យើងមានឧបករណ៍ថ្មី! ដើម្បីចាប់ផ្ដើមការសិក្សា
១ ស្ត្រីជនជាតិអាមេរិកម្នាក់ជាអ្នកកាន់ខ្ជាប់នូវសាសនារ៉ូម៉ាំងកាតូលិក។ គាត់បានគាំទ្រសេចក្ដីបង្រៀនរបស់សាសនានោះយ៉ាងស្មោះអស់ពីចិត្ត។ គាត់ក៏បានធ្វើធម្មយាត្រាទៅមន្ទីរចាត់ការសាសនានោះ ហៅថាបូរីវ៉ាទីកង់។ យ៉ាងណាក៏ដោយ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានទៅលេងផ្ទះរបស់គាត់ៗក៏យល់ព្រមសិក្សាព្រះគម្ពីរតាមផ្ទះ។ ហេតុអ្វី? ពីព្រោះគាត់ចង់រៀនអំពីអ្វីដែលបានចែងទុកក្នុងព្រះគម្ពីរ ហើយសាសនារបស់គាត់គ្មានកម្មវិធីសិក្សាព្រះគម្ពីរតាមផ្ទះទេ។ តើបទពិសោធន៍នេះមានមេរៀនអ្វីចំពោះយើង? គឺថា យើងមិនដឹងសោះអំពីអ្នកណាដែលអាចយល់ព្រមសិក្សាព្រះគម្ពីរដោយឥតគិតថ្លៃនោះ។—សាស្ដា ១១:៦
២ តើអ្នកធ្លាប់ស្ទាក់ស្ទើរមិនហ៊ានប្រាប់មនុស្ស ថាយើងសប្បាយចិត្តសិក្សាព្រះគម្ពីរជាមួយអ្នកណាក៏បានដែលចាប់អារម្មណ៍ចង់សិក្សាទេ? តើមនុស្សទាំងអស់ក្នុងសហគមន៍របស់អ្នកដឹងថា យើងមានកម្មវិធីនេះរៀនដោយឥតគិតថ្លៃឬទេ? តើយើងអាចធ្វើដូចម្ដេចដើម្បីឲ្យគេដឹង? ឥឡូវយើងមានឧបករណ៍ថ្មី! នេះគឺជាខិត្តប័ណ្ណគួរឲ្យចាប់អារម្មណ៍ដែលមានប្រាំមួយទំព័រនិងមានចំណងជើងថា តើលោកអ្នកចង់រៀនព្រះគម្ពីរទេ? សូមឲ្យយើងពិនិត្យមើលខិត្តប័ណ្ណនេះតាមចំណងជើងនិមួយៗ:
៣ «តើលោកអ្នកចង់រៀនព្រះគម្ពីរទេ?»: ខិត្តប័ណ្ណនេះឲ្យមូលហេតុដែលគួរឲ្យចង់ពិនិត្យមើលព្រះគម្ពីរដោយក្ដីពេញចិត្តមែនទែន។ ខិត្តប័ណ្ណនេះពន្យល់ថា ព្រះគម្ពីរមាន«ការណែនាំដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ពីព្រះ» ទាំងបង្ហាញនូវរបៀបទូលសុំជំនួយពីទ្រង់តាមរយៈការអធិស្ឋាន និងរបៀបទទួលអំណោយទានពីទ្រង់ដែលជាជីវិតជារៀងរហូត។ (១ថែ. ២:១៣) ខិត្តប័ណ្ណនេះសំដៅទៅលើ«សេចក្ដីពិត»និមួយៗក្នុងព្រះគម្ពីរ «ដែលជួយបំភ្លឺ»ចិត្តយើង ដូចជាតើមានអ្វីកើតឡើងក្រោយពីយើងស្លាប់ទៅ និងហេតុដែលមានបញ្ហាជាច្រើនម្ល៉េះនៅលើផែនដី។ ខិត្តប័ណ្ណនេះពិពណ៌នាអំពី«គោលការណ៍ដែលព្រះប្រទានមកតាមរយៈព្រះគម្ពីរ» ដែលនាំឲ្យមានប្រយោជន៍ខាងរាងកាយ និងអាចនាំឲ្យមានសុភមង្គល ថែមទាំងផ្ដល់ឲ្យនូវសេចក្ដីសង្ឃឹមនិងបង្កើតឲ្យមានគុណសម្បត្ដិល្អៗឯទៀតដែរ បើយើងអនុវត្តតាមគោលការណ៍ទាំងនោះ។ ខិត្តប័ណ្ណនេះបញ្ជាក់ពីមូលហេតុមួយទៀតដែលយើងគួរចង់អានព្រះគម្ពីរ គឺមានបទទំនាយទាំងប៉ុន្មានអំពីពេលអនាគត ជាពិសេសអំពីអនាគតឆាប់ៗខាងមុខនេះ។—វិវរ. ២១:៣, ៤
៤ «ជំនួយក្នុងការឲ្យយល់ព្រះគម្ពីរ»: ខិត្តប័ណ្ណនេះចែងថា៖ «យើងទាំងអស់គ្នាត្រូវការជំនួយដើម្បីយល់ព្រះបន្ទូលរបស់ព្រះ»។ ក្រោយមកក៏ពន្យល់អំពីកម្មវិធីដែលយើងប្រើក្នុងការសិក្សាព្រះគម្ពីរ ដោយចែងថា៖ «តាមធម្មតា គឺមានប្រយោជន៍ច្រើនបំផុត បើសិនជាអ្នកសិក្សាព្រះគម្ពីរជាបណ្ដើរៗ ដោយចាប់ផ្ដើមរៀនសេចក្ដីបង្រៀនបឋមៗ»។ ទោះជាខិត្តប័ណ្ណនេះបញ្ជាក់យ៉ាងច្បាស់ថា «ព្រះគម្ពីរជាប្រភពពត៌មានដ៏ចំបង» ហើយក៏ប្រាប់អំពីសៀវភៅស្តើងតម្រូវជាសៀវភៅដែលនឹងជួយសិស្សឲ្យ«យល់នូវខបទគម្ពីរស្តីពីរឿងសព្វបែបយ៉ាង»ផងដែរ។ ចំណងជើងបន្ទាប់ពីនោះ លើកឡើងនូវសំនួរមួយដែលជំរុញទឹកចិត្ត។
៥ «តើអ្នកសុខចិត្តចំណាយពេលវេលាជារៀងរាល់សប្ដាហ៍ ដើម្បីយល់ព្រះគម្ពីរទេ?» ផ្នែកនេះពន្យល់ថា យើងអាចរៀបចំការសិក្សាព្រះគម្ពីរនៅពេលណា និងនៅកន្លែងណាដែលស្រួលសំរាប់សិស្ស មិនថានៅផ្ទះគាត់ឬតាមទូរស័ព្ទ។ តើអ្នកណាខ្លះអាចរួមចំណែកការពិគ្រោះនេះ? ខិត្តប័ណ្ណនេះឆ្លើយថា៖ «ក្រុមគ្រួសារទាំងមូលរបស់អ្នក។ មិត្តភក្ដិណាដែលអ្នកចង់អញ្ជើញឲ្យគេមកក៏អាចចូលរួមបានដែរ។ ឬក៏បើសិនជាអ្នកចង់សិក្សាម្នាក់ឯង ក៏អាចធ្វើទៅបានដែរ»។ តើត្រូវចំណាយពេលប៉ុន្មានម៉ោងក្នុងការសិក្សានោះ? ខិត្តប័ណ្ណពន្យល់ថា «មនុស្សជាច្រើនឆ្លៀតពេលមួយម៉ោងក្នុងមួយសប្ដាហ៍ដើម្បីសិក្សាព្រះគម្ពីរ។ បើសិនជាអ្នកអាចចំណាយពេលច្រើនជាង ឬក៏មានពេលតិចជាងនោះរៀងរាល់សប្ដាហ៍ ស្មរបន្ទាល់ព្រះយេហូវ៉ានឹងរៀបចំជួយលោកអ្នកបាន»។ នេះហើយជាចំណុចសំខាន់បំផុត! យើងសុខចិត្តប្រែប្រួលទៅតាមកាលៈទេសៈរបស់សិស្សម្នាក់ៗ។
៦ «ការអញ្ជើញឲ្យរៀន»: ក្នុងខិត្តប័ណ្ណនេះក៏មានកន្លែងសរសេរ ទុកឲ្យអ្នកដែលបានទទួលខិត្តប័ណ្ណនេះសរសេរសុំសៀវភៅស្តើងតម្រូវ ឬសុំនរណាម្នាក់ឲ្យមកលេងដើម្បីពន្យល់អំពីកម្មវិធីការសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ ក៏មានរូបភាពនៃក្របសៀវភៅស្តើងតម្រូវនោះផងដែរ។ តើបងប្អូនឃើញទេ នូវមូលហេតុដែលខិត្តប័ណ្ណនេះលើកទឹកចិត្តឲ្យមនុស្សជាច្រើនទៀតដែលមានចិត្តស្មោះយល់ព្រមទទួលជំនួយពីយើង? ដូច្នេះ តើត្រូវធ្វើដូចម្ដេចឲ្យយើងប្រើឧបករណ៍ថ្មីនេះបានដោយប្រសិទ្ធិភាពនោះ?
៧ តើអ្នកអាចឲ្យខិត្តប័ណ្ណនេះចំពោះអ្នកណាខ្លះ? យើងអាចហុចខិត្តប័ណ្ណនេះឲ្យមនុស្សម្នាក់ៗ ឬទុកនៅផ្ទះណាដែលម្ចាស់ផ្ទះអត់នៅ។ គឺអាចចែកខិត្តប័ណ្ណនេះពីផ្ទះមួយទៅផ្ទះមួយ តាមផ្លូវថ្នល់ ឬតាមតំបន់ជំនួញ។ សូមឲ្យខិត្តប័ណ្ណនេះដល់មនុស្សគ្រប់រូប មិនថាគេព្រមទទួលសៀវភៅរបស់យើងឬអត់ក៏ដោយ។ សូមដាក់ខិត្តប័ណ្ណនេះក្នុងទស្សនាវដ្ដីឬប្រកាសនវត្ថុឯទៀតដែលយើងចែកឲ្យគេ។ ដាក់ខិត្តប័ណ្ណនេះក្នុងសំបុត្រដែលអ្នកសរសេរ។ សូមអញ្ជើញផ្ញើខិត្តប័ណ្ណនេះដល់មនុស្សដែលអ្នកជួបតាមទូរស័ព្ទ។ ចូរយកខិត្តប័ណ្ណនេះទៅជាមួយអ្នកជានិច្ច ដើម្បីចែកឲ្យមនុស្សនៅផ្សារ ពេលជិះយានយន្តដឹកអ្នកដំណើរ និងពេលណាក៏បានដែលមានឱកាសផ្សព្វផ្សាយក្រៅផ្លូវការ។ ចូរឲ្យដល់អ្នកណាដែលមកលេងផ្ទះអ្នក។ សូមជូនខិត្តប័ណ្ណនេះចំពោះញាតិសន្ដាន អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា មិត្តរួមថ្នាក់ និងអ្នកឯទៀតដែលយើងស្គាល់។ ចូរខំចែកខិត្តប័ណ្ណនេះឲ្យអស់អ្នកណាដែលអ្នកជួប! រួចមក តើត្រូវធ្វើយ៉ាងណាទៀត?
៨ បើគេតបឆ្លើយភ្លាមៗ: មនុស្សខ្លះនឹងតបឆ្លើយភ្លាមៗដោយប្រាប់ថា គេចង់រៀនព្រះគម្ពីរ។ អាស្រ័យហេតុនេះហើយ ចូរមានសៀវភៅស្តើងតម្រូវពីរក្បាលជាប់នឹងខ្លួនជានិច្ចពេលដែលអ្នកចូលរួមកិច្ចបំរើផ្សាយ គឺមួយក្បាលសំរាប់សិស្ស និងមួយក្បាលទៀតសំរាប់អ្នកផ្ទាល់។ បើគាត់យល់ព្រមចូរចាប់ផ្ដើមការសិក្សាភ្លាមៗទៅ។ បើកទៅមើលទំព័រទី២ និងអាន«របៀបប្រើសៀវភៅស្តើងនេះ»។ ក្រោយមក មើលមេរៀនទី១ និងបង្ហាញនូវរបៀបសិក្សា។ ការធ្វើបែបនេះស្រួលណាស់ មែនទេ?
៩ បើម្ចាស់ផ្ទះត្រូវការពេលគិតសិន: ដោយមិនបង្អង់យូរពេក ចូរខំទៅរកជួបគាត់ម្ដងទៀត។ ចូរមានសៀវភៅស្តើងតម្រូវនៅជាប់ជាមួយពេលទៅជួបគាត់ម្ដងទៀតនោះ ដើម្បីបង្ហាញគាត់នូវមាតិកានៅទំព័រទី២។ អញ្ជើញឲ្យគាត់អានប្រធាននិមួយៗនិងជ្រើសរើសមេរៀនមួយណា ដែលគាត់ចាប់អារម្មណ៍ជាងគេ។ បើកទៅមេរៀនមួយនោះដែលគាត់បានជ្រើសរើស និងចាប់ផ្ដើមពិគ្រោះតាមប្រធាននោះ។
១០ ការត្រឡប់ទៅជួបក្រោយពីបានចែកទស្សនាវដ្ដី: ប្រសិនបើអ្នកបានចែកខិត្តប័ណ្ណនេះពេលជូនទស្សនាវដ្ដីឲ្យគេ អ្នកអាចត្រឡប់ទៅជួបដោយនិយាយដូចតទៅនេះ: «កាលដែលខ្ញុំមកលេងលើកមុន ខ្ញុំបានឲ្យអ្នកនូវទស្សនាវដ្ដីប៉មយាមមួយច្បាប់។ អ្នកប្រហែលជាបានកត់សម្គាល់ថា ចំណងជើងទាំងមូលនៃទស្សនាវដ្ដីនេះគឺ ប៉មយាម ប្រកាសព្រះរាជាណាចក្រនៃព្រះយេហូវ៉ា។ ថ្ងៃនេះខ្ញុំសូមពន្យល់អំពីព្រះរាជាណាចក្រនេះជាអ្វី ហើយថានេះទាក់ទងអ្នកនិងក្រុមគ្រួសាររបស់អ្នកយ៉ាងណាដែរ»។ រួចមក សូមបើកសៀវភៅស្តើងតម្រូវទៅមេរៀនទី៦។ ចាប់ពីវគ្គទី១ សូមអាននិងពិគ្រោះប៉ុន្មានវគ្គក៏បានស្រេចនឹងម្ចាស់ផ្ទះមានពេល។ រួចមក សូមរៀបចំត្រឡប់ទៅជួបគាត់ថ្ងៃក្រោយទៀត ដើម្បីរៀនបង្ហើយនូវមេរៀននោះ។
១១ កុំឲ្យអស់ខិត្តប័ណ្ណឡើយ: អ្នកត្រួតពិនិត្យកិច្ចបំរើជាមួយនឹងបងប្អូនប្រុសៗដែលទទួលខុសត្រូវខាងប្រកាសនវត្ថុ ត្រូវមានខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? រហូតក្នុងក្រុមជំនុំ។ ចូរដាក់ប៉ុន្មានសន្លឹកក្នុងហោប៉ៅឬកាបូប ទុកខ្លះនៅក្នុងរថយន្ត នៅកន្លែងធ្វើការ នៅសាលារៀន ក្បែរទ្វារចូលផ្ទះ គឺនៅកន្លែងណាក៏បានដែលស្រួលប្រើ។ យ៉ាងប្រាកដហើយ ចូរមានខិត្តប័ណ្ណនេះខ្លះៗក្នុងកាតាបផ្សព្វផ្សាយ សំរាប់ពេលដែលអ្នកជួបបុគ្គលម្នាក់ដែលសុខចិត្តពិគ្រោះរឿងព្រះគម្ពីរ។
១២ សូមឲ្យព្រះយេហូវ៉ាប្រទានពរលើការប្រឹងប្រែងរបស់យើង: គ្រីស្ទានទាំងឡាយគួរមានគោលដៅចង់បង្រៀនសេចក្ដីពិតដល់អ្នកផ្សេងទៀត។ (ម៉ាថ. ២៨:១៩, ២០) តើអ្នកកំពុងតែដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះឬទេ? បើកំពុងតែមានហើយ តើអ្នកអាចឆ្លៀតពេលក្នុងកាលវិភាគប្រចាំសប្ដាហ៍របស់អ្នក ដើម្បីដឹកនាំការសិក្សាមួយទៀតបានទេ? បើអ្នកអត់មានសិស្សនៅពេលឥឡូវនេះ អ្នកប្រាកដជាចង់មានសិស្សមួយហើយ មែនទេ? ចូរអធិស្ឋានសុំព្រះយេហូវ៉ាប្រទានពរលើការខំប្រឹងរបស់អ្នកដើម្បីរកសិស្សម្នាក់។ ក្រោយមក សូមប្រព្រឹត្តសមស្របទៅតាមសេចក្ដីអធិស្ឋាននោះចុះ។—១យ៉ូន. ៥:១៤, ១៥
១៣ យើងមានឧបករណ៍ថ្មី! ដើម្បីចាប់ផ្ដើមការសិក្សាថែមទៀត។ ចូរស្គាល់ខ្លឹមសារខិត្តប័ណ្ណនេះឲ្យបានច្បាស់។ ចូរចែកវាគ្រប់ទីកន្លែងចុះ! ដោយខំប្រឹងអស់ពីសមត្ថភាពនោះ ចូរ‹ធ្វើគុណ មានការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេ›ឲ្យរៀនដឹងនូវអ្វីដែលអ្នកបានសិក្សាក្នុងព្រះបន្ទូលរបស់ព្រះ។—១ធី. ៦:១៨
[ប្រអប់នៅទំព័រ៤]
ឱកាសចែកខិត្តប័ណ្ណនេះ
◼ តាមការសន្ទនាប្រចាំថ្ងៃ
◼ ពេលដែលគេព្រមទទួលប្រកាសនវត្ថុរបស់យើង
◼ ពេលគ្មានអ្នកណានៅផ្ទះ
◼ ពេលត្រឡប់ទៅជួបគេវិញ
◼ ពេលជួបគេក្នុងកាលដែលផ្សព្វផ្សាយតាមផ្លូវថ្នល់
◼ ពេលផ្សព្វផ្សាយនៅតំបន់ជំនួញ
◼ ពេលផ្សព្វផ្សាយក្រៅផ្លូវការ
◼ ពេលសរសេរសំបុត្រ
◼ ពេលជិះយានយន្តដឹកអ្នកដំណើរ
◼ ពេលគេមកគោះទ្វារផ្ទះយើង
◼ ពេលនិយាយជាមួយញាតិសន្ដាន អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា មិត្តរួមថ្នាក់ និងអ្នកឯទៀតដែលយើងស្គាល់