ភាគទី១១: ការជួយអ្នកផ្សព្វផ្សាយថ្មីឲ្យធ្វើការត្រឡប់ទៅជួប
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ កាលណាសិស្សព្រះគម្ពីរម្នាក់ចាប់ផ្ដើមចូលរួមក្នុងការផ្សព្វផ្សាយ គាត់នឹងជួបមនុស្សដែលបង្ហាញចំណាប់អារម្មណ៍អំពីដំណឹងល្អ។ តើយើងអាចជួយអ្នកផ្សព្វផ្សាយថ្មីឲ្យធ្វើការត្រឡប់ទៅជួបដោយប្រសិទ្ធភាពនិងបណ្ដុះចំណាប់អារម្មណ៍ដែលគាត់រកឃើញយ៉ាងណា?
២ ការរៀបចំសំរាប់ត្រឡប់ទៅជួបចាប់ផ្ដើមពេលជួបម្ចាស់ផ្ទះជាលើកដំបូង។ លើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់ដោយស្មោះនឹងអ្នកដែលគាត់និយាយជាមួយ។ (ភី. ២:៤) បន្ដិចម្ដងៗ សូមបង្ហាត់សិស្សឲ្យអញ្ជើញម្ចាស់ផ្ទះឲ្យបញ្ចេញយោបល់ ឲ្យស្ដាប់អ្វីដែលគាត់និយាយហើយកត់សម្គាល់អ្វីៗដែលធ្វើឲ្យគាត់ចាប់អារម្មណ៍។ កាលណានរណាម្នាក់បង្ហាញចំណាប់អារម្មណ៍ សូមឲ្យអ្នកផ្សព្វផ្សាយថ្មីកត់ព័ត៌មានឲ្យបានច្បាស់អំពីម្ចាស់ផ្ទះនោះ។ ចូរប្រើព័ត៌មាននោះដើម្បីជួយគាត់មានគ្រោងការពិភាក្សាបន្តទៅទៀត។
៣ រៀបចំដើម្បីត្រឡប់មកវិញ: មើលសាឡើងវិញនូវព័ត៌មានដែលបានកត់ពេលដែលជួបម្ចាស់ផ្ទះលើកដំបូង និងបង្ហាញសិស្សវិធីជ្រើសរើសផ្នែកណាមួយនៃសារព្រះរាជាណាចក្រដែលនឹងទាក់ទាញចិត្តម្ចាស់ផ្ទះ។ (១កូ. ៩:១៩-២៣) ជួយសិស្សរៀបចំពាក្យផ្សាយយ៉ាងខ្លីដែលមានបទគម្ពីរមួយព្រមទាំងវគ្គមួយក្នុងប្រកាសនវត្ថុសិក្សា។ បន្ថែមទៅទៀត ចូររៀបចំសំនួរមួយដែលអាចលើកឡើងនៅទីបញ្ចប់នៃការពិភាក្សាដើម្បីធ្វើជាមូលដ្ឋានសំរាប់ការត្រឡប់ទៅជួបនៅលើកក្រោយ។ ចូរបង្ហាញអ្នកផ្សព្វផ្សាយថ្មីអំពីរបៀបបង្កើនចំណេះដល់បុគ្គលនោះអំពីព្រះបន្ទូលរបស់ព្រះរាល់ដងដែលទៅជួបគាត់ជាបន្តបន្ទាប់។
៤ ជាការមានប្រយោជន៍ដែរបើបង្រៀនសិស្សឲ្យធ្វើការផ្ដើមវាចាដ៏ងាយមួយនៅពេលត្រឡប់មកជួប។ បន្ទាប់ពីបានជំរាបសួរសុខទុក្ខម្ចាស់ផ្ទះ គាត់អាចសួរថា៖«ខ្ញុំបានរីករាយនឹងការសន្ទនាដំបូងរបស់យើងហើយខ្ញុំបានត្រឡប់មកវិញដើម្បីប្រាប់ព័ត៌មានពីព្រះគម្ពីរបន្ថែមទៀតអំពី[ប្រាប់ពីប្រធាន]»។ អ្នកក៏ប្រហែលជាត្រូវបង្ហាញអ្នកផ្សព្វផ្សាយថ្មីអំពីអ្វីដែលអាចនិយាយបើមនុស្សផ្សេងមកបើកទ្វារនោះ។
៥ ធ្វើតាមដោយយកចិត្តទុកដាក់: ចូរលើកទឹកចិត្តសិស្សឲ្យតាំងគំរូល្អក្នុងការត្រឡប់ទៅជួបអ្នកមានចំណាប់អារម្មណ៍ទាំងអស់យ៉ាងឆាប់រហ័ស។ ការរកឃើញអ្នកចាប់អារម្មណ៍នៅតាមផ្ទះអាចតម្រូវឲ្យមានការព្យាយាមក្នុងការត្រឡប់ទៅជួប។ ចូរបង្រៀនសិស្សអំពីរបៀបណាត់ពេលទៅលេងម្ដងទៀតហើយជួយគាត់ឲ្យយល់ថាត្រូវត្រឡប់ទៅជួបដូចបានសន្យា។ (ម៉ាថ. ៥:៣៧) ចូរបង្ហាត់អ្នកផ្សព្វផ្សាយថ្មីឲ្យមានចិត្តសប្បុរស ចេះយល់ចិត្តអ្នកដទៃ និងមានការគោរព ពេលដែលគាត់ស្វែងរកអ្នកដែលមានលក្ខណៈដូចចៀមហើយបណ្ដុះចំណាប់អារម្មណ៍របស់ពួកគេ។—ទីត. ៣:២