ចូរផ្ដោតអារម្មណ៍ជានិច្ចទៅលើការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត
១. ដើម្បីមនុស្សអាចទទួលសេចក្ដីសង្គ្រោះ តើយើងត្រូវធ្វើអ្វី?
១ សេចក្ដីរាយការណ៍អំពីកិច្ចបម្រើផ្សាយប្រចាំឆ្នាំ២០១៤ បញ្ជាក់ថារាស្ត្ររបស់ព្រះមានចិត្តខ្នះខ្នែងនិងការតាំងចិត្តដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ២៤:១៤) តាមរយៈកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សកម្មភាពពិសេសក្នុងការចែកខិត្តប័ណ្ណនិងលិខិតអញ្ជើញ និងវិធីផ្សព្វផ្សាយថ្មីជាសាធារណៈ យើងកំពុងផ្សព្វផ្សាយដំណឹងល្អដល់មនុស្សច្រើនជាងពេលមុនៗទៅទៀត។ ទោះជាយ៉ាងនោះក៏ដោយ បើបុគ្គលម្នាក់ចង់ទទួលសេចក្ដីសង្គ្រោះ យើងត្រូវជួយគាត់ឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ដោយបង្រៀនគម្ពីរដល់គាត់។—១ធី. ២:៤
២. តើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ ដែលនឹងជួយយើងត្រៀមខ្លួនជានិច្ចក្នុងការស្នើបង្រៀនគម្ពីរ?
២ ចូរត្រៀមខ្លួនជានិច្ចក្នុងការស្នើបង្រៀនគម្ពីរ: ពេលបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍ តើអ្នកខំកត់ទុកព័ត៌មានដើម្បីទាក់ទងគាត់ឲ្យបានឆាប់បំផុត ដោយមានគោលបំណងចាប់ផ្ដើមបង្រៀនគម្ពីរដល់គាត់ឬទេ? នៅពេលថ្មីៗនេះ តើអ្នកបានសាកល្បងបង្ហាញអំពីរបៀបបង្រៀនគម្ពីរដល់ម្ចាស់ផ្ទះដែលជួបលើកដំបូងឬទេ? ហើយតើអ្នកបានស្នើបង្រៀនគម្ពីរដល់អ្នកដែលព្រមទទួលទស្សនាវដ្ដីជាទៀងទាត់ឬទេ? តើអ្នកបានបង្ហាញវីដេអូហេតុអ្វីគួររៀនគម្ពីរ? និងតើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា? ដល់អ្នករួមការងារ សិស្សរួមថ្នាក់ អ្នកជិតខាង សាច់ញាតិ និងអ្នកដែលអ្នកស្គាល់ឬទេ? ពេលអ្នកដាក់តាំងសៀវភៅផ្សេងៗ បើមានអ្នកណាម្នាក់យកសៀវភៅជំនួយសិក្សាណាមួយ តើអ្នកព្យាយាមប្រាប់គាត់អំពីវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃឬទេ?
៣. ដើម្បីបង្រៀនសេចក្ដីពិតយ៉ាងមានប្រសិទ្ធភាព តើយើងត្រូវការអ្វី?
៣ ជំនួយពីព្រះយេហូវ៉ានិងលោកយេស៊ូ: លោកយេស៊ូបានប្រាប់យើងឲ្យ«បង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម»លោក ហើយលោកផ្ដើមដោយពាក្យបង្គាប់ថា«ចូរទៅ»។ ដោយប្រើពាក្យនេះ លោកចង់បញ្ជាក់ថាយើងត្រូវខំប្រឹងខ្នះខ្នែងនិងត្រូវទៅរកមនុស្សជាមុន។ ទោះជាយ៉ាងនោះក៏ដោយ លោកមិនបានទុកឲ្យយើងធ្វើកិច្ចការនេះដោយខ្លួនឯងទេ តែលោកបានសន្យាថានឹងនៅជាមួយយើង។ (ម៉ាថ. ២៨:១៩, ២០) បន្ថែមទៅទៀត ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធ និងឧបករណ៍ជំនួយផ្សេងៗ ព្រមទាំងការបង្ហាត់បង្រៀនដែលយើងត្រូវការដើម្បីបង្រៀនសេចក្ដីពិតដល់មនុស្សទៀតផង។ (សាក. ៤:៦; ២កូ. ៤:៧) យើងអាចអធិដ្ឋានសុំព្រះឲ្យយើង«មានបំណងប្រាថ្នា»និងកម្លាំង ដើម្បីចូលរួមកិច្ចការដ៏សំខាន់នេះ។—ភី. ២:១៣
៤. ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ជានិច្ចទៅលើការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត?
៤ ការផ្សព្វផ្សាយដំណឹងល្អនាំឲ្យយើងមានសុភមង្គលជាខ្លាំង។ ទោះជាយ៉ាងនោះក៏ដោយ យើងនឹងមានអំណរកាន់តែខ្លាំងឡើង ពេលយើងបង្រៀនបុគ្គលម្នាក់អំពីសេចក្ដីពិត និងជួយគាត់ឲ្យដើរតាម«ផ្លូវដែលទៅឯជីវិត»ជាមួយនឹងយើងដែរ។ (ម៉ាថ. ៧:១៤; ១ថែ. ២:១៩, ២០) សំខាន់ជាងនេះទៅទៀត បើយើងផ្ដោតអារម្មណ៍ជានិច្ចទៅលើការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត យើងធ្វើឲ្យព្រះយេហូវ៉ារីករាយ ព្រោះលោក«មិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»វិញ។—២ពេ. ៣:៩