ចូរប្រើខិត្តប័ណ្ណដើម្បីផ្សាយដំណឹងល្អ
១. តើរាស្ត្ររបស់ព្រះបានប្រើខិត្តប័ណ្ណតាមរបៀបណា?
១ តាំងពីយូរមកហើយ រាស្ត្ររបស់ព្រះយេហូវ៉ាបានប្រើខិត្តប័ណ្ណដែលមានមូលដ្ឋានលើគម្ពីរ។ នៅឆ្នាំ១៨៨០ ឆាល្សថេហ្ស រ៉ាសិលនិងគូកនរបស់គាត់ចាប់ផ្ដើមរៀបចំខិត្តប័ណ្ណនៃនិស្សិតគម្ពីរ ជាភាសាអង់គ្លេស ហើយខិត្តប័ណ្ណទាំងនេះត្រូវបានផ្ដល់ឲ្យដល់អ្នកអានទស្សនាវដ្ដីប៉មយាមដើម្បីពួកគាត់អាចចែកចាយដល់សាធារណជន។ រាស្ត្ររបស់ព្រះបានចាត់ទុកថាខិត្តប័ណ្ណគឺសំខាន់ណាស់។ ហេតុនេះហើយ នៅឆ្នាំ១៨៨៤ ពេលឆាល្សថេហ្ស រ៉ាសិលចុះបញ្ជីសាជីវកម្មតាមច្បាប់ដែលមិនរកប្រាក់ចំណេញក្នុងគោលបំណងធ្វើឲ្យកិច្ចការរាជាណាចក្រជឿនទៅមុខ គាត់បានប្រើពាក្យ«ខិត្តប័ណ្ណ»ក្នុងឈ្មោះនៃសាជីវកម្មនោះ ពោលគឺសមាគមប៉មយាមខាងខិត្តប័ណ្ណនៃភ្នំស៊ីយ៉ូន តែឥឡូវមានឈ្មោះថាសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី។ នៅឆ្នាំ១៩១៨ និស្សិតគម្ពីរបានចែកចាយខិត្តប័ណ្ណអស់ជាង៣០០លាន។ ខិត្តប័ណ្ណនៅតែជាឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ។
២. ហេតុអ្វីខិត្តប័ណ្ណមានប្រសិទ្ធភាព?
២ ហេតុអ្វីខិត្តប័ណ្ណមានប្រសិទ្ធភាព? ខិត្តប័ណ្ណមានពណ៌ស្រស់ល្អ ហើយទាក់ភ្នែក។ ក្នុងនោះមានព័ត៌មានយ៉ាងសង្ខេបដែលគួរជាទីចាប់អារម្មណ៍និងមានប្រយោជន៍។ ខិត្តប័ណ្ណអាចទាក់ទាញចិត្តម្ចាស់ផ្ទះដែលមិនចូលចិត្តអានទស្សនាវដ្ដី ឬសៀវភៅ។ សូម្បីតែក្មេងឬអ្នកផ្សាយថ្មីក៏ងាយស្រួលក្នុងការស្នើផ្ដល់ខិត្តប័ណ្ណដែរ។ បន្ថែមទៀត ខិត្តប័ណ្ណមានទំហំតូចដែលងាយយកតាមខ្លួន។
៣. សូមប្រាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន ឬដែលមានក្នុងសៀវភៅរបស់អង្គការយើងដែលបញ្ជាក់ពីសារ:សំខាន់នៃខិត្តប័ណ្ណ។
៣ បងប្អូនជាច្រើននាក់បានរៀនសេចក្ដីពិតតាមរយ:ខិត្តប័ណ្ណ។ ជាឧទាហរណ៍ ស្ត្រីម្នាក់នៅប្រទេសហៃទីបានឃើញខិត្តប័ណ្ណរបស់យើងមួយនៅលើផ្លូវ។ នាងបានរើសហើយអាន រួចលាន់មាត់ថា«ខ្ញុំរកឃើញសេចក្ដីពិតហើយ!»។ នៅទីបំផុត នាងបានទៅសាលប្រជុំ ចាប់ផ្ដើមសិក្សាគម្ពីរ ហើយទទួលការជ្រមុជទឹក។ ទាំងអស់នេះបានកើតឡើងដោយសារឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះដែលមានក្នុងខិត្តប័ណ្ណ។
៤. នៅខែដែលយើងស្នើផ្ដល់ខិត្តប័ណ្ណ តើយើងមានគោលដៅអ្វី?
៤ ពីផ្ទះមួយទៅផ្ទះមួយ: ដោយហេតុថាខិត្តប័ណ្ណជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ នោះម្ដងម្កាលខិត្តប័ណ្ណនឹងត្រូវស្នើផ្ដល់តាមខែដែលបានកំណត់ ចាប់ផ្ដើមពីខែវិច្ឆិកា។ គោលដៅរបស់យើងមិនមែនគ្រាន់តែចែកខិត្តប័ណ្ណដល់ម្ចាស់ផ្ទះដែលព្រមទទួលប៉ុណ្ណោះទេ តែយើងប្រើខិត្តប័ណ្ណដើម្បីចាប់ផ្ដើមការពិភាក្សា។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍នៅពេលជួបដំបូង ឬនៅពេលត្រឡប់ទៅជួប យើងអាចបង្ហាញវិធីសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅសិក្សាផ្សេងទៀត។ តើយើងអាចស្នើផ្ដល់ខិត្តប័ណ្ណពីផ្ទះមួយទៅផ្ទះមួយតាមរបៀបណា? ខិត្តប័ណ្ណនីមួយៗខុសគ្នា ដូច្នេះ យើងត្រូវអានហើយយល់ឲ្យបានច្បាស់ពីខិត្តប័ណ្ណដែលយើងកំពុងស្នើផ្ដល់។
៥. តើយើងអាចស្នើផ្ដល់ខិត្តប័ណ្ណពីផ្ទះមួយទៅផ្ទះមួយយ៉ាងដូចម្ដេច?
៥ ពាក្យផ្ដើមរបស់យើងគួរតែសមស្របតាមតំបន់ផ្សាយនិងខិត្តប័ណ្ណដែលយើងកំពុងប្រើ។ យើងអាចចាប់ផ្ដើមពិភាក្សាដោយជូនខិត្តប័ណ្ណដល់ម្ចាស់ផ្ទះ។ ទំព័រទី១ដ៏ជាទីទាក់ទាញចិត្តអាចធ្វើឲ្យគេចាប់អារម្មណ៍។ យើងអាចបង្ហាញខិត្តប័ណ្ណពីរបី ឲ្យម្ចាស់ផ្ទះជ្រើសរើសអ្វីដែលគាត់ចង់ដឹង។ ពេលផ្សាយនៅតំបន់ដែលមនុស្សស្ទាក់ស្ទើរក្នុងការបើកទ្វារ យើងអាចបង្ហាញទំព័រទី១ឲ្យគាត់ឃើញ ឬមួយក៏សុំស៊កខិត្តប័ណ្ណក្រោមទ្វារ ហើយសុំគាត់ឲ្យបញ្ចេញយោបល់។ បើចំណងជើងខិត្តប័ណ្ណជាសំណួរ យើងអាចប្រើសំណួរនោះដើម្បីដឹងអំពីទស្សនៈរបស់គាត់ ឬយើងអាចរៀបជាសំណួរមួយដែលនឹងធ្វើឲ្យគាត់ចាប់អារម្មណ៍ហើយចាប់ផ្ដើមការពិភាក្សា។ យើងអាចអានមួយផ្នែកក្នុងខិត្តប័ណ្ណជាមួយម្ចាស់ផ្ទះ ហើយផ្អាកនៅកន្លែងដែលមានសំណួរ រួចមកអញ្ជើញម្ចាស់ផ្ទះឲ្យបញ្ចេញយោបល់។ សូមអានបទគម្ពីរសំខាន់ៗពីគម្ពីរ។ បន្ទាប់ពីបានពិចារណាព័ត៌មានខ្លះៗហើយ យើងអាចបញ្ចប់ការសន្ទនានិងរៀបចំការណាត់ជួប។ ជាធម្មតាពេលបងប្អូនមិនជួបម្ចាស់ផ្ទះ ពួកគាត់ទុកសៀវភៅឲ្យម្ចាស់ផ្ទះ ដូចគ្នាដែរយើងក៏អាចទុកខិត្តប័ណ្ណជូនម្ចាស់ផ្ទះនៅកន្លែងដែលអ្នកឯទៀតមិនឃើញ។
៦. ពេលផ្សព្វផ្សាយតាមផ្លូវ តើយើងអាចប្រើខិត្តប័ណ្ណយ៉ាងដូចម្ដេច?
៦ តើអ្នកបានជូនខិត្តប័ណ្ណដល់មនុស្សដែលដើរតាមផ្លូវពេលអ្នកកំពុងផ្សព្វផ្សាយឬទេ? អ្នកខ្លះប្រញាប់ប្រញាល់ហើយមិនចង់ឈប់ដើម្បីនិយាយជាមួយយើងទេ។ នេះជាហេតុដែលធ្វើឲ្យយើងពិបាកដឹងថាពួកគេចាប់អារម្មណ៍ឬក៏អត់។ ជាជាងជូនទស្សនាវដ្ដីលេខថ្មីដែលយើងមិនដឹងថាពួកគេនឹងអានឬក៏អត់នោះ សូមជូនខិត្តប័ណ្ណវិញ។ ដោយហេតុថា ទំព័រទី១នៃខិត្តប័ណ្ណទាក់ទាញចិត្តហើយព័ត៌មានក៏ខ្លី នេះអាចធ្វើឲ្យមនុស្សចង់អានពេលដែលពួកគេមានពេលពីរបីនាទី។ ប្រាកដហើយ បើពួកគេមិនប្រញាប់ប្រញាល់ពេកទេ យើងអាចពិភាក្សាព័ត៌មានខ្លះៗពីខិត្តប័ណ្ណ។
៧. សូមប្រាប់បទពិសោធន៍ដែលបង្ហាញអំពីរបៀបប្រើខិត្តប័ណ្ណពេលផ្សព្វផ្សាយក្រៅផ្លូវការ។
៧ ផ្សព្វផ្សាយក្រៅផ្លូវការ: ប្រើខិត្តប័ណ្ណងាយស្រួលក្នុងការផ្សព្វផ្សាយក្រៅផ្លូវការ។ បងប្រុសម្នាក់តែងតែដាក់ខិត្តប័ណ្ណមួយចំនួនក្នុងហោប៉ៅរបស់គាត់រាល់ពេលដែលគាត់ចេញពីផ្ទះ។ ពេលគាត់ជួបនរណាម្នាក់ដូចជាអ្នកលក់ក្នុងហាង គាត់គ្រាន់តែនិយាយថាចង់ឲ្យអ្វីមួយទុកអាន រួចជូនខិត្តប័ណ្ណដល់គេ។ ពេលដែលប្ដីប្រពន្ធមួយគូទៅដើរកម្សាន្តនៅទីក្រុងញូវយ៉ក ពួកគេដឹងថានឹងជួបមនុស្សពីប្រទេសផ្សេងៗ។ ដូច្នេះ ពួកគាត់បានយកកូនសៀវភៅដំណឹងល្អសម្រាប់មនុស្សគ្រប់សាសន៍ (Good News for People of All Nations) និងខិត្តប័ណ្ណមួយចំនួនដែលមានភាសាផ្សេងគ្នាទៅតាមខ្លួន។ ពេលពួកគាត់ឮនរណាម្នាក់និយាយភាសាផ្សេង ដូចជាអ្នកលក់តាមចិញ្ចើមថ្នល់ អ្នកអង្គុយជិតពួកគាត់នៅសួនច្បារ ឬក្នុងភោជនីយដ្ឋាន នោះពួកគាត់នឹងជូនខិត្តប័ណ្ណជាភាសាកំណើតរបស់អ្នកនោះ។
៨. តើតាមរបៀបណាដែលខិត្តប័ណ្ណប្រៀបដូចជាគ្រាប់ពូជ?
៨ ‹ចូរសាបព្រោះពូជរបស់អ្នក›: ខិត្តប័ណ្ណប្រៀបដូចជាគ្រាប់ពូជ។ កសិករម្នាក់ព្រាចគ្រាប់ពូជយ៉ាងច្រើន ពីព្រោះគាត់មិនដឹងថាគ្រាប់ពូជមួយណានឹងពន្លកហើយធំលូតលាស់ឡើងទេ។ តាមសាស្ដា ១១:៦ ចែងថា៖ «នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្ដី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង»។ ដូច្នេះ សូមឲ្យយើងបន្ត‹ផ្សាយចំណេះ› តាមរយ:ឧបករណ៍ដ៏មានប្រសិទ្ធភាពនេះ។—សុភ. ១៥:៧
[ឃ្លាអក្សរធំនៅទំព័រ៣]
ដោយសារខិត្តប័ណ្ណជាឧបករណ៍ផ្សាយដ៏មានប្រសិទ្ធភាព ដូច្នេះ ម្ដងម្កាលយើងនឹងស្នើផ្ដល់ខិត្តប័ណ្ណតាមខែដែលបានកំណត់ចាប់ផ្ដើមពីខែវិច្ឆិកា។