ចូរប្រុងប្រៀបជានិច្ចដើម្បីស្នើសុំបង្រៀនគម្ពីរ
១. ដើម្បីធ្វើតាមបង្គាប់របស់លោកយេស៊ូនៅម៉ាថាយ ២៨:១៩, ២០ តើយើងត្រូវធ្វើអ្វី?
១ លោកយេស៊ូបានបង្គាប់យើងឲ្យ«ទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាម»លោក។ (ម៉ាថ. ២៨:១៩, ២០) ដូច្នេះ យើងចង់ប្រុងប្រៀបជានិច្ចដើម្បីស្នើសុំបង្រៀនគម្ពីរ មិនគ្រាន់តែនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យដែលក្រុមជំនុំបានកំណត់ជាពិសេសដើម្បីស្នើសុំបង្រៀនគម្ពីរនោះទេ។ យោបល់បន្តបន្ទាប់នេះប្រហែលជាអាចជួយយើងបាន។
២. តើយើងអាចស្នើសុំអ្នកណាខ្លះឲ្យរៀនគម្ពីរ?
២ ស្នើសុំបង្រៀនគម្ពីរ: ពេលយើងស្នើសុំបង្រៀនមនុស្សកាន់តែច្រើនអំពីគម្ពីរ នោះយើងក៏អាចមានឱកាសកាន់តែច្រើនដើម្បីមានសិស្សគម្ពីរដែរ។ (សាស្ដ. ១១:៦) តើអ្នកធ្លាប់ស្នើសុំម្ចាស់ផ្ទះឲ្យរៀនគម្ពីរដោយចំៗទេ? ក្រុមជំនុំមួយនៅសហរដ្ឋអាម៉េរិកបានព្យាយាមធ្វើដូច្នោះអស់រយៈពេលមួយខែ ហើយពួកគេបានសប្បាយចិត្តណាស់ ដោយបានរកសិស្សគម្ពីរថ្មីចំនួន៤២នាក់! ពេលដែលអ្នកជួបអ្នកចាប់អារម្មណ៍ អ្នកមិនត្រូវសន្និដ្ឋានថា «យើងមិនបាច់ស្នើសុំគាត់ឲ្យរៀនគម្ពីរទេ ពីព្រោះគាត់ដឹងហើយថា យើងជាអ្នកបង្រៀនគម្ពីរ ហើយបើគាត់ចង់រៀន គាត់នឹងសុំយើងដោយខ្លួនឯង»។ ពេលអ្នកត្រឡប់ទៅជួបគាត់ សូមស្នើសុំគាត់ឲ្យរៀនគម្ពីរ។ បើគាត់បដិសេធ នោះមិនជាអ្វីទេ។ អ្នកអាចបន្តព្យាយាមជួយគាត់ឲ្យមានចំណាប់អារម្មណ៍។ តើអ្នកធ្លាប់ស្នើសុំអ្នកជិតខាង ញាតិសន្ដាន អ្នករួមការងារ ឬមិត្តរួមថ្នាក់ឲ្យរៀនគម្ពីរជាមួយអ្នកទេ? អ្នកក៏អាចសួរសិស្សគម្ពីររបស់អ្នកថា តើគាត់មានមិត្តភក្ដិឬញាតិសន្ដានដែលចង់រៀនគម្ពីរឬមិនមាន។
៣. តើមានជំនួយដ៏ល្អអ្វីដែលយើងអាចប្រើ ពេលស្នើសុំបង្រៀនគម្ពីរ? តើយើងអាចប្រើនៅពេលណាខ្លះ?
៣ ជំនួយដ៏ល្អមួយ: ខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ជាជំនួយដ៏ល្អមួយក្នុងការស្នើសុំបង្រៀនគម្ពីរ។ អ្នកអាចជូនខិត្តប័ណ្ណនេះដល់ម្ចាស់ផ្ទះបាន ទោះជាពួកគេទទួលឬមិនទទួលសៀវភៅផ្សេងទៀតក៏ដោយ។ អ្នកអាចប្រើខិត្តប័ណ្ណនេះពេលដែលផ្សព្វផ្សាយនៅតំបន់ពាណិជ្ជកម្ម តាមរយៈសំបុត្រ នៅផ្លូវថ្នល់ ឬពេលដែលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ជាដើម។ ពេលអ្នកទៅផ្សារ ជិះរថឈ្នួល ឬទៅធ្វើការ សូមដាក់ខិត្តប័ណ្ណនេះតាមខ្លួន។ នៅទំព័រចុងក្រោយនៃខិត្តប័ណ្ណនោះមានការពន្យល់អំពីការរៀបចំសម្រាប់បង្រៀនគម្ពីរ ព្រមទាំងរៀបរាប់អំពីសៀវភៅព្រះគម្ពីរបង្រៀន។
៤. តើយើងអាចប្រើខិត្តប័ណ្ណសេចក្ដីពិតយ៉ាងដូចម្ដេច ដើម្បីស្នើសុំបង្រៀនគម្ពីរ?
៤ ក្រោយពីបានហុចខិត្តប័ណ្ណទៅអ្នកណាម្នាក់ហើយ អ្នកអាចចង្អុលសំណួរនៅទំព័រទី១ហើយសួរគាត់ថា «តើលោកអ្នកចាប់អារម្មណ៍សំណួរមួយណាជាងគេ?»។ រួចមក ពិភាក្សាជាមួយគ្នាអំពីចម្លើយចំពោះសំណួរនោះ ដែលមានក្នុងខិត្តប័ណ្ណ ហើយអានឬសង្ខេបព័ត៌មាននៅទំព័រចុងក្រោយ ដែលមានការពន្យល់អំពីការរៀបចំសម្រាប់បង្រៀនគម្ពីរ។ បន្ទាប់មក អ្នកអាចបង្ហាញគាត់នូវទំព័រដែលមានព័ត៌មានថែមទៀតអំពីប្រធាននោះ ក្នុងសៀវភៅព្រះគម្ពីរបង្រៀន ហើយជូនគាត់មួយក្បាល រួចណាត់ពេលត្រឡប់ទៅជួប ហើយពិភាក្សាជាមួយគាត់ម្ដងទៀត។
៥. ហេតុអ្វីយើងគួរប្រុងប្រៀបជានិច្ចដើម្បីស្នើសុំបង្រៀនគម្ពីរ?
៥ ក្នុងតំបន់ផ្សាយរបស់យើង នៅមានមនុស្សដែលស្រេកឃ្លានចំពោះចំណេះអំពីអ្វីដែលគម្ពីរពិតជាបង្រៀន។ បើយើងប្រុងប្រៀបជានិច្ចដើម្បីស្នើសុំបង្រៀនគម្ពីរ នោះយើងនឹងមានឱកាសកាន់តែច្រើន ដើម្បីជួយមនុស្សចាប់ផ្ដើមដើរតាមផ្លូវដែលនាំទៅឯជីវិត។—ម៉ាថ. ៧:១៣, ១៤