ចូរកុំបោះបង់សេចក្ដីស្រឡាញ់ដែលអ្នកមាននៅដើមដំបូង
១ ព្រះយេស៊ូគ្រិស្តដែលបានទទួលសិរីរុងរឿងបានជូនឱវាទក្រុមជំនុំនៅទីក្រុងអេភេសូរនាសតវត្សរ៍ទីមួយថា៖ «អញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ»។ (វិវរ. ២:៤) ជាក់ស្តែង បងប្អូនច្រើននាក់នៅក្រុមជំនុំអេភេសូរ បានបោះបង់ចោលសេចក្ដីស្រឡាញ់ដែលពួកគេមាននៅដើមដំបូងចំពោះព្រះយេហូវ៉ា។ ពេលដែលយើងចាប់ផ្ដើមរៀនសេចក្ដីពិត យើងបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះព្រះយេហូវ៉ា និងអ្នកជិតខាង ហើយនេះជំរុញយើងឲ្យផ្សព្វផ្សាយពីសេចក្ដីសង្ឃឹមដែលមានក្នុងព្រះបន្ទូលរបស់ព្រះដោយចិត្តខ្នះខ្នែង។ តើអ្វីដែលនឹងបង្ការយើងមិនឲ្យបោះបង់ចោលសេចក្ដីស្រឡាញ់ដែលយើងមាននៅដើមដំបូង និងរក្សាចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ?
២ សិក្សាដោយខ្លួនឯង និងចូលរួមកិច្ចប្រជុំ: តើអ្វីដែលបានបណ្ដាលឲ្យយើងមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ពេលយើងចាប់ផ្ដើមរៀនសេចក្ដីពិត? នេះក៏ដោយសារតែអ្វីៗទាំងអស់ដែលយើងបានរៀនអំពីព្រះយេហូវ៉ា តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ដែរ មែនទេ? (១យ៉ូន. ៤:៩) ហេតុដូច្នេះហើយ ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់យើង«បានចំរើនកាន់តែច្រើនឡើង» យើងត្រូវតែបន្តក្រេបជញ្ជក់យកសេចក្ដីចេះដឹងពិត ហើយស្វែងរក«សេចក្ដីជ្រាលជ្រៅនៃព្រះ»។—ភី. ១:៩-១១; ១កូ. ២:១០
៣ នៅជាន់ក្រោយបង្អស់ពោរពេញទៅដោយសេចក្ដីខ្វល់ខ្វាយនៃជីវិត និងមានអ្វីៗជាច្រើនដែលនឹងបំបែរអារម្មណ៍យើង ដូចនេះការរក្សាឲ្យមានទម្លាប់ល្អក្នុងការសិក្សាដោយខ្លួនឯងពិតជាពិបាកមែន។ (២ធី. ៣:១) យើងត្រូវចេះលៃពេលក្នុងកាលវិភាគរបស់យើង ដើម្បីក្រេបជញ្ជក់យកអាហារខាងវិញ្ញាណ។ ការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់គឺចាំបាច់ណាស់ ជាពិសេសតាមដែលយើង«ឃើញថាថ្ងៃនោះជិតមកដល់ហើយ»។—ហេ. ១០:២៤, ២៥
៤ កិច្ចបម្រើផ្សាយ: ចូលរួមក្នុងកិច្ចបម្រើផ្សាយដោយចិត្តខ្នះខ្នែង ជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់ដែលយើងមាននៅដើមដំបូងចំពោះព្រះ។ កាលណាយើងផ្សព្វផ្សាយដំណឹងល្អ យើងរំលឹកខ្លួនយើងអំពីសេចក្ដីសន្យាដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ហើយនេះនឹងជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹមរបស់យើងឲ្យរឹងមាំ។ ការបង្រៀនសេចក្ដីពិតពីព្រះគម្ពីរតម្រូវឲ្យយើងចេះធ្វើការស្រាវជ្រាវ ដើម្បីឲ្យខ្លួនយើងបានយល់ច្បាស់ ហើយនេះនឹងពង្រឹងជំនឿរបស់យើងដែរ។—១ធី. ៤:១៥, ១៦
៥ ព្រះយេហូវ៉ាគួរនឹងទទួលអ្វីៗទាំងអស់ នេះរួមបញ្ចូលសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់។ (វិវរ. ៤:១១) កុំអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់យើងចុះខ្សោយទៅៗឡើយ។ ចូររក្សាទុកសេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លាដំបូង ដោយខំប្រឹងឲ្យអស់ពីសមត្ថភាពធ្វើការសិក្សាព្រះគម្ពីរដោយខ្លួនឯង ចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ ព្រមទាំងប្រកាសផ្សាយដំណឹងល្អដែលយើងចាត់ទុកថាមានតម្លៃបំផុត។—រ៉ូម ១០:១០