-
ទំនាក់ទំនងជាមួយអ្នកស្ដាប់និងការមើលកំណត់វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
១៩ ឥឡូវ សូមយកទម្រង់នៃសុន្ទរកថាទាំងពីរដាក់ពីមុខខ្លួន និងមើលតែទម្រង់ជាសង្ខេប ហើយនិយាយអំពីគោលចំណុចទីមួយឲ្យបានពេញលេញ។ បន្ទាប់មក សូមក្រឡេកមើលទម្រង់យ៉ាងលំអិតវិញ ថាតើយើងបានភ្លេចចំណុចណាខ្លះ? ក្រោយមក មើលគោលចំណុចទីពីរក្នុងទម្រង់ជាសង្ខេប ហើយប្រៀបមើលទម្រង់លំអិតវិញ។ បន្ដិចម្ដងៗ យើងនឹងដឹងចំណុចយ៉ាងច្បាស់ពីទម្រង់ជាសង្ខេប ដល់ម្ល៉េះបានជាយើងអាចចាំចំណុចទាំងអស់ដោយគ្រាន់តែមើលកំណត់ដែលមានពត៌មានតិចតួចប៉ុណ្ណោះ។ ដោយហាត់ផង និងទទួលបានបទពិសោធន៍ផង នោះយើងនឹងចាប់ផ្ដើមយល់នូវប្រយោជន៍ដែលមកពីការនិយាយដោយឥតអានតាមអក្សរ។ បន្ទាប់មក យើងនឹងមិនថ្លែងសុន្ទរកថាដោយអានកំណត់ លើកលែងតែត្រូវការប៉ុណ្ណោះ។ នៅពេលយើងថ្លែងសុន្ទរកថា យើងនឹងមានអារម្មណ៍ស្រួលជាង ហើយមនុស្សគ្រប់គ្នានឹងស្ដាប់ដោយគោរពយ៉ាងខ្លាំងដែរ។
-
-
ការនិយាយស្ទាត់ មានបែបបទជាការសន្ទនា និងការបន្លឺសូរស័ព្ទវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១០
ការនិយាយស្ទាត់ មានបែបបទជាការសន្ទនា និងការបន្លឺសូរស័ព្ទ
១ ពេលយើងថ្លែងសុន្ទរកថានៅពីមុខអ្នកស្ដាប់ តើយើងតែងតែនឹកពាក្យមិនឃើញឬ? ពេលអានឲ្យឮៗ តើយើងអានពាក្យឬឃ្លាខ្លះទាក់ឬទេ? បើដូច្នេះមែន យើងមានបញ្ហាក្នុងការនិយាយស្ទាត់។ មនុស្សដែលនិយាយស្ទាត់ គឺជាបុគ្គលដែលនិយាយបានយ៉ាងស្រួល។ គាត់មិនមែនជាមនុស្សដែលនិយាយហូរហែដោយឥតមានខ្លឹមសារនោះទេ។ តែគាត់ចេះថ្លែងយ៉ាងពីរោះក្បោះក្បាយឥតរអាក់រអួល។ ការនិយាយស្ទាត់ត្រូវបានកត់ទុកលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ ហើយនេះជាចំណុចដែលយើងយកចិត្តទុកដាក់ជាពិសេស។
២ មូលហេតុធម្មតាដែលមនុស្សខ្លះមិនសូវចេះនិយាយស្ទាត់ គឺដោយសារពួកគេមិនមានគំនិតច្បាស់លាស់ និងមិនបានរៀបចំពត៌មានឲ្យបានល្អទុកជាមុន។ មនុស្សខ្លះក៏មិនចេះពាក្យច្រើនប៉ុន្មាន ឬជ្រើសរើសពាក្យមិនត្រឹមត្រូវ។ ចំពោះការអានមិនស្ទាត់វិញ គឺច្រើនតែមកពីយើងមិនបានហាត់អានឲ្យឮៗ ហើយការមិនសូវចេះពាក្យច្រើនប៉ុន្មានក៏នាំឲ្យយើងអានអាក់ៗផងដែរ។ ការនិយាយមិនស្ទាត់ក្នុងកិច្ចបំរើផ្សាយរបស់យើង គឺអាចទាក់ទងមូលហេតុទាំងប៉ុន្មានខាងលើនេះ រួមទាំងការអៀនខ្មាស និងការមិនមានអារម្មណ៍ប្រាកដក្នុងចិត្ត។ ក្នុងកិច្ចបំរើផ្សាយរបស់យើង នេះជាបញ្ហាដ៏ធ្ងន់មែន ពីព្រោះក្នុងករណីខ្លះ អ្នកស្ដាប់នឹងដើរចេញតែម្ដង។ នៅក្នុងសាលប្រជុំ អ្នកស្ដាប់នឹងមិនដើរចេញទេ ប៉ុន្តែអារម្មណ៍ពួកគេអាចហោះហើរពីនេះទៅនុះ ហើយអ្វីៗដែលយើងនិយាយគឺគ្មានប្រសិទ្ធភាពទេ។ ដូច្នេះ នេះគឺជារឿងដ៏ធ្ងន់ធ្ងរ ហើយយើងប្រាកដជាចង់បណ្ដុះបណ្ដាលឲ្យមានសមត្ថភាពនិយាយស្ទាត់។
៣ អ្នកថ្លែងសុន្ទរកថាជាច្រើនមានទម្លាប់មិនល្អដោយបញ្ចូលពាក្យដូចជា «អើៗ» ឬពាក្យណាផ្សេងទៀតដែលមិនចាំបាច់។ ប្រសិនបើយើងមិនចាប់ភ្លឹកថា យើងនិយាយពាក្យដូចនេះញឹកញាប់នោះ យើងអាចរៀបចំហាត់និយាយដោយមានអ្នកណាម្នាក់ស្ដាប់យើង និងឲ្យគាត់ប្រាប់យើងរាល់ដងដែលយើងនិយាយពាក្យទាំងនោះ។ យើងប្រហែលជានឹងភ្ញាក់ផ្អើល។
៤ មនុស្សឯទៀតតែងតែនិយាយបន្ដិច រួចមកកាត់សំដីខ្លួនឯង និងចាប់ផ្ដើមឃ្លានោះម្ដងទៀត។ បើយើងមានបញ្ហាបែបនេះ សូមខំប្រឹងយកឈ្នះក្នុងពេលយើងនិយាយប្រចាំថ្ងៃចុះ! ចូរខំគិតជាមុនសិន ដើម្បីឲ្យមានចំណុចជាក់ច្បាស់ក្នុងគំនិតយើង។ រួចមក សូមនិយាយចំណុចនោះឲ្យបានចប់ដោយឥតផ្អាក ឬដោយឥតផ្លាស់ប្ដូរគំនិតមុនយើងនិយាយចប់។
៥ ចំណុចមួយទៀត យើងមានទម្លាប់ប្រើពាក្យផ្សេងៗពេលដែលយើងបង្ហាញអារម្មណ៍របស់យើង។ ដូច្នេះ ពាក្យនឹងផុសចេញមកដោយធម្មតា បើយើងដឹងប្រាកដនូវអ្វីដែលយើងចង់និយាយ។ យើងមិនចាំបាច់នឹករកពាក្យទាំងនោះទេ។ តាមការពិត យកល្អឲ្យយើងមានទម្លាប់រៀបចំគំនិតឲ្យបានច្បាស់សិន ហើយក្រោយមកអាចរកពាក្យឲ្យត្រូវតាមគំនិតនោះវិញ។ បើធ្វើដូច្នេះ ហើយផ្ចង់អារម្មណ៍លើគំនិតជាជាងនឹករកពាក្យ នោះនឹងជួយយើងឲ្យនិយាយយ៉ាងស្រួល ហើយនិងបង្ហាញអារម្មណ៍យ៉ាងស្មោះតាមគំនិតរបស់យើង។ ប៉ុន្តែ កាលណាយើងនឹករកពាក្យជាជាងនិយាយតាមគំនិត នោះយើងនឹងនិយាយទាក់ៗជាពុំខាន។
៦ ប្រសិនបើការជ្រើសរើសពាក្យធ្វើឲ្យយើងនិយាយទាក់ៗ យកល្អឲ្យយើងសិក្សាជាទៀងទាត់ដើម្បីឲ្យចេះពាក្យកាន់តែច្រើន។ ក្នុងទស្សនាវដ្ដីប៉មយាម និងប្រកាសនវត្ថុឯទៀតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា យើងគួរយកចិត្តទុកដាក់នឹងពាក្យដែលយើងមិនស្គាល់ និងបន្ថែមពាក្យទាំងនោះក្នុងវាក្យសព្ទដែលយើងប្រើរាល់ថ្ងៃ។
៧ តាមធម្មតា ការអានមិនស្ទាត់មកពីយើងមិនសូវចេះពាក្យទាំងនោះ។ ដូច្នេះ បើយើងមានបញ្ហាបែបនេះ យកល្អឲ្យយើងហាត់អានឲ្យឮៗជាទៀងទាត់។
៨ របៀបមួយដែលយើងអាចហាត់អានបាន គឺដោយជ្រើសរើសមួយឬពីរវគ្គ និងអានក្នុងចិត្តនូវវគ្គទាំងនោះយ៉ាងផ្ចិតផ្ចង់ រហូតដល់យើងស្គាល់គំនិតនៃវគ្គទាំងនោះហើយ។ ចូរកត់សម្គាល់នូវគំនិតនិមួយៗ ទាំងគូសបន្ទាត់ក្រោមឃ្លាដែលបញ្ជាក់នូវគំនិតទាំងនោះ។ រួចមក ចូរចាប់ផ្ដើមហាត់អានឲ្យឮៗនូវពាក្យទាំងប៉ុន្មាននោះ។ ពេលហាត់អាន ចូរអានម្ដងហើយម្ដងទៀត ដរាបដល់យើងអាចអានឃ្លាដែលបញ្ជាក់ឲ្យឃើញនូវគំនិតទាំងមូលដោយឥតអាក់។
៩ ពាក្យដែលយើងមិនសូវចេះ ឬពាក្យដែលពិបាក យើងត្រូវហាត់អានម្ដងហើយម្ដងទៀតទាល់តែស្រួលអានពាក្យទាំងនោះ។ ក្រោយពីយើងចេះអានពាក្យនោះហើយ យើងអាចអានប្រយោគទាំងមូលដែលរួមបញ្ចូលពាក្យពិបាកនោះ រហូតដល់យើងចេះអានពាក្យនោះស្ទាត់ដូចពាក្យឯទៀតដែរ។
១០ ម្យ៉ាងវិញទៀត ចូរឆ្លៀតអានជាញឹកញយ នូវអត្ថបទដែលយើងមិនបានព្រៀងទុកជាមុនដោយអានឲ្យឮៗ។ ជាឧទាហរណ៍ ចូរអានបទគម្ពីរប្រចាំថ្ងៃនិងសេចក្ដីពន្យល់ឲ្យបានឮៗ ពេលយើងមើលជាលើកដំបូង។ នេះអាចធ្វើឲ្យភ្នែកយើងមើលពាក្យទុកជាក្រុមៗ ដែលបង្ហាញនូវគំនិតទាំងមូល ជាជាងមើលតែពាក្យម្ដងមួយៗនោះ។ ប្រសិនបើយើងហាត់អាន យើងអាចយកឈ្នះនូវលក្ខណៈនៃការនិយាយដ៏សំខាន់នេះស្តីអំពីការនិយាយនិងការអានដែលមានប្រសិទ្ធភាព។
**********
១១ លើប័ណ្ណឱវាទ មានលក្ខណៈមួយទៀតនៃការនិយាយដែលយើងគួរបណ្ដុះឲ្យមានគឺសុន្ទរកថាដែល«មានបែបបទជាការសន្ទនា»។ នេះគឺជាលក្ខណៈនិយាយដែលយើងមានរាល់ថ្ងៃ ប៉ុន្តែ ពេលឡើងថ្លែងសុន្ទរកថា តើការនិយាយរបស់យើងមានបែបបទជាការសន្ទនាឬទេ? គួរឲ្យចំឡែកដែរ មនុស្សដែលពូកែសន្ទនានៅមុខហ្វូងមនុស្ស ពេលតម្រូវឲ្យរៀបចំទុកជាមុនដើម្បីថ្លែងសុន្ទរកថា ពួកគេធ្វើហាក់ដូចជាមានអំនួតជាអ្នកមានថ្វីមាត់ ហើយនិយាយដូចជាទេសនាទៅវិញ។ ប៉ុន្តែ របៀបនិយាយដែលមានប្រសិទ្ធភាពជាងគេ គឺការនិយាយដែលមានបែបបទជាការសន្ទនា។
១២ ប្រើពាក្យធម្មតា: ការនិយាយបែបបទជាការសន្ទនាដែលមានប្រសិទ្ធភាពខ្ពស់ គឺច្រើនតែអាស្រ័យលើពាក្យដែលយើងប្រើ។ ពេលរៀបចំសុន្ទរកថាដែលត្រូវថ្លែងដោយឥតមើលកំណត់ តាមធម្មតាគឺមិនល្អទេបើយើងនិយាយពាក្យចំៗតាមសំនេរ។ ពាក្យសរសេរគឺខុសគ្នាពីពាក្យនិយាយ។ ដូច្នេះ ចូររៀបចំគំនិតទាំងប៉ុន្មានឲ្យស្របតាមពាក្យនិយាយរបស់យើងផ្ទាល់វិញ។ កុំនិយាយដោយប្រើឃ្លាដែលមានវេយ្យាករណ៍ស្មុគស្មាញឲ្យសោះ។
១៣ ពាក្យសំដីដែលយើងប្រើនៅលើវេទិកានោះ គួរជាពាក្យដែលប្រើដូចធម្មតាប្រចាំថ្ងៃ។ យើងមិនគួរនិយាយ ហាក់ដូចជាមានមោទនភាពហួសហេតុពេកឡើយ។ យ៉ាងណាក្ដី ពំនោលរបស់យើងពេលថ្លែងសុន្ទរកថាដែលបានរៀបចំទុកជាមុននោះ គឺនឹងមានបែបបទប្រសើរជាងពាក្យសំដីដែលយើងប្រើជាធម្មតាវិញ ពីព្រោះយើងបានរៀបចំគំនិតឲ្យបានល្អជាង
-