តើអ្នកនឹងចាប់ផ្ដើមបង្រៀនគម្ពីរ ក្នុងអំឡុងខែតុលាទេ?
១ ឧបករណ៍ផ្សាយសម្រាប់ខែតុលាគឺទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍ យើងបានត្រូវលើកទឹកចិត្តឲ្យជូនខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរ។ ពេលត្រឡប់ទៅជួប តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២ របៀបប្រើខិត្តប័ណ្ណ: ប្រហែលជាយើងអាចនិយាយថា «ទស្សនាវដ្ដីដែលខ្ញុំបានជូនអ្នក លើកទឹកចិត្តមនុស្សពីគ្រប់មជ្ឈដ្ឋាននិងជំនឿសាសនាឲ្យពិចារណាអំពីគម្ពីរ។ [សូមជូនខិត្តប័ណ្ណដឹងអំពីសេចក្ដីពិតដល់ម្ចាស់ផ្ទះ ហើយចង្អុលទៅសំណួរដែលនៅទំព័រទី១] នេះជាសំណួរខ្លះៗដ៏គួរឲ្យចាប់អារម្មណ៍។ គម្ពីរផ្ដល់នូវចម្លើយដែលនាំឲ្យយើងស្កប់ចិត្ត។ តើអ្នកធ្លាប់ឆ្ងល់អំពីសំណួរបែបនេះទេ?»។ ក្រោយម្ចាស់ផ្ទះឆ្លើយ សូមពិចារណាចម្លើយចំពោះសំណួរមួយរបស់ម្ចាស់ផ្ទះក្នុងខិត្តប័ណ្ណជាមួយគាត់ ហើយអានបទគម្ពីរមួយក្នុងវគ្គនោះ។ ក្រោយមកពន្យល់គាត់ថា នេះគ្រាន់តែជាឧទាហរណ៍មួយពីអ្វីដែលគម្ពីរបង្រៀន ហើយជូនគាត់សៀវភៅព្រះគម្ពីរបង្រៀនមួយក្បាល។ បន្ទាប់មក យើងឲ្យគាត់ជ្រើសរើសជំពូកមួយពីមាតិកាសៀវភៅ រួចពិភាក្សាជាមួយនឹងគាត់អំពីវគ្គនៅដើមជំពូកនោះ ឬក្នុងសៀវភៅព្រះគម្ពីរបង្រៀនបើកទៅទំព័រដែលមានព័ត៌មានថែមទៀតអំពីអ្វីដែលអ្នកបានពិភាក្សាជាមួយគាត់នៅក្នុងខិត្តប័ណ្ណនោះ។ នេះជាព័ត៌មានខ្លះៗដែលយើងអាចប្រើ:
● តើព្រះពិតជាយកចិត្តទុកដាក់នឹងយើងទេ? (ទំព័រ១០-១១ វគ្គ៦-១០)
● តើសង្គ្រាមហើយការឈឺចាប់នឹងមានរហូតឬ? (ទំព័រ១២-១៣ វគ្គ១២-១៣)
● តើមានអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់? (ទំព័រ៦៦-៦៧ វគ្គ៧-៨)
● តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សដែលបានស្លាប់ទេ? (ទំព័រ៨០-៨១ វគ្គ១៣-១៥)
● តើខ្ញុំអាចអធិដ្ឋានយ៉ាងណាទើបដឹងថាព្រះស្ដាប់ការអធិដ្ឋាន របស់ខ្ញុំ? (ទំព័រ១៩១-១៩៣ វគ្គ៥-៨)
● តើសុភមង្គលពិតក្នុងជីវិតមកពីណា? (ទំព័រ៩ វគ្គ៤-៥)
៣ ពេលយើងត្រឡប់ទៅជួបគេជាលើកដំបូង បើមិនមានឱកាសដើម្បីចាប់ផ្ដើមនិងបង្ហាញរបៀបរៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀនទេ យើងអាចរៀបចំថ្ងៃផ្សេងទៀតដើម្បីត្រឡប់ទៅជួប ហើយបន្តពិភាក្សាគ្នាវិញ។ ស្របតាមចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះ យើងអាចជ្រើសរើសសំណួរពីរបីនៅក្នុងខិត្តប័ណ្ណហើយត្រឡប់ទៅជួបគាត់ដើម្បីពិភាក្សាសំណួរនោះម្ដងមួយៗ មុននឹងយើងបង្ហាញសៀវភៅព្រះគម្ពីរបង្រៀន។ ខិត្តប័ណ្ណនេះមានចំណុចជាច្រើនដែលយើងអាចប្រើក្នុងកិច្ចផ្សព្វផ្សាយ ដូច្នេះសូមឲ្យយើងប្រើខិត្តប័ណ្ណនេះក្នុងអំឡុងខែតុលាដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ ហើយជួយមនុស្សដែលមានចិត្តស្មោះត្រង់ឲ្យ«ស្គាល់សេចក្ដីពិត»។—យ៉ូន. ៨:៣១, ៣២
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្វីជាឧបករណ៍ផ្សាយសម្រាប់ខែតុលា?
២. ពេលយើងត្រឡប់ទៅជួបអ្នកដែលបានទទួលទស្សនាវដ្ដី តើយើងអាចប្រើខិត្តប័ណ្ណដឹងអំពីសេចក្ដីពិតដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរយ៉ាងដូចម្ដេច?
៣. ស្របតាមកាលៈទេសៈរបស់ម្ចាស់ផ្ទះ តើយើងអាចកែប្រែរបៀបដែលយើងផ្សព្វផ្សាយយ៉ាងដូចម្ដេច?