របៀបចាប់ផ្ដើមការសិក្សាក្នុងសៀវភៅព្រះគម្ពីរបង្រៀន
យើងជាច្រើននាក់នឹងមានចិត្តសប្បាយ បើអាចមានសិស្សព្រះគម្ពីរ ប៉ុន្តែយើងមានការពិបាកក្នុងការលើកទឹកចិត្តគេឲ្យចាប់ផ្ដើមសិក្សាជាមួយយើង។ សៀវភៅថ្មីតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? អាចជួយឲ្យយើងចាប់ផ្ដើមការសិក្សាបាន។ សេចក្ដីផ្ដើមនៅទំព័រ៣-៧ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះឲ្យចូលរួមពិភាក្សាអំពីបទគម្ពីរដោយប្រើសៀវភៅនោះ។ សូម្បីតែអ្នកថ្មីដែលមានបទពិសោធន៍បន្ដិចបន្តួចក្នុងកិច្ចបម្រើផ្សាយក៏ងាយស្រួលប្រើសៀវភៅនោះដើម្បីចាប់ផ្ដើមការសិក្សាដែរ។
◼ អ្នកអាចសាកល្បងវិធីនេះដោយប្រើទំព័រទី៣:
បន្ទាប់ពីបានរៀបរាប់អំពីព្រឹត្ដិការណ៍ថ្មីៗឬបញ្ហាណាមួយដែលធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកខ្វល់ខ្វាយ សូមទាញអារម្មណ៍ម្ចាស់ផ្ទះទៅលើសំណួរជាអក្សរដិតនៅទំព័រ៣ ហើយសុំឲ្យគាត់បញ្ចេញមតិ។ បន្ទាប់មក សូមបើកទៅទំព័រ៤-៥។
◼ ឬមួយប្រហែលជាអ្នកចង់ចាប់ផ្ដើមដោយលើកបញ្ជាក់ទំព័រ៤-៥:
អ្នកអាចនិយាយថា «ប្រសិនបើស្ថានភាពដែលបានបង្ហាញក្នុងសៀវភៅនេះពិតជានឹងកើតមានឡើង នេះជាអ្វីដែលគួរឲ្យសប្បាយរីករាយណាស់មែនទេ?»។ ឬអ្នកអាចសួរថា «ក្នុងចំណោមសេចក្ដីសន្យាទាំងនេះ តើលោកអ្នកចង់ឃើញសេចក្ដីសន្យាមួយណាបានសម្រេច?»។ ចូរស្ដាប់ចម្លើយរបស់គាត់ដោយយកចិត្តទុកដាក់។
បើម្ចាស់ផ្ទះមានចំណាប់អារម្មណ៍ខ្លាំងទៅលើបទគម្ពីរណាមួយ ចូរបង្ហាញគាត់ថាតើព្រះគម្ពីរបង្រៀនយ៉ាងណាអំពីចំណុចនោះ ដោយពិនិត្យមើលវគ្គក្នុងសៀវភៅព្រះគម្ពីរបង្រៀនដែលពិភាក្សាអំពីបទគម្ពីរនោះ។ (សូមមើលប្រអប់នៅសន្លឹកបន្ថែមនៃទំព័រនេះ) ចូរពិភាក្សាអំពីព័ត៌មាននោះដូចដែលអ្នកពិភាក្សាជាមួយសិស្សព្រះគម្ពីរ។ ការពិភាក្សានេះអាចធ្វើឡើងក្នុងរយៈពេលប្រាំទៅ១០នាទី ពេលជួបគេលើកដំបូងនៅមាត់ទ្វារផ្ទះ។
◼ វិធីមួយទៀតគឺសួរសំណួរនៅទំព័រ៦ដើម្បីឲ្យគេប្រាប់ពីទស្សនៈរបស់ខ្លួន:
ចូរទាញអារម្មណ៍ម្ចាស់ផ្ទះទៅលើសំណួរនៅចុងទំព័រហើយសួរថា «តើលោកអ្នកធ្លាប់ឆ្ងល់អំពីសំណួរណាមួយនៅទំព័រនេះទេ?»។ ប្រសិនបើគាត់ចាប់អារម្មណ៍ទៅលើសំណួរណាមួយ ចូរបើកទៅវគ្គដែលឆ្លើយនឹងសំណួរនោះ។ (សូមមើលប្រអប់នៅសន្លឹកបន្ថែមនៃទំព័រនេះ) ពេលដែលអ្នកពិភាក្សាព័ត៌មាននេះជាមួយគេ នោះអ្នកកំពុងតែដឹកនាំការសិក្សាព្រះគម្ពីរហើយ។
◼ អ្នកអាចប្រើទំព័រ៧ដើម្បីបង្ហាញរបៀបសិក្សាព្រះគម្ពីរ:
ចូរអានបីឃ្លាដំបូងនៃទំព័រ៧ រួចបើកទៅជំពូក៣ ហើយបង្ហាញរបៀបសិក្សាដោយប្រើវគ្គ១-៣។ ចូរណាត់ពេលដើម្បីត្រឡប់មកពិភាក្សាអំពីចម្លើយទៅនឹងសំណួរក្នុងវគ្គ៣នេះវិញ។
◼ របៀបនិយាយដើម្បីណាត់ពេលត្រឡប់ទៅជួប:
ពេលចប់ការសិក្សាលើកដំបូងហើយ ចូរណាត់ពេលដើម្បីបន្តការពិភាក្សា។ អ្នកអាចនិយាយថា «គ្រាន់តែប៉ុន្មាននាទីប៉ុណ្ណោះ យើងបានរៀនអំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីចំណុចដ៏សំខាន់មួយ។ លើកក្រោយ យើងអាចពិភាក្សាគ្នា [សូមទុកសំណួរមួយដែលនឹងត្រូវពិភាក្សាពេលត្រឡប់ទៅជួប]។ សប្ដាហ៍ក្រោយ តើខ្ញុំអាចត្រឡប់មកនៅថ្ងៃនិងម៉ោងដដែលបានទេ?»។
កាលដែលពេលកំណត់របស់ព្រះយេហូវ៉ាកាន់តែជិតមកដល់ នោះទ្រង់បន្តផ្ដល់ជំនួយឲ្យយើងសម្រេចកិច្ចការដែលយើងត្រូវធ្វើ។ (ម៉ាថ. ២៨:១៩, ២០; ២ធី. ៣:១៧) សូមឲ្យយើងប្រើឧបករណ៍ថ្មីដ៏ល្អនេះដោយប្រសិទ្ធភាពដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
[Box on page 3]
ការពិភាក្សាអំពីបទគម្ពីរនៅទំព័រ៤-៥
◻ វិវរណៈ ២១:៤ (ទំព័រ៣០-៣១ វគ្គ១-៣)
◻ អេសាយ ៣៣:២៤; ៣៥:៥, ៦ (ទំព័រ៣៨-៤០ វគ្គ២២)
◻ យ៉ូហាន ៥:២៨, ២៩, ខ.ស. (ទំព័រ៨២-៨៣ វគ្គ១៧-១៩)
◻ ទំនុកដំកើង ៧២:១៦ (ទំព័រ៣៨ វគ្គ១៩)
ចម្លើយចំពោះសំណួរនៅទំព័រ៦
◻ ហេតុអ្វីយើងទទួលរងការឈឺចាប់? (ទំព័រ១២៣-១២៤ វគ្គ៦-៨)
◻ តើយើងអាចប្រឈមមុខនឹងកង្វល់នៃជីវិតបានយ៉ាងដូចម្ដេច? (ទំព័រ២១២-២១៣ វគ្គ១-៣)
◻ តើតាមរបៀបណាដែលយើងអាចធ្វើឲ្យមានសុភមង្គលច្រើនជាងក្នុងជីវភាពគ្រួសារ? (ទំព័រ១៦៤-១៦៥ វគ្គ២០)
◻ តើមានអ្វីកើតឡើង ពេលយើងស្លាប់ទៅ? (ទំព័រ៦៥-៦៦ វគ្គ៥-៦)
◻ តើយើងនឹងអាចជួបមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅបានទេ? (ទំព័រ៨២-៨៣ វគ្គ១៧-១៩)
◻ ហេតុអ្វីយើងអាចប្រាកដថា នៅអនាគត ព្រះនឹងធ្វើឲ្យសេចក្ដីសន្យារបស់ទ្រង់បានសម្រេច? (ទំព័រ២៨ វគ្គ១៧)