ជំពូកទី៩
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
វិធីផ្សព្វផ្សាយដំណឹងល្អ
ព្រះយេស៊ូគ្រិស្តចាត់ទុកភារកិច្ចដែលព្រះយេហូវ៉ាចាត់ទ្រង់ឲ្យមកបំពេញ គឺសំខាន់ម្ល៉េះ។ ជាអ្នកផ្សាយដំណឹងល្អដោយស្វាហាប់ ទ្រង់បានទុកគំរូសម្រាប់អ្នកតាមទ្រង់។ ទ្រង់ចាត់វិធានការទៅជួបបណ្ដាជនដើម្បីនិយាយ និងបង្រៀននៅផ្ទះរបស់ពួកគេ ហើយនៅកន្លែងសាធារណៈផងដែរ។ (ម៉ាថ. ៩:៣៥; លូ. ៨:១) ព្រះយេស៊ូបាននិយាយជាមួយនឹងមនុស្សម្នាក់ៗ ជាមួយបណ្ដាជនរាប់ពាន់នាក់ ហើយបង្រៀនសិស្សរបស់ទ្រង់ដោយឡែកផងដែរ។ (ម៉ាថ. ១៣:៣៦; ម៉ាក. ៤:១០-១៣; ៦:៣៥-៤៤; យ៉ូន. ៣:២-២១) ទ្រង់លៃយកគ្រប់ឱកាសដែលសមនិងកាលៈទេសៈរបស់មនុស្សដើម្បីលើកទឹកចិត្តហើយផ្ដល់ឲ្យគេនូវសេចក្ដីសង្ឃឹម។ (លូ. ៤:១៦-១៩) ទ្រង់មិនខានឆ្លៀតយកឱកាសដើម្បីផ្សព្វផ្សាយ ទោះបីជាទ្រង់ត្រូវការការសម្រាកក៏ដោយ។ (ម៉ាក. ៦:៣០-៣៤; យ៉ូន. ៤:៤-៣៤) កាលណាយើងអានកំណត់ហេតុដែលព្រះបានបណ្ដាលឲ្យសរសេរពីកិច្ចបម្រើរបស់ព្រះយេស៊ូ នោះពិតជាជំរុញយើងឲ្យធ្វើតាមគំរូរបស់ទ្រង់ មែនទេ? យើងពិតជាមានចិត្តគំនិតដូចពួកសាវ័កដែលបានធ្វើតាមគំរូរបស់ព្រះយេស៊ូដែរ។—ម៉ាថ. ៤:១៩, ២០; លូ. ៥:២៧, ២៨; យ៉ូន. ១:៤៣-៤៥
សូមពិនិត្យមើលកិច្ចការណាខ្លះដែលគ្រិស្តសាសនិកសព្វថ្ងៃនេះអាចចូលរួមបាន ដែលព្រះយេស៊ូគ្រិស្តបានរៀបចំឡើងជិត២.០០០ឆ្នាំកន្លងទៅហើយ។
ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
នៅសម័យយើងនេះស្មរបន្ទាល់របស់ព្រះយេហូវ៉ាទទួលស្គាល់ប្រយោជន៍នៃការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយមានរបៀបរៀបរយ។ មនុស្សស្គាល់ជាទូទៅថាស្មរបន្ទាល់ព្រះយេហូវ៉ាជាអ្នកផ្សាយសារព្រះរាជាណាចក្រពីផ្ទះមួយទៅផ្ទះមួយបានសុសសាយនៅតំបន់ជាច្រើន។ លទ្ធផលដ៏ល្អបង្ហាញជាក់ថាព្រះយេហូវ៉ាប្រទានពរទៅលើការរៀបចំនេះ និងជាទីគាប់ព្រះទ័យទ្រង់។ ម្យ៉ាងទៀត លទ្ធផលដ៏សប្បាយដោយប្រើវិធីផ្សព្វផ្សាយនេះ ពិតជាមានប្រយោជន៍ដោយសារមនុស្សរាប់លាននាក់បានឮសារនេះក្នុងរយៈពេលយ៉ាងខ្លី។ (ម៉ាថ. ១១:១៩; ២៤:១៤) ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាវិធីដ៏ប្រសើរសម្រាប់យើងក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងអ្នកជិតខាង។—ម៉ាថ. ២២:៣៤-៤០
កិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយមិនបានរៀបចំដោយស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យយើងនេះទេ។ វិធីផ្សព្វផ្សាយនេះត្រូវគេនិយមធ្វើនៅសម័យរបស់ពួកសាវ័ក។ គឺជាក់ស្តែង ក្នុងសំបុត្ររបស់សាវ័កប៉ុល គាត់បានសរសេរពីវិធីបង្រៀននៅឯផ្ទះរបស់គេ។ ដោយពិពណ៌នាពីកិច្ចបម្រើរបស់គាត់ទៅកាន់អ្នកត្រួតពិនិត្យនៅក្រុមជំនុំទីក្រុងអេភេសូរ គាត់បាននិយាយថា៖ «តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង . . . ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ . . . ហើយពីផ្ទះ១ទៅផ្ទះ១ផង»។ ដោយវិធីនេះនិងវិធីផ្សេងៗទៀត គាត់បាន«ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា»។ (កិច្ច. ២០:១៨, ២០, ២១) នៅគ្រានោះការផ្សាយដំណឹងល្អទៅមនុស្សគ្រប់រូបគឺជាកិច្ចការបន្ទាន់ ដោយសារអធិរាជរ៉ូមជំរុញមនុស្សឲ្យថ្វាយបង្គំរូបព្រះ ព្រមទាំងប្រជាជន«ឧស្សាហ៍ខ្នះខ្នែងកាន់សាសនា»ឬកោតខ្លាចព្រះទាំងនោះណាស់។ ដូច្នេះគឺចាំបាច់ណាស់ឲ្យគេស្វែងរក«ព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ» ជាព្រះដែល«ត្រាសបង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើ ឲ្យប្រែចិត្តវិញ»។—កិច្ច. ១៧:២២-៣១
សព្វថ្ងៃនេះការផ្សាយដំណឹងល្អគឺជាកិច្ចការបន្ទាន់ជាងមុនទៅទៀត។ ទីបញ្ចប់នៃរបបអាក្រក់នេះគឺជិតដល់ហើយ។ រឿងនេះទាក់ទងនឹងជីវិតស្លាប់រស់។ ដូច្នេះឥឡូវនេះមុននឹងទីបញ្ចប់មកដល់ គឺចាំបាច់ឲ្យយើងខំខ្នះខ្នែងក្នុងកិច្ចការនេះ។ ដោយដឹងថាមានសេចក្ដីត្រូវការនេះ នោះជំរុញយើងឲ្យបង្កើនការខ្នះខ្នែងក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ យើងទទួលស្គាល់ថាវិធីផ្សព្វផ្សាយដែលបានធ្វើជាយូរមកហើយនេះ មានប្រសិទ្ធភាពប្រសើរជាងគេចំពោះការស្វែងរកមនុស្សដែលស្រេកឃ្លានសេចក្ដីពិត។ វិធីផ្សព្វផ្សាយនេះមានប្រសិទ្ធភាពសព្វថ្ងៃនេះដូចនៅសម័យរបស់ព្រះយេស៊ូ និងពួកសាវ័កដែរ។ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនាំឲ្យមានប្រយោជន៍។—ម៉ាក. ១៣:១០
តាមកាលៈទេសៈ តើអ្នកកំពុងចូលរួមយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬទេ? បើអ្នកឆ្លៀតគ្រប់ឱកាសក្នុងកិច្ចការនេះ នោះយើងដឹងថាអ្នកកំពុងតែទទួលអំណរនិងប្រយោជន៍ជាបរិបូរក្នុងកិច្ចបម្រើដែលអ្នកថ្វាយព្រះ។ (អេសេ. ៩:១១; កិច្ច. ២០:៣៥) ការផ្សាយពីផ្ទះមួយទៅផ្ទះមួយប្រហែលជាមិនសូវស្រួលសម្រាប់អ្នកទេ។ បងប្អូនប្រហែលជាខ្វះកម្លាំងកាយនិងសុខភាពមិនសូវល្អ ឬផ្សព្វផ្សាយនៅតំបន់ដែលមនុស្សភាគច្រើនមិនចង់ស្ដាប់។ ឬក៏ត្រូវស៊ូទ្រាំនឹងការដាក់បម្រាមលើកិច្ចផ្សព្វផ្សាយ។ ប្រហែលអ្នកជាបុគ្គលដែលពិបាកចាប់ផ្ដើមនិយាយជាមួយមនុស្សដែលមិនស្គាល់ នេះបានសេចក្ដីថារាល់ដងអ្នកទៅផ្សព្វផ្សាយ អ្នកត្រូវយកឈ្នះលើអារម្មណ៍នោះដែរ។ សូមកុំធ្លាក់ទឹកចិត្តឡើយ។ (និក្ខ. ៤:១០-១២) កាលៈទេសៈរបស់អ្នកក៏ស្រដៀងគ្នានឹងបងប្អូននៅកន្លែងផ្សេងៗដែរ។
ព្រះយេស៊ូបានសន្យាចំពោះសិស្សទ្រង់ថា ទ្រង់នឹងនៅជាមួយនឹងពួកគេ«រាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថ. ២៨:២០) ពាក្យសន្យានោះលើកទឹកចិត្តសិស្សរបស់ទ្រង់នៅសព្វថ្ងៃនេះ និងពង្រឹងគេក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ យើងត្រូវមានចិត្តក្លាហាននិងទំនុកចិត្តដូចប៉ុលដែលបានរៀបរាប់នៅភីលីព ៤:១៣។ ប៉ុលបានពោលថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ ចូរឆ្លៀតប្រយោជន៍ឲ្យបានពេញលេញពីការរៀបចំដើម្បីចូលរួមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដែលក្រុមជំនុំបានរៀបចំរៀងរាល់សប្ដាហ៍។ ដោយផ្សព្វផ្សាយជាមួយបងប្អូនឯទៀត អ្នកនឹងទទួលការលើកទឹកចិត្ត និងជំនួយដើម្បីនិយាយពាក្យផ្សាយដ៏មានប្រសិទ្ធភាព និងជូនសៀវភៅដែលមានមូលដ្ឋានលើព្រះគម្ពីរ។ ចូរអធិស្ឋានឲ្យមានជំនឿខ្លាំងជាងដើម្បីយកឈ្នះលើឧបសគ្គណាដែលអ្នកជួបប្រទះ ហើយខំប្រឹងអស់ពីចិត្តដើម្បីផ្សព្វផ្សាយដំណឹងល្អ។—លូ. ១៧:៥
នៅពេលដែលអ្នកនិយាយជាមួយអ្នកឯទៀតអំពីដំណឹងល្អ អ្នកនឹងមានឱកាសប្រាប់ពីមូលហេតុដែលអ្នកមានសេចក្ដីសង្ឃឹម ហើយនេះនឹងធ្វើឲ្យសេចក្ដីសង្ឃឹមរបស់អ្នកទៅជាមាំមួន។ (១ពេ. ៣:១៥) អ្នកនឹងឃើញកាន់តែច្បាស់ឡើងពីភាពខុសគ្នារវាងអ្នកដែលមានសេចក្ដីសង្ឃឹមទៅលើប្រយោជន៍ព្រះរាជាណាចក្ររបស់ព្រះ និងអ្នកដែលមិនមានសេចក្ដីសង្ឃឹមសោះ។ ការស្វែងរកមនុស្សដែលសមទទួលសារព្រះរាជាណាចក្រ និងការសង្កេតមើលប្រតិកម្មរបស់គេដែលមិនសមទទួល នឹងហុចឱកាសឲ្យអ្នកពិសោធន៍ផ្ទាល់ខ្លួននូវអ្វីដែលព្រះយេស៊ូបានប្រាប់សិស្សរបស់ទ្រង់នៅម៉ាថាយ ១០:១១-១៤។ អ្នកនឹងពេញចិត្តដោយដឹងថាអ្នកបានស្ដាប់បង្គាប់របស់ព្រះយេស៊ូ«ឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺ» ហើយអ្នកប្រហែលជាមានឯកសិទ្ធិជួយអ្នកឯទៀតឲ្យស្គាល់សេចក្ដីពិតដែលនាំទៅដល់ជីវិតជារៀងរហូត។—ម៉ាថ. ៥:១៦; យ៉ូន. ១៧:៣; ១ធី. ៤:១៦
កិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយត្រូវបានរៀបចំជារៀងរាល់ថ្ងៃ។ នៅតំបន់ដែលមិនសូវមានមនុស្សនៅផ្ទះពេលថ្ងៃ ក្រុមជំនុំខ្លះបានរៀបចំទៅផ្សព្វផ្សាយនៅពេលល្ងាច។ ក្រុមជំនុំនោះបានកត់សម្គាល់ថា មនុស្សរាក់ទាក់ចង់ទទួលភ្ញៀវនៅពេលរសៀល ឬល្ងាចច្រើនជាងពេលព្រឹក។ ម្យ៉ាងទៀត មានវិធីផ្សព្វផ្សាយឯទៀតដែលប្រហែលមានប្រសិទ្ធភាពនៅតំបន់របស់អ្នកដែរ។
ការស្វែងរកមនុស្ស ដែលសមទទួលសារព្រះរាជាណាចក្រ
ព្រះយេស៊ូបានបង្គាប់សិស្សរបស់ទ្រង់ឲ្យ«សួររក»អស់អ្នកដែលសមទទួលសារព្រះរាជាណាចក្រ។ (ម៉ាថ. ១០:១១) ទ្រង់មិនត្រឹមតែផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដើម្បីស្វែងរកមនុស្សដែលសមទទួលសារព្រះរាជាណាចក្រប៉ុណ្ណោះទេ។ ព្រះយេស៊ូក៏បានធ្វើបន្ទាល់នៅគ្រប់ឱកាសដែលសមរម្យ គឺផ្សព្វផ្សាយជាផ្លូវការ និងក្រៅផ្លូវការ។ (លូ. ៨:១; យ៉ូន. ៤:៧-១៥) ពួកសាវ័កក៏បានផ្សព្វផ្សាយដល់មនុស្សនៅកន្លែងផ្សេងៗដែរ។—កិច្ច. ១៧:១៧; ២៨:១៦, ២៣, ៣០
សព្វថ្ងៃនេះដូចគ្នាដែរ គោលដៅរបស់យើងគឺផ្សព្វផ្សាយសារព្រះរាជាណាចក្រដល់មនុស្សគ្រប់រូបដែលយើងជួប។ ដើម្បីបំពេញគោលដៅនេះ យើងត្រូវយកតម្រាប់តាមវិធីដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់បញ្ចុះបញ្ចូលឲ្យមានសិស្ស។ បន្ថែមទៅទៀត យើងត្រូវយល់ពីស្ថានការណ៍ណាខ្លះដែលកំពុងតែកើតឡើងនៅសម័យយើង និងយល់ពីកាលៈទេសៈខុសៗគ្នារបស់មនុស្សនៅតំបន់ផ្សាយ។—១កូ. ៧:៣១
ក្រៅពីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងត្រូវស្វែងរកមនុស្សនៅកន្លែងផ្សេងទៀត។ អ្នកផ្សាយបានទទួលលទ្ធផលល្អដោយផ្សព្វផ្សាយនៅតំបន់ធ្វើជំនួញ។ ការផ្សព្វផ្សាយតាមផ្លូវជាវិធីមួយដែលមានប្រសិទ្ធភាពនៅប្រទេសជាច្រើន ព្រមទាំងផ្សព្វផ្សាយនៅសួនឧទ្យាន កន្លែងផ្ញើឡានឬម៉ូតូ តាមរថយន្តឈ្នួល ឬក៏នៅកន្លែងណាដែលមានមនុស្ស។ នៅទីបំផុត បុគ្គលណាដែលយើងមិនជួបនៅផ្ទះអាចឮដំណឹងល្អបាន។
ការជូនទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!(Awake!) ជាវិធីដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ។ នេះអាចធ្វើបានតាមរបៀបសប្បុរសនិងប៉ិនប្រសព្វ ដោយលើកចំណុចមួយពីទស្សនាវដ្ដីដែលគេចាប់អារម្មណ៍។ សៀវភៅឯទៀតក៏អាចជូនដល់មនុស្សដែលមានចំណាប់អារម្មណ៍ដែរ ហើយអាចរៀបចំត្រឡប់ទៅជួបនៅផ្ទះគាត់។ ម្ដងម្កាលកិច្ចបម្រើព្រះរាជាណាចក្រយើង ជូនយោបល់ស្តីអំពីរឿងនេះ និងលើកទឹកចិត្តយើងឲ្យចូលរួមកិច្ចផ្សព្វផ្សាយផ្សេងៗ។ អ្នកប្រហែលជាចូលចិត្តផ្សព្វផ្សាយនៅកន្លែងសាធារណៈ ដើម្បីពង្រីកកិច្ចបម្រើផ្សាយរបស់អ្នក។
ក៏ប៉ុន្តែ កិច្ចការដែលត្រូវបានប្រគល់ដល់គ្រិស្តសាសនិកនៅសព្វថ្ងៃនេះ មិនគ្រាន់តែព្រមាននិងប្រកាសប្រាប់ដំណឹងល្អប៉ុណ្ណោះទេ។ ដើម្បីឲ្យបានជោគជ័យក្នុងការជួយអ្នកឯទៀតឲ្យទទួលយកសេចក្ដីពិតដែលនាំទៅដល់ជីវិត អ្នកត្រូវត្រឡប់ទៅជួបអ្នកដែលមានចំណាប់អារម្មណ៍ម្ដងហើយម្ដងទៀត។ ដោយធ្វើដូច្នេះនឹងជួយពួកគេឲ្យរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។
ធ្វើការត្រឡប់ទៅជួប
ព្រះយេស៊ូបានមានប្រសាសន៍ទៅសិស្សរបស់ទ្រង់ថា៖ «អ្នករាល់គ្នា . . . នឹងធ្វើជាទីបន្ទាល់ពីខ្ញុំ . . . រហូតដល់ចុងផែនដីបំផុតផង»។ (កិច្ច. ១:៨) ប៉ុន្តែទ្រង់ក៏បានប្រាប់ពួកគេថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ការត្រឡប់ទៅជួបអាចនាំឲ្យអ្នកមានអំណរក្នុងកិច្ចបម្រើរបស់ព្រះយេហូវ៉ា។ ជាទូទៅមនុស្សដែលបង្ហាញចំណាប់អារម្មណ៍ចំពោះដំណឹងល្អពេលដែលអ្នកបានជួបគេមុនដំបូង និងមានចិត្តសប្បាយជួបអ្នកម្ដងទៀត។ ដោយនិយាយព័ត៌មានថែមទៀតពីព្រះគម្ពីរជាមួយនឹងគេ នោះអ្នកអាចពង្រឹងជំនឿរបស់គេទៅលើព្រះ និងជួយគេឲ្យដឹងពីសេចក្ដីត្រូវការខាងឯការណែនាំពីព្រះ។ (ម៉ាថ. ៥:៣) បើអ្នកណាត់គ្នាជាមួយគាត់ដើម្បីត្រឡប់ទៅជួបតាមពេលវេលាត្រឹមត្រូវ ហើយរៀបចំឲ្យបានល្អ នោះអ្នកអាចចាប់ផ្ដើមដឹកនាំការសិក្សាព្រះគម្ពីរបាន។ ការចាប់ផ្ដើមដឹកនាំការសិក្សាព្រះគម្ពីរ ជាគោលដៅរបស់អ្នកពេលដែលធ្វើការត្រឡប់ទៅជួប។ យើងមិនគ្រាន់តែ«សាបព្រោះ»ពូជដែលតំណាងសេចក្ដីពិតប៉ុណ្ណោះ តែយើងក៏‹ស្រោចទឹក›ដែរ។—១កូ. ៣:៦
ចំពោះបងប្អូនខ្លះការត្រឡប់ទៅជួបគឺពិបាក។ កាលណាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយប្រហែលជាអ្នកនិយាយពាក្យផ្សាយយ៉ាងស្ទាត់និងខ្លីអំពីដំណឹងល្អ ហើយវិធីផ្សព្វផ្សាយនេះអ្នកចូលចិត្តមែន។ ប៉ុន្តែ ពេលគិតពីការត្រឡប់ទៅជួបដើម្បីជជែកថែមទៀតអំពីព្រះគម្ពីរ នោះប្រហែលពិបាក។ តែសូមកុំមានអារម្មណ៍ដូច្នោះឡើយ។ ពេលដែលអ្នកបានជួបអ្នកចាប់អារម្មណ៍លើកដំបូង ប្រហែលជាគាត់បានយកសៀវភៅដែលមានមូលដ្ឋានលើព្រះគម្ពីរខ្លះៗ។ សូមពិគ្រោះព័ត៌មានពីសៀវភៅដែលគេបានទទួល។ ព័ត៌មាននោះអ្នកអាចរៀបចំជាមុន។ បើអ្នកមានអារម្មណ៍ថាខ្លួនអត់មានសមត្ថភាព នោះរៀបចំទៅជាមួយអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនជាងដើម្បីជួយអ្នក។
អង្គការរបស់ព្រះយេហូវ៉ាផ្ដល់ជំនួយសម្រាប់អ្នកផ្ទាល់ ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការត្រឡប់ទៅជួប។ សូមប្រាកដថាអ្នកបានឆ្លៀតយកប្រយោជន៍ពីសំវិធានការទាំងនេះដើម្បីជួយអ្នកឲ្យរីកចម្រើននូវចំណេះ និងការយល់ដឹងពីព្រះគម្ពីរ។ ចូរទុកចិត្តព្រះយេហូវ៉ា ហើយព្រមទទួលជំនួយពីបងប្អូនប្រុសស្រីដែលមានបទពិសោធន៍។ បើអ្នកធ្វើដូច្នេះ នោះអ្នកនឹងមានសមត្ថភាពត្រឡប់ទៅជួបដោយប្រសិទ្ធភាពថែមទៀត ហើយអំណរក្នុងកិច្ចបម្រើផ្សាយក៏កាន់តែច្រើនដែរ។
ការដឹកនាំការសិក្សាព្រះគម្ពីរ
ពេលដែលអ្នកផ្សាយម្នាក់ឈ្មោះភីលីពបាននិយាយទៅកាន់បុរសម្នាក់ដែលចាប់អារម្មណ៍ នោះគាត់បានសួរថា៖ «លោកមើលយល់ឬទេ?»។ បុរសនោះបានឆ្លើយថា៖ «បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បាន?»។ កំណត់ហេតុក្នុងព្រះគម្ពីរនៅកិច្ចការជំពូក៨រៀបរាប់ថា ចាប់ពីបទគម្ពីរដែលបុរសនោះកំពុងអាន នោះភីលីព«បើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ»។ (កិច្ច. ៨:២៦-៣៦) យើងក៏មិនដឹងថាភីលីពបានចំណាយពេលប៉ុណ្ណាដើម្បីផ្សព្វផ្សាយឲ្យបុរសនោះទេ តែភីលីពបានពន្យល់ដំណឹងល្អរហូតដល់បុរសនោះបានក្លាយទៅជាអ្នកជឿ ហើយសុំធ្វើបុណ្យជ្រមុជទឹក។ គាត់ក៏បានក្លាយទៅជាសិស្សរបស់ព្រះយេស៊ូគ្រិស្តដែរ។
អ្នកចាប់អារម្មណ៍សព្វថ្ងៃនេះប្រហែលជាមិនស្គាល់ព្រះគម្ពីរទេ។ ដូច្នេះនេះប្រហែលជាតម្រូវឲ្យយើងធ្វើការត្រឡប់ទៅជួបជាច្រើនដងនិងសិក្សាយ៉ាងហ្មត់ចត់អស់ប៉ុន្មានសប្ដាហ៍ ខែ ឬមួយឆ្នាំជាងរហូតដល់គាត់បង្ហាញជំនឿ និងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ អ្នកនឹងទទួលរង្វាន់ដូចអ្វីដែលព្រះយេស៊ូមានប្រសាសន៍ថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល» ដោយសារការអត់ធ្មត់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់អ្នកចំពោះមនុស្សទៀងត្រង់ដែលក្លាយទៅជាសិស្សរបស់ព្រះយេស៊ូ។—កិច្ច. ២០:៣៥
ការប្រើសៀវភៅមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដើម្បីដឹកនាំការសិក្សាព្រះគម្ពីរធ្វើឲ្យមានភាពងាយស្រួល ដោយសារសៀវភៅនោះរៀបចំសម្រាប់គោលបំណងនេះតែម្ដង។ ដោយធ្វើតាមគំរូរបស់បងប្អូនដែលបានបង្រៀនអ្នក ឬដោយទទួលជំនួយពីបងប្អូនឯទៀតក្នុងក្រុមជំនុំដែលមានសមត្ថភាពបង្រៀនព្រះគម្ពីរ នោះនឹងជួយអ្នកឲ្យបង្កើនសមត្ថភាពដឹកនាំការសិក្សាព្រះគម្ពីរឲ្យក្លាយទៅជាសិស្សរបស់ព្រះយេស៊ូគ្រិស្ត។
បើអ្នកត្រូវការជំនួយក្នុងការចាប់ផ្ដើមដឹកនាំការសិក្សាព្រះគម្ពីរ នោះសូមកុំស្ទាក់ស្ទើរទៅនិយាយជាមួយអ្នកចាស់ទុំម្នាក់ ឬជាមួយស្មរបន្ទាល់ណាដែលមានសមត្ថភាពដឹកនាំការសិក្សាព្រះគម្ពីរ។ អ្នកអាចទទួលជំនួយពីប្រជុំអប់រំកិច្ចបម្រើដើម្បីអនុវត្តតាមយោបល់ដែលបងប្អូនបានសម្ដែងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ ដោយពឹងទៅលើព្រះយេហូវ៉ានិងការអធិស្ឋាន នោះនាំឲ្យមានផល។ (១យ៉ូន. ៣:២២) ដូច្នេះ ចូរចូលរួមក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ហើយក្រៅពីការសិក្សាជាក្រុមគ្រួសារ សូមមានគោលដៅដឹកនាំការសិក្សាព្រះគម្ពីរមួយជាទៀងទាត់បើអាចធ្វើបាន។ បើអ្នកមានសិស្សព្រះគម្ពីរ នោះអំណររបស់អ្នកកាន់តែច្រើនឡើងៗក្នុងកិច្ចបម្រើផ្សាយ។
ការនាំមនុស្សដែលចាប់អារម្មណ៍ឲ្យស្គាល់ អង្គការរបស់ព្រះយេហូវ៉ា
ពេលដែលយើងដឹកនាំការសិក្សាព្រះគម្ពីរ និងជួយមនុស្សឲ្យក្លាយទៅជាសិស្សរបស់ព្រះយេស៊ូគ្រិស្ត គេបានស្គាល់ព្រះយេហូវ៉ា ហើយចូលរួមជាមួយយើងក្នុងក្រុមជំនុំ។ ក្រុមជំនុំត្រូវបានរៀបចំតាមការណែនាំរបស់ព្រះយេហូវ៉ាដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ បើយើងជួយសិស្សព្រះគម្ពីរឲ្យស្គាល់សាសនាមួយណាជាអង្គការរបស់ព្រះយេហូវ៉ា និងសហការជាមួយអង្គការនោះ សិស្សព្រះគម្ពីរនឹងបានរីកចម្រើន ហើយមានភាពចាស់ទុំខាងការអនុវត្តតាមចំណេះព្រះគម្ពីរ។ ការបង្រៀនសិស្សព្រះគម្ពីរពីរបៀបសហការជាមួយអង្គការរបស់ព្រះយេហូវ៉ាគឺចាំបាច់។
ដើម្បីធ្វើដូច្នេះ អ្នកអាចប្រើវីដេអូនិងសៀវភៅស្តើងដែលត្រូវបានរៀបចំសម្រាប់គោលបំណងនោះ។ ព័ត៌មានខ្លះក្នុងជំពូកទី៤នៃសៀវភៅនេះក៏អាចជួយដែរ។
ចាប់ពីដើមដំបូងដែលអ្នកនិយាយជាមួយអ្នកចាប់អារម្មណ៍អំពីព្រះគម្ពីរ នោះសូមជួយគេឲ្យយល់ថាព្រះកំពុងតែប្រើអង្គការមួយដើម្បីសម្រេចកិច្ចការរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ។ ចូរបង្ហាញថាសៀវភៅដែលមានមូលដ្ឋានទៅលើព្រះគម្ពីរដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រើដើម្បីសិក្សាព្រះគម្ពីរគឺមានតម្លៃ។ ចូរពន្យល់របៀបសៀវភៅទាំងនោះបានបោះពុម្ព និងដឹកជញ្ជូនទូទាំងពិភពលោកដោយអ្នកធ្វើការស្ម័គ្រពីចិត្តដែលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ។ សូមអញ្ជើញសិស្សព្រះគម្ពីរចូលរួមការសិក្សាសៀវភៅតាមក្រុមជំនុំជាមួយអ្នក។ នៅការសិក្សាសៀវភៅតាមក្រុមជំនុំសូមឲ្យសិស្សព្រះគម្ពីរជួបបងប្អូនប្រុសស្រី ហើយពន្យល់ពីដំណើរការនៃកិច្ចប្រជុំដែលមាននៅសាលព្រះរាជាណាចក្រ។ ចូរលើកទឹកចិត្តឲ្យគេចូលរួមកិច្ចប្រជុំ។ កាលណាមានសន្និបាតពិសេស សន្និបាតមណ្ឌល និងមហាសន្និបាត សូមណែនាំសិស្សព្រះគម្ពីរឲ្យជួបស្មរបន្ទាល់ឯទៀត។ នៅពេលនោះនិងនៅពេលផ្សេងទៀត សូមឲ្យអ្នកថ្មីឃើញរបៀបដែលអ្នកបម្រើរបស់ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដែលជាទីសម្គាល់របស់គ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៥) ពេលដែលអ្នកចាប់អារម្មណ៍មានការដឹងគុណចំពោះអង្គការរបស់ព្រះយេហូវ៉ាកាន់តែច្រើនឡើងៗ នោះគេនឹងរីកចម្រើនក្នុងការស្គាល់ព្រះយេហូវ៉ា។
ការប្រើសៀវភៅដែលមានមូលដ្ឋានលើព្រះគម្ពីរ
គ្រិស្តសាសនិកនៅសម័យបុរាណបានក្លាយទៅជាអ្នកផ្សព្វផ្សាយបន្ទូលរបស់ព្រះដោយចិត្តខ្នះខ្នែង។ ពួកគេបានធ្វើចម្លងពីបទគម្ពីរ ដើម្បីសិក្សាខ្លួនឯងនិងនៅកិច្ចប្រជុំ។ ពួកគេក៏បានជំរុញអ្នកឯទៀតឲ្យអានបន្ទូលរបស់ព្រះដែរ។ ការចម្លងដែលគេបានសរសេរដោយដៃនោះ គឺមានតិចណាស់ ហើយពួកគេបានចាត់ទុកជាអ្វីមានតម្លៃបំផុត។ (កូល. ៤:១៦; ២ធី. ២:១៥; ៣:១៤-១៧; ៤:១៣; ១ពេ. ១:១) សព្វថ្ងៃនេះស្មរបន្ទាល់ព្រះយេហូវ៉ាប្រើម៉ាស៊ីនទំនើបដើម្បីបោះពុម្ពព្រះគម្ពីររាប់លានក្បាល និងរាប់រយលានសៀវភៅឯទៀតដែលជួយយើងយល់ព្រះគម្ពីរដូចជា ខិត្តប័ណ្ណ សៀវភៅផ្សេងៗ និងទស្សនាវដ្ដីជាច្រើនភាសា។
‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានរៀបចំសៀវភៅដែលមានមូលដ្ឋានលើព្រះគម្ពីរ ដូច្នេះចូរប្រើសៀវភៅទាំងនោះដើម្បីឲ្យមានប្រយោជន៍ពេលដែលអ្នកផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៤:៤៥) កិច្ចបម្រើព្រះរាជាណាចក្រយើងមានផ្នែកមួយដែលបញ្ជាក់សៀវភៅណាមួយយើងនិងជូនរាល់ខែក្នុងកិច្ចផ្សព្វផ្សាយ។ នៅពេលផ្សេងៗអ្នកក៏មានឱកាសចែកទស្សនាវដ្ដីជាទៀងទាត់ក្នុងអំឡុងខែនីមួយៗ ដែលរួមបញ្ចូលថ្ងៃដែលរៀបចំឲ្យចែកទស្សនាវដ្ដីដែរ។
ទោះជា«អ្នកបំរើស្មោះត្រង់»ចាត់ទុកការផ្ដល់ចំណីអាហារខាងឯបន្ទូលរបស់ព្រះចំពោះពួកជំនុំនៃព្រះជាអ្វីដ៏សំខាន់បំផុតក៏ដោយ តែ«អ្នកបំរើ»នោះបានផ្ដល់ចំណីអាហារខាងបន្ទូលរបស់ព្រះដោយចិត្តសទ្ធាដូចព្រះយេហូវ៉ាបង្ហាញចំពោះអស់អ្នកដែលស្រេកឃ្លានចំណេះពីទ្រង់។ អ្នកពិតជាចង់ប្រាប់មនុស្សឯទៀតអំពីអ្វីដែលអ្នកបានរៀន ដោយសារអ្នកបានទទួលប្រយោជន៍ផ្ទាល់ខ្លួនពីការសិក្សានិងការអានសៀវភៅរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ (ហេ. ១៣:១៥, ១៦) សូម្បីតែអ្នកថ្មីអាចមានលទ្ធផលល្អក្នុងការផ្សព្វផ្សាយដំណឹងល្អ ដោយប្រើសៀវភៅទាំងនោះដែរ។
ការធ្វើបន្ទាល់ក្រៅផ្លូវការ
ព្រះយេស៊ូមានប្រសាសន៍ទៅកាន់មនុស្សដែលបានស្ដាប់ពាក្យទ្រង់ថា៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ . . . ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។ (ម៉ាថ. ៥:១៤-១៦) សិស្សទាំងនេះគួរធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រិស្តដែលមានប្រសាសន៍ថា៖ «ខ្ញុំជាពន្លឺលោកីយ»។ ព្រះយេស៊ូបានទុកគំរូសម្រាប់គ្រិស្តសាសនិកដោយឲ្យ«ពន្លឺនៃជីវិត»បំភ្លឺជាប្រយោជន៍ដល់អស់អ្នកដែលស្ដាប់តាមទ្រង់។—យ៉ូន. ៨:១២
សាវ័កប៉ុលក៏បានទុកគំរូឲ្យយើងត្រាប់តាមដែរ។ (១កូ. ៤:១៦; ១១:១) កាលណាគាត់នៅទីក្រុងអាថែន នោះគាត់បានផ្សព្វផ្សាយចំពោះអស់អ្នកដែលនៅផ្សារ។ (កិច្ច. ១៧:១៧) ពួកគ្រិស្តសាសនិកនៅទីក្រុងភីលីពបានធ្វើតាមគំរូរបស់គាត់ ជាហេតុប៉ុលហៅពួកគេជា‹តួពន្លឺនៅក្នុងតំណមនុស្សវៀច ហើយខិលខូច›។ (ភី. ២:១៥) សព្វថ្ងៃនេះយើងអាចបញ្ចាំងពន្លឺដែលជាសេចក្ដីពិត ដោយការប្រព្រឹត្តនិងពាក្យសម្ដី មិនថាយើងនៅកន្លែងណាក៏ដោយឲ្យតែមានឱកាសប្រាប់ដំណឹងល្អ។ មែនហើយ គំរូដ៏ល្អរបស់យើងជាមនុស្សទៀងត្រង់ និងស្មោះត្រង់ក៏អាចធ្វើឲ្យមនុស្សឃើញថាយើងខុសគ្នាពីមនុស្សឯទៀតដែរ។ ក៏ប៉ុន្តែបើយើងប្រាប់ដំណឹងល្អដល់មនុស្សដែលកត់សម្គាល់ពីកិរិយាល្អរបស់យើង នោះគេនឹងដឹងពីមូលហេតុដែលយើងខុសគ្នាពីមនុស្សឯទៀត។
ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើននាក់ផ្សព្វផ្សាយដំណឹងល្អរាល់ថ្ងៃចំពោះអស់អ្នកដែលពួកគាត់ជួបនៅកន្លែងធ្វើការ សាលារៀន ឬពេលធ្វើកិច្ចការផ្សេងទៀតជាប្រចាំថ្ងៃ។ កាលណាធ្វើដំណើរ នោះយើងអាចមានឱកាសផ្សព្វផ្សាយឲ្យអ្នកធ្វើដំណើរឯទៀត។ ពេលដែលនិយាយរឿងទូទៅណាខ្លះ យើងអាចយកឱកាសនោះប្រាប់អំពីដំណឹងល្អ។ យើងម្នាក់ៗចង់ត្រៀមខ្លួនជាស្រេចដើម្បីផ្សព្វផ្សាយនៅគ្រប់ពេលគ្រប់វេលាដែលសមរម្យ។
ពេលដែលយើងចងចាំថាការផ្សព្វផ្សាយនឹងផ្ដល់ការសរសើរចំពោះអ្នកបង្កើតយើង និងលើកតម្កើងព្រះនាមទ្រង់ នោះលើកទឹកចិត្តយើងឲ្យផ្សព្វផ្សាយដំណឹងល្អដល់គេ។ នៅតំណាលគ្នានោះ យើងអាចជួយអ្នកស្មោះត្រង់ឲ្យស្គាល់ព្រះយេហូវ៉ាដើម្បីពួកគេអាចបម្រើទ្រង់ និងមានសេចក្ដីសង្ឃឹមក្នុងជីវិតដែលមកពីជំនឿទៅលើព្រះយេស៊ូគ្រិស្ត។ កិច្ចការទាំងអស់នេះជាកិច្ចការពិសិដ្ឋ ហើយព្រះសព្វព្រះហឫទ័យ។—ហេ. ១២:២៨; វិវរ. ៧:៩, ១០