ការបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ
១. តើសៀវភៅស្តើងដំណឹងល្អបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
១ ដូចបានពិគ្រោះក្នុងឯកសារកិច្ចបម្រើព្រះខែកក្កដាកន្លងមកហើយ បានបញ្ជាក់អំពីឧបករណ៍ជំនួយផ្សេងៗសម្រាប់បង្រៀនគម្ពីរ ក្នុងនោះមានជំនួយសិក្សាសំខាន់មួយ គឺសៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! សៀវភៅស្តើងនេះមានបទគម្ពីរដែលបានត្រូវសរសេរថាសូមអាន ដើម្បីឲ្យម្ចាស់ផ្ទះអាចអាននិងរៀនពីគម្ពីរតែម្ដង។ សៀវភៅសិក្សារបស់យើងជាច្រើនបានត្រូវរៀបចំឡើងដើម្បីឲ្យអ្នកអាន អាចរៀនដោយខ្លួនឯង។ ប៉ុន្តែ ចំពោះសៀវភៅស្តើងនេះវិញ បានត្រូវរៀបចំឡើងដើម្បីឲ្យអ្នកអានពិគ្រោះជាមួយនឹងអ្នកបង្រៀន។ ដូច្នេះ ពេលយើងស្នើផ្ដល់សៀវភៅស្តើងនេះ យើងគួរបង្ហាញម្ចាស់ផ្ទះនូវរបៀបរៀនគម្ពីរដើម្បីឲ្យគាត់ដឹងថា តើការរៀនដំណឹងល្អពីគម្ពីរធ្វើឲ្យគាត់រំភើបចិត្តខ្លាំងយ៉ាងណា។—ម៉ាថ. ១៣:៤៤
២. ពេលជួបម្ចាស់ផ្ទះលើកដំបូង តើអ្នកអាចប្រើសៀវភៅស្តើងដំណឹងល្អយ៉ាងដូចម្ដេច?
២ ពេលជួបម្ចាស់ផ្ទះលើកដំបូង: វិធីមួយ អ្នកអាចនិយាយថា៖ «ខ្ញុំមកទីនេះ ដោយសារមនុស្សជាច្រើនព្រួយបារម្ភនឹងអ្វីដែលកើតឡើងនៅថ្ងៃអនាគត។ តើអ្នកគិតថាស្ថានភាពអាក្រក់ដែលយើងឃើញនៅសព្វថ្ងៃនេះ នឹងល្អប្រសើរឡើងឬទេ? [ទុកឲ្យគាត់ឆ្លើយ] គម្ពីរមានដំណឹងល្អដែលអាចផ្ដល់សេចក្ដីសង្ឃឹមដល់យើង។ នេះជាសំណួរខ្លះដែលមានចម្លើយពីគម្ពីរ»។ ជូនសៀវភៅស្តើងនេះឲ្យម្ចាស់ផ្ទះ ហើយអញ្ជើញគាត់ជ្រើសរើសសំណួរមួយពីខ្នងសៀវភៅនេះ។ បន្ទាប់មកបង្ហាញគាត់នូវរបៀបរៀនគម្ពីរ ដោយអានវគ្គទី១ពីមេរៀននោះ។ វិធីមួយទៀត អ្នកអាចសួរម្ចាស់ផ្ទះនូវសំណួរមួយដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ ដែលមានមូលដ្ឋានលើមេរៀនដែលអ្នកបានជ្រើសរើស រួចមកបង្ហាញថាសៀវភៅស្តើងនេះអាចជួយគាត់រកឃើញចម្លើយក្នុងគម្ពីរ។ បើមេរៀននោះមានទាក់ទងនឹងវីដេអូណាមួយក្នុងគេហទំព័រjw.org អ្នកផ្សាយខ្លះបង្ហាញវីដេអូនោះឲ្យម្ចាស់ផ្ទះមើល ពេលដែលគាត់ផ្សព្វផ្សាយ។
៣. សូមពន្យល់អំពីវិធីបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ។
៣ វិធីបង្រៀនគម្ពីរដោយប្រើសៀវភៅនេះ: (១) សូមអានសំណួរជាអក្សរដិត ដើម្បីជួយម្ចាស់ផ្ទះឲ្យផ្ដោតអារម្មណ៍ទៅលើចំណុចសំខាន់។ (២) សូមអានវគ្គក្រោមសំណួរនោះ។ (៣) សូមអានបទគម្ពីរជាអក្សរទ្រេត ហើយសួរសំណួរដែលមិនធ្វើឲ្យម្ចាស់ផ្ទះទើសចិត្ត ដើម្បីជួយគាត់យល់ថាបទគម្ពីរនោះមានចម្លើយចំពោះសំណួរជាអក្សរដិតនោះ។ (៤) បើមានវគ្គមួយទៀតនៅក្រោមសំណួរនោះ សូមធ្វើតាមចំណុចទី២និងទី៣។ បើមានវីដេអូណាមួយដូចសំណួរនោះ ហើយអ្នកមិនទាន់បានបង្ហាញម្ចាស់ផ្ទះទេ សូមបង្ហាញនៅពេលណាក៏បានក្នុងអំឡុងការពិគ្រោះនោះ។ (៥) ចុងបញ្ចប់ សូមសួរម្ចាស់ផ្ទះនូវសំណួរជាអក្សរដិតដែលអ្នកទើបបានពិគ្រោះរួចហើយនោះម្ដងទៀត ដើម្បីឲ្យប្រាកដថាគាត់យល់ឬយ៉ាងណា។
៤. តើអ្វីនឹងជួយយើងឲ្យប្រើជំនួយសិក្សាដ៏មានតម្លៃនេះយ៉ាងប៉ិនប្រសប់?
៤ សូមស្គាល់ឲ្យបានច្បាស់នូវលក្ខណៈនៃសៀវភៅនេះដែលជាជំនួយសិក្សាដ៏មានតម្លៃ។ សូមប្រើវានៅគ្រប់ឱកាសដែលសមរម្យ។ រាល់លើកមុននឹងទៅបង្រៀន សូមគិតអំពីសិស្សគម្ពីរនោះ និងវិធីវែកញែកដែលល្អបំផុតសម្រាប់គាត់ ដោយប្រើបទគម្ពីរក្នុងមេរៀននោះ។ (សុភ. ១៥:២៨; សកម្ម. ១៧:២, ៣) កាលដែលអ្នកចេះបង្រៀនគម្ពីរដោយប្រើសៀវភៅនេះយ៉ាងប៉ិនប្រសប់ អ្នកអាចយល់ច្បាស់ថាសៀវភៅនេះជាជំនួយសិក្សាដែលគួរឲ្យចង់ប្រើ ក្នុងការបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត!