សូមទុកចិត្តលើព្រះយេហូវ៉ាបង្កើតឲ្យមានការលូតលាស់
១ «ខ្ញុំបានពិសោធជាលើកទីមួយនូវអំណរដ៏អស្ចារ្យ នៃការជួយបង្កើតក្រុមជំនុំថ្មីមួយ។ នេះបានពីការខំប្រឹងប្រែងអស់ជាងពីរឆ្នាំ ការអធិស្ឋានជាញឹកញាប់និងការទុកចិត្តដល់ព្រះយេហូវ៉ា ជាអ្នកដែល‹ធ្វើឲ្យមានការលូតលាស់› »។ នេះជាអ្វីដែលអ្នកត្រួសត្រាយពេញពេលដ៏យកចិត្តទុកដាក់ម្នាក់បានសរសេរមក ដែលបានដឹងនូវសេចក្ដីត្រូវការទុកចិត្តលើព្រះយេហូវ៉ាចំពោះការលូតលាស់។ (កូរិនថូសទី១ ៣:៥-៩) ក្នុងការស្វែងរកមនុស្សដែលមានការយកចិត្តទុកដាក់ខាងវិញ្ញាណ យើងក៏ត្រូវការសេចក្ដីគាំទ្រពីព្រះ ប្រសិនបើចង់ឲ្យកិច្ចបំរើរបស់យើងបង្កើតផល។—សុភាសិត ៣:៥, ៦
២ ការលូតលាស់ត្រូវការការបណ្ដុះ៖ ពូជនៃសេចក្ដីពិតត្រូវការបណ្ដុះ ប្រសិនបើចង់ឲ្យវាមានការលូតលាស់។ ការត្រឡប់ទៅជួបក្នុងរវាងមួយថ្ងៃឬពីរថ្ងៃក្រោយពីបានជួបដំបូងច្រើនតែបង្កើតលទ្ធផលល្អ។ សូមឲ្យមានចិត្តកក់ក្ដៅហើយរាក់ទាក់។ សូមធ្វើយ៉ាងណាឲ្យអ្នកដទៃមានចិត្តស្រួលនឹងយើង។ សូមកុំនិយាយតែខ្លួនឯងច្រើនពេក តែអនុញ្ញាតឲ្យគាត់ស្គាល់អ្នក ហើយធ្វើយ៉ាងណាដើម្បីសម្ដែងថា អ្នកមានចិត្តចាប់អារម្មណ៍នឹងគាត់ជាបុគ្គលម្នាក់។
៣ កំឡុងខែកក្កដានិងរហូតដល់ទៅខែសីហា យើងខំព្យាយាមផ្ដល់នូវសៀវភៅស្តើងគ្រប់បែបយ៉ាងទៅមនុស្សណាដែលយើងជួប។ ម្យ៉ាងទៀត យើងត្រូវការត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍ ហើយពិគ្រោះឧបករណ៍ដែលយើងបានឲ្យគេ។ យើងធ្វើនេះដោយផ្ដល់ការសិក្សាព្រះគម្ពីរ។ (ម៉ាថាយ ២៨:១៩, ២០) ដើម្បីនឹងសម្រេចបំណងនេះ សៀវភៅស្តើងតម្រូវ អាចប្រើបានក្នុងការចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ យោបល់ទាំងបួននេះ អាចមានប្រយោជន៍ចំពោះអ្នក។
៤ ប្រសិនបើអ្នកបាននិយាយជាមួយបុគ្គលណាម្នាក់ ដែលខ្វល់ខ្វាយអំពីស្ថានភាពដ៏ដុនដាបក្នុងពិភពលោកនេះ អ្នកអាចចាប់ផ្ដើមការសន្ទនាសាឡើងវិញដោយនិយាយថា៖
▪ «ខ្ញុំយល់ថាអ្នកខ្វល់ខ្វាយដូចខ្ញុំដែរ អំពីការចុះអាប់ឱនសីលធម៌ក្នុងសង្គមមនុស្ស។ យើងបានឮពត៌មានដ៏ឈឺចាប់នៃអំពើឃោរឃៅក្នុងគ្រួសារ ដែលធ្វើទុក្ខដល់កូនចៅ ឪពុកម្ដាយនិងប្ដីឬប្រពន្ធ។ ហើយមើលទៅ មនុស្សជាច្រើនកុហកឬក៏លួចតាមតែអំពើចិត្តរបស់ខ្លួន។ តើអ្នកគិតថារបៀបដែលយើងរស់នៅ ជាការសំខាន់ចំពោះព្រះឬទេ? [អនុញ្ញាតឲ្យឆ្លើយ]។ ព្រះបានស្ថាបនាខ្នាតគំរូខ្លះសំរាប់ឲ្យមនុស្សធ្វើតាម ហើយមិនមែនជាបន្ទុកដ៏ធ្ងន់ចំពោះយើងទេ»។ សូមអាន យ៉ូហានទី១ ៥:៣។ រួចមក ផ្ដល់សៀវភៅស្តើងតម្រូវ ហើយបើកទៅមេរៀនទី១០។ សូមអានវគ្គទីមួយ។ សូមបង្ហាញនូវឃ្លាអក្សរជ្រៀងនៅដើមវគ្គ២-៦ ហើយសួរអ្នកផ្ទះថាតើការប្រព្រឹត្តមួយណាដែលគាត់គិតថាមានអន្តរាយទៅលើសង្គមជាងគេ។ សូមអានវគ្គដែលទាក់ទងរឿងនេះ ហើយអានបទគម្ពីរមួយឬពីរផង ក្នុងកាលដែលកាលៈទេសៈហុចឲ្យ។ សូមបញ្ចប់ដោយអានវគ្គ៧ ហើយណាត់ពេលវេលាដើម្បីត្រឡប់មកជួបវិញ ដើម្បីបន្តការពិគ្រោះទៀត។
៥ ចំពោះពួកមនុស្សដែលអ្នកបានជួបដែលខ្វល់ខ្វាយអំពីជីវភាពគ្រួសារ អ្នកប្រហែលអាចនិយាយបែបនេះថា៖
▪ «តើអ្នកគិតថា ជាការសមហេតុសមផលទេ ដែលថាអ្នកបង្កើតនឹងផ្ដល់ប្រដាប់ប្រដាដែលយើងត្រូវការ ដើម្បីកសាងជីវិតភាពគ្រួសារដ៏សប្បាយមួយនោះ»? [អនុញ្ញាតឲ្យឆ្លើយ]។ បង្ហាញសៀវភៅស្តើងតម្រូវ បើកទៅមេរៀនទី៨ ហើយពន្យល់ថាមានគោលការណ៍ពីព្រះគម្ពីរសំរាប់គ្រប់សមាជិកក្នុងគ្រួសារ។ សូមបង្ហាញនូវរបៀបដែលយើងប្រើសៀវភៅស្តើងជាមួយព្រះគម្ពីរ ដែលមានប្រយោជន៍ច្រើន។ សូមបង្រៀនតាមទំព័រ២ក្នុងសៀវភៅស្តើង។ សូមណាត់ពេលវេលាដើម្បីត្រឡប់មកជួបវិញ ដើម្បីបន្តការសិក្សារៀននោះ ឬបើអ្នកបានចប់ហើយ សូមរៀបចំមេរៀនមួយណាដែលអ្នកផ្ទះរើសពីសៀវភៅស្តើង។
៦ នេះជារបៀបត្រង់ៗតែម្ដងដែលអ្នកអាចប្រើដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ សូមបង្ហាញសៀវភៅស្តើង«តម្រូវ» ហើយនិយាយថា៖
▪ «សៀវភៅស្តើងនេះ មានមេរៀនដ៏ទូលំទូលាយដែលវែកញែកអំពីសេចក្ដីបង្រៀនដ៏សំខាន់ៗនៃព្រះគម្ពីរ។ ក្នុងទំព័រនិមួយៗ អ្នកនឹងរកឃើញចម្លើយចំពោះសំនួរដែលមនុស្សជាតិមិនអាចឆ្លើយរាប់សតវត្សមកហើយ។ ជាឧទាហរណ៍ តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី»? សូមបើកទៅមេរៀនទី៥ ហើយអានសំនួរពេលចាប់ផ្ដើមមេរៀន។ សួរអ្នកផ្ទះតើសំនួរមួយណាដែលគាត់ចាប់អារម្មណ៍ជាងគេ ហើយអានវគ្គដែលស្របនឹងសំនួរនោះ ដោយមើលបទគម្ពីរដែលទាក់ទងរឿងនោះ។ សូមពន្យល់ប្រាប់ថាចម្លើយដ៏ពេញចិត្តចំពោះសំនួរផ្សេងទៀត ក៏អាចរកឃើញយ៉ាងងាយដូចសំនួរនោះដែរ។ សូមប្រាប់ឲ្យដឹងថាអ្នកនឹងត្រឡប់មកម្ដងទៀត ដើម្បីពិគ្រោះសំនួរនិងចម្លើយមួយទៀត។
៧ ឬក៏អ្នកប្រហែលចង់ប្រើរបៀបស្រួល ក្នុងការចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ដោយនិយាយថា៖
▪ «តើអ្នកដឹងទេថា គ្រាន់តែចំណាយពេលតែពីរបីនាទី អ្នកអាចរកឃើញនូវចម្លើយអំពីសំនួរដ៏សំខាន់ៗនៃព្រះគម្ពីរ? ជាឧទាហរណ៍ . . . »។ ហើយសួរសំនួរដែលមាននៅដើមមេរៀនមួយក្នុងសៀវភៅស្តើង ដែលអ្នកគិតថានឹងចាប់អារម្មណ៍បុគ្គលនោះ។ បើចង់បានសំនួរខ្លះទៀតដែលអ្នកអាចប្រើ សូមមើលវគ្គ១៥និង១៦ ក្នុងខែមីនា ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង ដែលមានចំណងជើង៖ «ចូរមានចិត្តក្លាហានដើម្បីត្រឡប់ទៅជួបវិញ»។
៨ ការទទួលយកកិច្ចការត្រឡប់ទៅជួបវិញដោយសប្បាយរីករាយ និងការបង្រៀនព្រះគម្ពីរ គឺជាផ្នែកនៃ«អ្នកធ្វើការ»ជាមួយព្រះ។ (កូរិនថូសទី១ ៣:៩) កាលដែលយើងខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីបណ្ដុះការចាប់អារម្មណ៍ដែលយើងរកឃើញ ហើយទុកចិត្តលើព្រះយេហូវ៉ាបង្កើតឲ្យមានការលូតលាស់ នោះយើងនឹងមានការពិសោធដ៏ស្កប់ចិត្តដែលមិនអាចទទួលពីកិច្ចការឯណាទៀតបានឡើយ។