ចូរជួយអស់អ្នកដែល‹មានចិត្តគំនិតត្រឹមត្រូវ›
១ មនុស្សគ្រប់រូបមានភាពទោរទន់មួយដែលផ្ដើមចេញពីក្នុងចិត្ត។ (ម៉ាថ. ១២:៣៥) ព្រះគម្ពីរចែងអំពីបុគ្គលដែល«ចិត្តគេមានពេញដោយការចំបាំង»។ (ទំនុក. ៥៥:២១) អ្នកខ្លះទៀត«មានចិត្តក្រោធ»។ (សុ. ២៩:២២) ប៉ុន្តែ ក៏មានអ្នកឯទៀតដែល«ត្រូវបាន[ឬ«មានចិត្តគំនិតត្រឹមត្រូវសមទទួល», ព.ថ.]ជីវិតអស់កល្បជានិច្ច»ដែរ។ (កិច្ច. ១៣:៤៨) នៅសម័យយើង ព្រះយេហូវ៉ាកំពុងតែប្រមូលអស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យមកឯទ្រង់។ (ហាក. ២:៧) តើយើងអាចជួយអ្នកទាំងនេះឲ្យក្លាយទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២ ចូរយកចិត្តទុកដាក់ត្រឡប់ទៅជួបពួកគេ: គឺចាំបាច់ដែលយើងមានទស្សនៈត្រឹមត្រូវជុំវិញរឿងត្រឡប់ទៅជួប ទើបយើងអាចបំពេញតាមសេចក្ដីបង្គាប់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថ. ២៨:១៩, ២០) តើយើងឆាប់ត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ទេ? តើយើងត្រឡប់ទៅជួបអស់អ្នកដែលទទួលប្រកាសនវត្ថុឬអ្នកដែលបង្ហាញចំណាប់អារម្មណ៍ទៅលើដំណឹងល្អឬទេ? តើយើងព្យាយាមជានិច្ចដើម្បីជួយពួកគេលូតលាស់ខាងវិញ្ញាណឬ? ដោយសារតែនេះជារឿងស្លាប់រស់ នោះយើងគួរខំប្រឹងបណ្ដុះបណ្ដាលនូវចំណាប់អារម្មណ៍របស់អស់អ្នកណាដែលបង្ហាញការចាប់អារម្មណ៍។
៣ ចូរឆ្លៀតពេលកត់សរសេរឈ្មោះ និងអាស័យដ្ឋានរបស់អ្នកចាប់អារម្មណ៍ ពេលដែលយើងចាំនូវអ្វីដែលបានសន្ទនាជាមួយនឹងគាត់។ ចូរកត់សរសេរអំពីសាច់រឿងដែលបានពិភាក្សាគ្នា ហើយបទគម្ពីរណាដែលអ្នកបានអាន ថែមទាំងប្រកាសនវត្ថុណាដែលអ្នកបានជូនគាត់។ ក្រោយនោះ ចូរតាំងចិត្តត្រឡប់ទៅជួបគាត់ឲ្យបានឆាប់បំផុត។
៤ របៀបធ្វើការត្រឡប់ទៅជួប: នៅពេលធ្វើការត្រឡប់ទៅជួបនោះ ជាការល្អបើនិយាយយ៉ាងរាក់ទាក់បង្ហាញភាពកក់ក្ដៅ និងសម្ដែងចំណាប់អារម្មណ៍យ៉ាងស្មោះចំពោះម្ចាស់ផ្ទះ។ កុំពិភាក្សាចំណុចច្រើនពេក ហើយចូរយកបទគម្ពីរជាមូលដ្ឋាននៃការសន្ទនានោះ។ ជ្រើសរើសទុកជាមុននូវរឿងដែលគួរឲ្យចាប់អារម្មណ៍មួយពីព្រះគម្ពីរដើម្បីយកមកពិភាក្សា ហើយពេលដែលពិភាក្សាចប់នោះ ចូរលើកឡើងសំនួរមួយទៀតដែលអាចឆ្លើយនៅលើកក្រោយពេលអ្នកមកវិញ។ ពេលម្ចាស់ផ្ទះប្រាប់ពីទស្សនៈរបស់គាត់ ហើយទស្សនៈនោះមិនសមស្របនឹងបទគម្ពីរ នោះយកល្អយើងមិនគួរខំកែទស្សនៈរបស់គាត់ដោយមិនចាំបាច់នោះទេ តែចូរផ្អែកលើអ្វីដែលអ្នកទាំងពីរស្របគំនិតគ្នាដោយយកនោះធ្វើជាមូលដ្ឋានសំរាប់ការបង្រៀនតទៅទៀត។—កូល. ៤:៦
៥ ការត្រឡប់ទៅជួបតម្រូវឲ្យយើងខំប្រឹងព្យាយាម ប៉ុន្តែលទ្ធផលពិតជាធ្វើឲ្យគាប់ចិត្តមែន។ អ្នកត្រួសត្រាយម្នាក់នៅប្រទេសជប៉ុនមានគោលដៅបង្កើនការត្រឡប់ទៅជួបរាល់ខែ។ គាត់ចាប់ផ្ដើមកត់សរសេរអំពីអស់អ្នកណាដែលគាត់ជួបក្នុងការផ្សាយពីផ្ទះមួយទៅផ្ទះមួយ រួចក្នុងកំឡុងប្រាំពីរថ្ងៃគាត់ទៅជួបពួកគេម្ដងទៀត។ គាត់រៀបចំយ៉ាងហ្មត់ចត់ល្អនូវអ្វីដែលនឹងនិយាយ ហើយបានបំពេញកិច្ចបំរើដោយមានជំនឿស៊ប់ទៅលើដំណឹងដែលគាត់ផ្សាយ។ នៅពេលមួយដែលត្រឡប់ទៅជួបគេ គាត់បានចាប់ផ្ដើមការសិក្សាជាមួយនឹងបុគ្គលម្នាក់ដែលបាននិយាយថា៖ «ពីមុន ខ្ញុំតែងតែដេញពួកអ្នកទៅវិញ។ នេះជាលើកទីមួយដែលខ្ញុំបានស្ដាប់»។ ការព្យាយាមដោយសេចក្ដីស្រឡាញ់របស់អ្នកត្រួសត្រាយនេះបាននាំឲ្យមានលទ្ធផលដ៏ល្អ។ ទំរាំដល់ដាច់ខែនោះ គាត់មានការសិក្សាដប់នាក់។
៦ កាលៈទេសៈរបស់មនុស្សតែងផ្លាស់ប្រែជានិច្ច។ (១កូ. ៧:៣១) ជាញឹកញយ យើងត្រូវតែខំត្រឡប់ទៅជួបឲ្យបានច្រើនដង ទើបជួបអ្នកចាប់អារម្មណ៍នោះនៅផ្ទះម្ដងទៀត។ ដោយយកចិត្តទុកដាក់ត្រឡប់ទៅជួបគេ យើងអាចជួយអ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យចាប់ដើរតាមផ្លូវដែលនាំទៅដល់ជីវិតជារៀងរហូត។—ម៉ាថ. ៧:១៣, ១៤
[Study Questions]
១. នៅសម័យយើង តើព្រះយេហូវ៉ាកំពុងតែប្រមូលអ្នកណាមកឯទ្រង់?
២. ដើម្បីបំពេញតាមសេចក្ដីបង្គាប់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ តើយើងត្រូវធ្វើអ្វី?
៣. តើយើងគួរធ្វើយ៉ាងណាក្រោយពីបានសន្ទនាជាមួយនឹងអ្នកណាម្នាក់ក្នុងកិច្ចផ្សាយនោះ?
៤. តើយើងអាចធ្វើការត្រឡប់ទៅជួបដែលមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
៥. តើអ្នកត្រួសត្រាយម្នាក់បានព្យាយាមយ៉ាងដូចម្ដេចខ្លះ? ហើយតើមានលទ្ធផលយ៉ាងណា?
៦. ហេតុអ្វីយើងគួរបន្តព្យាយាមធ្វើការត្រឡប់ទៅជួប?