ចូរបង្រៀនអស់អ្នករាបសាឲ្យដើរក្នុងផ្លូវរបស់ព្រះ
១ សិស្សរបស់ព្រះយេស៊ូនៅសតវត្សរ៍ទីមួយត្រូវបានគេនិយាយថាជាអ្នកប្រតិបត្ដិតាម«ផ្លូវ[ឬ«មាគ៌ារបស់ព្រះអម្ចាស់]»។ (កិច្ច. ៩:២; ខ.ស.) គ្រីស្ទានពិតប្រតិបត្ដិតាមផ្លូវរបស់ព្រះក្នុងគ្រប់ការទាំងអស់នៃជីវិតរបស់គេ។ (សុ. ៣:៥, ៦) ដូច្នេះហើយពេលយើងបង្រៀនសិស្សព្រះគម្ពីរ យើងមិនគ្រាន់តែផ្ដល់ឲ្យគេនូវចំណេះពិតអំពីព្រះគម្ពីរតែប៉ុណ្ណោះទេ។ យើងត្រូវតែជួយសិស្សព្រះគម្ពីរឲ្យគេដើរក្នុងផ្លូវព្រះយេហូវ៉ា។—ទំនុក. ២៥:៨, ៩
២ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូ: គឺពិបាកណាស់ សម្រាប់មនុស្សឥតគ្រប់ល័ក្ខណ៍ដែលនឹងធ្វើឲ្យការគិតគូរ ចិត្តគំនិត ពាក្យសម្ដី និងចរិយារបស់ខ្លួនស្របតាមព្រះហឫទ័យរបស់ព្រះនោះ! (រ៉ូម ៧:២១-២៣; អេភ. ៤:២២-២៤) ទោះបីយ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងព្រះរាជបុត្រាទ្រង់ពិតជាជំរុញចិត្តអស់អ្នករាបសាឲ្យព្រមទទួលភារកិច្ចដ៏ពិបាកនោះ។ (យ៉ូន. ១៤:១៥; ១យ៉ូន. ៥:៣) តើតាមរបៀបណាដែលយើងអាចជួយសិស្សព្រះគម្ពីរឲ្យបណ្ដុះសេចក្ដីស្រឡាញ់បែបនេះបាន?
៣ ចូរជួយសិស្សរបស់អ្នកឲ្យស្គាល់បុគ្គលិកលក្ខណ:នៃព្រះយេហូវ៉ា។ បងប្រុសម្នាក់បានពន្យល់ថា៖ «មនុស្សមិនអាចស្រឡាញ់អ្នកណាម្នាក់ដែលគេមិនស្គាល់ឡើយ។ ដូច្នេះចាប់ពីការសិក្សាដំបូង ខ្ញុំប្រើព្រះគម្ពីរបង្ហាញព្រះនាមព្រះយេហូវ៉ាដល់សិស្ស និងខិតខំរកឱកាសដើម្បីបញ្ជាក់ឲ្យបានច្បាស់អំពីគុណសម្បត្ដិរបស់ទ្រង់»។ ការគូសបញ្ជាក់ពីគំរូរបស់ព្រះយេស៊ូជាវិធីដ៏ប្រសើរមួយ ដែលអាចជួយសិស្សបាន។ (យ៉ូន. ១:១៤; ១៤:៩) បន្ថែមទៀត ចូរប្រើប្រអប់សំណួរសម្រាប់រំពឹងគិត ដែលមាននៅទីបញ្ចប់ជំពូកនីមួយៗនៃសៀវភៅព្រះគម្ពីរបង្រៀន ដើម្បីជួយសិស្សគិតពិចារណាអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះនិងព្រះរាជបុត្រាទ្រង់។
៤ បង្រៀនដោយតាំងគំរូល្អ: ជាអ្នកបង្រៀននិងជាអ្នកនាំមុខ យើងជួយឲ្យអ្នកឯទៀតយល់អត្ថន័យនៃការដើរក្នុងផ្លូវរបស់ព្រះ ដោយការប្រព្រឹត្តរបស់យើង។ (១កូ. ១១:១) ជាឧទាហរណ៍ សិស្សព្រះគម្ពីរជាច្រើនគ្មានទម្លាប់ទៅជួបមនុស្សចម្លែកដើម្បីប្រាប់អំពីសេចក្ដីជំនឿរបស់គេទេ។ ដូច្នេះហើយ ប្រហែលយើងត្រូវការបំនិន និងការអត់ធ្មត់ ដើម្បីជួយឲ្យសិស្សព្រះគម្ពីរមានសេចក្ដីស្រឡាញ់ ជំនឿ ព្រមទាំងសេចក្ដីក្លាហានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (២កូ. ៤:១៣; ១ថែ. ២:២) ចិត្តប្រាថ្នានាំសិស្សនឹងជំរុញយើងឲ្យទៅជាមួយ ព្រមទាំងគាំទ្រ ពេលពួកគេចាប់ផ្ដើមកិច្ចបម្រើផ្សាយគ្រីស្ទានជាលើកដំបូង។
៥ គំរូរបស់អ្នកអាចជួយបង្ហាត់សិស្សព្រះគម្ពីរក្នុងផ្នែកសំខាន់ផ្សេងៗទៀតនៃការរស់នៅរបស់គ្រីស្ទានពិត។ ពួកគេនឹងឃើញការសម្ដែងសេចក្ដីស្រឡាញ់ ពេលអ្នកទៅលេងបងប្អូនដែលឈឺឬសួរសុខទុក្ខយ៉ាងរាក់ទាក់ដល់បងប្អូនឯទៀតពេលប្រជុំគ្រីស្ទាន។ (យ៉ូន. ១៥:១២) កាលណាអ្នករួមចំណែកសម្អាតសាលប្រជុំ ឬជួយអ្នកឯទៀត នោះអ្នកកំពុងតែបង្រៀនពួកគេអំពីរបៀបបម្រើអ្នកដទៃ។ (យ៉ូន. ១៣:១២-១៥) ពេលពួកគេសង្កេតឃើញថាអ្នកព្យាយាមឲ្យមានរបៀបរស់នៅសាមញ្ញ នោះពួកគេនឹងយល់ច្បាស់អំពីអត្ថន័យនៃពាក្យ‹ចូរស្វែងរកនគរព្រះជាមុនសិន›។—ម៉ាថ. ៦:៣៣
៦ កិច្ចការបង្រៀនព្រះបន្ទូលរបស់ព្រះដល់អ្នកឯទៀត និងបញ្ចុះបញ្ចូលឲ្យមានសិស្សតម្រូវឲ្យមានការប្រឹងប្រែងច្រើន។ ក៏ប៉ុន្តែពិតជាអរសប្បាយមែន ដោយឃើញអស់អ្នករាបសា«កំពុងតែប្រព្រឹត្តតាមសេចក្ដីពិត!»។—៣យ៉ូន. ៤
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើការបញ្ចុះបញ្ចូលឲ្យមានសិស្សរួមបញ្ចូលអ្វីខ្លះ?
២. តើអ្វីអាចជំរុញចិត្តសិស្សព្រះគម្ពីរឲ្យធ្វើតាមបញ្ញត្តរបស់ព្រះ?
៣. តើតាមរបៀបណាដែលយើងអាចជួយសិស្សឲ្យបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូ?
៤. (ក) ហេតុអ្វីក៏សិស្សព្រះគម្ពីរច្រើននាក់គិតថាការផ្សព្វផ្សាយជាការពិបាក? (ខ) តើយើងអាចជួយសិស្សព្រះគម្ពីររបស់យើងឲ្យចាប់ផ្ដើមកិច្ចបម្រើផ្សាយគ្រីស្ទានជាលើកដំបូងយ៉ាងដូចម្ដេច?
៥. តើគំរូល្អជួយសិស្សព្រះគម្ពីរឲ្យយល់អំពីរបៀបធ្វើតាមបញ្ញត្តរបស់ព្រះយ៉ាងដូចម្ដេច?
៦. ពេលដែលយើងជួយអ្នករាបសាឲ្យបម្រើព្រះយេហូវ៉ា តើយើងមានអារម្មណ៍បែបណា?