ចូរប្រមូលភាពក្លាហានដើម្បីត្រឡប់ទៅជួបគេ
១ តើអ្នកចូលចិត្តត្រឡប់ទៅជួបគេទេ? អ្នកផ្សព្វផ្សាយជាច្រើននាក់ពិតជាចូលចិត្តមែន។ ប្រហែលជាអ្នកមានអារម្មណ៍ភ័យបន្ដិចមុនអ្នកទៅ ជាពិសេសពេលអ្នកត្រឡប់ទៅជួបម្ចាស់ផ្ទះដែលមិនសូវបង្ហាញការចាប់អារម្មណ៍ពេលយើងជួបគាត់ជាលើកដំបូងនោះ។ ក៏ប៉ុន្តែ ប្រសិនបើអ្នក‹ប្រមូលភាពក្លាហាន ដោយសារព្រះនៃយើង ដើម្បីផ្សាយដំណឹងល្អ›ដោយត្រឡប់ទៅជួបគេ លោកអ្នកប្រហែលជានឹងឃើញថា ការនោះគឺស្រួលជាងថែមទាំងនឹងមានផលល្អជាងយើងបាននឹកស្មានទៅទៀត។ (ថែស្សាឡូនីចទី១ ២:២) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២ យើងត្រូវដឹងថា មានភាពខុសគ្នាឆ្ងាយរវាងការជួបគេជាលើកដំបូងនិងការត្រឡប់ទៅជួបគេវិញ។ មនុស្សដែលយើងត្រឡប់ទៅជួបនោះ គឺជាអ្នកដែលយើងស្គាល់ព្រោះថាបានជួបគេម្ដងហើយ មិនមែនជាមនុស្សចំឡែកទេ។ ធម្មតា គឺស្រួលនិយាយជាមួយមនុស្សដែលយើងស្គាល់ជាជាងមនុស្សដែលយើងពុំស្គាល់នោះ។ ផលដ៏ប្រសើរដែលកើតចេញពីកិច្ចការនេះ គឺអាចមានសិស្សសិក្សាព្រះគម្ពីរដែលរីកចំរើន។ សូមឲ្យយើងពិចារណាកត្ដាសំខាន់ៗដែលជួយឲ្យមានជោគជ័យ ពេលយើងត្រឡប់ទៅជួបគេវិញ។
៣ ចូររៀបចំមូលដ្ឋានពេលជួបគេជាលើកដំបូង: មូលដ្ឋានដែលនាំទៅដល់ការត្រឡប់ទៅជួបដោយជោគជ័យនោះ ច្រើនតែត្រូវរៀបចំពេលជួបគេជាលើកដំបូង។ ចូរស្ដាប់ដោយយកចិត្តទុកដាក់នូវសំដីរបស់ម្ចាស់ផ្ទះ។ តើសំដីនោះបញ្ជាក់អ្វីខ្លះ? តើគាត់មានសាសនាហើយឬនៅ? តើគាត់យកចិត្តទុកដាក់នឹងរឿងសង្គមឬទេ? តើគាត់ចាប់អារម្មណ៍ទៅលើរឿងវិទ្យាសាស្ត្រ ប្រវត្ដិសាស្ត្រ ឬបរិស្ថានទេ? មុនដែលនិយាយចប់ អ្នកអាចសួរសំនួរមួយដែលនាំឲ្យគាត់គិតពិចារណា ហើយសន្យាថាអ្នកនឹងប្រាប់ចម្លើយពីព្រះគម្ពីរពេលត្រឡប់មកវិញ។
៤ កត់ក្នុងបញ្ជីផ្សព្វផ្សាយឲ្យបានច្បាស់លាស់: បញ្ជីការផ្សព្វផ្សាយត្រូវកត់ឲ្យបានត្រឹមត្រូវនិងសព្វគ្រប់។ សរសេរឈ្មោះនិងអាស័យដ្ឋានរបស់ម្ចាស់ផ្ទះភ្លាមៗក្រោយអ្នកដើរចេញហើយ។ កុំស្មានអំពីលេខផ្ទះនិងលេខផ្លូវទេ ចូរឆែកមើលឲ្យប្រាកដថា ពត៌មានដែលអ្នកបានកត់គឺត្រឹមត្រូវ។ សរសេរពីការពណ៌នាអំពីម្ចាស់ផ្ទះ។ កត់ពីរឿងអ្វីដែលអ្នកបានពិគ្រោះ ដូចជាខគម្ពីរដែលអ្នកបានមើល និងប្រកាសនវត្ថុណាដែលអ្នកបានផ្ដល់ឲ្យ ហើយសំនួរដែលអ្នកនឹងឆ្លើយពេលត្រឡប់មកវិញ។ សរសេរថ្ងៃនិងម៉ោងដែលអ្នកបានជួបគាត់ជាលើកដំបូងនោះ ហើយពេលអ្នកនឹងត្រឡប់ទៅជួបគាត់វិញ។ ក្រោយអ្នកសរសេរបញ្ជីនោះសព្វគ្រប់ហើយ កុំធ្វើបាត់ឲ្យសោះ! ដាក់នៅកន្លែងមួយដែលមិនងាយបាត់ ដើម្បីស្រួលមើលពេលក្រោយ។ បន្តគិតដល់បុគ្គលនោះ ហើយអ្វីដែលអ្នកនឹងនិយាយពេលអ្នកត្រឡប់ទៅវិញនោះ។
៥ មានគោលដៅជាក់លាក់: ទីមួយ ខិតខំធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រួលដោយមានឥរិយាបទកក់ក្ដៅនិងរាក់ទាក់។ បង្ហាញថាអ្នកយកចិត្តទុកដាក់ចង់ជួយគាត់ផ្ទាល់ ដោយមិនខិតខំចេះដឹងរឿងគាត់។ ក្រោយនោះ រំឭកគាត់ពីសំនួរដែលអ្នកបានលើកឡើងពេលជួបគាត់លើកមុននោះ។ ពេលគាត់បញ្ចេញទស្សនៈគាត់ ចូរយកចិត្តទុកដាក់ស្ដាប់ ហើយបញ្ជាក់ប្រាប់ថាអ្នកអបអរដែលគាត់ប្រាប់ពីគំនិតរបស់គាត់។ ពេលនោះបង្ហាញគាត់ពីមូលហេតុដែលទស្សនៈក្នុងព្រះគម្ពីរមានប្រយោជន៍។ បង្ហាញគាត់ចំណុចពាក់ព័ន្ធមួយក្នុងសៀវភោចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ អ្នកត្រូវចាំមិនភ្លេចថា គោលបំណងចំបងរបស់យើងពេលយើងត្រឡប់ទៅជួបគេ គឺដើម្បីចាប់ផ្ដើមការសិក្សា។
៦ ប្រើសៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង?: សៀវភៅស្តើងនេះមានគុណប្រយោជន៍ជួយចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយមនុស្សដែលកោតខ្លាចដល់ព្រះ មិនថាគេធ្លាប់មានការអប់រំដល់កំរិតណាក៏ដោយ។ សៀវភៅស្តើងនេះមានវគ្គសិក្សាគ្រប់សព្វក្នុងការរៀនសេចក្ដីបង្រៀនបឋមៗក្នុងព្រះគម្ពីរ។ ប្រកាសនវត្ថុនេះជាឧបករណ៍មួយជួយផ្សាយចំណេះរបស់ព្រះយ៉ាងស័ក្ដិសិទ្ធិ។ សៀវភៅស្តើងនេះក៏ពន្យល់សេចក្ដីពិតយ៉ាងក្បោះក្បាយនិងស្រួលយល់ ហើយយើងម្នាក់ៗអាចប្រើសៀវភៅនេះដើម្បីបង្រៀនអ្នកដទៃអំពីសេចក្ដីតម្រូវរបស់ព្រះ។ ទំនងជាអ្នកផ្សាយច្រើននាក់នឹងមានឯកសិទ្ធិដឹកនាំការសិក្សាព្រះគម្ពីរដោយប្រើសៀវភៅស្តើងនេះ។
៧ កុំស្ទាក់ស្ទើរត្រឡប់ទៅជួបគេវិញ: តើអ្នកគួររង់ចាំរយៈពេលប៉ុន្មានមុនអ្នកត្រឡប់ទៅជួបគេ? អ្នកផ្សាយខ្លះត្រឡប់ទៅវិញក្រោយមួយឬពីរថ្ងៃក្រោយគេបានជួបម្ចាស់ផ្ទះជាលើកដំបូងនោះ។ អ្នកផ្សេងទៀតត្រឡប់ទៅវិញនៅថ្ងៃដដែលនោះ! តើនោះលឿនពេកទេ? ជាទូទៅ ម្ចាស់ផ្ទះមិនយល់ទាស់ទេ! ធម្មតា គឺអ្នកផ្សាយដែលត្រូវបណ្ដុះឲ្យមានទស្សនៈវិជ្ជមានជាង ព្រមទាំងចិត្តក្លាហាន។
៨ ពេលមនុស្សម្នាក់បង្ហាញចំណាប់អារម្មណ៍ទៅលើសេចក្ដីពិត នោះយើងដឹងទុកជាមុនថា គាត់នឹងភប់ប្រទះនឹងការប្រឆាំងម្យ៉ាង។ បើសិនជាយើងត្រឡប់ទៅជួបគាត់ឆាប់ៗក្រោយពីលើកដំបូង នោះនឹងជួយផ្ដល់កម្លាំងឲ្យគាត់ស៊ូទ្រាំនឹងការគាបសង្កត់ពីញាតិសន្ដាន មិត្តជិតស្និទ្ធ និងអ្នកឯទៀត។
៩ បង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះទៅលើមនុស្ស: អ្នកផ្សាយដែលត្រឡប់ទៅជួបគេនិងបានចាប់ផ្ដើមការសិក្សាដោយជោគជ័យនោះ ពន្យល់ថា ការយកចិត្តទុកដាក់យ៉ាងស្មោះទៅលើមនុស្សគឺចាំបាច់ និងសូម្បីតែក្រោយពេលបានជួបគាត់ជាលើកដំបូងក្ដី ក៏ត្រូវបន្តគិតដល់គាត់ដែរ។ មុនដែលចេញពីផ្ទះគេជាលើកដំបូងនោះ ក៏ចាំបាច់មានរឿងព្រះគម្ពីរដែលចាប់អារម្មណ៍ឲ្យពិគ្រោះនិងទុកជាមូលដ្ឋានសំរាប់ពេលត្រឡប់ទៅជួបគេវិញ។ ម្យ៉ាងទៀត ត្រូវត្រឡប់ទៅជួបគាត់យ៉ាងឆាប់រហ័សដើម្បីបន្តបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គាត់។ យើងក៏ត្រូវនឹកចាំពីគោលបំណងដែលថា យើងចង់ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
១០ ការអធិស្ឋានឲ្យបានជំនួយក្នុងការប្រមូលភាពក្លាហាន: គុណសម្បត្ដិដ៏ចាំបាច់ឲ្យបានជោគជ័យក្នុងការត្រឡប់ទៅជួប គឺជាចិត្តក្លាហាន។ តើយើងអាចបានចិត្តក្លាហានពីណាមក? សាវ័កប៉ុលឆ្លើយដោយស្រដីថា យើង‹ប្រមូលភាពក្លាហាន›ដើម្បីប្រកាសប្រាប់ដំណឹងល្អ«ដោយសារព្រះនៃយើង»។ បើសិនជាអ្នកខ្សោយខាងគុណសម្បត្ដិនេះ ចូរអធិស្ឋានទូលព្រះយេហូវ៉ាឲ្យបានជំនួយ។ ក្រោយនោះ ចូរត្រឡប់ទៅបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គេ ដោយធ្វើឲ្យសមស្របតាមសេចក្ដីអធិស្ឋានរបស់អ្នក។ ព្រះយេហូវ៉ានឹងប្រទានពរទៅលើអ្នកមែន!