ចំណុចហាត់រៀនទី១
ឱវាទដែលជួយលើកទឹកចិត្ត
១ ពួកអ្នកថ្វាយបង្គំព្រះពិត តែងតែពឹងពាក់ទ្រង់ជានិច្ចដោយគ្មានការទើសទាល់ដើម្បីទទួលការណែនាំក្នុងជីវិតរបស់ពួកគេ។ អ្នកតែងបទទំនុកដំកើងក្នុងព្រះគម្ពីរម្នាក់បានសរសេរដោយទំនុកចិត្តថា៖ «ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មាន[ឬ«ឱវាទ», ព.ថ.]របស់ទ្រង់»។ (ទំនុក. ៧៣:២៤) យេរេមាក៏បានប្រើពាក្យទាំងនេះក្នុងសេចក្ដីអធិស្ឋានដែលចេញពីចិត្តរបស់គាត់ថា៖ «គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ . . . ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ប្រសប់ក្នុងការជួយគំនិត[ឬ«ឲ្យឱវាទ», ព.ថ.] ហើយក៏មានឫទ្ធិក្នុងការធ្វើ»។—យេ. ៣២:១៧-១៩
២ ពួកគ្រីស្ទានដែលជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាសព្វថ្ងៃនេះ ទទួលឱវាទតាមរយៈព្រះបន្ទូលទ្រង់ដែលមានជាលាយលក្ខណ៍អក្សរ និងតាមរយៈអង្គការនៃអ្នកបំរើពិតរបស់ទ្រង់។ ហេតុនេះហើយ អស់អ្នកដែលចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យឆាប់ទទួលស្គាល់ថា ឱវាទដែលគេទទួលនិងចិត្តគំនិតរបស់អ្នកជូនឱវាទនោះ មានមូលដ្ឋានលើគោលការណ៍ដ៏ប្រសើរក្នុងព្រះគម្ពីរ។
៣ ជូនឱវាទជាបន្តបន្ទាប់: ប័ណ្ណឱវាទសំរាប់ការហាត់និយាយត្រូវបានផ្ដល់ឲ្យសិស្សនិងអ្នកត្រួតពិនិត្យសាលាដើម្បីជាជំនួយ។ ប័ណ្ណឱវាទនេះមានសាមសិបប្រាំមួយចំណុច ដែលនឹងជួយសិស្សទាំងឡាយឲ្យបណ្ដុះបណ្ដាលសមត្ថភាពក្នុងការពន្យល់នូវសេចក្ដីពិតដោយប្រសិទ្ធភាព។ ពត៌មានដែលជួយពន្យល់អំពីចំណុចនិមួយៗ គឺមានក្នុងចំណុចហាត់រៀនទី២រហូតដល់ចំណុចហាត់រៀនទី១៨នៃកូនសៀវភៅនេះ ហើយចំណុចហាត់រៀននិមួយៗត្រូវសម្គាល់ដោយលេខលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ។ ចំណុចហាត់រៀនទាំងប៉ុន្មាននេះ ត្រូវបានរៀបចំដើម្បីប្រើជាមួយនឹងប័ណ្ណឱវាទ។ ក្នុងករណីភាគច្រើន ចំណុចហាត់និយាយពីរឬបីដែលទាក់ទងគ្នាត្រូវរួមបញ្ចូលក្នុងចំណុចហាត់រៀនតែមួយ ដោយដឹងថាគឺជាការល្អបើហាត់ចំណុចទាំងប៉ុន្មាននោះជាមួយគ្នា។
៤ យកល្អឲ្យអស់អ្នកដែលទើបតែបានចុះឈ្មោះក្នុងសាលា រៀបចំយ៉ាងដិតដល់ដោយគិតពីចំណុចទាំងប៉ុន្មានដែលមានលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ។ សុន្ទរកថាទីមួយរបស់សិស្សថ្មីក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ នោះអ្នកត្រួតពិនិត្យសាលា(ឬក៏អ្នកជូនឱវាទម្នាក់ទៀត ប្រសិនបើមានសិស្សច្រើន) នឹងសរសើរសិស្សស្តីអំពីចំណុចដែលគាត់ហាត់បានល្អ។ បន្ទាប់ពីនោះ អ្នកជូនឱវាទនឹងផ្ដោតអារម្មណ៍ជាបណ្ដើរៗទៅលើចំណុចឱវាទនិមួយៗ ដែលសិស្សនោះគួរយកចិត្តទុកដាក់ជាងគេ ដើម្បីបង្កើនសមត្ថភាពនិយាយរបស់គាត់។ អ្នកជូនឱវាទក៏នឹងកំណត់ចំណុចណាមួយឲ្យសិស្សហាត់ក្នុងសុន្ទរកថារបស់គាត់លើកក្រោយ។ អ្នកជូនឱវាទនឹងជំរាបប្រាប់សិស្សម្នាក់ៗ ពេលដែលសិស្សមានសមត្ថភាពបន្តហាត់ចំណុចផ្សេងទៀតលើប័ណ្ណឱវាទ។
៥ សិស្សខ្លះប្រហែលជាមានជំនឿនយ៉ាងលឿន រីឯសិស្សផ្សេងទៀតប្រហែលជាត្រូវហាត់ចំណុចមួយម្ដងៗ ជាជាងខំហាត់ចំណុចទាំងអស់ដែលមានក្នុងចំណុចហាត់រៀនមួយ។ តាមពិត ពេលហាត់ចំណុចមួយដ៏ពិបាក យកល្អប្រសិនបើសិស្សខ្លះត្រូវថ្លែងសុន្ទរកថាបីបួនដង ដើម្បីឲ្យចេះស្ទាត់នូវលក្ខណៈនៃការនិយាយណាមួយនោះ មុនដែលគាត់បន្តហាត់ចំណុចមួយទៀត។
៦ ឱវាទដែលត្រូវជូនបន្ទាប់ពីសិស្សថ្លែងសុន្ទរកថាចប់ហើយនោះ គួរនិយាយដោយស្លូតបូត និងប្រាប់ដោយមានបំណងជួយសិស្សឲ្យបន្តបង្កើនសមត្ថភាពនិយាយ។ ក៏ប៉ុន្តែ ឱវាទណាដែលត្រូវជូនដល់អ្នកថ្លែងសុន្ទរកថាបង្ហាត់បង្ហាញ ឬក៏អ្នកថ្លែងសុន្ទរកថាគោលសំខាន់ៗពីអំនានព្រះគម្ពីរ ត្រូវជូនដោយឡែកក្រោយពេលដែលសាលាចប់ហើយ។ អ្នកថ្លែងនេះគួរទទួលឱវាទ ជាពិសេសប្រសិនបើគាត់និយាយលើសពេលកំណត់នោះ។ អ្នកថ្លែងសុន្ទរកថាបង្ហាត់បង្ហាញគួរសង្វាតព្យាយាមថ្លែងសុន្ទរកថាជាគំរូ រីឯឱវាទដែលជូនឲ្យដោយឡែកប្រហែលជាមិនចាំបាច់ទេ។
៧ តាមធម្មតា អ្នកជូនឱវាទនឹងឲ្យឱវាទសិស្សស្តីអំពីចំណុចដែលបានកំណត់ឲ្យគាត់ហាត់តាំងពីលើកមុន។ ពិតមែន ប្រសិនបើសុន្ទរកថាមានលក្ខណៈផ្សេងទៀតដែលល្អគួរកត់សម្គាល់នោះ អ្នកជូនឱវាទអាចបញ្ជាក់ពីចំណុចនោះដែរពេលសរសើរសិស្ស ក៏ប៉ុន្តែ គាត់នឹងមិនកត់ចំណុចនោះលើប័ណ្ណឱវាទទេ។ អ្នកជូនឱវាទអាចកត់លើប័ណ្ណឱវាទដូចតទៅ៖ «ហ» (ហាត់ចំណុចនេះ) ពេលដែលមានប្រយោជន៍ឲ្យសិស្សហាត់ថែមទៀតនូវលក្ខណៈនៃការនិយាយណាមួយ។ «ច» (ចំរើន) ពេលដែលសិស្សបានហាត់ចំណុចនេះម្ដងរួចហើយ និងបង្ហាញនូវភាពចំរើនមែន ប៉ុន្តែ គាត់អាចទទួលប្រយោជន៍ពីការហាត់ចំណុចនេះម្ដងទៀត។ «ល» (ល្អ) ពេលចំណុចដែលត្រូវហាត់នោះបានធ្វើយ៉ាងល្អល្មមឲ្យបន្តហាត់នូវលក្ខណៈនៃការនិយាយផ្សេងទៀតនៅសុន្ទរកថាលើកក្រោយសំរាប់សាលា។ ពេលដែលសិស្សម្នាក់មានសុន្ទរកថាជាអំនាន នោះអ្នកជូនឱវាទនឹងឲ្យឱវាទអំពីចំណុចដែលសមស្របល្អបំផុតនឹងសុន្ទរកថាបែបនេះ។
៨ អ្នកត្រួតពិនិត្យសាលាត្រូវប្រើសមត្ថភាពវិនិច្ឆ័យឲ្យបានល្អ ដើម្បីឲ្យឱវាទមានប្រសិទ្ធភាពច្រើនបំផុត។ ប្រសិនបើអ្នកថ្លែងគឺជាសិស្សថ្មី អ្វីដែលសិស្សនោះត្រូវការច្រើនជាងគេគឺការលើកទឹកចិត្ត។ សិស្សឯទៀតដែលមានសកម្មភាពក្នុងសាលាយូរជាង ប្រហែលជាសង្វាតព្យាយាមក្នុងការរៀបចំសុន្ទរកថា ដោយយកចិត្តទុកដាក់ទៅលើលក្ខណៈនៃការនិយាយដែលត្រូវបានកំណត់ឲ្យគាត់ហាត់ ក៏ប៉ុន្តែប្រហែលជាគាត់មានសមត្ថភាពឥតពេញបរិបូរ។ ក្នុងករណីបែបនេះ ប្រសិនបើសិស្សនោះបានសម្ដែងនូវលក្ខណៈនៃការនិយាយណាមួយ សូម្បីតែបន្ដិចបន្តួចប៉ុណ្ណោះ អ្នកត្រួតពិនិត្យសាលាអាចកត់«ល»លើប័ណ្ណឱវាទ និងឲ្យសិស្សនោះហាត់ចំណុចមួយទៀត ដែលត្រូវការនូវការយកចិត្តទុកដាក់។
៩ ម្យ៉ាងវិញទៀត អ្នកថ្លែងម្នាក់ទៀតប្រហែលជាមានបទពិសោធន៍ច្រើនជាង ឬក៏មានសមត្ថភាពយ៉ាងពេញបរិបូរ ក៏ប៉ុន្តែ ដោយសារគាត់ជាប់មានការ គាត់ប្រហែលជាមិនបានឆ្លៀតពេលសិក្សានូវលក្ខណៈនៃការនិយាយដែលត្រូវបានកំណត់ឲ្យគាត់ហាត់នោះទេ ហើយជាលទ្ធផលគាត់ក៏ថ្លែងមិនបានល្អបំផុតតាមសមត្ថភាព។ ក្នុងករណីបែបនេះ គឺជាការបង្អាក់ដល់ការរីកចំរើនរបស់សិស្សនោះវិញ ប្រសិនបើអ្នកត្រួតពិនិត្យសាលាកត់«ល»លើប័ណ្ណឱវាទ និងប្រាប់ឲ្យគាត់ហាត់ចំណុចផ្សេងទៀតជាបន្តនោះ។ ប្រសិនបើសុន្ទរកថានោះមិនបានធ្វើយ៉ាងល្អពេញលេញតាមលក្ខណៈនៃការនិយាយដែលត្រូវបានកំណត់ឲ្យទេ នោះអ្នកជូនឱវាទអាចកត់«ហ»(ហាត់ចំណុចនេះ) និងសូមជួយសិស្សនោះឲ្យរីកចំរើន។ តាមរបៀបនេះ សិស្សនានាត្រូវទទួលការលើកទឹកចិត្តឲ្យប្រើសុន្ទរកថានិមួយៗជាឈ្នាន់ដើម្បីបង្កើនសមត្ថភាពជាអ្នកថ្លែង មិនគ្រាន់តែថ្លែងដើម្បីបំពេញភារកិច្ចឲ្យតែបានរួចនោះទេ។
១០ សូមចងចាំថា ការបង្ហាត់បង្រៀនខាងការនិយាយនោះ គឺដើម្បីឲ្យយើងមានជំនឿនទៅមុខជានិច្ច។ កុំសង្ឃឹមថា អ្នកនឹងក្លាយជាអ្នកថ្លែងដ៏ចំណានម្នាក់ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះឡើយ។ នេះអាចកើតឡើងជាបណ្ដើរៗ ក៏ប៉ុន្តែ អ្នកអាចជឿនទៅមុខកាន់តែលឿនឡើងដោយការសង្វាតព្យាយាម។ ប្រសិនបើអ្នកសញ្ជឹងគិតអំពីយោបល់ដែលត្រូវជូនក្នុងកម្មវិធីបង្ហាត់បង្រៀនផ្នែកការនិយាយនេះ ថែមទាំងជក់ស្លុងក្នុងការរៀបចំសុន្ទរកថារបស់អ្នក នោះមិនយូរក្រោយមក អ្នកនឹងសឲ្យអ្នកដទៃឃើញនូវជំនឿនរបស់អ្នក។—១ធី. ៤:១៥
១១ អ្នកជូនឱវាទ: អ្នកត្រួតពិនិត្យសាលាគួរសិក្សាយ៉ាងហ្មត់ចត់នូវសាច់រឿងសំរាប់សិក្សាប្រចាំសប្ដាហ៍ ដើម្បីមានសមត្ថភាពសម្រេចថា តើបានពន្យល់ពត៌មាននោះយ៉ាងល្អឬ ហើយដើម្បីមានសមត្ថភាពកែនូវអ្វីដែលមិនបានពន្យល់ឲ្យត្រឹមត្រូវវិញ។ ក៏ប៉ុន្តែ គាត់មិនគួររិះគន់ហួសហេតុពេកនូវរបៀបដែលត្រូវបកស្រាយពត៌មាននោះទេ ដល់ម្ល៉េះបានជាលែងត្រេកអរនឹងសុន្ទរកថានានា។ គាត់ក៏គួរទទួលប្រយោជន៍ពីសេចក្ដីពិតដែលត្រូវថ្លែងប្រាប់នោះផងដែរ។
១២ តាមធម្មតា ក្នុងការជូនឱវាទ គាត់ចាប់ផ្ដើមដោយពាក្យសរសើរនូវការខិតខំរបស់សិស្សនោះ។ ក្រោយមក គាត់នឹងពន្យល់ពីចំណុចលើប័ណ្ណឱវាទដែលអ្នកថ្លែងនោះកំពុងតែហាត់។ ប្រសិនបើសិស្សត្រូវការហាត់ចំណុចនោះជាបន្ថែម អ្នកជូនឱវាទគួរដាក់ទម្ងន់ទៅលើរបៀបដែលអ្នកថ្លែងអាចហាត់ចំណុចនោះឲ្យបានល្អជាង ជាជាងបញ្ជាក់យ៉ាងច្រើនអំពីភាពខ្សោយរបស់អ្នកថ្លែង។ ដូច្នេះ ឱវាទដែលគាត់ឲ្យនោះនឹងលើកទឹកចិត្តអ្នកថ្លែង។
១៣ បើគ្រាន់តែប្រាប់អ្នកថ្លែងថា គាត់ថ្លែងបានល្អ ឬក៏ប្រាប់គាត់ថា គាត់ត្រូវហាត់លក្ខណៈនៃការនិយាយណាមួយម្ដងទៀត នោះគឺមិនគ្រប់គ្រាន់ទេ។ ពិតជាមានប្រយោជន៍ ប្រសិនបើអ្នកជូនឱវាទពន្យល់ពីមូលហេតុដែលសុន្ទរកថានោះគឺល្អ ឬក៏មូលហេតុដែលត្រូវហាត់ចំណុចនោះម្ដងទៀតឲ្យល្អជាង និងរបៀបហាត់ឲ្យល្អជាង។ បន្ថែមទៅទៀត គឺមានប្រយោជន៍ប្រសិនបើអ្នកជូនឱវាទបញ្ជាក់ពីមូលហេតុដែលលក្ខណៈនៃការនិយាយដែលកំពុងត្រូវពិភាក្សានោះ គឺសំខាន់ចាំបាច់ក្នុងកិច្ចបំរើផ្សាយ ឬក្នុងកិច្ចប្រជុំក្រុមជំនុំ។ នេះនឹងបណ្ដាលឲ្យសិស្សត្រេកអរនឹងចំណុចនោះ ថែមទាំងលើកទឹកចិត្តសិស្សឲ្យបន្តហាត់ចំណុចនោះផងដែរ។
១៤ អ្នកជូនឱវាទមិនមានមុខងារសើរើឡើងវិញនូវសាច់រឿងនៃសុន្ទរកថារបស់សិស្សនានានោះទេ។ គាត់គួរជូនឱវាទដោយនិយាយយ៉ាងខ្លីនិងចំៗ ទាំងដាក់កំណត់ពេលតែមួយនាទីសំរាប់សុន្ទរកថាសិស្សម្នាក់ៗ។ បើធ្វើដូច្នេះ ឱវាទនិងយោបល់គឺមិនជាស្មុគស្មាញពិបាកយល់ ដោយសារគាត់និយាយច្រើនពេកនោះឡើយ។ ម្យ៉ាងទៀត យកល្អគាត់ណែនាំសិស្សឲ្យមើលទំព័រណាក្នុងកូនសៀវភៅនេះ ដែលមានពត៌មានបន្ថែមអំពីចំណុចដែលត្រូវបានពិភាក្សានោះ។
១៥ កំហុសបន្ដិចបន្តួចខាងការបញ្ចេញសម្លេងនិងវេយ្យាករណ៍ មិនមែនជាលក្ខណៈសំខាន់ៗដែលត្រូវយកចិត្តទុកដាក់មើលនោះទេ។ ផ្ទុយទៅវិញ អ្នកជូនឱវាទគួរយកចិត្តទុកដាក់ទៅលើឥទ្ធិពលនៃសុន្ទរកថារបស់អ្នកថ្លែងនោះ។ តើពត៌មាននោះមានប្រយោជន៍និងជួយឲ្យយល់ដឹងទេ? តើសុន្ទរកថានោះបានរៀបចំយ៉ាងល្អនិងស្រួលស្ដាប់ទេ? តើសិស្សថ្លែងដោយចិត្តស្មោះសរ អស់ពីចិត្ត និងតាមរបៀបដែលគួរឲ្យជឿទេ? តើទឹកមុខនិងកាយវិការរបស់គាត់បង្ហាញថា គាត់ពិតជាជឿអ្វីដែលគាត់កំពុងតែនិយាយ ដោយខំប្រឹងពន្យល់សេចក្ដីពិតឲ្យបានច្បាស់ ជាជាងខំប្រឹងធ្វើឲ្យអ្នកស្ដាប់កោតសរសើរខ្លួននោះ? ប្រសិនបើសិស្សយកចិត្តទុកដាក់យ៉ាងល្អនឹងចំណុចសំខាន់ៗទាំងនេះ នោះអ្នកស្ដាប់នឹងមិនចាប់អារម្មណ៍លើកំហុសបន្ដិចបន្តួចក្នុងការបញ្ចេញសម្លេងឬក៏វេយ្យាករណ៍នោះឡើយ។
១៦ ឱវាទដែលត្រូវជូនក្នុងសាលាកិច្ចបំរើ គប្បីជូនដោយរបៀបស្លូតបូតនិងមានប្រយោជន៍ជានិច្ច។ អ្នកជូនឱវាទគួរមានបំណងចង់ជួយសិស្ស។ ចូរពិចារណាពីបុគ្គលិកលក្ខណៈរបស់អ្នកដែលនឹងទទួលឱវាទនោះ។ តើគាត់ងាយអន់ចិត្តទេ? តើគាត់បានរៀនមិនសូវជ្រៅប៉ុន្មានទេ? តើមានមូលហេតុអនុគ្រោះដល់ភាពខ្សោយរបស់គាត់ទេ? ឱវាទគួរធ្វើឲ្យអ្នកដែលទទួលនោះមានអារម្មណ៍ថាជួយ មិនមែនរិះគន់នោះទេ។ ចូរធ្វើឲ្យប្រាកដថាគាត់យល់ឱវាទនោះ និងយល់ថាឱវាទនោះគឺសមហេតុសមផល។
១៧ ការទទួលប្រយោជន៍ពីឱវាទ: ពេលទទួលភារកិច្ចថ្លែងសុន្ទរកថាក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ សូមនឹកចាំពីមូលហេតុដែលអ្នកថ្លែងសុន្ទរកថា ចង់បកស្រាយនូវពត៌មានដែលជាការណែនាំហើយផ្ដល់ប្រយោជន៍ដល់ក្រុមជំនុំ ហើយអ្នកក៏ចង់បង្កើនសមត្ថភាពនិយាយផងដែរ។ ដើម្បីជោគជ័យក្នុងការបង្កើនសមត្ថភាពនិយាយ គឺសំខាន់ដែលអ្នកចំណាយពេលពិនិត្យមើលលក្ខណៈនៃការនិយាយដែលបានកំណត់ឲ្យអ្នកហាត់នោះ។ សូមអានយ៉ាងយកចិត្តទុកដាក់នូវចំណុចហាត់រៀនក្នុងកូនសៀវភៅនេះ ដែលទាក់ទងនឹងចំណុចដែលអ្នកកំពុងតែហាត់ ដើម្បីដឹងពីរបៀបដែលគួររៀបចំ និងរបៀបប្រើចំណុចនេះក្នុងសុន្ទរកថារបស់អ្នក។ ដើម្បីជួយអ្នក ទិដ្ឋភាពដ៏សំខាន់ចំពោះលក្ខណៈនៃការនិយាយនិមួយៗត្រូវសរសេរជាអក្សរដិតក្នុងកូនសៀវភៅនេះ។ នេះគឺជាកត្ដាចំបងដែលត្រូវពិចារណា។
១៨ ក្រោយពីអ្នកបានថ្លែងសុន្ទរកថាហើយ ចូរស្ដាប់យ៉ាងផ្ចិតផ្ចង់នូវឱវាទដែលត្រូវជូន។ ចូរទទួលឱវាទនោះដោយរីករាយ។ ក្រោយមក ចូរហាត់ចំណុចនោះដោយយកចិត្តទុកដាក់។ ប្រសិនបើអ្នកចង់បង្កើនសមត្ថភាពនិយាយយ៉ាងលឿន នោះកុំចាំទំរាំដល់ពេលមានសុន្ទរកថាមួយទៀត។ ចូរសិក្សាពត៌មានក្នុងសៀវភៅនេះដែលពិគ្រោះនូវចំណុចដែលអ្នកត្រូវហាត់និយាយ។ ចូរខិតខំអនុវត្តតាមយោបល់នោះក្នុងការសន្ទនារបស់អ្នកជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ដល់ពេលដែលអ្នកមានសុន្ទរកថាមួយទៀត អ្នកប្រហែលជាបានស្ទាត់ជំនាញនឹងចំណុចទាំងប៉ុន្មាននោះរួចហើយ។
១៩ សិស្សគ្រប់គ្នាគួរមានគោលដៅចង់រីកចំរើនជារៀងរាល់ដងដែលគាត់ថ្លែងសុន្ទរកថាក្នុងកម្មវិធីសាលា។ ពិតមែន នេះតម្រូវឲ្យអ្នកសង្វាតព្យាយាមជានិច្ច ក៏ប៉ុន្តែអ្នកប្រាកដជានឹងទទួលបានពរពីព្រះយេហូវ៉ាជាក់ជាពុំខាន។ ចំពោះអស់អ្នកដែលនឹងទទួលប្រយោជន៍ពីការបង្ហាត់បង្រៀនក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ នោះពាក្យក្នុងសុភាសិត ១៩:២០, ខ.ស. ពិតជាមានសារៈសំខាន់ណាស់ចំពោះពួកគេដែលចែងថា៖ «ចូរស្ដាប់ឱវាទនិងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា»។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. ហេតុអ្វីក៏យើងស្វែងរកឱវាទ? ហើយតើយើងទទួលឱវាទនេះពីប្រភពណាខ្លះ?
៣-៥. សូមពន្យល់នូវរបៀបដែលប័ណ្ណឱវាទសំរាប់ការហាត់និយាយ និងពត៌មានក្នុងចំណុចហាត់រៀនទី២ដល់ទី១៨ ត្រូវបានរៀបចំប្រើជាមួយគ្នា។
៦, ៧. តើអ្នកត្រួតពិនិត្យសាលានឹងជូនឱវាទអំពីចំណុចណាខ្លះ?
៨-១០. ពេលកត់លើប័ណ្ណឱវាទ តើអ្នកត្រួតពិនិត្យសាលាគួរនឹកចាំពីអ្វីខ្លះ ដើម្បីលើកទឹកចិត្តសិស្សឲ្យបង្កើនសមត្ថភាពនិយាយ?
១១-១៦. ដើម្បីឲ្យឱវាទដែលជួយលើកទឹកចិត្តសិស្ស តើអ្នកជូនឱវាទគួរខិតខំធ្វើតាមការណែនាំអ្វី?
១៧-១៩. ដើម្បីឲ្យរីកចំរើនច្រើនបំផុតជារៀងរាល់ដងដែលគាត់ថ្លែងសុន្ទរកថានោះ តើសិស្សគួរធ្វើយ៉ាងណាមុននឹងរៀបចំសុន្ទរកថានិមួយៗ? ហើយតើគាត់គួរធ្វើយ៉ាងណាបន្ទាប់ពីបានថ្លែងសុន្ទរកថានោះចប់ហើយ?
[តារាងនៅទំព័រ៨, ៩]
ឱវាទសំរាប់ការហាត់និយាយ
អ្នកថ្លែង․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․
(នាមត្រកូល និងនាមខ្លួន)
ចំណុច: ហ-ហាត់ចំណុចនេះ
ច-ចំរើន
ល-ល្អ
ថ្ងៃខែ សុន្ទរកថាលេខ
ពត៌មានដែលនាំឲ្យយល់ដឹង (២)*
ច្បាស់ ហើយស្រួលយល់ (២)
ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (៣)
ការផ្ដើមវាចាដែលសមនឹងគោលរឿង (៣)
ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (៣)
ទំហំសម្លេង (៤)
ការផ្អាក (៤)
លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (៥)
របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ (៥)
របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ (៦)
ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (៦)
ការបញ្ជាក់ដោយនិយាយសាឡើងវិញ (៧)
កាយវិការ (៧)
ការបញ្ជាក់គោលរឿង (៨)
គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ (៨)
ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (៩)
ការប្រើទម្រង់នៃសុន្ទរកថា (៩)
ការសង្កេតមើល:
ការសង្កេតមើល: ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․
․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․
․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․
* លេខនិមួយៗក្នុងវង់ក្រចកសំដៅទៅចំណុចហាត់រៀនក្នុងកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន ដែលពិគ្រោះនូវលក្ខណៈនៃការនិយាយនោះ។
S-48-CB Printed in Japan
ថ្ងៃខែ សុន្ទរកថាលេខ
ការនិយាយស្ទាត់ (១០)
មានបែបបទជាការសន្ទនា (១០)
ការបន្លឺសូរស័ព្ទ (១០)
ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (១១)
ការពន្យល់ដែលសមហេតុផល (១១)
ការបញ្ជាក់ហេតុដែលនាំឲ្យជឿ (១២)
ជួយអ្នកស្ដាប់ឲ្យចេះវែកញែក (១២)
ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (១៣)
ការឡើងចុះសម្លេង (១៣)
បង្ហាញអារម្មណ៍សាទរ (១៤)
ការបង្ហាញអារម្មណ៍កក់ក្ដៅ (១៤)
ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង (១៥)
ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់ (១៥)
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ (១៦)
ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (១៧)
ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (១៧)
ការកំណត់ពេល (១៧)
បង្ហាញទំនុកចិត្តមាំមួន និងលក្ខណៈថ្លៃថ្នូរ (១៨)
អាការក្រៅផ្ទាល់ខ្លួន (១៨)
កំណត់សំគាល់: អ្នកជូនឱវាទនឹងឲ្យឱវាទជាក់លាក់ចំពោះសុន្ទរកថានិមួយៗ។ គាត់មិនចាំបាច់ធ្វើតាមចំណុចជាបន្តបន្ទាប់ខាងលើនេះទេ ប៉ុន្តែគាត់ត្រូវយកចិត្តទុកដាក់នឹងចំណុចណាដែលសិស្សនោះត្រូវបង្កើនសមត្ថភាព។ បើត្រូវការ ចន្លោះទទេលើប័ណ្ណឱវាទនេះអាចប្រើសំរាប់ជូនឱវាទដល់សិស្ស ស្តីពីចំណុចណាដែលមិនបានកត់លើបញ្ជីខាងលើនេះ ដែលមានដូចជា ការនិយាយពីហេតុការណ៍ពិត ការបន្លឺសម្លេង ឥរិយាបថ ការជ្រើសរើសពាក្យ វេយ្យាករណ៍ ទម្លាប់ប្លែក ចំណុចទាក់ទងគ្នា វិធីបង្រៀន និងលក្ខណៈនៃសម្លេង។ អ្នកជូនឱវាទគួរគូសរង្វង់លើលក្ខណៈនៃការនិយាយដែលសិស្សត្រូវហាត់ជាបន្តបន្ទាប់ ពេលសិស្សបានហាត់ចំណុចមុនចប់ហើយ។ លេខចំណុចហាត់រៀននេះត្រូវកត់លើប័ណ្ណសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ។ (S-89)
[តារាងនៅទំព័រ១០, ១១]
ការសង្ខេបនូវលក្ខណៈនៃការនិយាយ
ពត៌មានដែលនាំឲ្យយល់ដឹង (២)
ពត៌មានជាក់លាក់
នាំឲ្យអ្នកស្ដាប់យល់ដឹង
ពត៌មានដែលមានប្រយោជន៍
ភាពត្រឹមត្រូវនៃការនិយាយ
ពត៌មានបន្ថែមដែលជួយបំភ្លឺ
ច្បាស់ហើយស្រួលយល់ (២)
ប្រើពាក្យងាយស្រួល
ពន្យល់ពាក្យដែលគេមិនសូវយល់
កុំប្រើពត៌មានច្រើនពេក
ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (៣)
ការផ្ដើមវាចាដែលសមនឹងគោលរឿង (៣)
ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (៣)
ទំហំសម្លេង (៤)
សម្លេងខ្លាំងល្មមឲ្យស្រួលស្ដាប់
ទំហំសម្លេងស្របតាមកាលៈទេសៈ
ទំហំសម្លេងស្របតាមសាច់រឿង
ការផ្អាក (៤)
ផ្អាកតាមវណ្ណយុត្ត
ផ្អាកមុននឹងពិគ្រោះចំណុចថ្មី
ផ្អាកដើម្បីបញ្ជាក់ចំណុច
ផ្អាកតាមកាលៈទេសៈ
លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (៥)
និយាយប្រាប់អំពីបទគម្ពីរ
ទុកពេលឲ្យគេរកបទគម្ពីរ
របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ (៥)
បង្កើតឲ្យមានចំណាប់អារម្មណ៍នឹងបទគម្ពីរ
ប្រមូលអារម្មណ៍លើមូលហេតុដែលអានបទគម្ពីរ
របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ (៦)
ការសង្កត់សម្លេងលើពាក្យសំខាន់ៗ
របៀបបន្លឺសម្លេងដែលមានប្រសិទ្ធភាព
ពេលអ្នកដទៃអានបទគម្ពីរ
ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (៦)
កត់សម្គាល់នូវពាក្យគន្លឹះ
បញ្ជាក់ពីហេតុក្នុងការអានបទគម្ពីរ
ការបញ្ជាក់ដោយនិយាយសាឡើងវិញ (៧)
ការលើកគោលចំណុចសាឡើងវិញ
ការនិយាយសាឡើងវិញនូវចំណុចដែលមិនយល់
កាយវិការ (៧)
កាយវិការដែលបង្ហាញនូវសកម្មភាព ទំហំនិងទីកន្លែង
កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់
ការបញ្ជាក់គោលរឿង (៨)
គោលរឿងសមត្រឹមត្រូវ
ការបញ្ជាក់នូវគំនិតឬពាក្យសំខាន់ៗតាមគោលរឿង
គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ (៨)
កុំប្រើគោលចំណុចច្រើនពេក
ការពន្យល់គោលគំនិតនិមួយៗឲ្យបានច្បាស់
ចំណុចបន្ទាប់បន្សំជួយបញ្ជាក់នូវគោលគំនិត
ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (៩)
ទំនាក់ទំនងដោយមើលអ្នកស្ដាប់
ទំនាក់ទំនងដោយនិយាយចំពោះអ្នកស្ដាប់
ការប្រើទម្រង់នៃសុន្ទរកថា (៩)
ការនិយាយស្ទាត់ (១០)
មានបែបបទជាការសន្ទនា (១០)
ប្រើពាក្យធម្មតា
របៀបនិយាយដែលមានបែបបទជាការសន្ទនា
ការបន្លឺសូរស័ព្ទ (១០)
ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (១១)
ការប្រើពាក្យភ្ជាប់ឃ្លា
ការភ្ជាប់សាច់រឿងសមស្របតាមអ្នកស្ដាប់
ការពន្យល់ដែលសមហេតុផល (១១)
រៀបចំគំនិតតាមលំដាប់ដែលសមហេតុផល
ជៀសវាងគំនិតក្រៅសាច់រឿង
កុំបំភ្លេចនូវគោលចំណុចសំខាន់ៗ
ការបញ្ជាក់ហេតុដែលនាំឲ្យជឿ (១២)
បង្កើតឲ្យមានមូលដ្ឋាន
បង្ហាញភស្តុតាងពិតគួរឲ្យជឿ
ការសង្ខេបដែលមានប្រសិទ្ធភាព
ជួយអ្នកស្ដាប់ឲ្យចេះវែកញែក (១២)
រក្សាឲ្យមានទស្សនៈស្របគ្នា
ពន្យល់ចំណុចផ្សេងៗឲ្យច្បាស់លាស់
ពន្យល់ឲ្យច្បាស់នូវរបៀបអនុវត្តតាម
ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (១៣)
ការសង្កត់សម្លេងលើពាក្យសំខាន់ៗក្នុងឃ្លា
ការសង្កត់សម្លេងលើគោលគំនិតសំខាន់ៗ
ការឡើងចុះសម្លេង (១៣)
ការប្រែប្រួលទំហំសម្លេង
ការប្រែប្រួលល្បឿននៃការនិយាយ
ការប្រែប្រួលកំពស់សូរស័ព្ទ
ការឡើងចុះសម្លេងស្របតាមគំនិតឬអារម្មណ៍
បង្ហាញអារម្មណ៍សាទរ (១៤)
ការបង្ហាញអារម្មណ៍សាទរដោយថ្លែងយ៉ាងរស់រវើក
ការបង្ហាញអារម្មណ៍សាទរស្របតាមពត៌មាន
ការបង្ហាញអារម្មណ៍កក់ក្ដៅ (១៤)
អារម្មណ៍កក់ក្ដៅត្រូវបង្ហាញដោយទឹកមុខ
អារម្មណ៍កក់ក្ដៅស្របទៅតាមសូរសម្លេង
អារម្មណ៍កក់ក្ដៅស្របទៅតាមពត៌មាន
ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង (១៥)
មិនស្មុគស្មាញ
ពន្យល់ឲ្យបានច្បាស់
បញ្ជាក់នូវចំណុចសំខាន់ៗ
ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់ (១៥)
ឧទាហរណនិទស្សន៍ស្របតាមស្ថានភាពរស់នៅ
ឧទាហរណនិទស្សន៍ដែលសមរម្យ
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ (១៦)
ប្រើពាក្យងាយស្រួល
ជ្រើសរើសចំណុចស្របតាមតម្រូវការ
បង្ហាញពីផលប្រយោជន៍
ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (១៧)
ការបញ្ចប់ទាក់ទងយ៉ាងចំៗនឹងគោលរឿង
ការបញ្ចប់ប្រាប់អ្នកស្ដាប់ឲ្យត្រូវធ្វើយ៉ាងណា
ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (១៧)
ការកំណត់ពេល (១៧)
បង្ហាញទំនុកចិត្តមាំមួន និងលក្ខណៈថ្លៃថ្នូរ (១៨)
បង្ហាញឥរិយាបថថ្លៃថ្នូរ
បញ្ចេញសូរសម្លេងថ្លៃថ្នូរ
អាការក្រៅផ្ទាល់ខ្លួន (១៨)
របៀបតុបតែងខ្លួនសមរម្យ
អាកប្បកិរិយាសមរម្យ
ឧបករណ៍ប្រើស្អាតសមរម្យ
បង្ហាញទឹកមុខស្របតាមកាលៈទេសៈ