បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៨ ទំ. ១៧០-១៨០
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ ចំណេះ​អំពី​ព្រះ
  • ជំហាន​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច
  • ពិធី​បុណ្យ​ជ្រមុជ​ទឹក​—⁠មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក
  • តើ​អ្នក​ប្រុង​ប្រៀប​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ?
  • ការ​រស់​នៅ​ឲ្យ​ស្រប​តាមការ​ថ្វាយ​ខ្លួន​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក
  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៨ ទំ. ១៧០-១៨០

ជំពូក​ទី​១៨

សូម​អ្នក​តាំង​គោល​បំណង​បំរើ​ព្រះ​ជា​រៀង​រហូត

១, ២​. តើ​ត្រូវ​ការ​អ្វី​ទៀត ក្រៅ​ពី​ការ​មាន​ចំណេះ​អំពី​ព្រះ?

សូមនឹក​គិត​ថា​អ្នក​កំពុង​ឈរ​នៅ​ពី​មុខ​ទ្វារ​ជាប់​សោ ដែល​នាំ​ទៅ​ដល់​បន្ទប់​មួយ ពោរពេញ​មាន​ទ្រព្យ​យ៉ាង​ច្រើន។ ចូរ​យើង​ឧបមា​ថា បុគ្គល​មាន​អំណាច​ម្នាក់​បាន​ប្រគល់​កូនសោ​ទៅ​ឲ្យ​អ្នក ហើយ​បាន​ប្រាប់​អ្នក​ឲ្យ​ចូល​យក​របស់​មាន​តម្លៃ​ទាំង​នេះ​តាម​ចិត្ត​ចុះ។ កូនសោ​នោះ​គឺ​នឹង​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ លុះ​ត្រា​តែ​អ្នក​ប្រើ​វា។ ស្រដៀង​គ្នា​ដែរ អ្នក​ត្រូវ​តែ​ប្រើ​ចំណេះ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​បាន​ប្រយោជន៍​ដល់​អ្នក។

២ នេះ​ជា​ពិសេស​គឺ​ត្រូវ​ពិត​ណាស់​ចំពោះ​ចំណេះ​អំពី​ព្រះ។ ប្រាកដ​ហើយ ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​មាន​ន័យ​ថា​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ១៧:⁠៣) ប៉ុន្តែ សេចក្ដី​សង្ឃឹម​នោះ​មិន​អាច​សម្រេច​ឡើង​បាន ដោយ​ព្រោះ​តែ​យើង​មាន​ចំណេះ​ប៉ុណ្ណោះ​នោះ​ទេ។ ដូច​អ្នក​នឹង​ប្រើ​កូនសោ​ដ៏​មាន​តម្លៃ នោះ​អ្នក​ក៏​ត្រូវ​តែ​ប្រើ​ចំណេះ​អំពី​ព្រះ​ក្នុង​ជីវិត​របស់​អ្នក​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​‹ចូល​ទៅ​ក្នុង​ព្រះ​រាជាណាចក្រ›។ ពួក​បុគ្គល​បែប​នេះ​នឹង​មាន​ឯក​សិទ្ធិ​បំរើ​ព្រះ​ជា​រៀង​រហូត​ត​ទៅ!​—⁠ម៉ាថាយ ៧:⁠២១; យ៉ូហានទី១ ២:⁠១៧

៣​. តើ​អ្វី​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​សំរាប់​យើង?

៣ ក្រោយ​ពី​បាន​រៀន​ដឹង​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ហើយ គឺ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ធ្វើ​តាម។ តើ​អ្នក​យល់​ថា អ្វី​ទៅ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​សំរាប់​អ្នក? នេះ​គឺ​អាច​សង្ខេប​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ពាក្យ​ទាំង​នេះ⁠៖ យក​តម្រាប់​តាម​ព្រះ​យេស៊ូ។ ពេត្រុសទី១ ២:⁠២១ ចែង​ប្រាប់​យើង​ថា⁠៖ «ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំ​រាប់​ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ ដូច្នេះ ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ អ្នក​ត្រូវ​តែ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​តាម​លទ្ធភាព។ នោះ​ហើយ​ជា​របៀប​ដែល​អ្នក​អាច​ប្រើ​ចំណេះ​អំពី​ព្រះ។

របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ ចំណេះ​អំពី​ព្រះ

៤​. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ចំណេះ​ច្រើន​ម្ល៉េះ​អំពី​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​ប្រើ​ចំណេះ​នេះ​យ៉ាង​ដូច​ម្ដេច?

៤ ព្រះ​យេស៊ូ​គ្រីស្ទ​មាន​ចំណេះ​អំពី​ព្រះ​ជ្រៅជ្រះ​ហ្មត់ចត់​ជាង​អ្នក​ផ្សេង​ឯ​ទៀត។ ទ្រង់​បាន​រស់​នៅ ហើយ​ធ្វើ​កិច្ចការ​ជា​មួយ​ព្រះ​យេហូវ៉ា​ក្នុង​ស្ថានសួគ៌​ជា​យូរ​យារ​មក​ហើយ មុន​ទ្រង់​យាង​មក​ផែនដី។ (កូល៉ុស ១:​១៥, ១៦) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ជា​មួយ​នឹង​ចំណេះ​ទាំង​ប៉ុន្មាន​នោះ? ទ្រង់​មិន​បាន​ពេញ​ព្រះ​ហឫទ័យ​ដោយ​ព្រោះ​តែ​មាន​ចំណេះ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​គឺ​រស់​នៅ​ស្រប​តាម​ចំណេះ​នោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​មាន​សេចក្ដី​សប្បុរស សេចក្ដី​អត់ធ្មត់ និង​សេចក្ដី​ស្រឡាញ់​ដល់​ម្ល៉េះ ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​ជា​មួយ​មនុស្ស​គ្នីគ្នា។ ដូច្នេះ ព្រះ​យេស៊ូ​ត្រាប់​តាម​ព្រះ​វរបិតា​ស្ថានសួគ៌​របស់​ទ្រង់ ហើយ​ប្រព្រឹត្ត​ស្រប​តាម​ចំណេះ​អំពី​វិធី និង​បុគ្គលិកលក្ខណៈ​របស់​ព្រះ​យេហូវ៉ា។​—⁠យ៉ូហាន ៨:​២៣, ២៨, ២៩, ៣៨; យ៉ូហានទី១ ៤:៨

៥​. ហេតុ​អ្វី​ព្រះ​យេស៊ូ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទ្រង់​បាន​ធ្វើ​តាម​ន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៥ ចំណេះ​ដែល​ព្រះ​យេស៊ូ​មាន ក៏​បាន​ជំរុញ​ទ្រង់​ឲ្យ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ដែរ។ ទ្រង់​បាន​យាង​ពី​ស្រុក​កាលីឡេ​ទៅ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទ្រង់។ (ម៉ាថាយ ៣:⁠១៣​-​១៥) តើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ គឺ​ជា​និមិត្តរូប​អ្វី? ជា​ជនជាតិ​យូដា ទ្រង់​ចាប់​កំណើត​មក​ក្នុង​សាសន៍​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ។ ដូច្នេះ ព្រះ​យេស៊ូ​បាន​ថ្វាយ​ខ្លួន​តាំង​ពី​កំណើត​មក​ម្ល៉េះ។ (និក្ខមនំ ១៩:​៥, ៦) ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ទ្រង់​បាន​ថ្វាយ​រូប​អង្គ​ទ្រង់​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ សំរាប់​ទ្រង់​នៅ​គ្រា​នោះ។ (ហេព្រើរ ១០:​៥, ៧) ហើយ​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​ន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​ផង។ ទ្រង់​បាន​ខំ​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា ប្រាប់​ចំណេះ​អំពី​ព្រះ​ដល់​ពួក​បណ្ដាជន​ក្នុង​គ្រប់​ឱកាស​ទាំង​អស់។ ព្រះ​យេស៊ូ​មាន​សេចក្ដី​រីករាយ​ណាស់ ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ទាំង​មាន​បន្ទូល​ថា នេះ​ប្រៀប​ដូច​នឹង​អាហារ​សំរាប់​ទ្រង់។​—⁠យ៉ូហាន ៤:⁠៣៤

៦​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​លះបង់​ខ្លួន​ទ្រង់?

៦ ព្រះ​យេស៊ូ​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​គឺ​ធ្ងន់​ណាស់ គឺ​ថា​នឹង​ធ្វើ​ឲ្យ​បង់​ព្រះ​ជន្ម​របស់​ទ្រង់​ផង។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​លះបង់​ខ្លួន​ទ្រង់ ទុក​ដាក់​សេចក្ដី​ត្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​ទ្រង់​ជា​របស់​សំខាន់​ទីពីរ។ ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​រមែង​ជា​ការ​សំខាន់​ទី​មួយ​ជានិច្ច។ ក្នុង​ប្រការ​នេះ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ?

ជំហាន​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច

៧​. តើ​ជំហាន​ណា​ខ្លះ​ដែល​គេ​ត្រូវ​ឈាន ដើម្បី​ឲ្យ​បាន​គុណវុឌ្ឍិ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

៧ មិន​ដូច​ព្រះ​យេស៊ូ​ទេ យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​អាច​ឈោង​ដល់​ព្រឹត្ដិការណ៍​សំខាន់​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​បាន លុះ​ត្រា​តែ​យើង​បាន​បោះ​ជំហាន​ដ៏​សំខាន់​ឯ​ទៀត​សិន។ នេះ​គឺ​ចាប់​ផ្ដើម​ដោយ​ក្រេប​ជញ្ជក់​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ចូល​ក្នុង​ចិត្ត​របស់​យើង។ ធ្វើ​បែប​នេះ​នឹង​បណ្ដាល​ឲ្យ​យើង​អនុវត្ត​ជំនឿ ហើយ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ។ (ម៉ាថាយ ២២:​៣៧​-​៤០; រ៉ូម ១០:⁠១៧; ហេព្រើរ ១១:⁠៦) ការ​ធ្វើ​តាម​ច្បាប់​គោលការណ៍ និង​ខ្នាត​តម្រា​របស់​ព្រះ គួរ​តែ​ជំរុញ​យើង​ឲ្យ​កែ​ប្រែ​ចិត្ត ដោយ​សម្ដែង​ការ​ឈឺ​ចិត្ត​យ៉ាង​សុចរិត​ចំពោះ​អំពើ​បាប​កន្លង​ទៅ​របស់​យើង។ នេះ​នឹង​នាំ​ទៅ​ដល់​ការ​ផ្លាស់​ខ្លួន ដែល​មាន​ន័យ​ថា បែរ​ខ្លួន​ហើយ​បោះបង់​ចោល​អំពើ​ខុស​ណា​ដែល​យើង​បាន​ធ្វើ ពេល​ដែល​យើង​មិន​ទាន់​មាន​ចំណេះ​អំពី​ព្រះ។ (កិច្ចការ ៣:⁠១៩) តាម​ធម្មតា ប្រសិន​បើ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​សម្ងាត់ ជាជាង​ប្រព្រឹត្ត​អំពើ​សុចរិត នោះ​យើង​មិន​ទាន់​បែរ​ខ្លួន​នៅ​ឡើយ​ទេ ហើយ​យើង​ក៏​មិន​អាច​បញ្ឆោត​ព្រះ​បាន​ដែរ។ ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​ការ​លាក់ពុត​ទាំង​អស់។​—⁠លូកា ១២:⁠២, ៣

៨​. តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា ពេល​ដែល​អ្នក​ប៉ង​ប្រាថ្នា​ចង់​ចូល​រួម​ក្នុង​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ?

៨ ឥឡូវ​ដែល​អ្នក​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​ហើយ តើ​មិន​មែន​ជា​ការ​សម​ហេតុ​ផល​ទេ​ឬ ដែល​អ្នក​គួរ​ពិចារណា​រឿង​បញ្ហា​ខាង​វិញ្ញាណ​ក្នុង​របៀប​ផ្ទាល់​ខ្លួន​នោះ? អ្នក​ប្រហែល​ជា​ចង់​ប្រាប់​បងប្អូន​ញាតិ​មិត្ត និង​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ តាម​ពិត អ្នក​ប្រហែល​ជា​បាន​ដូច្នេះ​ទៅ​ហើយ ទាំង​ធ្វើ​ដូច​ព្រះ​យេស៊ូ​ដែល​បាន​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​ក្រៅ​វិធី​ការ​ផង។ (លូកា ១០:​៣៨, ៣៩; យ៉ូហាន ៤:​៦​-​១៥) ឥឡូវ​នេះ​អ្នក​ប្រហែល​ជា​ចង់​ប្រាប់​គេ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​នឹង​មាន​ចិត្ត​រីករាយ​ពិគ្រោះ​ជា​មួយ​អ្នក ដើម្បី​រក​មើល​ថា​តើ​អ្នក​មាន​គុណវុឌ្ឍិ​និង​សមត្ថភាព ដើម្បី​រួម​ចំណែក​ជា​រឿយ⁠ៗ ក្នុង​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បើសិន​អ្នក​មាន នោះ​ពួក​ចាស់​ទុំ​នឹង​ចាត់​ចែង​ឲ្យ​អ្នក​ទៅ​ផ្សាយ​ជា​មួយ​ស្មរបន្ទាល់​ម្នាក់។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់ ដើម្បី​សម្រេច​កិច្ច​បំរើ​របស់​គេ​ក្នុង​របៀប​ដ៏​រៀប​រយ​មួយ។ (ម៉ាកុស ៦:​៧, ៣០; លូកា ១០:⁠១) អ្នក​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ជំនួយ​ស្រដៀង​គ្នា​នេះ ពេល​អ្នក​ចូល​រួម​ផ្សាយ​ពេញ​ពាស​អំពី​សារ​ដំណឹង​ព្រះ​រាជាណាចក្រ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​តាម​របៀប​ផ្សេង​ទៀត។​—⁠កិច្ចការ ២០:​២០, ២១

៩​. តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​ថ្វាយ​ខ្លួន​ទៅ​ព្រះ ហើយ​ការ​ថ្វាយ​ខ្លួន​នេះ​មាន​ឥទ្ធិពល​លើ​ជីវិត​គេ​យ៉ាង​ដូច​ម្ដេច?

៩ ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​គ្រប់​ប្រភេទ​ក្នុង​តំបន់​របស់​ក្រុមជំនុំ គឺ​ជា​របៀប​មួយ​ដើម្បី​រក​អ្នក​ដែល​មាន​ចិត្ត​សុចរិត​ត្រឹម​ត្រូវ ហើយ​គឺ​ត្រូវ​រាប់​ចូល​ក្នុង​ចំណោម​កិច្ចការ​ល្អ ដែល​បង្ហាញ​ថា​អ្នក​មាន​ជំនឿ។ (កិច្ចការ ១០:​៣៤, ៣៥; យ៉ាកុប ២:​១៧, ១៨, ២៦) ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន​ជា​រឿយ⁠ៗ និង​ការ​ចូល​រួម​ក្នុង​កិច្ចការ​ផ្សាយ​ឲ្យ​បាន​ច្រើន ក៏​ជា​របៀប​ផ្សេង​ទៀត ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​បាន​កែ​ប្រែ​ចិត្ត ហើយ​បាន​បែរ​ខ្លួន ហើយ​ឥឡូវ​នេះ​ក៏​ប្ដេជ្ញា​រស់​នៅ​ស្រប​តាម​ចំណេះ​អំពី​ព្រះ។ តើ​អ្វី​ទៀត​ជា​ជំហាន​បន្ទាប់​ដ៏​សម​ត្រឹម​ត្រូវ? គឺ​ការ​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា។ នេះ​គឺ​មាន​ន័យ​ថា ក្នុង​សេចក្ដី​អធិស្ឋាន​ពី​ចិត្ត អ្នក​ទូល​ប្រាប់​ព្រះ​ថា​អ្នក​ថ្វាយ​ដល់​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត​និង​យ៉ាង​អស់​ពី​ចិត្ត នូវ​ជីវិត​របស់​អ្នក ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់។ នេះ​ជា​របៀប​ដែល​អ្នក​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា និង​ទទួល​យក​នឹម​ដ៏​សប្បុរស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។​—⁠ម៉ាថាយ ១១:​២៩, ៣០

ពិធី​បុណ្យ​ជ្រមុជ​ទឹក​—⁠មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក

១០​. ហេតុ​អ្វី​ក៏​អ្នក​គួរ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ក្រោយ​ពី​អ្នក​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា?

១០ យោង​ទៅ​តាម​ព្រះ​យេស៊ូ អស់​អ្នក​ដែល​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ត្រូវ​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ (ម៉ាថាយ ២៨:​១៩, ២០) ហេតុ​អ្វី​ក៏​ចាំបាច់​ធ្វើ​បុណ្យ​នេះ ក្រោយ​ពេល​អ្នក​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ​ហើយ? ពីព្រោះ​អ្នក​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា ទ្រង់​ក៏​ជ្រាប​ថា​អ្នក​ស្រឡាញ់​ទ្រង់។ ប៉ុន្តែ​អ្នក​ច្បាស់​ជា​ចង់​ចាត់​វិធានការ​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ។ ដូច្នេះ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ផ្ដល់​ឱកាស​ឲ្យ​អ្នក​សម្ដែង​ឲ្យ​គេ​ដឹង​ជា​សាធារណៈ នូវ​ការ​ថ្វាយ​ខ្លួន​របស់​អ្នក​ដល់​ព្រះ​យេហូវ៉ា។​—⁠រ៉ូម ១០:​៩, ១០

១១​. តើ​អ្វី​ជា​ន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក?

១១ ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​និមិត្តរូប​ដ៏​មាន​ន័យ​យ៉ាង​វិសេស។ កាល​ដែល​អ្នក​ត្រូវ​ពន្លិច​ខ្លួន ឬ​«កប់»​នៅ​ក្រោម​ទឹក នេះ​គឺ​ហាក់​ដូច​ជា​អ្នក​បាន​ស្លាប់​បង់​ចោល​ដំណើរ​ជីវិត​ដើម​របស់​អ្នក។ ពេល​ដែល​ងើប​ចេញ​ពី​ទឹក​មក នេះ​គឺ​ដូច​ជា​អ្នក​ងើប​ឡើង​ទៅ​កាន់​ជីវិត​ថ្មី ជា​ជីវិត​ដែល​គ្រប់គ្រង​ដោយ​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ មិន​មែន​ដោយ​ចំណង់​ចិត្ត​របស់​អ្នក​ឡើយ។ ប្រាកដ​ហើយ នោះ​មិន​មាន​ន័យ​ថា អ្នក​នឹង​លែង​ធ្វើ​ខុស​ទៀត ពីព្រោះ​យើង​គ្រប់​គ្នា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ដូច្នេះ​ក៏​ធ្វើ​អំពើ​បាប​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក អ្នក​នឹង​មាន​ទំនាក់ទំនង​មួយ​ដ៏​ពិសេស​ជា​មួយ​នឹង​ទ្រង់។ ដោយ​ព្រោះ​ការ​កែ​ប្រែ​ចិត្ត​របស់​អ្នក​និង​ការ​បន្ទាប​ខ្លួន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក នោះ​ព្រះ​យេហូវ៉ា​នឹង​អនុគ្រោះ​អត់​ឱន​ទោស​ដល់​បាប​របស់​អ្នក ដោយ​មូលដ្ឋាន​នៃ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ ដូច្នេះ ពិធី​បុណ្យ​ជ្រមុជ​ទឹក​នឹង​នាំ​ឲ្យ​មាន​មនសិការ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ។​—⁠ពេត្រុសទី១ ៣:⁠២១

១២​. តើ​អ្វី​ជា​ន័យ​នៃ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក (ក) «[ក្នុង]ព្រះ​នាម​ព្រះ​វរបិតា»? (ខ) ‹ក្នុង​ព្រះ​នាម​នៃ​ព្រះ​រាជបុត្រា›? (គ) ‹ក្នុង​នាម​នៃ​វិញ្ញាណ​បរិសុទ្ធ›?

១២ ព្រះ​យេស៊ូ​បាន​បង្ហាញ​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​សិស្ស​ថ្មី «[ក្នុង]ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (ម៉ាថាយ ២៨:⁠១៩) តើ​ព្រះ​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ពិធី​បុណ្យ​ជ្រមុជ​ទឹក​«[ក្នុង]ព្រះ​នាម​ព្រះ​វរបិតា» បង្ហាញ​ថា​បុគ្គល​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ជា​ព្រះ​អាទិទេព ហើយ​ជា​ព្រះ​មហាក្សត្រ​ដ៏​ត្រឹម​ត្រូវ​នៃ​សកលលោក។ (ទំនុកដំកើង ៣៦:៩; ៨៣:⁠១៨; សាស្ដា ១២:⁠១) ទទួល​បុណ្យ​ជ្រមុជ​ទឹក​‹ក្នុង​ព្រះ​នាម​នៃ​ព្រះ​រាជបុត្រា› មាន​ន័យ​ថា​បុគ្គល​នោះ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ជា​ពិសេស​យញ្ញបូជា​លោះ​របស់​ទ្រង់ ជា​វិធី​សង្គ្រោះ​តែ​មួយ​គត់ ដែល​ព្រះ​បាន​ប្រទាន​មក។ (កិច្ចការ ៤:⁠១២) ពិធី​បុណ្យ​ជ្រមុជ​ទឹក​‹ក្នុង​នាម​នៃ​វិញ្ញាណ​បរិសុទ្ធ› មាន​ន័យ​ថា​អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​ស្គាល់​វិញ្ញាណ​បរិសុទ្ធ ឬ​សកម្ម​ពល​នៃ​ព្រះ​យេហូវ៉ា ជា​ឧបករណ៍​របស់​ព្រះ​សំរាប់​សម្រេច​គោល​បំណង​របស់​ទ្រង់ និង​សំរាប់​ផ្ដល់​កម្លាំង​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ដ៏​សុចរិត​របស់​ទ្រង់ ជា​មួយ​នឹង​អង្គការ​ដែល​វិញ្ញាណ​ទ្រង់​ដឹក​នាំ។—លោកុប្បត្តិ ១:២; ទំនុកដំកើង ១០៤:⁠៣០; យ៉ូហាន ១៤:⁠២៦; ពេត្រុសទី២ ១:⁠២១

តើ​អ្នក​ប្រុង​ប្រៀប​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ?

១៣, ១៤​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ខ្លាច​ក្នុង​ការ​សម្រេច​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា?

១៣ ពីព្រោះ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មាន​សារៈ​សំខាន់​ណាស់ ហើយ​ជា​ព្រឹត្ដិការណ៍​សំខាន់​បំផុត​ក្នុង​ជីវិត​នៃ​បុគ្គល​ម្នាក់ តើ​វា​ជា​ជំហាន​ដែល​អ្នក​គួរ​ខ្លាច​ឬ? គឺ​មិន​មែន​សោះ​ឡើយ! ថ្វី​បើ​ការ​សម្រេច​ចិត្ត​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​មិន​ត្រូវ​ចាត់​ទុក​ជា​រឿង​ស្រាល​ក៏​ដោយ វា​ប្រាកដ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ប្រាជ្ញា​មួយ​ដែល​អ្នក​អាច​ធ្វើ។

១៤ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​ទី​សំអាង​សម្ដែង​ឲ្យ​ឃើញ ថា​អ្នក​​សម្រេច​ចិត្ត​បំរើ​ព្រះយេហូវ៉ា។ សូម​គិត​មើល​អំពី​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ជួប។ ក្នុង​របៀប​នា⁠ៗ តើ​ពួក​គេ​ម្នាក់⁠ៗមិន​មែន​កំពុង​បំរើ​ចៅហ្វាយ​គេ​ទេ​ឬ? អ្នក​ខ្លះ​ធ្វើ​ខ្ញុំ​កញ្ជះ​ដល់​ភោគទ្រព្យ។ (ម៉ាថាយ ៦:⁠២៤) អ្នក​ឯ​ទៀត​ខំ​ប្រឹង​សម្រេច​វិជ្ជា​ជីវៈ​របស់​គេ ឬ​បំរើ​ខ្លួន ដោយ​ចាត់​ទុក​ការ​សម្រេច​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត។ តែ​នៅ​មាន​អ្នក​ឯ​ទៀត​បំរើ​ព្រះ​មិន​ពិត។ ប៉ុន្តែ ឯ​អ្នក​វិញ​បាន​សម្រេច​ចិត្ត​បំរើ​ព្រះ​ពិត គឺ​ព្រះ​យេហូវ៉ា។ គ្មាន​អ្នក​ណា​ទៀត​ទេ​ដែល​បង្ហាញ​សេចក្ដី​សប្បុរស សេចក្ដី​មេត្ដាករុណា និង​សេចក្ដី​ស្រឡាញ់​ជាង​នេះ​ឡើយ។ ព្រះ​ធ្វើ​ឲ្យ​មនុស្ស​មាន​កិត្ដិយស​ថ្លៃថ្នូរ ដោយ​កិច្ចការ​ដ៏​មាន​គោល​បំណង ដែល​តម្រង់​ពួក​គេ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ។ ទ្រង់​ប្រទាន​រង្វាន់​ដល់​អ្នក​បំរើ​ទ្រង់ គឺ​ជីវិត​អស់កល្ប​ជានិច្ច។ ប្រាកដ​ណាស់ ការ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ការ​ថ្វាយ​ជីវិត​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា គឺ​មិន​មែន​ជា​ផ្លូវ​ដែល​ត្រូវ​ខ្លាច​នោះ​ឡើយ។ តាម​ពិត នេះ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ហើយ​សម​ហេតុ​ផល​ផង។​—⁠ពង្សាវតារក្សត្រទី១ ១៨:⁠២១

១៥​. តើ​អ្វី​ខ្លះ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក?

១៥ ប៉ុន្តែ ពិធី​បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​ជា​ជំហាន​មួយ​ដែល​ត្រូវ​ឈាន ដោយ​ព្រោះ​ការ​បង្ខិត​បង្ខំ​នោះ​ទេ។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ (កាឡាទី ៦:⁠៤) កាល​ដែល​អ្នក​បាន​លូត​លាស់​ខាង​វិញ្ញាណ​ហើយ អ្នក​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា⁠៖ «តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក»? (កិច្ចការ ៨:​៣៥, ៣៦) អ្នក​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា ‹តើ​ការ​ប្រឆាំង​ពី​គ្រួសារ​ឃាត់​ខ្ញុំ​ឬ? តើ​ខ្ញុំ​នៅ​ជាប់​ទាក់ទង​នឹង​ស្ថានការណ៍​ណា​ដែល​ខុស​ពី​បទ​គម្ពីរ​ឬ​អំពើ​បាប​ណា​ឬ? ឬ​មួយ​ក៏​ខ្ញុំ​ខ្លាច​មនុស្ស​ក្នុង​សហគមន៍​លែង​ចូល​ចិត្ត​រាប់​អាន​ខ្ញុំ​ទៀត›? នេះ​ជា​កត្ដា​ខ្លះ​ដែល​ត្រូវ​ពិចារណា​មើល ប៉ុន្តែ​សូម​ថ្លឹង​ថ្លែង​វា​ឲ្យ​សម​តាម​ការ​ពិត។

១៦​. តើ​អ្នក​នឹង​ទទួល​ផល​ប្រយោជន៍​យ៉ាង​ណា ពី​ការ​បំរើ​ព្រះ​យេហូវ៉ា?

១៦ គឺ​មិន​សម​តាម​ការ​ពិត​ទេ​បើ​ថ្លឹង​ថ្លែង​តម្លៃ ដោយ​ឥត​ពិចារណា​មើល​ផល​ប្រយោជន៍​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​បញ្ហា​នៃ​ការ​ប្រឆាំង​ពី​គ្រួសារ។ ព្រះ​យេស៊ូ​បាន​សន្យា​ថា បើសិន​ជា​សិស្ស​របស់​ទ្រង់​បាន​បាត់បង់​ញាតិ​សន្ដាន​របស់​គេ​ក៏​ដោយ ដោយ​ព្រោះ​គេ​កាន់​តាម​ទ្រង់ នោះ​គេ​គង់​រក​បាន​គ្រួសារ​ខាង​វិញ្ញាណ​ដ៏​ធំ​មួយ។ (ម៉ាកុស ១០:​២៩, ៣០) ពួក​អ្នក​មាន​ជំនឿ​ដូច​គ្នា​ទាំង​នេះ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដូច​ជា​បងប្អូន ជួយ​អ្នក​ឲ្យ​អត់​ទ្រាំ​នឹង​ការ​បៀតបៀន ហើយ​គាំទ្រ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត។ (ពេត្រុសទី១ ៥:⁠៩) ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​អាច​ជួយ​អ្នក​ឲ្យ​បាន​ជ័យជំនះ​ក្នុង​ការ​លៃលក​ដោះ​ស្រាយ​បញ្ហា និង​ការ​ប្រឈម​នឹង​ការ​ពិបាក​ផ្សេង⁠ៗឯ​ទៀត។ (យ៉ាកុប ៥:​១៤​-​១៦) ចំពោះ​ឯ​ការ​បាត់បង់​សេចក្ដី​ចូល​ចិត្ត​រាប់​អាន​ក្នុង​លោកីយ៍​នេះ អ្នក​អាច​សួរ​ខ្លួន​ថា ‹តើ​អ្វី​ទៅ​ដែល​អាច​ប្រៀបធៀប​នឹង​ការ​ទទួល​សេចក្ដី​យល់​ព្រម​ពី​ព្រះ​អាទិទេព​នៃ​សកលលោក ដោយ​ធ្វើ​ឲ្យ​ទ្រង់​បាន​រីករាយ​ចំពោះ​ជីវិត​ដែល​ខ្ញុំ​បាន​ជ្រើសរើស​នោះ›?​—⁠សុភាសិត ២៧:⁠១១

ការ​រស់​នៅ​ឲ្យ​ស្រប​តាមការ​ថ្វាយ​ខ្លួន​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក

១៧​. ហេតុ​អ្វី​ក៏​អ្នក​គួរ​ចាត់​ទុក​ពិធី​បុណ្យ​ជ្រមុជ​ទឹក ជា​ទី​ចាប់​ផ្ដើម​ជាជាង​ទីបញ្ចប់?

១៧ ជា​ការ​សំខាន់​ដែល​អ្នក​ចាំ​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​ជា​ទីបញ្ចប់​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​អ្នក​ទេ។ នេះ​គឺ​កត់​សម្គាល់​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​បំរើ​ព្រះ​អស់​មួយ​ជីវិត ជា​អ្នក​បំរើ​តែងតាំង ហើយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ ថ្វី​បើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​សំខាន់​ណាស់​ក៏​ដោយ វា​ឥត​ធានា​រ៉ាប់​រង​ថា​នឹង​បាន​សេចក្ដី​សង្គ្រោះ​ឡើយ។ ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ថា⁠៖ ‹មនុស្ស​គ្រប់​គ្នា​ដែល​បាន​ជ្រមុជ​ទឹក​នឹង​បាន​សង្គ្រោះ›​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​បន្ទូល​ថា⁠៖ «តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ២៤:⁠១៣) ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន ដោយ​ចាត់​ព្រះ​រាជាណាចក្រ​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​ក្នុង​ជីវិត​របស់​អ្នក។​—⁠ម៉ាថាយ ៦:​២៥​-​៣៤

១៨​. ក្រោយ​ពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​មាន​គោល​ដៅ​ណា​ខ្លះ​ដែល​យើង​គួរ​ឈោង​រក?

១៨ ដើម្បី​ខ្ជាប់ខ្ជួន​ក្នុង​កិច្ច​បំរើ​របស់​អ្នក​ដល់​ព្រះ​យេហូវ៉ា អ្នក​នឹង​គួរ​តាំង​គោល​ដៅ​ខាង​វិញ្ញាណ​សំរាប់​ខ្លួន។ គោល​ដៅ​ដ៏​សម​ល្អ​មួយ គឺ​ចំរើន​ចំណេះ​របស់​អ្នក​អំពី​ព្រះ តាម​រយៈ​ការ​សិក្សា​បន្ទូល​របស់​ទ្រង់​ផ្ទាល់​ខ្លួន​ជា​រឿយ⁠ៗ។ សូម​គិត​រក​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ។ (ទំនុកដំកើង ១:​១, ២) ទៅ​ប្រជុំ​គ្រីស្ទាន​ជា​រឿយ⁠ៗ ដ្បិត​ការ​ចូល​រួម​ដែល​អ្នក​ឃើញ​នៅ​ទី​នោះ នឹង​ជួយ​អ្នក​ឲ្យ​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ។ ឯ​ចំណែក​ខ្លួន​អ្នក​វិញ ម្ដេច​ក៏​មិន​តាំង​គោល​ដៅ​ដើម្បី​ថ្លែង​យោបល់​ក្នុង​ការ​ប្រជុំ​នៃ​ក្រុមជំនុំ ហើយ​សរសើរ​ដំកើង​ព្រះយេហូវ៉ា និង​រក​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ផង? (រ៉ូម ១:​១១, ១២) គោល​ដៅ​មួយ​ទៀត គឺ​ប្រហែល​ជា​រក​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​មាន​គុណភាព​ប្រសើរ​ឡើង។​—⁠លូកា ១១:​២​-​៤

១៩​. តើ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​សម្ដែង​គុណសម្បត្ដិ​ណា​ខ្លះ?

១៩ ប្រសិន​បើ​អ្នក​នឹង​រស់​នៅ​ស្រប​តាម​ន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រុង​ស្មារតី​ជានិច្ច​នឹង​អ្វី​ដែល​អ្នក​ធ្វើ អនុញ្ញាត​ឲ្យ​វិញ្ញាណ​បរិសុទ្ធ​ព្រះ​បង្កើត​គុណសម្បត្ដិ​ដ៏​ល្អ​ក្នុង​អ្នក ដូច​ជា សេចក្ដី​ស្រឡាញ់ អំណរ សន្ដិភាព ការ​អត់ធ្មត់ សេចក្ដី​សប្បុរស សេចក្ដី​ល្អ ជំនឿ សេចក្ដី​ស្លូតបូត និង​ការ​ទប់​ចិត្ត។ (កាឡាទី ៥:​២២, ២៣; ពេត្រុសទី២ ៣:⁠១១) សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​អធិស្ឋាន​សុំ​ហើយ​គោរព​តាម​ទ្រង់ ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់។ (លូកា ១១:⁠១៣; កិច្ចការ ៥:⁠៣២) ដូច្នេះ សូម​អធិស្ឋាន​ទូល​ទៅ​ព្រះ សុំ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​អ្នក​សម្ដែង​គុណសម្បត្ដិ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។ គុណសម្បត្ដិ​បែប​នេះ​នឹង​ឃើញ​ជាក់​ស្តែង​ឡើង ក្នុង​ពាក្យ​សំដី​និង​ចរិយា​របស់​អ្នក កាល​ដែល​អ្នក​ប្រព្រឹត្ត​តាម​អនុភាព​នៃ​វិញ្ញាណ​របស់​ព្រះ។ ប្រាកដ​ហើយ បុគ្គល​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន គឺ​ខំ​ប្រឹងប្រែង​បង្កើត​‹បុគ្គលិកលក្ខណៈ​ថ្មី› ដើម្បី​ឲ្យ​បាន​ដូច​ព្រះ​គ្រីស្ទ​ដែរ។ (កូល៉ុស ៣:​៩​-​១៤) យើង​ម្នាក់⁠ៗប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង⁠ៗគ្នា​ក្នុង​ការ​ខំ​ប្រឹងប្រែង​នេះ ពីព្រោះ​យើង​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​មិន​ដូច​គ្នា។ ដ្បិត​អ្នក​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ អ្នក​ត្រូវ​តែ​ខំ​ប្រឹង​ខ្លាំង​ដើម្បី​ឲ្យ​បាន​បុគ្គលិកលក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ ប៉ុន្តែ កុំ​ឲ្យ​អស់​សង្ឃឹម​ក្នុង​រឿង​នេះ​ឡើយ ពីព្រោះ​អ្នក​អាច​បាន​ជ័យជំនះ​ដោយ​មាន​ជំនួយ​ពី​ព្រះ។

២០​. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ត្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​កិច្ច​បំរើ?

២០ ក្នុង​ចំណោម​គោល​ដៅ​ខាង​វិញ្ញាណ​របស់​អ្នក នោះ​គួរ​តែ​មាន​ការ​ត្រាប់​តាម​គំរូ​ដ៏​រីករាយ​របស់​ព្រះ​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ (ហេព្រើរ ១២:​១​-​៣) ទ្រង់​ស្រឡាញ់​កិច្ច​បំរើ​របស់​ទ្រង់។ ប្រសិន​បើ​អ្នក​មាន​ឯក​សិទ្ធិ​ចូល​រួម​ក្នុង​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ នោះ​សូម​កុំ​ឲ្យ​វា​ក្លាយ​ទៅ​ជា​កិច្ចការ​ច្រំដែល​ធម្មតា​មួយ​ឡើយ។ សូម​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​ពេញ​ចិត្ត​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​រាជាណាចក្រ​ព្រះ ដូច​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​អញ្ចឹង​ដែរ។ សូម​ធ្វើ​តាម​បង្គាប់​ដែល​ក្រុមជំនុំ​ផ្ដល់​ឲ្យ ដើម្បី​ជួយ​អ្នក​ឲ្យ​បាន​ទៅ​ជា​អ្នក​បង្រៀន​ដ៏​រឹតតែ​ប្រសើរ​ឡើង។ ហើយ​សូម​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​អាច​ប្រទាន​កម្លាំង​ដល់​អ្នក​ដើម្បី​សម្រេច​កិច្ច​បំរើ​របស់​អ្នក។​—⁠កូរិនថូសទី១ ៩:​១៩​-​២៣

២១​. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​បុគ្គល​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដ៏​ស្មោះ​ត្រង់​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ? (ខ) តើ​អ្វី​បង្ហាញ​ថា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​សំខាន់​សំរាប់​ឲ្យ​យើង​មាន​ជីវិត​គង់​វង់​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​លើ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ?

២១ អ្នក​ដែល​បាន​ថ្វាយ​ខ្លួន ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដែល​ខំ​កាន់​តាម​ព្រះ​យេស៊ូ គឺ​ជា​បុគ្គល​ពិសេស​ណាស់​ចំពោះ​ព្រះ។ ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​អស់​ហើយ​នូវ​ចិត្ត​មនុស្ស​លោក​រាប់​ពាន់​លាន​កោដិ​នាក់ ហើយ​ដឹង​ថា​បុគ្គល​បែប​នេះ​គឺ​មិន​សូវ​មាន​ទេ។ ទ្រង់​ចាត់​ទុក​ពួក​គេ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ ជា​«ទីគាប់​ចិត្ត»​ណាស់។ (ហាកាយ ២:⁠៧) ទំនាយ​ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​ចាត់​ទុក​ពួក​បែប​នេះ ថា​បាន​ត្រូវ​គូស​ចំណាំ​ទុក ដើម្បី​ឲ្យ​មាន​ជីវិត​គង់​វង់​ពី​ការ​ជំនុំជំរះ​របស់​ទ្រង់ ដែល​នឹង​ធ្លាក់​មក​លើ​របប​លោកីយ៍​ដ៏​អាក្រក់​ក្នុង​ពេល​ឆាប់⁠ៗនេះ។ (អេសេគាល ៩:​១-៦; ម៉ាឡាគី ៣:​១៦, ១៨) តើ​អ្នក​នឹង​«ត្រូវ​បាន​ជីវិត​អស់កល្ប​ជានិច្ច»​ឬ​ទេ? (កិច្ចការ ១៣:⁠៤៨) តើ​ជា​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ឬ ដើម្បី​ឲ្យ​បាន​គូស​សម្គាល់​ទុក​ជា​អ្នក​បំរើ​ព្រះ? ការ​ថ្វាយ​ខ្លួន​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​ជា​គំនូស​សម្គាល់​មួយ​ផ្នែក​នោះ ហើយ​ជា​ការ​សំខាន់​ជា​ចាំបាច់​ដើម្បី​ឲ្យ​បាន​ជីវិត​គង់​វង់។

២២​. តើ​សេចក្ដី​សង្ឃឹម​អ្វី​ដែល​«ពួក​ហ្វូង​ធំ»​រង់ចាំ​ទទួល?

២២ ក្រោយ​ពី​ទឹក​ជំនន់​ជន់​លិច​ពិភពលោក ណូអេ​និង​គ្រួសារ​របស់​លោក បាន​ចេញ​ពី​ទូក​នោះ​មក​ឯ​លើ​ផែនដី​ដែល​បាន​ត្រូវ​សំអាត។ សព្វ​ថ្ងៃ​នេះ​ក៏​ស្រដៀង​គ្នា​ដែរ «ពួក​ហ្វូង​ធំ»​ដែល​អនុវត្ត​តាម​ចំណេះ​អំពី​ព្រះ​ក្នុង​ជីវិត​របស់​គេ ហើយ​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា មាន​សង្ឃឹម​អាច​រស់​រាន​មាន​ជីវិត​ឆ្លង​ផុត​ទីបញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ហើយ​និង​បាន​សប្បាយ​នឹង​ជីវិត​អស់កល្ប​ជានិច្ច លើ​ផែនដី​ដែល​បាន​ត្រូវ​សំអាត​ចេញ​ជា​អចិន្ត្រៃយ៍។ (វិវរណៈ ៧:​៩, ១៤) តើ​ជីវិត​នោះ​នឹង​បាន​ដូច​ជា​យ៉ាង​ណា​ទៅ?

សាកល្បង​ចំណេះ​របស់​អ្នក

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ប្រើចំណេះ​របស់​អ្នក​អំពី​ទ្រង់?

តើ​មាន​ជំហាន​ណា​ខ្លះ​ដែល​នាំ​ទៅ​ដល់​ពិធី​បុណ្យ​ជ្រមុជ​ទឹក?

ហេតុ​អ្វី​ក៏​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​ជា​ទីបញ្ចប់ តែ​ជា​ទី​ចាប់​ផ្ដើម​វិញ?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​រស់​នៅ​ស្រប​តាម​ការ​ថ្វាយ​ខ្លួន​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង?

[រូបភាព​នៅ​ទំព័រ​១៧២]

តើ​អ្នក​បាន​ថ្វាយ​ខ្លួនទៅ​ព្រះ​ក្នុង​សេចក្ដី​អធិស្ឋាន​ហើយ​ឬ?

[រូបភាព​នៅ​ទំព័រ​១៧៤]

តើ​អ្វី​ឃាត់​ឃាំង​មិន​ឲ្យ​អ្នក​ធ្វើ​បុណ្យជ្រមុជ​ទឹក?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក