ចំណុចហាត់រៀនទី៧
ការនិយាយសាឡើងវិញ និងកាយវិការ
១ ក្នុងការនិយាយ យើងគួរមានគោលបំណងចង់ផ្ដល់នូវពត៌មានដែលអ្នកស្ដាប់នឹងចាំមិនភ្លេច ជាពត៌មានដែលគាត់អាចអនុវត្តតាមបាន។ ប្រសិនបើអ្នកស្ដាប់ចេះតែភ្លេចពត៌មាននោះ ពួកគេនឹងមិនទទួលប្រយោជន៍ទេ។ វិធីចំបងមួយដែលយើងអាចប្រើដើម្បីជួយអ្នកស្ដាប់ឲ្យចងចាំទុកក្នុងស្មារតីនូវអ្វីៗដែលយើងនិយាយ គឺដោយនិយាយសាឡើងវិញនូវចំណុចសំខាន់ៗ។ ការនិយាយសាឡើងវិញរមែងជួយឲ្យស្រួលចាំមិនភ្លេច។ ការនិយាយសាឡើងវិញ គឺជាវិធីបង្រៀនដ៏សំខាន់ចាំបាច់មួយ។ យើងបានរៀនរួចហើយនូវតម្លៃនៃការនិយាយសាឡើងវិញពេលប្រើបទគម្ពីរ។ ប៉ុន្តែ «ការបញ្ជាក់ដោយនិយាយសាឡើងវិញ» ត្រូវបានកត់ជាចំណុចផ្សេងលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ ពីព្រោះចំណុចនេះគឺទាក់ទងនឹងចំណែកឯទៀតក្នុងសុន្ទរកថា។
២ ដើម្បីជួយយើងឲ្យចេះបញ្ជាក់ដោយនិយាយសាឡើងវិញ យើងនឹងពិគ្រោះចំណុចនេះតាមទិដ្ឋភាពពីរផ្សេងគ្នា។ ទិដ្ឋភាពទាំងពីរនេះមានរបៀបនិយាយសាឡើងវិញខុសគ្នា ហើយមានគោលបំណងខុសពីគ្នាដែរ។ ការលើកគោលចំណុចសាឡើងវិញ គឺជាជំនួយដើម្បីជួយឲ្យចាំមិនភ្លេច។ ការនិយាយសាឡើងវិញនូវចំណុចដែលអ្នកស្ដាប់មិនយល់ គឺជួយឲ្យពួកគេយល់វិញ។
៣ យើងមិនគ្រាន់តែគិតពីការថ្លែងសុន្ទរកថាប៉ុណ្ណោះ ពេលដែលយើងពិនិត្យមើលនូវលក្ខណៈនៃការនិយាយនេះ តែយើងគួរយកចិត្តទុកដាក់នឹងការរៀបចំជាអ្វីដែលសំខាន់ដូចគ្នា។ យើងត្រូវតែសម្រេចទុកជាមុនថា តើយើងគួរនិយាយសាឡើងវិញនូវចំណុចណាខ្លះ ហើយនៅពេលណា?
៤ ការលើកគោលចំណុចសាឡើងវិញ: វិធីដែលគេនិយមលើកគោលចំណុចសាឡើងវិញនោះ គឺដោយនិយាយសង្ខេបបែបម្យ៉ាង។ យើងនឹងពិគ្រោះអំពីរបៀបសង្ខេបពីរយ៉ាង មួយហៅថា ការសង្ខេបជាបណ្ដើរៗ។ មួយទៀតហៅថា ការសង្ខេបបញ្ចប់។
៥ ការសង្ខេបជាបណ្ដើរៗ គឺជាការពិនិត្យសាឡើងវិញភ្លាមៗ នូវគោលចំណុចដែលយើងទើបតែបានពិគ្រោះ ទាំងភ្ជាប់ចំណុចនោះជាមួយគោលចំណុចមុនៗទៀត។ តាមរបៀបនេះ គោលរឿងនៃសុន្ទរកថានឹងត្រូវពន្យល់ឲ្យកាន់តែច្បាស់ឡើងៗ។
៦ មិនថាយើងបានធ្វើការសង្ខេបជាបណ្ដើរៗឬអត់ក៏ដោយ ការសង្ខេបបញ្ចប់នៅចុងសុន្ទរកថានឹងទាញគោលចំណុចទាំងអស់ឲ្យស៊ីគ្នា ហើយយើងអាចសង្ខេបគោលចំណុចក្នុងសុន្ទរកថាសាឡើងវិញ ដោយប្រើតែបីបួនប្រយោគប៉ុណ្ណោះ។ ជួនកាល យកល្អឲ្យយើងប្រាប់ថា មានចំណុចប៉ុន្មានដែលយើងនឹងពិនិត្យសាឡើងវិញ។ នេះក៏ជាជំនួយក្នុងការចងចាំមិនភ្លេច។
៧ ការសង្ខេបមិនគួរជាការនិយាយឡើងវិញច្រំដែលៗនូវចំណុចនិងគំនិតផ្សេងៗនោះទេ។ យើងអាចនិយាយសង្ខេបសាឡើងវិញតាមវិធីផ្សេងៗបានដូចជា: ប្រើរឿងប្រៀបប្រដូច អានបទគម្ពីរ ពន្យល់សាច់រឿងតាមទិដ្ឋភាពផ្សេងទៀត ធ្វើការប្រៀបធៀបឬបង្ហាញភាពខុសគ្នា ដោយលើកឧទាហរណ៍ដែលមានលក្ខណៈដូចគ្នា ឬប្រើពាក្យសទិសន័យ ឬសួរសំនួរជាដើម។ ជាឧទាហរណ៍ ការសង្ខេបសុន្ទរកថាសាធារណៈយ៉ាងមានប្រយោជន៍នោះ គឺដោយចំណាយតែប្រាំនាទីក្នុងការលើកសាឡើងវិញនូវបទគម្ពីរដ៏សំខាន់ៗ និងលើកចំណុចសំខាន់ដែលបញ្ជាក់ហេតុផលក្នុងសុន្ទរកថានោះ។ ការសង្ខេបបែបនេះនឹងបង្ហាញនូវខ្លឹមសារនៃសុន្ទរកថា ក៏ជាអ្វីដែលមនុស្សគ្រប់គ្នាអាចចាំបាន ហើយស្រួលអនុវត្តតាមទៀតផង។
៨ ការនិយាយសាឡើងវិញដោយសង្ខេបសេចក្ដី គឺមានប្រយោជន៍ជាពិសេសពេលថ្លែងសុន្ទរកថាដែលតម្រូវឲ្យវែកញែកនិងត្រិះរិះពិចារណា។ ដោយមានពេលបន្ដិចក្នុងកំឡុងការពិគ្រោះនិងការសង្ខេបសាឡើងវិញនោះ នេះជួយធ្វើឲ្យពត៌មានជ្រួតជ្រាបកាន់តែជ្រៅទៅក្នុងគំនិតរបស់អ្នកស្ដាប់។ ប៉ុន្តែ មិនចាំបាច់ឲ្យយើងសង្ខេបចំណុចនានារាល់ដងឡើយ។ ជួនកាលយើងអាចប្រាប់ចំណុចនោះសាឡើងវិញនៅពេលក្រោយ ទុកជាមូលដ្ឋានល្អសំរាប់ចំណុចមួយទៀតដែលនឹងត្រូវពិគ្រោះ។
៩ របៀបមួយទៀតដែលយើងអាចលើកគោលចំណុចសាឡើងវិញបាន គឺរៀបរាប់ដោយសង្ខេបនូវគោលចំណុចទាំងឡាយនៅពេលផ្ដើមវាចា។ ក្រោយមក យើងអាចពន្យល់ចំណុចនិមួយៗឲ្យបានល្អិតល្អន់ក្នុងតួសេចក្ដី។ ការនិយាយសាឡើងវិញបែបនេះក៏ជួយធ្វើឲ្យពត៌មានដក់ជាប់ក្នុងគំនិតផងដែរ។
១០ ដោយដឹងនូវវិធីផ្សេងៗនៃការលើកគោលចំណុចសាឡើងវិញនេះ យើងអាចធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ហើយពេញចិត្ត ព្រមទាំងជួយធ្វើឲ្យពួកគេស្រួលចងចាំនូវគោលចំណុច។
១១ ការនិយាយសាឡើងវិញនូវចំណុចដែលមិនយល់: តើយើងត្រូវនិយាយសាឡើងវិញនូវចំណុចណាមួយ ដើម្បីឲ្យយល់ច្បាស់ឬ? នេះគឺអាស្រ័យលើអ្នកស្ដាប់ទាំងស្រុង។ ប្រសិនបើចំណុចនោះគឺសំខាន់ចាំបាច់ ហើយអ្នកស្ដាប់នឹងមិនយល់ច្បាស់បើគេមិនឮម្ដងទៀត នោះយើងត្រូវរកវិធីប្រាប់ពួកគេមួយសាទៀត។ បើមិនដូច្នេះទេ ពេលយើងថ្លែងសុន្ទរកថាចប់ នោះអ្នកស្ដាប់ប្រហែលជាមិនបានយល់ច្បាស់នូវគោលចំណុចទាំងប៉ុន្មានទេ។ ផ្ទុយទៅវិញ បើយើងនិយាយសាឡើងវិញពេលមិនចាំបាច់បញ្ជាក់ចំណុចណាមួយឲ្យច្បាស់នោះ សុន្ទរកថាអាចពេញទៅដោយពាក្យឥតបានការ និងធ្វើឲ្យលែងចាប់អារម្មណ៍ទៀត។
១២ ចូរគិតអំពីអ្នកស្ដាប់ ពេលយើងរៀបចំសុន្ទរកថា។ នេះអាចជួយយើងដឹងទុកជាមុនអំពីបញ្ហាខ្លះៗដែលអ្នកស្ដាប់នឹងមានក្នុងការយល់ច្បាស់។ សូមត្រៀមរៀបរាប់គំនិតនោះសាឡើងវិញ តាមរបៀបដែលមនុស្សមានទស្សនៈផ្សេងៗអាចយល់ផងដែរ។
១៣ តើយើងអាចដឹងយ៉ាងណា ថាអ្នកស្ដាប់មិនយល់អ្វីដែលយើងនិយាយ? សូមមើលអ្នកស្ដាប់។ សូមមើលទឹកមុខរបស់ពួកគេ។ បើយើងនិយាយទៅកាន់មនុស្សម្នាក់ឬពីរនាក់ ចូរសួរសំនួរចុះ!
១៤ ប៉ុន្តែ ចូរកត់សម្គាល់ថា: ការនិយាយសាឡើងវិញនូវពាក្យដដែលៗនឹងមិនតែងតែសម្រេចគោលបំណងរបស់យើងទេ។ ការបង្រៀនគឺរួមបញ្ចូលអ្វីជាច្រើនទៀត។ ប្រសិនបើអ្នកស្ដាប់ពុំបានយល់ច្បាស់នៅលើកដំបូងនោះ ការនិយាយសាឡើងវិញនូវពាក្យដដែល គឺមិនគ្រប់គ្រាន់ក្នុងការជួយឲ្យពួកគេយល់ឡើយ។ តើយើងអាចធ្វើយ៉ាងណា? យើងត្រូវចេះកែប្រែតាមកាលៈទេសៈ។ នេះអាចតម្រូវឲ្យយើងបញ្ចូលពត៌មានបន្ថែមភ្លាមៗ។ ប្រសិទ្ធភាពជាអ្នកបង្រៀននោះ គឺអាស្រ័យលើសមត្ថភាពរបស់យើងក្នុងការរៀនឲ្យចេះប្រែប្រួលទៅតាមតម្រូវការរបស់អ្នកស្ដាប់។
**********
១៥ កាយវិការក៏ជាជំនួយក្នុងការបញ្ជាក់ពីអ្វីដែលយើងកំពុងតែនិយាយ ហើយតែងជួយសង្កត់លើអត្ថន័យសំដីផងដែរ។ យ៉ាងនេះ កាយវិការជួយបង្គ្រប់គំនិតយើង និងធ្វើឲ្យគំនិតនោះមានភាពរស់រវើកផងដែរ។ មនុស្សសឹងតែទាំងអស់ ចេះតែធ្វើកាយវិការពេលនិយាយ។ ដូច្នេះ ប្រសិនបើយើងមិនធ្វើកាយវិការពេលនៅលើវេទិកា នោះអ្នកស្ដាប់ដឹងថា យើងមិនមានអារម្មណ៍ស្រួលទេ។ ប៉ុន្តែ ពេលដែលយើងមានកាយវិការធម្មតា នោះអ្នកស្ដាប់មិនគិតអំពីយើងទេ តែពួកគេនឹងប្រុងស្មារតីលើពាក្យសំដីរបស់យើងវិញ។ កាយវិការជួយយើងថ្លែងយ៉ាងរស់រវើក ក៏ជំរុញអារម្មណ៍របស់យើង ហើយនេះធ្វើឲ្យគេចាប់អារម្មណ៍នឹងសុន្ទរកថារបស់យើងដែរ។ យើងមិនគួររៀនកាយវិការពីសៀវភៅណាមួយឡើយ។ យើងមិនដែលរៀនញញឹមឬសើច ក៏មិនបានរៀនឲ្យចេះបង្ហាញទឹកមុខខឹងពីនរណាទេ។ ដូច្នេះ គឺមិនចាំបាច់ឲ្យធ្វើតាមកាយវិការរបស់នរណាឡើយ។ តែការធ្វើកាយវិការធម្មតា គឺកាន់តែប្រសើរវិញ។ ទឹកមុខគឺទាក់ទងនឹងកាយវិការដែលផ្ដល់អារម្មណ៍ដល់ពាក្យសំដីរបស់យើង។
១៦ កាយវិការគឺមានពីរយ៉ាងដូចតទៅនេះ:
១៧ កាយវិការដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែង: កាយវិការបែបនេះគឺស្រួលរៀន។ ដូច្នេះ ប្រសិនបើយើងមានបញ្ហាធ្វើកាយវិការលើវេទិកា ចូរសាកធ្វើកាយវិការដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងជាមុនសិន។
១៨ ពេលយើងហាត់លក្ខណៈនៃការនិយាយនេះ ចូរកុំពេញចិត្តតែធ្វើកាយវិការមួយឬពីរប៉ុណ្ណោះឡើយ។ ចូរខំប្រឹងធ្វើកាយវិការតាមរបៀបធម្មតាឲ្យបានច្រើនក្នុងសុន្ទរកថា។ ដើម្បីឲ្យមានកាយវិការច្រើនធម្មតាបែបនេះ សូមរកមើលពាក្យដែលបង្ហាញអំពីទិសដៅ ចម្ងាយ ទំហំ កន្លែង ល្បឿន ភាពផ្ទុយពីគ្នា ភាពស្រដៀងគ្នា ឬការប្រៀបធៀបជាដើម។ ប្រសិនបើត្រូវការ ចូរគូសបន្ទាត់ក្រោមពាក្យនោះដើម្បីរំឭកយើងឲ្យធ្វើកាយវិការពេលមកដល់ចំណុចនោះ។ សូមបន្តធ្វើដូច្នេះ ទោះជាយើងធ្វើបាន«ល្អ»នៅលើកដំបូងក៏ដោយ។ ក្រោយពីថ្លែងសុន្ទរកថាបានបីបួនដង យើងនឹងឃើញថាយើងមិនត្រូវការគូសបន្ទាត់ក្រោមពាក្យដែលត្រូវធ្វើកាយវិការ ឬមិនគិតទុកជាមុនអំពីកាយវិការនោះទេ តែយើងនឹងចេះធ្វើកាយវិការដោយស្វ័យប្រវត្ដិវិញ។
១៩ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់: កាយវិការបែបនេះអាចបង្អាក់សេចក្ដី ក៏អាចធ្វើឲ្យគំនិតខ្លះមានភាពរស់រវើក និងបញ្ជាក់គំនិតខ្លះឲ្យបានច្បាស់។ ដូច្នេះហើយ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់គឺសំខាន់ណាស់។ ប៉ុន្តែ ចូរប្រយ័ត្ន! ដែលកាយវិការបែបនេះអាចក្លាយជាទម្លាប់កាយវិការដដែលៗដ៏មិនចាំបាច់។ ដើម្បីជៀសវាងបញ្ហានេះ កុំធ្វើកាយវិការច្រំដែលៗឡើយ។
២០ ប្រសិនបើយើងមានបញ្ហាចំពោះការមានទម្លាប់កាយវិការដដែលៗនោះ សូមដាក់កំរិតលើខ្លួនមួយរយៈសិន ឲ្យធ្វើកាយវិការបែបដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងប៉ុណ្ណោះ។ ពេលយើងស្ទាត់ជំនាញក្នុងការធ្វើកាយវិការបែបនេះ ក្រោយមក យើងនឹងចេះធ្វើកាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់ជាពុំខាន។ កាលដែលយើងមានបទពិសោធន៍និងមានអារម្មណ៍ស្រួលនៅលើវេទិកា នោះយើងនឹងធ្វើកាយវិការបែបនេះដោយធម្មតា ដែលបង្ហាញនូវជំនឿស៊ប់និងចិត្តស្មោះ។ កាយវិការនឹងជួយបន្ថែមនូវអត្ថន័យដល់ការនិយាយរបស់យើងជាក់ជាពុំខាន។
[សំណួរសម្រាប់អត្ថបទសិក្សា]
១-៣. ហេតុអ្វីក៏ការនិយាយសាឡើងវិញជាវិធីបង្រៀនដែលយើងត្រូវការចាំបាច់?
៤-៦. សូមរៀបរាប់នូវរបៀបដែលយើងអាចលើកគោលចំណុចសាឡើងវិញ ដោយប្រើការសង្ខេបជាបណ្ដើរៗ និងការសង្ខេបបញ្ចប់។
៧-១០. តើយើងអាចធ្វើឲ្យការនិយាយសាឡើងវិញដោយសង្ខេបជាអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បានយ៉ាងណា?
១១-១៤. តើការនិយាយសាឡើងវិញនូវចំណុចដែលអ្នកស្ដាប់មិនយល់នោះ ទាក់ទងកត្ដាសំខាន់ៗណាខ្លះ?
១៥-១៨. តើយើងអាចរៀនឲ្យចេះធ្វើកាយវិការដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងបានយ៉ាងដូចម្ដេច?
១៩, ២០. តើកាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់អាចជួយសម្រេចគោលបំណងអ្វីខ្លះ?