សៀវភៅស្តើងថ្មីនឹងត្រូវស្នើផ្ដល់!
១. តើយើងនឹងស្នើផ្ដល់សៀវភៅអ្វីក្នុងអំឡុងខែវិច្ឆិកា? ហើយតើសៀវភៅនេះបានត្រូវរៀបចំក្នុងគោលបំណងអ្វី?
១ ក្នុងឆ្នាំ២០០៩ មហាសន្និបាតប្រចាំតំបន់ដែលមានប្រធាន «ចូរចាំយាម!» បានចេញសៀវភៅស្តើងមួយ ដែលមានចំណងជើងថាគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ក្នុងអំឡុងខែវិច្ឆិកា ក្រុមជំនុំទាំងអស់ទូទាំងពិភពលោកនឹងស្នើផ្ដល់សៀវភៅស្តើងនេះជាលើកដំបូង។ តើមនុស្សក្នុងតំបន់ផ្សាយរបស់យើងនឹងទទួលប្រយោជន៍យ៉ាងណាពីសៀវភៅស្តើងថ្មីនេះ? មនុស្សភាគច្រើន ជាពិសេសអ្នកដែលមិនកាន់គ្រិស្តសាសនា ពួកគេមិនសូវស្គាល់គម្ពីរទេ។ ដូច្នេះហើយ នៅទំព័រទី៣នៃសៀវភៅស្តើងនេះពន្យល់ថា សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជួយអ្នកឲ្យ«យល់ត្រួសៗអំពីព័ត៌មានក្នុងគម្ពីរបរិសុទ្ធ»។
២. តើយើងអាចស្នើផ្ដល់សៀវភៅស្តើងថ្មីនេះតាមរបៀបណា?
២ របៀបស្នើផ្ដល់សៀវភៅស្តើងថ្មី: យើងអាចនិយាយដូចនេះថា «យើងចង់ដឹងគំនិតរបស់អ្នកស្តីអំពីអ្វីដែលចែងនៅក្នុងគម្ពីរបរិសុទ្ធនេះ។ [សូមអាន ធីម៉ូថេទី២ ៣:១៦] មនុស្សជាច្រើនយល់ស្របនឹងពាក្យទាំងនេះ ប៉ុន្តែមនុស្សឯទៀតគិតថាគម្ពីរគ្រាន់តែជាសៀវភៅរឿងល្អមើលតែប៉ុណ្ណោះ។ ចុះអ្នកវិញ តើអ្នកគិតយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? [ទុកឲ្យគេឆ្លើយ] ទោះជាយើងមានជំនឿសាសនាអ្វីក៏ដោយ មានមូលហេតុល្អជាច្រើនដែលយើងគួរពិចារណាគម្ពីរបរិសុទ្ធដោយខ្លួនឯង។ [សូមអានសេចក្ដីផ្ដើមដែលមាននៅទំព័រទី៣] ពេលអ្នកអានសៀវភៅស្តើងនេះដែលសង្ខេបយ៉ាងរស់រវើកនូវប្រធាននៃគម្ពីរបរិសុទ្ធ អ្នកនឹងឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍ពោលគឺ គម្ពីរមានប្រធាននិងសារតែមួយ»។
៣. ពេលផ្សព្វផ្សាយនៅតំបន់ដែលមនុស្សជាច្រើនមិនកាន់គ្រិស្តសាសនា តើយើងប្រហែលជាអាចប្រើពាក្យផ្សាយបែបណា?
៣ មានរបៀបនិយាយផ្សេងទៀត ជាពិសេសពេលផ្សព្វផ្សាយនៅកន្លែងដែលមនុស្សជាច្រើនមិនកាន់គ្រិស្តសាសនា។ យើងអាចនិយាយថា «យើងចង់ដឹងគំនិតរបស់អ្នកស្តីអំពីអ្វីដែលបានចែងនៅក្នុងគម្ពីរ (ឬក្នុងសៀវភៅបរិសុទ្ធនេះ)។ [សូមអាន ទំនុកតម្កើង ៣៧:១១] ពេលដែលទំនាយនេះបានសម្រេច តើអ្នកគិតថាផែនដីនឹងក្លាយទៅជាយ៉ាងណា? [ទុកឲ្យគេឆ្លើយ] នេះជាឧទាហរណ៍មួយដែលបង្ហាញពីសេចក្ដីសង្ឃឹមនិងការសម្រាលទុក្ខដែលមនុស្សទាំងអស់អាចទទួលបានពីគម្ពីរ មិនថាពួកគេមានវប្បធម៌និងជំនឿសាសនាអ្វីក៏ដោយ»។ សូមអានសេចក្ដីផ្ដើមដែលមាននៅទំព័រទី៣ ហើយស្នើផ្ដល់សៀវភៅស្តើងថ្មី។
៤. តើយើងអាចប្រើសៀវភៅស្តើងថ្មីដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរយ៉ាងដូចម្ដេច?
៤ ចាប់ផ្ដើមបង្រៀនគម្ពីរ: ពេលយើងត្រឡប់ទៅជួប យើងអាចរំលឹកម្ចាស់ផ្ទះអំពីការសន្ទនាដែលយើងបាននិយាយជាមួយគាត់ពីពេលមុន បន្ទាប់មកពិភាក្សាវគ្គមួយឬពីរអំពីប្រធានដែលយើងបានពិភាក្សាដោយប្រើសំណួរដែលមាននៅចុងមេរៀននោះ។ ឬក៏បើយើងចង់ប្រើសៀវភៅព្រះគម្ពីរបង្រៀនតែម្ដងក៏បាន។ យើងអាចអានជាមួយគាត់នូវទំព័រចុងក្រោយនៃសៀវភៅស្តើងថ្មី ក្រោយមកឲ្យសៀវភៅព្រះគម្ពីរបង្រៀនដល់គាត់ ដោយសូមឲ្យគាត់ជ្រើសរើសចំណងជើងជំពូកមួយណាដែលគាត់ចាប់អារម្មណ៍ ហើយពិភាក្សាវគ្គមួយឬពីរពីជំពូកនោះជាមួយគ្នា។ សូមឲ្យយើងទាំងអស់គ្នាខំប្រឹងស្នើផ្ដល់សៀវភៅស្តើងថ្មីក្នុងអំឡុងខែវិច្ឆិកានេះ!