បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ៣ ទំ. ១៧-២០
  • ការផ្ដើមវាចាដែលមានប្រសិទ្ធភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្ដើមវាចាដែលមានប្រសិទ្ធភាព
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ៣ ទំ. ១៧-២០

ចំណុច​ហាត់​រៀន​ទី៣

ការ​ផ្ដើម​វាចា​ដែល​មាន​ប្រសិទ្ធភាព

១ ធ្វើ​ឲ្យ​ចាប់​អារម្មណ៍: ការ​ផ្ដើម​វាចា​នៃ​សុន្ទរកថា​គប្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​ប្រធាន​សុន្ទរកថា។ ការ​ផ្ដើម​វាចា​គួរ​តែ​ទាក់ទាញ​ស្មារតី​របស់​អ្នក​ស្ដាប់ និង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពត៌មាន​នោះ​ត​ទៅ​ទៀត។ ដើម្បី​នឹង​សម្រេច​ការ​នេះ យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​អ្នក​ស្ដាប់​ជ្រាប​ថា ប្រធាន​នេះ​មាន​តម្លៃ​មែន។

២ វិធី​មួយ​ដ៏​ប្រសើរ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​សុន្ទរកថា គឺ​ត្រូវ​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា​ពត៌មាន​នេះ​គឺ​មាន​សារៈ​សំខាន់​ចំពោះ​ពួក​គេ ដែល​ទាក់ទង​នឹង​ជីវិត​រស់​នៅ​របស់​ពួក​គេ។ អាស្រ័យ​ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​គិត​អំពី​កំរិត​យល់​ដឹង​របស់​អ្នក​ស្ដាប់។ នេះ​បាន​ន័យ​ថា អ្វី​ដែល​យើង​និយាយ​គួរ​តែ​ស្រប​តាម​ចំណេះ​ដឹង​ទូទៅ​របស់​អ្នក​ស្ដាប់។ យើង​អាច​ចាប់​ផ្ដើម​និយាយ​ដោយ​ប្រើ​រឿង​ប្រៀបប្រដូច ឬ​ក៏​លើក​បញ្ជាក់​ពី​បញ្ហា​ណា​មួយ ឬ​សួរ​សំនួរ​មួយ​ចំនួន​ក៏​បាន។ ប៉ុន្តែ ពត៌មាន​នោះ​គួរ​ជា​អ្វី​ដែល​អ្នក​ស្ដាប់​ធ្លាប់​ស្គាល់​ហើយ ដើម្បី​ឲ្យ​ពួក​គេ​យល់​ច្បាស់ ហើយ​អាច​ចេះ​អនុវត្ត​តាម​ពត៌មាន​នោះ​ដោយ​ខ្លួន​ឯង​ផង​ដែរ។

៣ ក្នុង​ករណី​ខ្លះ យើង​ប្រហែល​ជា​ត្រូវ​និយាយ​បែប​ណា​ដើម្បី​កុំ​ឲ្យ​អ្នក​ស្ដាប់​ប្រកាន់​យើង។ យើង​ប្រាកដ​ជា​ត្រូវ​ធ្វើ​ដូច្នេះ​មែន ប្រសិន​បើ​យើង​ពិគ្រោះ​អំពី​ប្រធាន​ដែល​មនុស្ស​ចូល​ចិត្ត​ប្រឈ្លោះ​ជជែក​រក​ខុសត្រូវ។ ក្នុង​ករណី​បែប​នេះ ការ​ផ្ដើម​វាចា​យ៉ាង​ល្អ​គឺ​ចាំបាច់​ណាស់​បើ​យើង​ចង់​ឲ្យ​អ្នក​ស្ដាប់​នៅ​ចាប់​អារម្មណ៍​ត​ទៅ​ទៀត ទាល់តែ​យើង​អាច​បកស្រាយ​ដោយ​ប្រសិទ្ធភាព​នូវ​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល។ ក្នុង​កិច្ច​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​អាច​យក​ឈ្នះ​លើ​សំដី​ដែល​តែង​តែ​រារាំង​ការ​សន្ទនា ដោយ​ប្រើ​ពាក្យ​សំដី​នោះ​យ៉ាង​ប៉ិនប្រសប់​ជា​មុន ហើយ​ក្រោយ​មក​អាច​ពិគ្រោះ​ពត៌មាន​ណា​ផ្សេង​ទៀត​តាម​បំណង​របស់​យើង។

៤ អ្វី​ដែល​យើង​និយាយ គឺ​មាន​សារៈ​សំខាន់​ជានិច្ច។ ប៉ុន្តែ ដើម្បី​ឲ្យ​ការ​ផ្ដើម​វាចា​ចាប់​អារម្មណ៍ នោះ​របៀប​ដែល​យើង​និយាយ​គឺ​ប្រហែល​ជា​សំខាន់​ជាង​ផ្នែក​ផ្សេងៗទៀត​ក្នុង​សុន្ទរកថា។ អាស្រ័យ​ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​រៀបចំ​ការ​ផ្ដើម​វាចា​ទុក​ជា​មុន​ឲ្យ​បាន​ហ្មត់ចត់ មិន​គ្រាន់​តែ​អ្វី​ដែល​យើង​នឹង​និយាយ​ប៉ុណ្ណោះ​ទេ តែ​របៀប​ដែល​ត្រូវ​ថ្លែង​ពត៌មាន​នោះ​ផង​ដែរ។

៥ ជា​ធម្មតា ប្រយោគ​ខ្លី​ហើយ​ស្រួល​យល់​អាច​ធ្វើ​ឲ្យ​ការ​ផ្ដើម​វាចា​មាន​ប្រសិទ្ធភាព​បាន​យ៉ាង​ល្អ។ ដោយ​ព្រោះ​ការ​ផ្ដើម​វាចា​មាន​រយៈ​ពេល​ខ្លី​នោះ ការ​ជ្រើស​យក​ពាក្យ​គឺ​សំខាន់​ណាស់​ដើម្បី​សម្រេច​គោល​ដៅ​ក្នុង​ការ​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​រៀបចំ​ពីរបី​ប្រយោគ​មុន​គេ​បង្អស់​ដោយ​ផ្ចិតផ្ចង់។ សរសេរ​ប្រយោគ​ទាំង​នោះ​ក្នុង​កំណត់​របស់​ខ្លួន ដើម្បី​ឲ្យ​អាន​ឬ​ទន្ទេញ​ចាំ។ ទង្វើ​នេះ​នឹង​ជួយ​ឲ្យ​ពាក្យ​ផ្ដើម​មាន​ប្រសិទ្ធភាព​ខ្ពស់​តាម​បែប​ដែលសម​គួរ។ ម្យ៉ាង​ទៀត នេះ​នឹង​ជួយ​យើង​មាន​ទំនុក​ចិត្ត​ពេល​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា ក៏​នឹង​ហុច​ឱកាស​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ដើម្បី​និយាយ​ជា​បន្ត​ដោយ​មិន​ចាំបាច់​មើល​កំណត់​ច្រើន។

៦ យើង​សូម​បន្ថែម​យោបល់​ខ្លះៗស្តី​អំពី​ការ​ផ្ដើម​វាចា តែ​អ្នក​ជូន​ឱវាទ​នឹង​មិន​ពិនិត្យ​មើល​ចំណុច​ដែល​បាន​រៀប​រាប់​នៅ​ខាង​ក្រោម​នេះ​ទេ។ ប្រសិន​បើ​មាន​អារម្មណ៍​ភ័យ ចូរ​និយាយ​យឺតៗនិង​ដោយ​បន្ទន់​សម្លេង។ សូម​និយាយ​ដោយ​ទំនុក​ចិត្ត តែ​ប្រយ័ត្ន​កុំ​ឲ្យ​មើល​ទៅ​ដូច​ជា​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ដាក់​គេ​នោះ​ឡើយ។ បើ​ដូច្នេះ​មែន នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​ចាប់​អារម្មណ៍​តាំង​ពី​ដំបូង​ទៅ​ហើយ។

៧ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​បំផុត យើង​គួរ​រៀបចំ​ការ​ផ្ដើម​វាចា​ក្រោយ​ពី​បាន​រៀបចំ​តួ​សេចក្ដី​រួច​ហើយ ទោះបី​ការ​ផ្ដើម​វាចា​ជា​អ្វី​ដែល​យើង​ថ្លែង​មុន​គេ​បង្អស់​ក៏​ដោយ។ នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ថ្លែង​ដឹង​ថា គាត់​គួរ​តែ​និយាយ​អ្វី​ដើម្បី​ផ្ដើម​វាចា​យ៉ាង​សមរម្យ​តាម​ពត៌មាន​ដែល​បាន​រៀបចំ​នោះ។

**********

៨ សម​នឹង​គោល​រឿង: ការ​ផ្ដើម​វាចា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដៅ​បញ្ជាក់​ពី​ប្រធាន​បាន លុះ​ត្រា​តែ​សម​នឹង​គោល​រឿង។ យើង​ត្រូវ​ប្រយ័ត្ន​ពេល​រៀបចំ​ការ​ផ្ដើម​វាចា ដោយ​ប្រើ​តែ​ចំណុច​ណា​ដែល​ទាក់ទង​នឹង​គោល​បំណង​នៃ​សុន្ទរកថា​ប៉ុណ្ណោះ។ ប្រាកដ​ហើយ អ្វី​ដែល​យើង​និយាយ​ក្នុង​ការ​ផ្ដើម​វាចា​គួរ​មាន​ភាព​សមរម្យ​ថ្លៃថ្នូរ​នឹង​សារ​ព្រះ​រាជាណាចក្រ ដោយ​មិន​មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ថ្មី​ក្នុង​ចំណោម​អ្នក​ស្ដាប់​អាក់អន់​ចិត្ត​ឡើយ។

៩ ការ​ផ្ដើម​វាចា​មិន​គ្រាន់​តែ​ដៅ​បញ្ជាក់​ពី​ប្រធាន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់​នូវ​ទិដ្ឋភាព​ណា​មួយ​ក្នុង​ពត៌មាន​ដែល​យើង​ថ្លែង។ នេះ​បាន​សេចក្ដី​ថា យើង​ត្រូវ​កំណត់​ប្រធាន​ឲ្យ​ស្រប​ទៅ​តាម​គោល​រឿង​ជាក់លាក់​មួយ។ រួច​មក សូម​បញ្ជាក់​ពី​គោល​រឿង​នោះ​យ៉ាង​ច្រើន តាម​របៀប​ផ្សេងៗក្នុង​ការ​ផ្ដើម​វាចា។ ទោះ​បើ​យើង​មិន​ប្រើ​គោល​រឿង​ចំៗក្ដី ក្នុង​ករណី​ខ្លះ​យើង​អាច​ប្រើ​ពាក្យ​គន្លឹះ​ឬ​ពាក្យ​សំខាន់ៗក្នុង​ការ​ផ្ដើម​វាចា​នោះ។ តាម​របៀប​នេះ អ្នក​ស្ដាប់​នឹង​មិន​ស្មាន​ថា យើង​នឹង​ថ្លែង​អំពី​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ប្រធាន​នោះ​ឡើយ។

១០ សាច់​រឿង​ក្នុង​សុន្ទរកថា​គប្បី​ស៊ី​គ្នា​ទាំង​មូល មិន​មែន​មាន​សេចក្ដី​ផ្ដើម​ម្យ៉ាង និង​មាន​សេចក្ដី​បញ្ចប់​ផ្សេង ឬ​ឥត​ចុង​ឥត​ដើម​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​មាន​តុល្យភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ផ្ដើម​វាចា​មាន​ភាព​សម​នឹង​គោល​រឿង ព្រម​ទាំង​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​មិន​គួរ​លះ​ចោល​គោល​រឿង​នៃ​សុន្ទរកថា ដោយ​ព្រោះ​ចង់​ថ្លែង​ប្រាប់​រឿង​ពីរោះ​ស្ដាប់​ដែល​ប្រាស​ចាក​ពី​ប្រធាន​ពេល​ផ្ដើម​វាចា​នោះ​ឡើយ។ ការ​ជ្រើសរើស​ពត៌មាន​ថ្លែង​នោះ គឺ​ស្រេច​នឹង​គោល​បំណង​នៃ​សុន្ទរកថា។ ហើយ​ពត៌មាន​នោះ​ត្រូវ​ស៊ី​គ្នា​និង​ទាក់ទង​គ្នា​យ៉ាង​ហូរហែ​ជា​មួយ​នឹង​តួ​សេចក្ដី។

**********

១១ មាន​ប្រវែង​ត្រឹម​ត្រូវ: តើ​ការ​ផ្ដើម​វាចា​ត្រូវ​មាន​ប្រវែង​ប៉ុន្មាន? យើង​មិន​អាច​ឆ្លើយ​ជាក់លាក់​ត្រូវ​នឹង​ស្ថានការណ៍​ទាំង​អស់​ទេ។ ប្រវែង​នៃ​ការ​ផ្ដើម​វាចា គឺ​អាស្រ័យ​នឹង​ការ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិគ្រោះ​អំពី​ប្រធាន ក៏​ស្រេច​នឹង​គោល​បំណង​នៃ​សុន្ទរកថា ហើយ​ទាក់ទង​នឹង​អ្នក​ស្ដាប់​ទាំង​ឡាយ និង​រឿង​ផ្សេងៗទៀត​ស្រដៀង​នេះ​ជា​ដើម។

១២ តាម​ការ​ពិត សុន្ទរកថា​ដែល​មាន​ភាព​ជាប់​គ្នា​យ៉ាង​ហូរហែ​នោះ គឺ​ត្រូវ​ពិបាក​សម្គាល់​ថា ការ​ផ្ដើម​វាចា​ចប់​កន្លែង​ណា និង​តួ​សេចក្ដី​ចាប់​ផ្ដើម​នៅ​កន្លែង​ណា។ អ្នក​ជូន​ឱវាទ​ត្រូវ​វិនិច្ឆ័យ​រឿង​នេះ ពេល​ហាត់​លក្ខណៈ​នេះ​តាម​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ។ សិស្ស​គ្រប់​គ្នា​មាន​ពាក្យ​ផ្ដើម​ក្នុង​សុន្ទរកថា។ ប៉ុន្តែ អ្នក​ជូន​ឱវាទ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​ដូច​ត​ទៅ​ថា៖ តើ​ការ​ផ្ដើម​វាចា​មាន​ពត៌មាន​ច្រើន​ពេក វែង​ពេក ហាក់​ដូច​ជា​ឥត​ចុង​ឥត​ដើម ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​លែង​ប្រុង​ស្មារតី មុន​នឹង​បកស្រាយ​គោល​ចំណុច​ឬ?

១៣ ការ​ផ្ដើម​វាចា​គួរ​ធ្វើ​ឡើង​ដោយ​មាន​លំដាប់​លំដោយ​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​កាន់​ប្រធាន និង​មិន​បាត់​នូវ​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍។ ការ​ផ្ដើម​វាចា​ត្រូវ​ស៊ី​គ្នា​ទាំង​មូល​យ៉ាង​ហូរហែ។ នេះ​តម្រូវ​ឲ្យ​អ្នក​ថ្លែង​គិត​មើល​ឲ្យ​ជ្រៅជ្រះ​ជា​មុន​សិន។ បើ​ការ​ផ្ដើម​វាចា​មិន​ស៊ី​គ្នា​នឹង​ប្រធាន ដល់​ម្ល៉េះ​បាន​ជា​តម្រូវ​ឲ្យ​យើង​ពន្យល់​យ៉ាង​វែង​ឆ្ងាយ​ដោយ​ល្អិតល្អន់​វិញ គឺ​យក​ល្អ​ឲ្យ​យើង​រៀបចំ​ការ​ផ្ដើម​វាចា​សា​ឡើង​វិញ ហើយ​ប្រហែល​ជា​រក​ចំណុច​ដើម​ផ្សេង​ទៀត។

១៤ ការ​ផ្ដើម​វាចា​នឹង​មាន​ប្រវែង​ត្រឹម​ត្រូវ បើ​អ្នក​ស្ដាប់​ពិបាក​សម្គាល់​ថា​ការ​ផ្ដើម​វាចា​ចប់​នៅ​ពេល​ណា និង​ការ​ពន្យល់​តួ​សេចក្ដី​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ។ នេះ​បង្ហាញ​ថា យើង​បាន​និយាយ​អំពី​ប្រធាន​យ៉ាង​ល្អ​ដល់​ម្ល៉េះ បាន​ជា​អ្នក​ស្ដាប់​កំពុង​តែ​វិភាគ​មើល​ហេតុ​ផល​ដែល​យើង​បញ្ជាក់​ដោយ​ជក់​ចិត្ត​ដិត​អារម្មណ៍។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ស្ដាប់​បែរ​ជា​ឆ្ងល់​ថា តើ​យើង​នឹង​ចាប់​ផ្ដើម​បញ្ជាក់​ពី​គោល​ចំណុច​នៅ​ពេល​ណា នោះ​ការ​ផ្ដើម​វាចា​គឺ​មាន​ប្រវែង​វែង​ពេក​ហើយ។ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នេះ​ជា​ចំណុច​ខ្សោយ​មែន ដ្បិត​ប្រវែង​ការ​ផ្ដើម​វាចា​របស់​យើង​ត្រូវ​តែ​ខុសៗគ្នា​តាម​កាលៈទេសៈ​នៅ​ផ្ទះ​និ​មួយៗ។

១៥ ប្រសិន​បើ​យើង​ជា​បុគ្គល​តែ​ម្នាក់​ដែល​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី ឬ​យើង​ថ្លែង​សុន្ទរកថា​ជា​សិស្ស​ក្នុង​កម្មវិធី​សាលា នោះ​ការ​ផ្ដើម​វាចា​អាច​វែង​ជាង​ធម្មតា។ ប៉ុន្តែ បើ​យើង​ថ្លែង​សុន្ទរកថា​ចែក​ជា​ផ្នែកៗ ឬ​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​វិញ នោះ​ការ​ផ្ដើម​វាចា​អាច​បង្រួម​ឲ្យ​ខ្លី​ជាង​ហើយ​ចំៗ ពីព្រោះ​សុន្ទរកថា​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​បាន​ជំរាប​ជូន​អ្នក​ស្ដាប់​រួច​ហើយ។ ការ​ផ្ដើម​វាចា​ដែល​វែង​ហើយ​ស្មុគស្មាញ​នោះ គឺ​ខាត​បង់​ពេល​វេលា​ទទេ។ តួ​សេចក្ដី​នៃ​សុន្ទរកថា​ជា​អ្វី​ដែល​នឹង​បង្ហាញ​នូវ​ពត៌មាន​ដែល​មាន​តម្លៃ​ជា​ទីបំផុត​ចំពោះ​អ្នក​ស្ដាប់។

១៦ បើ​និយាយ​ជា​សង្ខេប ការ​ផ្ដើម​វាចា​គឺ​សំរាប់​ស្ថាបនា​មូលដ្ឋាន ទាំង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍ និង​ដៅ​បញ្ជាក់​ពី​ប្រធាន​ដែល​ត្រូវ​ពិគ្រោះ​ត​ទៅ​ទៀត។ សូម​ធ្វើ​នេះ​ឲ្យ​បាន​ឆាប់ រួច​មក​ចូរ​ពិគ្រោះ​សាច់​រឿង​ត​ទៅ​ទៀត។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​-​៣​. ក្នុង​ការ​ផ្ដើម​វាចា តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​ប្រធាន​សុន្ទរកថា?

៤​-​៦​. តើ​មាន​កត្ដា​ណា​ទៀត​ដែល​នឹង​ជួយ​ឲ្យ​ការ​ផ្ដើម​វាចា​របស់​យើង​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍?

៧​. តើ​យើង​គួរ​រៀបចំ​ការ​ផ្ដើម​វាចា​នៅ​ពេល​ណា?

៨​-​១០​. តើ​យើង​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​ការ​ផ្ដើម​វាចា​សម​នឹង​គោល​រឿង?

១១​-​១៤​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ថា ការ​ផ្ដើម​វាចា​គឺ​មាន​ប្រវែង​ត្រឹម​ត្រូវ?

១៥, ១៦​. ពេល​ដែល​ថ្លែង​សុន្ទរកថា​ចែក​ជា​ផ្នែកៗ តើ​ការ​ផ្ដើម​វាចា​ត្រូវ​មាន​ប្រវែង​ត្រឹម​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក