បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១ ទំ. ២២-២៨
  • ‹ចូរដើរចុះឡើងក្នុងស្រុកនេះ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរដើរចុះឡើងក្នុងស្រុកនេះ›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដឹង​ពី​ចម្ងាយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​មាន​តម្លៃ
  • តើ​មនុស្ស​គិត​និង​ប្រព្រឹត្ត​តប​យ៉ាងណា?
  • ការ​លះបង់​ប្រយោជន៍​ខ្លួន
  • រៀន​អំពី​ស្រុក​សន្យា​និង​សេចក្ដី​សង្ឃឹម​នៅ​ខាង​មុខ
  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • គេឌានបានវាយឈ្នះពួកម៉ាឌាន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១ ទំ. ២២-២៨

‹ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ›

«ចូរ . . . ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្ដោយ​នឹង​ទទឹង​ចុះ!»។—លោកុប្បត្តិ ១៣:១៧

១​. តើ​ព្រះ​បង្គាប់​ឲ្យ​អ័ប្រាហាំ​ធ្វើ​អ្វី​គួរ​ឲ្យ​ចម្លែក​នោះ?

តើ​អ្នក​ចូលចិត្ត​ទៅ​លេង​ស្រុក​ស្រែ​ឬ​ជនបទ​ទេ? ប្រហែល​ជា​អ្នក​ចូលចិត្ត​ជិះ​រថយន្ត​ពីរបី​ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត។ អ្នក​ឯទៀត​ចូលចិត្ត​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ហាត់ប្រាណ​ខ្លះ​និង​មាន​ឱកាស​មើល​ទេសភាព។ ក៏​មាន​មនុស្ស​ឯទៀត​ចូលចិត្ត​ដើរ​កាត់​តំបន់​ណា​មួយ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​និង​អាច​គយគន់​មើល​ទេសភាព​នៅ​ទីនោះ​ផង​ដែរ។ តាម​ធម្មតា​ការ​ធ្វើ​ដំណើរ​ដូចនេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ប៉ុន្តែ សូម​នឹកស្មាន​ពី​អារម្មណ៍​របស់​អ័ប្រាហាំ​ពេល​ដែល​ព្រះ​បង្គាប់​ដល់​លោក​ថា​៖ «ចូរ​ឯង​ក្រោក​ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្ដោយ​នឹង​ទទឹង​ចុះ! ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ»។—លោកុប្បត្តិ ១៣:១៧

២​. ក្រោយ​ពី​អ័ប្រាហាំ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តើ​គាត់​បាន​ទៅ​ណា?

២ សូម​គិត​អំពី​ស្ថានការណ៍​ផ្សេងៗ​ដែល​ទាក់ទង​នឹង​បន្ទូល​នោះ។ អ័ប្រាហាំ​ជាមួយ​នឹង​ភរិយា​ហើយ​មនុស្ស​ឯទៀត​បាន​ស្នាក់​នៅ​ស្រុក​អេស៊ីប​អស់​មួយ​រយៈ។ សៀវភៅ​លោកុប្បត្តិ​ជំពូក​ទី១៣ រៀបរាប់​ប្រាប់​យើង​ថា ពួកគាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីប​ហើយ​បាន​ដឹក​ហ្វូងសត្វ​ទៅ​ដល់​«ស្រុក​ត្បូង»​ឬ​«តំបន់​ណេកិប»។ (ខ.ស.) បន្ទាប់​មក អ័ប្រាហាំ​បាន​«ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប រហូត​ទៅ​ដល់​បេតអែល»។ (ខ.ស.) ពេល​ដែល​មាន​ជម្លោះ​រវាង​អ្នកគង្វាល​របស់​អ័ប្រាហាំ​និង​អ្នកគង្វាល​របស់​ក្មួយ​គាត់​ឈ្មោះ​ឡុត គឺ​ច្បាស់​ជា​ដល់​ពេល​ឲ្យ​ក្រុម​ទាំង​ពីរ​បែកគ្នា​ដើម្បី​រក​ទីកន្លែង​ឃ្វាល​ហ្វូង​សត្វ​រៀងៗ​ខ្លួន។ អ័ប្រាហាំ​មាន​ចិត្តទូលាយ​ហើយ​បាន​ឲ្យ​ឡុត​ជ្រើសរើស​មុន។ ឡុត​បាន​ជ្រើសរើស​«វាល​ទន្លេ​យ័រដាន់»​ដែល​ជា​ជ្រលង​ភ្នំ​ដ៏​ស្អាត​មាន​វាល​ខៀវ​ស្រងាត់​«ដូច​ជា​សួនច្បារ​ផង​ព្រះ​យេហូវ៉ា» ហើយ​ក្រោយ​មក​គាត់​បាន​ចូល​ទៅ​រស់​នៅ​ទីក្រុង​សូដុំម។ ព្រះ​បាន​មាន​បន្ទូល​ទៅ​អ័ប្រាហាំ​ថា​៖ «ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាងជើង​ខាងត្បូង ខាងកើត ហើយ​ខាងលិច​ចុះ!»។ កន្លែង​នោះ​ប្រហែល​ជា​កន្លែង​ខ្ពស់​បន្ដិច​ជិត​ទីក្រុង​បេតអែល ដូច្នេះ​អ័ប្រាហាំ​អាច​ឃើញ​តំបន់​ផ្សេងៗ​ក្នុង​ស្រុក​នោះ។ ប៉ុន្តែ អ័ប្រាហាំ​មិន​គ្រាន់តែ​បាន​ឃើញ​ស្រុក​នោះ​ពី​ចម្ងាយ​ប៉ុណ្ណោះ​ទេ។ ព្រះ​បាន​អញ្ជើញ​លោក​ឲ្យ​«ដើរ​ចុះ​ឡើង​ក្នុង​ស្រុក»​នោះ ដើម្បី​ស្គាល់​ស្ថានភាព​និង​តំបន់​ផ្សេងៗ​ក្នុង​ទឹកដី​នោះ។

៣​. ហេតុអ្វី​បាន​ជា​ពិបាក​ឲ្យ​យើង​ស្រមៃគិត​អំពី​ទីកន្លែង​ដែល​អ័ប្រាហាំ​បាន​ដើរ​ចុះ​ឡើង​នោះ?

៣ មិន​ថា​អ័ប្រាហាំ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នោះ​ប៉ុនណា មុន​ទៅ​ដល់​ទីក្រុង​ហេប្រុន​ក៏​ដោយ គាត់​ពិត​ជា​ស្គាល់​ស្រុក​សន្យា​ច្បាស់​ជាង​យើង​ទៅ​ទៀត។ សូម​គិត​អំពី​ទីកន្លែង​ដែល​បាន​រៀបរាប់​ក្នុង​កំណត់ហេតុ​នេះ ដូច​ជា​ស្រុក​ត្បូង​ឬ​តំបន់​ណេកិប ទីក្រុង​បេតអែល វាល​ទន្លេ​យ័រដាន់ ទីក្រុង​សូដុំម​និង​ក្រុង​ហេប្រុន។ តើ​អ្នក​ពិបាក​ស្រមៃ​គិត​ថា តំបន់​ផ្សេងៗ​ទាំង​នេះ​ស្ថិត​នៅ​ឯណា​ឬ​ទេ? នេះ​គឺ​ពិបាក​មែន​សំរាប់​មនុស្ស​ជា​ច្រើន ពី​ព្រោះមាន​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចំនួន​តិច​ណាស់​ដែល​ធ្លាប់​ទៅ​លេង​និង​ដើរ​ចុះ​ឡើង​ក្នុង​តំបន់​ដែល​យើង​អាន​ក្នុង​ព្រះគម្ពីរ។ យ៉ាងណាក៏ដោយ មាន​មូលហេតុ​ត្រឹមត្រូវ​ឲ្យ​យើង​មាន​ចំណាប់អារម្មណ៍​ចំពោះ​កន្លែង​ផ្សេងៗ​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ។ ហេតុអ្វី?

៤, ៥​. (ក) តើ​សុភាសិត ១៨:១៥ ទាក់ទង​យ៉ាង​ណា​នឹង​ចំណេះ​ហើយ​ការ​យល់ដឹង​អំពី​ស្រុក​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ? (ខ) តើ​សេផានា​ជំពូក​ទី២ បង្ហាញ​យ៉ាង​ណា​អំពី​រឿង​នេះ?

៤ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ «ចិត្ត​របស់​មនុស្ស​វាងវៃ តែងតែ​ចំរើន​ចំណេះ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះស្វែង​រក​ចំណេះ​ដែរ»។ (សុភាសិត ១៨:១៥) យើង​អាច​ទទួល​ចំណេះ​ពី​មុខវិជ្ជា​ផ្សេងៗ​ច្រើន​ណាស់ ប៉ុន្តែ​ចំណេះ​ពិត​ដែល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​គឺ​សំខាន់​បំផុត។ អ្វី​ដែល​យើង​អាន​ក្នុង​ព្រះគម្ពីរ​ច្បាស់​ជា​ជួយ​បង្កើន​នូវ​ចំណេះ​ពិត​អំពី​ព្រះ។ (ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ សូម​កត់សម្គាល់​ថា នេះ​ក៏​ទាក់ទង​នឹង​ការ​យល់ដឹង​ផង​ដែរ។ ការ​យល់ដឹង​ជា​សមត្ថភាព​យល់​ឃើញ​ដោយ​ប្រាជ្ញា ហើយជាការ​គិត​ឃើញ​ច្បាស់​នូវ​ទំនាក់ទំនង​រវាង​ចំណុច​ផ្សេងៗ​ដែល​រួមគ្នា​ជា​ប្រធាន​តែ​មួយ។ គឺ​ពិត​ជា​ដូច្នេះ​មែន​បើ​គិត​អំពី​ទីកន្លែង​ដែល​ត្រូវ​រៀបរាប់​ក្នុង​ព្រះគម្ពីរ។ ជា​ឧទាហរណ៍ យើង​ជា​ច្រើន​នាក់​ដឹង​ថា​ស្រុក​អេស៊ីប​ស្ថិត​នៅ​ភូមិភាគ​ណា ប៉ុន្តែ​ពេល​ដែល​យើង​អាន​ថា អ័ប្រាហាំ​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ​ដល់​«ស្រុក​ត្បូង»​ឬ​«តំបន់​ណេកិប»​នោះ ហើយ​ក្រោយៗ​មក​បាន​ទៅ​ដល់​ទីក្រុង​បេតអែល​និង​ក្រុង​ហេប្រុន តើ​យើង​យល់​ច្បាស់​អំពី​ទីកន្លែង​ទាំង​នោះ​ឬ​ទេ? តើ​អ្នក​ដឹង​ថា ទីកន្លែង​ផ្សេងៗ​នោះ​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាងណា​ឬ​ទេ?

៥ អ្នក​ប្រហែល​ជា​មាន​កម្មវិធី​អាន​ព្រះគម្ពីរ​ដែល​រួមបញ្ចូល​សៀវភៅ​សេផានា​ជំពូក​ទី២។ ក្នុង​ជំពូក​នោះ​អ្នក​អាន​ឈ្មោះ​របស់​ទីក្រុង មនុស្ស​និង​ប្រទេស​ផ្សេងៗ។ ក្នុង​ជំពូក​តែ​មួយគត់​នោះ គឺ​រៀបរាប់​អំពី​ទីក្រុង​កាសា អាសកាឡូន អាសដូឌ អេក្រុន សូដុំម នីនីវេ ហើយ​ស្រុក​កាណាន ម៉ូអាប់ អាំម៉ូន និង​ស្រុក​អាសស៊ើរ​ផង​ដែរ។ តើ​អ្នក​អាច​នឹក​ឃើញ​ពី​ទីកន្លែង​ទាំង​នោះ​ទេ? កន្លែង​នោះ​ជា​តំបន់​ដែល​មនុស្ស​ធ្លាប់​រស់​នៅ ពោល​គឺ មនុស្ស​ដែល​រួម​ចំណែក​ក្នុង​ការ​សម្រេច​បទ​ទំនាយ​មួយ​នោះ​ពី​ព្រះ។

៦​. តើ​អ្វី​បាន​ជួយ​ឲ្យ​សិស្ស​ព្រះគម្ពីរ​ខ្លះ​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​ការ​ប្រើ​ផែនទី? (សូម​មើល​ប្រអប់)

៦ មនុស្ស​ជា​ច្រើន​ដែល​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ដោយ​មើល​ផែនទី​អំពី​ស្រុក​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ។ សិស្ស​ព្រះគម្ពីរ​មិន​ធ្វើ​ដូច្នេះ​ដោយ​ព្រោះ​ស្រឡាញ់​ផែនទី​ប៉ុណ្ណោះ​ទេ តែ​ពួកគាត់​ជ្រាប​ថា​ខ្លួន​អាច​បង្កើន​ចំណេះ​អំពី​ព្រះគម្ពីរ​បាន​ដោយ​ប្រើ​ផែនទី។ ផែនទី​ក៏​អាច​ជួយ​ពួកគាត់​ឲ្យ​យល់ដឹង​កាន់តែ​ច្រើន​ផង​ដែរ ដោយ​គួបផ្សំ​ចំណេះ​ដែល​គាត់​មាន​ហើយ​ជាមួយ​នឹង​ពត៌មាន​ឯទៀត។ ពេល​ដែល​យើង​ពិនិត្យ​មើល​ឧទាហរណ៍​ផ្សេងៗ​ដែល​មាន​ដូចតទៅ​នេះ អ្នក​ក៏​ប្រហែល​ជា​នឹង​មាន​ចិត្ត​អបអរ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នឹង​យល់​ធ្លុះជ្រៅ​ជាង​មុនៗ​អំពី​កំណត់ហេតុ​ផ្សេងៗ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។—សូម​មើល​ប្រអប់​នៅ​ទំព័រ២៧

ដឹង​ពី​ចម្ងាយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​មាន​តម្លៃ

៧, ៨​. (ក) តើ​សាំសុន​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ ដែល​ទាក់ទង​នឹង​ទីក្រុង​កាសា? (ខ) តើ​ពត៌មាន​អ្វី​ខ្លះ​អាច​ជួយ​យើង​កោត​ស្ងើច​កាន់​តែ​ច្រើន​នឹង​ទង្វើ​របស់​សាំសុន? (គ) តើ​ចំណេះ​និង​ការ​យល់ដឹង​អំពី​កំណត់ហេតុ​នេះ​អាច​ជួយ​យើង​បាន​យ៉ាង​ណា?

៧ នៅ​សៀវភៅ​ពួកចៅហ្វាយ ១៦:២ យើង​អាន​អំពី​ចៅហ្វាយ​សាំសុន​នៅឯ​ក្រុង​កាសា។ សព្វថ្ងៃ​នេះ​យើង​ឮ​ឈ្មោះ​ទីក្រុង​កាសា​ច្រើន​ក្នុង​ពត៌មាន​អន្តរជាតិ ដូច្នេះ​យើង​ប្រហែល​ជា​យល់​សើៗ​អំពី​ទីកន្លែង​ដែល​សាំសុន​រស់នៅ​នោះ ដែល​ជា​តំបន់​របស់​សាសន៍​ភីលីស្ទីន​ជិត​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ានេ។ [11] ឥឡូវ សូម​កត់សម្គាល់​នូវ​អ្វី​ដែល​ចែង​ទុក​ក្នុង​សៀវភៅ​ពួកចៅហ្វាយ ១៦:៣ ដែល​ថា​៖ «សាំសុន​គាត់​ដេក ទាល់តែ​ដល់​ពាក់កណ្ដាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទីក្រុង កន្ដ្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ»។

៨ សន្លឹក​ទ្វារ​និង​បង្គោល​ទាំង​ពីរ​នៃ​ទីក្រុង​ដែល​មាន​កំផែង​រឹងមាំ​ដូច​ទីក្រុង​កាសា​នោះ ច្បាស់​ជា​ធំ​ហើយ​ធ្ងន់​ផង​ដែរ។ សូម​ស្រមៃ​គិត​អំពី​ការ​លី​ទ្វារ​និង​សសរ​ទាំង​នោះ! តែ​សាំសុន​អាច​ធ្វើ​បាន ប៉ុន្តែ​តើ​គាត់​បាន​លី​របស់​នោះ​ទៅ​កន្លែង​ណា? ហើយ​តើ​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុន្មាន? ក្រុង​កាសា​ជា​ទីក្រុង​នៅ​ដី​ទំនាប​ជាប់​មាត់សមុទ្រ។ [15] រីឯ​ទីក្រុង​ហេប្រុន​វិញ នោះ​ស្ថិត​នៅ​ខាង​កើត​ទីក្រុង​កាសា ហើយ​មាន​កំពស់​៩០០​ម៉ែត្រ ដែល​តម្រូវ​ឲ្យ​សាំសុន​ដើរ​ឡើង​ទៅ​លើ​យ៉ាង​ពិបាក​ណាស់! យើង​មិន​ដឹង​ថា​«ភ្នំ​ដែល​នៅ​មុខ​ហេប្រុន»​នោះ​ស្ថិត​នៅ​កន្លែង​ណា​ទេ ប៉ុន្តែ​ទីក្រុង​ហេប្រុន​មាន​ចម្ងាយ​ប្រហែល​ជា​៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​កាសា ហើយ​គាត់​ក៏​ត្រូវ​ឡើង​ភ្នំ​ទៀត! ពេល​ដែល​យើង​ដឹង​អំពី​ចម្ងាយ នោះ​អ្វីដែល​សាំសុន​បាន​ធ្វើ​គឺ​រឹតតែ​អស្ចារ្យ មែន​ទេ? ហើយ​សូម​នឹកចាំ​ពី​មូលហេតុ​ដែល​សាំសុន​អាច​ធ្វើការ​ដ៏​អស្ចារ្យ​ទាំង​នោះ​បាន គឺ​ដោយសារ‹វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​សណ្ឋិត​លើ​គាត់›។ (ពួកចៅហ្វាយ ១៤:៦, ១៩; ១៥:១៤) ក្នុង​នាម​ជា​គ្រីស្ទាន​នៅ​សព្វថ្ងៃ​នេះ យើង​មិន​សង្ឃឹម​ថា​វិញ្ញាណ​របស់​ព្រះ​នឹង​ឲ្យ​យើង​មាន​កម្លាំង​កាយ​ខ្លាំង​ដូច​គាត់​ឡើយ។ ប៉ុន្តែ វិញ្ញាណ​ដ៏​ខ្លាំងក្លា​នោះ​អាច​ជួយ​ឲ្យ​យើង​មាន​ការ​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​រឿង​ជ្រាលជ្រៅ​ខាងវិញ្ញាណ ហើយ​ក៏​អាច​ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង​ឬ​ក្នុង​ជំរៅ​ចិត្ត​យើង។ (កូរិនថូសទី១ ២:១០​-​១៦; ១៣:៨; អេភេសូរ ៣:១៦, ខ.ស.; កូល៉ុស ១:៩, ១០) ពិតមែន​ហើយ ការ​យល់​ឲ្យ​បាន​ច្បាស់​នូវ​កំណត់ហេតុ​អំពី​សាំសុន​អាច​ពង្រឹង​ទំនុកចិត្ត​របស់​យើង​ថា វិញ្ញាណ​របស់​ព្រះ​អាច​ជួយ​យើង​មែន។

៩, ១០​. (ក) តើ​ជ័យជំនះ​របស់​គេឌាន​លើ​សាសន៍​ម៉ាឌាន​នោះ​បាន​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​ការ​ដឹង​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ដែល​ទាក់ទង​កំណត់ហេតុ​នេះ អាច​ជួយ​ឲ្យ​មាន​ខ្លឹមសារ​ច្រើន​ជាង​យ៉ាង​ណា?

៩ ជ័យជំនះ​ដែល​ចៅហ្វាយ​គេឌាន​មាន​លើ​ពួក​សាសន៍​ម៉ាឌាន ជា​កំណត់ហេតុ​មួយ​ទៀត​ដែល​ដៅ​បញ្ជាក់​ពី​ប្រយោជន៍​ដែល​មក​ពី​ការ​ដឹង​អំពី​ចម្ងាយ។ មនុស្ស​ជា​ច្រើន​ដែល​អាន​ព្រះគម្ពីរ​ដឹង​ថា ចៅហ្វាយ​គេឌាន​និង​ទ័ព​៣០០នាក់​របស់​លោក​បាន​ឈ្នះ​លើ​ទ័ព​ចំនួន​១៣៥.០០០​នាក់​ដែល​ជា​សាសន៍​ម៉ាឌាន អាម៉ាលេក​និង​សាសន៍​ដទៃ​ទៀត​ដែរ ដែល​បាន​បោះជំរំ​នៅឯ​វាល​ច្រក​ភ្នំ​យេសរាល​នៅ​ក្បែរ​ភ្នំ​ម៉ូរេ។ [18] ទ័ព​របស់​គេឌាន​បាន​ផ្លុំ​ត្រែ បាន​បំបែក​ក្អម​ដើម្បី​ឲ្យ​ចន្លុះ​ចេញ​ពន្លឺ ហើយ​បាន​ស្រែក​ឡើង​ថា​៖ «នេះ​ហើយ​ជា​ដាវ​ផង​ព្រះ​យេហូវ៉ា​ហើយ​របស់​ផង​គេឌាន​ដែរ!»។ នេះ​បាន​ធ្វើ​ឲ្យ​សត្រូវ​នោះ​សុញ​គំនិត​ទាំង​ភ័យ​រន្ធត់​ផង ដល់​ម្ល៉េះ​បាន​ជា​ពួកគេ​សំឡាប់​គ្នា​ឯង​ទៅវិញទៅមក។ (ពួកចៅហ្វាយ ៦:៣៣; ៧:១​-​២២) តើ​មាន​ព្រឹត្ដិការណ៍​តែ​ប៉ុណ្ណេះ​ឬ ដែល​ពួកគេ​តយុទ្ធ​គ្នា​មួយ​ភ្លែត​ក្នុង​មួយ​យប់​តែ​ប៉ុណ្ណោះ? សូម​អាន​ត​ទៅ​ទៀត​ក្នុង​សៀវភៅ​ពួកចៅហ្វាយ ជំពូក​ទី៧​និង​៨។ អ្នក​នឹង​ឃើញ​ថា ចៅហ្វាយ​គេឌាន​បាន​ដេញ​ប្រកិត​តាម​ពួក​សត្រូវ​នោះ​ជា​បន្ត។ កំណត់ហេតុ​នោះ​រៀបរាប់​អំពី​ទីកន្លែង​ខ្លះ​ដែល​យើង​មិន​ដឹង​ស្ថិត​នៅ​តំបន់​ណា​សព្វថ្ងៃ​នេះ ដូច្នេះ​ប្រហែល​ជា​មិន​មាន​ឈ្មោះ​កន្លែង​នោះ​ក្នុង​ផែនទី​របស់​ស្រុក​ដែល​បាន​រៀបរាប់​ក្នុង​ព្រះគម្ពីរ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​ស្គាល់​ទីកន្លែង​គ្រប់គ្រាន់​ដើម្បី​យល់ដឹង​អំពី​ដំណើរ​របស់​គេឌាន។

១០ ចៅហ្វាយ​គេឌាន​បាន​ដេញ​តាម​ទ័ព​នៅ​សល់​ទាំង​ប៉ុន្មាន​ដែល​បាន​សហការ​គ្នា​នោះ មុន​ដំបូង​នៅ​ជិត​ភូមិ​បេត​-​ស៊ីតា ហើយ​ក្រោយ​មក​បាន​បែរ​ទៅ​ខាងត្បូង​ឆ្ពោះ​ទៅ​ឯ​ភូមិ​អេបិល​-​មហូឡា​នៅ​ជិត​ទន្លេ​យ័រដាន់។ (ពួកចៅហ្វាយ ៧:២២​-​២៥) កំណត់ហេតុ​នោះ​ចែង​ថា​៖ «គេឌាន​នឹង​ពួក​៣០០នាក់ ដែល​នៅ​ជាមួយ​ក៏​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយហត់ តែ​ចេះ​តែ​ខំ​ដេញ​តាម​គេ​ទៅ»។ ពេល​បាន​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ទ័ព​អ៊ីស្រាអែល​បាន​ដេញតាម​សត្រូវ​ដោយ​ធ្វើ​ដំណើរ​ទៅឯ​ទិស​ខាងត្បូង​តាម​ទីក្រុង​ស៊ុកូត​និង​ទីក្រុង​ពេនួល ហើយ​ក្រោយមក​បាន​ទៅ​ដល់​ជិត​ស្ទឹង​យ៉ាបុក​និង​បាន​ឡើង​ភ្នំ​ទៅឯ​ទីក្រុង​យ៉ុកបិហា (ដែល​ជិត​ទីក្រុង​អាម៉ាន នៅ​ប្រទេស​ហ្សកដានី​សព្វថ្ងៃ​នេះ)។ ទ័ព​ទាំង​នោះ​បាន​ដេញ​តាម​ព្រម​ទាំង​ប្រយុទ្ធ​ផង អស់​ប្រមាណ​៨០​គីឡូម៉ែត្រ។ គេឌាន​បាន​សម្លាប់​ស្តេច​សាសន៍​ម៉ាឌាន​ពីរ​អង្គ រួច​មក​បាន​ត្រឡប់​ទៅឯ​ទីក្រុង​របស់​គាត់ គឺ​ទីក្រុង​អូប្រា នៅ​ជិត​កន្លែង​ដែល​ការ​វាយ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង។ (ពួកចៅហ្វាយ ៨:៤​-​១២, ២១​-​២៧, កំណែ​ជា​អក្សរ​ទ្រេត) គឺ​ច្បាស់​ហើយ អ្វី​ដែល​ចៅហ្វាយ​គេឌាន​បាន​សម្រេច​នោះ គឺ​មិន​ត្រឹមតែ​ការ​ផ្លុំ​ត្រែ លើក​ចន្លុះ​និង​ស្រែក​ឡើង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ឡើយ។ ហើយ​សូម​គិតទៅមើល​ពី​ចំណុច​ល្អិតល្អន់​ក្នុង​កំណត់ហេតុ​នេះ​បញ្ជាក់​រឹតតែ​ខ្លាំង​អំពី​ជំនឿ​របស់​បុគ្គល​ទាំង​ប៉ុន្មាន ដូច​បាន​ចែង​ទុក​មក​ថា​៖ «គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន[និង​បុគ្គល​ឯទៀត​ដែល]មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង»។ (ហេព្រើរ ១១:៣២​-​៣៤) បណ្ដា​គ្រីស្ទាន​ក៏​ចេះ​អស់​កម្លាំង​កាយ​ដែរ ប៉ុន្តែ​ការ​បន្ត​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ​គឺ​ចាំបាច់​ណាស់ មែន​ទេ?—កូរិនថូសទី២ ៤:១, ១៦; កាឡាទី ៦:៩

តើ​មនុស្ស​គិត​និង​ប្រព្រឹត្ត​តប​យ៉ាងណា?

១១​. តើ​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុន្មាន ទើប​បាន​ទៅ​ដល់​តំបន់​កាដេស?

១១ មនុស្ស​ខ្លះ​បើក​មើល​ផែនទី​អំពី​ស្រុក​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ​ដើម្បី​ស្គាល់​ទីកន្លែង​ផ្សេងៗ ប៉ុន្តែ​តើ​អ្នក​គិត​ថា ផែនទី​អាច​ជួយ​យើង​យល់​ធ្លុះ​នូវ​ចិត្ត​គំនិត​របស់​មនុស្ស​បាន​ទេ? ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ស៊ីណាយ​ឆ្ពោះ​ទៅ​ស្រុកសន្យា។ ពួកគេ​បាន​ផ្អាក​ម្ដងម្កាល​ពេល​ធ្វើ​ដំណើរ​នោះ ហើយ​នៅ​ទីបំផុត​បាន​ទៅ​ដល់​តំបន់​កាដេស (ឬ​តំបន់​កាដេស​-​បារនា)។ [9] សៀវភៅចោទិយកថា ១:២ បង្ហាញ​ថា ដំណើរ​នោះ​ប្រហែល​ជា​មាន​រយៈ​ពេល​១១​ថ្ងៃ ហើយ​មាន​ចម្ងាយ​ប្រមាណ​២៧០​គីឡូម៉ែត្រ។ គឺ​ពី​កន្លែង​នោះហើយ​ដែល​ម៉ូសេ​បាន​ចាត់​ចារបុរស​១២​នាក់​ទៅ​មើល​ស្រុកសន្យា។ (ជនគណនា ១០:១២, ៣៣; ១១:៣៤, ៣៥; ១២:១៦; ១៣:១​-​៣, ២៥, ២៦) ចារបុរស​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ណេកិប​ទៅ​ឯ​ទិស​ខាងជើង ហើយ​ពួកគាត់​ប្រហែល​ជា​បាន​ដើរ​កាត់​ទីក្រុង​បៀរ​-​សេបា​និង​ក្រុង​ហេប្រុន រហូត​ទៅ​ដល់​ទល់​ដែន​ខាងជើង​បំផុត​នៃ​ស្រុកសន្យា។ (ជនគណនា ១៣:២១​-​២៤) ដោយសារ​ប្រជាជន​អ៊ីស្រាអែល​បាន​ស្ដាប់​តាម​ការ​រាយការណ៍​មិន​ល្អ​របស់​ចារបុរស​ទាំង​នោះ បាន​ជា​ពួកគេ​ត្រូវ​ដើរ​រវីមរវាម​នៅ​ក្នុង​ទីរហោស្ថាន​អស់​៤០​ឆ្នាំ។ (ជនគណនា ១៤:១​-​៣៤) តើ​នេះ​បង្ហាញ​យ៉ាងណា​អំពី​ជំនឿ​និង​ទំនុកចិត្ត​របស់​ពួកគេ​ទៅ​លើ​ព្រះ​យេហូវ៉ា?—ចោទិយកថា ១:១៩​-​៣៣; ទំនុកដំកើង ៧៨:២២, ៣២​-​៤៣; យូដាស ៥

១២​. តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ជំនឿ​របស់​ប្រជាជន​អ៊ីស្រាអែល? ហើយ​ហេតុអ្វី​បាន​ជា​គួរ​គប្បី​ឲ្យ​យើង​រំពឹង​គិត​អំពី​កាលៈទេសៈ​នោះ?

១២ សូម​ពិចារណា​ចំណុច​នេះ​ដោយ​គិត​ពី​ស្ថានភាព​ដែល​ទាក់ទង​លក្ខណៈ​ភូមិសាស្ត្រ។ ប្រសិន​បើ​សាសន៍​អ៊ីស្រាអែល​បាន​បង្ហាញ​ជំនឿ​ដោយ​ធ្វើ​តាម​យោបល់​របស់​យ៉ូស្វេ​និង​កាលែប​នោះ តើ​ពួកគេ​នឹង​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​ទើប​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​ឬ? តំបន់​កាដេស​មាន​ចម្ងាយ​ប្រហែល​ជា​១៦​គីឡូម៉ែត្រ​ពី​អណ្ដូង​ឡាហាយរយ ជា​ទីកន្លែង​ដែល​អ៊ីសាក​និង​រេបិកា​បាន​ស្នាក់​នៅ។ [7] ពី​ទីនោះ​ទៅ​ទីក្រុង​បៀរសេបា​ដែល​បាន​រៀបរាប់​នេះ​ជា​ទល់​ដែន​ខាងត្បូង​បំផុត​នៃ​ស្រុកសន្យា នោះ​មាន​ចម្ងាយ​តិច​ជាង​៩៥​គីឡូម៉ែត្រ។ (លោកុប្បត្តិ ២៤:៦២; ២៥:១១; សាំយូអែលទី២ ៣:១០) សាសន៍​អ៊ីស្រាអែល​បាន​ធ្វើដំណើរ​ពី​ស្រុក​អេស៊ីប​ទៅ​ដល់​ភ្នំ​ស៊ីណាយ ហើយ​បន្ទាប់​មក​បាន​ដើរ​២៧០​គីឡូម៉ែត្រ​ទៀត​ទៅ​ដល់​តំបន់​កាដេស ដូច្នេះ​នេះ​ហាក់ដូចជា​ពួកគេ​នៅ​ច្រក​ទ្វារ​ចូល​នៃ​ស្រុក​សន្យា​រួច​ហើយ។ រីឯ​យើង​វិញ យើង​ក៏​ស្ថិត​នៅ​ច្រក​ទ្វារ​ចូល​ទៅ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ដែល​បាន​ត្រូវ​សន្យា​ទុក​ជា​មុន​ដែរ។ តើ​នេះ​មាន​មេរៀន​អ្វី​សំរាប់​យើង? សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លើ​ស្ថានការណ៍​របស់​សាសន៍​អ៊ីស្រាអែល​ពេល​ដែល​គាត់​ជូន​ឱវាទ​ថា​៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់គ្នា​សង្វាត​នឹង​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែងលោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ​ដូច​ជា​គេ​ដែរ»។—ហេព្រើរ ៣:១៦​–​៤:១១

១៣, ១៤​. (ក) តើ​សាសន៍​គីបៀន​បាន​ធ្វើ​ការ​សម្រេច​យ៉ាង​ម៉ឺងម៉ាត់​ក្រោម​កាលៈទេសៈ​អ្វី? (ខ) តើ​អ្វី​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​សាសន៍​គីបៀន? ហើយ​តើ​យើង​គួរ​ទាញ​មេរៀន​អ្វី​ពី​កំណត់ហេតុ​នេះ?

១៣ ពេល​ដែល​យើង​មើល​កំណត់ហេតុ​ក្នុង​ព្រះគម្ពីរ​អំពី​សាសន៍គីបៀន​នោះ យើង​អាច​កត់សម្គាល់​នូវ​អាកប្បកិរិយា​ខុស​ប្លែក​ពី​សាសន៍អ៊ីស្រាអែល ពោល​គឺ ការ​ទុក​ចិត្ត​លើ​ព្រះ​ឲ្យ​សម្រេច​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ក្រោយ​ពីយ៉ូស្វេ​បាន​នាំ​មុខ​សាសន៍​អ៊ីស្រាអែល​ក្នុង​ការ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​ឲ្យ​ដល់​ក្រុម​គ្រួសារ​របស់​អ័ប្រាហាំ​នោះ គឺ​បាន​មក​ដល់​ពេល​ដែល​ត្រូវ​បណ្ដេញ​សាសន៍​កាណាន​ចេញ។ (ចោទិយកថា ៧:១​-​៣) ការ​បណ្ដេញ​ចេញ​នេះ​ក៏​រួម​បញ្ចូល​សាសន៍​គីបៀន​ដែរ។ ប្រជាជន​អ៊ីស្រាអែល​បាន​ឈ្នះ​លើ​ទីក្រុង​យេរីខូរ​និង​ក្រុង​អៃយ ហើយ​បាន​បោះ​ជំរំ​នៅ​ក្បែរ​ទីក្រុង​គីលកាល។ សាសន៍​គីបៀន​មិន​ចង់​ស្លាប់​ក្នុង​នាម​ជា​សាសន៍​កាណាន​ដែល​ត្រូវ​បណ្ដាសា​នោះ​ឡើយ ដូច្នេះ​ពួកគេ​បាន​ចាត់​អ្នក​តំណាង​ទៅ​ជួប​យ៉ូស្វេ​នៅ​ទីក្រុង​គីលកាល។ អ្នក​តំណាង​សាសន៍​គីបៀន​បាន​ក្លែង​ខ្លួន​ឲ្យ​មើល​ទៅ​ដូច​ជា​មក​ពី​ក្រៅ​ទឹកដី​កាណាន ដើម្បី​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​នឹង​សាសន៍​ហេព្រើរ។

១៤ អ្នក​តំណាង​សាសន៍​គីបៀន​បាន​ប្រាប់​ថា​៖ «យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ​នាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​លោក»។ (យ៉ូស្វេ ៩:៣​-​៩, កំណែ​ជា​អក្សរ​ទ្រេត) សំលៀកបំពាក់​និង​អាហារ​របស់​ពួកគេ​មើល​ទៅ​ដូច​ជា​ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ​មែន ប៉ុន្តែ​តាម​ពិត​ទីក្រុង​គីបៀន​មាន​ចម្ងាយ​តែ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​គីលកាល។ [19] យ៉ូស្វេ​និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​អ៊ីស្រាអែល បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​នឹង​ទីក្រុង​គីបៀន​និង​ក្រុង​ផ្សេងៗ​គ្នា​ដែល​នៅ​ក្បែរ​ទីក្រុង​នោះ។ តើ​សាសន៍​គីបៀន​ប្រើ​ឧបាយកល​ដើម្បី​ឲ្យ​រួច​ពី​ការ​ស្លាប់​ប៉ុណ្ណោះ​ឬ? អត់​ទេ! ផ្ទុយ​ទៅ​វិញ នេះ​បាន​បង្ហាញ​ពី​ចំណង់​ចង់​ទទួល​ព្រះ​គុណ​ពី​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​យល់​ព្រម​ឲ្យ​សាសន៍​គីបៀន​ធ្វើ​ជា​«អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ នឹង​សំរាប់​អាសនា​នៃ​ព្រះ​យេហូវ៉ា» ពោល​គឺ ការ​ប្រមូល​ឧស​ដាក់​នៅ​អាសនៈ​សំរាប់​ការ​ដុត​ថ្វាយ​យញ្ញបូជា។ (យ៉ូស្វេ ៩:១១​-​២៧) សាសន៍​គីបៀន​បាន​បន្ត​ធ្វើ​ការ​ស្ម័គ្រ​ពី​ចិត្ត​ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា ទោះ​ជា​កិច្ចការ​នោះ​ជា​កិច្ចការ​ដែល​មនុស្ស​អាច​ចាត់ទុក​ថា​ថោកទាប​ក្ដី។ ហើយ​ក៏​ប្រហែល​ជា​មាន​ប្រជាជន​គីបៀន​ខ្លះ​រួម​ចំណែក​ក្នុង​ចំណោម​ពួក​នេធីនិម​ដែល​ចេញ​ពី​ទីក្រុង​បាប៊ីឡូន ជា​ពួក​អ្នក​ដែល​បាន​បំរើ​ការ​នៅឯ​ព្រះ​វិហារ​ដែល​ត្រូវ​កសាង​ឡើង​វិញ​នោះ។ (អែសរ៉ា ២:១, ២, ៤៣​-​៥៤; ៨:២០) យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ពួកគេ​បាន ដោយ​ខំ​រក្សា​ឲ្យ​មាន​មេត្រីភាព​ជាមួយ​នឹង​ព្រះ ហើយ​ដោយ​សុខចិត្ត​ធ្វើ​ការ​ក្នុង​កិច្ចបំរើ​ទ្រង់ ទោះ​ជា​កិច្ចការ​នេះ​ត្រូវ​មនុស្ស​ខ្លះ​ប្រហែល​ជា​ចាត់ទុក​ថា​ថោក​ទាប​ក្ដី។

ការ​លះបង់​ប្រយោជន៍​ខ្លួន

១៥​. ស្តី​អំពី​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច តើ​ហេតុអ្វី​ក៏​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ភូមិសាស្ត្រ​ដែរ?

១៥ កំណត់ហេតុ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច ដូច​ជា​ការ​ធ្វើ​ដំណើរ​និង​កិច្ចបំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​និង​សាវ័ក​ប៉ុល ក៏​សំដៅ​ទៅ​លើ​ភូមិសាស្ត្រ​នៅ​ស្រុក​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ​ដែរ។ (ម៉ាកុស ១:៣៨; ៧:២៤, ៣១; ១០:១; លូកា ៨:១; ១៣:២២; កូរិនថូសទី២ ១១:២៥, ២៦) ទាក់ទង​កំណត់ហេតុ​ដូច​ត​ទៅ​នេះ សូម​ខំ​ស្រមៃ​គិត​ថា​ព្រឹត្ដិការណ៍​នោះ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ប៉ុន​ណា​ទៅ?

១៦​. តើ​បងប្អូន​គ្រីស្ទាន​ពី​ទីក្រុង​បេរា​បាន​បង្ហាញ​យ៉ាង​ណា ថា​ពួក​គាត់​មាន​ចិត្ត​អបអរ​ចំពោះ​ប៉ុល?

១៦ នៅ​ពេល​ដែល​ប៉ុល​បាន​ធ្វើ​ដំណើរ​លើក​ទីពីរ​ក្នុង​នាម​ជា​សាសនទូត​នោះ (ខ្សែ​ពណ៌ស្វាយ​នៅ​លើ​ផែនទី) គាត់​បាន​ទៅ​ដល់​ទីក្រុង​ភីលីព​ដែល​សព្វថ្ងៃ​នេះ​ស្ថិត​នៅ​ប្រទេស​ក្រិច។ [33] ប៉ុល​បាន​ធ្វើ​បន្ទាល់​នៅ​ទី​នោះ ហើយ​ក៏​បាន​ជាប់​គុក​និង​ក្រោយ​មក​គេ​បាន​ដោះលែង​វិញ​នៅ​ទីក្រុង​នោះ រួច​មក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ថែស្សាឡូនីច។ (កិច្ចការ ១៦:៦​–​១៧:១) នៅ​ពេល​ដែល​ពួក​ជនជាតិ​យូដា​ញុះញង់​ឲ្យ​ប្រជាជន​ធ្វើ​កុបកម្ម នោះ​បងប្អូន​គ្រីស្ទាន​នៅ​ទីក្រុង​ថែស្សាឡូនីច​បាន​ដាស់តឿន​ប៉ុល​ឲ្យ​ចេញ​ទៅ​ទីក្រុង​បេរា ដែល​មាន​ចម្ងាយ​ប្រហែល​ជា​៦៥​គីឡូម៉ែត្រ​ពី​ក្រុង​ថែស្សាឡូនីច។ ប៉ុល​បាន​ជោគជ័យ​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​គាត់​នៅ​ទីក្រុង​បេរា ប៉ុន្តែ​ពួក​ជនជាតិ​យូដា​បាន​មក​ញុះញង់​ប្រជាជន​នៅ​ទីនោះ​ដែរ។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​«ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅឯ​សមុទ្រ»​ហើយ​«ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅឯ​ក្រុង​អាថែន​វិញ»។ (កិច្ចការ ១៧:៥​-​១៥) តាម​មើល​ទៅ អ្នក​ជឿ​ថ្មី​ប៉ុន្មាននាក់​បាន​សុខ​ចិត្ត​ដើរ​៤០​គីឡូម៉ែត្រ​ទៅ​ដល់​សមុទ្រ​អេជាន ហើយ​បាន​ចេញ​តម្លៃ​ជិះ​សំពៅ​ទៅ​ជាមួយ​នឹង​ប៉ុល​ដែរ អស់​ប្រហែល​ជា​៥០០​គីឡូម៉ែត្រ។ ការ​ធ្វើ​ដំណើរ​នោះ​អាច​មាន​គ្រោះថ្នាក់ ប៉ុន្តែ​បងប្អូន​គ្រីស្ទាន​នោះ​បាន​សុខ​ចិត្ត​ប្រថុយ​ជីវិត​ដើម្បី​មាន​ទំនាក់ទំនង​យូរ​ជាង​ជាមួយ​នឹង​អ្នក​តំណាង​ព្រះ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នោះ។

១៧​. ពេល​ដឹង​អំពី​ចម្ងាយ​ពី​ទីក្រុង​អេភេសូរ​ទៅ​ដល់​ក្រុង​មីលេត តើ​នេះ​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ជាង​អំពី​អ្វី?

១៧ នៅ​ពេល​ដែល​ប៉ុល​បាន​ធ្វើ​ដំណើរ​លើក​ទី​បី​នោះ (ខ្សែ​ពណ៌បៃតង​នៅ​លើ​ផែនទី) គាត់​បាន​ទៅ​ដល់​ផែ​ក្រុង​មីលេត។ ប៉ុល​បាន​ហៅ​អ្នក​ចាស់ទុំ​ពី​ក្រុមជំនុំ​នៅ​ទីក្រុង​អេភេសូរ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​៥០​គីឡូម៉ែត្រ។ សូម​គិត​ទៅ​មើល អ្នក​ចាស់ទុំ​ទាំង​នោះ​បាន​ឈប់​ធ្វើ​អ្វី​ផ្សេងៗ​ភ្លាម ហើយ​បាន​ចេញ​ទៅ​ជួប​ប៉ុល។ ពេល​ដែល​អ្នក​ចាស់ទុំ​ទាំង​ប៉ុន្មាន​បាន​ដើរ​ទៅ​ជួប​ប៉ុល​នោះ ពួក​គាត់​ច្បាស់​ជា​បាន​និយាយ​ជាមួយ​គ្នា​ដោយ​មាន​ចិត្ត​រីករាយ​ពេល​មាន​ឱកាស​ជួប​ជាមួយ​នឹង​គាត់។ ក្រោយ​បាន​ជួប​ជាមួយ​ប៉ុល​និង​ស្ដាប់​គាត់​អធិស្ឋាន​នោះ «គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱ​បក​គាត់​ថើប​ដោយ​ថ្និតថ្នម»។ រួច​មក​ពួក​អ្នក​ចាស់ទុំ​បាន​«ជូន​គាត់​ទៅ​ដល់​សំពៅ»​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទៅ​ទីក្រុង​យេរូសាឡិម។ (កិច្ចការ ២០:១៤​-​៣៨) ពេល​ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​អេភេសូរ​វិញ អ្នក​ចាស់ទុំ​ទាំង​នោះ​ច្បាស់​ជា​មាន​ចំណុច​ជា​ច្រើន​ត្រូវ​យក​មក​រំពឹង​គិត​និង​ពិគ្រោះ​តាម​ផ្លូវ។ តើ​អ្នក​មាន​អារម្មណ៍​កោត​ស្ងើច​ដែរ​ឬ? ដោយ​រៀន​អំពី​ចិត្ត​អបអរ​ដែល​ពួក​គាត់​បាន​បង្ហាញ​ដោយ​ដើរ​យ៉ាង​ឆ្ងាយ​ទៅ​ជួប​ជាមួយ​នឹង​អ្នក​បំរើ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ដើម្បី​ផ្ដល់​ពត៌មាន​និង​ការ​លើក​ទឹកចិត្ត។ តើ​អ្នក​កត់សម្គាល់​គំរូ​ណា​មួយ​ដែល​អ្នក​អាច​ខំ​យក​តម្រាប់​តាម​ក្នុង​ជីវិត​និង​របៀប​គិតគូរ​របស់​អ្នក​ឬ​ទេ?

រៀន​អំពី​ស្រុក​សន្យា​និង​សេចក្ដី​សង្ឃឹម​នៅ​ខាង​មុខ

១៨​. តើ​យើង​អាច​តាំង​ចិត្ត​ធ្វើ​អ្វី​ស្តី​អំពី​ទីកន្លែង​ផ្សេងៗ​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ?

១៨ ឧទាហរណ៍​ទាំង​ប៉ុន្មាន​នេះ​បង្ហាញ​ថា យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​យល់ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ស្រុក​ដែល​ព្រះ​បាន​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល ដែល​ជា​កន្លែង​សំខាន់ៗ​ទាក់ទង​នឹង​កំណត់ហេតុ​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ។ (ហើយ​យើង​ក៏​អាច​មាន​ការ​យល់ដឹង​កាន់​តែ​ច្រើន​ទៀត​ដោយ​រៀន​អំពី​ប្រទេស​នានា​ជុំវិញ​ស្រុក​នោះ ដែល​រៀបរាប់​ក្នុង​កំណត់​ហេតុ​ព្រះគម្ពីរ) នៅ​ពេល​ដែល​យើង​ខំ​ទទួល​ចំណេះ​និង​ការ​យល់ដឹង​បន្ថែម ជា​ពិសេស​អំពី​ស្រុក​សន្យា​នោះ យើង​គួរ​ចងចាំ​អំពី​តម្រូវ​ការ​មួយ​ដ៏​ចាំបាច់​ទើប​ប្រជាជន​អ៊ីស្រាអែល​អាច​ចូល​ទៅ​ហើយ​មាន​ចិត្ត​រីករាយ​ក្នុង​«ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹកឃ្មុំ​ហូរ​ហៀរ»​នោះ ពោល​គឺ ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​ធ្វើ​តាម​គ្រប់​ទាំង​បញ្ញត្ដិ​របស់​ទ្រង់។—ចោទិយកថា ៦:១, ២; ២៧:៣

១៩​. តើ​គួរ​គប្បី​ឲ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​នឹង​សួន​មនោរម្យ​ពីរ​ប្រភេទ​អ្វី?

១៩ ស្រដៀង​គ្នា​នៅ​សព្វថ្ងៃ​នេះ​ដែរ យើង​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​កោត​ខ្លាច​ចំពោះ​ព្រះ​យេហូវ៉ា​និង​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ទ្រង់។ បើ​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​ផង​ហើយ​មាន​សោភ័ណភាព​ទៀត​ផង ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​ដែល​មាន​នៅ​សព្វថ្ងៃ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ទូទាំង​ពិភពលោក​នេះ។ យើង​ក៏​នឹង​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើងៗ​អំពី​លក្ខណៈ​នៃ​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ ហើយ​អំពី​ពរ​ដែល​មាន​ក្នុង​សួន​មនោរម្យ​ដែរ។ យើង​ក៏​ដឹង​ថា មាន​ពរ​ជា​ច្រើន​ទៀត​នៅ​ខាង​មុខ​ផង​ដែរ។ យ៉ូស្វេ​បាន​នាំ​មុខប្រជាជន​អ៊ីស្រាអែល​ក្នុង​ការ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​សម្បូរ​សប្បាយ។ ឥឡូវ​នេះ​យើង​ក៏​មាន​ហេតុ​សង្ឃឹម​ដែរ ព្រម​ទាំង​ជឿ​ដោយ​ទុក​ចិត្ត​ទៅ​លើ​សួន​មនោរម្យ​នៅ​លើ​ផែនដី​ដែល​ជា​ស្រុក​ល្អ​នៅ​ខាង​មុខ​យើង​នេះ។

តើ​អ្នក​នៅ​ចាំ​ទេ?

• ស្តី​អំពី​ស្រុក​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ តើ​យើង​ចង់​មាន​ចំណេះ​និង​ការ​យល់ដឹង​កាន់​តែ​ច្រើន ដោយ​ព្រោះ​អ្វី?

• ក្នុង​អត្ថបទ​មួយ​នេះ តើ​ចំណុច​ណា​ខាង​ភូមិសាស្ត្រ​បាន​ជួយ​ឲ្យ​អ្នក​មាន​ការ​យល់ដឹង​ច្បាស់​ជាង?

• ពេល​ដែល​អ្នក​បាន​រៀន​ច្រើន​ជាង​អំពី​ភូមិសាស្ត្រ​ដែល​ទាក់ទង​កំណត់ហេតុ​ណា​មួយ តើ​នេះ​បាន​បញ្ជាក់​មេរៀន​អ្វី?

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៧]

«ចូរ​មើល​ស្រុក​ល្អ»

នៅ​ឯ​មហា​សន្និបាត​នា​ឆ្នាំ​២០០៣​និង​២០០៤ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​ពេល​ដែល​បាន​ទទួល​សៀវភៅ​ស្តើង​«ចូរ​មើល​ស្រុក​ល្អ»។ ប្រកាសនវត្ថុ​ថ្មី​នេះ​បាន​ត្រូវ​បោះពុម្ព​ប្រមាណ​៨០​ភាសា ហើយ​ពេញ​ទៅ​ដោយ​ផែនទី​គ្រប់​ពណ៌​ដែល​បង្ហាញ​ពី​ទី​កន្លែង​ផ្សេងៗ​ដែល​រៀបរាប់​ក្នុង​ព្រះគម្ពីរ ជា​ពិសេស​ស្រុក​សន្យា​ក្នុង​កំឡុង​គ្រា​ផ្សេងៗ។

អត្ថបទ​ខាង​លើ​នេះ​សំដៅ​ទៅ​លើ​ផែនទី​ផ្សេងៗ​ក្នុង​សៀវភៅ​«ចូរ​មើល​ស្រុក​ល្អ»​ជា​ភាសា​អង់គ្លេស ដោយ​បញ្ជាក់​ពី​ទំព័រ​លេខ​ដែល​បោះពុម្ព​ជា​អក្សរ​ដិត​ជាង​ដូច​ជា [15]។ បើ​អ្នក​មាន​ហើយ​ចេះ​មើល​សៀវភៅ​ស្តើង​ថ្មី​មួយ​នោះ សូម​ចំណាយ​ពេល​ដើម្បី​ឲ្យ​ស្គាល់​របៀប​ប្រើ​ដែល​អាច​ជួយ​អ្នក​មាន​ចំណេះ​និង​ការ​យល់​ដឹង​ពី​ព្រះ​បន្ទូល​របស់​ព្រះ​កាន់តែ​ច្រើន​ទៀត។

(១) ផែនទី​ភាគ​ច្រើន​នោះ​មាន​ប្រអប់​ដែល​ជួយ​ពន្យល់​អំពី​សញ្ញា​ពិសេស​នៅ​ផែនទី​នោះ [18]។ (២) ផែនទី​ភាគ​ច្រើន​មាន​មាត្រដ្ឋាន​ជា​មីល​និង​គីឡូម៉ែត្រ ដែល​ជួយ​យើង​យល់​អំពី​ទំហំ​ឬ​ចម្ងាយ [26]។ (៣) តាម​ធម្មតា មាន​សញ្ញា​ដែល​សំដៅ​ទៅ​ទិស​ខាង​ជើង ដើម្បី​ជួយ​យើង​យល់​ពី​ទិស [19]។ (៤) ក្នុង​ផែនទី​ភាគ​ច្រើន​មាន​ពណ៌​ផ្សេងៗ​ដើម្បី​បង្ហាញ​ពី​កំពស់​ខ្ពស់​ឬ​ទាប [12]។ (៥) នៅ​ជុំវិញ​រឹម​ផែនទី​ប្រហែល​ជា​មាន​តួ​អក្សរ​និង​លេខ​ដែល​គេ​ប្រើ​រក​ចំណុច​ប្រសព្វ​ដើម្បី​អាច​រក​ឃើញ​ឈ្មោះ​ទីក្រុង​ឬ​ឈ្មោះ​កន្លែង​ផ្សេងៗ [23]។ (៦) នៅ​ទំព័រ​ទាំង​ពីរ​នៃ​មាតិកា មាន​ឈ្មោះ​ទីកន្លែង [34-35] យើង​អាច​មើល​ទំព័រ​ដែល​មាន​អក្សរ​ដិត​ជាង ហើយ​បន្ទាប់​មក​មាន​តួ​អក្សរ​និង​លេខ​ដែល​គេ​ប្រើ​រក​ចំណុច​ប្រសព្វ​ដើម្បី​អាច​រក​ឃើញ​ទី​កន្លែង ឧបមា​ថា E2។ ពេល​ដែល​អ្នក​បាន​ប្រើ​ជំនួយ​ផ្សេងៗ​នេះ​ប៉ុន្មាន​ដង​ហើយ នោះ​អ្នក​នឹង​ដឹង​ថា​ផែនទី​ទាំង​នោះ​ពិត​ជា​អាច​ជួយ​បង្កើន​ចំណេះ​និង​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ជ្រាល​ជ្រៅ​ទៀត។

[តារាង​/​ផែនទី​នៅ​ទំព័រ​២៤, ២៥]

ផែនទី​តំបន់​ធម្មជាតិ

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ក. ឆ្នេរ​សមុទ្រ​ធំ

ខ. វាល​ស្រុក​ខាង​លិច​ទន្លេ​យ័រដាន់

១. វាល​ស្រុក​អេស៊ើរ

២. វាល​ខាង​ឆ្នេរ​សមុទ្រ​ក្បែរ​ទី​ក្រុង​ដោរ

៣. វាល​ស្មៅ​នៅ​ស្រុក​សារ៉ុន

៤. វាល​ស្រុក​ភីលីស្ទីន

៥. ជ្រលង​ភ្នំ​បណ្ដោយ​ថ្ងៃ​ស្ថិត​នៅ​កណ្ដាល​ស្រុក

a. ច្រក​ភ្នំ​មេគីដោ

b. វាល​ច្រក​ភ្នំ​យេសរាល

គ. ភ្នំ​ខាង​លិច​ទន្លេ​យ័រដាន់

១. ភ្នំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាលីឡេ

២. ជួរ​ភ្នំ​កើមែល

៣. ភ្នំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​សាម៉ារី

៤. ស្រុក​ទំនាប (មាន​ភ្នំ​តូចៗ)

៥. ភ្នំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា

៦. ទីរហោស្ថាន​ស្រុក​យូដា

៧. តំបន់​ណេកិប (ស្រុក​ខាង​ត្បូង)

៨. ទីរហោស្ថាន​ប៉ារ៉ាន

ឃ​. វាល​ស្រុក​ឬ​តំបន់​អារ៉ាបា (រួម​បញ្ចូល​ជ្រលង​ភ្នំ​ពី​ភ្នំ​ហ៊ើម៉ូន​រហូត​ដល់​សមុទ្រ​ក្រហម)

១​. វាល​ទំនាប​ភក់​ល្បាប់​ហ៊ូឡា

២​. តំបន់​ជុំវិញ​សមុទ្រ​កាលីឡេ

៣​. ជ្រលង​ទន្លេ​យ័រដាន់

៤​. សមុទ្រ​អំបិល (សមុទ្រ​ស្លាប់)

៥​. តំបន់​អារ៉ាបា (ខាង​ត្បូង​សមុទ្រ​អំបិល)

ង​. ភ្នំ​និង​ខ្ពង់​រាប​ឬ​វាល​ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

១​. វាល​ស្រុក​បាសាន

២​. វាល​ស្រុក​កាឡាត

៣​. វាល​ស្រុក​អាំម៉ូន​និង​ម៉ូអាប់

៤​. ខ្ពង់​រាប​ស្រុក​អេដំម

ច​. ភ្នំ​ល្បាណូន

[ផែនទី]

ភ្នំ​ហ៊ើម៉ូន

ភ្នំ​ម៉ូរេ

ក្រុង​យេរូសាឡិម

ក្រុង​បៀរ​-​សេបា

ភូមិ​អេបិល​-​មហូឡា

ក្រុង​បេតអែល

ក្រុង​គីបៀន

ក្រុង​កាសា

ក្រុង​ស៊ុកូត

ក្រុង​គីលកាល

ក្រុង​ហេប្រុន

ក្រុង​សូដុំម?

តំបន់​កាដេស

ក្រុង​យ៉ុកបិហា

[ផែនទី​/​រូបភាព​នៅ​ទំព័រ​២៣]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ស្រុក​កាណាន

ក្រុង​មេគីដោ

សុក​កាឡាត

ក្រុង​ដូថាន់

ក្រុង​ស៊ីគែម

ក្រុង​បេតអែល (ក្រុង​លូស)

ក្រុង​អៃយ

ក្រុង​យេរូសាឡិម (ក្រុង​សាឡិម)

ភូមិ​បេថ្លេហិម (ភូមិ​អេប្រាតា)

ស្រុក​ម៉ាមរេ

ក្រុង​ហេប្រុន (ស្រុក​ម៉ាក់ពេឡា)

ស្រុក​កេរ៉ា

ក្រុង​បៀរ​-​សេបា

ក្រុង​សូដុំម?

តំបន់​ណេកិប (ស្រុក​ត្បូង)

ស្រុក​រេហូបូត?

[ភ្នំ]

ភ្នំ​ម៉ូរីយ៉ា

[សមុទ្រ]

សមុទ្រ​អំបិល

[ទន្លេ]

​យ័រដាន់

[រូបភាព]

លោក​អ័ប្រាហាំ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នោះ

[ផែនទី​នៅ​ទំព័រ​២៦]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ក្រុង​ទ្រអាស

កោះ​សាម៉ូត្រាស

ក្រុង​នាប៉ូល

ក្រុង​ភីលីព

ក្រុង​អាំភីប៉ូលី

ក្រុង​ថែស្សាឡូនីច

ក្រុង​បេរា

ក្រុង​អាថែន

ក្រុង​កូរិនថូស

ក្រុង​អេភេសូរ

ក្រុង​មីលេត

កោះ​រ៉ូដូស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក