បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១ ទំ. ៤-១២
  • ឱវាទដែលជួយលើកទឹកចិត្ដ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឱវាទដែលជួយលើកទឹកចិត្ដ
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១ ទំ. ៤-១២

ចំណុច​ហាត់​រៀន​ទី១

ឱវាទ​ដែល​ជួយ​លើក​ទឹក​ចិត្ត

១ ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត តែង​តែ​ពឹងពាក់​ទ្រង់​ជានិច្ច​ដោយ​គ្មាន​ការ​ទើសទាល់​ដើម្បី​ទទួល​ការ​ណែនាំ​ក្នុង​ជីវិត​របស់​ពួក​គេ។ អ្នក​តែង​បទ​ទំនុកដំកើង​ក្នុង​ព្រះ​គម្ពីរ​ម្នាក់​បាន​សរសេរ​ដោយ​ទំនុក​ចិត្ត​ថា៖ «ទ្រង់​នឹង​នាំ​ទូល​បង្គំ ដោយ​ដំបូន្មាន[ឬ«ឱវាទ», ព.ថ.]របស់​ទ្រង់»។ (ទំនុក. ៧៣:២៤) យេរេមា​ក៏​បាន​ប្រើ​ពាក្យ​ទាំង​នេះ​ក្នុង​សេចក្ដី​អធិស្ឋាន​ដែល​ចេញ​ពី​ចិត្ត​របស់​គាត់​ថា៖ «គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ . . . ទ្រង់​ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឫទ្ធិ ព្រះ​នាម​ទ្រង់ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត[ឬ«ឲ្យ​ឱវាទ», ព.ថ.] ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ»។—យេ. ៣២:១៧​-​១៩

២ ពួក​គ្រីស្ទាន​ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ទទួល​ឱវាទ​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់​ដែល​មាន​ជា​លាយ​លក្ខណ៍​អក្សរ និង​តាម​រយៈ​អង្គការ​នៃ​អ្នក​បំរើ​ពិត​របស់​ទ្រង់។ ហេតុ​នេះ​ហើយ អស់​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ​ឆាប់​ទទួល​ស្គាល់​ថា ឱវាទ​ដែល​គេ​ទទួល​និង​ចិត្ត​គំនិត​របស់​អ្នក​ជូន​ឱវាទ​នោះ មាន​មូលដ្ឋាន​លើ​គោលការណ៍​ដ៏​ប្រសើរ​ក្នុង​ព្រះ​គម្ពីរ។

៣ ជូន​ឱវាទ​ជា​បន្តបន្ទាប់: ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​សិស្ស​និង​អ្នក​ត្រួត​ពិនិត្យ​សាលា​ដើម្បី​ជា​ជំនួយ។ ប័ណ្ណ​ឱវាទ​នេះ​មាន​សាមសិប​ប្រាំ​មួយ​ចំណុច ដែល​នឹង​ជួយ​សិស្ស​ទាំង​ឡាយ​ឲ្យ​បណ្ដុះ​បណ្ដាល​សមត្ថភាព​ក្នុង​ការ​ពន្យល់​នូវ​សេចក្ដី​ពិត​ដោយ​ប្រសិទ្ធភាព។ ពត៌មាន​ដែល​ជួយ​ពន្យល់​អំពី​ចំណុច​និ​មួយៗ គឺ​មាន​ក្នុង​ចំណុច​ហាត់​រៀន​ទី២​រហូត​ដល់​ចំណុច​ហាត់​រៀន​ទី១​៨​នៃ​កូន​សៀវភៅ​នេះ ហើយ​ចំណុច​ហាត់​រៀន​និ​មួយៗត្រូវ​សម្គាល់​ដោយ​លេខ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ។ ចំណុច​ហាត់​រៀន​ទាំង​ប៉ុន្មាន​នេះ ត្រូវ​បាន​រៀបចំ​ដើម្បី​ប្រើ​ជា​មួយ​នឹង​ប័ណ្ណ​ឱវាទ។ ក្នុង​ករណី​ភាគ​ច្រើន ចំណុច​ហាត់​និយាយ​ពីរ​ឬ​បី​ដែល​ទាក់ទង​គ្នា​ត្រូវ​រួម​បញ្ចូល​ក្នុង​ចំណុច​ហាត់​រៀន​តែ​មួយ ដោយ​ដឹង​ថា​គឺ​ជា​ការ​ល្អ​បើ​ហាត់​ចំណុច​ទាំង​ប៉ុន្មាន​នោះ​ជា​មួយ​គ្នា។

៤ យក​ល្អ​ឲ្យ​អស់​អ្នក​ដែល​ទើប​តែ​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា រៀបចំ​យ៉ាង​ដិត​ដល់​ដោយ​គិត​ពី​ចំណុច​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ។ សុន្ទរកថា​ទី​មួយ​របស់​សិស្ស​ថ្មី​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ នោះ​អ្នក​ត្រួត​ពិនិត្យ​សាលា(ឬ​ក៏​អ្នក​ជូន​ឱវាទ​ម្នាក់​ទៀត ប្រសិន​បើ​មាន​សិស្ស​ច្រើន) នឹង​សរសើរ​សិស្ស​ស្តី​អំពី​ចំណុច​ដែល​គាត់​ហាត់​បាន​ល្អ។ បន្ទាប់​ពី​នោះ អ្នក​ជូន​ឱវាទ​នឹង​ផ្ដោត​អារម្មណ៍​ជា​បណ្ដើរៗទៅ​លើ​ចំណុច​ឱវាទ​និ​មួយៗ ដែល​សិស្ស​នោះ​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ ដើម្បី​បង្កើន​សមត្ថភាព​និយាយ​របស់​គាត់។ អ្នក​ជូន​ឱវាទ​ក៏នឹង​កំណត់​ចំណុច​ណា​មួយ​ឲ្យ​សិស្ស​ហាត់​ក្នុង​សុន្ទរកថា​របស់​គាត់​លើក​ក្រោយ។ អ្នក​ជូន​ឱវាទ​នឹង​ជំរាប​ប្រាប់​សិស្ស​ម្នាក់ៗ ពេល​ដែល​សិស្ស​មាន​សមត្ថភាព​បន្ត​ហាត់​ចំណុច​ផ្សេង​ទៀត​លើ​ប័ណ្ណ​ឱវាទ។

៥ សិស្ស​ខ្លះ​ប្រហែល​ជា​មាន​ជំនឿន​យ៉ាង​លឿន រីឯ​សិស្ស​ផ្សេង​ទៀត​ប្រហែល​ជា​ត្រូវ​ហាត់​ចំណុច​មួយ​ម្ដងៗ ជាជាង​ខំ​ហាត់​ចំណុច​ទាំង​អស់​ដែល​មាន​ក្នុង​ចំណុច​ហាត់​រៀន​មួយ។ តាម​ពិត ពេល​ហាត់​ចំណុច​មួយ​ដ៏​ពិបាក យក​ល្អ​ប្រសិន​បើ​សិស្ស​ខ្លះ​ត្រូវ​ថ្លែង​សុន្ទរកថា​បី​បួន​ដង ដើម្បី​ឲ្យ​ចេះ​ស្ទាត់​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ណា​មួយ​នោះ មុន​ដែល​គាត់​បន្ត​ហាត់​ចំណុច​មួយ​ទៀត។

៦ ឱវាទ​ដែល​ត្រូវ​ជូន​បន្ទាប់​ពី​សិស្ស​ថ្លែង​សុន្ទរកថា​ចប់​ហើយ​នោះ គួរ​និយាយ​ដោយ​ស្លូតបូត និង​ប្រាប់​ដោយ​មាន​បំណង​ជួយ​សិស្ស​ឲ្យ​បន្ត​បង្កើន​សមត្ថភាព​និយាយ។ ក៏​ប៉ុន្តែ ឱវាទ​ណា​ដែល​ត្រូវ​ជូន​ដល់​អ្នក​ថ្លែង​សុន្ទរកថា​បង្ហាត់​បង្ហាញ ឬ​ក៏​អ្នក​ថ្លែង​សុន្ទរកថា​គោល​សំខាន់ៗពី​អំនាន​ព្រះ​គម្ពីរ ត្រូវ​ជូន​ដោយ​ឡែក​ក្រោយ​ពេល​ដែល​សាលា​ចប់​ហើយ។ អ្នក​ថ្លែង​នេះ​គួរ​ទទួល​ឱវាទ ជា​ពិសេស​ប្រសិន​បើ​គាត់​និយាយ​លើស​ពេល​កំណត់​នោះ។ អ្នក​ថ្លែង​សុន្ទរកថា​បង្ហាត់​បង្ហាញ​គួរ​សង្វាត​ព្យាយាម​ថ្លែង​សុន្ទរកថា​ជា​គំរូ រីឯ​ឱវាទ​ដែល​ជូន​ឲ្យ​ដោយ​ឡែក​ប្រហែល​ជា​មិន​ចាំបាច់​ទេ។

៧ តាម​ធម្មតា អ្នក​ជូន​ឱវាទ​នឹង​ឲ្យ​ឱវាទ​សិស្ស​ស្តី​អំពី​ចំណុច​ដែល​បាន​កំណត់​ឲ្យ​គាត់​ហាត់​តាំង​ពី​លើក​មុន។ ពិត​មែន ប្រសិន​បើ​សុន្ទរកថា​មាន​លក្ខណៈ​ផ្សេង​ទៀត​ដែល​ល្អ​គួរ​កត់​សម្គាល់​នោះ អ្នក​ជូន​ឱវាទ​អាច​បញ្ជាក់​ពី​ចំណុច​នោះ​ដែរ​ពេល​សរសើរ​សិស្ស ក៏​ប៉ុន្តែ គាត់​នឹង​មិន​កត់​ចំណុច​នោះ​លើ​ប័ណ្ណ​ឱវាទ​ទេ។ អ្នក​ជូន​ឱវាទ​អាច​កត់​លើ​ប័ណ្ណ​ឱវាទ​ដូច​ត​ទៅ៖ «ហ» (ហាត់​ចំណុច​នេះ) ពេល​ដែល​មាន​ប្រយោជន៍​ឲ្យ​សិស្ស​ហាត់​ថែម​ទៀត​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ណា​មួយ។ «ច» (ចំរើន) ពេល​ដែល​សិស្ស​បាន​ហាត់​ចំណុច​នេះ​ម្ដង​រួច​ហើយ និង​បង្ហាញ​នូវ​ភាព​ចំរើន​មែន ប៉ុន្តែ គាត់​អាច​ទទួល​ប្រយោជន៍​ពី​ការ​ហាត់​ចំណុច​នេះ​ម្ដង​ទៀត។ «ល» (ល្អ) ពេល​ចំណុច​ដែល​ត្រូវ​ហាត់​នោះ​បាន​ធ្វើ​យ៉ាង​ល្អ​ល្មម​ឲ្យ​បន្ត​ហាត់​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ផ្សេង​ទៀត​នៅ​សុន្ទរកថា​លើក​ក្រោយ​សំរាប់​សាលា។ ពេល​ដែល​សិស្ស​ម្នាក់​មាន​សុន្ទរកថា​ជា​អំនាន នោះ​អ្នក​ជូន​ឱវាទ​នឹង​ឲ្យ​ឱវាទ​អំពី​ចំណុច​ដែល​សម​ស្រប​ល្អ​បំផុត​នឹង​សុន្ទរកថា​បែប​នេះ។

៨ អ្នក​ត្រួត​ពិនិត្យ​សាលា​ត្រូវ​ប្រើ​សមត្ថភាព​វិនិច្ឆ័យ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ឱវាទ​មាន​ប្រសិទ្ធភាព​ច្រើន​បំផុត។ ប្រសិន​បើ​អ្នក​ថ្លែង​គឺ​ជា​សិស្ស​ថ្មី អ្វី​ដែល​សិស្ស​នោះ​ត្រូវ​ការ​ច្រើន​ជាង​គេ​គឺ​ការ​លើក​ទឹក​ចិត្ត។ សិស្ស​ឯ​ទៀត​ដែល​មាន​សកម្មភាព​ក្នុង​សាលា​យូរ​ជាង ប្រហែល​ជា​សង្វាត​ព្យាយាម​ក្នុង​ការ​រៀបចំ​សុន្ទរកថា ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​លក្ខណៈ​នៃ​ការ​និយាយ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​គាត់​ហាត់ ក៏​ប៉ុន្តែ​ប្រហែល​ជា​គាត់​មាន​សមត្ថភាព​ឥត​ពេញ​បរិបូរ។ ក្នុង​ករណីបែប​នេះ ប្រសិន​បើ​សិស្ស​នោះ​បាន​សម្ដែង​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ណា​មួយ សូម្បី​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ អ្នក​ត្រួត​ពិនិត្យ​សាលា​អាច​កត់«ល»លើ​ប័ណ្ណ​ឱវាទ និង​ឲ្យ​សិស្ស​នោះ​ហាត់​ចំណុច​មួយ​ទៀត ដែល​ត្រូវ​ការ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់។

៩ ម្យ៉ាង​វិញ​ទៀត អ្នក​ថ្លែង​ម្នាក់​ទៀត​ប្រហែល​ជា​មាន​បទពិសោធន៍​ច្រើន​ជាង ឬ​ក៏​មាន​សមត្ថភាព​យ៉ាង​ពេញ​បរិបូរ ក៏​ប៉ុន្តែ ដោយសារ​គាត់​ជាប់​មាន​ការ គាត់​ប្រហែល​ជា​មិន​បាន​ឆ្លៀត​ពេល​សិក្សា​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​គាត់​ហាត់​នោះ​ទេ ហើយ​ជា​លទ្ធផល​គាត់​ក៏​ថ្លែង​មិន​បាន​ល្អ​បំផុត​តាម​សមត្ថភាព។ ក្នុង​ករណី​បែប​នេះ គឺ​ជា​ការ​បង្អាក់​ដល់​ការ​រីក​ចំរើន​របស់​សិស្ស​នោះ​វិញ ប្រសិន​បើ​អ្នក​ត្រួត​ពិនិត្យ​សាលា​កត់«ល»លើ​ប័ណ្ណ​ឱវាទ និង​ប្រាប់​ឲ្យ​គាត់​ហាត់​ចំណុច​ផ្សេង​ទៀត​ជា​បន្ត​នោះ។ ប្រសិន​បើ​សុន្ទរកថា​នោះ​មិន​បាន​ធ្វើ​យ៉ាង​ល្អ​ពេញលេញ​តាម​លក្ខណៈ​នៃ​ការ​និយាយ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ទេ នោះ​អ្នក​ជូន​ឱវាទ​អាច​កត់«ហ»(ហាត់​ចំណុច​នេះ) និង​សូម​ជួយ​សិស្ស​នោះ​ឲ្យ​រីក​ចំរើន។ តាម​របៀប​នេះ សិស្ស​នានា​ត្រូវ​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​សុន្ទរកថា​និ​មួយៗជា​ឈ្នាន់​ដើម្បី​បង្កើន​សមត្ថភាព​ជា​អ្នក​ថ្លែង មិន​គ្រាន់​តែ​ថ្លែង​ដើម្បី​បំពេញ​ភារកិច្ច​ឲ្យ​តែ​បាន​រួច​នោះ​ទេ។

១០ សូម​ចង​ចាំ​ថា ការ​បង្ហាត់​បង្រៀន​ខាង​ការ​និយាយ​នោះ គឺ​ដើម្បី​ឲ្យ​យើង​មាន​ជំនឿន​ទៅ​មុខ​ជានិច្ច។ កុំ​សង្ឃឹម​ថា អ្នក​នឹង​ក្លាយ​ជា​អ្នក​ថ្លែង​ដ៏​ចំណាន​ម្នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ឡើយ។ នេះ​អាច​កើត​ឡើង​ជា​បណ្ដើរៗ ក៏​ប៉ុន្តែ អ្នក​អាច​ជឿន​ទៅ​មុខ​កាន់​តែ​លឿន​ឡើង​ដោយ​ការ​សង្វាត​ព្យាយាម។ ប្រសិន​បើ​អ្នក​សញ្ជឹង​គិត​អំពី​យោបល់​ដែល​ត្រូវ​ជូន​ក្នុង​កម្មវិធី​បង្ហាត់​បង្រៀន​ផ្នែក​ការ​និយាយ​នេះ ថែម​ទាំង​ជក់​ស្លុង​ក្នុង​ការ​រៀបចំ​សុន្ទរកថា​របស់​អ្នក នោះ​មិន​យូរ​ក្រោយ​មក អ្នក​នឹង​ស​ឲ្យ​អ្នក​ដទៃ​ឃើញ​នូវ​ជំនឿន​របស់​អ្នក។—១ធី. ៤:១៥

១១ អ្នក​ជូន​ឱវាទ: អ្នក​ត្រួត​ពិនិត្យ​សាលា​គួរ​សិក្សា​យ៉ាង​ហ្មត់ចត់​នូវ​សាច់​រឿង​សំរាប់​សិក្សា​ប្រចាំ​សប្ដាហ៍ ដើម្បី​មាន​សមត្ថភាព​សម្រេច​ថា តើ​បាន​ពន្យល់​ពត៌មាន​នោះ​យ៉ាង​ល្អ​ឬ ហើយ​ដើម្បី​មាន​សមត្ថភាព​កែ​នូវ​អ្វី​ដែល​មិន​បាន​ពន្យល់​ឲ្យ​ត្រឹម​ត្រូវ​វិញ។ ក៏​ប៉ុន្តែ គាត់​មិន​គួរ​រិះគន់​ហួស​ហេតុ​ពេក​នូវ​របៀប​ដែល​ត្រូវ​បកស្រាយ​ពត៌មាន​នោះ​ទេ ដល់​ម្ល៉េះ​បាន​ជា​លែង​ត្រេកអរ​នឹង​សុន្ទរកថា​នានា។ គាត់​ក៏​គួរ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ពិត​ដែល​ត្រូវ​ថ្លែង​ប្រាប់​នោះ​ផង​ដែរ។

១២ តាម​ធម្មតា ក្នុង​ការ​ជូន​ឱវាទ គាត់​ចាប់​ផ្ដើម​ដោយ​ពាក្យ​សរសើរ​នូវ​ការ​ខិតខំ​របស់​សិស្ស​នោះ។ ក្រោយ​មក គាត់​នឹង​ពន្យល់​ពី​ចំណុច​លើ​ប័ណ្ណ​ឱវាទ​ដែល​អ្នក​ថ្លែង​នោះ​កំពុង​តែ​ហាត់។ ប្រសិន​បើ​សិស្ស​ត្រូវ​ការ​ហាត់​ចំណុច​នោះ​ជា​បន្ថែម អ្នក​ជូន​ឱវាទ​គួរ​ដាក់​ទម្ងន់​ទៅ​លើ​របៀប​ដែល​អ្នក​ថ្លែង​អាច​ហាត់​ចំណុច​នោះ​ឲ្យ​បាន​ល្អ​ជាង ជាជាង​បញ្ជាក់​យ៉ាង​ច្រើន​អំពី​ភាព​ខ្សោយ​របស់​អ្នក​ថ្លែង។ ដូច្នេះ ឱវាទ​ដែល​គាត់​ឲ្យ​នោះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ថ្លែង។

១៣ បើ​គ្រាន់​តែ​ប្រាប់​អ្នក​ថ្លែង​ថា គាត់​ថ្លែង​បាន​ល្អ ឬ​ក៏​ប្រាប់​គាត់​ថា គាត់​ត្រូវ​ហាត់​លក្ខណៈ​នៃ​ការ​និយាយ​ណា​មួយ​ម្ដង​ទៀត នោះ​គឺ​មិន​គ្រប់គ្រាន់​ទេ។ ពិត​ជា​មាន​ប្រយោជន៍ ប្រសិន​បើ​អ្នក​ជូន​ឱវាទ​ពន្យល់​ពី​មូលហេតុ​ដែល​សុន្ទរកថា​នោះ​គឺ​ល្អ ឬ​ក៏​មូលហេតុ​ដែល​ត្រូវ​ហាត់​ចំណុច​នោះ​ម្ដង​ទៀត​ឲ្យ​ល្អ​ជាង និង​របៀប​ហាត់​ឲ្យ​ល្អ​ជាង។ បន្ថែម​ទៅ​ទៀត គឺ​មាន​ប្រយោជន៍​ប្រសិន​បើ​អ្នក​ជូន​ឱវាទ​បញ្ជាក់​ពី​មូលហេតុ​ដែល​លក្ខណៈ​នៃ​ការ​និយាយ​ដែល​កំពុង​ត្រូវ​ពិភាក្សា​នោះ គឺ​សំខាន់​ចាំបាច់​ក្នុង​កិច្ចបំរើ​ផ្សាយ ឬ​ក្នុង​កិច្ច​ប្រជុំ​ក្រុមជំនុំ។ នេះ​នឹង​បណ្ដាល​ឲ្យ​សិស្ស​ត្រេកអរ​នឹង​ចំណុច​នោះ ថែម​ទាំង​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ហាត់​ចំណុច​នោះ​ផង​ដែរ។

១៤ អ្នក​ជូន​ឱវាទ​មិន​មាន​មុខ​ងារ​សើរើ​ឡើង​វិញ​នូវ​សាច់​រឿង​នៃ​សុន្ទរកថា​របស់​សិស្ស​នានា​នោះ​ទេ។ គាត់​គួរ​ជូន​ឱវាទ​ដោយ​និយាយ​យ៉ាង​ខ្លី​និង​ចំៗ ទាំង​ដាក់​កំណត់​ពេល​តែ​មួយ​នាទី​សំរាប់​សុន្ទរកថា​សិស្ស​ម្នាក់ៗ។ បើ​ធ្វើ​ដូច្នេះ ឱវាទ​និង​យោបល់​គឺ​មិន​ជា​ស្មុគស្មាញ​ពិបាក​យល់ ដោយសារ​គាត់​និយាយ​ច្រើន​ពេក​នោះ​ឡើយ។ ម្យ៉ាង​ទៀត យក​ល្អ​គាត់​ណែនាំ​សិស្ស​ឲ្យ​មើល​ទំព័រ​ណា​ក្នុង​កូន​សៀវភៅ​នេះ ដែល​មាន​ពត៌មាន​បន្ថែម​អំពី​ចំណុច​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ។

១៥ កំហុស​បន្ដិច​បន្តួច​ខាង​ការ​បញ្ចេញ​សម្លេង​និង​វេយ្យាករណ៍ មិន​មែន​ជា​លក្ខណៈ​សំខាន់ៗដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ជូន​ឱវាទ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឥទ្ធិពល​នៃ​សុន្ទរកថា​របស់​អ្នក​ថ្លែង​នោះ។ តើ​ពត៌មាន​នោះ​មាន​ប្រយោជន៍​និង​ជួយ​ឲ្យ​យល់​ដឹង​ទេ? តើ​សុន្ទរកថា​នោះ​បាន​រៀបចំ​យ៉ាង​ល្អ​និង​ស្រួល​ស្ដាប់​ទេ? តើ​សិស្ស​ថ្លែង​ដោយ​ចិត្ត​ស្មោះសរ អស់​ពី​ចិត្ត និង​តាម​របៀប​ដែល​គួរ​ឲ្យ​ជឿ​ទេ? តើ​ទឹក​មុខ​និង​កាយវិការ​របស់​គាត់​បង្ហាញ​ថា គាត់​ពិត​ជា​ជឿ​អ្វី​ដែល​គាត់​កំពុង​តែ​និយាយ ដោយ​ខំ​ប្រឹង​ពន្យល់​សេចក្ដី​ពិត​ឲ្យ​បាន​ច្បាស់ ជាជាង​ខំ​ប្រឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កោត​សរសើរ​ខ្លួន​នោះ? ប្រសិន​បើ​សិស្ស​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អ​នឹង​ចំណុច​សំខាន់ៗទាំង​នេះ នោះ​អ្នក​ស្ដាប់​នឹង​មិន​ចាប់​អារម្មណ៍​លើ​កំហុស​បន្ដិច​បន្តួច​ក្នុង​ការ​បញ្ចេញ​សម្លេង​ឬ​ក៏​វេយ្យាករណ៍​នោះ​ឡើយ។

១៦ ឱវាទ​ដែល​ត្រូវ​ជូន​ក្នុង​សាលា​កិច្ចបំរើ គប្បី​ជូន​ដោយ​របៀប​ស្លូតបូត​និង​មាន​ប្រយោជន៍​ជានិច្ច។ អ្នក​ជូន​ឱវាទ​គួរ​មាន​បំណង​ចង់​ជួយ​សិស្ស។ ចូរ​ពិចារណា​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ដែល​នឹង​ទទួល​ឱវាទ​នោះ។ តើ​គាត់​ងាយ​អន់​ចិត្ត​ទេ? តើ​គាត់​បាន​រៀន​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ? តើ​មាន​មូលហេតុ​អនុគ្រោះ​ដល់​ភាព​ខ្សោយ​របស់​គាត់​ទេ? ឱវាទ​គួរ​ធ្វើ​ឲ្យ​អ្នក​ដែល​ទទួល​នោះ​មាន​អារម្មណ៍​ថា​ជួយ មិន​មែន​រិះគន់​នោះ​ទេ។ ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​យល់​ឱវាទ​នោះ និង​យល់​ថា​ឱវាទ​នោះ​គឺ​សម​ហេតុ​សម​ផល។

១៧ ការ​ទទួល​ប្រយោជន៍​ពី​ឱវាទ: ពេល​ទទួល​ភារកិច្ច​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ សូម​នឹក​ចាំ​ពី​មូលហេតុ​ដែល​អ្នក​ថ្លែង​សុន្ទរកថា ចង់​បកស្រាយ​នូវ​ពត៌មាន​ដែលជា​ការ​ណែនាំ​ហើយ​ផ្ដល់​ប្រយោជន៍​ដល់​ក្រុមជំនុំ ហើយ​អ្នក​ក៏​ចង់​បង្កើន​សមត្ថភាព​និយាយ​ផង​ដែរ។ ដើម្បី​ជោគជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ គឺ​សំខាន់​ដែល​អ្នក​ចំណាយ​ពេល​ពិនិត្យ​មើល​លក្ខណៈ​នៃ​ការ​និយាយ​ដែល​បាន​កំណត់​ឲ្យ​អ្នក​ហាត់​នោះ។ សូម​អាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ចំណុច​ហាត់​រៀន​ក្នុង​កូន​សៀវភៅ​នេះ ដែល​ទាក់ទង​នឹង​ចំណុច​ដែល​អ្នក​កំពុង​តែ​ហាត់ ដើម្បី​ដឹង​ពី​របៀប​ដែល​គួរ​រៀបចំ និង​របៀប​ប្រើ​ចំណុច​នេះ​ក្នុង​សុន្ទរកថា​របស់​អ្នក។ ដើម្បី​ជួយ​អ្នក ទិដ្ឋភាព​ដ៏​សំខាន់​ចំពោះ​លក្ខណៈ​នៃ​ការ​និយាយ​និ​មួយៗត្រូវ​សរសេរ​ជា​អក្សរ​ដិត​ក្នុង​កូន​សៀវភៅ​នេះ។ នេះ​គឺ​ជា​កត្ដា​ចំ​បង​ដែល​ត្រូវ​ពិចារណា។

១៨ ក្រោយ​ពី​អ្នក​បាន​ថ្លែង​សុន្ទរកថា​ហើយ ចូរ​ស្ដាប់​យ៉ាង​ផ្ចិតផ្ចង់​នូវ​ឱវាទ​ដែល​ត្រូវ​ជូន។ ចូរ​ទទួល​ឱវាទ​នោះ​ដោយ​រីករាយ។ ក្រោយ​មក ចូរ​ហាត់​ចំណុច​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ប្រសិន​បើ​អ្នក​ចង់​បង្កើន​សមត្ថភាព​និយាយ​យ៉ាង​លឿន នោះ​កុំ​ចាំ​ទំរាំ​ដល់​ពេល​មាន​សុន្ទរកថា​មួយ​ទៀត។ ចូរ​សិក្សា​ពត៌មាន​ក្នុង​សៀវភៅ​នេះ​ដែល​ពិគ្រោះ​នូវ​ចំណុច​ដែល​អ្នក​ត្រូវ​ហាត់​និយាយ។ ចូរ​ខិតខំ​អនុវត្ត​តាម​យោបល់​នោះ​ក្នុង​ការ​សន្ទនា​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ​ហើយ ដល់​ពេល​ដែល​អ្នក​មាន​សុន្ទរកថា​មួយ​ទៀត អ្នក​ប្រហែល​ជា​បាន​ស្ទាត់​ជំនាញ​នឹង​ចំណុច​ទាំង​ប៉ុន្មាន​នោះ​រួច​ហើយ។

១៩ សិស្ស​គ្រប់​គ្នា​គួរ​មាន​គោល​ដៅ​ចង់​រីក​ចំរើន​ជា​រៀង​រាល់​ដង​ដែល​គាត់​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​សាលា។ ពិត​មែន នេះ​តម្រូវ​ឲ្យ​អ្នក​សង្វាត​ព្យាយាម​ជានិច្ច ក៏​ប៉ុន្តែ​អ្នក​ប្រាកដ​ជា​នឹង​ទទួល​បាន​ពរ​ពី​ព្រះ​យេហូវ៉ា​ជាក់​ជា​ពុំ​ខាន។ ចំពោះ​អស់​អ្នក​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាត់​បង្រៀន​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ នោះ​ពាក្យ​ក្នុង​សុភាសិត ១៩:២០, ខ.ស. ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ពួក​គេ​ដែល​ចែង​ថា៖ «ចូរ​ស្ដាប់​ឱវាទ​និង​ទទួល​ការ​ប្រៀនប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា»។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. ហេតុ​អ្វី​ក៏​យើង​ស្វែង​រក​ឱវាទ? ហើយ​តើ​យើង​ទទួល​ឱវាទ​នេះ​ពី​ប្រភព​ណា​ខ្លះ?

៣​-​៥​. សូម​ពន្យល់​នូវ​របៀប​ដែល​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ និង​ពត៌មាន​ក្នុង​ចំណុច​ហាត់​រៀន​ទី២​ដល់​ទី១​៨ ត្រូវ​បាន​រៀបចំ​ប្រើ​ជា​មួយ​គ្នា។

៦, ៧​. តើ​អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​ជូន​ឱវាទ​អំពី​ចំណុច​ណា​ខ្លះ?

៨​-​១០​. ពេល​កត់​លើ​ប័ណ្ណ​ឱវាទ តើ​អ្នក​ត្រួត​ពិនិត្យ​សាលា​គួរ​នឹក​ចាំ​ពី​អ្វី​ខ្លះ ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បង្កើន​សមត្ថភាព​និយាយ?

១១​-​១៦​. ដើម្បី​ឲ្យ​ឱវាទ​ដែល​ជួយ​លើក​ទឹក​ចិត្ត​សិស្ស តើ​អ្នក​ជូន​ឱវាទ​គួរ​ខិតខំ​ធ្វើ​តាម​ការ​ណែនាំ​អ្វី?

១៧​-​១៩​. ដើម្បី​ឲ្យ​រីក​ចំរើន​ច្រើន​បំផុត​ជា​រៀង​រាល់​ដង​ដែល​គាត់​ថ្លែង​សុន្ទរកថា​នោះ តើ​សិស្ស​គួរ​ធ្វើ​យ៉ាង​ណា​មុន​នឹង​រៀបចំ​សុន្ទរកថា​និ​មួយៗ? ហើយ​តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា​បន្ទាប់​ពី​បាន​ថ្លែង​សុន្ទរកថា​នោះ​ចប់​ហើយ?

[តារាង​នៅ​ទំព័រ​៨, ៩]

ឱវាទ​សំរាប់​ការ​ហាត់​និយាយ

អ្នក​ថ្លែង․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

(នាម​ត្រកូល និង​នាម​ខ្លួន)

ចំណុច: ហ​-​ហាត់​ចំណុច​នេះ

ច​-​ចំរើន

ល​-​ល្អ

ថ្ងៃ​ខែ សុន្ទរកថា​លេខ

ពត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង (២)*

ច្បាស់ ហើយ​ស្រួល​យល់ (២)

ការ​ផ្ដើម​វាចា​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍ (៣)

ការ​ផ្ដើម​វាចា​ដែល​សម​នឹង​គោល​រឿង (៣)

ការ​ផ្ដើម​វាចា​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (៣)

ទំហំ​សម្លេង (៤)

ការ​ផ្អាក (៤)

លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​ព្រះ​គម្ពីរ (៥)

របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ (៥)

របៀប​បន្លឺ​សម្លេង​ក្នុង​ការ​អាន​បទ​គម្ពីរ (៦)

ការ​ពន្យល់​បទ​គម្ពីរ​ត្រូវ​ច្បាស់​លាស់ (៦)

ការ​បញ្ជាក់​ដោយ​និយាយ​សា​ឡើង​វិញ (៧)

កាយវិការ (៧)

ការ​បញ្ជាក់​គោល​រឿង (៨)

គោល​ចំណុច​ត្រូវ​បញ្ជាក់​ច្បាស់​លាស់ (៨)

ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់ (៩)

ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា (៩)

ការ​សង្កេត​មើល:

ការ​សង្កេត​មើល: ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

* លេខ​និ​មួយៗក្នុង​វង់​ក្រចក​សំដៅ​ទៅ​ចំណុច​ហាត់​រៀន​ក្នុង​កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន ដែល​ពិគ្រោះ​នូវ​លក្ខណៈ​នៃ​ការ​និយាយ​នោះ។

S-48-CB Printed in Japan

ថ្ងៃ​ខែ សុន្ទរកថា​លេខ

ការ​និយាយ​ស្ទាត់ (១០)

មាន​បែប​បទ​ជា​ការ​សន្ទនា (១០)

ការ​បន្លឺ​សូរ​ស័ព្ទ (១០)

ប្រើ​ពាក្យ​ភ្ជាប់​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា (១១)

ការ​ពន្យល់​ដែល​សម​ហេតុ​ផល (១១)

ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ (១២)

ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក (១២)

ការ​សង្កត់​សម្លេង​ឲ្យ​យល់​អត្ថន័យ (១៣)

ការ​ឡើង​ចុះ​សម្លេង (១៣)

បង្ហាញ​អារម្មណ៍​សាទរ (១៤)

ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ (១៤)

ឧទាហរណនិទស្សន៍​ត្រូវ​តាម​សាច់​រឿង (១៥)

ឧទាហរណនិទស្សន៍​ស្រប​តាម​អ្នក​ស្ដាប់ (១៥)

ប្រើ​គំនិត​ងាយ​ស្រួល​សំរាប់​ការ​ផ្សាយ (១៦)

ការ​បញ្ចប់​សមរម្យ​និង​មាន​ប្រសិទ្ធភាព (១៧)

ការ​បញ្ចប់​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (១៧)

ការ​កំណត់​ពេល (១៧)

បង្ហាញ​ទំនុក​ចិត្ត​មាំមួន និង​លក្ខណៈ​ថ្លៃថ្នូរ (១៨)

អាការ​ក្រៅ​ផ្ទាល់​ខ្លួន (១៨)

កំណត់​សំគាល់: អ្នក​ជូន​ឱវាទ​នឹង​ឲ្យ​ឱវាទ​ជាក់លាក់​ចំពោះ​សុន្ទរកថា​និ​មួយៗ។ គាត់​មិន​ចាំបាច់​ធ្វើ​តាម​ចំណុច​ជា​បន្តបន្ទាប់​ខាង​លើ​នេះ​ទេ ប៉ុន្តែ​គាត់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​ណា​ដែល​សិស្ស​នោះ​ត្រូវ​បង្កើន​សមត្ថភាព។ បើ​ត្រូវ​ការ ចន្លោះ​ទទេ​លើ​ប័ណ្ណ​ឱវាទ​នេះ​អាច​ប្រើ​សំរាប់​ជូន​ឱវាទ​ដល់​សិស្ស ស្តី​ពី​ចំណុច​ណា​ដែល​មិន​បាន​កត់​លើ​បញ្ជី​ខាង​លើ​នេះ ដែល​មាន​ដូច​ជា ការ​និយាយ​ពី​ហេតុ​ការណ៍​ពិត ការ​បន្លឺ​សម្លេង ឥរិយាបថ ការ​ជ្រើសរើស​ពាក្យ វេយ្យាករណ៍ ទម្លាប់​ប្លែក ចំណុច​ទាក់ទង​គ្នា វិធី​បង្រៀន និង​លក្ខណៈ​នៃ​សម្លេង។ អ្នក​ជូន​ឱវាទ​គួរ​គូស​រង្វង់​លើ​លក្ខណៈ​នៃ​ការ​និយាយ​ដែល​សិស្ស​ត្រូវ​ហាត់​ជា​បន្តបន្ទាប់ ពេល​សិស្ស​បាន​ហាត់​ចំណុច​មុន​ចប់​ហើយ។ លេខ​ចំណុច​ហាត់​រៀន​នេះ​ត្រូវ​កត់​លើ​ប័ណ្ណ​សុន្ទរកថា​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។ (S-89)

[តារាង​នៅ​ទំព័រ​១០, ១១]

ការ​សង្ខេប​នូវ​លក្ខណៈ​នៃ​ការ​និយាយ

ពត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង (២)

ពត៌មាន​ជាក់លាក់

នាំ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង

ពត៌មាន​ដែល​មាន​ប្រយោជន៍

ភាព​ត្រឹម​ត្រូវ​នៃ​ការ​និយាយ

ពត៌មាន​បន្ថែម​ដែល​ជួយ​បំភ្លឺ

ច្បាស់​ហើយ​ស្រួល​យល់ (២)

ប្រើ​ពាក្យ​ងាយ​ស្រួល

ពន្យល់​ពាក្យ​ដែល​គេ​មិន​សូវ​យល់

កុំ​ប្រើ​ពត៌មាន​ច្រើន​ពេក

ការ​ផ្ដើម​វាចា​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍ (៣)

ការ​ផ្ដើម​វាចា​ដែល​សម​នឹង​គោល​រឿង (៣)

ការ​ផ្ដើម​វាចា​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (៣)

ទំហំ​សម្លេង (៤)

សម្លេង​ខ្លាំង​ល្មម​ឲ្យ​ស្រួល​ស្ដាប់

ទំហំ​សម្លេង​ស្រប​តាម​កាលៈទេសៈ

ទំហំ​សម្លេង​ស្រប​តាម​សាច់​រឿង

ការ​ផ្អាក (៤)

ផ្អាក​តាម​វណ្ណយុត្ត

ផ្អាក​មុន​នឹង​ពិគ្រោះ​ចំណុច​ថ្មី

ផ្អាក​ដើម្បី​បញ្ជាក់​ចំណុច

ផ្អាក​តាម​កាលៈទេសៈ

លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​ព្រះ​គម្ពីរ (៥)

និយាយ​ប្រាប់​អំពី​បទ​គម្ពីរ

ទុក​ពេល​ឲ្យ​គេ​រក​បទ​គម្ពីរ

របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ (៥)

បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍​នឹង​បទ​គម្ពីរ

ប្រមូល​អារម្មណ៍​លើ​មូលហេតុ​ដែល​អាន​បទ​គម្ពីរ

របៀប​បន្លឺ​សម្លេង​ក្នុង​ការ​អាន​បទ​គម្ពីរ (៦)

ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗ

របៀប​បន្លឺ​សម្លេង​ដែល​មាន​ប្រសិទ្ធភាព

ពេល​អ្នក​ដទៃ​អាន​បទ​គម្ពីរ

ការ​ពន្យល់​បទ​គម្ពីរ​ត្រូវ​ច្បាស់​លាស់ (៦)

កត់​សម្គាល់​នូវ​ពាក្យ​គន្លឹះ

បញ្ជាក់​ពី​ហេតុ​ក្នុង​ការ​អាន​បទ​គម្ពីរ

ការ​បញ្ជាក់​ដោយ​និយាយ​សា​ឡើង​វិញ (៧)

ការ​លើក​គោល​ចំណុច​សា​ឡើង​វិញ

ការ​និយាយ​សា​ឡើង​វិញ​នូវ​ចំណុច​ដែល​មិន​យល់

កាយវិការ (៧)

កាយវិការ​ដែល​បង្ហាញ​នូវ​សកម្មភាព ទំហំ​និង​ទី​កន្លែង

កាយវិការ​ដែល​បង្ហាញ​នូវ​អារម្មណ៍​និង​ជំនឿ​ស៊ប់

ការ​បញ្ជាក់​គោល​រឿង (៨)

គោល​រឿង​សម​ត្រឹម​ត្រូវ

ការ​បញ្ជាក់​នូវ​គំនិត​ឬ​ពាក្យ​សំខាន់ៗតាម​គោល​រឿង

គោល​ចំណុច​ត្រូវ​បញ្ជាក់​ច្បាស់​លាស់ (៨)

កុំ​ប្រើ​គោល​ចំណុច​ច្រើន​ពេក

ការ​ពន្យល់​គោល​គំនិត​និ​មួយៗឲ្យ​បាន​ច្បាស់

ចំណុច​បន្ទាប់បន្សំ​ជួយ​បញ្ជាក់​នូវ​គោល​គំនិត

ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់ (៩)

ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់

ទំនាក់ទំនង​ដោយ​និយាយ​ចំពោះ​អ្នក​ស្ដាប់

ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា (៩)

ការ​និយាយ​ស្ទាត់ (១០)

មាន​បែប​បទ​ជា​ការ​សន្ទនា (១០)

ប្រើ​ពាក្យ​ធម្មតា

របៀប​និយាយ​ដែល​មាន​បែប​បទ​ជា​ការ​សន្ទនា

ការ​បន្លឺ​សូរ​ស័ព្ទ (១០)

ប្រើ​ពាក្យ​ភ្ជាប់​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា (១១)

ការ​ប្រើ​ពាក្យ​ភ្ជាប់​ឃ្លា

ការ​ភ្ជាប់​សាច់​រឿង​សម​ស្រប​តាម​អ្នក​ស្ដាប់

ការ​ពន្យល់​ដែល​សម​ហេតុ​ផល (១១)

រៀបចំ​គំនិត​តាម​លំដាប់​ដែល​សម​ហេតុ​ផល

ជៀស​វាង​គំនិត​ក្រៅ​សាច់​រឿង

កុំ​បំភ្លេច​នូវ​គោល​ចំណុច​សំខាន់ៗ

ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ (១២)

បង្កើត​ឲ្យ​មាន​មូលដ្ឋាន

បង្ហាញ​ភស្តុតាង​ពិត​គួរ​ឲ្យ​ជឿ

ការ​សង្ខេប​ដែល​មាន​ប្រសិទ្ធភាព

ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក (១២)

រក្សា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា

ពន្យល់​ចំណុច​ផ្សេងៗឲ្យ​ច្បាស់​លាស់

ពន្យល់​ឲ្យ​ច្បាស់​នូវ​របៀប​អនុវត្ត​តាម

ការ​សង្កត់​សម្លេង​ឲ្យ​យល់​អត្ថន័យ (១៣)

ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗក្នុង​ឃ្លា

ការ​សង្កត់​សម្លេង​លើ​គោល​គំនិត​សំខាន់ៗ

ការ​ឡើង​ចុះ​សម្លេង (១៣)

ការ​ប្រែ​ប្រួល​ទំហំ​សម្លេង

ការ​ប្រែ​ប្រួល​ល្បឿន​នៃ​ការ​និយាយ

ការ​ប្រែ​ប្រួល​កំពស់​សូរ​ស័ព្ទ

ការ​ឡើង​ចុះ​សម្លេង​ស្រប​តាម​គំនិត​ឬ​អារម្មណ៍

បង្ហាញ​អារម្មណ៍​សាទរ (១៤)

ការ​បង្ហាញ​អារម្មណ៍​សាទរ​ដោយ​ថ្លែង​យ៉ាង​រស់​រវើក

ការ​បង្ហាញ​អារម្មណ៍​សាទរ​ស្រប​តាម​ពត៌មាន

ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ (១៤)

អារម្មណ៍​កក់ក្ដៅ​ត្រូវ​បង្ហាញ​ដោយ​ទឹក​មុខ

អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​សូរ​សម្លេង

អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​ពត៌មាន

ឧទាហរណនិទស្សន៍​ត្រូវ​តាម​សាច់​រឿង (១៥)

មិន​ស្មុគស្មាញ

ពន្យល់​ឲ្យ​បាន​ច្បាស់

បញ្ជាក់​នូវ​ចំណុច​សំខាន់ៗ

ឧទាហរណនិទស្សន៍​ស្រប​តាម​អ្នក​ស្ដាប់ (១៥)

ឧទាហរណនិទស្សន៍​ស្រប​តាម​ស្ថានភាព​រស់​នៅ

ឧទាហរណនិទស្សន៍​ដែល​សមរម្យ

ប្រើ​គំនិត​ងាយ​ស្រួល​សំរាប់​ការ​ផ្សាយ (១៦)

ប្រើ​ពាក្យ​ងាយ​ស្រួល

ជ្រើសរើស​ចំណុច​ស្រប​តាម​តម្រូវ​ការ

បង្ហាញ​ពី​ផល​ប្រយោជន៍

ការ​បញ្ចប់​សមរម្យ​និង​មាន​ប្រសិទ្ធភាព (១៧)

ការ​បញ្ចប់​ទាក់ទង​យ៉ាង​ចំៗនឹង​គោល​រឿង

ការ​បញ្ចប់​ប្រាប់​អ្នក​ស្ដាប់​ឲ្យ​ត្រូវ​ធ្វើ​យ៉ាង​ណា

ការ​បញ្ចប់​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (១៧)

ការ​កំណត់​ពេល (១៧)

បង្ហាញ​ទំនុក​ចិត្ត​មាំមួន និង​លក្ខណៈ​ថ្លៃថ្នូរ (១៨)

បង្ហាញ​ឥរិយាបថ​ថ្លៃថ្នូរ

បញ្ចេញ​សូរ​សម្លេង​ថ្លៃថ្នូរ

អាការ​ក្រៅ​ផ្ទាល់​ខ្លួន (១៨)

របៀប​តុបតែង​ខ្លួន​សមរម្យ

អាកប្បកិរិយា​សមរម្យ

ឧបករណ៍​ប្រើ​ស្អាត​សមរម្យ

បង្ហាញ​ទឹក​មុខ​ស្រប​តាម​កាលៈទេសៈ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក