ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!
«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។—ហេប្រឺ ៤:១២
១, ២. តើព្រះយេហូវ៉ាបានប្រាប់ម៉ូសេឲ្យធ្វើអ្វី ហើយតើលោកបានសន្យាអ្វី?
សូមស្រមៃគិតថាក្នុងនាមជាតំណាងនៃរាស្ត្ររបស់ព្រះ អ្នកត្រូវនិយាយទៅកាន់អ្នកគ្រប់គ្រងដែលមានអំណាចខ្លាំងបំផុតនៅលើផែនដី។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? អ្នកទំនងជានឹងបារម្ភ ខ្លាច ហើយនិយាយមិនចេញ។ តើអ្នកនឹងរៀបចំយ៉ាងដូចម្ដេចនូវអ្វីដែលអ្នកត្រូវនិយាយ? តើអ្នកនឹងអាចនិយាយដោយមានអំណាចក្នុងនាមជាអ្នកនាំពាក្យរបស់ព្រះឬទេ?
២ ម៉ូសេបានស្ថិតនៅក្នុងស្ថានភាពបែបនោះ។ គាត់ជាមនុស្សដែលមានចិត្តរាបទាបខ្លាំងណាស់។ (ជនគណនា ១២:៣) ប៉ុន្តែ ព្រះយេហូវ៉ាបានចាត់គាត់ឲ្យនិយាយទៅកាន់ផារ៉ូដែលជាមនុស្សព្រហើន ហើយមានអំណួត។ ព្រះយេហូវ៉ាបានសុំម៉ូសេឲ្យប្រាប់ផារ៉ូនូវបង្គាប់មួយ។ បង្គាប់នោះគឺឲ្យដោះលែងរាស្ត្ររបស់ព្រះរាប់លាននាក់ពីទាសភាព។ (និក្ខមនំ ៥:១, ២) យើងអាចយល់អំពីមូលហេតុដែលម៉ូសេបានសួរព្រះយេហូវ៉ាថា៖ «តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?»។ ម៉ូសេទំនងជាមានអារម្មណ៍ថាគាត់គ្មានសមត្ថភាពដើម្បីនិយាយទៅកាន់ផារ៉ូទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានសន្យានឹងម៉ូសេថាគាត់នឹងមិនទៅតែម្នាក់ឯងទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញនឹងនៅជាមួយនឹងឯងជាប្រាកដ»។—និក្ខមនំ ៣:៩-១២
៣, ៤. (ក) ហេតុអ្វីម៉ូសេខ្លាច? (ខ) ហេតុអ្វីអ្នកប្រហែលជាមានអារម្មណ៍ស្រដៀងនឹងអារម្មណ៍របស់ម៉ូសេ?
៣ ហេតុអ្វីម៉ូសេខ្លាច? គាត់ខ្លាចថាផារ៉ូនឹងមិនទទួល ឬស្ដាប់អ្នកនាំពាក្យរបស់ព្រះយេហូវ៉ាទេ។ ម៉ូសេក៏ខ្លាចដែរថាជនជាតិអ៊ីស្រាអែលនឹងមិនជឿថាព្រះបានជ្រើសរើសគាត់ឲ្យដឹកនាំពួកគេចេញពីស្រុកអេស៊ីបឡើយ។ គាត់បាននិយាយទៅព្រះយេហូវ៉ាថា៖ «គេនឹងមិនជឿទូលបង្គំ ឬស្ដាប់តាមទូលបង្គំទេ គេនឹងថា ‹ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ›»។—និក្ខមនំ ៣:១៥-១៨; ៤:១
៤ ចុះអ្នកវិញយ៉ាងណាដែរ? អ្នកប្រហែលជាមិនត្រូវនិយាយទៅកាន់អ្នកគ្រប់គ្រងណាម្នាក់ដែលមានអំណាចខ្លាំងក្លាទេ។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកពិបាកនិយាយទៅកាន់មនុស្សក្នុងតំបន់ផ្សាយអំពីព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក? បង្គាប់របស់ព្រះយេហូវ៉ាទៅម៉ូសេនិងអ្វីដែលបានកើតឡើងក្រោយមកអាចបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ។
«តើមានអ្វីនៅដៃឯងនោះ?»
៥. តើព្រះយេហូវ៉ាបានឲ្យម៉ូសេមានសមត្ថភាពធ្វើអ្វី ហើយតើតាមរបៀបណានោះបានជួយគាត់ឲ្យមានទំនុកចិត្ត? (សូមមើលរូបភាពនៅដើមអត្ថបទ)។
៥ ពេលម៉ូសេជម្រាបព្រះយេហូវ៉ាថា គាត់ខ្លាចថាបណ្ដាជននឹងមិនជឿគាត់ នោះព្រះបានជួយម៉ូសេឲ្យត្រៀមលក្ខណៈដើម្បីឲ្យបណ្ដាជនជឿគាត់។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា៖ ‹តើមានអ្វីនៅដៃឯងនោះ?›។ លោកទូលឆ្លើយថា៖ ‹មានដំបង›។ រួចទ្រង់ប្រាប់ថា៖ ‹ចូរបោះទៅដីទៅ›។ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា៖ ‹ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា›។ លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ។ ‹នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ា . . . ទ្រង់បានលេចមកឯឯង›»។ (និក្ខមនំ ៤:២-៥) ដោយឫទ្ធានុភាពរបស់ព្រះ ដំបងបានក្លាយទៅជាពស់នៅក្នុងដៃម៉ូសេ! អព្ភូតហេតុនេះនឹងបញ្ជាក់ថាម៉ូសេគឺជាអ្នកនាំពាក្យរបស់ព្រះ ហើយថាគាត់បានទទួលអំណាចពីលោក។ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ»។ (និក្ខមនំ ៤:១៧) ដោយមានទីសំអាងនេះ ម៉ូសេអាចមានទំនុកចិត្តដែលគាត់ត្រូវការដើម្បីទៅប្រាប់ផារ៉ូនិងរាស្ត្ររបស់ព្រះផងដែរ។—និក្ខមនំ ៤:២៩-៣១; ៧:៨-១៣
ដោយមានទីសំអាងថាព្រះយេហូវ៉ាគាំទ្រគាត់ ម៉ូសេអាចមានទំនុកចិត្តដែលគាត់ត្រូវការ ដើម្បីទៅប្រាប់ផារ៉ូ
៦. (ក) ពេលយើងផ្សព្វផ្សាយ តើយើងគួរមានអ្វីនៅដៃ ហើយហេតុអ្វី? (ខ) សូមពន្យល់អំពីរបៀបដែល«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ»និងរបៀបដែលបណ្ដាំនោះ«មានឫទ្ធានុភាព»។
៦ ពេលយើងប្រាប់បណ្ដាំរបស់ព្រះដល់អ្នកឯទៀត តើយើងមានអ្វីនៅដៃយើង? យើងមានគម្ពីរ ហើយយើងរំភើបចិត្តប្រើគម្ពីរនោះ។ មនុស្សខ្លះគិតថាគម្ពីរគឺគ្រាន់តែជាសៀវភៅដ៏ល្អមួយប៉ុណ្ណោះ។ ប៉ុន្តែ គម្ពីរមិនគ្រាន់តែជាសៀវភៅដ៏ល្អមួយប៉ុណ្ណោះទេ តែគម្ពីរមានបណ្ដាំរបស់ព្រះសម្រាប់យើង។ (ពេត្រុសទី២ ១:២១) គម្ពីរមានសេចក្ដីសន្យារបស់ព្រះ ហើយប្រាប់យើងអំពីអ្វីដែលរាជាណាចក្រព្រះនឹងធ្វើ។ ប៉ូលបានសរសេរថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ (សូមអាន ហេប្រឺ ៤:១២) តើតាមរបៀបណាបណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ? សេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាកំពុងឈានទៅរកការសម្រេច ហើយនឹងសម្រេចទាំងស្រុង។ (អេសាយ ៤៦:១០; ៥៥:១១) ពេលបុគ្គលម្នាក់យល់ការពិតទាំងនេះអំពីបណ្ដាំរបស់ព្រះ នោះអ្វីដែលគាត់អានក្នុងគម្ពីរអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់គាត់។
គោលដៅរបស់យើងគឺដើម្បីមានឥទ្ធិពលលើចិត្តរបស់ពួកអ្នកដែលស្ដាប់យើង
៧. តើតាមរបៀបណាយើងអាច«ពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»?
៧ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវបណ្ដាំរបស់លោកដែលមានជីវិតរស់នៅ ពោលគឺគម្ពីរ។ ដោយមានឧបករណ៍នេះ យើងអាចបញ្ជាក់ថាអ្វីដែលយើងនិយាយគឺអាចទុកចិត្តបាន ហើយមកពីព្រះ។ ហេតុនេះហើយបានជាពេលប៉ូលកំពុងបង្ហាត់បង្រៀនធីម៉ូថេ គាត់បានលើកទឹកចិត្តធីម៉ូថេឲ្យ«ពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (ធីម៉ូថេទី២ ២:១៥) តើតាមរបៀបណាយើងអាចធ្វើតាមឱវាទរបស់ប៉ូល? គឺដោយជ្រើសរើសយ៉ាងយកចិត្តទុកដាក់នូវបទគម្ពីរដែលយើងនឹងអានឲ្យអ្នកឯទៀតស្ដាប់។ គោលដៅរបស់យើងគឺដើម្បីមានឥទ្ធិពលលើចិត្តរបស់ពួកអ្នកដែលស្ដាប់យើង។ ខិត្តប័ណ្ណដែលយើងបានទទួលនៅឆ្នាំ២០១៣បានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យធ្វើដូច្នោះ។
ចូរអានបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្តទុកដាក់
៨. តើអ្នកត្រួតពិនិត្យកិច្ចបម្រើម្នាក់បាននិយាយយ៉ាងណាអំពីខិត្តប័ណ្ណថ្មី?
៨ ខិត្តប័ណ្ណថ្មីៗទាំងអស់នេះមានលក្ខណៈដូចគ្នា។ ដូច្នេះ ពេលយើងចេះប្រើខិត្តប័ណ្ណមួយ យើងស្គាល់របៀបប្រើខិត្តប័ណ្ណទាំងអស់។ អ្នកត្រួតពិនិត្យកិច្ចបម្រើម្នាក់នៅកោះហាវ៉ៃ សហរដ្ឋអាម៉េរិកបានសរសេរថា៖ «យើងមិនបានដឹងថាឧបករណ៍ថ្មីទាំងនេះនឹងមានប្រសិទ្ធភាពយ៉ាងនេះទេក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងនៅកន្លែងសាធារណៈ»។ ហេតុអ្វីខិត្តប័ណ្ណទាំងនេះស្រួលប្រើម្ល៉េះ? គាត់គិតថានេះគឺដោយសារសំណួរនិងជម្រើសចម្លើយដែលមាននៅក្របខាងមុខនៃខិត្តប័ណ្ណទាំងនេះ។ ម្ចាស់ផ្ទះមិនចាំបាច់បារម្ភថាគាត់នឹងផ្ដល់ចម្លើយខុសទេ។ បងប្រុសនោះនិយាយថាដោយសាររបៀបដែលខិត្តប័ណ្ណទាំងនេះបានត្រូវសរសេរ មនុស្សកាន់តែច្រើនសុខចិត្តនិយាយជាមួយនឹងយើង ហើយយើងអាចពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។
៩, ១០. (ក) តើខិត្តប័ណ្ណរបស់យើងបានត្រូវរៀបចំឡើងយ៉ាងណាដើម្បីជួយយើងឲ្យប្រើគម្ពីរ? (ខ) តើខិត្តប័ណ្ណណាខ្លះដែលអ្នកបានប្រើដោយមានប្រសិទ្ធភាពច្រើនបំផុត ហើយហេតុអ្វី?
៩ ខិត្តប័ណ្ណនីមួយៗមានបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្តទុកដាក់ដែលយើងអាចអានឲ្យម្ចាស់ផ្ទះស្ដាប់។ ជាឧទាហរណ៍ សូមគិតអំពីខិត្តប័ណ្ណតើទុក្ខវេទនានឹងមានរហូតឬ? ចូរសួរម្ចាស់ផ្ទះនូវសំណួរនៅលើក្រប។ គាត់អាចជ្រើសរើសចម្លើយ«មែន» «មិនមែនទេ» ឬ«ប្រហែល»។ ទោះជាគាត់ឆ្លើយយ៉ាងណាក៏ដោយ ចូរបើកទៅទំព័រខាងក្នុង ហើយនិយាយថា៖ «នេះជាអ្វីដែលគម្ពីរចែង»។ បន្ទាប់មក ចូរអានការបើកបង្ហាញ ២១:៣, ៤។
១០ ពេលអ្នកប្រើខិត្តប័ណ្ណតើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? ម្ចាស់ផ្ទះអាចជ្រើសរើសចម្លើយមួយណាក៏បានក្នុងចម្លើយទាំងបី។ ចូរបើកទៅទំព័រខាងក្នុងនៃខិត្តប័ណ្ណនោះ រួចនិយាយថា៖ «គម្ពីរចែងថា‹គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ›»។ អ្នកអាចបន្ថែមថា៖ «តាមពិត ខគម្ពីរនោះចែងលើសពីនេះ»។ បន្ទាប់មក ចូរបើកគម្ពីររបស់អ្នក រួចអានខគម្ពីរនៅធីម៉ូថេទី២ ៣:១៦, ១៧ទាំងអស់។
១១, ១២. (ក) តើតាមរបៀបណាអ្នកអាចប្រើខិត្តប័ណ្ណដើម្បីធ្វើឲ្យកិច្ចបម្រើផ្សាយរបស់អ្នកកាន់តែសប្បាយរីករាយ? (ខ) តើខិត្តប័ណ្ណអាចជួយអ្នកយ៉ាងដូចម្ដេចឲ្យរៀបចំដើម្បីត្រឡប់ទៅជួប?
១១ អ្នកប្រហែលជាសម្រេចចិត្តអាន ហើយពិភាក្សាឲ្យបានច្រើនជាងអំពីព័ត៌មាននៅក្នុងខិត្តប័ណ្ណនោះ។ នេះនឹងអាស្រ័យទៅលើប្រតិកម្មរបស់ម្ចាស់ផ្ទះ។ ប៉ុន្តែទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយ ពួកគេបានទទួលព័ត៌មានដែលមកពីខិត្តប័ណ្ណនោះ ហើយអ្នកបានអានបទគម្ពីរពីបណ្ដាំរបស់ព្រះឲ្យពួកគេស្ដាប់។ ពេលអ្នកទៅជួបពួកគេលើកដំបូង ទោះជាអ្នកបានអានខគម្ពីរតែមួយ ឬពីរក៏ដោយ អ្នកអាចត្រឡប់ទៅជួបពួកគេនៅពេលក្រោយមក ហើយបន្តការសន្ទនា។
១២ នៅខាងខ្នងខិត្តប័ណ្ណនីមួយៗមានមានចំណងជើងតូចថា«សូមគិតអំពីសំណួរនេះ»។ ក្រោមចំណងជើងតូចនេះ មានបទគម្ពីរខ្លះនិងសំណួរមួយដែលអ្នកអាចពិភាក្សាជាមួយម្ចាស់ផ្ទះពេលត្រឡប់ទៅជួបពួកគេ។ នៅក្នុងខិត្តប័ណ្ណតើលោកអ្នកមានទស្សនៈយ៉ាងណាអំពីអនាគត? សំណួរគឺ «តើព្រះនឹងធ្វើឲ្យស្ថានភាពពិភពលោកយើងកាន់តែល្អប្រសើរជាងយ៉ាងដូចម្ដេច?» ហើយចម្លើយគឺនៅម៉ាថាយ ៦:៩, ១០និងដានីយ៉ែល ២:៤៤។ នៅក្នុងខិត្តប័ណ្ណតើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? សំណួរគឺ «ហេតុអ្វីយើងទៅជាចាស់ ហើយក្រោយមកស្លាប់?» ហើយចម្លើយគឺនៅលោកុប្បត្តិ ៣:១៧-១៩និងរ៉ូម ៥:១២។
ខិត្តប័ណ្ណរបស់យើងបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យចាប់ផ្ដើមការសិក្សាគម្ពីរ
១៣. សូមពន្យល់អំពីរបៀបប្រើខិត្តប័ណ្ណដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរ។
១៣ ខិត្តប័ណ្ណទាំងនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យចាប់ផ្ដើមការសិក្សាគម្ពីរ។ បុគ្គលម្នាក់អាចប្រើកាមេរ៉ាទូរស័ព្ទឬកុំព្យូទ័របន្ទះស្តើងដើម្បីថតបារកូដaនៅខាងខ្នងខិត្តប័ណ្ណ ហើយវានឹងចូលទៅគេហទំព័ររបស់យើង។ នៅគេហទំព័រនោះ គាត់នឹងត្រូវអញ្ជើញឲ្យសិក្សាគម្ពីរ។ ខិត្តប័ណ្ណទាំងនេះក៏លើកបញ្ជាក់អំពីសៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! ខិត្តប័ណ្ណនីមួយៗទាក់ទងនឹងមេរៀនមួយក្នុងសៀវភៅស្តើងនេះ។ ជាឧទាហរណ៍ ខិត្តប័ណ្ណតើពិភពលោកនេះពិតជានៅក្រោមអំណាចអ្នកណា? នាំទៅមេរៀនទី៥នៃសៀវភៅស្តើងនោះ។ ខិត្តប័ណ្ណតើអ្វីជាកត្ដាសំខាន់ដើម្បីមានសុភមង្គលគ្រួសារ? នាំទៅមេរៀនទី៩។ ខិត្តប័ណ្ណទាំងនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យប្រើគម្ពីរពេលយើងទៅជួបគេលើកដំបូងនិងពេលត្រឡប់ទៅជួប។ ដោយធ្វើដូច្នេះ យើងអាចចាប់ផ្ដើមការសិក្សាគម្ពីរកាន់តែច្រើន។ តើអ្នកអាចធ្វើអ្វីទៀតដើម្បីប្រើបណ្ដាំរបស់ព្រះដោយមានប្រសិទ្ធភាព?
ចូរពិភាក្សាអំពីប្រធានបទមួយដែលមនុស្សចាប់អារម្មណ៍
១៤, ១៥. តើតាមរបៀបណាអ្នកអាចធ្វើតាមគំរូរបស់ប៉ូលក្នុងកិច្ចបម្រើផ្សាយរបស់អ្នក?
១៤ ក្នុងកិច្ចបម្រើផ្សាយ ប៉ូលចង់យល់យ៉ាងខ្លាំងអំពីគំនិតរបស់‹មនុស្សឲ្យបានច្រើនបំផុត›។ (សូមអាន កូរិនថូសទី១ ៩:១៩-២៣) ហេតុអ្វី? គាត់ចង់ជួយ«មនុស្សគ្រប់ប្រភេទ»ទាំងជនជាតិយូដាទាំងមនុស្សឯទៀតឲ្យរៀនសេចក្ដីពិតដើម្បីពួកគេអាចទទួលសេចក្ដីសង្គ្រោះ។ (សកម្មភាព ២០:២១) តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់ប៉ូលកាលដែលយើងរៀបចំសម្រាប់កិច្ចបម្រើផ្សាយ ហើយផ្សព្វផ្សាយដល់«មនុស្សគ្រប់ប្រភេទ»?—ធីម៉ូថេទី១ ២:៣, ៤
១៥ រៀងរាល់ខែកិច្ចបម្រើព្រះមានយោបល់ផ្សេងៗអំពីរបៀបផ្សព្វផ្សាយ។ ចូរព្យាយាមប្រើយោបល់ទាំងនោះ។ ប៉ុន្តែចុះយ៉ាងណាបើមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកខ្វល់ខ្វាយអំពីរឿងផ្សេង? ចូររៀបចំដើម្បីនិយាយអ្វីមួយដែលពួកគេចាប់អារម្មណ៍។ តើមនុស្សដែលនៅជុំវិញអ្នកខ្វល់ខ្វាយអំពីអ្វី? ចូរជ្រើសរើសបទគម្ពីរមួយដែលទាក់ទងនឹងរឿងនោះ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់និងប្រពន្ធរបស់គាត់រៀបរាប់អំពីរបៀបពួកគាត់ប្រើគម្ពីរកាន់តែច្រើននៅក្នុងកិច្ចបម្រើផ្សាយដោយនិយាយថា៖ «ម្ចាស់ផ្ទះភាគច្រើននឹងអនុញ្ញាតឲ្យយើងអានខគម្ពីរមួយ បើយើងនិយាយយ៉ាងខ្លី ហើយចំៗ។ ក្រោយពីសួរសុខទុក្ខដូចសព្វដង ដោយមានគម្ពីរបើករួចហើយនៅដៃ យើងអានបទគម្ពីរមួយ»។ នៅវគ្គបន្ទាប់ យើងនឹងពិចារណាប្រធានបទ សំណួរនិងបទគម្ពីរខ្លះដែលមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ អ្នកប្រហែលជាចង់ព្យាយាមប្រើប្រធានបទ សំណួរនិងបទគម្ពីរទាំងនេះខ្លះក្នុងតំបន់ផ្សាយរបស់អ្នក។
១៦. សូមពន្យល់អំពីរបៀបដែលអ្នកអាចប្រើអេសាយ ១៤:៧ក្នុងកិច្ចបម្រើផ្សាយ។
១៦ បើអ្នករស់នៅតំបន់ដែលមានឧក្រិដ្ឋកម្មនិងអំពើហិង្សា អ្នកអាចសួរបុគ្គលម្នាក់ថា៖ «តើលោកអ្នកអាចស្រមៃគិតឬទេថានៅទំព័រទី១នៃកាសែតមានដំណឹងនេះថា ‹ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ។ គេទំលាយសំឡេងច្រៀងចេញមក›? នោះជាអ្វីដែលគម្ពីរចែងនៅអេសាយ ១៤:៧។ តាមពិត គម្ពីរមានសេចក្ដីសន្យាជាច្រើនរបស់ព្រះអំពីគ្រាដ៏សុខសាន្តដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ»។ បន្ទាប់មក ចូរស្នើសុំអានសេចក្ដីសន្យាមួយក្នុងចំណោមសេចក្ដីសន្យាទាំងនោះពីគម្ពីរ។
១៧. តើយើងប្រើម៉ាថាយ ៥:៣យ៉ាងដូចម្ដេចក្នុងការសន្ទនា?
១៧ តើបុរសជាច្រើននៅតំបន់របស់អ្នកពិបាកផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេឬទេ? បើដូច្នេះ អ្នកអាចចាប់ផ្ដើមការសន្ទនាដោយសួរថា៖ «តើប្រុសៗត្រូវរកលុយឲ្យបានប៉ុន្មានដើម្បីឲ្យក្រុមគ្រួសាររបស់គាត់សប្បាយរីករាយ?»។ បន្ទាប់ពីបុគ្គលនោះឆ្លើយ អ្នកអាចនិយាយថា៖ «ប្រុសៗជាច្រើនរកលុយបានច្រើនជាងនោះ ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេនៅតែមិនស្កប់ចិត្ត។ ដូច្នេះ តើតាមពិតពួកគេត្រូវការអ្វី?»។ បន្ទាប់មក ចូរអានម៉ាថាយ ៥:៣ រួចស្នើសុំបង្រៀនគម្ពីរ។
១៨. តើតាមរបៀបណាអ្នកអាចប្រើ យេរេមា ២៩:១១ ដើម្បីជួយសម្រាលទុក្ខអ្នកឯទៀត?
១៨ តើមនុស្សក្នុងតំបន់របស់អ្នកកំពុងរងទុក្ខ ដោយសាររឿងខ្លោចផ្សាណាមួយនៅពេលថ្មីៗនេះឬទេ? អ្នកអាចចាប់ផ្ដើមការសន្ទនាដោយនិយាយថា៖ «ខ្ញុំមកផ្ទះលោកអ្នកដើម្បីជួយសម្រាលទុក្ខ។ (សូមអាន យេរេមា ២៩:១១) តើលោកអ្នកកត់សម្គាល់អ្វីពីរយ៉ាងដែលព្រះចង់ឲ្យយើងមានឬទេ? ‹សេចក្ដីសុខ›និង‹សេចក្ដីសង្ឃឹម›។ យើងមានចិត្តរីករាយដោយដឹងថាលោកចង់ឲ្យយើងមានជីវិតដ៏សប្បាយ។ ប៉ុន្តែតើយើងអាចមានជីវិតបែបនេះយ៉ាងដូចម្ដេច?»។ បន្ទាប់មក ចូរបើកទៅមេរៀនដែលជាប់ទាក់ទងនឹងចំណុចនេះនៅសៀវភៅស្តើងដំណឹងល្អ។
១៩. សូមពន្យល់អំពីរបៀបប្រើ ការបើកបង្ហាញ ១៤:៦, ៧ ពេលកំពុងនិយាយជាមួយមនុស្សដែលចាប់អារម្មណ៍អំពីសាសនា។
១៩ តើអ្នករស់នៅតំបន់ដែលមនុស្សចាប់អារម្មណ៍អំពីសាសនាឬទេ? បើដូច្នេះ អ្នកអាចចាប់ផ្ដើមការសន្ទនាដោយសួរថា៖ «បើទេវតាមួយរូបនិយាយមកលោកអ្នក តើលោកអ្នកនឹងស្ដាប់អ្វីដែលទេវតានោះនិយាយឬទេ? (សូមអាន ការបើកបង្ហាញ ១៤:៦, ៧) ទេវតានោះនិយាយថា៖ ‹ចូរកោតខ្លាចព្រះ› ដូច្នេះ តើទេវតានោះកំពុងនិយាយអំពីព្រះមួយណា? គឺអំពី‹លោកដែលបានបង្កើតមេឃនិងផែនដី›។ តើលោកនោះជាអ្នកណា?»។ បន្ទាប់មក សូមអានទំនុកតម្កើង ១២៤:៨ដែលចែងថា៖ «សេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី»។ បន្ទាប់មក ស្នើសុំពន្យល់ថែមទៀតអំពីព្រះយេហូវ៉ា។
២០. (ក) តើយើងអាចប្រើសុភាសិត ៣០:៤យ៉ាងដូចម្ដេច ដើម្បីបង្រៀនបុគ្គលម្នាក់អំពីនាមរបស់ព្រះ? (ខ) តើអ្នកបានប្រើបទគម្ពីរមួយណាដោយមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ?
២០ អ្នកអាចចាប់ផ្ដើមការសន្ទនាជាមួយនឹងបុគ្គលវ័យក្មេងម្នាក់ដោយនិយាយថា៖ «ខ្ញុំសូមអានបទគម្ពីរមួយដែលសួរសំណួរដ៏សំខាន់មួយ។ (សូមអាន សុភាសិត ៣០:៤) គ្មានមនុស្សណាអាចធ្វើអ្វីទាំងនេះបានទេ ដូច្នេះ ខគម្ពីរនេះច្បាស់ជាសំដៅលើព្រះដែលជាអ្នកបង្កើតរបស់យើង។ តើតាមរបៀបណាយើងអាចដឹងថានាមរបស់លោកគឺអ្វី? ខ្ញុំនឹងរីករាយបង្ហាញលោកអ្នកអំពីនាមរបស់លោកនៅក្នុងគម្ពីរ»។
ចូរប្រើឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះក្នុងកិច្ចបម្រើផ្សាយ
២១, ២២. (ក) តើបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្តទុកដាក់អាចកែប្រែជីវិតរបស់បុគ្គលម្នាក់យ៉ាងដូចម្ដេច? (ខ) តើអ្នកតាំងចិត្តធ្វើអ្វីក្នុងកិច្ចបម្រើផ្សាយ?
២១ ពេលយើងអានបទគម្ពីរដែលបានត្រូវជ្រើសរើសដោយយកចិត្តទុកដាក់ យើងមិនដឹងថាមនុស្សនឹងមានប្រតិកម្មយ៉ាងណាឡើយ។ ជាឧទាហរណ៍ សាក្សីព្រះយេហូវ៉ាពីរនាក់នៅប្រទេសអូស្ដ្រាលីបានគោះទ្វារផ្ទះរបស់ស្ត្រីវ័យក្មេងម្នាក់។ សាក្សីម្នាក់ក្នុងចំណោមសាក្សីពីរនាក់នោះបានសួរស្ត្រីនោះថា៖ «តើបងស្គាល់នាមរបស់ព្រះទេ?» រួចមកគាត់អានទំនុកតម្កើង ៨៣:១៨។ ស្ត្រីនោះនិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង! ក្រោយពីពួកគាត់បានចាកចេញ ខ្ញុំបានបើកឡាន៥៦គីឡូម៉ែត្រ (៣៥ម៉ៃល៍) ទៅបណ្ណាគារមួយដើម្បីរកមើលក្នុងសេចក្ដីបកប្រែគម្ពីរផ្សេងទៀត ហើយក្រោយមករកមើលឈ្មោះនោះនៅក្នុងវចនានុក្រមមួយ។ ដោយសារខ្ញុំបានស្រាវជ្រាវឃើញដោយខ្លួនឯង នោះខ្ញុំបានជឿជាក់ថានាមរបស់ព្រះគឺយេហូវ៉ា តែខ្ញុំឆ្ងល់ថាតើមានអ្វីទៀតដែលខ្ញុំមិនបានដឹង?»។ មិនយូរប៉ុន្មាន ស្ត្រីនោះនិងអនាគតប្ដីរបស់គាត់បានចាប់ផ្ដើមសិក្សាគម្ពីរ ហើយក្រោយមកពួកគាត់បានទទួលការជ្រមុជទឹក។
ពេលយើងអានបទគម្ពីរដែលបានត្រូវជ្រើសរើសដោយយកចិត្តទុកដាក់ យើងមិនដឹងថាមនុស្សនឹងមានប្រតិកម្មយ៉ាងណាឡើយ
២២ បណ្ដាំរបស់ព្រះមានឫទ្ធានុភាពកែប្រែជីវិតរបស់មនុស្ស។ ពេលបុគ្គលម្នាក់អានគម្ពីរ គាត់អាចពង្រឹងជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ជំនឿនេះនឹងជំរុញគាត់ឲ្យអនុវត្តអ្វីដែលគាត់រៀន។ (សូមអាន ថែស្សាឡូនិចទី១ ២:១៣) សារក្នុងគម្ពីរមានឫទ្ធានុភាពខ្លាំងជាងអ្វីទាំងអស់ដែលយើងអាចនិយាយ។ ដូច្នេះ ចូរយើងតាំងចិត្តប្រើបណ្ដាំរបស់ព្រះឲ្យបានច្រើនបំផុតដែលយើងអាចធ្វើបានក្នុងកិច្ចបម្រើផ្សាយ។ បណ្ដាំរបស់ព្រះមានជីវិតរស់នៅ!
a បារកូដនេះគឺជាយីហោផ្លូវការរបស់សាជីវកម្មដេនសូវេល។