របៀបប្រើសៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង!
សៀវភៅស្តើងថ្មីបានត្រូវរៀបចំដើម្បីជួយយើងធ្វើការត្រឡប់ទៅជួបនិងចាប់ផ្ដើមបង្រៀនគម្ពីរ
១. នៅមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា ‹ចូររក្សាចិត្តរបស់អ្នក!› តើមានចេញសៀវភៅស្តើងថ្មីអ្វីដើម្បីជួយយើងឲ្យត្រឡប់ទៅជួបនិងចាប់ផ្ដើមបង្រៀនគម្ពីរ?
១ ក្នុងអំឡុងមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា ‹ចូររក្សាចិត្តរបស់អ្នក!› យើងមានចិត្តរំភើបដែលបានទទួលសៀវភៅស្តើងថ្មីដើម្បីជួយយើងឲ្យត្រឡប់ទៅជួបនិងចាប់ផ្ដើមបង្រៀនគម្ពីរ។ សៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! គឺស្រដៀងគ្នានឹងសៀវភៅស្តើងព្រះតម្រូវ។ សៀវភៅស្តើងថ្មីនេះជំនួសសៀវភៅស្តើងព្រះតម្រូវ ហើយមានមេរៀនខ្លីៗ។ នេះនឹងជួយយើងឲ្យមានប្រសិទ្ធភាពដើម្បីដឹកនាំការបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ។ សៀវភៅស្តើងព្រះតម្រូវ ពិគ្រោះនូវអ្វីដែលគ្រិស្តសាសនិកត្រូវធ្វើ ហើយអាចជាការពិបាកឲ្យសិស្សគម្ពីរថ្មីទទួលយកបាន។ ប៉ុន្តែ សៀវភៅស្តើងថ្មីនេះពិគ្រោះអំពីដំណឹងល្អដែលមានក្នុងគម្ពីរវិញ។—សកម្ម. ១៥:៣៥
២. ហេតុអ្វីសៀវភៅស្តើងដំណឹងល្អបានត្រូវរៀបចំឡើង?
២ ហេតុអ្វីសៀវភៅស្តើងនេះបានត្រូវរៀបចំឡើង? បងប្អូននៅទូទាំងពិភពលោកបានសុំឲ្យមានអ្វីដែលស្រួលជាងដើម្បីធ្វើឲ្យមនុស្សចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយអាចភ្ជាប់ទៅសៀវភៅព្រះគម្ពីរបង្រៀន ដែលជាសៀវភៅដ៏សំខាន់សម្រាប់បង្រៀនគម្ពីរ។ ពេលមនុស្សឃើញសៀវភៅក្រាស់ពួកគេខ្លាចមិនចង់អានទេ តែពេលឃើញសៀវភៅស្តើងពួកគេចង់សិក្សាគម្ពីរខ្លាំងជាង។ ម្យ៉ាងទៀត សៀវភៅស្តើងនេះងាយស្រួលបកប្រែជាភាសាច្រើនទៀត។
៣. តើសៀវភៅស្តើងនេះខុសគ្នាពីសៀវភៅសិក្សាឯទៀតយ៉ាងដូចម្ដេច?
៣ តើបានត្រូវរៀបចំដើម្បីអ្វី? សៀវភៅសិក្សាជាច្រើនរបស់យើងបានត្រូវសរសេរដើម្បីមនុស្សអាចអាននិងយល់សេចក្ដីពិត ទោះជាគ្មានអ្នកពន្យល់ក្ដី។ តែសៀវភៅស្តើងនេះខុសគ្នា។ នេះបានត្រូវរៀបចំឡើងដោយត្រូវការអ្នកបង្រៀន។ ដូច្នេះ ពេលស្នើផ្ដល់សៀវភៅស្តើងនេះដល់អ្នកណាម្នាក់ ជាការល្អបើអ្នកពិគ្រោះមួយឬពីរវគ្គសិន។ វគ្គនីមួយៗខ្លី ដូច្នេះបងប្អូនអាចពិគ្រោះជាមួយម្ចាស់ផ្ទះនៅមាត់ទ្វារផ្ទះឬនៅកន្លែងគាត់ធ្វើពាណិជ្ជកម្ម។ មេរៀនទី១គឺល្អដើម្បីចាប់ផ្ដើមនិយាយ។ តែយើងអាចចាប់ផ្ដើមបង្រៀនមេរៀនមួយណាក៏បានក្នុងសៀវភៅស្តើងនេះ។
៤. តើតាមរបៀបណាដែលសៀវភៅស្តើងនេះជួយយើងឲ្យបង្រៀនពីគម្ពីរតែម្ដង?
៤ សៀវភៅជាច្រើនរបស់យើង មានសំណួរស្រាប់ដែលអាចរកឃើញចម្លើយក្នុងវគ្គ។ ប៉ុន្តែ ក្នុងសៀវភៅស្តើងនេះ ចម្លើយភាគច្រើនគឺមកពីគម្ពីរ។ មនុស្សភាគច្រើនចង់រៀនពីគម្ពីរជាជាងពីសៀវភៅ។ ក្នុងវគ្គនីមួយៗស្ទើរតែគ្មានពាក្យណាដែលបានត្រូវដកស្រង់ចេញពីបទគម្ពីរទេ។ ដូច្នេះហើយ ពួកគេត្រូវអានពីគម្ពីរតែម្ដង។ នេះជួយសិស្សឲ្យជឿជាក់ថា អ្វីដែលពួកគេកំពុងរៀនគឺមកពីព្រះ។—អេ. ៥៤:១៣
៥. ហេតុអ្វីជាការសំខាន់ដែលអ្នកបង្រៀនត្រូវរៀបចំឲ្យបានល្អសម្រាប់ការបង្រៀននីមួយៗ?
៥ សៀវភៅស្តើងនេះមិនបានពន្យល់នូវបទគម្ពីរទាំងអស់ទេ។ ហេតុអ្វី? នេះបានត្រូវរៀបចំឡើងដើម្បីជំរុញឲ្យសិស្សចេះសួរសំណួរ និងដើម្បីឲ្យអ្នកបង្រៀនចេះបង្រៀនសិស្សដោយប៉ិនប្រសប់។ ដូច្នេះ ជាការសំខាន់ដែលត្រូវរៀបចំឲ្យបានល្អសម្រាប់ការបង្រៀននីមួយៗ។ តែសូមប្រយ័ត្នពាក្យសម្ដី: កុំនិយាយច្រើនពេក។ យើងចូលចិត្តពន្យល់បទគម្ពីរ។ តែជាការប្រសើរជាង បើយើងសុំឲ្យសិស្សពន្យល់អត្ថន័យបទគម្ពីរឲ្យយើងវិញ។ ដោយប្រើសំណួរយ៉ាងប៉ិនប្រសប់ យើងអាចជួយសិស្សឲ្យចេះវែកញែកអត្ថន័យនៃបទគម្ពីរនីមួយៗ។—សកម្ម. ១៧:២
៦. តើតាមរបៀបណាដែលយើងអាចប្រើសៀវភៅស្តើងនេះ : (ក) នៅតំបន់ដែលមនុស្សមិនជឿថាមានព្រះនិងមានការសង្ស័យទៅលើគម្ពីរ? (ខ) ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ? (គ) ដើម្បីរកសិស្សគម្ពីរថ្មីដោយសួរត្រង់ៗ? (ឃ) ពេលត្រឡប់ទៅជួប?
៦ ដូចសៀវភៅផ្សេងទៀតសម្រាប់ដឹកនាំការសិក្សាគម្ពីរ យើងអាចស្នើផ្ដល់សៀវភៅស្តើងនេះបានគ្រប់ពេល ទោះជាមានសៀវភៅដែលបានត្រូវស្នើផ្ដល់ក្នុងខែនីមួយៗក្ដី។ បងប្អូនជាច្រើននឹងមានចិត្តរីករាយក្នុងការប្រើសៀវភៅស្តើងនេះដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ។ ម្យ៉ាងទៀត ដូចបានជម្រាបនៅមហាសន្និបាតប្រចាំតំបន់ យើងប្រើសៀវភៅស្តើងនេះពេលយើងត្រឡប់ទៅជួបអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ នោះ«ពិតជាធ្វើឲ្យការត្រឡប់ទៅជួបជាអ្វីដែលគួរឲ្យរំភើបចិត្តមែន!» (សូមមើលប្រអប់នៅទំព័រទី៥-៧)។
៧. តើអ្នកអាចដឹកនាំការសិក្សាគម្ពីរដោយប្រើសៀវភៅស្តើងនេះយ៉ាងដូចម្ដេច?
៧ របៀបដឹកនាំការសិក្សា: យើងអាចចាប់ផ្ដើមការពិគ្រោះដោយអានសំណួរជាអក្សរដិត។ បន្ទាប់មក សូមអានវគ្គនិងបទគម្ពីរជាអក្សរទ្រេត។ ប្រើសំណួរដោយប៉ិនប្រសប់ដើម្បីជួយម្ចាស់ផ្ទះឲ្យយល់អត្ថន័យបទគម្ពីរ។ មុនពេលចូលមេរៀនបន្ទាប់ សូមឲ្យម្ចាស់ផ្ទះឆ្លើយសំណួរជាអក្សរដិត ដើម្បីប្រាកដថាគាត់យល់ច្បាស់។ ពេលយើងត្រឡប់ទៅជួបពីរបីលើកដំបូង ជាការល្អបំផុត បើពិគ្រោះជាមួយគ្នានូវសំណួរមួយជាអក្សរដិត។ ក្រោយមក យើងប្រហែលជាអាចពិគ្រោះជាមួយគាត់យូរជាងដើម្បីបញ្ចប់មេរៀនទាំងមូល។
៨. មុនអានបទគម្ពីរ តើយើងគួរធ្វើអ្វី? ហើយហេតុអ្វី?
៨ មុនបទគម្ពីរមានពាក្យថា«សូមអាន» ភាគច្រើនជាបទគម្ពីរដែលឆ្លើយសំណួរជាអក្សរដិត។ មុនអានបទគម្ពីរ សូមជៀសវាងនិយាយថា៖ «សាវ័កប៉ូលបានសរសេរថា» ឬ«សូមកត់សម្គាល់អ្វីដែលយេរេមាបានប្រាប់ទុកជាមុន»។ ម្ចាស់ផ្ទះប្រហែលជាគិតថា យើងគ្រាន់តែអានពាក្យរបស់មនុស្សប៉ុណ្ណោះ។ ជាការប្រសើរជាង បើនិយាយថា៖ «បណ្ដាំរបស់ព្រះចែងថា» ឬ«សូមកត់សម្គាល់អ្វីដែលគម្ពីរបានប្រាប់ទុកជាមុន»។
៩. តើយើងគួរអានបទគម្ពីរទាំងអស់អំឡុងពេលបង្រៀនគម្ពីរឬទេ?
៩ តើយើងគួរអានបទគម្ពីរទាំងអស់ឬអានតែបទគម្ពីរដែលមានពាក្យថា«សូមអាន»? នោះអាស្រ័យទៅលើកាលៈទេសៈរបស់សិស្ស។ បទគម្ពីរទាំងអស់ដែលមានក្នុងសៀវភៅស្តើងបានត្រូវដាក់ដោយមានមូលហេតុ។ បទគម្ពីរនីមួយៗមានព័ត៌មានដែលយើងគួរលើកយកមកពិគ្រោះ។ តែក្នុងករណីខ្លះ សិស្សគ្មានពេលគ្រប់គ្រាន់ មិនសូវមានចំណាប់អារម្មណ៍ ឬមិនសូវចេះអាន។ ដូច្នេះយើងអាចសូមគាត់អានតែបទគម្ពីរណាដែលមានពាក្យ«សូមអាន»ប៉ុណ្ណោះ។
១០. តើនៅពេលណាដែលយើងអាចប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនវិញ?
១០ ពេលដែលត្រូវប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀន: ក្រោយពេលយើងបានសិក្សាជាមួយគ្នាជាទៀងទាត់អស់មួយរយៈពេលហើយ នោះយើងអាចប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀន ឬបន្តរៀនសៀវភៅស្តើងដំណឹងល្អ រហូតដល់ចប់។ អ្នកផ្សាយអាចពិចារណាថាពេលណាត្រូវប្ដូរសៀវភៅ។ ពេលយើងប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនហើយ តើយើងត្រូវចាប់ផ្ដើមបង្រៀនពីមេរៀនទី១ឬ? គ្មានច្បាប់ស្តីអំពីរឿងនេះទេ។ សិស្សគម្ពីរម្នាក់ៗខុសៗគ្នា។ ទោះជាយ៉ាងក្ដី សិស្សភាគច្រើននឹងទទួលប្រយោជន៍ដោយសិក្សាមេរៀនដដែលម្ដងទៀតដែលរៀបរាប់យ៉ាងល្អិតល្អន់ជាងក្នុងសៀវភៅព្រះគម្ពីរបង្រៀន។
១១. ហេតុអ្វីយើងគួរប្រើសៀវភៅស្តើងថ្មីនេះដោយមានប្រសិទ្ធភាព?
១១ ក្នុងពិភពលោកដែលកម្រឮដំណឹងល្អ យើងមានឯកសិទ្ធិធំណាស់ក្នុងការប្រកាសប្រាប់ដំណឹងដ៏ល្អបំផុត ពោលគឺការគ្រប់គ្រងរបស់រាជាណាចក្រព្រះ ហើយមិនយូរទៀតរាជាណាចក្រនោះនឹងនាំមកនូវពិភពលោកថ្មី ហើយទីនោះសេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប! (ម៉ាថ. ២៤:១៤; ២ពេ. ៣:១៣) យើងជឿជាក់ថា មនុស្សជាច្រើនដែលឮដំណឹងល្អនេះយល់ព្រមនឹងពាក្យដែលព្រះបានដឹកនាំឲ្យសរសេរថា៖ «អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា៖ ‹ព្រះនៃឯងទ្រង់សោយរាជ្យ!›»។ (អេ. ៥២:៧) សូមឲ្យយើងប្រើសៀវភៅស្តើងថ្មីនេះដើម្បីប្រាប់ដំណឹងល្អពីព្រះដល់អ្នកដែលស្រេកឃ្លានសេចក្ដីពិតក្នុងតំបន់ផ្សាយរបស់យើង!
[ប្រអប់នៅទំព័រ៥]
នៅតំបន់ដែលមនុស្សមិនជឿថាមានព្រះនិងមានការសង្ស័យទៅលើគម្ពីរ:
● នៅតំបន់ខ្លះ អ្នកផ្សាយឃើញថាពាក្យ«ព្រះ»និង«គម្ពីរ»ជាពាក្យដែលអាចរារាំងការសន្ទនា។ ក្នុងករណីនោះ ពេលត្រឡប់ទៅជួបលើកដំបូង ជាការល្អបំផុតបើយើងពិគ្រោះចំណុចដែលមនុស្សក្នុងតំបន់តែងព្រួយបារម្ភដូចជា ការត្រូវការអ្នកគ្រប់គ្រងល្អ របៀបស្វែងរកឱវាទសម្រាប់ក្រុមគ្រួសារ និងអំពីអនាគតរបស់ខ្លួន។ យើងប្រហែលជាអាចបង្ហាញសៀវភៅស្តើងដំណឹងល្អ បន្ទាប់ពីយើងបាននិយាយពីរបីដងជាមួយម្ចាស់ផ្ទះអំពីរបៀបដែលយើងដឹងថាពិតជាមានព្រះ និងមូលហេតុដែលយើងអាចទុកចិត្តគម្ពីរ។
[ប្រអប់នៅទំព័រ៦]
ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ:
● «ខ្ញុំមកលេងដើម្បីបង្ហាញនូវវិធីដ៏ងាយស្រួលដែលយើងអាចស្វែងយល់អំពីអ្វីដែលព្រះបានរៀបចំសម្រាប់អនាគតរបស់មនុស្សជាតិ។ លោកអ្នកធ្លាប់ឆ្ងល់ទេ តើព្រះនឹងបំបាត់ទុក្ខវេទនារបស់យើងឬអត់? [ទុកឲ្យគេឆ្លើយ] សៀវភៅស្តើងនេះប្រាប់លោកអ្នកនូវបទគម្ពីរដែលអាចឆ្លើយសំណួរនោះ។ [ជូនសៀវភៅស្តើងទៅគាត់ ហើយអានវគ្គ១ក្នុងមេរៀនទី១ និងយេរេមា ២៩:១១] ដូចអ្វីដែលយើងបានអាន តើលោកអ្នកគិតថានេះសមហេតុផលទេ ដែលព្រះចង់ឲ្យយើងមានអនាគតដ៏ល្អជាង? [ទុកឲ្យគេឆ្លើយ] បើចូលចិត្ត លោកអ្នកអាចទទួលមួយក្បាលបាន។ ពេលក្រោយ យើងអាចពិគ្រោះវគ្គ២បន្តទៀត ដើម្បីរកចម្លើយពីគម្ពីរចំពោះសំណួរនេះថា ‹តើលោកនឹងបំបាត់ចោលនូវដើមហេតុដែលបណ្ដាលឲ្យមនុស្សរងទុក្ខវេទនាយ៉ាងដូចម្ដេច?›»។ ពេលត្រឡប់ទៅជួបលើកដំបូង បើម្ចាស់ផ្ទះមានពេលច្រើនជាង យើងអាចអាននិងពិគ្រោះវគ្គ២ ហើយអានបទគម្ពីរទាំងបីនោះដែរ។ ណាត់ទៅជួបវិញដើម្បីពិគ្រោះសំណួរទី២ក្នុងមេរៀននោះ។
● «មនុស្សជាច្រើនចូលចិត្តអធិដ្ឋាន ជាពិសេសពេលដែលពួកគេមានបញ្ហា។ ជួនកាល តើលោកអ្នកអធិដ្ឋានទេ? [ទុកឲ្យគេឆ្លើយ] តើលោកអ្នកគិតថា ព្រះស្ដាប់សេចក្ដីអធិដ្ឋានទាំងអស់ ឬក៏មានសេចក្ដីអធិដ្ឋានខ្លះដែលលោកមិនពេញចិត្ត? [ទុកឲ្យគេឆ្លើយ] ខ្ញុំមានសៀវភៅស្តើងមួយដែលបង្ហាញចម្លើយក្នុងគម្ពីរចំពោះសំណួរទាំងនោះ។ [ជូនសៀវភៅស្តើងដល់គាត់ ហើយពិគ្រោះវគ្គ១ក្នុងមេរៀនទី១២ និងអានបទគម្ពីរដែលមានពាក្យ«សូមអាន»] នេះអស្ចារ្យណាស់ដែលព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង មែនទេ? ប៉ុន្តែ ដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីសេចក្ដីអធិដ្ឋាន យើងត្រូវស្គាល់ព្រះឲ្យបានច្បាស់។ [បើកមេរៀនទី២ ហើយចង្អុលចំណងជើងតូចៗ] បើចង់ដឹង ខ្ញុំជូនសៀវភៅស្តើងនេះ ហើយនៅពេលក្រោយយើងអាចអានចម្លើយពីគម្ពីរចំពោះសំណួរដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ»។
● «ខ្ញុំមកលេងដើម្បីជួបអ្នកដែលមានការព្រួយបារម្ភអំពីស្ថានភាពក្នុងពិភពលោក។ តើលោកអ្នកគិតថា នឹងមានស្ថានភាពល្អប្រសើរជាងនេះទេ? [ទុកឲ្យគេឆ្លើយ] មនុស្សជាច្រើនបានភ្ញាក់ផ្អើលដោយដឹងថា ក្នុងគម្ពីរមានដំណឹងល្អដែលអាចជួយយើងឲ្យមានសេចក្ដីសង្ឃឹម។ ក្នុងសៀវភៅនេះមានសំណួរខ្លះដែលមានចម្លើយពីគម្ពីរ»។ ជូនសៀវភៅស្តើងដល់គាត់ ហើយឲ្យគាត់ជ្រើសរើសសំណួរមួយដែលគាត់ចាប់អារម្មណ៍បំផុតពីខ្នងសៀវភៅស្តើង។ បន្ទាប់មក បើកមេរៀន ហើយបង្ហាញរបៀបសិក្សាគម្ពីរ។ សូមណាត់ពេលទៅជួប ហើយពិគ្រោះសំណួរបន្ទាប់ក្នុងមេរៀននោះ។
[ប្រអប់នៅទំព័រ៧]
សាកល្បងសួរដោយត្រង់ៗ:
● «ខ្ញុំមកលេងមួយភ្លែតដើម្បីប្រាប់លោកអ្នកអំពីវគ្គសិក្សាគម្ពីរថ្មីមួយ។ សៀវភៅស្តើងនេះមាន១៥មេរៀន ដែលជួយលោកអ្នកឲ្យរកចម្លើយចំពោះសំណួរសំខាន់ៗក្នុងគម្ពីររបស់លោកអ្នក។ [បង្ហាញគាត់ក្របមុខនិងខ្នងសៀវភៅស្តើង] តើលោកអ្នកធ្លាប់យល់ព័ត៌មានក្នុងគម្ពីរទេ? [ទុកឲ្យគេឆ្លើយ] ខ្ញុំសូមបង្ហាញលោកអ្នកឲ្យឃើញថា មេរៀនក្នុងសៀវភៅនេះគឺស្រួលយល់យ៉ាងណា។ [ពិគ្រោះវគ្គ១នៃសំណួរទី៣ក្នុងមេរៀនទី៣ ហើយអានការបើកបង្ហាញ ២១:៤, ៥។ បើកាលៈទេសៈអនុញ្ញាត សូមពិគ្រោះវគ្គបន្ទាប់ និងបទគម្ពីរដែលមានពាក្យ«សូមអាន»] បើចង់ដឹង ខ្ញុំជូនសៀវភៅស្តើងនេះ។ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យសាកល្បងរៀនគម្ពីរយ៉ាងហោចណាស់ម្ដង។ បើពេញចិត្ត អាចបន្តរៀនទៀត។ លើកក្រោយ យើងអាចពិគ្រោះមេរៀនទី១។ សូមកត់សម្គាល់ថានេះគ្រាន់តែមួយទំព័រប៉ុណ្ណោះ»។
[ប្រអប់នៅទំព័រ៧]
បង្ហាញរបៀបសិក្សាពេលត្រឡប់ទៅជួប:
● ពេលត្រឡប់ទៅជួបអ្នកណាម្នាក់ដែលបានបង្ហាញចំណាប់អារម្មណ៍ យើងអាចនិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលជួបលោកអ្នកម្ដងទៀត។ ខ្ញុំយកសៀវភៅនេះដែលប្រាប់ចម្លើយពីគម្ពីរចំពោះសំណួរជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។ [ជូនសៀវភៅស្តើងមួយដល់គាត់ ហើយសូមគាត់ឲ្យមើលខ្នងសៀវភៅ] តើសំណួរមួយណាដែលលោកអ្នកចាប់អារម្មណ៍ខ្លាំងបំផុត? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មកបើកមេរៀនដែលគាត់បានជ្រើសរើស] ខ្ញុំសូមបង្ហាញលោកអ្នករបៀបដែលយើងអាចប្រើសៀវភៅនេះដើម្បីរកចម្លើយពីគម្ពីរ»។ បង្ហាញរបៀបរៀនដោយពិគ្រោះមួយឬពីរវគ្គ និងបទគម្ពីរដែលមានពាក្យ«សូមអាន»។ នេះជាការបង្រៀនគម្ពីរហើយ! ទុកសៀវភៅស្តើងដល់ម្ចាស់ផ្ទះ ហើយណាត់ពេលទៅជួបវិញ។ ពេលចប់មេរៀនមួយ អ្នកអាចពិគ្រោះមេរៀនដែលម្ចាស់ផ្ទះបានជ្រើសរើស ឬចាប់ផ្ដើមពីមេរៀនទី១។