បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ៨ ទំ. ៣៧-៤២
  • ការបញ្ជាក់គោលរឿងនិងគោលចំណុច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបញ្ជាក់គោលរឿងនិងគោលចំណុច
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ៨ ទំ. ៣៧-៤២

ចំណុច​ហាត់​រៀន​ទី៨

ការ​បញ្ជាក់​គោល​រឿង​និង​គោល​ចំណុច

១ សុន្ទរកថា​និ​មួយៗត្រូវ​ការ​គោល​រឿង​ដើម្បី​ឲ្យ​មាន​គោល​ដៅ និង​ដើម្បី​ភ្ជាប់​ចំណុច​ផ្សេងៗតាម​របៀប​ត្រឹម​ត្រូវ។ ទោះបី​សុន្ទរកថា​មាន​គោល​រឿង​អ្វី​ក៏​ដោយ គោល​រឿង​នោះ​គួរ​លើក​បញ្ជាក់​ឲ្យ​បាន​ច្រើន​ក្នុង​គ្រប់​ផ្នែក​នៃ​សុន្ទរកថា។ គោល​រឿង​គឺ​ជា​ខ្លឹមសារ​នៃ​សុន្ទរកថា។ គោល​រឿង​ប្រហែល​ជា​មាន​ប្រវែង​មួយ​ឃ្លា​ប៉ុណ្ណោះ តែ​ក្នុង​ឃ្លា​នោះ​ក៏​មាន​រួម​បញ្ចូល​គ្រប់​ផ្នែក​នៃ​សាច់​រឿង​ដែល​យើង​ថ្លែង។ គោល​រឿង​គួរ​លេច​ធ្លោ​ឲ្យ​អ្នក​ស្ដាប់​គ្រប់​គ្នា​ចង​ចាំ។ បើ​យើង​បញ្ជាក់​គោល​រឿង​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​អ្នក​ស្ដាប់​នឹង​យល់​អំពី​គោល​រឿង​បាន​យ៉ាង​ស្រួល។

២ គោល​រឿង​នៃ​សុន្ទរកថា​មិន​មែន​ជា​ប្រធាន​ទូលំទូលាយ​មួយ ដូច​ជា«ជំនឿ»នោះ​ទេ។ ប៉ុន្តែ គោល​រឿង​គឺ​ជា​ទិដ្ឋភាព​មួយ​ដែល​ត្រូវ​ពិគ្រោះ​អំពី​ប្រធាន​នោះ។ ជា​ឧទាហរណ៍​គោល​រឿង​អាច​មាន​ដូច​ត​ទៅ​នេះ៖ «តើ​ជំនឿ​របស់​អ្នក​មាន​ដល់​កំរិត​ណា?» ឬ «យើង​ត្រូវ​ការ​ជំនឿ​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ» ឬ «គ្រឹះ​មូលដ្ឋាន​នៃ​ជំនឿ​របស់​អ្នក» ឬ​ក៏«ចូរ​បន្ត​បណ្ដុះ​ឲ្យ​មាន​ជំនឿ»។ ទោះ​ជា​គោល​រឿង​ទាំង​ប៉ុន្មាន​នេះ​សំដៅ​ទៅ​លើ​ជំនឿ​ក៏​ដោយ តែ​គោល​រឿង​និ​មួយៗវិភាគ​លើ​ប្រធាន​តាម​វិធី​ផ្សេងៗ ហើយ​ត្រូវ​ការ​នូវ​ការ​បកស្រាយ​តាម​របៀប​ផ្សេងៗដែរ។

៣ ក្នុង​ករណី​ខ្លះ​យើង​ត្រូវ​តែ​ប្រមូល​ពត៌មាន​សិន មុន​នឹង​យើង​ជ្រើសរើស​គោល​រឿង។ ប៉ុន្តែ យើង​ត្រូវ​ស្ថាបនា​គោល​រឿង​ឲ្យ​បាន​ច្បាស់​មុន​នឹង​រៀបចំ​ទម្រង់​នៃ​សុន្ទរកថា ឬ​មុន​នឹង​ជ្រើសរើស​គោល​ចំណុច។ ជា​ឧទាហរណ៍ បន្ទាប់​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​សិស្ស ជា​រៀង​រាល់​ដង​យើង​ប្រហែល​ជា​ចង់​ពិគ្រោះ​អំពី​អង្គការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នេះ​ជា​ប្រធាន​ទូលំទូលាយ​មួយ។ ដើម្បី​សម្រេច​ថា យើង​នឹង​និយាយ​អ្វី​ខ្លះ​អំពី​ប្រធាន​នេះ យើង​ត្រូវ​តែ​គិត​អំពី​អ្នក​ស្ដាប់ និង​អំពី​គោល​បំណង​នៃ​ការ​ពិគ្រោះ​នោះ។ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ យើង​ត្រូវ​ជ្រើសរើស​គោល​រឿង​មួយ។ ប្រសិន​បើ​យើង​ខំ​ជួយ​អ្នក​ថ្មី​ឲ្យ​ចូល​រួម​កិច្ចបំរើ​ផ្សាយ យើង​ប្រហែល​ជា​ចង់​បង្ហាញ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ នេះ​គឺ​ជា​គោល​រឿង​របស់​យើង។ អ្វីៗទាំង​អស់​ដែល​យើង​ប្រាប់​ពេល​នោះ គឺ​ដើម្បី​ពន្យល់​គោល​រឿង​តែ​មួយ​ដែល​ទាក់ទង​នឹង​ប្រធាន​ទូលំទូលាយ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

៤ តើ​យើង​អាច​បញ្ជាក់​គោល​រឿង​ក្នុង​សុន្ទរកថា​យ៉ាង​ដូច​ម្ដេច? មុន​ដំបូង យើង​ត្រូវ​តែ​ជ្រើសរើស​យក​គោល​រឿង​ដែល​សម​ស្រប​នឹង​គោល​បំណង​របស់​យើង។ នេះ​តម្រូវ​ឲ្យ​យើង​រៀបចំ​ទុក​ជា​មុន។ កាល​ណា​យើង​បាន​ជ្រើសរើស​គោល​រឿង ហើយ​បាន​រៀប​ពន្យល់​ចំណុច​នានា​ដែល​ទាក់ទង​នឹង​គោល​រឿង នោះ​គោល​រឿង​ត្រូវ​លេច​ធ្លោ​ស្រេច​តែ​យើង​ថ្លែង​តាម​ទម្រង់​នៃ​សុន្ទរកថា​ដែល​យើង​បាន​រៀបចំ។ ប៉ុន្តែ ពេល​ថ្លែង​សុន្ទរកថា យើង​គួរ​បញ្ជាក់​ម្ដងម្កាល​នូវ​ពាក្យ​គន្លឹះ​ឬ​គោល​គំនិត​នៃ​គោល​រឿង ហើយ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្បាស់​នូវ​គោល​រឿង​នោះ។

៥ គោល​រឿង​សម​ត្រឹម​ត្រូវ: នៅ​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ ធម្មតា​គឺ​គ្មាន​បញ្ហា​ទេ​ដើម្បី​រក​គោល​រឿង​សម​ត្រឹម​ត្រូវ ពីព្រោះ​ក្នុង​ករណី​ជា​ច្រើន យើង​ទទួល​បាន​គោល​រឿង​ជា​ស្រេច។ ប៉ុន្តែ មិន​មែន​សុន្ទរកថា​ទាំង​អស់​មាន​គោល​រឿង​ស្រាប់​នោះ​ទេ។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​គោល​រឿង។

៦ តើ​យើង​អាច​ដឹង​យ៉ាង​ណា ថា​គោល​រឿង​មួយ​គឺ​សម​ត្រឹម​ត្រូវ? យើង​ដឹង​បាន​ដោយ​ផ្អែក​លើ​ចំណុច​ខ្លះៗ។ យើង​ត្រូវ​តែ​គិត​អំពី​អ្នក​ស្ដាប់ គោល​បំណង និង​ពត៌មាន​ដែល​យើង​ត្រូវថ្លែង។ ប្រសិន​បើ​យើង​ធ្លាប់​ថ្លែង​សុន្ទរកថា​ដោយ​មិន​បញ្ជាក់​គោល​រឿង​ទេ គឺ​ប្រហែល​ជា​យើង​មិន​បាន​រៀបចំ​សុន្ទរកថា​ដោយ​មាន​គោល​គំនិត​ជាក់​ច្បាស់​ណា​មួយ​ដែរ។ យើង​ប្រហែល​ជា​រួម​បញ្ចូល​ចំណុច​ច្រើន​ពេក ដែល​មិន​សូវ​ជួយ​ធ្វើ​ឲ្យ​គោល​រឿង​លេច​ធ្លោ​នោះ​ឡើយ។

៧ ការ​បញ្ជាក់​នូវ​គំនិត​ឬ​ពាក្យ​សំខាន់ៗតាម​គោល​រឿង: វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ឲ្យ​ផ្នែក​ផ្សេងៗនៃ​សុន្ទរកថា​លើក​បញ្ជាក់​ពី​គោល​រឿង​នោះ គឺ​ដោយ​ប្រើ​ពាក្យ​គន្លឹះ​ម្ដងម្កាល ឬ​ប្រាប់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​គោល​គំនិត​ពី​គោល​រឿង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ចំរៀង​ស្នេហា។ ក្នុង​ចំរៀង​ស្នេហា អ្នក​ច្រៀង​នឹង​ច្រៀង​អំពី​គោល​រឿង ពោល​គឺ​ស្នេហា​ដែល​គាត់​មាន​ចំពោះ​បុគ្គល​ដែល​គាត់​ស្រឡាញ់។ គាត់​អាច​បញ្ជាក់​គោល​រឿង​នេះ​តាម​របៀប​ផ្សេងៗ។ គាត់​អាច​ប្រើ​ពាក្យ​ផ្សេង​ជំនួស​ពាក្យ«ស្នេហា»។ ម្យ៉ាង​ទៀត គាត់​អាច​ប្រើ​ពាក្យ​សទិស​ន័យ ពាក្យ​ប្រៀបប្រដូច ពាក្យ​កំណាព្យ ឬ​រឿង​ប្រៀបប្រដូច​ឯ​ទៀត។ ក៏​ប៉ុន្តែ ចំរៀង​នេះ​នៅ​តែ​សំដៅ​ទៅ​លើ​គោល​រឿង​ដដែល។

៨ គោល​រឿង​នៃ​សុន្ទរកថា​ក៏​គួរ​ដូច្នេះ​ដែរ។ ដូច​ជា​ការ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​គំនិត​ស្នេហា​ក្នុង​បទ​ចំរៀង​ទាំង​មូល នោះ​យើង​ក៏​អាច​ប្រើ​ម្ដងម្កាល​នូវ​ពាក្យ​សំខាន់ៗពី​គោល​រឿង​ក្នុង​កំឡុង​ការ​ថ្លែង​សុន្ទរកថា។ ដើម្បី​ឲ្យ​មាន​ទិដ្ឋភាព​ផ្សេងៗ យើង​អាច​ប្រើ​ពាក្យ​សទិស​ន័យ​នៃ​ពាក្យ​គន្លឹះ​នោះ ឬ​បញ្ជាក់​ពី​គោល​រឿង​ដោយ​ប្រើ​ពាក្យ​ផ្សេង​ក៏​បាន។ ទង្វើ​បែប​នេះ​នឹង​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចង​ចាំ​មិន​ភ្លេច​នូវ​គោល​រឿង​ជា​ចំណុច​សំខាន់។

**********

៩ ក្រោយ​ពី​បាន​ជ្រើសរើស​គោល​រឿង​នៃ​សុន្ទរកថា ជំហាន​បន្ទាប់​គឺ​ការ​ជ្រើសរើស​គោល​ចំណុច​ដែល​យើង​ចង់​ប្រើ​ក្នុង​ការ​ពន្យល់​នូវ​គោល​រឿង​នោះ។ ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ហៅ​ចំណុច​នេះ​ថា «គោល​ចំណុច​ត្រូវ​បញ្ជាក់​ច្បាស់​លាស់»។

១០ តើ​គោល​ចំណុច​ក្នុង​សុន្ទរកថា​រួម​បញ្ចូល​អ្វី​ខ្លះ? គោល​ចំណុច​មិន​មែន​ជា​គំនិត​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​ចំណុច​ដែល​យើង​ត្រូវ​និយាយ​យ៉ាង​សង្ខេប​ប៉ុណ្ណោះ​ទេ។ គោល​ចំណុច​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​សុន្ទរកថា គឺ​ជា​គំនិត​ដែល​យើង​ត្រូវ​ពន្យល់​យូរ​បន្ដិច។ គោល​ចំណុច​អាច​ប្រៀបប្រដូច​នឹង​ផ្លាក​បិទ​លើ​ធ្នើរ​នៅ​ក្នុង​ហាង​ធំ ដើម្បី​ជួយ​យើង​សម្គាល់​ថា មាន​វត្ថុ​ណា​ខ្លះ​តាម​ជួរ​និ​មួយៗ ហើយ​អំពី​វត្ថុ​ណា​ដែល​គួរ​ឬ​មិន​គួរ​ដាក់​លើ​ធ្នើរ​នៅ​ជួរ​និ​មួយៗនោះ។ នៅ​លើ​ធ្នើរ​ដែល​មាន​ផ្លាក​ថា‹ភេសជ្ជៈ› នោះ​គេ​មិន​គួរ​ដាក់​ត្រី​ខ​និង​មី​កញ្ចប់​ទេ ដ្បិត​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ទិញ​ច្រឡំ​ជួរ​គ្នា។ ក្រោម​ផ្លាក‹កាហ្វេ​និង​តែ› នោះ​មិន​គួរ​ដាក់​អង្ករ​ទេ។ មួយ​ទៀត បើ​មាន​វត្ថុ​ច្រើន​ពេក​ហើយ​បាំង​ផ្លាក​នោះ នេះ​ធ្វើ​ឲ្យ​ពិបាក​រក​វត្ថុ​ផ្សេងៗ។ ប៉ុន្តែ បើ​អាច​មើល​ឃើញ​ផ្លាក​យ៉ាង​ងាយ​ហើយ​ច្បាស់​ទៀត នោះ​អ្នក​ទិញ​អាច​ឆាប់​ដឹង​ថា វត្ថុ​ណា​ដែល​នៅ​ពី​មុខ​គាត់។ គោល​ចំណុច​ក្នុង​សុន្ទរកថា ក៏​ត្រូវ​រៀបចំ​យ៉ាង​ដូច្នេះ​ដែរ។ បើ​អ្នក​ស្ដាប់​អាច​សម្គាល់​និង​ចាំ​នូវគោល​ចំណុច​និ​មួយៗ នោះ​ពួក​គេ​មិន​ចាំបាច់​សរសេរ​កំណត់​ច្រើន​ប៉ុន្មាន ដើម្បី​យល់​សាច់​រឿង​រហូត​ដល់​យើង​ថ្លែង​ចប់។

១១ កត្ដា​មួយ​ទៀត។ យើង​នឹង​ជ្រើសរើស​ហើយ​ប្រើ​គោល​ចំណុច​ខុសៗគ្នា ស្រេច​ទៅ​លើ​អ្នក​ស្ដាប់​និង​គោល​បំណង​នៃ​សុន្ទរកថា។ អាស្រ័យ​ហេតុ​នេះ អ្នក​ត្រួត​ពិនិត្យ​សាលា​គួរ​ស្ទង់​មើល​នូវ​គោល​ចំណុច​ដែល​សិស្ស​បាន​ជ្រើសរើស ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​សិស្ស​ប្រើ​គោល​ចំណុច​នោះ គឺ​មិន​ផ្អែក​លើ​គោល​ចំណុច​ដែល​អ្នក​ជូន​ឱវាទ​បាន​ជ្រើសរើស​ទុក​ជា​មុន​នោះ​ទេ។

១២ ពេល​ជ្រើសរើស​គោល​ចំណុច យើង​គួរ​ជ្រើសរើស​តែ​ចំណុច​ណា​ដែល​ត្រូវ​ការ​ចាំបាច់។ ដូច្នេះ យើង​គួរ​សួរ​ខ្លួន​ឯង​ថា៖ ហេតុ​អ្វី​បាន​ជា​ចំណុច​នេះ​ចាំបាច់? ចំណុច​នោះ​គឺ​ត្រូវ​ការ​ចាំបាច់ បើ​យើង​ពុំ​អាច​សម្រេច​នូវ​គោល​បំណង​នៃ​សុន្ទរកថា​ដោយ​ឥត​ប្រើ​ចំណុច​នោះ។ ជា​ឧទាហរណ៍ បើ​យើង​កំពុង​តែ​ពិគ្រោះ​អំពី​តម្លៃ​លោះ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ដឹង​អំពី​លទ្ធិ​នេះ គឺ​សំខាន់​ដែល​យើង​ពន្យល់​ជា​មុន​សិន​ថា ព្រះ​យេស៊ូ​ធ្លាប់​គង់​នៅ​លើ​ផែនដី​ជា​មនុស្ស។ បើ​មិន​ដូច្នេះ​ទេ យើង​ពុំ​អាច​បង្ហាញ​ថា យញ្ញបូជា​របស់​ទ្រង់​គឺ​ស្មើ​នឹង​ជីវិត​អ័ដាម​នោះ​ឡើយ។ ដូច្នេះ​ហើយ យើង​ចាត់​ទុក​ចំណុច​នេះ​ជា​គោល​ចំណុច​មួយ​នៃ​ការ​ពិគ្រោះ។ ប៉ុន្តែ បើ​យើង​បាន​បង្ហាញ​គាត់​នូវ​ទី​សំអាង​ថា​ព្រះ​ឯក​ត្រី​អង្គ​ជា​លទ្ធិ​មិន​ពិត នោះ​ការ​ពិគ្រោះ​អំពី​ឋានៈ​របស់​ព្រះ​យេស៊ូ​កាល​ទ្រង់​ជា​មនុស្ស គ្រាន់​តែ​ជា​ចំណុច​បន្ទាប់បន្សំ​វិញ ពីព្រោះ​គេ​បាន​ទទួល​ស្គាល់​ចំណុច​នេះ​ហើយ។ ដោយ​ហេតុ​នេះ គឺ​ស្រួល​ឲ្យ​យើង​ពន្យល់​អំពី​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ ថា​មាន​តម្លៃ​ស្មើ​នឹង​ជីវិត​អ័ដាម។ ក្នុង​ករណី​នេះ ការ​ពន្យល់​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​ជា​មនុស្ស គឺ​មិន​ចាំបាច់​ទេ។

១៣ ដូច្នេះ ចូរ​សួរ​ខ្លួន​ថា៖ តើ​អ្នក​ស្ដាប់​ដឹង​អ្វី​ខ្លះ​រួច​ហើយ? តើ​ខ្ញុំ​ត្រូវ​បង្កើត​គ្រឹះ​មូលដ្ឋាន​អ្វី​ដើម្បី​សម្រេច​គោល​បំណង? ប្រសិន​បើ​យើង​ដឹង​ចម្លើយ​ចំពោះ​សំនួរ​ទី​មួយ យើង​អាច​ឆ្លើយ​សំនួរ​ទីពីរ​ដោយ​ប្រមូល​ហើយ​ទុក​ដោយ​ឡែក​នូវ​ពត៌មាន​ដែល​អ្នក​ស្ដាប់​ដឹង​រួច​ហើយ។ បន្ទាប់​មក យើង​អាច​យក​ចំណុច​ឯ​ទៀត រៀប​ទុក​ជា​គោល​ចំណុច​បី​បួន​ប៉ុណ្ណោះ។ គោល​ចំណុច​ទាំង​នេះ​ប្រៀប​ដូច​ជា​សញ្ញា​ឬ​ផ្លាក​សម្គាល់ ថា​យើង​កំពុង​តែ​ផ្ដល់​អាហារ​ណា​ខាង​វិញ្ញាណ​ជូន​អ្នក​ស្ដាប់។ យើង​មិន​គួរ​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​គោល​ចំណុច​ទាំង​ប៉ុន្មាន ហាក់​ដូច​ជា​មាន​អ្វី​បាំង​ផ្លាក​ដែល​នៅ​លើ​ធ្នើរ​នោះ។ គោល​ចំណុច​របស់​យើង​ត្រូវ​លេច​ធ្លោ​ជាង​គេ។

១៤ កុំ​ប្រើ​គោល​ចំណុច​ច្រើន​ពេក: ប្រធាន​និ​មួយៗមាន​តែ​ចំណុច​ចាំបាច់​ខ្លះៗប៉ុណ្ណោះ។ ក្នុង​ករណី​ភាគ​ច្រើន គោល​ចំណុច​មាន​ចំនួន​តិច​ជាង​ម្រាម​ដៃ​របស់​យើង មិន​ថា​យើង​មាន​ពេល​វេលា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​ប្រើ​ចំណុច​តែ​បី​បួន​ប៉ុណ្ណោះ។ កុំ​ធ្វើ​ខុស​ពី​ធម្មតា ដោយ​លើក​គោល​ចំណុច​ច្រើន​ពេក។ ពេល​ផ្សារ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាន​តូប​ច្រើន នោះយើង​ប្រហែល​ជា​ត្រូវ​សុំ​គេ​ជួយ​ប្រាប់​ផ្លូវ។ អ្នក​ស្ដាប់​អាច​យល់​បាន​តែ​គំនិត​បី​បួន​ប៉ុណ្ណោះ​ទេ កាល​ដែល​ស្ដាប់​សុន្ទរកថា​ណា​មួយ។ បើ​សុន្ទរកថា​មាន​រយៈ​ពេល​យូរ នោះ​គោល​ចំណុច​ត្រូវ​ធ្វើ​ឲ្យ​ស្រួល​យល់ ហើយ​ត្រូវ​បញ្ជាក់​កាន់​តែ​ច្បាស់​ឡើង​ដែរ។ ដូច្នេះ កុំ​តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ចាំ​នូវ​ចំណុច​ច្រើន​ពេក។ ចូរ​ជ្រើសរើស​ចំណុច​ណា​ដែល​យើង​គិត​ថា ជា​ចំណុច​សំខាន់​ជាង​គេ​ដែល​អ្នក​ស្ដាប់​ត្រូវ​ចាំ​មិន​ភ្លេច ហើយ​រួច​មក ចំណាយ​ពេល​វេលា​ក្នុង​ការ​ពិគ្រោះ​ចំណុច​ទាំង​នោះ​ចុះ។

១៥ តើ​យើង​អាច​ដឹង​បាន​យ៉ាង​ណា ថា​មាន​គោល​ចំណុច​ច្រើន​ពេក​ឬ​ល្មម​នោះ? និយាយ​ឲ្យ​ចំ បើ​យើង​អាច​សម្រេច​គោល​បំណង​នៃ​សុន្ទរកថា​បាន ដោយ​មិន​លើក​បញ្ជាក់​ចំណុច​ណា​មួយ នេះ​បាន​ន័យ​ថា ចំណុច​នោះ​គឺ​មិន​មែន​ជា​គោល​ចំណុច​ទេ។ ដើម្បី​សង្ខេប​សេចក្ដី​ក្នុង​សុន្ទរកថា យើង​អាច​រួម​បញ្ចូល​ចំណុច​នោះ​ជា​ពាក្យ​ភ្ជាប់​ឬ​ជា​ការ​រំឭក ប៉ុន្តែ​ចំណុច​នោះ​មិន​គួរ​លេច​ធ្លោ​ស្មើ​នឹង​គោល​ចំណុច​ដែល​យើង​ត្រូវ​ប្រើ​ជា​ចាំបាច់​នោះ​ទេ។

១៦ ម្យ៉ាង​ទៀត យើង​ត្រូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពន្យល់​ចំណុច​និ​មួយៗឲ្យ​បាន​ច្បាស់​លាស់។ បើ​មាន​សេចក្ដី​ជា​ច្រើន​ដែល​យើង​ត្រូវ​ប្រាប់​ក្នុង​រយៈ​ខ្លី នោះ​កុំ​និយាយ​ច្រើន​អំពី​ចំណុច​ដែល​អ្នក​ស្ដាប់​ស្គាល់​ហើយ។ ចូរ​ដក​ចេញ​នូវ​ចំណុច​ទាំង​នោះ លើក​លែង​តែ​ចំណុច​ណា​ដែល​អ្នក​ស្ដាប់​មិន​ស្គាល់ ហើយ​ពន្យល់​ចំណុច​ទាំង​នោះ​ឲ្យ​បាន​ច្បាស់​ដល់​ម្ល៉េះ​ដែល​អ្នក​ស្ដាប់​នឹង​ចង​ចាំ​ចំណុច​នោះ​មិន​ភ្លេច​សោះ។

១៧ នៅ​ទីបំផុត សុន្ទរកថា​របស់​យើង​គួរ​ស្ដាប់​ទៅ​ស្រួល​យល់។ នេះ​មិន​តែង​តែ​អាស្រ័យ​លើ​ចំនួន​ពត៌មាន​ដែល​ត្រូវ​ពន្យល់​នោះ​ទេ។ គឺ​ស្រេច​ទៅ​លើ​របៀប​ដែល​យើង​រៀបចំ​គោល​ចំណុច​នានា​វិញ។ ជា​ឧទាហរណ៍ បើ​យើង​ដើរ​ចូល​ហាង​ធំ​មួយ ហើយ​ឃើញ​មាន​អីវ៉ាន់​ដាក់​ជា​គំនរ​នៅ​កណ្ដាល​ហាង​នោះ នេះ​ពិត​ជា​ឥត​មាន​របៀប​រៀប​រយ​សោះ ហើយ​រញ៉េរញ៉ៃ​ទៀត​ផង។ យើង​ពិត​ជា​ពិបាក​រក​អ្វី​មួយ​ណាស់។ ប៉ុន្តែ បើ​គេ​រៀបចំ​ដាក់​អីវ៉ាន់​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​របស់​ដូចៗគ្នា​ត្រូវ​គេ​ប្រមូល​ដាក់​ម្ដុំ ព្រម​ទាំង​មាន​ផ្លាក​សំរាប់​សម្គាល់ នោះ​គួរ​ឲ្យ​ពេញ​ចិត្ត ហើយ​ស្រួល​រក​អីវ៉ាន់​ទៀត​ផង។ ចូរ​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​យើង​ស្រួល​យល់ ដោយ​រៀបចំ​ឲ្យ​មាន​គំនិត​ជា​គោល​ចំណុច​សំខាន់ៗបី​បួន​ប៉ុណ្ណោះ។

១៨ ការ​ពន្យល់​គោល​គំនិត​និ​មួយៗឲ្យ​បាន​ច្បាស់: យើង​ត្រូវ​ពន្យល់​គោល​គំនិត​និ​មួយៗដោយ​ឡែក​ពី​គ្នា។ យើង​ត្រូវ​ពន្យល់​គោល​គំនិត​និ​មួយៗឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​ពេល​ផ្ដើម​វាចា​ឬ​នៅ​ពេល​បញ្ចប់​សុន្ទរកថា យើង​នៅ​តែ​អាច​និយាយ​ជា​សង្ខេប​នូវ​គោល​ចំណុច​បាន។ ប៉ុន្តែ ក្នុង​តួ​សេចក្ដី យើង​ត្រូវ​ពន្យល់​គោល​គំនិត​ម្ដង​មួយៗ ដោយ​មិន​និយាយ​ឡើង​វិញ​ឬ​ពន្យល់​មួយ​សា​ទៀត​ទេ លើក​លែង​តែ​ត្រូវ​ភ្ជាប់​គំនិត​ឬ​សង្កត់​លើ​ចំណុច​ណា​មួយ។ ការ​រៀន​ចេះ​រៀបចំ​កំណត់​តាម​គោល​គំនិត​និ​មួយៗនឹង​ជួយ​បញ្ជាក់​ថា តើ​គោល​ចំណុច​ត្រូវ​បាន​ពន្យល់​ច្បាស់​ឬ​ក៏​អត់។

១៩ ចំណុច​បន្ទាប់បន្សំ​ជួយ​បញ្ជាក់​នូវ​គោល​គំនិត: ភស្តុតាង បទ​គម្ពីរ ឬ​ពត៌មាន​ឯ​ទៀត គួរ​ទាក់ទាញ​ស្មារតី​អ្នក​ស្ដាប់​ពិចារណា​នូវ​គោល​គំនិត ហើយ​ក៏​គួរ​បញ្ជាក់​ពី​គោល​គំនិត​នោះ​ឲ្យ​បាន​ច្បាស់​ទៀត។

២០ ពេល​រៀបចំ ចូរ​វិភាគ​ចំណុច​បន្ទាប់បន្សំ​និង​ទុក​តែ​ចំណុច​ណា​ដែល​ជួយ​បញ្ជាក់​គោល​ចំណុច​ប៉ុណ្ណោះ ដើម្បី​ពន្យល់​ពី​គោល​ចំណុច​ឲ្យ​បាន​ច្បាស់ ឬ​ដើម្បី​បញ្ជាក់​ភស្តុតាង ឬ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ចំណុច​នោះ​លេច​ធ្លោ​ឡើង។ កុំ​ប្រើ​ចំណុច​ណា​ដែល​មិន​ទាក់ទង​ឲ្យ​សោះ ដ្បិត​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ប៉ុណ្ណោះ។

២១ ចំណុច​ណា​ដែល​ទាក់ទង​នឹង​គោល​ចំណុច យើង​ត្រូវ​ពន្យល់​ឲ្យ​ភ្ជាប់​នឹង​គំនិត​នោះ។ កុំ​ទុក​ឲ្យ​អ្នក​ស្ដាប់​កាត់​ស្រាយ​នូវ​ទំនាក់ទំនង​រវាង​ចំណុច​និ​មួយៗដោយ​ខ្លួន​គេ​ឡើយ។ ចូរ​ពន្យល់​ឲ្យ​គេ​ឃើញ​ច្បាស់​នូវ​ទំនាក់ទំនង​នោះ។ ចូរ​ប្រាប់​យ៉ាង​ចំ​ថា ចំណុច​ទាំង​នោះ​ទាក់ទង​គ្នា​យ៉ាង​ណា។ បើ​យើង​មិន​ប្រាប់​ចំ នោះ​ធម្មតា​គេ​នឹង​មិន​យល់​ទេ។ យើង​អាច​ប្រាប់​ចំៗបាន ដោយ​និយាយ​មួយ​សា​ទៀត​នូវ​ពាក្យ​គន្លឹះ​ដែល​បង្ហាញ​ពី​គោល​គំនិត ឬ​ក៏​ម្ដងម្កាល​យើង​អាច​ប្រាប់​សា​ឡើង​វិញ​នូវ​គោល​ចំណុច​នោះ។ ពេល​ដែល​យើង​ចេះ​ធ្វើ​ឲ្យ​ចំណុច​បន្ទាប់បន្សំ​ដៅ​បញ្ជាក់​ពី​គោល​ចំណុច​នៃ​សុន្ទរកថា ហើយ​ចេះ​ភ្ជាប់​គោល​ចំណុច​និ​មួយៗជា​មួយ​នឹង​គោល​រឿង​ដែរ នោះ​សុន្ទរកថា​របស់​យើង​នឹង​មាន​ភាព​ស្រួល​យល់​ជា​ទីបំផុត​ដែល​ធ្វើ​ឲ្យ​ស្រួល​ថ្លែង ហើយ​មិន​ងាយ​ឲ្យ​អ្នក​ស្ដាប់​ភ្លេច​ផង​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​-​៤​. សូម​ពន្យល់​ថា គោល​រឿង​នៃ​សុន្ទរកថា​ជា​អ្វី។

៥, ៦​. តើ​យើង​អាច​ដឹង​យ៉ាង​ណា​បាន ថា​គោល​រឿង​គឺ​សម​ត្រឹម​ត្រូវ​ឬ​ក៏​អត់​នោះ?

៧, ៨​. សូម​បង្ហាញ​នូវ​របៀប​ផ្សេងៗដែល​យើង​អាច​បញ្ជាក់​នូវ​គោល​រឿង។

៩​-​១៣​. សូម​ពន្យល់​ថា គោល​ចំណុច​ក្នុង​សុន្ទរកថា​រួម​បញ្ចូល​អ្វី​ខ្លះ។ សូម​បង្ហាញ។

១៤​-​១៧​. សូម​ឲ្យ​មូលហេតុ​ខ្លះ​ដែល​យើង​មិន​ត្រូវ​ប្រើ​គោល​ចំណុច​ច្រើន​ពេក។

១៨​. តើ​យើង​គួរ​ពន្យល់​គោល​ចំណុច​នានា​តាម​របៀប​ណា?

១៩​-​២១​. តើ​យើង​គួរ​ប្រើ​ចំណុច​បន្ទាប់បន្សំ​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក