បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១៨ ទំ. ៨៦-៩២
  • លក្ខណៈថ្លៃថ្នូរ និងអាការក្រៅផ្ទាល់ខ្លួន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លក្ខណៈថ្លៃថ្នូរ និងអាការក្រៅផ្ទាល់ខ្លួន
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១៨ ទំ. ៨៦-៩២

ចំណុច​ហាត់​រៀន​ទី​១៨

លក្ខណៈ​ថ្លៃថ្នូរ និង​អាការ​ក្រៅ​ផ្ទាល់​ខ្លួន

១ ប្រសិន​បើ​អ្នក​ថ្លែង​និយាយ​ដោយ​មាន​អារម្មណ៍​ស្រួល នោះ​គាត់​នឹង​មាន​លក្ខណៈ​ថ្លៃថ្នូរ។ គាត់​មាន​ចិត្ត​ស្ងប់​ពីព្រោះ​គាត់​អាច​យក​ឈ្នះ​លើ​ស្ថានការណ៍​បាន។ ផ្ទុយ​ទៅ​វិញ បើ​គាត់​គ្មាន​លក្ខណៈ​ថ្លៃថ្នូរ​ទេ នេះ​បង្ហាញ​ថា​គាត់​ក៏​ពុំ​មាន​ទំនុក​ចិត្ត​មាំមួន​ដែរ។ ចំណុច​ពីរ​នេះ​ផ្សា​ភ្ជាប់​គ្នា។ ហេតុ​នេះ​ហើយ​នៅ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ត្រូវ​ដាក់​លក្ខណៈ​នេះ​ជា​មួយ​គ្នា ដែល​ហៅ​ថា«បង្ហាញ​ទំនុក​ចិត្ត​មាំមួន និង​លក្ខណៈ​ថ្លៃថ្នូរ»។

២ អ្នក​ថ្លែង​គួរ​ប្រាថ្នា​ចង់​បង្ហាញ​ទំនុក​ចិត្ត​មាំមួន​និង​លក្ខណៈ​ថ្លៃថ្នូរ។ ប៉ុន្តែ យើង​មិន​គួរ​ច្រឡំ​ថា នេះ​ជា​ការ​បង្ហាញ​ភាព​ក្រអឺត​ក្រទម​ទេ ដែល​ស​ឲ្យ​ឃើញ​ជាក់​ស្តែង​ដោយ​ឫកពា​នោះ ឬ​ការ​ដើរ​ពើង​ទ្រូង ឬ​ការ​អង្គុយ​បែប​មាន​ភាព​សោះ​អង្គើយ ឬ​បើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​វិញ ដោយ​ផ្អែក​ខ្លួន​លើ​ទ្វារ​ជា​ដើម។ បើ​យើង​មាន​ទង្វើ​ណា​មួយ​ពេល​ថ្លែង​សុន្ទរកថា ដែល​បង្ហាញ​ឫក​ក្រអឺត​ក្រទម​នោះ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​ជូន​ឱវាទ​ដល់​យើង​ក្រោយ​ពី​ប្រជុំ​ចប់ ពីព្រោះ​គាត់​ចង់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​បញ្ហា​ទាំង​នេះ ដែល​អាច​រារាំង​ដល់​ប្រសិទ្ធភាព​នៃ​កិច្ចបំរើ​ផ្សាយ។

៣ ប៉ុន្តែ បើ​យើង​ជា​អ្នក​ថ្លែង​ថ្មី ទំនង​ជា​យើង​មាន​អារម្មណ៍​អៀនខ្មាស​វិញ​ពេល​យើង​ឡើង​វេទិកា។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​នឹង​ថ្លែង​មិន​ល្អ។ យើង​មិន​ចាំបាច់​មាន​អារម្មណ៍​ដូច្នេះ​ទេ។ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​មាំមួន​និង​លក្ខណៈ​ថ្លៃថ្នូរ​បាន ដោយ​ការ​ខំ​ប្រឹង និង​ការ​ដឹង​អំពី​មូលហេតុ​ដែល​យើង​ខ្វះ​លក្ខណៈ​នេះ។

៤ ហេតុ​អ្វី​ក៏​អ្នក​ថ្លែង​ខ្លះ​មិន​បង្ហាញ​ទំនុក​ចិត្ត​មាំមួន? តាម​ធម្មតា​គឺ​ដោយសារ​មូលហេតុ​មួយ​ឬ​ពីរ​យ៉ាង ឬ​មូលហេតុ​ទាំង​ពីរ​តែ​ម្ដង។ មូលហេតុ​មួយ គឺ​ការ​រៀបចំ​ពុំ​បាន​ល្អ ឬ​មានទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ពត៌មាន​ដែល​ខ្លួន​ថ្លែង។ មូលហេតុ​ទីពីរ គឺ​គ្មាន​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ជា​អ្នក​ថ្លែង​សុន្ទរកថា។

៥ តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​មាំមួន? ចំណេះ​ឬ​មាន​ជំនឿ​ថា​យើង​អាច​សម្រេច​គោល​បំណង​របស់​យើង​បាន។ នេះ​គឺ​ជា​ការ​ដឹង​ប្រាកដ​ក្នុង​ខ្លួន​ថា យើង​អាច​យក​ឈ្នះ​លើ​ស្ថានការណ៍​នេះ។ នៅ​លើ​វេទិកា ប្រហែល​ជា​យើង​ត្រូវ​ទទួល​បទ​ពិសោធ​សិន។ ដោយ​បាន​ថ្លែង​សុន្ទរកថា​ច្រើន​ដង​ហើយ យើង​អាច​មាន​អារម្មណ៍​ប្រាកដ​ក្នុង​ចិត្ត​ថា លើក​នេះ​នឹង​ថ្លែង​បាន​ល្អ។ ប៉ុន្តែ ទោះ​ជា​យើង​ជា​សិស្ស​ដែល​មិន​ទាន់​មាន​បទពិសោធន៍​ច្រើន​ក៏​ដោយ នោះ​សុន្ទរកថា​ដែល​យើង​បាន​ថ្លែង​មុនៗគួរ​លើក​ទឹក​ចិត្ត​យើង ថា​មិន​យូរ​ប៉ុន្មាន យើង​អាច​បង្ហាញ​នូវ​ទំនុក​ចិត្ត​មាំមួន​បាន។

៦ តម្រូវ​ការ​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​មាំមួន មិន​ថា​យើង​មាន​បទពិសោធន៍​ឬ​ក៏​អត់​នោះ គឺ​ការ​យល់​ដឹង​នូវ​ពត៌មាន​ដែល​យើង​នឹង​ថ្លែង និង​ការ​ជឿជាក់​ថា ពត៌មាន​នេះ​ពិត​ជា​មាន​ប្រយោជន៍​មែន។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​រៀបចំ​ប្រធាន​ឲ្យ​បាន​ហ្មត់ចត់​ទុក​ជា​មុន និង​ត្រូវ​រៀបចំ​សុន្ទរកថា​ដែល​ថ្លែង​ជូន​អ្នក​ស្ដាប់​ឲ្យ​បាន​ផ្ចិតផ្ចង់​ផង​ដែរ។ បើ​យើង​ទទួល​ស្គាល់​ថា ការ​ថ្លែង​សុន្ទរកថា​នឹង​ជួយ​យើង​មាន​ជំនឿន​ក្នុង​កិច្ចបំរើ​ព្រះ ព្រម​ទាំង​ជួយ​បង្ហាត់​បង្រៀន​បងប្អូន​ដែល​មាន​វត្តមាន នោះ​យើង​នឹង​អធិស្ឋាន​ថ្វាយ​ព្រះ​មុន​នឹង​ថ្លែង​សុន្ទរកថា។ យើង​ត្រូវ​ជក់​ស្លុង​នឹង​ប្រធាន​នោះ ដល់​ម្ល៉េះ​បាន​ជា​យើង​នឹង​ភ្លេច​ពី​អារម្មណ៍​ភិតភ័យ​ក្នុង​ខ្លួន។ យើង​នឹង​គិត​អំពី​ការ​បំពេញ​ព្រះ​ហឫទ័យ​ព្រះ មិន​មែន​បំពេញ​ចិត្ត​មនុស្ស​ទេ។—កា. ១:១០; និក្ខ. ៤:១០​-​១២; យេ. ១:៨

៧ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ជឿជាក់​ទៅ​លើ​អ្វីៗទាំង​អស់​ដែល​យើង​នឹង​ថ្លែង។ ពេល​រៀបចំ​សុន្ទរកថា ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​អារម្មណ៍​ដូច្នេះ​មែន។ បើ​យើង​បាន​រៀបចំ​សព្វ​គ្រប់​អស់​ហើយ ដើម្បី​ថ្លែង​សុន្ទរកថា​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​មាន​ភាព​រស់​រវើក តែ​យើង​នៅ​មាន​អារម្មណ៍​ថា សុន្ទរកថា​នេះ​នៅ​តែ​មិន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ នោះ​សូម​ចាំ​ថា អ្នក​ស្ដាប់​ដែល​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា នឹង​ជួយ​យើង​បង្ហាញ​នូវ​ភាព​កក់ក្ដៅ​ច្រើន​ជាង​ពេល​ថ្លែង​សុន្ទរកថា។ ដូច្នេះ ចូរ​ថ្លែង​បែប​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​សុន្ទរកថា​របស់​យើង ហើយ​ចំណាប់អារម្មណ៍​របស់​ពួក​គេ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​យើង​ថ្លែង។

៨ ដូច​ជា​គ្រូ​ពេទ្យ​រក​លក្ខណៈ​នៃ​រោគ​ជំងឺ នោះ​អ្នក​ជូន​ឱវាទ​នឹង​កត់​សម្គាល់​នូវ​លក្ខណៈ​ណា​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​មិន​មាន​អារម្មណ៍​ស្ងប់។ ហើយ​ដូច​ជា​គ្រូ​ពេទ្យ​នឹង​ព្យាបាល​នូវ​ជំងឺ​ជាជាង​ព្យាបាល​តែ​លក្ខណៈ​នៃ​រោគ​នោះ អ្នក​ជូន​ឱវាទ​ក៏​នឹង​ខំ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​មូលហេតុ​ពិត​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ទំនុក​ចិត្ត​មាំមួន​និង​លក្ខណៈ​ថ្លៃថ្នូរ។ ប៉ុន្តែ បើ​យើង​ចេះ​សម្គាល់​នូវ​លក្ខណៈ​ដែល​បង្ហាញ​ពី​ការ​ខ្វះ​ទំនុក​ចិត្ត​មាំមួន ហើយ​ខំ​រៀន​ឲ្យ​ចេះ​កែ​ប្រែ​លក្ខណៈ​នោះ នេះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​មូលហេតុ​ដែល​មាន​អារម្មណ៍​នោះ។ តើ​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​បង្ហាញ​ពី​ការ​ខ្វះ​ទំនុក​ចិត្ត​មាំមួន?

៩ តាម​ធម្មតា យើង​បង្ហាញ​អារម្មណ៍​ភ័យ ឬ​មាន​ការ​ខ្វល់ខ្វាយ តាម​លក្ខណៈ​ពីរ​យ៉ាង ពោល​គឺ តាម​ឥរិយាបថ​និង​សូរ​សម្លេង​របស់​យើង។ ពេល​សម្ដែង​ឥរិយាបថ​និង​បញ្ចេញ​សូរ​សម្លេង​ដូច​ជា​ភ័យ នេះ​បាន​ន័យ​ថា អ្នក​ថ្លែង​ខ្វះ​លក្ខណៈ​ថ្លៃថ្នូរ។

១០ បង្ហាញ​ឥរិយាបថ​ថ្លៃថ្នូរ: ដូច្នេះ ភស្តុតាង​ទី​មួយ​ដែល​បង្ហាញ​ពី​លក្ខណៈ​ថ្លៃថ្នូរ គឺ​តាម​រយៈ​ឥរិយាបថ​របស់​យើង។ បន្តបន្ទាប់​នេះ​មាន​ទី​សម្គាល់​ខ្លះៗដែល​អាច​បង្ហាញ​ថា យើង​គ្មាន​ទំនុក​ចិត្ត​មាំមួន។ មុន​ដំបូង សូម​គិត​អំពី​ដៃ៖ ការ​ក្រពាត់​ដៃ ការ​ច្រត់​ដៃ​ម្ខាង ឬ​ច្រត់​ដៃ​លើ​តុ​ដាក់​កំណត់ ការ​ដាក់​ឬ​ដក​ដៃ​ក្នុង​ហោប៉ៅ ការ​បិទ​និង​បើក​ឡេវ​អាវ​ធំ ការ​យក​ដៃ​ទៅ​ស្ទាប​ថ្ពាល់ ច្រមុះ ឬ​វ៉ែនតា ការ​ធ្វើ​កាយវិការ​ឥត​អស់ និង​ការ​លេង​នាឡិកា ខ្មៅ​ដៃ ចិញ្ចៀន​ឬ​ក្រដាស​កំណត់​ជា​ដើម។ ឬ​ក៏​មាន​ការ​យោល​ជើង ការ​ផ្អៀង​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង ការ​ឈរ​ត្រង់​ឆ្កឹង​ឬ​បន្ទន់​ជង្គង់ ការ​លិត​បបូរមាត់​ចុះ​ឡើង​ញឹកញយ ឬ​ការ​លេប​ទឹក​មាត់​មិន​ឈប់ឈរ និង​ការ​ដក​ដង្ហើម​ញាប់​ពេក។

១១ ទី​សម្គាល់​ផ្សេងៗទាំង​នេះ​បង្ហាញ​នូវ​អារម្មណ៍​ភិតភ័យ ហើយ​អាច​យក​ឈ្នះ​ឬ​កាត់​បន្ថយ​បាន ដោយ​ការ​ខំ​ប្រឹង​ព្យាយាម។ បើ​យើង​ខំ​ប្រឹង​នោះ នេះ​នឹង​មើល​ទៅ​ដូច​ជា​យើង​មាន​ឥរិយាបថ​ថ្លៃថ្នូរ។ ដូច្នេះ សូម​ដក​ដង្ហើម​ធម្មតា និង​ខំ​មាន​អារម្មណ៍​ស្ងប់​មិន​ភ័យ​ព្រួយ។ មុន​នឹង​ចាប់​ផ្ដើម​និយាយ ចូរ​ផ្អាក​សិន។ អ្នក​ស្ដាប់​នឹង​មាន​ប្រតិកម្ម​ល្អ ហើយ​ជា​លទ្ធផល​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​មាំមួន។ ចូរ​ប្រុង​ស្មារតី​លើ​ពត៌មាន​ដែល​យើង​ត្រូវ​ថ្លែង ដោយ​មិន​ខ្វល់ខ្វាយ​អំពី​អ្នក​ស្ដាប់​ឬ​អំពី​ខ្លួន​ឯង។

១២ បញ្ចេញ​សូរ​សម្លេង​ថ្លៃថ្នូរ: លក្ខណៈ​សូរ​សម្លេង​ដែល​បង្ហាញ​នូវ​អារម្មណ៍​ភ័យ គឺ​រួម​បញ្ចូល​សូរ​សម្លេង​មាន​កំពស់​ខុស​ពី​ធម្មតា សម្លេង​ញ័រ ការ​គ្រហែម​ឥត​ឈប់​ឥត​ឈរ។ យើង​អាច​យក​ឈ្នះ​បញ្ហា​និង​ទម្លាប់​បែប​នេះ​ដោយ​ការ​សង្វាត​ព្យាយាម។

១៣ ពេល​ឡើង​វេទិកា​ឬ​រៀបចំ​កំណត់ កុំ​ឲ្យ​តក់​ក្រហល់​ឡើយ ប៉ុន្តែ ចូរ​ឲ្យ​មាន​អារម្មណ៍​ស្រួល​និង​មាន​ចិត្ត​សប្បាយ​ក្នុង​ការ​ប្រាប់​នូវ​អ្វី​ដែល​យើង​បាន​រៀបចំ។ បើ​យើង​ដឹង​ថា យើង​តែង​តែ​មាន​អារម្មណ៍​ភ័យ​ពេល​ចាប់​ផ្ដើម​និយាយ យើង​ត្រូវ​តែ​បង្ខំ​ខ្លួន​ឲ្យ​និយាយ​មួយៗពេល​ថ្លែង​ពាក្យ​ផ្ដើម ហើយ​ដោយ​សូរ​ទាប​និង​យឺត​ជាង​ធម្មតា។ នេះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អារម្មណ៍​ភ័យ។ យើង​នឹង​ឃើញ​ថា ការ​ធ្វើ​កាយវិការ​និង​ការ​ផ្អាក នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រួល។

១៤ ប៉ុន្តែ កុំ​ចាំ​ដល់​ពេល​ឡើង​វេទិកា ទើប​ហាត់​ចំណុច​ទាំង​នេះ។ ចូរ​រៀន​ឲ្យ​ចេះ​មាន​លក្ខណៈ​ថ្លៃថ្នូរ​ក្នុង​ការ​និយាយ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​នឹង​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​មាំមួន​ពេល​នៅ​លើ​វេទិកា និង​ក្នុង​កិច្ចបំរើ​ផ្សាយ​ដែល​សំខាន់​ចាំបាច់។ ការ​ថ្លែង​ដោយ​អារម្មណ៍​ស្ងប់​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ស្រួល ដើម្បី​ឲ្យ​គេ​អាច​ប្រុង​ស្មារតី​ស្ដាប់​សាច់​រឿង​ក្នុង​សុន្ទរកថា។ ការ​ឆ្លើយ​ជា​ទៀងទាត់​នៅ​ឯ​កិច្ច​ប្រជុំ​នឹង​ជួយ​យើង​ឲ្យ​ស៊ាំ​នឹង​ការ​និយាយ​នៅ​ពី​មុខ​ក្រុម​មនុស្ស។

**********

១៥ អាការ​ក្រៅ​ដ៏​ល្អ​របស់​យើង គឺ​អាច​ជួយ​យើង​ឲ្យ​មាន​ឥរិយាបថ​ថ្លៃថ្នូរ ប៉ុន្តែ​មាន​មូលហេតុ​ផ្សេងៗទៀត​ដែរ ដើម្បី​ឲ្យ​យើង​មាន​អាការ​ក្រៅ​ល្អ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ អ្នក​ស្ដាប់​អាច​លែង​មាន​អារម្មណ៍​មូល​ដោយសារ​អាការ​ក្រៅ​របស់​យើង ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ប្រុង​ស្មារតី​ស្ដាប់​អ្វី​ដែល​យើង​និយាយ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ប្រុង​ស្មារតី​មើល​អាការ​ក្រៅ​យើង គឺ​មិន​មែន​ជា​គោល​បំណង​របស់​យើង​ទេ។ បើ​បុគ្គល​ម្នាក់​ឥត​យក​ចិត្ត​ទុក​ដាក់​នឹង​អាការ​ក្រៅ​ផ្ទាល់​ខ្លួន គាត់​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើលងាយ​អង្គការ​របស់​ព្រះ​ដែល​គាត់​ចូល​រួម​ជា​មួយ​នោះ និង​បណ្ដាល​ឲ្យ​គេ​បដិសេធ​នូវ​សារ​ដែល​គាត់​កំពុង​តែ​ថ្លែង​ដែរ។ យើង​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ ដូច្នេះ ទោះ​ជា«អាការ​ក្រៅ​ផ្ទាល់​ខ្លួន» ត្រូវ​កត់​ទុក​នៅ​ចុង​ក្រោយ​នៃ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ក្ដី ប៉ុន្តែ​យើង​មិន​គួរ​ចាត់​ទុក​ចំណុច​នេះ​ជា​ចំណុច​ឥត​សំខាន់​ឡើយ។

១៦ របៀប​តុបតែង​ខ្លួន​សមរម្យ: យើង​គួរ​ជៀស​វាង​តុបតែង​ខ្លួន​ហួស​ហេតុ​ពេក។ គ្រីស្ទាន​ដែល​ជា​អ្នក​បំរើ​ព្រះ មិន​គួរ​ធ្វើ​តាម​អ្វី​ដែល​ពេញ​និយម​ក្នុង​លោកីយ៍​នេះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​នឹង​ខ្លួន​យើង។ យើង​នឹង​ជៀស​វាង​ការ​ស្លៀក​ពាក់​ម៉ូដ​ជ្រុល​ពេក ឬ​សំលៀកបំពាក់​ឆើតឆាយ​ពេក ដែល​បង្វែរ​អារម្មណ៍​របស់​អ្នក​ដទៃ​ឲ្យ​គិត​អំពី​សំលៀកបំពាក់​របស់​យើង​ប៉ុណ្ណោះ។ ហើយ​យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​តុបតែង​ខ្លួន​ឥត​សណ្ដាប់​ធ្នាប់។ ការ​ស្លៀក​ពាក់​សមរម្យ មិន​មែន​តម្រូវ​ឲ្យ​យើង​មាន​ខោ​អាវ​ថ្មីៗនោះ​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​យើង​រក្សា​សំលៀកបំពាក់​ឲ្យ​បាន​ស្អាត​បាត​មិន​គគ្រិច។ យើង​ត្រូវ​អ៊ុត​ខោ​និង​ត្រូវ​ពាក់​ក្រវាត់​ក​ឲ្យ​បាន​ត្រង់។ នេះ​ជា​អ្វី​ដែល​យើង​ម្នាក់ៗអាច​ធ្វើ​បាន។

១៧ នៅ​ធីម៉ូថេទី១ ២:៩ ប៉ុល​បាន​ជូន​យោបល់​អំពី​របៀប​ស្លៀក​ពាក់​ដែល​សមរម្យ​សំរាប់​ស្ត្រី​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ។ ដូច​បងប្អូន​ប្រុសៗដែរ ស្ត្រី​គ្រីស្ទាន​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​មិន​សមរម្យ​ដែល​ទាក់ទាញ​មនុស្ស​ឲ្យ​មើល​តែ​យើង ហើយ​ក៏​មិន​គួរ​ស្លៀក​ពាក់​តុបតែង​ឥត​សណ្ដាប់​ធ្នាប់​តាម​ម៉ូដ​ពេញ​និយម​ក្នុង​លោកីយ៍​ដែល​មិន​បង្ហាញ​នូវ​ភាព​សមរម្យ។

១៨ ប្រាកដ​ហើយ យើង​គួរ​ចង​ចាំ​ថា មនុស្ស​គ្រប់​គ្នា​មិន​ស្លៀក​ពាក់​ដូច​គ្នា​ទេ ហើយ​យើង​មិន​គួរ​តម្រូវ​ឲ្យ​គេ​ធ្វើ​ដូច្នេះ​ឡើយ។ យើង​ម្នាក់ៗមាន​ចំណង់​ចំណូល​ចិត្ត​ខុសៗគ្នា ហើយ​នេះ​គឺ​មិន​ខុស​ទេ។ នៅ​ប្រទេស​ផ្សេងៗក៏​មាន​មតិ​ខុសៗគ្នា​ដែរ ស្តី​អំពី​អ្វី​ដែល​ជា​សំលៀកបំពាក់​សមរម្យ​នោះ។ ប៉ុន្តែ យក​ល្អ​ឲ្យ​យើង​ជៀស​វាង​ការ​ស្លៀក​ពាក់​ដែល​មិន​សមរម្យ​ចំពោះ​អ្នក​ស្ដាប់ ហើយ​យើង​ចង់​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​មក​ប្រជុំ​ប្រកាន់​យើង។

១៩ សំលៀកបំពាក់​សមរម្យ​សំរាប់​បងប្អូន​ប្រុសៗដែល​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​ឬ​ក្នុង​កិច្ច​ប្រជុំ​អប់រំ​កិច្ចបំរើ​នោះ គួរ​តែ​ស្លៀក​ពាក់​ដូច​បងប្អូន​ប្រុសៗដែល​ថ្លែង​សុន្ទរកថា​សាធារណៈ​ដែរ។ ស្រប​ទៅ​តាម​ទំលាប់​ក្នុង​តំបន់​យើង បើ​បងប្អូន​ប្រុសៗដែល​ថ្លែង​សុន្ទរកថា​សាធារណៈ​ពាក់​ក្រវាត់​ក​និង​អាវ​ធំ នោះ​ពេល​យើង​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ យើង​ក៏​គួរ​ស្លៀក​ពាក់​ដូច្នេះ​ដែរ។ នេះ​គឺ​ដោយសារ​យើង​ត្រូវ​បាន​អប់រំ​ឲ្យ​និយាយ​នៅ​មុខ​សាធារណជន។

២០ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សំអិត​សំអាង​ខ្លួន​ដែរ។ បើ​យើង​មិន​សិត​សក់ នោះ​មិន​ល្អ​មើល​ទេ។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​សំអិត​សំអាង​ខ្លួន​ឲ្យ​បាន​ស្អាត​បាត។ ដូច្នេះ ពេល​បងប្អូន​ប្រុសៗឡើង​ថ្លែង​សុន្ទរកថា ពួក​គាត់​គួរ​កោរ​ពុក​មាត់​ឲ្យ​បាន​ស្អាត​បាត​ដែរ។

២១ ស្តី​អំពី​របៀប​តុបតែង​ខ្លួន យក​ល្អ​ឲ្យ​អ្នក​ជូន​ឱវាទ​សរសើរ​សិស្ស​ពី​វេទិកា​ដែរ បើ​មាន​ហេតុ​សរសើរ​មែន។ តាម​ពិត ពេល​សរសើរ​សិស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សំលៀកបំពាក់​និង​ការ​សំអិត​សំអាង​ខ្លួន នេះ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​យក​តម្រាប់​តាម​គាត់​ដែរ។ ប៉ុន្តែ បើ​ត្រូវ​ជូន​ឱវាទ​ស្តី​អំពី​របៀប​តុបតែង​ខ្លួន យក​ល្អ​ឲ្យ​អ្នក​ជូន​ឱវាទ​ប្រាប់​សិស្ស​ក្រោយ​ពី​ប្រជុំ​ចប់​វិញ។

២២ អាកប្បកិរិយា​សមរម្យ: អាការ​ក្រៅ​ផ្ទាល់​ខ្លួន​ក៏​រួម​បញ្ចូល​អាកប្បកិរិយា​សមរម្យ​ដែរ។ ប្រាកដ​មែន មនុស្ស​ទាំង​អស់​មិន​មាន​អាកប្បកិរិយា​ដូច​គ្នា​ទេ ហើយ​យើង​ក៏​មិន​គួរ​បង្ខំ​ឲ្យ​បងប្អូន​មាន​អាកប្បកិរិយា​ណា​មួយ​ឡើយ។ ប៉ុន្តែ បើ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ភ្នែក ហើយ​មិន​ប្រុង​ស្ដាប់​សារ​គាត់​វិញ បុគ្គល​នោះ​គួរ​ទទួល​ជំនួយ​ដើម្បី​កែ​ប្រែ​ឬ​បំបាត់​ទំលាប់​នោះ​ចោល។

២៣ ជា​ឧទាហរណ៍ មនុស្ស​ទាំង​អស់​មិន​ឈរ​ដាក់​ជើង​ដូច​គ្នា​ទេ ហើយ​តាម​ធម្មតា​គ្មាន​បញ្ហា​ទេ ថា​យើង​ឈរ​របៀប​ណា ឲ្យ​តែ​យើង​ឈរ​បាន​ត្រង់។ ប៉ុន្តែ បើ​អ្នក​ថ្លែង​ឈរ​កន្ធែក​ជើង​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​គិត​ថា គាត់​ឈរ​ដូច​ជា​កំពុង​តែ​ជិះ​សេះ នេះ​ក៏​ធ្វើ​ឲ្យ​ទើស​ភ្នែក​ដែរ។

២៤ ដូច​គ្នា​ដែរ បើ​អ្នក​ថ្លែង​ឈរ​ដូច​ជា​អត់​មាន​កម្លាំង​គឺ​ឈរ​មិន​ត្រង់ នេះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​ចិត្ត​អាណិត​គាត់ ពីព្រោះ​មើល​ទៅ​ដូច​ជា​គាត់​មិន​ស្រួល​ខ្លួន ហើយ​ទង្វើ​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា​ទេ។ អ្នក​ស្ដាប់​នឹង​គិត​ខ្វល់ខ្វាយ​អំពី​អ្នក​ថ្លែង​ជាជាង​គិត​អំពី​ពាក្យ​ដែល​គាត់​និយាយ​នោះ។

២៥ បើ​គាត់​ឈរ​ជើង​មួយ ហើយ​ជើង​មួយ​ទៀត​ក្រពាត់​ទៅ​ក្រោយ នេះ​បង្ហាញ​ថា​គាត់​គ្មាន​ឥរិយាបថ​ថ្លៃថ្នូរ​ទេ ហើយ​ការ​ឈរ​ដាក់​ដៃ​ក្នុង​ហោប៉ៅ​ក៏​ដូច្នេះ​ដែរ។ នេះ​គឺ​ជា​អាកប្បកិរិយា​ដែល​យើង​ត្រូវ​ជៀស​វាង​ជា​ដាច់ខាត។

២៦ ដូច​គ្នា​ដែរ មិន​ខុស​ទេ​បើ​យូរៗម្ដង​យើង​ដាក់​ដៃ​លើ​តុ​ដាក់​កំណត់ ប៉ុន្តែ​យើង​មិន​ត្រូវ​ផ្អែក​លើ​តុ​នោះ​ទេ នេះ​ក៏​ដូច​ជា​អ្នក​ផ្សាយ​មិន​គួរ​ផ្អែក​ខ្លួន​លើ​ស៊ុម​ទ្វារ​ដែរ។ នេះ​មិន​មែន​ជា​អ្វី​ដែល​ល្អ​ថ្លៃថ្នូរ​ទេ។

២៧ ប៉ុន្តែ យើង​សូម​បញ្ជាក់​មួយ​សា​ទៀត​ថា មនុស្ស​ម្នាក់ៗគឺ​ខុស​ពី​គ្នា។ មនុស្ស​គ្រប់​រូប​មិន​ឈរ​ដូច​គ្នា​ទេ។ បើ​បុគ្គល​ម្នាក់​ឈរ​មើល​ទៅ​ឆ្គង​មែន​ទែន ដល់​ម្ល៉េះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា ទើប​ត្រូវ​ទទួល​ជំនួយ​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។

២៨ ការ​កែ​អាកប្បកិរិយា​ឲ្យ​បាន​សមរម្យ​នោះ តម្រូវ​ឲ្យ​យើង​រៀបចំ។ បើ​យើង​ត្រូវ​កែ​តម្រូវ​ឲ្យ​បាន​ប្រសើរ​ស្តី​អំពី​រឿង​នេះ យើង​ត្រូវ​គិត​ទុក​ជា​មុន ហើយ​ពេល​យើង​ឈរ​នៅ​លើ​វេទិកា យើង​ត្រូវ​មាន​អាកប្បកិរិយា​សមរម្យ​សិន មុន​នឹង​ចាប់​ផ្ដើម​និយាយ។ យើង​អាច​កែ​នូវ​ទម្លាប់​នេះ​បាន ដោយ​ហាត់​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​មាន​អាកប្បកិរិយា​សមរម្យ។

២៩ ឧបករណ៍​ប្រើ​ស្អាត​សមរម្យ: បើ​យើង​កំពុង​តែ​ផ្សាយ​តាម​ផ្ទះ ឬ​ថ្លែង​សុន្ទរកថា​នៅ​លើ​វេទិកា ហើយ​មាន​ក្រដាស​ជ្រុះ​ពី​ព្រះ​គម្ពីរ​ដែល​យើង​កំពុង​តែ​ប្រើ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ភ្នែក ហើយ​មិន​មែន​ជា​ការ​ល្អ​ទេ។ នេះ​មិន​បាន​សេចក្ដី​ថា យើង​មិន​ត្រូវ​សៀត​អ្វី​ក្នុង​ព្រះ​គម្ពីរ​យើង​ទេ។ ប៉ុន្តែ បើ​នេះ​នាំ​ឲ្យ​អ្នក​ស្ដាប់​លែង​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា នោះ​បាន​ន័យ​ថា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អាការ​ក្រៅ​ផ្ទាល់​ខ្លួន។ យក​ល្អ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ព្រះ​គម្ពីរ​របស់​យើង​ឲ្យ​បាន​ស្អាត​បាត​ដែរ។ ដោយសារ​យើង​ប្រើ​ព្រះ​គម្ពីរ​ច្រើន​ដង នោះ​ព្រះ​គម្ពីរ​អាច​ប្រឡាក់​ដី​ឬ​រហែក​និង​គគ្រិច។ ដូច្នេះ យើង​ត្រូវ​គិត​ថា បើ​យើង​ប្រើ​ព្រះ​គម្ពីរ​នោះ​លើ​វេទិកា​ឬ​ក្នុង​កិច្ចបំរើ​ផ្សាយ តើ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ភ្នែក​ឬ​ទេ?

៣០ កាតាប​ដែល​យើង​ប្រើ​ក៏​ដូច្នេះ​ដែរ។ គឺ​មាន​របៀប​ច្រើន​យ៉ាង​ដែល​យើង​ដាក់​សៀវភៅ​ក្នុង​កាតាប។ ប៉ុន្តែ បើ​កាល​ណា​យើង​នៅ​មុខ​ទ្វារ ហើយ​លូក​ដៃ​ក្នុង​កាតាប​ដើម្បី​យក​សៀវភៅ​ចេញ តែ​ត្រូវ​រាវ​រក​ដោយ​មាន​ក្រដាស​រញ៉េរញ៉ៃ​នៅ​ជា​មួយ​ទំរាំ​ដល់​រក​ឃើញ ឬ​ពេល​ដក​ទស្សនាវដ្ដី​ចេញ មាន​សៀវភៅ​ឯ​ទៀត​ធ្លាក់​នៅ​មុខ​ទ្វារ នោះ​បញ្ហា​ទាំង​នេះ​ក៏​យើង​ត្រូវ​ដោះស្រាយ​ដែរ។

៣១ បើ​អ្នក​ថ្លែង​មាន​ប៊ិច​និង​ខ្មៅ​ដៃ​ជា​ច្រើន​ក្នុង​ហោប៉ៅ និង​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ស្ដាប់​ឃើញ​នោះ នេះ​ក៏​មិន​ល្អ​មើល​ហើយ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ភ្នែក​ដែរ។ យើង​មិន​ចង់​បង្កើត​ច្បាប់​ថា​យើង​គួរ​ដាក់​របស់​ទាំង​នេះ​នៅ​កន្លែង​ណា​ឡើយ ប៉ុន្តែ ពេល​របស់​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មើល​តែ​អ្នក​ថ្លែង​ជាជាង​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា នោះ​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ខ្លះៗ។

៣២ បង្ហាញ​ទឹក​មុខ​ស្រប​តាម​កាលៈទេសៈ: ពេល​យើង​រៀបចំ​សុន្ទរកថា យក​ល្អ​ឲ្យ​យើង​គិត​អំពី​ពត៌មាន​នោះ ថា​តើ​តម្រូវ​ឲ្យ​យើង​បង្ហាញ​អារម្មណ៍​បែប​ណា។ ជា​ឧទាហរណ៍ ពេល​និយាយ​អំពី​សេចក្ដី​ស្លាប់​និង​ការ​បំផ្លិច​បំផ្លាញ គឺ​មិន​សម​ទេ បើ​យើង​មាន​ទឹក​មុខ​ញញឹម​នោះ។ យ៉ាង​ដូច្នេះ​ដែរ ពេល​និយាយ​អំពី​ស្ថានភាព​ដ៏​សប្បាយ​ក្នុង​របប​លោកីយ៍​ថ្មី គឺ​មិន​សម​ឡើយ បើ​យើង​ធ្វើ​មុខ​ក្រញូវ​ដាក់​អ្នក​ស្ដាប់។

៣៣ តាម​ធម្មតា ទឹក​មុខ​គឺ​មិន​មែន​ជា​បញ្ហា​ទេ តែ​អ្នក​ខ្លះ​មាន​ទឹក​មុខ​ដូច​ជា​តឹងរ៉ឹង​ជាង​អ្នក​ដទៃ។ ប៉ុន្តែ អ្វី​ដែល​យើង​ត្រូវ​ជៀស​វាង​គឺ​ការ​បង្ហាញ​ទឹក​មុខ​ជ្រុល​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា។ បើ​ទឹក​មុខ​យើង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ឆ្ងល់​ថា តើ​យើង​និយាយ​ស្មោះ​ឬ​ក៏​អត់? នេះ​ច្បាស់​ជា​មិន​ល្អ​ទេ។

៣៤ ដូច្នេះ ពេល​យើង​រៀបចំ​សុន្ទរកថា យក​ល្អ​ឲ្យ​យើង​គិត​អំពី​អារម្មណ៍​ដែល​យើង​ត្រូវ​បង្ហាញ​ពេល​នោះ។ បើ​ពិគ្រោះ​ប្រធាន​សំខាន់​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​ការ​បំផ្លាញ​មនុស្ស​អាក្រក់ នោះ​ត្រូវ​ថ្លែង​តាម​របៀប​ម៉ឺងម៉ាត់​ដែរ។ ហើយ​បើ​យើង​គិត​ជានិច្ច​អំពី​ពត៌មាន​ដែល​យើង​កំពុង​តែ​ថ្លែង នោះ​ទឹក​មុខ​របស់​យើង​នឹង​មាន​ភាព​ស្រប​តាម​សាច់​រឿង​នោះ​ដែរ។ បើ​សុន្ទរកថា​នោះ​ទាក់ទង​នឹង​រឿង​ដែល​សប្បាយ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អំណរ​វិញ នោះ​យើង​ត្រូវ​ថ្លែង​តាម​របៀប​ដែល​ស្ដាប់​ទៅ​គួរ​ឲ្យ​សប្បាយ។ ហើយ​បើ​យើង​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​លើ​វេទិកា នោះ​ទឹក​មុខ​យើង​នឹង​ពេញ​ទៅ​ដោយ​អំណរ​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​-​៩​. សូម​ពន្យល់​ថា តើ​ទំនុក​ចិត្ត​មាំមួន​និង​លក្ខណៈ​ថ្លៃថ្នូរ​មាន​ន័យ​អ្វី? ហើយ​សូម​ប្រាប់​អំពី​របៀប​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ទាំង​នេះ។

១០, ១១​. តើ​អាការ​ក្រៅ​ផ្ទាល់​ខ្លួន​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​មិន​មាន​ទំនុក​ចិត្ត​មាំមួន?

១២​-​១៤​. បើ​សូរ​សម្លេង​បង្ហាញ​ថា​យើង​មិន​មាន​ទំនុក​ចិត្ត​មាំមួន តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ថ្លៃថ្នូរ​បាន?

១៥​. ហេតុ​អ្វី​ក៏​អាការ​ក្រៅ​ផ្ទាល់​ខ្លួន​គឺ​សំខាន់​ម្ល៉េះ?

១៦​-​២១​. តើ​មាន​ឱវាទ​អ្វី​ខ្លះ​ស្តី​អំពី​របៀប​តុបតែង​ខ្លួន?

២២​-​២៨​. សូម​ពន្យល់​ថា តើ​អាកប្បកិរិយា​អាច​មាន​អានុភាព​យ៉ាង​ណា​លើ​អាការ​ក្រៅ​របស់​យើង?

២៩​-​៣១​. ហេតុ​អ្វី​ក៏​ឧបករណ៍​ដែល​យើង​ប្រើ​នោះ​ត្រូវ​ស្អាត​បាត?

៣២​-​៣៤​. តើ​ទឹក​មុខ​មាន​តួ​នាទី​យ៉ាង​ណា​ក្នុង​អាការ​ក្រៅ​ផ្ទាល់​ខ្លួន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក