ចំណុចហាត់រៀនទី១១
ការរៀបចំសាច់រឿងនៃសុន្ទរកថាឲ្យទាក់ទងគ្នា
១ សុន្ទរកថាដែលមានសាច់រឿងទាក់ទងគ្នា គឺងាយស្ដាប់ងាយយល់សំរាប់អ្នកស្ដាប់។ ប៉ុន្តែ បើគោលចំណុចនៃសាច់រឿងមិនទាក់ទងគ្នាវិញ នោះមិនយូរប៉ុន្មាន អ្នកស្ដាប់នឹងលែងប្រុងស្មារតី។ យ៉ាងច្បាស់ណាស់ នេះគឺជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុត ពេលយើងរៀបចំសុន្ទរកថា។ ដូច្នេះ ការ«ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា»ជាលក្ខណៈមួយដែលត្រូវរួមបញ្ចូលលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ ដែលយើងត្រូវពិនិត្យមើលឲ្យបានដិតដល់។
២ ការរៀបចំសាច់រឿងនៃសុន្ទរកថាឲ្យទាក់ទងគ្នា មានន័យថា យើងរៀបចំគោលចំណុចនិមួយៗឲ្យជាប់គ្នាហូរហែ ដើម្បីបញ្ជាក់ពីគោលរឿងតែមួយដែលសមហេតុសមផល។ ជួនកាលយើងអាចរៀបចំចំណុចនានាតាមលំដាប់លំដោយ។ ប៉ុន្តែ ក្នុងសុន្ទរកថាភាគច្រើន មានផ្នែកផ្សេងៗដែលមិនមែនជាចំណុចដែលជាប់គ្នាតាមលំដាប់លំដោយប៉ុណ្ណោះទេ ដូច្នេះយើងត្រូវតែធ្វើឲ្យចំណុចនោះជាប់គ្នាវិញ។ ក្នុងករណីនេះ ការរៀបចំសាច់រឿងឲ្យទាក់ទងគ្នា តម្រូវឲ្យយើងប្រើពាក្យដែលធ្វើឲ្យចំណុចនិមួយៗជាប់គ្នាយ៉ាងហូរហែ។ បើមានគំនិតណាដ៏ពិបាកយល់ ដោយសារយើងចង់ប្ដូរទស្សនៈ ឬចង់និយាយសំដៅទៅលើគ្រាផ្សេងទៀត នោះយើងគួរប្រើពាក្យឬឃ្លាដើម្បីបង្ហាញនូវរបៀបដែលចំណុចថ្មីទាក់ទងនឹងចំណុចដែលយើងទើបតែបានពិគ្រោះហើយ។ បើធ្វើដូច្នេះ យើងអាចបង្គ្រប់គំនិតបាន។ នេះគឺជាការប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា។
៣ ជាឧទាហរណ៍ ពាក្យផ្ដើម តួសេចក្ដី និងសេចក្ដីបញ្ចប់ គឺជាផ្នែកផ្សេងគ្នាក្នុងសុន្ទរកថា។ ប៉ុន្តែ យើងត្រូវធ្វើឲ្យផ្នែកទាំងនេះជាប់ទាក់ទងគ្នាដោយប្រើពាក្យភ្ជាប់។ បន្ថែមទៅទៀត យើងក៏ត្រូវធ្វើឲ្យគោលចំណុចផ្សេងៗទាក់ទងគ្នាដែរ ជាពិសេសបើគោលចំណុចនោះមិននិយាយចំៗនឹងសាច់រឿង។ ឬជួនកាលយើងត្រូវភ្ជាប់តែប្រយោគឬវគ្គប៉ុណ្ណោះទេ។
៤ ការប្រើពាក្យភ្ជាប់ឃ្លា: តាមធម្មតា យើងអាចធ្វើឲ្យគោលគំនិតនិមួយៗទាក់ទងគ្នាបាន ដោយប្រើពាក្យឬឃ្លាភ្ជាប់។ មានពាក្យភ្ជាប់ឃ្លាខ្លះដូចជា៖ ម្យ៉ាងទៀត បន្ថែមទៅទៀត ដូចគ្នាដែរ មួយវិញទៀត ស្រដៀងគ្នានេះ ដូច្នោះ បើដូច្នេះ ដូច្នោះហើយ អ៊ីចឹង ហេតុនេះ យ៉ាងនេះ ហេតុដូច្នេះហើយ ហេតុនេះហើយបានជា អាស្រ័យហេតុនេះ មូលហេតុនេះហើយ ផ្ទុយទៅវិញ រួចហើយ ក្រោយមក បន្ទាប់មក ប៉ុន្តែ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ម្យ៉ាងវិញទៀត និងយ៉ាងណាមិញជាដើម។ ពាក្យទាំងនេះអាចភ្ជាប់ឃ្លានិងវគ្គបានយ៉ាងល្អ។
៥ ប៉ុន្តែ ពេលហាត់លក្ខណៈនេះនៃការនិយាយ គឺមានអ្វីដែលត្រូវធ្វើច្រើនជាងមិនគ្រាន់តែប្រើពាក្យភ្ជាប់ស្រួលៗដូចខាងលើនេះប៉ុណ្ណោះទេ។ ជួនណាយើងក៏គួរប្រើវិធីភ្ជាប់គំនិតផង ដើម្បីនាំអ្នកស្ដាប់ឲ្យយល់នូវទំនាក់ទំនងនៃគោលគំនិតជាមួយនឹងសាច់រឿង។ វិធីធ្វើនេះគឺដោយប្រើឃ្លាមួយឲ្យភ្ជាប់គំនិត ឬយើងក៏អាចបន្ថែមគំនិតដែលនឹងធ្វើឲ្យសាច់រឿងជាប់គ្នាបានហូរហែជាង។
៦ វិធីមួយដែលយើងអាចភ្ជាប់គោលគំនិតឬគោលចំណុចជាមួយគ្នា គឺដោយធ្វើឲ្យការពន្យល់នៃចំណុចមុន រួមជាផ្នែកនៃការចាប់ផ្ដើមពន្យល់នូវចំណុចជាបន្ទាប់។ តាមធម្មតា យើងធ្វើដូច្នេះពេលដែលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
៧ ម្យ៉ាងទៀត យើងមិនគ្រាន់តែភ្ជាប់ចំណុចណាដែលមានតៗគ្នាប៉ុណ្ណោះទេ តែជួនកាលយើងក៏គួរភ្ជាប់ចំណុចខ្លះជាមួយចំណុចឯទៀតដែលនៅឆ្ងាយពីគ្នាដែរ។ ជាឧទាហរណ៍ យើងចង់ធ្វើឲ្យសេចក្ដីបញ្ចប់នៃសុន្ទរកថាជាប់ទាក់ទងនឹងសេចក្ដីផ្ដើម។ ប្រហែលជាយើងបានប្រាប់អំពីចំណុចណាមួយឬរឿងប្រៀបប្រដូចជាក់លាក់ណាមួយនៅពេលផ្ដើមសេចក្ដី។ ក្រោយមក ក្នុងសេចក្ដីបញ្ចប់វិញ យើងក៏ចង់លើកបញ្ជាក់ហើយពន្យល់អំពីចំណុចនោះម្ដងទៀត ដើម្បីជំរុញទឹកចិត្ត ឬបង្ហាញថែមទៀតថា រឿងប្រៀបប្រដូចឬគំនិតនោះទាក់ទងជាមួយនឹងគោលបំណងនៃសុន្ទរកថាយ៉ាងណា។ ការបញ្ជាក់ឡើងវិញនូវចំណុចណាមួយនៃរឿងប្រៀបប្រដូចឬគំនិតនោះ គឺជារបៀបធ្វើឲ្យសាច់រឿងទាក់ទងគ្នា។
៨ ការភ្ជាប់សាច់រឿងសមស្របតាមអ្នកស្ដាប់: តើយើងត្រូវរៀបចំសាច់រឿងនៃសុន្ទរកថាឲ្យទាក់ទងគ្នាច្រើនប៉ុនណា? នេះគឺអាស្រ័យលើអ្នកស្ដាប់។ នេះមិនបានសេចក្ដីថា អ្នកស្ដាប់ខ្លះឥតត្រូវការពាក្យភ្ជាប់សាច់រឿងនោះទេ។ ផ្ទុយទៅវិញ អ្នកស្ដាប់ខ្លះត្រូវការពាក្យភ្ជាប់ច្រើនជាង ដោយសារពួកគេមិនសូវដឹងថា គំនិតណាត្រូវទាក់ទងគ្នានោះ។ ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាតែងប្រើបទគម្ពីរដែលចែងអំពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ថាទាក់ទងនឹងបទគម្ពីរដែលចែងអំពីព្រះរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែ ចំពោះអ្នកខ្លះដែលចាត់ទុកព្រះរាជាណាចក្រគ្រាន់តែជាអ្វីដែលមានក្នុងគំនិតឬមានក្នុងចិត្តប៉ុណ្ណោះ នោះគាត់ពុំអាចយល់នូវទំនាក់ទំនងគ្នានៃសាច់រឿងនេះទេ។ ដូច្នេះហើយយើងត្រូវប្រើគំនិតថែមទៀតដែលបង្ហាញនូវទំនាក់ទំនងគ្នានៃសាច់រឿងទាំងនេះដើម្បីឲ្យគេយល់បានច្បាស់។ ក្នុងកិច្ចបំរើផ្សាយរបស់យើង យើងតែងតែធ្វើយ៉ាងនេះជានិច្ច។
**********
៩ លក្ខណៈមួយទៀតនៃការនិយាយដែលទាក់ទងចំណុចនេះគឺ «ការពន្យល់ដែលសមហេតុផល» ហើយលក្ខណៈនេះក៏ត្រូវកត់ទុកលើប័ណ្ណជូនឱវាទដែរ។ នេះគឺជាតម្រូវការដ៏សំខាន់មួយដែរ ដើម្បីនិយាយយ៉ាងណាឲ្យមនុស្សជឿ។
១០ ការពន្យល់ដែលសមហេតុផលគឺជារបៀបគិតគូរ ឬការវែកញែកដ៏ត្រឹមត្រូវ។ នេះជួយយើងផ្ដល់នូវការយល់ដឹងបាន ពីព្រោះជាធម្មតានោះ យើងពន្យល់អំពីប្រធានណាមួយដោយភ្ជាប់ផ្នែកផ្សេងៗក្នុងសុន្ទរកថាតាមរបៀបដែលសមហេតុផល។ ការពន្យល់ដែលសមហេតុផលបង្ហាញនូវមូលហេតុដែលចំណុចនិមួយៗទាក់ទងគ្នា។ បើយើងពន្យល់ដោយវែកញែកជាបណ្ដើរៗឲ្យផ្នែកនិមួយៗដែលជាប់គ្នាមានលំដាប់លំដោយ នោះយើងអាចពន្យល់សាច់រឿងបានយ៉ាងសមហេតុផល។ ការពន្យល់ដែលសមហេតុផលគឺអាចធ្វើឡើងដោយពន្យល់តាមលំដាប់លំដោយ ឬពន្យល់ពីគ្រាផ្សេងៗដែលមានព្រឹត្ដិការណ៍កើតឡើងក្នុងប្រវត្ដិសាស្ត្រ ឬយើងក៏អាចពន្យល់អំពីបញ្ហាណាមួយ រួចមក ពន្យល់អំពីរបៀបដោះស្រាយបញ្ហានោះជាដើម។
១១ មានរបៀបពីរយ៉ាងដែលយើងអាចពន្យល់បញ្ជាក់ហេតុផលបាន។ (១) ប្រាប់អ្នកស្ដាប់យ៉ាងចំៗអំពីសេចក្ដីពិត ហើយលើកបញ្ជាក់ភស្តុតាងដែលគាំទ្រនោះ។ (២) បដិសេធនូវសេចក្ដីបង្រៀនណាដែលមិនពិត ហើយសឲ្យឃើញនូវសេចក្ដីពិតវិញ។ រួចមក យើងគ្រាន់តែពន្យល់បទគម្ពីរយ៉ាងត្រឹមត្រូវហើយឲ្យច្បាស់តែប៉ុណ្ណោះ។
១២ គ្មានអ្នកថ្លែងពីរនាក់ណាដែលនឹងវែកញែកលើប្រធានមួយដូចគ្នាបេះបិទនោះទេ។ សៀវភៅដំណឹងល្អទាំងបួនគឺជាឧទាហរណ៍ដ៏ល្អអំពីរបៀបផ្សេងៗក្នុងការពន្យល់នូវប្រធានតែមួយ។ សិស្សបួននាក់របស់ព្រះយេស៊ូមិនបានពឹងពាក់លើអ្នកឯទៀតពេលសរសេរកំណត់ហេតុមួយៗស្តីអំពីកិច្ចបំរើរបស់ព្រះយេស៊ូទេ។ កំណត់ហេតុនិមួយៗគឺផ្សេងពីគ្នា តែកំណត់ហេតុទាំងបួនបានត្រូវសរសេរដោយមានលំដាប់លំដោយនិងសមហេតុផល។ ម្នាក់ៗបានពន្យល់ពត៌មានដោយមានគោលបំណងច្បាស់លាស់មួយ ហើយម្នាក់ៗក៏បានជោគជ័យក្នុងការបំពេញគោលបំណងរៀងៗខ្លួនដែរ។
១៣ ហេតុនេះហើយបានជាអ្នកជូនឱវាទត្រូវសម្គាល់បំណងរបស់យើង និងខំគិតអំពីលំដាប់នៃគំនិតដែលយើងបានពិគ្រោះ ថាតើសិស្សបានសម្រេចបំណងនោះឬក៏អត់។ យើងអាចជួយអ្នកជូនឱវាទនិងអ្នកស្ដាប់ដែរ ដោយបញ្ជាក់ពីគោលបំណងរបស់យើងឲ្យបានច្បាស់ ជាពិសេសរបៀបដែលយើងចាប់ផ្ដើមប្រាប់អំពីពត៌មាននោះ ហើយរបៀបដែលយើងពន្យល់ចំណុចនោះសាឡើងវិញពេលបញ្ចប់សុន្ទរកថា។
១៤ រៀបចំគំនិតតាមលំដាប់ដែលសមហេតុផល: មុនដំបូង ពេលរៀបចំសាច់រឿងឬទម្រង់នៃសុន្ទរកថា យើងត្រូវប្រយ័ត្នកុំនិយាយឬលើកគំនិតណាមួយដែលឥតទាន់មានមូលដ្ឋាន។ សូមសួរខ្លួនជានិច្ចនូវសំនួរទាំងនេះថា៖ តើខ្ញុំគួរនិយាយអ្វីជាបន្តបន្ទាប់? ដោយបានពន្យល់ត្រឹមនេះហើយ តើសមហេតុសមផលឲ្យខ្ញុំសួរសំនួរអ្វីទៀត? កាលណាយើងសម្រេចចិត្តចង់សួរសំនួរណានោះ ចូរឆ្លើយសំនួរនោះចុះ! ពេលយើងពន្យល់ចំណុចណាមួយ អ្នកស្ដាប់គួរមានទស្សនៈថា៖ «ស្របទៅតាមអ្វីៗដែលអ្នកបាននិយាយនោះ ខ្ញុំអាចយល់ថា ចំណុចនេះគឺពិតដូច្នេះមែន»។ បើយើងមិនទាន់បានស្ថាបនាមូលដ្ឋានទេ នោះចំណុចដែលយើងពន្យល់ជាបន្តបន្ទាប់នោះ គឺឥតស្របតាមលំដាប់ដែលសមហេតុផល ហើយមិនជាប់គ្នាទេ។
១៥ ពេលរៀបចំសាច់រឿងក្នុងសុន្ទរកថារបស់យើង យើងគួរគិតអំពីផ្នែកផ្សេងៗដែលជាប់ទាក់ទងគ្នា។ យើងចង់យល់អំពីរបៀបដែលផ្នែកផ្សេងៗនេះទាក់ទងគ្នា ហើយរៀបចំចំណុចនោះតាមលំដាប់ដែលសមហេតុសមផល។ នេះគឺប្រៀបដូចនឹងការកសាងផ្ទះ។ ជាងសំណង់មិនដែលសង់ជញ្ជាំងដោយមិនទាន់ចាក់គ្រឹះនោះឡើយ។ ហើយគាត់ក៏មិនលាបពណ៌ទាល់តែបានបូកជញ្ជាំងមុនសិនដែរ។ ការរៀបចំសាច់រឿងនៃសុន្ទរកថាក៏មានលំដាប់សមហេតុផលដែរ។ តាមលំដាប់ដែលសមហេតុផល ចំណុចនិមួយៗ គួរតែជាប់ទាក់ទងនឹងសាច់រឿង ហើយស្ថាបនាមូលដ្ឋានសំរាប់ចំណុចនានាដែលមានជាបន្តបន្ទាប់។ ពេលដែលយើងពន្យល់ហេតុការណ៍ផ្សេងៗក្នុងសុន្ទរកថា យើងក៏គួរមានមូលហេតុដែលរៀបចំចំណុចតាមលំដាប់លំដោយនោះ។
១៦ ជៀសវាងគំនិតក្រៅសាច់រឿង: ចំណុចនិមួយៗដែលយើងប្រើ ត្រូវតែជាប់គ្នាយ៉ាងល្អ។ បើមិនដូច្នេះទេ ចំណុចនោះគឺមើលទៅដូចជាមិនជាប់ទាក់ទងគ្នា ហើយគឺជាការនិយាយក្រៅសាច់រឿង ដែលមិនទាក់ទងនឹងសាច់រឿងដែលយើងកំពុងតែពិគ្រោះ។
១៧ ប៉ុន្តែ ទោះជាមានចំណុចមួយដែលស្ដាប់ទៅដូចជាមិនទាក់ទងសាច់រឿងក៏ដោយ នោះអ្នកជូនឱវាទនឹងមិនសម្រេចចិត្តភ្លាមៗទេ ថាចំណុចនោះឥតទាក់ទងនឹងសាច់រឿង បើយើងអាចពន្យល់អំពីទំនាក់ទំនងរវាងចំណុចទាំងនោះ។ ប្រហែលជាយើងបានសម្រេចចិត្តប្រើចំណុចនោះពីព្រោះយើងមានគោលបំណងជាក់លាក់ណាមួយ។ បើចំណុចនោះសមស្របនឹងគោលរឿង ហើយយើងពន្យល់អំពីទំនាក់ទំនងនៃចំណុចនោះជាមួយចំណុចឯទៀត និងពន្យល់តាមលំដាប់សមហេតុផល នោះអ្នកជូនឱវាទនឹងអនុគ្រោះវិញ។
១៨ ពេលដែលយើងរៀបចំសុន្ទរកថា តើយើងអាចសម្គាល់ភ្លាមៗយ៉ាងដូចម្ដេចបាន នូវចំណុចដែលមិនទាក់ទងនឹងសាច់រឿង? ក្នុងករណីនេះ ការរៀបចំកំណត់តាមគោលគំនិតនិមួយៗ គឺមានប្រសិទ្ធភាពមែន។ នេះអាចជួយយើងបែងចែកគោលចំណុចនៃពត៌មាននោះ។ សូមសាកប្រើកាតឬក្រដាសប៉ុន្មានសន្លឹក ហើយកត់ទុកពត៌មានដែលទាក់ទងគ្នាលើកាតឬក្រដាសនោះ។ ក្រោយមក យើងអាចរៀបកាតឬក្រដាសនានាតាមលំដាប់ដែលយើងគិតថា ជាការបកស្រាយដ៏សមហេតុផល។ ទង្វើនេះនឹងជួយយើងសម្រេចចិត្តថា តើយើងត្រូវបកស្រាយប្រធាននេះតាមរបៀបណា ហើយនេះក៏នឹងជួយយើងសម្គាល់ចំណុចណាដែលមិនទាក់ទងនឹងគោលរឿង។ បើមានចំណុចណាដែលមិនត្រូវតាមលំដាប់ នោះយើងអាចកែប្រែលំដាប់នៃចំណុចនោះ បើចំណុចនោះចាំបាច់ដើម្បីបញ្ជាក់ហេតុផល។ បើចំណុចនោះមិនទាក់ទងនឹងគោលរឿងទេ យើងមិនគួរប្រើចំណុចនោះឡើយ។
១៩ ដូច្នេះ យោបល់ខាងលើនេះបង្ហាញថា បើយើងជ្រើសរើសគោលរឿងនៃសុន្ទរកថាដោយគិតអំពីអ្នកស្ដាប់ផង ហើយអំពីគោលបំណងរបស់យើងផងដែរ នេះនឹងជួយយើងសម្រេចចិត្តថា តើចំណុចនិមួយៗទាក់ទងគ្នាឬទេ? ក្នុងករណីខ្លះ អាស្រ័យលើការយល់ដឹងរបស់អ្នកស្ដាប់ នោះចំណុចណាមួយប្រហែលជាចាំបាច់ដើម្បីសម្រេចគោលបំណងរបស់យើង។ ប៉ុន្តែ បើថ្លែងជូនអ្នកស្ដាប់មួយក្រុមផ្សេងទៀត ឬមានគោលរឿងផ្សេង នោះយើងប្រហែលជាមិនចាំបាច់លើកឡើងចំណុចនោះទេ ឬក៏ប្រហែលចំណុចនោះមិនទាក់ទងគ្នាសោះឡើយ។
២០ ដោយហេតុនេះ តើយើងត្រូវប្រើពត៌មានច្រើនប៉ុនណាក្នុងសុន្ទរកថាយើង? យើងមិនគួរលះបង់ការពន្យល់ដែលសមហេតុផល ដោយចង់រៀបរាប់គ្រប់ចំណុចក្នុងសុន្ទរកថានោះឡើយ។ ប៉ុន្តែ ដោយសារសុន្ទរកថារបស់សិស្សក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ នៅតែជាផ្នែកបង្ហាត់បង្រៀនបងប្អូន នោះយកល្អឲ្យយើងជ្រើសរើសលំដាប់រៀបចំណា ដែលអនុញ្ញាតឲ្យយើងប្រើពត៌មានច្រើន ស្របទៅតាមលទ្ធភាពវិញ។ ក៏ប៉ុន្តែ យើងមិនគួរភ្លេចនូវគោលចំណុចសំខាន់ៗណាដែលត្រូវការជាចាំបាច់ដើម្បីពន្យល់គោលរឿងនោះឡើយ។
២១ កុំបំភ្លេចនូវគោលចំណុចសំខាន់ៗ: តើយើងអាចដឹងយ៉ាងដូចម្ដេចថា គំនិតណាមួយជាចំណុចសំខាន់ឬក៏អត់នោះ? ចំណុចណាមួយគឺសំខាន់មែន ប្រសិនបើយើងពុំអាចសម្រេចគោលបំណងនៃសុន្ទរកថា ដោយមិនប្រើចំណុចនោះ។ គឺពិតជាដូច្នេះមែន ជាពិសេសស្តីអំពីការពន្យល់ដែលសមហេតុផល។ ជាឧទាហរណ៍ តើយើងនឹងធ្វើយ៉ាងណា បើមានជាងសង់ផ្ទះពីរជាន់ដោយឥតធ្វើជណ្ដើរនោះ? នេះគឺដូចគ្នាដែរ បើយើងថ្លែងសុន្ទរកថាដោយភ្លេចគោលចំណុចសំខាន់ៗណាមួយ នោះយើងពុំអាចពន្យល់ដោយសមហេតុផលបានទេ។ សុន្ទរកថាបែបនេះគឺមានចំណុចខ្វះខាត ហើយអ្នកស្ដាប់ក៏មិនយល់ច្បាស់ដែរ។ ប៉ុន្តែ គឺមិនដូច្នេះទេ បើសុន្ទរកថាមានសាច់រឿងទាក់ទងគ្នា និងត្រូវបានពន្យល់យ៉ាងសមហេតុផល។
[សំណួរសម្រាប់អត្ថបទសិក្សា]
១-៣. តើភាពទាក់ទងគ្នាក្នុងសុន្ទរកថាមានតួនាទីយ៉ាងណា? តើយើងអាចរៀបចំសុន្ទរកថាឲ្យមានភាពទាក់ទងគ្នាបានយ៉ាងណា?
៤-៧. តើការប្រើពាក្យភ្ជាប់ឃ្លារួមបញ្ចូលអ្វីខ្លះ?
៨. តើការភ្ជាប់សាច់រឿងឲ្យទាក់ទងគ្នា អាស្រ័យលើការយល់ដឹងរបស់អ្នកស្ដាប់យ៉ាងណា?
៩-១៣. តើការពន្យល់ដែលសមហេតុផលជាអ្វី? ហើយតើមានវិធីពីរយ៉ាងអ្វី ដើម្បីពន្យល់ចំណុចដោយសមហេតុផល?
១៤, ១៥. សូមបង្ហាញនូវមូលហេតុដែលការរៀបចំពត៌មានតាមលំដាប់លំដោយ គឺសំខាន់ម្ល៉េះ?
១៦-២០. តើយើងអាចធ្វើយ៉ាងណា ដើម្បីដឹងប្រាកដថា សុន្ទរកថារបស់យើងរួមបញ្ចូលពត៌មានដែលទាក់ទងគ្នាប៉ុណ្ណោះ?
២១. ហេតុអ្វីក៏សំខាន់ម្ល៉េះដែលយើងមិនបំភ្លេចនូវគោលចំណុចសំខាន់ៗ?