៦១
ដាវីឌត្រូវបានតាំងឡើងជាស្តេច
ស្តេចសូលព្យាយាមតាមចាប់ដាវីឌជាម្ដងទៀត។ ទ្រង់រើសយកពួកទាហាន៣.០០០នាក់ដ៏ចំណានបំផុត រួចក៏ធ្វើដំណើរចេញទៅរកគាត់។ នៅពេលដែលដាវីឌបានដឹងអំពីរឿងនេះ គាត់ក៏បញ្ជូនពួកឈ្លបឲ្យទៅយកការណ៍អំពីកន្លែងដែលស្តេចសូលនិងពួកទ័ពទ្រង់បោះជំរំស្នាក់នៅពេលយប់។ បន្ទាប់មក ដាវីឌសួរពួកបុរសគាត់ពីរនាក់ថា៖ ‹តើអ្នកណាមួយនឹងទៅឯជំរំស្តេចសូលជាមួយខ្ញុំ›?
អ័ប៊ីសាយឆ្លើយឡើងថា៖ ‹ខ្ញុំនឹងទៅ›។ អ័ប៊ីសាយជាកូនរបស់នាងសេរូយ៉ា ដែលត្រូវជាបងស្រីរបស់ដាវីឌ។ កាលដែលស្តេចសូលនិងពួកទ័ពរបស់ទ្រង់កំពុងតែដេកលក់ ដាវីឌនិងអ័ប៊ីសាយក៏ដើរលបៗយ៉ាងស្ងាត់ចូលទៅក្នុងជំរំនោះ។ គេលើកយកលំពែងនិងក្អមទឹករបស់ស្តេចសូល ដែលដាក់ត្រង់ក្បែរព្រះសិររបស់ស្តេចសូល។ គ្មានអ្នកណាឃើញឬក៏ឮគេទេ ពីព្រោះពួកគេទាំងអស់កំពុងតែដេកលក់យ៉ាងស៊ប់។
សូមមើលដាវីឌនិងអ័ប៊ីសាយឥឡូវនេះ។ គេបានលបចេញរួច ហើយក៏មកដល់លើកំពូលភ្នំដោយឥតគ្រោះថ្នាក់។ ដាវីឌក៏ស្រែកទៅឯមេទ័ពអ៊ីស្រាអែលថា៖ ‹អ័ប៊ីនើរ ហេតុអ្វីបានជាឯងមិនការពារស្តេច ជាចៅហ្វាយរបស់ឯងដូច្នេះ? ចូរមើល! តើលំពែងនិងក្អមទឹករបស់ទ្រង់នៅឯណា›?
ស្តេចសូលក៏ភ្ញាក់ឡើង។ ទ្រង់ស្គាល់សម្លេងរបស់ដាវីឌ ហើយមានបន្ទូលសួរថា៖ ‹ឱដាវីឌអើយ តើឯងមែនឬ›? តើអ្នកឃើញស្តេចសូលនិងលោកអ័ប៊ីនើរនៅខាងក្រោមនេះទេ?
ដាវីឌទូលឆ្លើយថា៖ ‹ព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាទូលបង្គំមែនហើយ›។ ហើយដាវីឌទូលសួរថា៖ ‹ហេតុអ្វីបានជាទ្រង់ ជាម្ចាស់នៃទូលបង្គំ តាមចាប់ទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអំពើអាក្រក់អ្វី? មើលនែ នេះជាលំពែងរបស់ទ្រង់ សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ›។
នោះស្តេចសូលសារភាពថា៖ ‹អញបានធ្វើខុសហើយ អញបានប្រព្រឹត្តដោយសេចក្ដីចំកួត›។ រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលវិលត្រឡប់ទៅឯដំណាក់របស់ទ្រង់វិញ។ ប៉ុន្តែដាវីឌនឹកក្នុងចិត្តថា៖ ‹នៅថ្ងៃណាមួយ ស្តេចសូលនឹងសម្លាប់អញជាមិនខាន។ អញគួរតែរត់ទៅជ្រកនៅឯស្រុករបស់ពួកភីលីស្ទីន›។ ហើយគាត់ក៏ធ្វើដូច្នោះទៅ។ ដាវីឌអាចបំភាន់ពួកភីលីស្ទីនឲ្យពួកគេជឿថា គាត់ឥឡូវនេះនៅខាងគេហើយ។
នៅគ្រាក្រោយមក ពួកភីលីស្ទីនលើកគ្នាទៅច្បាំងនឹងស្រុកអ៊ីស្រាអែល។ នៅឯសមរភូមិ ស្តេចសូលនិងយ៉ូណាថានត្រូវបានគេសម្លាប់។ នេះធ្វើឲ្យដាវីឌស្រងូតស្រងាត់ណាស់ ហើយគាត់ក៏តែងចំរៀងមួយបទដ៏ពីរោះ ដែលគាត់ច្រៀងថា៖ ‹ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្ដីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់›!
បន្ទាប់ពីនេះ ដាវីឌក៏វិលត្រឡប់ទៅឯស្រុកអ៊ីស្រាអែលវិញ ទៅក្រុងហេប្រុន។ នៅទីនោះ មានសង្គ្រាមរវាងពួកអ្នកដែលរើសតាំងបុត្រារបស់ស្តេចសូលនាមអ៊ីស-បូសែតឲ្យធ្វើជាស្តេច និងពួកអ្នកឯទៀតដែលចង់បានដាវីឌឲ្យធ្វើជាស្តេច។ ប៉ុន្តែនៅទីបំផុត ពួកបុរសខាងដាវីឌក៏បានជ័យជំនះ។ ដាវីឌមានជន្មាយុ៣០ឆ្នាំ ពេលដែលទ្រង់ឡើងសោយរាជ្យជាស្តេច។ ទ្រង់បានសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ។ រីឯនៅទីនោះ ដាវីឌបង្កើតបានបុត្រាខ្លះៗ នាមអាំណូន អាប់សាឡំម និងអ័ដូនីយ៉ា។
នោះដល់គ្រាដែលស្តេចដាវីឌនិងកងទ័ពរបស់ទ្រង់ឡើងទៅចាប់យកក្រុងដ៏ស្អាតមួយ ហៅថាយេរូសាឡិម។ យ៉ូអាប់ ជាកូនមួយទៀតរបស់នាងសេរូយ៉ា ត្រូវជាបងស្រីរបស់ដាវីឌ បានធ្វើជាមេដឹកនាំក្នុងការប្រយុទ្ធនោះ។ ដូច្នេះ ជារង្វាន់ដល់លោកយ៉ូអាប់ ស្តេចដាវីឌក៏តាំងលោកឲ្យធ្វើជាមេទ័ពរបស់ទ្រង់។ ឥឡូវនេះ ដាវីឌចាប់ផ្ដើមឡើងសោយរាជ្យនៅក្នុងក្រុងយេរូសាឡិម។
សាំយូអែលទី១ ២៦:១-២៥; ២៧:១-៧; ៣១:១-៦; សាំយូអែលទី២ ១:២៦; ៣:១-២១; ៥:១-១០; របាក្សត្រទី១ ១១:១-៩