ដើម្បីត្រឡប់ទៅជួបមានប្រសិទ្ធភាព ការត្រៀមខ្លួនជាមុនគឺសំខាន់!
១ លោកយេស៊ូបានជួយសិស្សទ្រង់ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីឲ្យពួកគេមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ«ដំណឹងល្អពីនគរ»។ (ម៉ាថ. ៤:២៣; ៩:៣៥) លោកយេស៊ូបានអប់រំពួកគេក្នុងកាលដែលលោកផ្សព្វផ្សាយនៅតំបន់ប៉ាឡេស្ទីនប៉ុណ្ណោះ។ ប៉ុន្តែ មុនលោកឡើងទៅស្ថានសួគ៌វិញ លោកបានឲ្យដឹងច្បាស់ថា កិច្ចបម្រើផ្សាយនឹងត្រូវរីកចម្រើនទូទាំងពិភពលោក ក្នុងការ«ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។—ម៉ាថ. ២៨:១៩, ២០
២ កិច្ចបម្រើផ្សាយតម្រូវឲ្យយើងត្រឡប់ទៅជួបមនុស្សដែលបានចាប់អារម្មណ៍នឹងដំណឹងល្អនៃរាជាណាចក្រព្រះ និងបង្រៀនពួកគេឲ្យកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកយេស៊ូបានបង្គាប់។ ដើម្បីឲ្យការត្រឡប់ទៅជួបមានប្រសិទ្ធភាព គឺសំខាន់ចាំបាច់ដែលយើងត្រៀមខ្លួនឲ្យបានល្អ។
៣ ចូររៀបចំគម្រោង : នៅចុងបញ្ចប់នៃការជួបម្ចាស់ផ្ទះជាលើកដំបូង នោះអ្នកផ្សាយខ្លះសួរសំណួរមួយ ហើយសន្យាត្រឡប់មកវិញដើម្បីឆ្លើយសំណួរនោះ។ ពួកគេបានយល់ឃើញថា ការដកស្រង់ព័ត៌មានចេញពីសៀវភៅព្រះគម្ពីរបង្រៀន ពេលត្រឡប់ទៅជួប បានជួយពួកគេឲ្យចាប់ផ្ដើមបង្រៀនសិស្សថ្មីភ្លាមៗ។
៤ យើងមានទស្សនាវដ្ដីថ្មីចេញមួយច្បាប់ជាប្រចាំខែ ប៉ុន្តែនេះមិនបានន័យថា យើងត្រូវចាំរហូតដល់ទទួលទស្សនាវដ្ដីថ្មីនោះ ទើបត្រឡប់ទៅជួបម្ចាស់ផ្ទះវិញទេ។ យើងប្រហែលអាចបណ្ដុះឲ្យគាត់ចាប់អារម្មណ៍ថែមទៀត ដោយពិគ្រោះព័ត៌មានក្នុងទស្សនាវដ្ដីដែលគាត់មានហើយ។
៥ ចូរមានគោលដៅមួយ : មុនត្រឡប់ទៅជួប សូមយកពីរបីនាទីដើម្បីពិនិត្យមើលកំណត់របស់អ្នក ហើយតាំងចិត្តថាអ្នកចង់សម្រេចអ្វី។ ជាឧទាហរណ៍ ចូរពិគ្រោះចំណុចមួយពីសៀវភៅដែលបានឲ្យគាត់។ ឬទុកសៀវភៅមួយទៀតដែលទាក់ទងនឹងប្រធានដែលអ្នកបានពិគ្រោះនៅពេលមុន។ ប្រសិនបើអ្នកបានទុកសំណួរមួយនៅពេលមុន អ្នកប្រាកដជាចង់ឆ្លើយសំណួរនោះ។ ពេលលើកពីចំណុចណាមួយដែលទាក់ទងនឹងខគម្ពីរ ចូរព្យាយាមអានពីខគម្ពីរ។
៦ គោលដៅរបស់យើង : ពិតមែន គោលដៅដ៏សំខាន់បំផុតរបស់យើង គឺដើម្បីចាប់ផ្ដើមបង្រៀនសិស្សថ្មី។ ពេលត្រឡប់ទៅជួប បងប្រុសម្នាក់បានអញ្ជើញម្ចាស់ផ្ទះឲ្យសិក្សាគម្ពីរ ប៉ុន្តែបុរសនោះមិនយល់ព្រមទេ។ បងប្រុសបានទៅជួបបុរសនោះម្ដងទៀតទាំងយកទស្សនាវដ្ដីថ្មីជូនគាត់ ហើយនិយាយថា៖ «នៅថ្ងៃនេះ យើងមកឆ្លើយសំណួរមួយពីគម្ពីរជូនបងប្អូន»។ ក្រោយពីស្ដាប់សំណួររបស់ម្ចាស់ផ្ទះ បងប្រុសអានខគម្ពីរមួយ និងអានវគ្គមួយដែលទាក់ទងនឹងប្រធានពីសៀវភៅដែលសម្រាប់សិក្សាគម្ពីរ ហើយក៏ចាប់ផ្ដើមបង្រៀនគម្ពីរបុរសនោះជាទៀងទាត់។
៧ ការត្រៀមខ្លួនដើម្បីត្រឡប់ទៅជួប ពិតជាមានប្រយោជន៍ណាស់។ យើងនឹងមានអំណរកាន់តែច្រើនឡើង ហើយយើងមានឯកសិទ្ធិជួយពួកអ្នក«ដែលត្រូវបាន[ឬ«មានចិត្តគំនិតត្រឹមត្រូវ»]»ឲ្យដើរតាមផ្លូវដែលនាំទៅដល់ជីវិត។—កិច្ច. ១៣:៤៨; ព.ថ.
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកិច្ចបម្រើផ្សាយនៅដើមដំបូងនឹងត្រូវរីកចម្រើនឡើងយ៉ាងដូចម្ដេច?
២. តើការស្ដាប់បង្គាប់តាមលោកយេស៊ូឲ្យ«បញ្ចុះបញ្ចូលឲ្យមានសិស្ស» តម្រូវឲ្យយើងធ្វើអ្វីខ្លះ?
៣. ដើម្បីត្រឡប់ទៅជួបម្ចាស់ផ្ទះវិញ តើអ្នកអាចរៀបចំគម្រោងយ៉ាងណាពេលជួបជាលើកដំបូង?
៤. ហេតុអ្វីយើងមិនគួរចាំរហូតដល់ទទួលទស្សនាវដ្ដីថ្មីទើបត្រឡប់ទៅជួបម្ចាស់ផ្ទះវិញ?
៥. បើមានគោលដៅមុនត្រឡប់ទៅជួប តើមានប្រយោជន៍អ្វី?
៦. ពេលត្រឡប់ទៅជួប តើអ្វីជាគោលដៅរបស់យើង?
៧. តើការត្រៀមខ្លួនយ៉ាងល្អទុកជាមុនដើម្បីបង្រៀនសិស្សគម្ពីរថ្មី ជួយអ្នកយ៉ាងដូចម្ដេច?