ការត្រឡប់ទៅជួបនាំឲ្យមានការសិក្សាព្រះគម្ពីរ
១ ព្រះយេស៊ូមិនគ្រាន់តែបានចាត់ពួកអ្នកកាន់តាមទ្រង់ឲ្យផ្សព្វផ្សាយប៉ុណ្ណោះទេ ក៏ប៉ុន្តែឲ្យ «បញ្ចុះបញ្ចូលឲ្យមានសិស្ស . . . ហើយបង្រៀន»។ (ម៉ាថ. ២៨:១៩, ២០) អ្នកផ្សព្វផ្សាយគឺជាអ្នកប្រកាសដំណឹងល្អ តែអ្នកបង្រៀនគឺធ្វើលើសពីនេះទៅទៀត។ គាត់ណែនាំ ពន្យល់និងបង្ហាញនូវភស្តុតាង។ វិធីមួយដែលយើងបង្រៀនអ្នកដទៃ គឺដោយត្រឡប់ទៅជួបអ្នកមានចំណាប់អារម្មណ៍ ដោយមានគោលដៅចង់ចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយពួកគេ។
២ តើអ្នកគួរតែត្រឡប់ទៅជួបអ្នកណា? ចូរឲ្យប្រាកដក្នុងចិត្តថាអ្នកបានត្រឡប់ទៅជួបមនុស្សទាំងអស់ដែលទទួលយកប្រកាសនវត្ថុ ឬក៏បង្ហាញនូវចំណាប់អារម្មណ៍តិចតួចនឹងដំណឹងល្អ។ ប្រសិនបើអ្នករកឃើញអ្នកចាប់អារម្មណ៍ពេលធ្វើបន្ទាល់តាមសាធារណៈ ចូរខំព្យាយាមសុំអាស័យដ្ឋានឬលេខទូរស័ព្ទរបស់គាត់ ដើម្បីអាចបណ្ដុះឲ្យមានការចាប់អារម្មណ៍ថែមទៀត។ ចូរមានគំនិតសុទិដ្ឋិនិយមអំពីការចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ ចូរបន្តខំស្វែងរកអស់អ្នកដែលព្រមសិក្សាព្រះគម្ពីរ នោះអ្នកប្រហែលជានឹងរកពួកគេឃើញជាពុំខាន។—ម៉ាថ. ១០:១១
៣ ចូរបង្ហាញនូវចំណាប់អារម្មណ៍: ការរៀបចំត្រឡប់ទៅជួបដែលមានប្រសិទ្ធភាព គឺចាប់ផ្ដើមនៅពេលជួបពួកគេជាលើកដំបូង។ អ្នកផ្សព្វផ្សាយដែលទទួលបានជោគជ័យ កត់សម្គាល់នូវអ្វីដែលម្ចាស់ផ្ទះចាប់អារម្មណ៍ ហើយពួកគេប្រើរឿងនេះជាមូលដ្ឋានចំពោះការពិគ្រោះជាបន្ត។ អ្នកខ្លះចាត់ទុកថាមានប្រយោជន៍ ក្នុងការលើកឡើងនូវសំនួរមួយពេលនិយាយជិតចប់ដើម្បីឲ្យម្ចាស់ផ្ទះមានការចាប់អារម្មណ៍ពេលយើងមកជួបនៅលើកក្រោយ។ ការចាប់អារម្មណ៍ដ៏ស្មោះចំពោះមនុស្ស ធ្វើឲ្យយើងខំបន្តគិតអំពីគេ សូម្បីតែក្រោយយើងបានចេញពីផ្ទះនោះ ហើយនេះជំរុញយើងឲ្យឆាប់ត្រឡប់ទៅជួបម្ដងទៀត។ បើអាចធ្វើទៅបាន ចូរខំត្រឡប់ទៅជួបពេលម្ចាស់ផ្ទះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប្រហែលជាក្នុងមួយថ្ងៃឬពីរថ្ងៃក្រោយ។
៤ ពេលត្រឡប់ទៅជួប ចូរខំព្យាយាមបន្តនូវអ្វីដែលអ្នកបានពិគ្រោះពីមុន។ ចូរអ្នកតាំងចិត្តដើម្បីប្រាប់នូវចំណុចមួយក្នុងព្រះគម្ពីរដែលលើកទឹកចិត្តពេលទៅជួបជារៀងរាល់ដង និងចូរខំយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលម្ចាស់ផ្ទះនិយាយ។ ចូរខំស្គាល់ម្ចាស់ផ្ទះឲ្យបានច្បាស់ជាង។ រួចមក ពេលត្រឡប់ទៅជួបជាបន្ទាប់ ចូរចែកប្រាប់សេចក្ដីពិតពីបន្ទូលរបស់ព្រះដែលត្រូវនឹងកង្វល់របស់គាត់។
៥ ចូរខំរកឱកាសដើម្បីចាប់ផ្ដើមសិក្សាព្រះគម្ពីរ: ចូរត្រឡប់ទៅជួបដោយមានគោលដៅចង់ចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ តើនេះអាចធ្វើឡើងបានយ៉ាងណា? ចូរជំរាបថាអ្នកចង់ប្រាប់គាត់នូវចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយ និងបើកទៅវគ្គមួយក្នុងសៀវភៅចំណេះ ឬក៏សៀវភៅស្តើងតម្រូវ ដែលជាចំណុចទាក់ទាញចិត្តគាត់។ ពេលអានវគ្គនោះ ចូរពិនិត្យមើលសំនួរ និងពិគ្រោះបទគម្ពីរមួយឬពីរដែលមានក្នុងវគ្គនោះ។ យើងអាចធ្វើដូច្នេះអស់តែប្រាំទៅដប់នាទីពេលដែលឈរនៅមាត់ទ្វារ។ ចូរបញ្ចប់ដោយលើកឡើងនូវសំនួរមួយទៀត និងរៀបចំណាត់ពេលដើម្បីបន្តពិគ្រោះនៅលើកក្រោយ។
៦ ការបណ្ដុះឲ្យគេមានចំណាប់អារម្មណ៍ថែមទៀត គឺជាអ្វីដ៏សំខាន់ក្នុងកិច្ចបំរើផ្សាយរបស់យើង។ ដូច្នេះហើយ ចូរឆ្លៀតពេលក្នុងកាលវិភាគប្រចាំសប្ដាហ៍របស់អ្នក ដើម្បីត្រឡប់ទៅជួប។ ការធ្វើដូច្នេះនឹងបង្កើននូវប្រសិទ្ធភាពនៃកិច្ចបំរើរបស់អ្នក និងនាំឲ្យមានអំណរយ៉ាងពិតទៀតផង។
[Study Questions]
១. ហេតុអ្វីក៏ការត្រឡប់ទៅជួបគឺសំខាន់ម្ល៉េះ?
២. តើយើងគួរតែត្រឡប់ទៅជួបអ្នកណា?
៣, ៤. តើការត្រឡប់ទៅជួបដែលមានប្រសិទ្ធភាពរួមបញ្ចូលអ្វី?
៥. តើវិធីដ៏ស្រួលណាដែលអាចយកមកប្រើ ដើម្បីចាប់ផ្ដើមបង្រៀនព្រះគម្ពីរ?
៦. តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងយល់នូវសារៈសំខាន់នៃការត្រឡប់ទៅជួបនោះ?