បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបញ្ជាក់គោលរឿងនិងគោលចំណុច
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ១៩ ចំណុច​បន្ទាប់បន្សំ​ជួយ​បញ្ជាក់​នូវ​គោល​គំនិត: ភស្តុតាង បទ​គម្ពីរ ឬ​ពត៌មាន​ឯ​ទៀត គួរ​ទាក់ទាញ​ស្មារតី​អ្នក​ស្ដាប់​ពិចារណា​នូវ​គោល​គំនិត ហើយ​ក៏​គួរ​បញ្ជាក់​ពី​គោល​គំនិត​នោះ​ឲ្យ​បាន​ច្បាស់​ទៀត។

      ២០ ពេល​រៀបចំ ចូរ​វិភាគ​ចំណុច​បន្ទាប់បន្សំ​និង​ទុក​តែ​ចំណុច​ណា​ដែល​ជួយ​បញ្ជាក់​គោល​ចំណុច​ប៉ុណ្ណោះ ដើម្បី​ពន្យល់​ពី​គោល​ចំណុច​ឲ្យ​បាន​ច្បាស់ ឬ​ដើម្បី​បញ្ជាក់​ភស្តុតាង ឬ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ចំណុច​នោះ​លេច​ធ្លោ​ឡើង។ កុំ​ប្រើ​ចំណុច​ណា​ដែល​មិន​ទាក់ទង​ឲ្យ​សោះ ដ្បិត​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ប៉ុណ្ណោះ។

      ២១ ចំណុច​ណា​ដែល​ទាក់ទង​នឹង​គោល​ចំណុច យើង​ត្រូវ​ពន្យល់​ឲ្យ​ភ្ជាប់​នឹង​គំនិត​នោះ។ កុំ​ទុក​ឲ្យ​អ្នក​ស្ដាប់​កាត់​ស្រាយ​នូវ​ទំនាក់ទំនង​រវាង​ចំណុច​និ​មួយៗដោយ​ខ្លួន​គេ​ឡើយ។ ចូរ​ពន្យល់​ឲ្យ​គេ​ឃើញ​ច្បាស់​នូវ​ទំនាក់ទំនង​នោះ។ ចូរ​ប្រាប់​យ៉ាង​ចំ​ថា ចំណុច​ទាំង​នោះ​ទាក់ទង​គ្នា​យ៉ាង​ណា។ បើ​យើង​មិន​ប្រាប់​ចំ នោះ​ធម្មតា​គេ​នឹង​មិន​យល់​ទេ។ យើង​អាច​ប្រាប់​ចំៗបាន ដោយ​និយាយ​មួយ​សា​ទៀត​នូវ​ពាក្យ​គន្លឹះ​ដែល​បង្ហាញ​ពី​គោល​គំនិត ឬ​ក៏​ម្ដងម្កាល​យើង​អាច​ប្រាប់​សា​ឡើង​វិញ​នូវ​គោល​ចំណុច​នោះ។ ពេល​ដែល​យើង​ចេះ​ធ្វើ​ឲ្យ​ចំណុច​បន្ទាប់បន្សំ​ដៅ​បញ្ជាក់​ពី​គោល​ចំណុច​នៃ​សុន្ទរកថា ហើយ​ចេះ​ភ្ជាប់​គោល​ចំណុច​និ​មួយៗជា​មួយ​នឹង​គោល​រឿង​ដែរ នោះ​សុន្ទរកថា​របស់​យើង​នឹង​មាន​ភាព​ស្រួល​យល់​ជា​ទីបំផុត​ដែល​ធ្វើ​ឲ្យ​ស្រួល​ថ្លែង ហើយ​មិន​ងាយ​ឲ្យ​អ្នក​ស្ដាប់​ភ្លេច​ផង​ដែរ។

  • ទំនាក់ទំនងជាមួយអ្នកស្ដាប់និងការមើលកំណត់
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី៩

      ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​និង​ការ​មើល​កំណត់

      ១ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ គឺ​ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​បង្រៀន។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​អាច​ជំរុញ​ឲ្យ​ពួក​គេ​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​យើង ហើយ​ជួយ​យើង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​បង្រៀន។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​គួរ​ជួយ​យើង​ឲ្យ​ដឹង​នូវ​ប្រតិកម្ម​ទាំង​អស់​របស់​អ្នក​ស្ដាប់។ ការ​មើល​កំណត់​ក៏​មាន​តួ​នាទី​សំខាន់​ដែរ ថា​តើ​យើង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​ឬ​ក៏​អត់។ កំណត់​ច្រើន​ពេក​អាច​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​មើល​អ្នក​ស្ដាប់។ ប៉ុន្តែ បើ​យើង​ចេះ​ប្រើ​កំណត់​យ៉ាង​ល្អ នេះ​មិន​រំខាន​អ្នក​ស្ដាប់​ទេ ទោះ​ជា​មាន​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​មាន​កំណត់​ច្រើន​ជាង​ធម្មតា​ក៏​ដោយ។ នេះ​គឺ​ពីព្រោះ​អ្នក​ថ្លែង​ដែល​ស្ទាត់​ជំនាញ​នឹង​មិន​ធ្វើ​ឲ្យ​លែង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ ដោយសារ​មើល​កំណត់​ច្រើន​ពេក ឬ​ដោយ​មើល​កំណត់​ពេល​គួរ​មើល​អ្នក​ស្ដាប់។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​នេះ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ដែល​ហៅ​ចំណុច​នេះ​ថា៖ «ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់»។

      ២ ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់: ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​បាន​សេចក្ដី​ថា យើង​មើល​ពួក​គេ។ ប៉ុន្តែ នេះ​មិន​បាន​ន័យ​ថា យើង​មើល​អ្នក​ស្ដាប់​ជា​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ​ទេ តែ​យើង​មើល​មុខ​ម្នាក់ៗក្នុង​ចំណោម​អ្នក​ស្ដាប់។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​មាន​ន័យ​ថា យើង​មើល​ទឹក​មុខ​របស់​ពួក​គេ ហើយ​យើង​ក៏​មាន​ប្រតិកម្ម​ស្រប​តាម​នោះ​ដែរ។

      ៣ ការ​មើល​អ្នក​ស្ដាប់​មិន​មាន​ន័យ​ថា យើង​គ្រាន់​តែ​ងាក​មើល​អ្នក​ស្ដាប់​ចុះ​ឡើង​ពី​ខាង​ណេះ​ទៅ​ខាង​ណោះ​នោះ​ទេ។ ចូរ​មើល​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់ ហើយ​និយាយ​ទៅ​កាន់​គាត់​ពីរបី​ឃ្លា។ រួច​មក មើល​ម្នាក់​ទៀត ហើយ​និយាយ​ពីរបី​ឃ្លា​ទៅ​កាន់​គាត់។ កុំ​ឲ្យ​សម្លឹង​មើល​នរណា​ម្នាក់​យូរ​ពេក​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ខ្មាស ហើយ​ក៏​កុំ​ឲ្យ​មើល​តែ​មនុស្ស​ពីរបី​នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់​នោះ​ឡើយ។ សូម​មើល​អ្នក​ស្ដាប់​ទាំង​អស់​គ្នា ប៉ុន្តែ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​បុគ្គល​ម្នាក់​នោះ សូម​មើល​ប្រតិកម្ម​គាត់​មុន​នឹង​យើង​មើល​មនុស្ស​ម្នាក់​ទៀត។ យើង​គួរ​ដាក់​កំណត់​លើ​តុ ឬ​កាន់​នឹង​ដៃ ឬ​សៀត​ក្នុង​ព្រះ​គម្ពីរ ដើម្បី​អាច​មើល​កំណត់​យ៉ាង​លឿន ដោយ​គ្រាន់​តែ​ក្រឡេក​មើល​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ត្រូវ​ឈ្ងោក​មើល​កំណត់ នោះ​យើង​ពុំ​អាច​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ស្ដាប់​បាន​ទេ។

      ៤ អ្នក​ជូន​ឱវាទ​មិន​យក​ចិត្ត​ទុក​ដាក់​ថា​ប៉ុន្មាន​ដង​ដែល​យើង​មើល​កំណត់​ទេ តែ​គាត់​នឹង​កត់​សម្គាល់​អំពី​ពេល​ណា​ដែល​យើង​មើល​កំណត់​នោះ។ បើ​យើង​មើល​កំណត់​ពេល​ដែល​និយាយ​មក​ដល់​ចំណុច​សំខាន់​មួយ នោះ​យើង​នឹង​មិន​ឃើញ​ប្រតិកម្ម​របស់​អ្នក​ស្ដាប់​ទេ។ ប្រសិន​បើ​យើង​មើល​កំណត់​ញឹក​ពេក នោះ​យើង​នឹង​លែង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​ហើយ។ តាម​ធម្មតា ទង្វើ​បែប​នេះ​បង្ហាញ​ថា យើង​មាន​អារម្មណ៍​ភ័យ ឬ​ក៏​យើង​មិន​បាន​រៀបចំ​គ្រប់គ្រាន់​ដើម្បី​ថ្លែង​សុន្ទរកថា​នោះ។

      ៥ មាន​ពេល​ខ្លះ​អ្នក​ថ្លែង​ដែល​មាន​បទពិសោធន៍​ត្រូវ​ថ្លែង​សុន្ទរកថា​ដោយ​អាន​ចំៗ ហើយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ពិបាក​មើល​អ្នក​ស្ដាប់​មែន។ ប៉ុន្តែ បើ​អ្នក​ថ្លែង​រៀបចំ​បាន​ល្អ ហើយ​ដឹង​ពត៌មាន​នោះ​យ៉ាង​ច្បាស់ ម្ដងម្កាល​គាត់​អាច​មើល​អ្នក​ស្ដាប់​ដោយ​ឥត​បាត់​កន្លែង​អាន។ នេះ​ក៏​ជា​អ្វី​ដែល​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​អាន​អំនាន​នោះ​ដោយ​មាន​ភាព​រស់​រវើក។

      ៦ ទំនាក់ទំនង​ដោយ​និយាយ​ចំពោះ​អ្នក​ស្ដាប់: នេះ​ក៏​សំខាន់​ចាំបាច់​ដូច​នឹង​ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់​ដែរ។ ពាក្យ​ដែល​យើង​ប្រើ​គឺ​សំខាន់​ណាស់ ពេល​ដែល​យើង​និយាយ​ចំពោះ​អ្នក​ស្ដាប់។

      ៧ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​បុគ្គល​ម្នាក់ យើង​សំដៅ​ទៅ​គាត់​ដោយ​ប្រើ​ពាក្យ «អ្នក» ឬ«របស់​អ្នក» ឬ​ក៏«យើង» ឬ«របស់​យើង»។ នៅ​ពេល​ដែល​សមរម្យ យើង​អាច​និយាយ​ដូច​នេះ​ចំពោះ​អ្នក​ស្ដាប់​ជា​ច្រើន​បាន។ ចូរ​ចាត់​ទុក​សុន្ទរកថា​ហាក់​ដូច​ជា​យើង​និយាយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់។ សូម​ខំ​មើល​អ្នក​ស្ដាប់​ឲ្យ​បាន​ដិត​ដល់ ដើម្បី​និយាយ​ទៅ​កាន់​ពួក​គេ​ហាក់​ដូច​ជា​កំពុង​តែ​តប​ឆ្លើយ​នូវ​អ្វី​ដែល​គេ​បាន​និយាយ​មក​យើង។ ការ​និយាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​យើង​មាន​ភាព​កក់ក្ដៅ​ជាង។

      ៨ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​និយាយ​ដូច​ជា​ជិត​ស្និទ្ធ​ពេក​នឹង​អ្នក​ស្ដាប់​ដល់​ម្ល៉េះ​បាន​ជា​ហ៊ាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​វិញ។ យើង​គួរ​ថ្លែង​ជូន​អ្នក​ស្ដាប់​ដោយ​ប្រើ​ពាក្យ​ថ្លៃថ្នូរ​មិន​ជិត​ស្និទ្ធ​ពេក ដូច​ពេល​ដែល​យើង​ពិគ្រោះ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​ក្នុង​កិច្ចបំរើ​ផ្សាយ។ ប៉ុន្តែ យើង​អាច​និយាយ​ចំៗបាន​ហើយ​ក៏​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដែរ។

      ៩ បញ្ហា​មួយ​ទៀត: ពេល​ដែល​យើង​ប្រើ​សព្វ​នាម យើង​ត្រូវ​ប្រយ័ត្ន​កុំ​សំដៅ​ទៅ​លើ​អ្នក​ស្ដាប់​ដោយ​ឥត​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ បើ​ថ្លែង​សុន្ទរកថា​អំពី​អំពើ​អាក្រក់ យើង​មិន​ចង់​ប្រើ​ពាក្យ​ដែល​បង្កប់​អំណះអំណាង​ថា អ្នក​ស្ដាប់​គឺ​ជា​មនុស្ស​អាក្រក់​នោះ​ឡើយ។ ឬ​ក៏ ប្រសិន​បើ​យើង​កំពុង​តែ​ពិគ្រោះ​ក្នុង​ប្រជុំ​អប់រំ​កិច្ចបំរើ​អំពី​ចំនួន​ម៉ោង​តិច​ក្នុង​កិច្ចបំរើ​ផ្សាយ​នោះ យើង​អាច​រួម​បញ្ចូល​ខ្លួន​យើង​ក្នុង​សុន្ទរកថា​នោះ​ដែរ ដោយ​ប្រើ​សព្វ​នាម«យើង» ជាជាង​ប្រើ​ពាក្យ«អ្នក»។ ការ​ចេះ​គិត​ជា​មុន​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ស្ដាប់ នោះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​បញ្ហា​ទាំង​នេះ។

      **********

      ១០ ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា: មាន​អ្នក​ថ្មី​តិច​ណាស់​ដែល​អាច​ចាប់​ផ្ដើម​ថ្លែង​ដោយ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា។ តាម​ធម្មតា ពួក​គេ​នឹង​សរសេរ​សុន្ទរកថា​នោះ​ទុក​ជា​មុន ហើយ​រួច​មក​អាន​ឬ​ថ្លែង​ដោយសារ​ទន្ទេញ​ចាំ​វិញ។ អ្នក​ជូន​ឱវាទ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​នេះ​នៅ​ដើម​ដំបូង​ទេ។ ប៉ុន្តែ ពេល​យើង​ហាត់​និយាយ​ចំណុច​នេះ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ដែល​ហៅ​ថា «ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា» នោះ​គាត់​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​និយាយ​ដោយ​ប្រើ​កំណត់​ខ្លីៗ។ ពេល​យើង​ចេះ​ធ្វើ​នេះ​យ៉ាង​ស្ទាត់​ហើយ យើង​នឹង​ឃើញ​ថា យើង​បាន​បង្កើន​ឲ្យ​មាន​សមត្ថភាព​ច្រើន​មែន ជា​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ។

      ១១ កូន​ក្មេង​និង​មនុស្ស​ពេញ​វ័យ​ដែល​មិន​ចេះ​អាន ក៏​អាច​ថ្លែង​សុន្ទរកថា​បាន​ដែរ ដោយ​គូរ​គំនូរ​ដើម្បី​រំឭក​ពី​គោល​គំនិត។ យើង​អាច​រៀបចំ​សុន្ទរកថា​របស់​យើង​ដោយ​ប្រើ​ទម្រង់​ដ៏​ស្រួល​ដែរ ដូច​ជា​ការ​បង្ហាញ​នូវ​បទ​គម្ពីរ​ដែល​មាន​ក្នុង​កូន​សៀវភៅ​ប្រធាន​បទ​គម្ពីរ​សំរាប់​ការ​ពិគ្រោះ។ រាល់​ដង​ដែល​យើង​ផ្សព្វផ្សាយ យើង​និយាយ​ដោយ​មិន​បាច់​អាន​ឯកសារ​ណា​ទេ។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​ក្នុង​សាលា​ព្រះ​ធិបតេយ្យ បើ​យើង​ខំ​ប្រឹង​ស្មារតី​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក