ចំណុចហាត់រៀនទី១៨
លក្ខណៈថ្លៃថ្នូរ និងអាការក្រៅផ្ទាល់ខ្លួន
១ ប្រសិនបើអ្នកថ្លែងនិយាយដោយមានអារម្មណ៍ស្រួល នោះគាត់នឹងមានលក្ខណៈថ្លៃថ្នូរ។ គាត់មានចិត្តស្ងប់ពីព្រោះគាត់អាចយកឈ្នះលើស្ថានការណ៍បាន។ ផ្ទុយទៅវិញ បើគាត់គ្មានលក្ខណៈថ្លៃថ្នូរទេ នេះបង្ហាញថាគាត់ក៏ពុំមានទំនុកចិត្តមាំមួនដែរ។ ចំណុចពីរនេះផ្សាភ្ជាប់គ្នា។ ហេតុនេះហើយនៅលើប័ណ្ណឱវាទសំរាប់ការហាត់និយាយត្រូវដាក់លក្ខណៈនេះជាមួយគ្នា ដែលហៅថា«បង្ហាញទំនុកចិត្តមាំមួន និងលក្ខណៈថ្លៃថ្នូរ»។
២ អ្នកថ្លែងគួរប្រាថ្នាចង់បង្ហាញទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរ។ ប៉ុន្តែ យើងមិនគួរច្រឡំថា នេះជាការបង្ហាញភាពក្រអឺតក្រទមទេ ដែលសឲ្យឃើញជាក់ស្តែងដោយឫកពានោះ ឬការដើរពើងទ្រូង ឬការអង្គុយបែបមានភាពសោះអង្គើយ ឬបើផ្សាយពីផ្ទះមួយទៅផ្ទះមួយវិញ ដោយផ្អែកខ្លួនលើទ្វារជាដើម។ បើយើងមានទង្វើណាមួយពេលថ្លែងសុន្ទរកថា ដែលបង្ហាញឫកក្រអឺតក្រទមនោះ អ្នកត្រួតពិនិត្យសាលានឹងជូនឱវាទដល់យើងក្រោយពីប្រជុំចប់ ពីព្រោះគាត់ចង់ជួយយើងឲ្យយកឈ្នះលើបញ្ហាទាំងនេះ ដែលអាចរារាំងដល់ប្រសិទ្ធភាពនៃកិច្ចបំរើផ្សាយ។
៣ ប៉ុន្តែ បើយើងជាអ្នកថ្លែងថ្មី ទំនងជាយើងមានអារម្មណ៍អៀនខ្មាសវិញពេលយើងឡើងវេទិកា។ យើងប្រហែលជាមានអារម្មណ៍មិនស្រួលក្នុងចិត្តដែលអាចធ្វើឲ្យយើងជឿថា យើងនឹងថ្លែងមិនល្អ។ យើងមិនចាំបាច់មានអារម្មណ៍ដូច្នេះទេ។ យើងអាចបណ្ដុះឲ្យមានទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរបាន ដោយការខំប្រឹង និងការដឹងអំពីមូលហេតុដែលយើងខ្វះលក្ខណៈនេះ។
៤ ហេតុអ្វីក៏អ្នកថ្លែងខ្លះមិនបង្ហាញទំនុកចិត្តមាំមួន? តាមធម្មតាគឺដោយសារមូលហេតុមួយឬពីរយ៉ាង ឬមូលហេតុទាំងពីរតែម្ដង។ មូលហេតុមួយ គឺការរៀបចំពុំបានល្អ ឬមានទស្សនៈមិនត្រឹមត្រូវអំពីពត៌មានដែលខ្លួនថ្លែង។ មូលហេតុទីពីរ គឺគ្មានការជឿជាក់លើសមត្ថភាពរបស់ខ្លួនជាអ្នកថ្លែងសុន្ទរកថា។
៥ តើអ្វីដែលនឹងជួយយើងឲ្យមានទំនុកចិត្តមាំមួន? ចំណេះឬមានជំនឿថាយើងអាចសម្រេចគោលបំណងរបស់យើងបាន។ នេះគឺជាការដឹងប្រាកដក្នុងខ្លួនថា យើងអាចយកឈ្នះលើស្ថានការណ៍នេះ។ នៅលើវេទិកា ប្រហែលជាយើងត្រូវទទួលបទពិសោធសិន។ ដោយបានថ្លែងសុន្ទរកថាច្រើនដងហើយ យើងអាចមានអារម្មណ៍ប្រាកដក្នុងចិត្តថា លើកនេះនឹងថ្លែងបានល្អ។ ប៉ុន្តែ ទោះជាយើងជាសិស្សដែលមិនទាន់មានបទពិសោធន៍ច្រើនក៏ដោយ នោះសុន្ទរកថាដែលយើងបានថ្លែងមុនៗគួរលើកទឹកចិត្តយើង ថាមិនយូរប៉ុន្មាន យើងអាចបង្ហាញនូវទំនុកចិត្តមាំមួនបាន។
៦ តម្រូវការដ៏សំខាន់មួយទៀតដើម្បីឲ្យមានទំនុកចិត្តមាំមួន មិនថាយើងមានបទពិសោធន៍ឬក៏អត់នោះ គឺការយល់ដឹងនូវពត៌មានដែលយើងនឹងថ្លែង និងការជឿជាក់ថា ពត៌មាននេះពិតជាមានប្រយោជន៍មែន។ នេះមានន័យថា យើងត្រូវរៀបចំប្រធានឲ្យបានហ្មត់ចត់ទុកជាមុន និងត្រូវរៀបចំសុន្ទរកថាដែលថ្លែងជូនអ្នកស្ដាប់ឲ្យបានផ្ចិតផ្ចង់ផងដែរ។ បើយើងទទួលស្គាល់ថា ការថ្លែងសុន្ទរកថានឹងជួយយើងមានជំនឿនក្នុងកិច្ចបំរើព្រះ ព្រមទាំងជួយបង្ហាត់បង្រៀនបងប្អូនដែលមានវត្តមាន នោះយើងនឹងអធិស្ឋានថ្វាយព្រះមុននឹងថ្លែងសុន្ទរកថា។ យើងត្រូវជក់ស្លុងនឹងប្រធាននោះ ដល់ម្ល៉េះបានជាយើងនឹងភ្លេចពីអារម្មណ៍ភិតភ័យក្នុងខ្លួន។ យើងនឹងគិតអំពីការបំពេញព្រះហឫទ័យព្រះ មិនមែនបំពេញចិត្តមនុស្សទេ។—កា. ១:១០; និក្ខ. ៤:១០-១២; យេ. ១:៨
៧ នេះមានន័យថាយើងត្រូវជឿជាក់ទៅលើអ្វីៗទាំងអស់ដែលយើងនឹងថ្លែង។ ពេលរៀបចំសុន្ទរកថា ចូរធ្វើឲ្យប្រាកដថាយើងមានអារម្មណ៍ដូច្នេះមែន។ បើយើងបានរៀបចំសព្វគ្រប់អស់ហើយ ដើម្បីថ្លែងសុន្ទរកថាមួយដែលគួរឲ្យចាប់អារម្មណ៍និងមានភាពរស់រវើក តែយើងនៅមានអារម្មណ៍ថា សុន្ទរកថានេះនៅតែមិនធ្វើឲ្យគេចាប់អារម្មណ៍ នោះសូមចាំថា អ្នកស្ដាប់ដែលប្រុងស្មារតីស្ដាប់សុន្ទរកថា នឹងជួយយើងបង្ហាញនូវភាពកក់ក្ដៅច្រើនជាងពេលថ្លែងសុន្ទរកថា។ ដូច្នេះ ចូរថ្លែងបែបយ៉ាងណាដែលធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នឹងសុន្ទរកថារបស់យើង ហើយចំណាប់អារម្មណ៍របស់ពួកគេនឹងធ្វើឲ្យយើងមានទំនុកចិត្តលើអ្វីដែលយើងថ្លែង។
៨ ដូចជាគ្រូពេទ្យរកលក្ខណៈនៃរោគជំងឺ នោះអ្នកជូនឱវាទនឹងកត់សម្គាល់នូវលក្ខណៈណាដែលបង្ហាញយ៉ាងច្បាស់ថា យើងមិនមានអារម្មណ៍ស្ងប់។ ហើយដូចជាគ្រូពេទ្យនឹងព្យាបាលនូវជំងឺជាជាងព្យាបាលតែលក្ខណៈនៃរោគនោះ អ្នកជូនឱវាទក៏នឹងខំជួយយើងឲ្យយកឈ្នះនូវមូលហេតុពិតដែលធ្វើឲ្យយើងគ្មានទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរ។ ប៉ុន្តែ បើយើងចេះសម្គាល់នូវលក្ខណៈដែលបង្ហាញពីការខ្វះទំនុកចិត្តមាំមួន ហើយខំរៀនឲ្យចេះកែប្រែលក្ខណៈនោះ នេះនឹងជួយយើងឲ្យយកឈ្នះនូវមូលហេតុដែលមានអារម្មណ៍នោះ។ តើមានលក្ខណៈអ្វីខ្លះដែលបង្ហាញពីការខ្វះទំនុកចិត្តមាំមួន?
៩ តាមធម្មតា យើងបង្ហាញអារម្មណ៍ភ័យ ឬមានការខ្វល់ខ្វាយ តាមលក្ខណៈពីរយ៉ាង ពោលគឺ តាមឥរិយាបថនិងសូរសម្លេងរបស់យើង។ ពេលសម្ដែងឥរិយាបថនិងបញ្ចេញសូរសម្លេងដូចជាភ័យ នេះបានន័យថា អ្នកថ្លែងខ្វះលក្ខណៈថ្លៃថ្នូរ។
១០ បង្ហាញឥរិយាបថថ្លៃថ្នូរ: ដូច្នេះ ភស្តុតាងទីមួយដែលបង្ហាញពីលក្ខណៈថ្លៃថ្នូរ គឺតាមរយៈឥរិយាបថរបស់យើង។ បន្តបន្ទាប់នេះមានទីសម្គាល់ខ្លះៗដែលអាចបង្ហាញថា យើងគ្មានទំនុកចិត្តមាំមួន។ មុនដំបូង សូមគិតអំពីដៃ៖ ការក្រពាត់ដៃ ការច្រត់ដៃម្ខាង ឬច្រត់ដៃលើតុដាក់កំណត់ ការដាក់ឬដកដៃក្នុងហោប៉ៅ ការបិទនិងបើកឡេវអាវធំ ការយកដៃទៅស្ទាបថ្ពាល់ ច្រមុះ ឬវ៉ែនតា ការធ្វើកាយវិការឥតអស់ និងការលេងនាឡិកា ខ្មៅដៃ ចិញ្ចៀនឬក្រដាសកំណត់ជាដើម។ ឬក៏មានការយោលជើង ការផ្អៀងខ្លួនពីម្ខាងទៅម្ខាង ការឈរត្រង់ឆ្កឹងឬបន្ទន់ជង្គង់ ការលិតបបូរមាត់ចុះឡើងញឹកញយ ឬការលេបទឹកមាត់មិនឈប់ឈរ និងការដកដង្ហើមញាប់ពេក។
១១ ទីសម្គាល់ផ្សេងៗទាំងនេះបង្ហាញនូវអារម្មណ៍ភិតភ័យ ហើយអាចយកឈ្នះឬកាត់បន្ថយបាន ដោយការខំប្រឹងព្យាយាម។ បើយើងខំប្រឹងនោះ នេះនឹងមើលទៅដូចជាយើងមានឥរិយាបថថ្លៃថ្នូរ។ ដូច្នេះ សូមដកដង្ហើមធម្មតា និងខំមានអារម្មណ៍ស្ងប់មិនភ័យព្រួយ។ មុននឹងចាប់ផ្ដើមនិយាយ ចូរផ្អាកសិន។ អ្នកស្ដាប់នឹងមានប្រតិកម្មល្អ ហើយជាលទ្ធផលនេះនឹងជួយយើងឲ្យមានទំនុកចិត្តមាំមួន។ ចូរប្រុងស្មារតីលើពត៌មានដែលយើងត្រូវថ្លែង ដោយមិនខ្វល់ខ្វាយអំពីអ្នកស្ដាប់ឬអំពីខ្លួនឯង។
១២ បញ្ចេញសូរសម្លេងថ្លៃថ្នូរ: លក្ខណៈសូរសម្លេងដែលបង្ហាញនូវអារម្មណ៍ភ័យ គឺរួមបញ្ចូលសូរសម្លេងមានកំពស់ខុសពីធម្មតា សម្លេងញ័រ ការគ្រហែមឥតឈប់ឥតឈរ។ យើងអាចយកឈ្នះបញ្ហានិងទម្លាប់បែបនេះដោយការសង្វាតព្យាយាម។
១៣ ពេលឡើងវេទិកាឬរៀបចំកំណត់ កុំឲ្យតក់ក្រហល់ឡើយ ប៉ុន្តែ ចូរឲ្យមានអារម្មណ៍ស្រួលនិងមានចិត្តសប្បាយក្នុងការប្រាប់នូវអ្វីដែលយើងបានរៀបចំ។ បើយើងដឹងថា យើងតែងតែមានអារម្មណ៍ភ័យពេលចាប់ផ្ដើមនិយាយ យើងត្រូវតែបង្ខំខ្លួនឲ្យនិយាយមួយៗពេលថ្លែងពាក្យផ្ដើម ហើយដោយសូរទាបនិងយឺតជាងធម្មតា។ នេះនឹងជួយយើងឲ្យយកឈ្នះលើអារម្មណ៍ភ័យ។ យើងនឹងឃើញថា ការធ្វើកាយវិការនិងការផ្អាក នឹងជួយយើងឲ្យមានអារម្មណ៍ស្រួល។
១៤ ប៉ុន្តែ កុំចាំដល់ពេលឡើងវេទិកា ទើបហាត់ចំណុចទាំងនេះ។ ចូររៀនឲ្យចេះមានលក្ខណៈថ្លៃថ្នូរក្នុងការនិយាយជារៀងរាល់ថ្ងៃ។ នេះនឹងជួយឲ្យយើងមានទំនុកចិត្តមាំមួនពេលនៅលើវេទិកា និងក្នុងកិច្ចបំរើផ្សាយដែលសំខាន់ចាំបាច់។ ការថ្លែងដោយអារម្មណ៍ស្ងប់នឹងធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ស្រួល ដើម្បីឲ្យគេអាចប្រុងស្មារតីស្ដាប់សាច់រឿងក្នុងសុន្ទរកថា។ ការឆ្លើយជាទៀងទាត់នៅឯកិច្ចប្រជុំនឹងជួយយើងឲ្យស៊ាំនឹងការនិយាយនៅពីមុខក្រុមមនុស្ស។
**********
១៥ អាការក្រៅដ៏ល្អរបស់យើង គឺអាចជួយយើងឲ្យមានឥរិយាបថថ្លៃថ្នូរ ប៉ុន្តែមានមូលហេតុផ្សេងៗទៀតដែរ ដើម្បីឲ្យយើងមានអាការក្រៅល្អ។ បើយើងមិនប្រុងប្រយ័ត្នទេ អ្នកស្ដាប់អាចលែងមានអារម្មណ៍មូលដោយសារអាការក្រៅរបស់យើង ដែលធ្វើឲ្យពួកគេមិនប្រុងស្មារតីស្ដាប់អ្វីដែលយើងនិយាយ។ ផ្ទុយទៅវិញ ការធ្វើឲ្យអ្នកស្ដាប់ប្រុងស្មារតីមើលអាការក្រៅយើង គឺមិនមែនជាគោលបំណងរបស់យើងទេ។ បើបុគ្គលម្នាក់ឥតយកចិត្តទុកដាក់នឹងអាការក្រៅផ្ទាល់ខ្លួន គាត់អាចធ្វើឲ្យអ្នកដទៃមើលងាយអង្គការរបស់ព្រះដែលគាត់ចូលរួមជាមួយនោះ និងបណ្ដាលឲ្យគេបដិសេធនូវសារដែលគាត់កំពុងតែថ្លែងដែរ។ យើងមិនត្រូវធ្វើដូច្នេះទេ។ ដូច្នេះ ទោះជា«អាការក្រៅផ្ទាល់ខ្លួន» ត្រូវកត់ទុកនៅចុងក្រោយនៃប័ណ្ណឱវាទសំរាប់ការហាត់និយាយក្ដី ប៉ុន្តែយើងមិនគួរចាត់ទុកចំណុចនេះជាចំណុចឥតសំខាន់ឡើយ។
១៦ របៀបតុបតែងខ្លួនសមរម្យ: យើងគួរជៀសវាងតុបតែងខ្លួនហួសហេតុពេក។ គ្រីស្ទានដែលជាអ្នកបំរើព្រះ មិនគួរធ្វើតាមអ្វីដែលពេញនិយមក្នុងលោកីយ៍នេះ ដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍នឹងខ្លួនយើង។ យើងនឹងជៀសវាងការស្លៀកពាក់ម៉ូដជ្រុលពេក ឬសំលៀកបំពាក់ឆើតឆាយពេក ដែលបង្វែរអារម្មណ៍របស់អ្នកដទៃឲ្យគិតអំពីសំលៀកបំពាក់របស់យើងប៉ុណ្ណោះ។ ហើយយើងក៏ត្រូវប្រុងប្រយ័ត្នកុំតុបតែងខ្លួនឥតសណ្ដាប់ធ្នាប់។ ការស្លៀកពាក់សមរម្យ មិនមែនតម្រូវឲ្យយើងមានខោអាវថ្មីៗនោះទេ ប៉ុន្តែតម្រូវឲ្យយើងរក្សាសំលៀកបំពាក់ឲ្យបានស្អាតបាតមិនគគ្រិច។ យើងត្រូវអ៊ុតខោនិងត្រូវពាក់ក្រវាត់កឲ្យបានត្រង់។ នេះជាអ្វីដែលយើងម្នាក់ៗអាចធ្វើបាន។
១៧ នៅធីម៉ូថេទី១ ២:៩ ប៉ុលបានជូនយោបល់អំពីរបៀបស្លៀកពាក់ដែលសមរម្យសំរាប់ស្ត្រីគ្រីស្ទាននៅសព្វថ្ងៃនេះ។ ដូចបងប្អូនប្រុសៗដែរ ស្ត្រីគ្រីស្ទានក៏មិនត្រូវស្លៀកពាក់មិនសមរម្យដែលទាក់ទាញមនុស្សឲ្យមើលតែយើង ហើយក៏មិនគួរស្លៀកពាក់តុបតែងឥតសណ្ដាប់ធ្នាប់តាមម៉ូដពេញនិយមក្នុងលោកីយ៍ដែលមិនបង្ហាញនូវភាពសមរម្យ។
១៨ ប្រាកដហើយ យើងគួរចងចាំថា មនុស្សគ្រប់គ្នាមិនស្លៀកពាក់ដូចគ្នាទេ ហើយយើងមិនគួរតម្រូវឲ្យគេធ្វើដូច្នេះឡើយ។ យើងម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា ហើយនេះគឺមិនខុសទេ។ នៅប្រទេសផ្សេងៗក៏មានមតិខុសៗគ្នាដែរ ស្តីអំពីអ្វីដែលជាសំលៀកបំពាក់សមរម្យនោះ។ ប៉ុន្តែ យកល្អឲ្យយើងជៀសវាងការស្លៀកពាក់ដែលមិនសមរម្យចំពោះអ្នកស្ដាប់ ហើយយើងចង់ជៀសវាងពីការធ្វើឲ្យមនុស្សដែលមកប្រជុំប្រកាន់យើង។
១៩ សំលៀកបំពាក់សមរម្យសំរាប់បងប្អូនប្រុសៗដែលឡើងថ្លែងសុន្ទរកថាក្នុងសាលាឬក្នុងកិច្ចប្រជុំអប់រំកិច្ចបំរើនោះ គួរតែស្លៀកពាក់ដូចបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាសាធារណៈដែរ។ ស្របទៅតាមទំលាប់ក្នុងតំបន់យើង បើបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាសាធារណៈពាក់ក្រវាត់កនិងអាវធំ នោះពេលយើងថ្លែងសុន្ទរកថាក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ យើងក៏គួរស្លៀកពាក់ដូច្នេះដែរ។ នេះគឺដោយសារយើងត្រូវបានអប់រំឲ្យនិយាយនៅមុខសាធារណជន។
២០ យើងក៏ត្រូវយកចិត្តទុកដាក់នឹងការសំអិតសំអាងខ្លួនដែរ។ បើយើងមិនសិតសក់ នោះមិនល្អមើលទេ។ យើងគួរយកចិត្តទុកដាក់សំអិតសំអាងខ្លួនឲ្យបានស្អាតបាត។ ដូច្នេះ ពេលបងប្អូនប្រុសៗឡើងថ្លែងសុន្ទរកថា ពួកគាត់គួរកោរពុកមាត់ឲ្យបានស្អាតបាតដែរ។
២១ ស្តីអំពីរបៀបតុបតែងខ្លួន យកល្អឲ្យអ្នកជូនឱវាទសរសើរសិស្សពីវេទិកាដែរ បើមានហេតុសរសើរមែន។ តាមពិត ពេលសរសើរសិស្សដែលយកចិត្តទុកដាក់នឹងសំលៀកបំពាក់និងការសំអិតសំអាងខ្លួន នេះក៏លើកទឹកចិត្តឲ្យអ្នកដទៃយកតម្រាប់តាមគាត់ដែរ។ ប៉ុន្តែ បើត្រូវជូនឱវាទស្តីអំពីរបៀបតុបតែងខ្លួន យកល្អឲ្យអ្នកជូនឱវាទប្រាប់សិស្សក្រោយពីប្រជុំចប់វិញ។
២២ អាកប្បកិរិយាសមរម្យ: អាការក្រៅផ្ទាល់ខ្លួនក៏រួមបញ្ចូលអាកប្បកិរិយាសមរម្យដែរ។ ប្រាកដមែន មនុស្សទាំងអស់មិនមានអាកប្បកិរិយាដូចគ្នាទេ ហើយយើងក៏មិនគួរបង្ខំឲ្យបងប្អូនមានអាកប្បកិរិយាណាមួយឡើយ។ ប៉ុន្តែ បើមានអាកប្បកិរិយាមិនសមរម្យដែលធ្វើឲ្យអ្នកស្ដាប់ទើសភ្នែក ហើយមិនប្រុងស្ដាប់សារគាត់វិញ បុគ្គលនោះគួរទទួលជំនួយដើម្បីកែប្រែឬបំបាត់ទំលាប់នោះចោល។
២៣ ជាឧទាហរណ៍ មនុស្សទាំងអស់មិនឈរដាក់ជើងដូចគ្នាទេ ហើយតាមធម្មតាគ្មានបញ្ហាទេ ថាយើងឈររបៀបណា ឲ្យតែយើងឈរបានត្រង់។ ប៉ុន្តែ បើអ្នកថ្លែងឈរកន្ធែកជើងដែលធ្វើឲ្យអ្នកស្ដាប់គិតថា គាត់ឈរដូចជាកំពុងតែជិះសេះ នេះក៏ធ្វើឲ្យទើសភ្នែកដែរ។
២៤ ដូចគ្នាដែរ បើអ្នកថ្លែងឈរដូចជាអត់មានកម្លាំងគឺឈរមិនត្រង់ នេះធ្វើឲ្យអ្នកស្ដាប់មានចិត្តអាណិតគាត់ ពីព្រោះមើលទៅដូចជាគាត់មិនស្រួលខ្លួន ហើយទង្វើនេះគឺធ្វើឲ្យអ្នកស្ដាប់មិនប្រុងស្មារតីស្ដាប់សុន្ទរកថាទេ។ អ្នកស្ដាប់នឹងគិតខ្វល់ខ្វាយអំពីអ្នកថ្លែងជាជាងគិតអំពីពាក្យដែលគាត់និយាយនោះ។
២៥ បើគាត់ឈរជើងមួយ ហើយជើងមួយទៀតក្រពាត់ទៅក្រោយ នេះបង្ហាញថាគាត់គ្មានឥរិយាបថថ្លៃថ្នូរទេ ហើយការឈរដាក់ដៃក្នុងហោប៉ៅក៏ដូច្នេះដែរ។ នេះគឺជាអាកប្បកិរិយាដែលយើងត្រូវជៀសវាងជាដាច់ខាត។
២៦ ដូចគ្នាដែរ មិនខុសទេបើយូរៗម្ដងយើងដាក់ដៃលើតុដាក់កំណត់ ប៉ុន្តែយើងមិនត្រូវផ្អែកលើតុនោះទេ នេះក៏ដូចជាអ្នកផ្សាយមិនគួរផ្អែកខ្លួនលើស៊ុមទ្វារដែរ។ នេះមិនមែនជាអ្វីដែលល្អថ្លៃថ្នូរទេ។
២៧ ប៉ុន្តែ យើងសូមបញ្ជាក់មួយសាទៀតថា មនុស្សម្នាក់ៗគឺខុសពីគ្នា។ មនុស្សគ្រប់រូបមិនឈរដូចគ្នាទេ។ បើបុគ្គលម្នាក់ឈរមើលទៅឆ្គងមែនទែន ដល់ម្ល៉េះធ្វើឲ្យអ្នកស្ដាប់មិនប្រុងស្មារតីស្ដាប់សុន្ទរកថា ទើបត្រូវទទួលជំនួយក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ។
២៨ ការកែអាកប្បកិរិយាឲ្យបានសមរម្យនោះ តម្រូវឲ្យយើងរៀបចំ។ បើយើងត្រូវកែតម្រូវឲ្យបានប្រសើរស្តីអំពីរឿងនេះ យើងត្រូវគិតទុកជាមុន ហើយពេលយើងឈរនៅលើវេទិកា យើងត្រូវមានអាកប្បកិរិយាសមរម្យសិន មុននឹងចាប់ផ្ដើមនិយាយ។ យើងអាចកែនូវទម្លាប់នេះបាន ដោយហាត់ជារៀងរាល់ថ្ងៃឲ្យមានអាកប្បកិរិយាសមរម្យ។
២៩ ឧបករណ៍ប្រើស្អាតសមរម្យ: បើយើងកំពុងតែផ្សាយតាមផ្ទះ ឬថ្លែងសុន្ទរកថានៅលើវេទិកា ហើយមានក្រដាសជ្រុះពីព្រះគម្ពីរដែលយើងកំពុងតែប្រើ នេះនឹងធ្វើឲ្យអ្នកស្ដាប់ទើសភ្នែក ហើយមិនមែនជាការល្អទេ។ នេះមិនបានសេចក្ដីថា យើងមិនត្រូវសៀតអ្វីក្នុងព្រះគម្ពីរយើងទេ។ ប៉ុន្តែ បើនេះនាំឲ្យអ្នកស្ដាប់លែងប្រុងស្មារតីស្ដាប់សុន្ទរកថា នោះបានន័យថាយើងត្រូវយកចិត្តទុកដាក់នឹងអាការក្រៅផ្ទាល់ខ្លួន។ យកល្អឲ្យយើងយកចិត្តទុកដាក់ថែរក្សាព្រះគម្ពីររបស់យើងឲ្យបានស្អាតបាតដែរ។ ដោយសារយើងប្រើព្រះគម្ពីរច្រើនដង នោះព្រះគម្ពីរអាចប្រឡាក់ដីឬរហែកនិងគគ្រិច។ ដូច្នេះ យើងត្រូវគិតថា បើយើងប្រើព្រះគម្ពីរនោះលើវេទិកាឬក្នុងកិច្ចបំរើផ្សាយ តើនេះនឹងធ្វើឲ្យអ្នកស្ដាប់ទើសភ្នែកឬទេ?
៣០ កាតាបដែលយើងប្រើក៏ដូច្នេះដែរ។ គឺមានរបៀបច្រើនយ៉ាងដែលយើងដាក់សៀវភៅក្នុងកាតាប។ ប៉ុន្តែ បើកាលណាយើងនៅមុខទ្វារ ហើយលូកដៃក្នុងកាតាបដើម្បីយកសៀវភៅចេញ តែត្រូវរាវរកដោយមានក្រដាសរញ៉េរញ៉ៃនៅជាមួយទំរាំដល់រកឃើញ ឬពេលដកទស្សនាវដ្ដីចេញ មានសៀវភៅឯទៀតធ្លាក់នៅមុខទ្វារ នោះបញ្ហាទាំងនេះក៏យើងត្រូវដោះស្រាយដែរ។
៣១ បើអ្នកថ្លែងមានប៊ិចនិងខ្មៅដៃជាច្រើនក្នុងហោប៉ៅ និងមានអ្វីផ្សេងទៀតដែលអ្នកស្ដាប់ឃើញនោះ នេះក៏មិនល្អមើលហើយធ្វើឲ្យអ្នកស្ដាប់ទើសភ្នែកដែរ។ យើងមិនចង់បង្កើតច្បាប់ថាយើងគួរដាក់របស់ទាំងនេះនៅកន្លែងណាឡើយ ប៉ុន្តែ ពេលរបស់ទាំងនេះធ្វើឲ្យអ្នកស្ដាប់មើលតែអ្នកថ្លែងជាជាងប្រុងស្មារតីស្ដាប់សុន្ទរកថា នោះយើងត្រូវធ្វើការកែប្រែខ្លះៗ។
៣២ បង្ហាញទឹកមុខស្របតាមកាលៈទេសៈ: ពេលយើងរៀបចំសុន្ទរកថា យកល្អឲ្យយើងគិតអំពីពត៌មាននោះ ថាតើតម្រូវឲ្យយើងបង្ហាញអារម្មណ៍បែបណា។ ជាឧទាហរណ៍ ពេលនិយាយអំពីសេចក្ដីស្លាប់និងការបំផ្លិចបំផ្លាញ គឺមិនសមទេ បើយើងមានទឹកមុខញញឹមនោះ។ យ៉ាងដូច្នេះដែរ ពេលនិយាយអំពីស្ថានភាពដ៏សប្បាយក្នុងរបបលោកីយ៍ថ្មី គឺមិនសមឡើយ បើយើងធ្វើមុខក្រញូវដាក់អ្នកស្ដាប់។
៣៣ តាមធម្មតា ទឹកមុខគឺមិនមែនជាបញ្ហាទេ តែអ្នកខ្លះមានទឹកមុខដូចជាតឹងរ៉ឹងជាងអ្នកដទៃ។ ប៉ុន្តែ អ្វីដែលយើងត្រូវជៀសវាងគឺការបង្ហាញទឹកមុខជ្រុលពេក ដែលធ្វើឲ្យអ្នកស្ដាប់មិនប្រុងស្មារតីស្ដាប់សុន្ទរកថា។ បើទឹកមុខយើងធ្វើឲ្យអ្នកស្ដាប់ឆ្ងល់ថា តើយើងនិយាយស្មោះឬក៏អត់? នេះច្បាស់ជាមិនល្អទេ។
៣៤ ដូច្នេះ ពេលយើងរៀបចំសុន្ទរកថា យកល្អឲ្យយើងគិតអំពីអារម្មណ៍ដែលយើងត្រូវបង្ហាញពេលនោះ។ បើពិគ្រោះប្រធានសំខាន់ជារឿងធ្ងន់ធ្ងរដែលទាក់ទងនឹងការបំផ្លាញមនុស្សអាក្រក់ នោះត្រូវថ្លែងតាមរបៀបម៉ឺងម៉ាត់ដែរ។ ហើយបើយើងគិតជានិច្ចអំពីពត៌មានដែលយើងកំពុងតែថ្លែង នោះទឹកមុខរបស់យើងនឹងមានភាពស្របតាមសាច់រឿងនោះដែរ។ បើសុន្ទរកថានោះទាក់ទងនឹងរឿងដែលសប្បាយ ដែលនឹងធ្វើឲ្យអ្នកស្ដាប់មានអំណរវិញ នោះយើងត្រូវថ្លែងតាមរបៀបដែលស្ដាប់ទៅគួរឲ្យសប្បាយ។ ហើយបើយើងមានអារម្មណ៍ស្រួលពេលនៅលើវេទិកា នោះទឹកមុខយើងនឹងពេញទៅដោយអំណរដែរ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១-៩. សូមពន្យល់ថា តើទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរមានន័យអ្វី? ហើយសូមប្រាប់អំពីរបៀបបណ្ដុះឲ្យមានគុណសម្បត្ដិទាំងនេះ។
១០, ១១. តើអាការក្រៅផ្ទាល់ខ្លួនអាចបង្ហាញយ៉ាងណា ថាយើងមិនមានទំនុកចិត្តមាំមួន?
១២-១៤. បើសូរសម្លេងបង្ហាញថាយើងមិនមានទំនុកចិត្តមាំមួន តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានលក្ខណៈថ្លៃថ្នូរបាន?
១៥. ហេតុអ្វីក៏អាការក្រៅផ្ទាល់ខ្លួនគឺសំខាន់ម្ល៉េះ?
១៦-២១. តើមានឱវាទអ្វីខ្លះស្តីអំពីរបៀបតុបតែងខ្លួន?
២២-២៨. សូមពន្យល់ថា តើអាកប្បកិរិយាអាចមានអានុភាពយ៉ាងណាលើអាការក្រៅរបស់យើង?
២៩-៣១. ហេតុអ្វីក៏ឧបករណ៍ដែលយើងប្រើនោះត្រូវស្អាតបាត?
៣២-៣៤. តើទឹកមុខមានតួនាទីយ៉ាងណាក្នុងអាការក្រៅផ្ទាល់ខ្លួន?