បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៦ ទំ. ៦៤-៧៣
  • តើមនុស្សស្លាប់ទៅទីណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមនុស្សស្លាប់ទៅទីណា?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តាម​ពិត​តើ​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ស្លាប់?
  • បន្ទូល​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​សេចក្ដី​ស្លាប់
  • មូលហេតុ​ដែល​មនុស្ស​ស្លាប់
  • ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​មាន​ប្រយោជន៍
  • តើមនុស្សស្លាប់ទៅទីណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ហេតុអ្វីយើងទៅជាចាស់ហើយស្លាប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៦ ទំ. ៦៤-៧៣

ជំពូក​ទី​ប្រាំ​មួយ

តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?

តើ​មាន​អ្វី​កើត​ឡើង​ដល់​យើង​នៅ​ពេល​ដែល​ស្លាប់?

ហេតុ​អ្វី​យើង​ស្លាប់?

តើ​ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​អាច​សម្រាល​ទុក្ខ​យើង​បាន​ទេ?

១​-​៣​. តើ​មនុស្ស​សួរ​សំនួរ​អ្វី​ខ្លះ​អំពី​សេចក្ដី​ស្លាប់? តើ​សាសនា​ផ្សេង​ៗ​ឆ្លើយ​ដូច​ម្ដេច?

អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​បាន​ឆ្ងល់​សំនួរ​ដូច​ខាង​លើ​នេះ។ សំនួរ​ទាំង​នេះ​គឺ​សំខាន់។ មិន​ថា​យើង​ជា​អ្នក​ណា​ក៏​ដោយ​ឬ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​សំនួរ​ទាំង​នេះ​ទាក់​ទង​នឹង​យើង​ម្នាក់​ៗ​ដែរ។

២ ក្នុង​ជំពូក​មុន យើង​បាន​រៀន​នូវ​មូលហេតុ​ដែល​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​បាន​ជីវិត​ជា​រៀង​រហូត។ យើង​ក៏​បាន​រៀន​អំពី​បទ​ទំនាយ​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​ប្រាប់​ថា​នឹង​មាន​គ្រា​ដែល​«​គ្មាន​សេចក្ដី​ស្លាប់​»​ទៀត​ឡើយ។ (​វិវរណៈ ២១:៤​) ឥឡូវ​នេះ មុន​ដែល​គ្រា​នោះ​មក​ដល់ យើង​នៅ​តែ​ស្លាប់​នៅ​ឡើយ។ ស្តេច​សាឡូម៉ូន អ្នក​ប្រាជ្ញ​មួយ​អង្គ​បាន​មាន​បន្ទូល​ថា​៖ ​«​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន​»។ (​សាស្ដា ៩:៥​) ធម្មតា​យើង​ខំ​រស់​ឲ្យ​បាន​យូរ​បំផុត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ឆ្ងល់​ថា​តើ​អ្វី​នឹង​កើត​ឡើង​ដល់​យើង​ពេល​ដែល​ស្លាប់?

៣ នៅ​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ នោះ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ ពេល​នោះ យើង​ក៏​ប្រហែល​ជា​ឆ្ងល់​ថា តើ​អ្វី​បាន​កើត​ឡើង​ដល់​គាត់? តើ​គាត់​កំពុង​តែ​រង​ទុក្ខ​ឬ? តើ​គាត់​កំពុង​តែ​មើល​ថែ​រក្សា​ខ្ញុំ​ទេ? តើ​យើង​អាច​ជួយ​គាត់​បាន​ឬ​ទេ? តើ​ខ្ញុំ​អាច​ជួប​គាត់​ម្ដង​ទៀត​ទេ? សាសនា​ផ្សេង​ៗ​ឆ្លើយ​ខុស​ៗ​គ្នា។ សាសនា​ខ្លះ​បង្រៀន​ថា ប្រសិន​បើ​យើង​ធ្វើ​អំពើ​ល្អ នោះ​ពេល​យើង​ស្លាប់​យើង​ឡើង​ទៅ​ស្ថាន​សួគ៌​តែ​បើ​យើង​ធ្វើ​អំពើ​អាក្រក់​វិញ​យើង​ស្លាប់​ទៅ​ចូល​ស្ថាន​នរក​រង​ទុក្ខ​ក្នុង​ភ្លើង។ សាសនា​ឯ​ទៀត​បង្រៀន​ថា ពេល​ដែល​មនុស្ស​ស្លាប់​ពួក​គេ​កើត​ក្នុង​សុគតិ​ភព​ដើម្បី​នៅ​ជា​មួយ​នឹង​ជីដូន​ជីតា។ រីឯ​សាសនា​ផ្សេង​ទៀត​បង្រៀន​ថា​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ភព​មួយ​ផ្សេង​ទៀត​រង់​ចាំ​ការ​ជំនុំ​ជំ​រះ ហើយ​បន្ទាប់​មក​ពួក​គេ​ចាប់​ជាតិ។

៤​. តើ​សាសនា​ជា​ច្រើន​បង្រៀន​យ៉ាង​ណា​អំពី​សេចក្ដី​ស្លាប់?

៤ សាសនា​ទាំង​នោះ​បង្រៀន​អ្វី​មួយ​ដូច​ៗ​គ្នា​ទាំង​អស់ គឺ​ពេល​ដែល​រូប​កាយ​ស្លាប់​ទៅ មាន​អ្វី​មួយ​ទៀត​ចេញ​ពី​រូប​កាយ​បន្ត​រស់​នៅ។ សាសនា​ស្ទើរតែ​ទាំង​អស់ មិន​ថា​នៅ​សម័យ​បុរាណ​ឬ​នៅ​សម័យ​នេះ​ក៏​ដោយ ក៏​នៅ​បង្រៀន​ថា យើង​នឹង​រស់​ជា​រៀង​រហូត​ដោយ​អាច​មើល​ឃើញ ស្ដាប់​ឮ ហើយ​គិត​ពិចារណា​បាន។ ប៉ុន្តែ​គំនិត ចក្ខុ​វិញ្ញាណ និង​វិញ្ញាណ​បួន​ទៀត​របស់​យើង​គឺ​ជាប់​ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ខួរ​ក្បាល។ នៅ​ពេល​ដែល​យើង​ស្លាប់​ទៅ ខួរ​ក្បាល​របស់​យើង​ឈប់​មាន​ដំណើរ​ការ​ហើយ។ ដូច្នេះ​តើ​យើង​អាច​បន្ត​រស់​ដូច​ម្ដេច​បាន? ការ​ចង​ចាំ​និង​វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង​ឈប់​ដំណើរ​ការ​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​យើង​ឈប់​មាន​ដំណើរ​ការ។

តាម​ពិត​តើ​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ស្លាប់?

៥, ៦​. តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

៥ អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​ពេល​ដែល​ស្លាប់​មិន​មែន​ជា​រឿង​អាថ៌​កំបាំង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ ដ្បិត​ទ្រង់​បាន​បង្កើត​ខួរ​ក្បាល​យើង។ ទ្រង់​ជ្រាប​នូវ​ការ​ពិត ហើយ​ក៏​ពន្យល់​នូវ​ស្ថានភាព​មនុស្ស​ស្លាប់​តាម​រយៈ​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ជាក់​ច្បាស់​ថា នៅ​ពេល​ដែល​មនុស្ស​ស្លាប់​ពួក​គេ​ក៏​សូន្យ​ទៅ។ សេចក្ដី​ស្លាប់​គឺ​ផ្ទុយ​ពី​ជីវិត។ មនុស្ស​ស្លាប់​ពុំ​អាច​មើល​ឃើញ ស្ដាប់​ឮ ឬ​គិត​បាន​ឡើយ។ ក្រោយ​រូប​កាយ​ស្លាប់​ទៅ គ្មាន​ផ្នែក​ណា​មួយ​សោះ​ដែល​បន្ត​រស់។ យើង​គ្មាន​ព្រលឹង​អមតៈ​ឬ​វិញ្ញាណ​អមតៈ​នោះ​ទេ។a

៦ ក្រោយ​ស្តេច​សាឡូម៉ូន​បាន​បញ្ជាក់​ថា​មនុស្ស​រស់​ដឹង​ថា​ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន​នោះ ទ្រង់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។ ស្តេច​សាឡូម៉ូន​ក៏​បាន​ពន្យល់​ថែម​ទៀត​ថា មនុស្ស​ស្លាប់​មិន​អាច​ស្រឡាញ់​ឬ​ក៏​ស្អប់​អ្នក​ណា​ឡើយ ហើយ​«​នៅ​ក្នុង[​ផ្នូរ​] . . . គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​ឡើយ​»។ (​សាស្ដា ៩:៥, ៦, ១០, កំណែ​ជា​អក្សរ​ទ្រេត​) ស្រដៀង​គ្នា​ដែរ ទំនុក​ដំកើង ១៤៦:៤​ប្រាប់​ថា នៅ​ពេល​ដែល​មនុស្ស​ស្លាប់​«​អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ​»។ យើង​គ្មាន​ជីវិត​អមតៈ​ឡើយ ហើយ​ក៏​មិន​បន្ត​រស់​ក្រោយ​ពី​រូប​កាយ​ស្លាប់​ដែរ។ ជីវិត​របស់​យើង​គឺ​ដូច​ជា​ភ្លើង​ទៀន។ នៅ​ពេល​ភ្លើង​នោះ​រលត់ វា​មិន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ។ វា​គ្រាន់​តែ​រលត់​បាត់​ទៅ។

បន្ទូល​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​សេចក្ដី​ស្លាប់

៧​. តើ​ព្រះ​យេស៊ូ​បាន​ពន្យល់​ថា​សេចក្ដី​ស្លាប់​គឺ​ដូច​ជា​អ្វី?

៧ ព្រះ​យេស៊ូ​គ្រីស្ទ​ធ្លាប់​មាន​បន្ទូល​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ពេល​ដែល​ឡាសារ សំឡាញ់​របស់​ទ្រង់​បាន​ស្លាប់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ថា​៖ ​«​ឡាសារ​ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ​»។ សិស្ស​របស់​ព្រះ​យេស៊ូ​បាន​នឹក​ស្មាន​ថា ទ្រង់​ចង់​មាន​បន្ទូល​ថា​ឡាសារ​កំពុង​តែ​សំ​រាក​ដើម្បី​អាច​ជា​ពី​ជំងឺ។ ប៉ុន្តែ​ពួក​គេ​បាន​ស្មាន​ខុស។ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​ឡាសារ​ស្លាប់​ហើយ​»។ (​យ៉ូហាន ១១:១១​-​១៤​) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​បាន​ប្រៀប​ធៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។ ឡាសារ​មិន​បាន​ទៅ​ស្ថាន​សួគ៌​ឬ​នៅ​ក្នុង​ភ្លើង​នរក​ទេ។ គាត់​មិន​បាន​ជួប​នឹង​ពួក​ទេវតា​ឬ​ជីដូន​ជីតា​ឡើយ។ ឡាសារ​មិន​បាន​ចាប់​ជាតិ​ជា​មនុស្ស​ផ្សេង​ទៀត​ឡើយ។ គាត់​បាន​ស្លាប់ ហើយ​ស្ថិត​ក្នុង​សភាព​មួយ​ដូច​ជា​កំពុង​តែ​ដេក​លក់​ស្កប់​ស្កល់​ដោយ​មិន​យល់សប្ដិ​ឡើយ។ បទ​គម្ពីរ​ឯ​ទៀត​ក៏​ប្រៀប​ធៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់​ដែរ។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ឈ្មោះ​ស្ទេផាន​ត្រូវ​បាន​គេ​គប់​ថ្ម​សំឡាប់​នោះ ព្រះ​គម្ពីរ​ប្រាប់​ថា​គាត់​«​ក៏​ដេក​លក់​ទៅ​»។ (​កិច្ច​ការ ៧:៦០​) ស្រដៀង​គ្នា​ដែរ សាវ័ក​ប៉ុល​បាន​សរសេរ​ថា អ្នក​ខ្លះ​នៅ​សម័យ​របស់​គាត់​បាន​«​ដេក​លក់​ទៅ​ហើយ​»​ឬ​ស្លាប់​ទៅ។—កូរិនថូស​ទី១ ១៥:៦

៨​. ហេតុ​អ្វី​យើង​ដឹង​ថា ព្រះ​គ្មាន​គោល​បំណង​ឲ្យ​មនុស្ស​ស្លាប់​នោះ?

៨ តើ​គោល​បំណង​ដើម​របស់​ព្រះ​ចង់​ឲ្យ​មនុស្ស​ស្លាប់​ទេ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ដូច​ដែល​យើង​បាន​រៀន​ក្នុង​ជំពូក​មុន ព្រះ​បាន​ដាក់​មនុស្ស​ដំបូង​ក្នុង​សួន​មនោ​រម្យ​មួយ។ ទ្រង់​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​សុខភាព​គ្រប់​ល័ក្ខណ៍។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ទទួល​តែ​សេចក្ដី​ល្អ​ទេ។ តើ​មាតា​ឬ​បិតា​ណា​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចង់​ឲ្យ​កូន​របស់​គាត់​ចាស់​ជរា ឈឺ​ចាប់ ហើយ​ស្លាប់​ទេ? ពិត​ជា​មិន​ចង់​ទេ! ព្រះ​យេហូវ៉ា​ក៏​ស្រឡាញ់​កូន​របស់​ទ្រង់​ដែរ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដោយ​មាន​សុភមង្គល។ ស្តី​អំពី​មនុស្ស​ជាតិ ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ​»។ (​សាស្ដា ៣:១១​) ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​រស់​ជា​រៀង​រហូត ហើយ​ក៏​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​រស់​ជា​រៀង​រហូត​ដូច​ជា​ចិត្ត​ប៉ង។

មូលហេតុ​ដែល​មនុស្ស​ស្លាប់

៩​. តើ​ព្រះ​យេហូវ៉ា​បាន​ដាក់​បំរាម​អ្វី​លើ​អ័ដាម? ហេតុ​អ្វី​បាន​ជា​បង្គាប់​នេះ​មិន​ពិបាក​ធ្វើ​តាម?

៩ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្លាប់? ដើម្បី​ឆ្លើយ​សំនួរ​នេះ មុន​ដំបូង​យើង​ត្រូវ​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​មាន​បុរស​តែ​ម្នាក់​និង​ស្ត្រី​តែ​ម្នាក់​នៅ​ផែន​ដី។ ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច​ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង​»។ (​លោកុប្បត្តិ ២:៩​) ក៏​ប៉ុន្តែ​មាន​បំរាម​មួយ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ដាម​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៦, ១៧​) បង្គាប់​នេះ​មិន​មែន​ពិបាក​ធ្វើ​តាម​ឡើយ។ អ័ដាម​និង​អេវ៉ា​អាច​បរិភោគ​ពី​ដើម​ជា​ច្រើន​ឯ​ទៀត​ដែល​មាន​ផ្លែ។ ប៉ុន្តែ​បង្គាប់​នេះ​បាន​ទុក​ឱកាស​ឲ្យ​ពួក​គាត់​បង្ហាញ​នូវ​កតញ្ញូ​ធម៌​ចំពោះ​អ្នក​ដែល​បាន​ប្រទាន​អ្វី​ៗ​ទាំង​អស់​ដល់​ពួក​គាត់ រួម​ទាំង​ជីវិត​គ្រប់​ល័ក្ខណ៍​ផង​ដែរ។ ការ​ស្ដាប់​បង្គាប់​ក៏​នឹង​បង្ហាញ​ថា ពួក​គាត់​គោរព​នូវ​អំណាច​របស់​ព្រះ​វរបិតា ហើយ​ចង់​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បាន​ណែនាំ​ដោយ​សេចក្ដី​ស្រឡាញ់។

១០, ១១​. (​ក​) តើ​អ្វី​បាន​នាំ​ឲ្យ​បុរស​និង​ស្ត្រី​ដំបូង​មិន​ស្ដាប់​បង្គាប់​ព្រះ? (​ខ​) ហេតុ​អ្វី​នេះ​ជា​រឿង​ធ្ងន់​ធ្ងរ​ម្ល៉េះ​ដែល​អ័ដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ?

១០ គួរ​ឲ្យ​ស្ដាយ​ណាស់ បុរស​និង​ស្ត្រី​ដំបូង​នោះ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ សាតាំង​បាន​និយាយ​តាម​រយៈ​សត្វ​ពស់​មួយ​ក្បាល​ដោយ​សួរ​អេវ៉ា​ថា​៖ ​«​តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?​»។ អេវ៉ា​បាន​តប​ឆ្លើយ​ថា​៖ ​«​យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ​នោះ ព្រះ​ទ្រង់​មាន​បន្ទូល​ថា ‹កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង​លោ​ស្លាប់› ​»។—លោកុប្បត្តិ ៣:១​-​៣

១១ សាតាំង​បាន​តប​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ។ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ (​លោកុប្បត្តិ ៣:៤, ៥​) សាតាំង​ចង់​ឲ្យ​អេវ៉ា​ជឿ​ថា នាង​នឹង​ទទួល​ផល​ប្រយោជន៍​បើ​បរិភោគ​ផ្លែ​ដែល​ព្រះ​ហាម​នោះ។ យោង​ទៅ​តាម​សំ​ដី​របស់​សាតាំង អេវ៉ា​នាង​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា អ្វី​គឺ​ល្អ អ្វី​គឺ​អាក្រក់ ឬ​នាង​អាច​ធ្វើ​តាម​អំពើ​ចិត្ត​បាន។ សាតាំង​ក៏​បាន​ចោទ​ប្រកាន់​ថា ព្រះ​យេហូវ៉ា​បាន​ភូត​កុហក​អំពី​លទ្ធផល​ដែល​នាង​នឹង​ទទួល​បន្ទាប់​ពី​បរិភោគ​ផ្លែ​ឈើ​នោះ។ អេវ៉ា​បាន​ជឿ​សាតាំង។ ដូច្នេះ នាង​ក៏​បាន​បេះ​ផ្លែ​ឈើ​នោះ​យក​មក​បរិភោគ​ទៅ។ រួច​មក​នាង​ឲ្យ​ផ្លែ​នោះ​ដល់​ប្ដី ហើយ​គាត់​ក៏​បាន​បរិភោគ​ខ្លះ​ដែរ។ ពួក​គាត់​មិន​មែន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង​ថា​ខ្លួន​ខុស​នោះ​ទេ។ ពួក​គាត់​ដឹង​ថា អ្វី​ដែល​បាន​ប្រព្រឹត្ត​គឺ​ជា​អ្វី​ដែល​ព្រះ​ហាម​តែ​ម្ដង។ ដោយ​បរិភោគ​ផ្លែ​ឈើ​នោះ ពួក​គាត់​មិន​ស្ដាប់​តាម​ដោយ​ចេតនា​នូវ​បង្គាប់​ដែល​សម​ហេតុ​សម​ផល​និង​ស្រួល​ធ្វើ​តាម​នេះ។ នោះ​ក៏​បាន​បង្ហាញ​ថា​ពួក​គាត់​មើល​ងាយ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ហើយ​អំណាច​របស់​ទ្រង់។ ការ​មើល​ងាយ​មិន​គោរព​ព្រះ​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច្នេះ​មិន​អាច​អត់​ឱន​ទោស​ឲ្យ​បាន​ទេ!

១២​. ដើម្បី​ជួយ​ឲ្យ​យើង​យល់​នូវ​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​អ័ដាម​និង​អេវ៉ា​សម្រេច​ចិត្ត​ប្រឆាំង​ទ្រង់ តើ​យើង​អាច​គិត​អំពី​អ្វី?

១២ ជា​ឧទាហរណ៍: តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​កូន​ដែល​អ្នក​បាន​ចិញ្ចឹម បែរ​ជា​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក និង​មិន​ព្រម​ស្ដាប់​បង្គាប់​អ្នក​នោះ? អ្នក​នឹង​ឈឺ​ចិត្ត​ណាស់! បើ​ដូច្នេះ សូម​គិត​អំពី​ព្រះ​យេហូវ៉ា​ទ្រង់​ឈឺ​ព្រះ​ទ័យ​ប៉ុន​ណា​ដោយ​សារ​ទាំង​អ័ដាម​ទាំង​អេវ៉ា​បាន​សម្រេច​ចិត្ត​ប្រឆាំង​ទ្រង់​នោះ។

១៣​. តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ណា​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អ័ដាម​ពេល​ដែល​គាត់​ស្លាប់? តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

១៣ ដោយ​សារ​អ័ដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់​នោះ គ្មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​ព្រះ​យេហូវ៉ា​ទ្រទ្រង់​ពួក​គេ​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត​ទេ។ ហេតុ​នេះ​ពួក​គេ​បាន​ស្លាប់ ដូច​ទ្រង់​បាន​មាន​បន្ទូល។ អ័ដាម​និង​អេវ៉ា​បាន​សូន្យ​ទៅ ហើយ​ពួក​គេ​មិន​បាន​ទៅ​ភព​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ដឹង​ដូច្នេះ​ដោយ​សារ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ដាម​ពេល​ដែល​កាត់​ទោស​គាត់។ ព្រះ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯង​[​នឹង​]​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​»។ (​លោកុប្បត្តិ ៣:១៩​) ព្រះ​បាន​បង្កើត​អ័ដាម​ពី​ធូលី​ដី។ (​លោកុប្បត្តិ ២:៧​) មុន​ពេល​នោះ អត់​មាន​អ័ដាម​ទេ។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​អ័ដាម​នឹង​ត្រឡប់​ទៅ​ជា​ដី​វិញ បន្ទូល​ទ្រង់​មាន​ន័យ​ថា​នឹង​លែង​មាន​អ័ដាម​ត​ទៅ​ទៀត ដូច​មុន​បាន​បង្កើត​គាត់​ដែរ។ អ័ដាម​នឹង​មាន​សភាព​ដូច​ធូលី​ដី​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​បង្កើត​គាត់ ពោល​គឺ​គ្មាន​ជីវិត។

១៤​. ហេតុ​អ្វី​យើង​ស្លាប់?

១៤ អ័ដាម​និង​អេវ៉ា​អាច​រស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន។ ប៉ុន្តែ​ពួក​គាត់​បាន​ស្លាប់ ដោយ​សារ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ហើយ​ទង្វើ​នេះ​ជា​អំពើ​បាប។ មូលហេតុ​ដែល​យើង​ស្លាប់​គឺ​ដោយ​សារ​បាប​របស់​អ័ដាម​និង​សេចក្ដី​ស្លាប់​បាន​ឆ្លង​ដល់​កូន​ចៅ​ទាំង​អស់​របស់​គាត់។ (​រ៉ូម ៥:១២​) បាប​នោះ​គឺ​ដូច​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ឆ្លង​ពី​ឪពុក​ម្ដាយ​ដល់​កូន ហើយ​គ្មាន​អ្នក​ណា​អាច​គេច​រួច​បាន​ឡើយ។ សេចក្ដី​ស្លាប់​ដែល​ជា​លទ្ធផល​ពី​បាប​នោះ គឺ​ជា​បណ្ដាសា​មួយ។ សេចក្ដី​ស្លាប់​គឺ​ជា​សត្រូវ​យើង មិន​មែន​ជា​មិត្ត​ភក្ដិ​ទេ។ (​កូរិនថូស​ទី១ ១៥:២៦​) យើង​គួរ​មាន​កតញ្ញូ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ​ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​សត្រូវ​ដ៏​អាក្រក់​នេះ!

ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​មាន​ប្រយោជន៍

១៥​. ពេល​ដែល​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ ហេតុ​អ្វី​នេះ​សម្រាល​ទុក្ខ​យើង?

១៥ ការ​ដឹង​ការ​ពិត​អំពី​ស្ថានភាព​របស់​មនុស្ស​ស្លាប់​សម្រាល​ទុក្ខ​យើង។ ដូច​ដែល​យើង​បាន​រៀន​ហើយ មនុស្ស​ស្លាប់​មិន​ឈឺ​ចាប់​ខាង​ផ្លូវ​កាយ​ឬ​ខាង​ផ្លូវ​ចិត្ត​ទេ។ គ្មាន​មូលហេតុ​ឲ្យ​យើង​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​បាប​យើង​មិន​បាន​ទេ។ ពួក​គេ​មិន​ត្រូវ​ការ​យើង​ជួយ ហើយ​ក៏​មិន​អាច​ជួយ​យើង​បាន​ដែរ។ យើង​មិន​អាច​និយាយ​ជា​មួយ​នឹង​ពួក​គេ ហើយ​ពួក​គេ​មិន​អាច​និយាយ​ជា​មួយ​យើង​ដែរ។ អ្នក​ដឹក​នាំ​សាសនា​អះអាង​ដោយ​មិន​ពិត​ថា ពួក​គេ​អាច​ជួយ​អ្នក​ដែល​បាន​ស្លាប់ ហើយ​អ្នក​ដែល​ជឿ​ការ​អះអាង​នោះ​ឲ្យ​លុយ​ពួក​គេ។ ប៉ុន្តែ​ការ​ដឹង​ការ​ពិត​ការពារ​យើង​មិន​ឲ្យ​អ្នក​ដែល​បង្រៀន​សេចក្ដី​ភូតភរ​នេះ​បោក​បញ្ឆោត​យើង។

១៦​. តើ​អ្នក​ណា​មាន​អានុភាព​លើ​សាសនា​ជា​ច្រើន? តើ​ដោយ​ដូច​ម្ដេច?

១៦ តើ​សាសនា​របស់​អ្នក​យល់​ស្រប​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​មនុស្ស​ស្លាប់​ទេ? សាសនា​ភាគ​ច្រើន​មិន​យល់​ស្រប​ទេ។ តើ​ហេតុ​អ្វី? ពី​ព្រោះ​សេចក្ដី​បង្រៀន​នៃ​សាសនា​ភាគ​ច្រើន​បាន​ទទួល​អានុភាព​ពី​សាតាំង។ វា​ប្រើ​សាសនា​មិន​ពិត​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា ក្រោយ​រូប​កាយ​ស្លាប់ ពួក​គេ​នឹង​បន្ត​រស់​នៅ​ក្នុង​ភព​មួយ​ផ្សេង​ទៀត។ នេះ​ជា​សេចក្ដី​ភូតភរ​មួយ​ដែល​សាតាំង​គួប​ផ្សំ​នឹង​សេចក្ដី​ភូតភរ​ឯ​ទៀត​ដើម្បី​កុំ​ឲ្យ​មនុស្ស​បំរើ​ព្រះ​យេហូវ៉ា។ តើ​វា​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច?

១៧​. ហេតុ​អ្វី​បាន​ជា​សេចក្ដី​បង្រៀន​អំពី​ការ​ធ្វើ​ទារុណកម្ម​ជា​រៀង​រហូត​បង្ខូច​ព្រះ​នាម​ព្រះ​យេហូវ៉ា?

១៧ ដូច​បាន​រៀន​ហើយ​នោះ សាសនា​ខ្លះ​បង្រៀន​ថា មនុស្ស​ណា​ដែល​ធ្វើ​អំពើ​អាក្រក់​នឹង​ទៅ​ភព​ផ្សេង​ទៀត​ទទួល​ទារុណកម្ម​ក្នុង​ភ្លើង​ជា​រៀង​រហូត​ក្រោយ​គាត់​ស្លាប់។ សេចក្ដី​បង្រៀន​នេះ​បង្ខូច​ព្រះ​នាម​ព្រះ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​សេចក្ដី​ស្រឡាញ់ ទ្រង់​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​ដូច្នេះ​ឡើយ។ (​យ៉ូហាន​ទី១ ៤:៨​) បើ​មាន​បុរស​ម្នាក់​ប្រដៅ​កូន​ដោយ​យក​ដៃ​កូន​ដាក់​ក្នុង​អណ្ដាត​ភ្លើង​ពី​ព្រោះ​កូន​មិន​បាន​ស្ដាប់​បង្គាប់​នោះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុរស​នោះ? តើ​អ្នក​នឹង​គោរព​គាត់​ទេ? តើ​អ្នក​ចង់​រាប់​អាន​គាត់​ទេ? ប្រាកដ​ជា​មិន​ចង់​រាប់​អាន​ហើយ​ក៏​មិន​គោរព​ដែរ! អ្នក​ទំនង​ជា​ចាត់​ទុក​បុរស​នោះ​ជា​មនុស្ស​សាហាវ​ឃោរ​ឃៅ​ណាស់។ ប៉ុន្តែ​សាតាំង​ចង់​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​ធ្វើ​ទារុណកម្ម​មនុស្ស​ក្នុង​ភ្លើង​ជា​រៀង​រហូត!

១៨​. តើ​សាសនា​បង្រៀន​សេចក្ដី​ភូតភរ​អ្វី​ដែល​ជា​មូលដ្ឋាន​នៃ​ការ​ថ្វាយ​បង្គំ​មនុស្ស​ស្លាប់?

១៨ សាតាំង​ក៏​ប្រើ​សាសនា​ខ្លះ​ៗ​ដើម្បី​បង្រៀន​ថា ក្រោយ​មនុស្ស​ស្លាប់ ពួក​គេ​ក្លាយ​ទៅ​ជា​វិញ្ញាណ ហើយ​មនុស្ស​ដែល​នៅ​រស់​ត្រូវ​គោរព​ហើយ​លើក​កិត្ដិយស​វិញ្ញាណ​របស់​ពួក​គេ។ យោង​ទៅ​តាម​សេចក្ដី​បង្រៀន​នេះ វិញ្ញាណ​របស់​មនុស្ស​ស្លាប់​អាច​ទៅ​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​របស់​យើង​ឬ​សត្រូវ​ដែល​គួរ​ឲ្យ​ខ្លាច។ មនុស្ស​ជា​ច្រើន​ជឿ​សេចក្ដី​ភូតភរ​នេះ។ ពួក​គេ​ខ្លាច​មនុស្ស​ស្លាប់ ហើយ​គោរព​និង​ថ្វាយ​បង្គំ​ពួក​គេ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បង្រៀន​ថា មនុស្ស​ស្លាប់​ប្រៀប​ដូច​ជា​មនុស្ស​កំពុង​តែ​ដេក​លក់ ហើយ​យើង​គួរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​និង​ជា​អ្នក​ទំនុក​បំរុង​យើង។—វិវរណៈ ៤:១១

១៩​. តើ​ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​ជួយ​ឲ្យ​យើង​យល់​នូវ​សេចក្ដី​បង្រៀន​អ្វី​ទៀត?

១៩ ការ​ដឹង​ការ​ពិត​អំពី​មនុស្ស​ស្លាប់​ជួយ​ការពារ​អ្នក​កុំ​ឲ្យ​វង្វេង​ទៅ​តាម​សេចក្ដី​ភូតភរ​ដែល​សាសនា​បង្រៀន។ ម្យ៉ាង​ទៀត ការ​ដឹង​ការ​ពិត​អំពី​មនុស្ស​ស្លាប់​ក៏​ជួយ​ឲ្យ​អ្នក​យល់​នូវ​សេចក្ដី​បង្រៀន​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​អ្នក​ទទួល​ស្គាល់​ថា មនុស្ស​មិន​ចូល​ភព​ផ្សេង​ទៀត​ពេល​ដែល​ស្លាប់ នោះ​សេចក្ដី​សន្យា​អំពី​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង​ចំពោះ​អ្នក។

២០​. ក្នុង​ជំពូក​បន្ទាប់ តើ​នឹង​ពិចារណា​សំនួរ​អ្វី?

២០ នៅ​សម័យ​បុរាណ បុរស​សុចរិត​ម្នាក់​ឈ្មោះ​យ៉ូប​បាន​សួរ​ថា​៖ ​«​បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ?​»។ (​យ៉ូប ១៤:១៤​) តើ​មនុស្ស​ដែល​គ្មាន​ជីវិត​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ទេ? អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​រឿង​នេះ​ជួយ​សម្រាល​ទុក្ខ​យើង​ខ្លាំង​ណាស់។ យើង​នឹង​រៀន​អំពី​រឿង​នេះ​ក្នុង​ជំពូក​បន្ត​បន្ទាប់។

[កំណត់​សម្គាល់]

a ដើម្បី​យល់​អំពី​«​ព្រលឹង​»​និង​«​វិញ្ញាណ​»​ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​តើ​អ្វី​ជា​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​‹​ព្រលឹង​›​និង​‹​វិញ្ញាណ​›​?​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ មនុស្ស​ស្លាប់​មើល​មិន​ឃើញ ស្ដាប់​មិន​ឮ ក៏​មិន​គិត​អ្វី​ឡើយ។—សាស្ដា ៩:៥

▪ មនុស្ស​ស្លាប់​ប្រៀប​ដូច​ជា​មនុស្ស​កំពុង​តែ​ដេក​លក់ ពួក​គេ​មិន​ឈឺ​ចាប់​ឡើយ។—យ៉ូហាន ១១:១១

▪ យើង​ស្លាប់​ដោយ​សារ​យើង​បាន​ឆ្លង​បាប​ពី​អ័ដាម​មក។—រ៉ូម ៥:១២

[រូប​ភាព​នៅ​ទំព័រ​៦៧]

ក្រោយ​ភ្លើង​ទៀន​នេះ​រលត់ តើ​វា​ទៅ​ណា?

[រូប​ភាព​នៅ​ទំព័រ​៦៨]

ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី

[រូប​ភាព​នៅ​ទំព័រ​៧០]

អ័ដាម​បាន​ត្រូវ​បង្កើត​ពី​ធូលី​ដី ហើយ​ក៏​បាន​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក