បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបចាប់ផ្ដើមការសិក្សាក្នុងសៀវភៅព្រះគម្ពីរបង្រៀន
    ២០០៦ កិច្ចបម្រើព្រះ | សីហា
    • របៀប​ចាប់​ផ្ដើម​ការ​សិក្សា​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​

      យើង​ជា​ច្រើន​នាក់​នឹង​មាន​ចិត្ត​សប្បាយ បើ​អាច​មាន​សិស្ស​ព្រះ​គម្ពីរ ប៉ុន្តែ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​យើង។ សៀវភៅ​ថ្មី​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? អាច​ជួយ​ឲ្យ​យើង​ចាប់​ផ្ដើម​ការ​សិក្សា​បាន។ សេចក្ដី​ផ្ដើម​នៅ​ទំព័រ​៣​-​៧​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​ចូល​រួម​ពិភាក្សា​អំពី​បទ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​នោះ។ សូម្បី​តែ​អ្នក​ថ្មី​ដែល​មាន​បទពិសោធន៍​បន្ដិច​បន្តួច​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក៏​ងាយ​ស្រួល​ប្រើ​សៀវភៅ​នោះ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ដែរ។

      ◼ អ្នក​អាច​សាកល្បង​វិធី​នេះ​ដោយ​ប្រើ​ទំព័រ​ទី៣:

      បន្ទាប់​ពី​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ថ្មី​ៗ​ឬ​បញ្ហា​ណា​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ខ្វល់ខ្វាយ សូម​ទាញ​អារម្មណ៍​ម្ចាស់​ផ្ទះ​ទៅ​លើ​សំណួរ​ជា​អក្សរ​ដិត​នៅ​ទំព័រ​៣ ហើយ​សុំ​ឲ្យ​គាត់​បញ្ចេញ​មតិ។ បន្ទាប់​មក សូម​បើក​ទៅ​ទំព័រ​៤​-​៥។

      ◼ ឬ​មួយ​ប្រហែល​ជា​អ្នក​ចង់​ចាប់​ផ្ដើម​ដោយ​លើក​បញ្ជាក់​ទំព័រ​៤​-​៥:

      អ្នក​អាច​និយាយ​ថា ​«​ប្រសិន​បើ​ស្ថានភាព​ដែល​បាន​បង្ហាញ​ក្នុង​សៀវភៅ​នេះ​ពិត​ជា​នឹង​កើត​មាន​ឡើង នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សប្បាយ​រីករាយ​ណាស់​មែន​ទេ?​»។ ឬ​អ្នក​អាច​សួរ​ថា ​«​ក្នុង​ចំណោម​សេចក្ដី​សន្យា​ទាំង​នេះ តើ​លោក​អ្នក​ចង់​ឃើញ​សេចក្ដី​សន្យា​មួយ​ណា​បាន​សម្រេច?​»។ ចូរ​ស្ដាប់​ចម្លើយ​របស់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់។

      បើ​ម្ចាស់​ផ្ទះ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បទ​គម្ពីរ​ណា​មួយ ចូរ​បង្ហាញ​គាត់​ថា​តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​ចំណុច​នោះ ដោយ​ពិនិត្យ​មើល​វគ្គ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដែល​ពិភាក្សា​អំពី​បទ​គម្ពីរ​នោះ។ (​សូម​មើល​ប្រអប់​នៅ​សន្លឹក​បន្ថែម​នៃ​ទំព័រ​នេះ​) ចូរ​ពិភាក្សា​អំពី​ព័ត៌មាន​នោះ​ដូច​ដែល​អ្នក​ពិភាក្សា​ជា​មួយ​សិស្ស​ព្រះ​គម្ពីរ។ ការ​ពិភាក្សា​នេះ​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប្រាំ​ទៅ​១០​នាទី ពេល​ជួប​គេ​លើក​ដំបូង​នៅ​មាត់​ទ្វារ​ផ្ទះ។

      ◼ វិធី​មួយ​ទៀត​គឺ​សួរ​សំណួរ​នៅ​ទំព័រ​៦​ដើម្បី​ឲ្យ​គេ​ប្រាប់​ពី​ទស្សនៈ​របស់​ខ្លួន:

      ចូរ​ទាញ​អារម្មណ៍​ម្ចាស់​ផ្ទះ​ទៅ​លើ​សំណួរ​នៅ​ចុង​ទំព័រ​ហើយ​សួរ​ថា ​«​តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​អំពី​សំណួរ​ណា​មួយ​នៅ​ទំព័រ​នេះ​ទេ?​»។ ប្រសិន​បើ​គាត់​ចាប់​អារម្មណ៍​ទៅ​លើ​សំណួរ​ណា​មួយ ចូរ​បើក​ទៅ​វគ្គ​ដែល​ឆ្លើយ​នឹង​សំណួរ​នោះ។ (​សូម​មើល​ប្រអប់​នៅ​សន្លឹក​បន្ថែម​នៃ​ទំព័រ​នេះ​) ពេល​ដែល​អ្នក​ពិភាក្សា​ព័ត៌មាន​នេះ​ជា​មួយ​គេ នោះ​អ្នក​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ហើយ។

      ◼ អ្នក​អាច​ប្រើ​ទំព័រ​៧​ដើម្បី​បង្ហាញ​របៀប​សិក្សា​ព្រះ​គម្ពីរ:

      ចូរ​អាន​បី​ឃ្លា​ដំបូង​នៃ​ទំព័រ​៧ រួច​បើក​ទៅ​ជំពូក​៣ ហើយ​បង្ហាញ​របៀប​សិក្សា​ដោយ​ប្រើ​វគ្គ​១​-​៣។ ចូរ​ណាត់​ពេល​ដើម្បី​ត្រឡប់​មក​ពិភាក្សា​អំពី​ចម្លើយ​ទៅ​នឹង​សំណួរ​ក្នុង​វគ្គ​៣​នេះ​វិញ។

      ◼ របៀប​និយាយ​ដើម្បី​ណាត់​ពេល​ត្រឡប់​ទៅ​ជួប:

      ពេល​ចប់​ការ​សិក្សា​លើក​ដំបូង​ហើយ ចូរ​ណាត់​ពេល​ដើម្បី​បន្ត​ការ​ពិភាក្សា។ អ្នក​អាច​និយាយ​ថា ​«​គ្រាន់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ យើង​បាន​រៀន​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​ចំណុច​ដ៏​សំខាន់​មួយ។ លើក​ក្រោយ យើង​អាច​ពិភាក្សា​គ្នា [​សូម​ទុក​សំណួរ​មួយ​ដែល​នឹង​ត្រូវ​ពិភាក្សា​ពេល​ត្រឡប់​ទៅ​ជួប​]។ សប្ដាហ៍​ក្រោយ តើ​ខ្ញុំ​អាច​ត្រឡប់​មក​នៅ​ថ្ងៃ​និង​ម៉ោង​ដដែល​បាន​ទេ?​»។

      កាល​ដែល​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ជិត​មក​ដល់ នោះ​ទ្រង់​បន្ត​ផ្ដល់​ជំនួយ​ឲ្យ​យើង​សម្រេច​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ។ (​ម៉ាថ. ២៨:​១៩, ២០; ២ធី. ៣:១៧​) សូម​ឲ្យ​យើង​ប្រើ​ឧបករណ៍​ថ្មី​ដ៏​ល្អ​នេះ​ដោយ​ប្រសិទ្ធភាព​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។

  • ក្យផ្សាយសម្រាប់ចែកសៀវភៅព្រះគម្ពីរបង្រៀន
    ២០០៦ កិច្ចបម្រើព្រះ | សីហា
    • ពាក្យ​ផ្សាយ​សម្រាប់​ចែក​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន

      សន្លឹក​បន្ថែម​នេះ​ជួយ​ជា​យោបល់​ផ្សេង​ៗ​អំពី​ពាក្យ​ផ្សាយ​សម្រាប់​ចែក​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ ដើម្បី​មាន​ប្រសិទ្ធភាព​បំផុត ចូរ​កែ​សម្រួល​ពាក្យ​ផ្សាយ​ទាំង​នេះ​ឲ្យ​សម​ស្រប​តាម​តំបន់​ផ្សាយ តាម​របៀប​ដែល​ស្រួល​និយាយ​សម្រាប់​អ្នក។ ម្យ៉ាង​ទៀត ចូរ​រក​ចំណុច​ផ្សេង​ៗ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដែល​អាច​យក​មក​ពិភាក្សា​ជា​មួយ​ម្ចាស់​ផ្ទះ។ អ្នក​ក៏​អាច​ប្រើ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែរ។—សូម​មើល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០៥ ទំព័រ​៨

      ព្រះ​គម្ពីរ

      ◼ ​«​មនុស្ស​ជា​ច្រើន​និយាយ​ថា​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ ពី​មូលហេតុ​ដែល​យើង​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ ទោះ​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​ជា​មនុស្ស​ក៏​ដោយ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ពេត្រុសទី២ ១:២១ និង​ទំព័រ​២១​-​២២ វគ្គ​៥​] សៀវភៅ​នេះ​ពន្យល់​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​ជា​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​»។ បង្ហាញ​សំណួរ​នៅ​ទំព័រ​៦។

      ◼ ​«​នៅ​សម័យ​នេះ មនុស្ស​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​បំផុត។ ក៏​ប៉ុន្តែ​តាម​យោបល់​របស់​លោក​អ្នក​ តើ​យើង​អាច​ទទួល​ឱវាទ​ដ៏​ល្អ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត​ពី​ប្រភព​ណា? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ធីម៉ូថេទី២ ៣:១៦, ១៧ ហើយ​ទំព័រ​២៥ វគ្គ​១២​] សៀវភៅ​នេះ​ពន្យល់​នូវ​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ថែម​ទាំង​មាន​ប្រយោជន៍​ដល់​យើង​ផង​ដែរ​»។ បង្ហាញ​តារាង​និង​រូបភាព​នៅ​ទំព័រ​១៤០​-​១៤១។

      សេចក្ដី​ស្លាប់​និង​ការ​ប្រោស ​ឲ្យ​រស់​ឡើង​វិញ

      ◼ ​«​មនុស្ស​ជា​ច្រើន​ឆ្ងល់​ពី​អ្វី​ដែល​ពិត​ជា​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់​ទៅ។ តើ​លោក​អ្នក​គិត​ថា​យើង​អាច​ដឹង​បាន​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​សាស្ដា ៩:៥ ហើយ​ទំព័រ​៦៥​-​៦៦ វគ្គ​៥​-​៦​] សៀវភៅ​នេះ​ពន្យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»។ បង្ហាញ​រូបភាព​នៅ​ទំព័រ​៨៥។

      ◼ ​«​នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចង់​ជួប​ពួក​គេ​ម្ដង​ទៀត មែន​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ។ [​អាន​យ៉ូហាន ៥:២៨, ២៩ និង​ទំព័រ​៨១​-​៨២ វគ្គ​១៦​-​១៧​] ជំពូក​នេះ​ក៏​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​»។ បង្ហាញ​សំណួរ​ដើម​ជំពូក​នៅ​ទំព័រ​៧៤។

      ជីវិត​ជា​រៀង​រហូត

      ◼ ​«​មនុស្ស​ភាគ​ច្រើន​ចង់​មាន​សុខភាព​ល្អ​និង​ជីវិត​យូរ​អង្វែង។ ប៉ុន្តែ​ប្រសិន​បើ​មាន​លទ្ធភាព តើ​លោក​អ្នក​ចង់​រស់​ជា​រៀង​រហូត​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​វិវរណៈ ២១:៣, ៤ ហើយ​ទំព័រ​៦០​-​៦១ វគ្គ​១៧​] សៀវភៅ​នេះ​ពន្យល់​វិធី​ដែល​យើង​អាច​ទទួល​បាន​ជីវិត​ជា​រៀង​រហូត ហើយ​ប្រាប់​ថា​ជីវិត​នឹង​មាន​លក្ខណៈ​យ៉ាង​ណា​ពេល​ដែល​សេចក្ដី​សន្យា​នោះ​បាន​សម្រេច​»។

      ក្រុម​គ្រួសារ

      ◼ ​«​យើង​ទាំង​អស់​គ្នា​ចង់​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ មែន​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] ព្រះ​គម្ពីរ​ពន្យល់​អ្វី​មួយ​ដែល​មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​អាច​ធ្វើ​ដើម្បី​មាន​សុភមង្គល​គ្រួសារ ពោល​គឺ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​គំរូ​របស់​ព្រះ​»។ អាន​អេភេសូរ ៥:១, ២ ហើយ​ទំព័រ​១៥៥​-​១៥៦ វគ្គ​៤។

      ផ្ទះ​សម្បែង

      ◼ ​«​នៅ​ប្រទេស​ជា​ច្រើន គឺ​កាន់​តែ​ពិបាក​រក​ផ្ទះ​ល្អ​សមរម្យ​ដែល​មិន​ថ្លៃ​ពេក។ តើ​លោក​អ្នក​គិត​ថា​នឹង​មាន​ពេល​មួយ​ដែល​មនុស្ស​ទាំង​អស់​អាច​មាន​ផ្ទះ​ល្អ​សម្រាប់​រស់​នៅ​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​អេសាយ ៦៥:២១, ២២ ហើយ​ទំព័រ​៣៨ វគ្គ​២០​] សៀវភៅ​នេះ​ពន្យល់​របៀប​ដែល​សេចក្ដី​សន្យា​នេះ​របស់​ព្រះ​នឹង​បាន​សម្រេច​»។

      ព្រះ​យេហូវ៉ា

      ◼ ​«​មនុស្ស​ជា​ច្រើន​ជឿ​ថា​មាន​ព្រះ ហើយ​ពួក​គេ​ចង់​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់។ តើ​លោក​អ្នក​ដឹង​ទេ​ថា​ព្រះ​គម្ពីរ​អញ្ជើញ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​ដើម្បី​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​យ៉ាកុប ៤:៨​ក ហើយ​ទំព័រ​១៨ វគ្គ​២០​] សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​រៀន​ថែម​ទៀត​អំពី​ព្រះ​ដោយ​ប្រើ​ព្រះ​គម្ពីរ​»។ បង្ហាញ​សំណួរ​នៅ​ដើម​ទំព័រ​៨។

      ◼ ​«​មនុស្ស​ជា​ច្រើន​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ព្រះ​នាម​របស់​ព្រះ​គឺ​អ្វី? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ទំនុកដំកើង ៨៣:១៨ ហើយ​ទំព័រ​២២៥ វគ្គ​២​-​៣​] សៀវភៅ​នេះ​ពន្យល់​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់​សម្រាប់​មនុស្ស​»។

      ព្រះ​យេស៊ូ​គ្រីស្ទ

      ◼ ​«​មនុស្ស​ទូទាំង​ផែនដី​ធ្លាប់​ឮ​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ។ មនុស្ស​ខ្លះ​ប្រាប់​ថា​ទ្រង់​ត្រឹម​តែ​ជា​បុរស​ល្អ​ម្នាក់​ប៉ុណ្ណោះ។ អ្នក​ឯ​ទៀត​ថ្វាយ​បង្គំ​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ តើ​លោក​អ្នក​គិត​ថា​អ្វី​ដែល​យើង​ជឿ​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​សំខាន់​ទេ?​»។ ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​យ៉ូហាន ១៧:៣ ហើយ​ទំព័រ​៤១​-​៤២ វគ្គ​៣។ បង្ហាញ​សំណួរ​នៅ​ដើម​ទំព័រ​នោះ​ក្រោម​ចំណង​ជើង​ជំពូក។

      សេចក្ដី​អធិស្ឋាន

      ◼ ​«​តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​តាម​របៀប​ណា​? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​យ៉ូហានទី១ ៥:១៤, ១៥ ហើយ​ទំព័រ​១៩៧​-​១៩៩ វគ្គ​១៦​-​១៨​] ជំពូក​នេះ​ក៏​ពន្យល់​មូលហេតុ​ដែល​យើង​គួរ​អធិស្ឋាន​ថ្វាយ​ព្រះ ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នោះ​ទើប​ទ្រង់​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​»។

      សាសនា

      ◼ ​«​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​បែរ​ជា​មាន​ទស្សនៈ​ថា​សាសនា​ជា​ដើម​ហេតុ​នៃ​បញ្ហា​មនុស្ស​ជាតិ មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ។ តើ​លោក​អ្នក​គិត​ថា​សាសនា​កំពុង​តែ​នាំ​មនុស្ស​ទៅ​តាម​ផ្លូវ​ល្អ​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ម៉ាថាយ ៧:១៣, ១៤ ហើយ​ទំព័រ​១៦៨ វគ្គ​៥​] ជំពូក​នេះ​ពន្យល់​យ៉ាង​ស៊ី​ជម្រៅ​នូវ​លក្ខណៈ​៦​យ៉ាង​ដែល​ជួយ​ឲ្យ​យើង​សម្គាល់​សាសនា​មួយ​ណា​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​»។ បង្ហាញ​លក្ខណៈ​ទាំង​៦​នោះ​នៅ​ទំព័រ​១៦៩។

      ទុក្ខ​វេទនា​និង​រឿង​ខ្លោចផ្សា

      ◼ ​«​នៅ​ពេល​មាន​រឿង​ខ្លោចផ្សា​កើត​ឡើង មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​តើ​ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស និង​កត់​សម្គាល់​ទុក្ខ​វេទនា​របស់​ពួក​គេ​ទេ? តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​អំពី​បញ្ហា​នោះ​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ពេត្រុសទី១ ៥:៧ ហើយ​ទំព័រ​១២ វគ្គ​១១​] សៀវភៅ​នេះ​ពន្យល់​របៀប​ដែល​ព្រះ​នឹង​បំបាត់​ទុក្ខ​វេទនា​ចេញ​ពី​ពិភព​លោក​»។ បង្ហាញ​សំណួរ​នៅ​ទំព័រ​១២១​ក្រោម​ចំណង​ជើង​ជំពូក។

      សង្គ្រាម​និង​សន្ដិភាព

      ◼ ​«​មនុស្ស​នៅ​គ្រប់​ប្រទេស​ចង់​បាន​សន្ដិភាព​ណាស់។ តើ​លោក​អ្នក​គិត​ថា​ពិត​ជា​នឹង​មាន​សន្ដិភាព​ពិភពលោក​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ។ រួច​អាន​ទំនុកដំកើង ៤៦:៨, ៩​] សៀវភៅ​នេះ​ពន្យល់​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់ ហើយ​វិធី​ដែល​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ពិភពលោក​»។ បង្ហាញ​រូបភាព​នៅ​ទំព័រ​៣៩ ហើយ​ពិភាក្សា​វគ្គ​១៧​-​២១ នៅ​ទំព័រ​៣៧​-​៣៨។

      [ប្រអប់​នៅ​ទំព័រ​៥]

      របៀប​ប្រាប់​អំពី​ការ​ជូន​វិភាគទាន

      ​«​ប្រសិន​បើ​លោក​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​វិភាគទាន​ដើម្បី​ជួយ​គាំទ្រ​កិច្ចការ​នេះ​ដែល​យើង​ធ្វើ​ទូទាំង​ពិភពលោក ខ្ញុំ​រីករាយ​នឹង​ទទួល​»។

      ​«​ទោះ​ជា​យើង​ជូន​សៀវភៅ​របស់​យើង​ដោយ​មិន​គិត​ថ្លៃ​ក៏​ពិត​មែន តែ​យើង​សុខ​ចិត្ត​ទទួល​វិភាគទាន​បន្ដិច​បន្តួច​សម្រាប់​គាំទ្រ​កិច្ចការ​នេះ​ដែល​យើង​ធ្វើ​ទូទាំង​ពិភព​លោក​»។

      ​«​លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​បាន​ថវិកា​ពី​ណា​មក​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ កិច្ចការ​ទូទាំង​ពិភព​លោក​ដែល​យើង​កំពុង​តែ​ធ្វើ​នេះ​ត្រូវ​គាំទ្រ​ដោយ​វិភាគទាន។ ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​វិភាគទាន​បន្ដិច​បន្តួច យើង​សប្បាយ​នឹង​ទទួល​»។

  • ជំហានបីយ៉ាងគឺ: (១) សំណួរ (២) បទគម្ពីរ (៣) ជំពូក
    ២០០៦ កិច្ចបម្រើព្រះ | សីហា
    • ជំហាន​បី​យ៉ាង​គឺ: (​១​) សំណួរ (​២​) បទ​គម្ពីរ (​៣​) ជំពូក​

      របៀប​ដ៏​ស្រួល​មួយ​ដើម្បី​ស្នើ​ផ្ដល់​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? គឺ:(​១​) លើក​សំណួរ​មួយ​ដើម្បី​ដឹង​ពី​ទស្សនៈ​របស់​គេ (​២​) អាន​បទ​គម្ពីរ​មួយ​ដែល​ត្រូវ​នឹង​សំណួរ (​៣​) បង្ហាញ​ជំពូក​មួយ​នៅ​ក្នុង​សៀវភៅ​ដែល​ពន្យល់​ចំណុច​នោះ ហើយ​អាន​សំណួរ​ក្រោម​ចំណង​ជើង​ជំពូក។ បើ​ម្ចាស់​ផ្ទះ​មាន​ចំណាប់អារម្មណ៍ អ្នក​អាច​បង្ហាញ​របៀប​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​ពីរ​បី​វគ្គ​ដំបូង​នៃ​ជំពូក​នោះ។ វិធី​នេះ​អាច​ប្រើ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ពេល​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង​ឬ​ពេល​ត្រឡប់​ទៅ​ជួប។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​មនុស្ស​អាច​ស្គាល់​ព្រះ​ជា​អ្នក​បង្កើត​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ដូច​បញ្ជាក់​ក្នុង​សៀវភៅ​បុរាណ​នេះ​ទេ?​»។ សូម​អាន​កិច្ចការ ១៧:២៦, ២៧ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក សូម​បើក​ទៅ​ជំពូក​ទី១។

      ◼ ​«​ដោយសារ​យើង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ តើ​លោក​អ្នក​គិត​ថា​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​និង​មាន​សេចក្ដី​សង្ឃឹម​ដូច​បាន​រៀប​រាប់​នៅ​ទី​នេះ​ទេ?​»។ សូម​អាន​រ៉ូម ១៥:៤ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក សូម​បើក​ទៅ​ជំពូក​ទី២។

      ◼ ​«​បើ​លោក​អ្នក​មាន​សមត្ថភាព​អាច​ធ្វើ​បាន តើ​លោក​អ្នក​ចង់​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដូច​ត​ទៅ​នេះ​ទេ?​»។ សូម​អាន​វិវរណៈ ២១:៤ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក សូម​បើក​ទៅ​ជំពូក​ទី៣។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​កូន​ៗ​របស់​យើង​នឹង​អាច​រស់​នៅ​ដោយ​សប្បាយ​ក្នុង​ស្ថានភាព​ដែល​ចម្រៀង​ពី​បុរាណ​នេះ​បាន​ពណ៌នា​ទេ?​»។ សូម​អាន​ទំនុកដំកើង ៣៧:១០, ១១ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក សូម​បើក​ទៅ​ជំពូក​ទី៣។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​ពាក្យ​ទាំង​នេះ​នឹង​បាន​សម្រេច​នៅ​ពេល​អនាគត​ឬ​ទេ?​»។ សូម​អាន​អេសាយ ៣៣:២៤ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ ក្រោយ​មក សូម​បើក​ទៅ​ជំពូក​ទី៣។

      ◼ ​«​តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ថា​មនុស្ស​ស្លាប់​ដឹង​ថា​មនុស្ស​ដែល​នៅ​រស់​កំពុង​តែ​ធ្វើ​អ្វី​ទេ?​»។ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក សូម​អាន​សាស្ដា ៩:៥ រួច​បើក​ទៅ​ជំពូក​ទី៦។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​នៅ​ពេល​អនាគត​យើង​នឹង​ឃើញ​ម្ដង​ទៀត​នូវ​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ទៅ ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​ខ​ទាំង​នេះ​ឬ​ទេ?​»។ សូម​អាន​យ៉ូហាន ៥:២៨, ២៩ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក បើក​ទៅ​ជំពូក​ទី៧។

      ◼ ​«​តាម​គំនិត​របស់​លោក​អ្នក តើ​តាម​របៀប​ណា​ដែល​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​លើ​ផែនដី​ក៏​ដូច​នៅ​ស្ថានសួគ៌ ដូច​សេចក្ដី​អធិស្ឋាន​នេះ​រៀប​រាប់?​»។ សូម​អាន​ម៉ាថាយ ៦:៩, ១០ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក បើក​ទៅ​ជំពូក​ទី៨។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដែល​ត្រូវ​បាន​រៀប​រាប់​ក្នុង​ទំនាយ​នេះ​ទេ?​»។ សូម​អាន​ធីម៉ូថេទី២ ៣:១​-​៤ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក បើក​ទៅ​ជំពូក​ទី៩។

      ◼ ​«​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​បញ្ហា​របស់​មនុស្ស​ជាតិ​ហាក់​ដូច​ជា​កាន់​តែ​អាក្រក់​ទៅ​ៗ​យ៉ាង​នេះ។ តើ​លោក​អ្នក​គិត​ថា​ដើម​ហេតុ​នៃ​បញ្ហា​នោះ​អាច​បណ្ដាល​មក​ពី​អ្វី​ដែល​ពន្យល់​នៅ​ទី​នេះ​ទេ?​»។ សូម​អាន​វិវរណៈ ១២:៩ រួច​ទុក​ឲ្យ​ឆ្លើយ។ បន្ទាប់​មក បើក​ទៅ​ជំពូក​ទី១០។

      ◼ ​«​តើ​លោក​អ្នក​ធ្លាប់​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដូច​នេះ​ទេ?​»។ សូម​អាន​យ៉ូប ២១:៧ ហើយ​ទុក​ឲ្យ​ឆ្លើយ។ រួច​បើក​ទៅ​ជំពូក​ទី១១។

      ◼ ​«​តើ​លោក​អ្នក​គិត​ថា​ការ​អនុវត្ត​តាម​ឱវាទ​ក្នុង​សៀវភៅ​ណែនាំ​ពី​បុរាណ​នេះ​នឹង​ជួយ​មនុស្ស​ឲ្យ​មាន​ជីវភាព​គ្រួសារ​ដ៏​សប្បាយ​រីករាយ​ទេ?​»។ សូម​អាន​អេភេសូរ ៥:៣៣ រួច​ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក​បើក​ទៅ​ជំពូក​ទី១៤។

      កាល​ណា​អ្នក​បាន​បង្រៀន​ពីរ​ដង​ក្រោយ​ពី​បាន​បង្ហាញ​របៀប​សិក្សា​ដើម​ដំបូង ហើយ​បើ​អ្នក​យល់​ថា​បុគ្គល​នោះ​នឹង​បន្ត​សិក្សា អ្នក​អាច​រាប់​ជា​ការ​សិក្សា​ព្រះ​គម្ពីរ​បាន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក