ប្រើខិត្តប័ណ្ណដើម្បីផ្ដើមឡើងការសន្ទនា
១ តើអ្នកនឹងយល់ព្រមទេ ថាការផ្សព្វផ្សាយដោយប្រសិទ្ធិភាព ច្រើនស៊ីសងទៅលើសមត្ថភាពរបស់អ្នកដើម្បីផ្ដើមឡើងការសន្ទនា? បញ្ហានេះតម្រូវឲ្យខិតខំនិយាយអ្វីមួយដែលចាប់អារម្មណ៍បុគ្គលនោះហើយបញ្ចូលគេក្នុងការសន្ទនា។ ក៏ប៉ុន្តែ តើយ៉ាងដូចម្ដេចនេះអាចត្រូវធ្វើទៅដោយប្រសិទ្ធិភាព?
២ អ្នកផ្សាយជាច្រើនបានឃើញថា ដោយជ្រើសពាក្យល្អៗពីរបីម៉ាត់ ការផ្ដល់ឲ្យខិត្តប័ណ្ណរបស់យើងដែលមានព្រះគម្ពីរជាមូលដ្ឋានអាចផ្ដើមឡើងនូវការសន្ទនា។ ចំណងជើងទាំងប៉ុន្មាននោះទាក់ទាញឲ្យចាប់អារម្មណ៍ ហើយក៏មានរូបភាពដ៏មានពណ៌ឆើតឆាយទាក់ភ្នែក។ ខិត្តប័ណ្ណមិនធ្វើឲ្យមនុស្សរអើលទេ ក៏មិនឲ្យគេគិតថាមានពត៌មានច្រើនពេកដែលគេត្រូវតែអាន។ ក៏ប៉ុន្តែ ពត៌មានដ៏ចំៗក្នុងខិត្តប័ណ្ណធ្វើឲ្យចាប់អារម្មណ៍ស្លុងហើយអាចត្រូវប្រើដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
៣ នេះជាអារម្មណ៍របស់ស្មរបន្ទាល់ម្នាក់ផ្ទាល់៖«ក្នុងលោកីយ៍នេះដ៏រវីរវល់ឥតឈប់ឈរ មនុស្សច្រើនតែមិនចង់ឆ្លៀតពេលអានទេ។ ខិត្តប័ណ្ណគឺវែងល្មមដើម្បីជូនសារដ៏សំខាន់មួយ ប៉ុន្តែមិនវែងដល់ម្ល៉េះដែលមនុស្សមិនព្រមទទួលសូម្បីតែមុនដែលគេបានមានឱកាសមើល។ ខ្ញុំបានអានខិត្តប័ណ្ណជាច្រើន ហើយជាយថាហេតុខ្ញុំបានរៀនសេចក្ដីពិត»។ កុំមើលស្រាលនូវឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះដូចជាបានត្រូវពន្យល់ក្នុងសារខ្លីៗដែលបានត្រូវបោះពុម្ពមកទាំងនោះ។—ហេព្រើរ ៤:១២
៤ ជំហានបួនដ៏ងាយស្រួល: ជាច្រើននាក់បានមានការជោគជ័យដោយប្រើវិធីស្រួលមួយ។ (១) បង្ហាញមនុស្សម្នាក់ខិត្តប័ណ្ណពីរបី ហើយសួរគាត់ថាគាត់ចាប់អារម្មណ៍នឹងខិត្តប័ណ្ណមួយណា។ (២) ក្រោយពីអ្នកនោះជ្រើសរើសយកខិត្តប័ណ្ណមួយ សួរសំនួរមួយដែលបានត្រូវរៀបចំល្អនិងដែលបញ្ជាក់នូវចំណុចសំខាន់មួយក្នុងខិត្តប័ណ្ណនោះ។ (៣) ដើម្បីឆ្លើយសំនួរនោះ អានវគ្គមួយឬក៏បទគម្ពីរមួយដ៏សមគួរពីខិត្តប័ណ្ណនោះ។ (៤) បើសិនជាអ្នកទទួលនូវការតបដ៏វិជ្ជមាន នោះនិយាយបន្តអំពីមាតិកាខិត្តប័ណ្ណឬក៏យោងទៅលើមេរៀនមួយក្នុងសៀវភៅស្តើង តម្រូវ ឬក៏ជំពូកមួយក្នុងសៀវភៅ ចំណេះ ដែលមានការពន្យល់ជាបន្ថែម។ តាមវិធីនេះ អ្នកប្រហែលជាអាចនាំចូលការសិក្សាព្រះគម្ពីរតែម្ដង។ យោបល់ទាំងប៉ុន្មានជាបន្ទាប់នឹងជួយអ្នករៀបចំអ្វីដែលអាចត្រូវនិយាយអំពីខិត្តប័ណ្ណបួនផ្សេងៗ។
៥ ខិត្តប័ណ្ណដែលមានចំណងជើងថា«អ្នកណាជាអ្នកគ្រប់គ្រងដ៏ពិតប្រាកដរបស់លោកីយនេះ»? គឺអាចសួរជាសំនួរមួយ: បើសិនជាបុគ្គលម្នាក់ដែលអ្នកនិយាយជាមួយនោះឆ្លើយថា«ព្រះ»ឬក៏«ខ្ញុំមិនដឹង» នោះអានពីរឃ្លានៅដើមទំព័រទីពីរហើយវគ្គទីមួយនៅទំព័រទី៣។ បញ្ជាក់ពី យ៉ូហានទី១ ៥:១៩ និង វិវរណៈ ១២:៩។ មិនថាអ្នកនោះសង្ស័យថាមានអារក្សសាតាំងឬក៏ទទួលស្គាល់ឥទ្ធិពលរបស់វាទៅលើលោកីយ៍ក៏ដោយ អ្នកអាចនិយាយយោងទៅតាមរបៀបវែកញែកនៅក្រោមចំណងជើងថា«សញ្ញាឲ្យដឹងដែលចេញពីស្ថានការណ៍លោកីយ៍»ដើម្បីបន្តការសន្ទនា។ បើសិនជាគេមានចំណាប់អារម្មណ៍ ស្នើសូមពន្យល់ថាអារក្សមកពីណា ដោយប្រើចំណុចនៅទំព័រទីបីនិងបួនក្នុងខិត្តប័ណ្ណនោះ។
៦ ខិត្តប័ណ្ណ«តើមានសេចក្ដីសង្ឃឹមអ្វី សម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ»? អាចបង្កើតនូវការចាប់អារម្មណ៍ភ្លាមៗ។ អ្នកអាចផ្ដើមឡើងនូវការសន្ទនាដោយសួរថា:
◼ «តើអ្នកគិតថាយើងនឹងអាចជួបពួកទីស្រឡាញ់របស់យើងម្ដងទៀត ដែលបានស្លាប់ទៅហើយនោះទេ?» ក្រោយអ្នកនោះឆ្លើយ សំដៅទៅវគ្គទីពីរនៅទំព័រទី៤នៃខិត្តប័ណ្ណហើយអានយ៉ូហាន ៥:២៨, ២៩។ រួចពន្យល់ថាខិត្តប័ណ្ណនោះជួយឲ្យយល់អំពីពត៌មានចំណងជើងទី១ក្នុងខិត្តប័ណ្ណនោះ។ ស្នើសូមពិគ្រោះពត៌មាននោះជាមួយគ្នា។
៧ ខិត្តប័ណ្ណ«សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ»មានភាពទាក់ទាញជាទូទៅចំពោះក្រុមគ្រួសារទាំងឡាយ។ ដោយប្រើខិត្តប័ណ្ណនោះអ្នកអាចនិយាយថា:
◼ «អ្នកប្រហែលជានឹងយល់ព្រមថា ក្រុមគ្រួសារទាំងឡាយកំពុងតែត្រូវវាយលុកសព្វថ្ងៃនេះ។ តាមទស្សនៈរបស់អ្នក តើអ្វីទៅដែលអាចពង្រឹងទំនាក់ទំនងក្នុងក្រុមគ្រួសារ?»។ ក្រោយគាត់បានឆ្លើយរួចហើយ នាំគាត់ឲ្យមើលចំណុចនៅវគ្គទីមួយនៅទំព័រទីប្រាំមួយ។ ជ្រើសរើសបទព្រះគម្ពីរមួយដែលត្រូវដកស្រងនៅទំព័រទី៤និង៥នៃខិត្តប័ណ្ណនោះ ហើយពន្យល់អត្ថន័យ។ រួចមក សូមស្នើការសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។
៨ ខិត្តប័ណ្ណ«ហេតុអ្វីបានជាអ្នកអាចទុកចិត្តព្រះគម្ពីរ»ប្រហែលជាអាចត្រូវប្រើជាមួយនឹងពាក្យសម្ដែងនេះ:
◼ «មនុស្សភាគច្រើនធ្លាប់ឮរឿងអំពីកាអ៊ីននិងអេបិល អាចត្រូវរកឃើញនៅសៀវភៅទីមួយក្នុងព្រះគម្ពីរ។ ដំណើររឿងក្នុងលោកុប្បត្តិក៏និយាយអំពីប្រពន្ធរបស់កាអ៊ីន។ តើអ្នកដែលឆ្ងល់ថាកាអ៊ីនបានប្រពន្ធរបស់គាត់ពីណាមក?»។ ប្រើវគ្គចុងក្រោយនៅទំព័រទី២នៃខិត្តប័ណ្ណដើម្បីឆ្លើយ។ ពន្យល់ថាខិត្តប័ណ្ណក៏ពិគ្រោះអំពីអត្ថាធិប្បាយសំខាន់ៗក្នុងព្រះគម្ពីរដែលពន្យល់ពីអ្វីនៅអនាគតរបស់យើង។ បន្តការពិភាក្សាដោយចាប់ផ្ដើមពីវគ្គទី៣នៅទំព័រ៥ ទាំងប្រើបទព្រះគម្ពីរបញ្ជាក់នោះ។
៩ ការចែកចាយខិត្តប័ណ្ណព្រះគម្ពីរជាវិធីប្រាប់ពីដំណឹងល្អដោយប្រសិទ្ធិភាពដែលបានត្រូវបញ្ជាក់ដោយភស្តុតាងយូរមកហើយ។ ពីព្រោះខិត្តប័ណ្ណគឺស្រួលយកទៅជាមួយទោះបីអ្នកទៅកន្លែងណាក៏ដោយ អ្នកក៏អាចប្រើខិត្តប័ណ្ណនោះយ៉ាងសកម្មដោយប្រសិទ្ធិភាពក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយហើយពេលផ្សព្វផ្សាយក្រៅផ្លូវការ។ ខិត្តប័ណ្ណសម្រេចកិច្ចការសំខាន់ក្នុងការបំពេញកិច្ចបំរើរបស់យើង។ ធ្វើយ៉ាងណាឲ្យប្រាកដថាមានខិត្តប័ណ្ណផ្សេងៗនៅជាមួយហើយប្រើដោយសេរីដើម្បីផ្ដើមការសន្ទនា។—កូល៉ុស ៤:១៧