បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៧ ជំ. ១០ ទំ. ៣-៤
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • ការ​បម្រើ​ជា​អ្នក​ផ្សាយ​ក្នុង​ក្រុម​ជំនុំ
  • ការ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង
  • ការ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៧/០៧ ជំ. ១០ ទំ. ៣-៤

ជំពូក​ទី​១០

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

របៀប​ដែល​អ្នក​អាច​ពង្រីក​ កិច្ច​បម្រើ​របស់​អ្នក

ពេល​ដែល​ព្រះ​យេស៊ូ​ចាត់​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​គាត់​ថា​៖ ​«​ចំ​រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ​»។ ដោយសារ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ នោះ​ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា​៖ ​«​ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំ​រូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំ​រូត​ទ្រង់​»។ (​ម៉ាថ. ៩:៣៧, ៣៨​) ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សិស្ស​អំពី​របៀប​ដែល​ពួក​គាត់​អាច​បំពេញ​កិច្ច​ផ្សព្វផ្សាយ។ បន្ទូល​របស់​ទ្រង់​បញ្ជាក់​អំពី​ភាព​បន្ទាន់​មួយ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ​»។—ម៉ាថ. ១០:២៣

សព្វ​ថ្ងៃ​នេះ​ក៏​មាន​សេចក្ដី​ត្រូវ​ការ​ដ៏​ធំ​មួយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ដែរ។ ពេល​វេលា​ដែល​នៅ​សល់​កាន់​តែ​ខ្លី​ទៅ ហើយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ត្រូវ​តែ​បាន​ផ្សព្វផ្សាយ​មុន​នឹង​ទី​បញ្ចប់​មក​ដល់។ (​ម៉ាក. ១៣:១០​) ដោយសារ​ពិភព​លោក​ជា​តំបន់​ផ្សាយ នោះ​ជា​ការ​ពិត​ណាស់​ដែល​យើង​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានភាព​ស្រ​ដៀង​គ្នា​នឹង​អ្វី​ដែល​ព្រះ​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​បាន​ឆ្លង​កាត់។ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ឆ្លង​កាត់​មាន​កម្រិត​ធំ​ជាង​ឆ្ងាយ​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​បាន​ឆ្លង​កាត់។ យើង​ក៏​មាន​គ្នា​តិច​ដែរ បើ​ប្រៀប​នឹង​ចំនួន​មនុស្ស​រាប់​ពាន់​លាន​នៅ​ក្នុង​ពិភព​លោក ប៉ុន្តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ហស្ត​ព្រះ​យេហូវ៉ា​មិន​ខ្លី​ទេ។ ទ្រង់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ត្រូវ​ប្រកាស​ផ្សាយ​ទូ​ទាំង​ផែនដី។ ដំណឹង​ល្អ​នឹង​ត្រូវ​ប្រកាស​ប្រាប់ ហើយ​ទី​បញ្ចប់​នឹង​មក​ដល់ ទាន់​ពេល​វេលា​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់។ នៅ​ពេល​ទី​បញ្ចប់​នោះ​មក​ដល់ តើ​យើង​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គល​ដែល​បំពេញ​ភារកិច្ច​របស់​យើង​យ៉ាង​ស្មោះ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឬ​ទេ? (​អេសេ. ៣៣:៨, ៩​) តើ​យើង​នឹង​ទុក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង​ឥឡូវ​នេះ ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ពេញ​ទំហឹង​ទេ? ដើម្បី​ធ្វើ​ដូច្នេះ តើ​យើង​ខំ​ប្រឹង​បំពេញ​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

ដោយ​ប្រាប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​ម្នាក់​ៗ​ជា​អ្នក​បម្រើ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន ព្រះ​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ​អម្ចាស់​[​ព្រះ​យេហូវ៉ា​] ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង​»។ (​ម៉ាក. ១២:៣០​) ព្រះ​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នេះ​មាន​ន័យ​ថា ដោយ​ធ្វើ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ម្នាក់​ៗ​អាច​សម្ដែង​ភក្ដីភាព​របស់​យើង​ខ្លាំង​ប៉ុណ្ណា ហើយ​សម្ដែង​ពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ដោយ​ចិត្ត​ស្មោះ​ស។ (​២ធី. ២:១៥​) តាម​កាលៈទេសៈ​និង​សមត្ថភាព យើង​ម្នាក់​ៗ​មាន​របៀប​ជា​ច្រើន​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ។ សូម​ពិចារណា​ពី​របៀប​ខ្លះ​ៗ​ទាំង​នេះ ហើយ​សម្រេច​ចិត្ត​ថា​គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ​មួយ​ណា ដែល​អ្នក​នឹង​ខំ​ប្រឹង​បំពេញ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​របស់​អ្នក។

ការ​បម្រើ​ជា​អ្នក​ផ្សាយ​ក្នុង​ក្រុម​ជំនុំ

អស់​អ្នក​ដែល​ក្រសោប​យក​សេចក្ដី​ពិត​មាន​ឯកសិទ្ធិ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ។ នេះ​ជា​កិច្ចការ​ដ៏​ចាំបាច់​ដែល​ព្រះ​យេស៊ូ​ប្រគល់​ឲ្យ​សិស្ស​របស់​ទ្រង់​ធ្វើ។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) ធម្មតា​ពេល​ដែល​សិស្ស​ព្រះ​យេស៊ូ​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​ដំណឹង​ល្អ នោះ​គាត់​ចាប់​ផ្ដើម​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត។ នេះ​ជា​អ្វី​ដែល​អនទ្រេ ភីលីព កូនេលាស និង​អ្នក​ឯ​ទៀត​បាន​ធ្វើ។ (​យ៉ូន. ១:​៤០, ៤១, ៤៣​-​៤៥; កិច្ច. ១០:១, ២, ២៤; ១៦:១៤, ១៥, ២៥​-​៣៤​) តើ​នេះ​មាន​ន័យ​ថា​បុគ្គល​ម្នាក់​អាច​ចូល​រួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​មុន​ដែល​បាន​ត្រូវ​ជ្រមុជ​ទឹក​ឬ​ទេ? ពិត​មែន។ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​នៅ​ក្នុង​ក្រុម​ជំនុំ គាត់​អាច​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្យ៉ាង​ទៀត តាម​កាលៈទេសៈ​និង​សមត្ថភាព គាត់​អាច​ចូល​រួម​យ៉ាង​ទៀងទាត់​ក្នុង​វិធី​ផ្សព្វផ្សាយ​ឯ​ទៀត​ជា​ពួក​គ្រិស្ត​សាសនិក។

ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ដែល​បាន​ត្រូវ​ជ្រមុជ​ទឹក អ្នក​ពិត​ជា​ចង់​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​រៀន​អំពី​ដំណឹង​ល្អ។ ទាំង​បុរស​ទាំង​ស្ត្រី​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ដែល​ព្រះ​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ។ យើង​ទាំង​អស់​គ្នា​គួរ​ទុក​គំរូ​ដ៏​ល្អ​ក្នុង​ការ​បំពេញ​តួ​នាទី​របស់​ខ្លួន​ក្នុង​ក្រុម​ជំនុំ។ (​១ធី. ២:៩​-​១៥; ទីត. ២:១​-​១០; ១ពេ. ៥:៥​) កាល​ណា​ភាព​ចាស់​ទុំ​របស់​បុរស​ក្នុង​ក្រុម​ជំនុំ​កាន់​តែ​ប្រសើរ​ឡើង​ៗ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ ហើយ​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​សេចក្ដី​តម្រូវ​ក្នុង​ព្រះ​គម្ពីរ នោះ​ប្រហែល​អាច​តែងតាំង​ជា​អ្នក​ងារ​ជំនួយ។ (​១ធី. ៣:៨​-​១០, ១២, ១៣​) អ្នក​ងារ​ជំនួយ​ដែល​ចង់​ទទួល​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ ហើយ​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​សេចក្ដី​តម្រូវ​នៅ​ព្រះ​គម្ពីរ ត្រូវ​បាន​តែងតាំង​ឲ្យ​បម្រើ​ជា​អ្នក​ចាស់​ទុំ។ ពួក​គេ​បង្រៀន​និង​គង្វាល​ក្នុង​ក្រុម​ជំនុំ។ (​១ធី. ៣:១​-​៧; ទីត. ១:៥​-​៩​) គឺ​ជា​ឯកសិទ្ធិ​មែន​សូម្បី​តែ​មាន​ចំណែក​បន្ដិច​បន្តួច​ក៏​ដោយ ដើម្បី​ឲ្យ​ប្រយោជន៍​ព្រះ​រាជាណាចក្រ​របស់​ព្រះ​រីក​ចម្រើន​កាន់​តែ​ច្រើន​ឡើង។ អ្នក​ណា​ដែល​អាច​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន​ដើម្បី​ទទួល​ឯកសិទ្ធិ​បម្រើ​បន្ថែម ច្បាស់​ជា​មាន​សុភមង្គល​មែន។

ការ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង

ប្រហែល​អ្នក​បម្រើ​នៅ​ក្រុម​ជំនុំ​ដែល​តំបន់​ផ្សាយ​បាន​ធ្វើ​ជា​រឿយ​ៗ ហើយ​ក្រុម​ជំនុំ​កំពុង​ផ្សព្វផ្សាយ​យ៉ាង​ល្អ​នៅ​ទី​នោះ។ បើ​ដូច្នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា អាច​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក ដោយ​ផ្លាស់​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​ច្រើន​ជាង។ (​កិច្ច. ១៦:៩​) អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​របស់​អ្នក​ប្រហែល​មាន​យោបល់​នូវ​របៀប​ដែល​អ្នក​អាច​ជួយ​ក្រុម​ជំនុំ​ឯ​ទៀត​នៅ​ក្នុង​មណ្ឌល។ ប្រសិន​បើ​អ្នក​មាន​ចិត្ត​ចង់​បម្រើ​នៅ​តំបន់​ឯ​ទៀត​ក្នុង​ប្រទេស​របស់​អ្នក អ្នក​អាច​សរសេរ​សំបុត្រ​សុំ​ព័ត៌មាន​ពី​ការិយាល័យ​សាខា។ ប្រសិន​បើ​អ្នក​កំពុង​តែ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ ប្រហែល​មាន​ក្រុម​ជំនុំ​ឯ​ទៀត​នៅ​ក្នុង​ប្រទេស​របស់​អ្នក ដែល​នឹង​អបអរ​ពី​ជំនួយ​របស់​អ្នក​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​ជំនុំ​នោះ។

តើ​អ្នក​ចង់​ឲ្យ​ផល​ប្រយោជន៍​ព្រះ​រាជាណាចក្រ​នៅ​ប្រទេស​ក្រៅ​រីក​ចម្រើន​ឬ​ទេ? ប្រសិន​បើ​អ្នក​ចង់ អ្នក​ត្រូវ​ពិចារណា​អំពី​រឿង​នេះ​ដោយ​ប្រយ័ត្នប្រយែង។ ការ​ផ្លាស់​ប្រទេស​ពិត​ជា​មាន​ឥទ្ធិពល​លើ​អ្នក និង​អស់​អ្នក​ដែល​ទៅ​ជា​មួយ​អ្នក។ (​លូ. ១៤:២៨​) ប្រសិន​បើ​អ្នក​មិន​មាន​គម្រោង​នៅ​ទី​នោះ​យូរ​ទេ ប្រហែល​ល្អ​ជាង​បើ​អ្នក​គិត​អំពី​ការ​បម្រើ​នៅ​តំបន់​ក្នុង​ប្រទេស​ខ្លួន។

មុន​អាច​ទទួល​ឈ្មោះ​ពី​ក្រុម​ជំនុំ​ដែល​អ្នក​អាច​ជួយ​បាន ការិយាល័យ​សាខា​នៅ​ប្រទេស​អ្នក​ឬ​ប្រទេស​ឯ​ទៀត ត្រូវ​ការ​សំបុត្រ​ពី​គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​របស់​អ្នក ដែល​បញ្ជាក់​ថា​អ្នក​មាន​លក្ខណៈ​គ្រប់គ្រាន់។ មិន​ថា​អ្នក​កំពុង​បម្រើ​ជា​អ្នក​ចាស់​ទុំ អ្នក​ងារ​ជំនួយ អ្នក​ត្រួសត្រាយ ឬ​ក៏​អ្នក​ផ្សាយ​ក៏​ដោយ សំបុត្រ​នេះ​ត្រូវ​ការ​ជា​ចាំបាច់។ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​នឹង​ផ្ញើ​សំបុត្រ​នោះ​ជា​មួយ​នឹង​សំណួរ​របស់​អ្នក​ទៅ​ដល់​ការិយាល័យ​សាខា​នៅ​ប្រទេស​ដែល​អ្នក​ចង់​បម្រើ។

ប្រសិន​បើ​អ្នក​មាន​ចិត្ត​ចង់​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង សូម​ពិភាក្សា​រឿង​នេះ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុមជំនុំ​របស់​អ្នក។ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​អាច​ជួយ​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ចង់​ផ្លាស់​ទៅ​រស់​នៅ​តំបន់​ថ្មី ឬ​ពួក​អ្នក​ចាស់​ទុំ​រក​វី​ធី​ណា​ក៏​ដោយ​ដែល​អ្នក​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ថ្ងៃ​មុខ​ដើម្បី​អាច​បម្រើ​នៅ​ទី​នោះ​បាន។

ការ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង

អ្នក​អាច​គិត​អំពី​ការ​រៀន​ភាសា​ណា​មួយ​ទៀត ដែល​រួម​ទាំង​ភាសាគ ដើម្បី​ពង្រីក​កិច្ច​បម្រើ​របស់​អ្នក។ នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​ចេះ​និយាយ​ពីរ​ភាសា មាន​ទាំង​មាតា​បិតា​ទាំង​យុវ​វ័យ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង ដើម្បី​ស្វែង​រក​ប្រយោជន៍​ព្រះ​រាជាណាចក្រ​ឲ្យ​បាន​ពេញ​ទំហឹង។ ប្រសិន​បើ​អ្នក​មាន​គោល​ដៅ​រៀន​ភាសា​មួយ​ទៀត​ដើម្បី​ផ្សព្វផ្សាយ សូម​ពិភាក្សា​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ ពួក​គេ​អាច​ជូន​យោបល់ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដែល​ពិត​ជា​ត្រូវ​ការ។ នៅ​ក្រោម​ការ​ណែនាំ​របស់​ការិយាល័យ​សាខា មាន​មណ្ឌល​ខ្លះ​ៗ​បាន​រៀបចំ​ថ្នាក់​រៀន​ភាសា ដើម្បី​ចេះ​ផ្សព្វផ្សាយ​ដល់​ជន​អន្ដោប្រវេសន៍​នៅ​តំបន់​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក