ភាគទី១០: បង្ហាត់សិស្សក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ កាលណាបណ្ដាអ្នកចាស់ទុំកំណត់ថាសិស្សព្រះគម្ពីរណាម្នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយដែលមិនទាន់ធ្វើបុណ្យជ្រមុជទឹកនោះ គាត់អាចចាប់ផ្ដើមទៅផ្សព្វផ្សាយជាសាធារណៈជាមួយនឹងក្រុមជំនុំ។ តើយើងអាចជួយសិស្សឲ្យសម្រេចទិសដៅក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយយ៉ាងដូចម្ដេច?
២ អ្នកបង្រៀននិងសិស្សព្រះគម្ពីររៀបចំជាមួយគ្នា: ការរៀបចំឲ្យបានល្អគឺជាការសំខាន់។ សូមប្រាប់សិស្សនូវរបៀបដែលគាត់អាចរកឃើញពាក្យផ្សាយផ្សេងៗដែលបានណែនាំក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង និងសៀវភៅតូចចំណងជើងថារបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ហើយជួយគាត់ជ្រើសរើសពាក្យផ្ដើមដែលស្រួលហើយដែលប្រើជាប្រយោជន៍សំរាប់តំបន់ផ្សាយ។ តាំងពីដើមដំបូង សូមលើកទឹកចិត្តគាត់ឲ្យអានបទគម្ពីរនៅក្នុងកិច្ចបម្រើផ្សាយ។—២ធី. ៤:២
៣ ពេលហាត់សាកគឺមានប្រយោជន៍ណាស់ចំពោះអ្នកផ្សព្វផ្សាយថ្មី។ ពេលដែលសិស្សហាត់សាកពាក្យផ្សព្វផ្សាយ សូមបង្ហាញគាត់របៀបត្រូវប្រឈមមុខដោយប៉ិនប្រសប់ទៅនឹងការតបឆ្លើយដែលមានជាទូទៅក្នុងតំបន់ផ្សាយ។ (កូល. ៤:៦) សូមបញ្ជាក់ប្រាប់គាត់ថាបណ្ដាគ្រីស្ទានមិនចាំបាច់ដឹងរាល់ចម្លើយសំរាប់សំណួរនីមួយៗដែលម្ចាស់ផ្ទះអាចលើកឡើងនោះទេ។ ជារឿយៗ យកល្អបើម្ចាស់ផ្ទះសួរសំណួរផ្សេងៗបែបនោះ យើងអាចស្នើសុំធ្វើការស្រាវជ្រាវរួចហើយត្រឡប់មកពិភាក្សារឿងនោះតទៅទៀត។—សុ. ១៥:២៨
៤ ផ្សព្វផ្សាយជាមួយគ្នា: នៅលើកទីមួយដែលសិស្សចូលរួមក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមឲ្យគាត់សង្កេតមើលពេលដែលអ្នកប្រើពាក្យផ្សាយ ដែលទាំងពីរនាក់បានរៀបចំជាមួយគ្នានោះ។ សូមអញ្ជើញគាត់ឲ្យចូលរួម។ ក្នុងករណីខ្លះ យកល្អសូមឲ្យអ្នកផ្សព្វផ្សាយថ្មីនិយាយតែបន្ដិចប៉ុណ្ណោះ ដូចជាអាននិងពន្យល់បទគម្ពីរមួយ។ សូមយោគយល់នឹងបុគ្គលិកលក្ខណៈនិងសមត្ថភាពរបស់សិស្ស។ (ភី. ៤:៥) សូមសរសើរគាត់ឲ្យបានច្រើនពេលដែលអ្នកបង្ហាត់គាត់បន្ដិចម្ដងៗក្នុងផ្នែកផ្សេងៗនៃកិច្ចការផ្សព្វផ្សាយ។
៥ ការជួយអ្នកផ្សព្វផ្សាយថ្មីរៀបចំកាលវិភាគទៀងទាត់មួយជាការសំខាន់ណាស់។ សូមធ្វើដូច្នោះរៀងរាល់សប្ដាហ៍បើអាចធ្វើទៅបាន។ (ភី. ៣:១៦) សូមធ្វើការរៀបចំឲ្យបានម៉ត់ចត់ដើម្បីផ្សព្វផ្សាយជាមួយគ្នាក្នុងកិច្ចបម្រើ ហើយលើកទឹកចិត្តគាត់ឲ្យផ្សព្វផ្សាយជាមួយអ្នកដែលមានចិត្តខ្នះខ្នែងឯទៀតផងដែរ។ គំរូរបស់ពួកគេនិងការសេពគប់ជាមួយពួកគេនឹងជួយគាត់ឲ្យបណ្ដុះបណ្ដាលនូវបំនិនហើយឲ្យរកឃើញអំណរក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។