​អ័ដាម​និង​នាង​អេវ៉ា​បាន​បរាជ័យ​នៅ​ក្រោម​ការ​ល្បង​បែប​នេះ ហើយ​ពី​របៀប​ដែល​យ៉ូប​បាន​រក្សា​ភក្ដីភាព ពេល​ដែល​គាត់​បាន​ត្រូវ​ល្បង​នោះ។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ដល់​ទីបញ្ចប់​១.០០០​ឆ្នាំ​នោះ មិន​ទាន់​បាន​ត្រូវ​ល្បង​ជំនឿ​របស់​គេ​នៅ​ឡើយ។ មុន​ពេល​ដែល​ពួកគេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួកគេ​មិន​បាន​ដឹង​ទាល់តែ​សោះ​អំពី​បំណង​របស់​ព្រះ​យេហូវ៉ា។ ពួកគេ​ពីដើម ជា​ផ្នែក​នៃ​របប​លោកីយ៍​ដ៏​កំណាច​របស់​សាតាំង ជា​«​ពួក​មនុស្ស​ទុច្ចរិត​»។ បន្ទាប់​មក ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ ជា​ការ​ស្រួល​ណាស់​ចំពោះ​ពួកគេ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ពីព្រោះ​គេ​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដោយ​គ្មាន​ការ​ប្រឆាំង​ពី​អារក្ស​សោះ។ ប៉ុន្តែ មនុស្ស​លោក​រាប់​កោដិ​ទាំង​នេះ​ដែល​បាន​ទៅ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​នោះ តើ​ពួកគេ​នៅ​តែ​បម្រើ​ព្រះ​យេហូវ៉ា​ទៀត​ឬ ប្រសិន​បើ​សាតាំង​បាន​ត្រូវ​អនុញ្ញាត្ត​ឲ្យ​មាន​ឱកាស ដើម្បី​ព្យាយាម​បញ្ឈប់​ពួកគេ​កុំ​ឲ្យ​ធ្វើ​តទៅ​ទៀត​នោះ? តើ​សាតាំង​អាច​ធ្វើ​ដល់​ពួកគេ ដូច​ជា​វា​បាន​ធ្វើ​ដល់​មនុស្ស​ល្អ​ឥតខ្ចោះ​អ័ដាម​និង​នាង​អេវ៉ា​បាន​ទេ?

២១ (​ក​) តើ​ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​លោក​ត្រូវ​បាន​ល្បង​យ៉ាង​ណា? (​ខ​) កាលណា​ការ​ល្បង​បាន​ចប់​ហើយ អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​ពួក​ទាំងអស់​ណា ដែល​ជាប់​ទាក់ទង​នោះ?

២១ ដើម្បី​ដោះ​ស្រាយ​សំនួរ​បែប​នេះ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ស្រាយ​សាតាំង​និង​ព្រាយបិសាច​របស់​វា​ឲ្យ​ចេញ​ពី​ជង្ហុក​ដ៏​ធំ ជា​កន្លែង​ដែល​វា​បាន​នៅ​១.០០០​ឆ្នាំ​មក​ហើយ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ព្រះ​គម្ពីរ​បង្ហាញ​ថា សាតាំង​នឹង​បាន​ជោគជ័យ ក្នុង​ការ​បំបែរ​មនុស្ស​ខ្លះ​ចេញ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​នេះ​នឹង​មាន​ចំនួន​ដូច​ជា​«​ខ្សាច់​នៃ​សមុទ្រ​»​ គឺ​មាន​ន័យ​ថា​ចំនួន​របស់​ពួកគេ​ច្រើន​ណាស់​មិន​អាច​រាប់​បាន​ឡើយ។ ក្រោយ​ពី​ល្បង​នេះ​បាន​ចប់​ហើយ សាតាំង​និង​ព្រាយបិសាច​របស់​វា និង​ពួក​ដែល​មិន​បាន​ជាប់​ការ​ល្បង នឹង​ត្រូវ​បោះ​ទៅ​ក្នុង​«​បឹង ដែល​ឆេះ​ជា​ភ្លើង​»​ដែល​ជា​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្លាប់​ទីពីរ​(​ជា​អនន្ត​)។ (​វិវរណៈ ២០:៧​-​១០, ១៥​) ប៉ុន្តែ ពួក​ណា​ដែល​ឈ្មោះ​របស់​គេ​បាន​ឃើញ​នៅ​ក្នុង​«​បញ្ជី​ជីវិត​»​នឹង​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ដែល​ប្រកប​ទៅ​ដោយ​សិរី​ល្អ។ ការ​មាន​ឈ្មោះ​របស់​គេ​នៅ​ក្នុង​«​បញ្ជី​ជីវិត​»​ មាន​ន័យ​ថា ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ពួកគេ​ជា មនុស្ស​សុចរិត​ដ៏​ល្អ​ឥតខ្ចោះ​ក្នុង​ចិត្ត សតិ និង​រាង​កាយ អញ្ចឹង​ហើយ ទើប​សមនឹង​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​បាន។

ថ្ងៃ​ជំនុំជំរះ​នៅ​បច្ចុប្បន្ន​កាល​នេះ

២២ ដើម្បី​រស់​នៅ​ឲ្យ​បាន​ឃើញ​ថ្ងៃ​ជំនុំជំរះ និង​ការ​ល្បង​ចុង​ក្រោយ​បង្អស់ តើ​យើង​ត្រូវ​តែ​ឲ្យ​បាន​រួច​រស់​ជីវិត​ពី​អ្វី នៅ​ពេល​ឥឡូវ​នេះ?

២២ ដូច្នេះ ព្រះ​គម្ពីរ​ផ្ដល់​ពត៌មាន​អំពី​ព្រឹត្ដិការណ៍​ជាង​១.០០០​ឆ្នាំ​ទៅ​ក្នុង​អនាគតកាល។ ហើយ​ក៏​បង្ហាញ​ថា គ្មាន​មូលហេតុ​ណា​មួយ​ដែល​គួរ​ឲ្យ​ខ្លាច​ពី​អ្វី​ដែល​នៅ​ខាង​មុខ​នេះ​ទេ។ ប៉ុន្តែ សំនួរ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​ឆ្លើយ​នោះ​គឺ​៖ តើ​អ្នក​នឹង​ទៅ​ដល់​ទីនោះ ដើម្បី​សប្បាយ​នឹង​របស់​ល្អ​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​បាន​គម្រោង​ទុក​ទេ? ការ​នេះ​នឹង​ស្រេច​ទៅ​លើ​លោក​អ្នក ថា​តើ​អ្នក​អាច​រួច​រស់​ជីវិត​ពី​ថ្ងៃ​ជំនុំជំរះ​ដំបូង ដែល​ជា​«​ថ្ងៃ​ជំនុំជំរះ . . . ហើយ​បំផ្លាញ​មនុស្ស​ទមិលល្មើស​ចេញ​»​នៅ​បច្ចុប្បន្ន​នេះ។—ពេត្រុសទី២ ៣:៧

២៣ (​ក​) នៅ​សព្វ​ថ្ងៃ​នេះ ប្រជាជន​កំពុង​តែ​ត្រូវ​បាន​ញែក​ចេញ​ពី​គ្នា​ទៅ​ជា​ពីរ​ក្រុម​ណា​ខ្លះ? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ដល់​ក្រុម​និមួយ​ៗ ហើយ​ហេតុ​អ្វី?

២៣ មែន​ហើយ តាំង​ពី​ព្រះ​យេស៊ូវ​បាន​យាង​ត្រឡប់​មក ហើយ​បាន​គង់​នៅ​លើ​បល្ល័ង្ក​នៅ​ស្ថានសួគ៌​របស់​ទ្រង់​នោះ មនុស្ស​លោក​ទាំងអស់​បាន​នៅ​ក្នុង​ការ​ជំនុំជំរះ។ ថ្ងៃ​«​ជំនុំជំរះ​»​បច្ចុប្បន្ន​នេះ កើត​ឡើង​មុន​នឹង​ការ​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ជំនុំជំរះ​១.០០០​ឆ្នាំ​ទៅ​ទៀត។ នៅ​ក្នុង​ថ្ងៃ​ជំនុំជំរះ​បច្ចុប្បន្ន​នេះ ប្រជាជន​កំពុង​តែ​ត្រូវ​បាន​ញែក​ចេញ​ពី​គ្នា ជា​«​ពពែ​»​ទៅ​ខាង​ព្រះ​ហស្ត​ឆ្វេង​របស់​ព្រះ​គ្រីស្ទ ឬ​ក៏​ជា​«​ចៀម​»​ទៅ​ខាង​ស្ដាំ​ទ្រង់។ ពួក​«​ពពែ​»​នឹង​ត្រូវ​កំទេច​ចោល ពីព្រោះ​ពួកគេ​មិន​បាន​ជួយ​ដល់​«​បងប្អូន​»​ដែល​ជា​អ្នក​ចាក់ប្រេងតាំង​របស់​ព្រះ​គ្រីស្ទ​ក្នុង​ការ​បម្រើ​របស់​គេ​ចំពោះ​ព្រះ​ទេ។ នៅ​គ្រា​នោះ ពួក​«​ពពែ​»​នេះ​បាន​បង្ហាញ​ខ្លួន​គេ​ថា ជា​មនុស្ស​បាប​ដែល​មិន​ព្រម​កែ​ប្រែ ជា​អ្នក​កំណាច មាន​ចិត្ត​រឹង​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​របស់​ពួកគេ។ ផ្ទុយ​ទៅ​វិញ ពួក​«​ចៀម​»​នឹង​ត្រូវ​បាន​ប្រសិទ្ធិពរ​ដោយ​ជីវិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ ពីព្រោះ​ពួកគេ​បាន​ជួយ​ជ្រោមជ្រែង​ដល់​«​បងប្អូន​»​របស់​ព្រះ​គ្រីស្ទ​គ្រប់​កិច្ចការ​ទាំងអស់។—ម៉ាថាយ ២៥:៣១​-​៤៦

[​រូបភាព​នៅ​ទំព័រ​១៧៨​]

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ពួក​អ្នក​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជាង​នៅ​ថ្ងៃ​ជំនុំជំរះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក