ថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី១៦ ខែវិច្ឆិកា នឹងមានការចែកចាយខិត្តប័ណ្ណពិសេស!
១ ចាប់ពីថ្ងៃច័ន្ទ ទី២០ ខែតុលា អស់រយៈពេលបួនសប្ដាហ៍ យើងនឹងចូលរួមចែកចាយពិសេសនូវខិត្តប័ណ្ណថ្មីមួយដែលមានចំណងជើងតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? យើងសង្ឃឹមថាការចែកចាយពិសេសនេះ ដែលមាននៅទូទាំងពិភពលោក នឹងធ្វើឲ្យមនុស្សច្រើនជាងចាប់អារម្មណ៍ទៅលើប្រភពតែមួយគត់នៃសេចក្ដីពិត។—យ៉ូន. ១៧:១៧
២ នៅក្នុងខិត្តប័ណ្ណមានចម្លើយយ៉ាងចំៗពីគម្ពីរ ចំពោះសំណួរសំខាន់ៗប្រាំមួយដូចជា : «តើព្រះពិតជាយកចិត្តទុកដាក់នឹងយើងទេ?» «តើសង្គ្រាមហើយការឈឺចាប់នឹងមានរហូតឬ?» «តើមានអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់?» «តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សដែលបានស្លាប់ទេ?» «តើខ្ញុំអាចអធិដ្ឋានយ៉ាងណាទើបដឹងថាព្រះស្ដាប់ការអធិដ្ឋានរបស់ខ្ញុំ?» និងសំណួរ«តើសុភមង្គលពិតក្នុងជីវិតមកពីណា?»។ នៅក្នុងវិហារនៃពិភពគ្រិស្តសាសនាពួកគេមិនអាចឆ្លើយសំណួរទាំងនេះ ដែលធ្វើឲ្យមនុស្សស្កប់ចិត្តបានទេ។ សូម្បីតែមនុស្សជាច្រើនដែលមិនមែនជាគ្រិស្តសាសនិកក៏មានចម្ងល់ចំពោះសំណួរទាំងនេះដែរ ហើយពួកគេក៏ប្រហែលជាមិនដឹងថាមានចម្លើយពិតប្រាកដនៅក្នុងគម្ពីរដែរ។ យើងសង្ឃឹមថា សារនេះនឹងធ្វើឲ្យមនុស្សជាច្រើនពេញចិត្ត។
៣ ចែកចាយគ្រប់ក្នុងតំបន់ផ្សាយ : បើអាចធ្វើទៅបាន ចូរខំប្រឹងចែកចាយពីផ្ទះមួយទៅផ្ទះមួយក្នុងតំបន់ផ្សាយឲ្យបានច្រើនបំផុត។ សូមកុំភ្លេចចែកខិត្តប័ណ្ណថ្មីនេះចំពោះអ្នកជិតខាង សាច់ញាតិ អ្នកធ្វើការជាមួយ សិស្សរួមថ្នាក់ និងអ្នកឯទៀតដែលអ្នកជួបនិយាយជាញយៗ។ ប្រហែលជាអ្នកអាចរៀបចំកាលវិភាគមួយ ដើម្បីអាចចុះឈ្មោះធ្វើជាអ្នកផ្សព្វផ្សាយជំនួយនៅខែតុលា ឬខែវិច្ឆិកា។ តើអ្នកមានកូន ឬសិស្សគម្ពីរដែលកំពុងតែរីកចម្រើន និងមានលក្ខណៈគ្រប់គ្រាន់អាចចុះឈ្មោះផ្សព្វផ្សាយ ដើម្បីចែកខិត្តប័ណ្ណជាមួយយើងឬទេ? បើមានដូច្នេះ សូមទៅជម្រាបអ្នកចាស់ទុំ។
៤ អ្វីដែលអាចនិយាយ : ដើម្បីផ្សព្វផ្សាយអំពីសារនេះឲ្យបានច្រើនដល់មនុស្ស យកល្អកុំឲ្យយើងនិយាយយូរពេក។ យើងគ្រាន់តែសួរសំណួរទាំងប្រាំមួយនោះ តើម្ចាស់ផ្ទះចាប់អារម្មណ៍មួយណា? ក្រោយមកបង្ហាញប្រធានចំពោះចម្លើយក្នុងខិត្តប័ណ្ណ។ ដោយធ្វើដូច្នេះ អ្នកផ្សាយម្នាក់ៗអាចកែប្រែពាក្យផ្សាយនោះទៅតាមសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះ។ បើមើលទៅម្ចាស់ផ្ទះដូចជាមានចំណាប់អារម្មណ៍ សូមសរសេរកំណត់ទុក ហើយទៅជួបគេវិញម្ដងទៀត។ នៅចុងសប្ដាហ៍ ប្រហែលជាយើងអាចផ្ដល់ខិត្តប័ណ្ណនោះជាមួយទស្សនាវដ្ដីថ្មីៗ។ បន្ទាប់ពីចប់ការចែកចាយខិត្តប័ណ្ណនៅថ្ងៃទី១៦ ខែវិច្ឆិកានោះ យើងនឹងផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន។ បើមានខិត្តប័ណ្ណថ្មីនៅសល់ អាចប្រើផ្សព្វផ្សាយធម្មតាដូចខិត្តប័ណ្ណឯទៀតដែរ។
៥ ចាប់ផ្ដើមបង្រៀនគម្ពីរ : ខិត្តប័ណ្ណនេះរៀបចំឡើងជាពិសេស ដើម្បីជួយយើងឲ្យមានការចាប់ផ្ដើមបង្រៀនគម្ពីរ។ ពេលធ្វើការត្រឡប់ទៅជួបអ្នកដែលបានបង្ហាញចំណាប់អារម្មណ៍នោះ ប្រហែលជាអ្នកអាចសួរគាត់ថា តើចំណុចមួយណាបានជួយសម្រាលទុក្ខ ឬធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាល? សូមបង្ហាញគាត់នៅទំព័រចុងក្រោយនៃខិត្តប័ណ្ណ ដែលពន្យល់ពីរបៀបរៀនគម្ពីរ ហើយឲ្យគាត់សៀវភៅព្រះគម្ពីរបង្រៀនមួយក្បាល។ ប្រសិនបើអាចធ្វើបាន សូមពិនិត្យមើលជាមួយគ្នាជាសង្ខេបមួយឬពីរវគ្គ ពីជំពូកដែលទាក់ទងនឹងព័ត៌មានដែលបានលើកយកមកពិភាក្សា។
៦ ព្រះយេហូវ៉ាកំពុងតែស្វែងរកអស់អ្នកដែលនឹងមកថ្វាយបង្គំទ្រង់«ដោយវិញ្ញាណ និងសេចក្ដីពិត»។ (យ៉ូន. ៤:២៣) សូមឲ្យយើងទាំងអស់គ្នារួមចំណែកក្នុងការចែកចាយពិសេសនេះ ដើម្បីជួយអ្នកឯទៀតឲ្យបានស្គាល់សេចក្ដីពិត!