បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ៦ ទំ. ៣០-៣៣
  • ការអាននិងរបៀបពន្យល់បទគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការអាននិងរបៀបពន្យល់បទគម្ពីរ
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ៦ ទំ. ៣០-៣៣

ចំណុច​ហាត់​រៀន​ទី៦

ការ​អាន​និង​របៀប​ពន្យល់​បទ​គម្ពីរ

១ នៅ​ពេល​ដែល​យើង​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​គោល​បំណង​របស់​ព្រះ មិន​ថា​ពិគ្រោះ​គ្នា​តែ​ពីរបី​នាក់ ឬ​ពេល​ឡើង​វេទិកា​បង្រៀន​មនុស្ស​មួយ​ក្រុម​ក៏​ដោយ នោះ​ការ​ពិគ្រោះ​របស់​យើង​មាន​មូលដ្ឋាន​ទៅ​លើ​បទ​គម្ពីរ​ដែល​យើង​អាន។ ដូច្នេះ​ហើយ យើង​ត្រូវ​អាន​បទ​គម្ពីរ​ទាំង​នោះ​យ៉ាង​ល្អ។ យើង​មិន​គួរ​អាន​បទ​គម្ពីរ​តាម​របៀប​ធម្មតា​តែ​ប៉ុណ្ណោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​អាន​បទ​គម្ពីរ​គួរ​បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍​ថែម​ទៀត​ទៅ​លើ​សុន្ទរកថា​របស់​យើង ទើប​អាច​សម្រេច​គោល​បំណង​បាន។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​សរសេរ​ថា«របៀប​បន្លឺ​សម្លេង​ក្នុង​ការ​អាន​បទ​គម្ពីរ» ជា​លក្ខណៈ​ដ៏​ពិសេស​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ពិនិត្យ​មើល បើ​យើង​ចង់​ធ្វើ​ជា​អ្នក​បំរើ​ដែល​មាន​សមត្ថភាព។

២ យើង​ត្រូវ​អាន​បទ​គម្ពីរ​ដោយ​បញ្ចេញ​អារម្មណ៍​ដ៏​ស្មោះ ប៉ុន្តែ​មិន​គួរ​បញ្ចេញ​ឲ្យ​ជ្រុល​ពេក​ទេ។ យើង​អាច​បង្ហាញ​អារម្មណ៍​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​បទ​គម្ពីរ​និង​ហេតុ​ដែល​យើង​ប្រើ​បទ​គម្ពីរ​នោះ។ ការ​អាន​បទ​គម្ពីរ​គួរ​លើក​ចំណុច​បញ្ជាក់​ហេតុ​ផល​ឲ្យ​លេច​ធ្លោ តែ​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​តែ​នឹង​ការ​អាន​នោះ​ឡើយ។

៣ ម្យ៉ាង​វិញ​ទៀត ការ​អាន​នោះ​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​ពាក្យ​ដែល​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ។ ការ​អាន​គួរ​បញ្ជាក់​នូវ​ចំណុច​នោះ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ស៊ប់។ ហេតុ​នេះ​ហើយ ការ​បន្លឺ​សម្លេង​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​អាន​បទ​គម្ពីរ​គឺ​ជួយ​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ដែរ។ នេះ​ធ្វើ​ឲ្យ​ការ​អាន​បទ​គម្ពីរ​ទៅ​ជា​មាន​ឥទ្ធិពល។

៤ ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗ: ការ​សង្កត់​សម្លេង​លើ​ពាក្យ​ណា​នោះ គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​កំពុង​តែ​អាន​បទ​គម្ពីរ។ ប្រសិន​បើ​យើង​សង្កត់​សម្លេង​លើ​ពាក្យ​ទាំង​អស់​ស្មើៗគ្នា នោះ​នឹង​មិន​មាន​ពាក្យ​ណា​លេច​ធ្លោ​ជាង​គេ​ទេ ហើយ​ចំណុច​សំខាន់​ដែល​គួរ​បញ្ជាក់​ហេតុ​ផល​នោះ នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។ ដូច្នេះ ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពាក្យ​សំខាន់ៗដែល​ត្រូវ​សង្កត់​សម្លេង គឺ​ជា​ពាក្យ​ដែល​នឹង​ជួយ​គាំទ្រ​គំនិត​ពេល​យើង​អាន​បទ​គម្ពីរ​នោះ។

៥ ជា​ឧទាហរណ៍ ប្រសិន​បើ​យើង​អាន​អេសេគាល ១៨:៤ ដើម្បី​បង្ហាញ​ថា បាប​នាំ​ឲ្យ​ស្លាប់ មិន​មែន​នាំ​ឲ្យ​ទទួល​ទារុណកម្ម​អស់កល្ប​ជានិច្ច​ទេ នោះ​យើង​នឹង​អាន​ដោយ​សង្កត់​ពាក្យ​ដូច​ត​ទៅ​ថា៖ «ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ» ដោយ​សង្កត់​សម្លេង​លើ​ពាក្យ​ដែល​ជា​អក្សរ​ទ្រេត។ ប៉ុន្តែ ប្រសិន​បើ​យើង​ចង់​ពន្យល់​ថា ព្រលឹង​ជា​អ្វី​ដែល​ស្លាប់ មិន​គ្រាន់​តែ​រូប​កាយ​ប៉ុណ្ណោះ​ទេ នោះ​យើង​នឹង​សង្កត់​សម្លេង​លើ​ពាក្យ​ផ្សេង ដោយ​អាន​ថា៖ «ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ»។ ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗ គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​អាន​បទ​គម្ពីរ​នោះ។

៦ របៀប​បន្លឺ​សម្លេង​ដែល​មាន​ប្រសិទ្ធភាព: យើង​អាច​សង្កត់​សម្លេង​បាន​តាម​របៀប​ផ្សេងៗ ទៅ​លើ​ពាក្យ​សំខាន់ៗដែល​យើង​ចង់​ឲ្យ​លេច​ធ្លោ​នោះ។ របៀប​ដែល​យើង​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗនោះ គួរ​មាន​ភាព​ស្រប​គ្នា​នឹង​បទ​គម្ពីរ ហើយ​ស្រប​តាម​លំដាប់​រៀបចំ​នៃ​សុន្ទរកថា​នោះ។

៧ លក្ខណៈ​នៃ​ការ​និយាយ​នេះ​ដែល​ថា«របៀប​បន្លឺ​សម្លេង​ក្នុង​ការ​អាន​បទ​គម្ពីរ» មិន​មាន​បំណង​ប្រាប់​អំពី​របៀប​បន្លឺ​សម្លេង​សព្វ​គ្រប់​បែប​យ៉ាង​នោះ​ទេ។ យើង​នឹង​សិក្សា​លក្ខណៈ​ល្អិតល្អន់​ទៀត ពេល​ដែល​ពិគ្រោះ​នូវ​ចំណុច​ហាត់​និយាយ​ស្តី​អំពី​ការ​សង្កត់​សម្លេង​ឲ្យ​យល់​អត្ថន័យ។ ប៉ុន្តែ អ្វី​ដែល​មាន​ជា​បន្តបន្ទាប់​នេះ​គឺ​ជា​របៀប​បន្លឺ​សម្លេង​ខ្លះៗ ដើម្បី​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​អាន​បទ​គម្ពីរ​យ៉ាង​មាន​ប្រសិទ្ធភាព។

៨ ការ​សង្កត់​សម្លេង : នេះ​ទាក់ទង​ការ​ផ្លាស់ប្ដូរ​សូរ​ដែល​ធ្វើ​ឲ្យ​ពាក្យ​សំខាន់ៗលេច​ធ្លោ​ជាង​ពាក្យ​ផ្សេងៗក្នុង​ប្រយោគ មិន​ថា​ដោយ​កំពស់​សូរ​ស័ព្ទ ល្បឿន ឬ​ទំហំ​សម្លេង​ឡើយ។

៩ ការ​ផ្អាក : យើង​អាច​ផ្អាក​មុន​ឬ​ក្រោយ​គោល​ចំណុច​នៃ​បទ​គម្ពីរ ឬ​ផ្អាក​ក្នុង​ករណី​ទាំង​ពីរ​ក៏​បាន។ ការ​ផ្អាក​មុន​នឹង​អាន​នូវ​ពាក្យ​ដែល​ជា​គំនិត​សំខាន់​នោះ បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍។ ការ​ផ្អាក​ក្រោយ​ពី​អាន​ពាក្យ​សំខាន់​នោះ ធ្វើ​ឲ្យ​គំនិត​នោះ​ដក់​ជាប់​ក្នុង​គំនិត​អ្នក​ស្ដាប់​កាន់​តែ​ខ្លាំង​ឡើង។

១០ ការ​និយាយ​សា​ឡើង​វិញ : យើង​អាច​បញ្ជាក់​ចំណុច​បាន​ដោយ​កាត់​សំដី​ខ្លួន​ឯង ហើយ​អាន​ពាក្យ​ឬ​ឃ្លា​នោះ​សា​ឡើង​វិញ។ យើង​ត្រូវ​ប្រើ​វិធី​នេះ​ដោយ​ប្រយ័ត្នប្រយែង។

១១ កាយវិការ : កាយវិការ ព្រម​ទាំង​ទឹក​មុខ​យើង​អាច​ជួយ​សង្កត់​បញ្ជាក់​ពាក្យ​ឬ​ឃ្លា។

១២ ការ​ផ្លាស់ប្ដូរ​សម្លេង : ជួន​កាល​ការ​អាន​ពាក្យ​ដោយ​សម្លេង​ផ្សេង​អាច​ផ្លាស់ប្ដូរ​អត្ថន័យ និង​ធ្វើ​ឲ្យ​ពាក្យ​នោះ​លេច​ធ្លោ​ឡើង។ ប៉ុន្តែ យើង​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​វិធី​បន្លឺ​សម្លេង​នេះ ជា​ពិសេស​ពេល​ដែល​យើង​បន្លឺ​សម្លេង​មាន​សូរ​ហាក់​ដូច​ជា​និយាយ​ចំអក​ឲ្យ​គេ។

១៣ ពេល​អ្នក​ដទៃ​អាន​បទ​គម្ពីរ: ពេល​ដែល​ម្ចាស់​ផ្ទះ​អាន​បទ​គម្ពីរ គាត់​អាច​សង្កត់​សម្លេង​លើ​ពាក្យ​មិន​សំខាន់ ឬ​ក៏​គាត់​ឥត​សង្កត់​សម្លេង​លើ​ពាក្យ​ណា​ឡើយ។ បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា? តាម​ធម្មតា ក្នុង​ករណី​បែប​នេះ យក​ល្អ​ឲ្យ​យើង​ពន្យល់​អត្ថន័យ​នៃ​បទ​គម្ពីរ ដើម្បី​បញ្ជាក់​នូវ​ចំណុច​ដែល​យើង​ចង់​សង្កត់​ធ្ងន់​នោះ។ ពេល​ដែល​អាន​បទ​គម្ពីរ​ចប់​ហើយ យើង​អាច​ប្រមូល​អារម្មណ៍​ម្ចាស់​ផ្ទះ​ឲ្យ​មើល​ពាក្យ​សំខាន់ៗ ដោយ​អាន​ពាក្យ​នោះ​ម្ដង​ទៀត ឬ​ដោយ​សួរ​សំនួរ។

១៤ គឺ​មាន​របៀប​មួយ​ទៀត​ដែល​យើង​អាច​បញ្ជាក់​ចំណុច​សំខាន់ៗពេល​ដែល​គាត់​អាន​នោះ ប៉ុន្តែ​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​ប្រយ័ត្នប្រយែង​និង​មាន​ការ​ប៉ិនប្រសប់។ ពេល​ដែល​ម្ចាស់​ផ្ទះ​កំពុង​តែ​អាន​បទ​គម្ពីរ​ហើយ​មក​ដល់​ចំណុច​សំខាន់​នោះ យើង​អាច​សុំ​អត់​ទោស​ពេល​ដែល​កាត់​សំដីគាត់។ រួច​មក យើង​អាច​ប្រមូល​អារម្មណ៍​គាត់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ឬ​ឃ្លា​ដែល​យើង​ចង់​បញ្ជាក់​នោះ។ ប្រសិន​បើ​យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ឥត​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​អាម៉ាស់​មុខ​ឬ​ខឹង​នោះ របៀប​នេះ​គឺ​មាន​ប្រសិទ្ធភាព​ដែរ។ ប៉ុន្តែ កម្រ​ណាស់​ដែល​យើង​គួរ​ចង់​ប្រើ​វិធី​នេះ។

**********

១៥ ការ​អាន​បទ​គម្ពីរ​ប៉ុណ្ណោះ ទោះ​ជា​បាន​បន្លឺ​សម្លេង​យ៉ាង​ត្រឹម​ត្រូវ​ក៏​ដោយ តាម​ធម្មតា​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​សម្រេច​នូវ​គោល​បំណង​របស់​យើង។ ត្រូវ​ហើយ ម្ដងម្កាល​បទ​គម្ពីរ​ដែល​យើង​អាន​នោះ នឹង​បញ្ជាក់​នូវ​ចំណុច​ដែល​ពន្យល់​ហេតុ​ផល​មែន។ ប៉ុន្តែ ភាគ​ច្រើន យើង​ត្រូវ​ទាញ​អារម្មណ៍​អ្នក​ស្ដាប់​ម្ដង​ទៀត​ឲ្យ​មើល​ពាក្យ​សំខាន់ៗក្នុង​បទ​គម្ពីរ​នោះ។ រួច​មក យើង​ត្រូវ​បង្ហាញ​នូវ​របៀប​ដែល​ពាក្យ​នោះ​ទាក់ទង​នឹង​ចំណុច​ដែល​បញ្ជាក់​ពី​ហេតុ​ផល។ ក្នុង​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ ចំណុច​នេះ​ហៅ​ថា «ការ​ពន្យល់​បទ​គម្ពីរ​ត្រូវ​ច្បាស់​លាស់»។ សូម​ចាំ​ថា មនុស្ស​ធម្មតា​គឺ​មិន​ស្គាល់​ព្រះ​គម្ពីរ​ទេ ហើយ​មិន​អាច​យល់​នូវ​ចំណុច​ដែល​យើង​ចង់​បញ្ជាក់ បើ​យើង​គ្រាន់​តែ​អាន​បទ​គម្ពីរ​ម្ដង​ប៉ុណ្ណោះ។ ការ​បញ្ជាក់​ពាក្យ​សំខាន់ៗសា​ឡើង​វិញ និង​ការ​ពន្យល់​ន័យ​បទ​គម្ពីរ​នោះ នឹង​ធ្វើ​ឲ្យ​ចំណុច​នោះ​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​ស្ដាប់។

១៦ បទ​គម្ពីរ​ដែល​យើង​អាន​នោះ ត្រូវ​ស៊ី​គ្នា​នឹង​ចំណុច​ដែល​យើង​ចង់​បញ្ជាក់​ហេតុ​ផល ហើយ​តាម​ធម្មតា យើង​ត្រូវ​ប្រើ​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ ទើប​អាច​មាន​លទ្ធភាព​ពន្យល់​អត្ថន័យ​បទ​គម្ពីរ​ឲ្យ​បាន​ច្បាស់​លាស់។ រួច​មក ដោយ​គិត​អំពី​វិធី​បង្រៀន យើង​ចង់​ពន្យល់​បទ​គម្ពីរ​នោះ​ឲ្យ​ស្រួល​យល់។

១៧ ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​នូវ​បទ​គម្ពីរ​នោះ ហើយ​យើង​ត្រូវ​ពន្យល់​បទ​គម្ពីរ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ។ បើ​ត្រូវ​ការ សូម​គិត​អំពី​បរិបទ​ខគម្ពីរ​នោះ ហើយ​គិត​អំពី​គោលការណ៍​ឬ​បុគ្គល​ដែល​ខ​នោះ​សំដៅ​ទៅ​លើ។ កុំ​ប្រើ​បទ​គម្ពីរ​ក្នុង​របៀប​ដែល​ឥត​សម​តាម​គោល​បំណង​របស់​អ្នក​និពន្ធ​ឲ្យ​សោះ។ សូម​ធ្វើ​តាម​គំរូ​ក្នុង​ប្រកាសនវត្ថុ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ដិត​ដល់ ពេល​ដែល​ពន្យល់​បទ​គម្ពីរ​ណា​មួយ​នោះ។

១៨ កត់​សម្គាល់​នូវ​ពាក្យ​គន្លឹះ: តាម​ធម្មតា គួរ​គប្បី​ឲ្យ​យើង​លើក​បញ្ជាក់​ពាក្យ​សំខាន់ៗសា​ឡើង​វិញ មុន​ឬ​ក្នុង​កំឡុង​ពេល​ពន្យល់​បទ​គម្ពីរ។ នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សាច់​រឿង​ក្នុង​បទ​គម្ពីរ​ដែល​មិន​ទាក់ទង​នឹង​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល​នោះ នឹង​ត្រូវ​ទុក​ជា​ចំណុច​បន្ទាប់បន្សំ​វិញ។ តាម​ធម្មតា យើង​និយាយ​សា​ឡើង​វិញ​នូវ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ ប៉ុន្តែ នេះ​គឺ​មិន​ចាំបាច់​រាល់​តែ​ដង​ឡើយ។ ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​គំនិត​សំខាន់ៗ ដែល​យើង​កំពុង​តែ​ពិគ្រោះ​នោះ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​នេះ​បាន គឺ​ដោយ​ប្រើ​ពាក្យ​សទិស​ន័យ ដើម្បី​ប្រាប់​ចំណុច​សា​ឡើង​វិញ។ របៀប​មួយទៀត​គឺ​ដោយ​សួរ​សំនួរ។ ប្រសិន​បើ​សុន្ទរកថា​របស់​យើង​ជា​ការ​ពិគ្រោះ​ជា​មួយ​ម្នាក់​ទៀត នោះ​យើង​អាច​សួរ​គាត់​ដើម្បី​ឲ្យ​គាត់​កត់​សម្គាល់​នូវ​ពាក្យ​គន្លឹះ​បាន។

១៩ បញ្ជាក់​ពី​ហេតុ​ក្នុង​ការ​អាន​បទ​គម្ពីរ: នេះ​មាន​ន័យ​ថា យើង​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ស្ដាប់​បាន​យល់​ច្បាស់​និង​មាន​ចិត្ត​អបអរ​ចំពោះ​ហេតុ​ដែល​យើង​បាន​ប្រើ​បទ​គម្ពីរ​នោះ។ ប្រហែល​ជា​យើង​បាន​សម្រេច​ចិត្ត​ថា មិន​ចាំបាច់​ប្រើ​របៀប​ជាក់លាក់​ណា​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ទេ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា ឥត​ចាំបាច់​ឲ្យ​យើង​បញ្ជាក់​នូវ​ចំណុច​ក្នុង​បទ​គម្ពីរ​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ តាម​ធម្មតា​យើង​បង្ហាញ​ទុក​ជា​មុន​នូវ​មូលហេតុ​សំរាប់​ការ​អាន​បទ​គម្ពីរ។ ដូច្នេះ​ហើយ យើង​ក៏​ត្រូវ​បញ្ជាក់​ពី​ហេតុ​ក្នុង​ការ​អាន​បទ​គម្ពីរ​ដែរ។

២០ តើ​យើង​ត្រូវ​ពន្យល់​បទ​គម្ពីរ​ដល់​កំរិត​ណា? នេះ​គឺ​អាស្រ័យ​នឹង​អ្នក​ស្ដាប់ និង​សារៈ​សំខាន់​នៃ​ចំណុច​ក្នុង​សុន្ទរកថា​នោះ។ តាម​ធម្មតា បើ​គ្រាន់​តែ​ពិគ្រោះ​បទ​គម្ពីរ​ប៉ុណ្ណោះ គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​តែ​ភ្ជាប់​គំនិត​ដែល​ត្រូវ​បញ្ជាក់​ក្នុង​បទ​គម្ពីរ​ជា​មួយ​នឹង​ហេតុ​ដែល​យើង​បាន​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​បទ​គម្ពីរ។ យើង​ត្រូវ​តែ​ប្រាប់​យ៉ាង​ចំៗអំពី​ទំនាក់ទំនង​នោះ។

២១ បើ​យើង​អាច​ពន្យល់​បទ​គម្ពីរ​ឲ្យ​ស្រួល​យល់ ហើយ​នៅ​តែ​សម្រេច​តាម​គោល​បំណង​របស់​យើង នោះ​គឺ​កាន់​តែ​ប្រសើរ។ យើង​ត្រូវ​បកស្រាយ​ដោយ​ឥត​រួម​បញ្ចូល​ពត៌មាន​ដែល​មិន​ទាក់ទង​នឹង​គោល​ចំណុច។ យើង​អាច​សម្រេច​ការ​នេះ​បាន ដោយ​ប្រើ​តែ​បី​បួន​ចំណុច​ប៉ុណ្ណោះ​ក្នុង​ការ​បញ្ជាក់​ហេតុ​ផល។ រួច​មក យើង​បន្ថែម​តែ​ពត៌មាន​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​យល់​ច្បាស់។ ប្រសិន​បើ​យើង​បាន​សួរ​សំនួរ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ ហើយ​មិន​ទាន់​បាន​ឆ្លើយ​សំនួរ​នោះ​នៅ​ឡើយ ការ​ពន្យល់​បទ​គម្ពីរ​ក្រោយ​ពី​អាន​នោះ ត្រូវ​តែ​ប្រាប់​ចំណុច​នេះ។

២២ មក​ដល់​ត្រឹម​នេះ​ក្នុង​កម្មវិធី​បង្ហាត់​បង្រៀន​ផ្នែក​ការ​និយាយ យើង​ត្រូវ​មាន​គោល​បំណង​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​និង​ច្បាស់​លាស់។ ពេល​យើង​ធ្វើ​ដូច្នេះ នោះ​ការ​អាន​និង​របៀប​ពន្យល់​បទ​គម្ពីរ នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​សមត្ថភាព​ជា​គ្រូ​បង្រៀន​ដែល​មាន​ជំនាញ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​-​៣​. ពេល​ដែល​ថ្លែង​សុន្ទរកថា តើ​យើង​គួរ​អាន​បទ​គម្ពីរ​យ៉ាង​ណា?

៤, ៥​. តើ«ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗ»មាន​ន័យ​យ៉ាង​ណា? សូម​លើក​ឧទាហរណ៍។

៦​-​១២​. តើ​យើង​អាច​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់ៗក្នុង​បទ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៣, ១៤​. ពេល​ដែល​ម្ចាស់​ផ្ទះ​អាន​បទ​គម្ពីរ តើ​យើង​អាច​បញ្ជាក់​នូវ​ចំណុច​សំខាន់ៗយ៉ាង​ណា?

១៥​-​១៧​. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​ការ​ពន្យល់​បទ​គម្ពីរ​ត្រូវ​ច្បាស់​លាស់?

១៨​. តើ​យើង​អាច​កត់​សម្គាល់​នូវ​ពាក្យ​គន្លឹះ​យ៉ាង​ដូច​ម្ដេច?

១៩​-​២២​. តើ​ការ«បញ្ជាក់​ពី​ហេតុ​ក្នុង​ការ​អាន​បទ​គម្ពីរ» ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក