ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
ភាគទី១២: ការជួយសិស្សឲ្យចាប់ផ្ដើមដឹកនាំការសិក្សាព្រះគម្ពីរ
១ កាលណាសិស្សព្រះគម្ពីររបស់យើងចាប់ផ្ដើមចូលរួមក្នុងកិច្ចបំរើផ្សាយ ពួកគេប្រហែលជាភ័យខ្លាចក្នុងការចាប់ផ្ដើមហើយដឹកនាំការសិក្សាព្រះគម្ពីរដោយខ្លួនឯង។ តើយើងអាចជួយពួកគេបណ្ដុះឲ្យមានទំនុកចិត្តចំពោះផ្នែកដ៏សំខាន់នៃកិច្ចបំរើផ្សាយរបស់យើងនេះយ៉ាងដូចម្ដេច?—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
២ កាលណាសិស្សព្រះគម្ពីរមានគុណសម្បត្ដិគ្រប់គ្រាន់ធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ធ្វើបុណ្យជ្រមុជទឹក គាត់ទំនងជាបានចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យរួចហើយ និងកំពុងតែទទួលប្រយោជន៍យ៉ាងពេញលេញពីសាលានោះ។ ការបង្ហាត់បង្រៀនដែលគាត់បានទទួលក្នុងការរៀបចំនិងក្នុងការថ្លែងសុន្ទរកថានឹងជួយគាត់បណ្ដុះនូវបំនិនក្នុងការបង្រៀនដែលចាំបាច់សំរាប់«អ្នកធ្វើការដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—២ធី. ២:១៥
៣ ចូរបង្រៀនដោយតាំងគំរូរបស់អ្នក: ព្រះយេស៊ូបានបង្ហាត់សិស្សទ្រង់ដោយប្រទាននូវការណែនាំយ៉ាងច្បាស់លាស់ និងដោយតាំងគំរូល្អមួយ។ ទ្រង់បានមានបន្ទូលថា៖ «សិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន»។ (លូ. ៦:៤០ ខ.ស.) ការយកតម្រាប់តាមព្រះយេស៊ូដោយតាំងគំរូល្អ ក្នុងកិច្ចបំរើផ្សាយរបស់អ្នកផ្ទាល់គឺជាការចាំបាច់។ ពេលដែលសិស្សរបស់អ្នកសង្កេតមើលគំរូរបស់អ្នកក្នុងកិច្ចបំរើផ្សាយ គាត់នឹងយល់អំពីគោលដៅក្នុងការត្រឡប់ទៅជួបដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
៤ សូមពន្យល់សិស្សថាកាលណាយើងស្នើការសិក្សាដល់ម្ចាស់ផ្ទះ ជាការធម្មតាមិនចាំបាច់ពណ៌នាអំពីការរៀបចំការសិក្សាយ៉ាងល្អិតល្អន់នោះទេ។ ជារឿយៗ ជាការល្អបំផុតនោះគឺគ្រាន់តែពន្យល់ខ្លះៗអំពីការសិក្សាដោយប្រើប្រហែលមួយឬពីរវគ្គនៃប្រកាសនវត្ថុដែលនឹងសិក្សាប៉ុណ្ណោះ។ យោបល់ផ្សេងដែលមានប្រយោជន៍សំរាប់ធ្វើយ៉ាងនេះអាចត្រូវរកឃើញនៅទំព័រ៨នៃកិច្ចបំរើព្រះរាជាណាចក្រយើងខែនេះ។
៥ ពេលដែលសមគួរ នៅការសិក្សាឯទៀត សូមអញ្ជើញសិស្សឲ្យទៅជាមួយអ្នកឬអ្នកផ្សព្វផ្សាយផ្សេងទៀតដែលមានបទពិសោធន៍។ គាត់អាចចូលរួមក្នុងការឆ្លើយនៅវគ្គណាមួយឬអត្ថាធិប្បាយបទគម្ពីរសំខាន់ណាមួយ។ ដូច្នេះ តាមរយៈការសង្កេតមើល សិស្សនឹងរៀនយ៉ាងច្រើនអំពីការដឹកនាំការសិក្សាដែលរីកចំរើន។ (សុ. ២៧:១៧; ២ធី. ២:២) សូមសរសើរគាត់ហើយពិភាក្សាអំពីរបៀបដែលគាត់អាចធ្វើឲ្យរឹតតែប្រសើរឡើងថែមទៀត។
៦ ការបង្ហាត់សិស្សថ្មីឲ្យធ្វើជាអ្នកបង្រៀនព្រះបន្ទូលព្រះនឹងជួយគាត់ឲ្យ«ធ្វើការល្អ»ក្នុងការចាប់ផ្ដើមនិងដឹកនាំការសិក្សាដោយខ្លួនឯង។ (២ធី. ៣:១៧) នេះជាការគាប់ចិត្តក្រៃលែងដោយមានសហប្រតិបត្ដិការគ្នាជាមួយសិស្សដើម្បីធ្វើការអញ្ជើញដែលប្រកបដោយសេចក្ដីស្រឡាញ់ថា៖ «អញ្ជើញមក . . . អ្នកណាដែលចង់បាន មានតែយកទឹកជីវិតចុះ ឥតចេញថ្លៃទេ»!។—វិវរ. ២២:១៧