បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • cl ជំ. ៣០ ទំ. ៣០០-៣០៩
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
  • ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​ដែល​សេចក្ដី​ស្រឡាញ់​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់
  • អ្វី​ដែល​សេចក្ដី​ស្រឡាញ់​រួម​បញ្ចូល
  • អ្វី​ដែល​សេចក្ដី​ស្រឡាញ់​មិន​រួម​បញ្ចូល
  • «ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត»
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ចូរចូលទៅជិតព្រះយេហូវ៉ា
cl ជំ. ៣០ ទំ. ៣០០-៣០៩
បង​ប្អូន​គ្រីស្ទាន​ទាំង​ប្រុស​ទាំង​ស្រី​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ចំ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រុម​ជំនុំ

ជំពូក​ទី​៣០

ចូរ«ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់»ជា​និច្ច

១​-​៣​. នៅ​ពេល​យើង​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ តើ​មាន​លទ្ធផល​យ៉ាង​ណា?

«ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»។ (កិច្ច​ការ ២០:៣៥) បន្ទូល​ទាំង​នេះ​របស់​ព្រះ​យេស៊ូ​គូស​បញ្ជាក់​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ គឺ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ក៏​នាំ​ឲ្យ​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទទួល​ផល​ប្រយោជន៍​ដែរ។ ទោះ​ជា​ការ​ទទួល​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​មាន​សុភមង្គល​ក៏​ពិត​មែន តែ​ការ​ឲ្យ​ឬ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ​នាំ​ឲ្យ​មាន​សុភមង្គល​លើស​ជាង​នោះ​ទៅ​ទៀត។

២ គ្មាន​អ្នក​ណា​យល់​ចំណុច​នេះ​ច្បាស់​ជាង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ទេ។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​មុនៗ​ក្នុង​ផ្នែក​នេះ ព្រះ​យេហូវ៉ា​ជា​គំរូ​ប្រសើរ​ឯក​ស្តី​អំពី​សេចក្ដី​ស្រឡាញ់។ គ្មាន​អ្នក​ណា​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ធំ​ជាង​ឬ​ក៏​បង្ហាញ​យូរ​ជាង​ទ្រង់​នោះ​ទេ។ ដូច្នេះ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ព្រះ​យេហូវ៉ា​ត្រូវ​ហៅ​ថា«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ»។—ធីម៉ូថេ​ទី​១ ១:១១, ព.ថ.

៣ ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចង់​ឲ្យ​យើង​ព្យាយាម​ត្រាប់​តាម​ទ្រង់ ជា​ពិសេស​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ អេភេសូរ ៥:១, ២ ប្រាប់​យើង​ថា៖«ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់»។ នៅ​ពេល​យើង​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​យើង​មាន​សុភមង្គល​ដ៏​លើស​លប់​ដែល​មក​ពី​ការ​ឲ្យ។ យើង​ក៏​មាន​ការ​ពេញ​ចិត្ត​ដោយ​ដឹង​ថា យើង​កំពុង​តែ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដ្បិត​ព្រះ​បន្ទូល​របស់​ទ្រង់​ជំរុញ​ឲ្យ​យើង​«ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (រ៉ូម ១៣:៨) ប៉ុន្តែ មាន​ហេតុ​ផ្សេង​ទៀត​ដែល​យើង​គួរ«ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់»ជា​និច្ច​ដែរ។

ហេតុ​ដែល​សេចក្ដី​ស្រឡាញ់​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់

៤, ៥​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​អ្នក​ជឿ​គ្នី​គ្នា?

៤ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជឿ​គ្នី​គ្នា​នោះ? បើ​និយាយ​ឲ្យ​ចំ​ទៅ សេចក្ដី​ស្រឡាញ់​ជា​លក្ខណៈ​ចំ​បង​នៃ​ជំនឿ​គ្រីស្ទាន​ពិត។ បើ​យើង​គ្មាន​សេចក្ដី​ស្រឡាញ់​យើង​មិន​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា​ទេ ហើយ​សំខាន់​ជាង​នោះ​ទៅ​ទៀត ចំពោះ​ព្រះ​យេហូវ៉ា​យើង​គ្មាន​តម្លៃ​សោះ​ឡើយ។ សូម​ពិចារណា​នូវ​របៀប​ព្រះ​បន្ទូល​របស់​ព្រះ​បញ្ជាក់​សេចក្ដី​ពិត​ទាំង​នេះ។

៥ នៅ​រាត្រី​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែន​ដី ទ្រង់​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា៖«ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៤, ៣៥) ពិត​ណាស់ ពាក្យ​ថា«ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា»បាន​ន័យ​ថា យើង​ត្រូវ​បង្គាប់​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ ក្នុង​ជំពូក​ទី​២៩ យើង​បាន​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ឧត្តម​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​ឲ្យ​សេចក្ដី​ត្រូវ​ការ​និង​ប្រយោជន៍​អ្នក​ឯ​ទៀត​មាន​អាទិ​ភាព។ យើង​ក៏​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ដែរ ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​ជាក់​ស្តែង​ដល់​ម្ល៉េះ​ដែល​មនុស្ស​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន​ក៏​អាច​ឃើញ​ដែរ។ គឺ​ពិត​មែន​ដែល​ថា​ការ​ស្រឡាញ់​គ្នា​ដូច​បង​ប្អូន​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន គឺ​ជា​លក្ខណៈ​ដែល​សម្គាល់​យើង​ជា​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ព្រះ​គ្រីស្ទ។

៦, ៧​. (ក) តើ​យើង​ដឹង​ថា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពាក្យ​របស់​ប៉ុល​នៅ​កូរិនថូសទី១ ១៣:៤​-​៨ សង្កត់​ធ្ងន់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​បែប​ណា?

៦ ចុះ​បើ​យើង​ខ្វះ​សេចក្ដី​ស្រឡាញ់​បែប​នេះ? សាវ័ក​ប៉ុល​បាន​និយាយ​ថា៖«បើ​ខ្ញុំ . . . គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈិង​ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ»។ (កូរិនថូសទី១ ១៣:១) ឈិង​ដែល​ឮ​ទ្រហឹង​មាន​សូរ​នាំ​ឲ្យ​សង្កៀរ​ត្រចៀក។ ចុះ​លង្ហិន​ដែល​ឮ​ខ្ទរ​វិញ? សេចក្ដី​បក​ប្រែ​ឯ​ទៀត​ចែង​ថា«សំឡេង​គង​ដែល​លាន់​ឮ​ឡើង» ឬ​«សំឡេង​គង​ដែល​លាន់​ខ្ទរ​ខ្ទារ»។ ការ​ប្រៀប​ធៀប​នេះ​គឺ​សមរម្យ​ណាស់! មនុស្ស​ម្នាក់​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​គឺ​ដូច​ជា​គ្រឿង​ភ្លេង​ដែល​មាន​សូរ​ទ្រហឹង​នាំ​ឲ្យ​ហ៊ឹង​ត្រចៀក ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ចៀស​ឆ្ងាយ​មិន​ចង់​ចូល​មក​ជិត។ តើ​មនុស្ស​ម្នាក់​បែប​នេះ​អាច​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច​បាន? ប៉ុល​ក៏​បាន​និយាយ​ថា៖«បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ»។ (កូរិនថូសទី១ ១៣:២) សូម​គិត​ទៅ​មើល មនុស្ស​ម្នាក់​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់«ឥត​បាន​ការ​អ្វី​ទាំង​អស់» ទោះ​ជា​គាត់​ប្រព្រឹត្ត​ការ​ល្អ​យ៉ាង​ណា​ក៏​ដោយ! (ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) គឺ​ច្បាស់​ណាស់​ដែល​ថា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មែន​ទេ?

៧ ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​គុណ​សម្បត្ដិ​នេះ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត? ដើម្បី​ឆ្លើយ​សំនួរ​នេះ សូម​យើង​ពិចារណា​ពាក្យ​របស់​ប៉ុល​នៅ​កូរិនថូសទី១ ១៣:​៤​-​៨។ ខ​ទាំង​នេះ​មិន​លើក​បញ្ជាក់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឬ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ុល​ផ្ចង់​អារម្មណ៍​ទៅ​លើ​របៀប​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​រៀប​រាប់​អំពី​អ្វី​ដែល​សេចក្ដី​ស្រឡាញ់​រួម​បញ្ចូល​និង​មិន​រួម​បញ្ចូល។

អ្វី​ដែល​សេចក្ដី​ស្រឡាញ់​រួម​បញ្ចូល

៨​. ក្នុង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត តើ​ការ​អត់​ធន់​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

៨ «សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់​[​ឬ​«​អត់​ធន់​», ព.ថ.]»។ ការ​អត់​ធន់​មាន​ន័យ​ថា​ចេះ​ទ្រាំទ្រ​នឹង​អ្នក​ឯ​ទៀត​ដោយ​អត់​ធ្មត់។ (កូល៉ុស ៣:១៣) យើង​ពិត​ជា​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​បែប​នេះ មែន​ទេ? ដោយ​ព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​កំពុង​តែ​ប្រកៀក​ស្មា​គ្នា​បំរើ​ព្រះ នោះ​គឺ​ជា​ការ​ធម្មតា​ទេ​ដែល​ម្ដង​ម្កាល​បង​ប្អូន​គ្រីស្ទាន​របស់​យើង​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​យើង​រង្កៀស​ចិត្ត ហើយ​យើង​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​គេ​រង្កៀស​ចិត្ត​ដែរ។ ប៉ុន្តែ ការ​អត់​ធ្មត់​និង​ការ​ទ្រាំទ្រ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នៅ​ពេល​មាន​ការ​ថ្នាំង​ថ្នាក់​បន្ដិច​បន្តួច​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​មិន​ធ្វើ​ឲ្យ​បែក​បាក់​ដល់​មេត្រី​ភាព​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​ឡើយ។

៩​. តើ​យើង​អាច​បង្ហាញ​ចិត្ត​សប្បុរស​តាម​វិធី​ណា​ខ្លះ?

៩ «សេចក្ដី​ស្រឡាញ់ . . . ក៏​សប្បុរស»។ ចិត្ត​សប្បុរស​គឺ​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​ដែល​ជួយ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត និង​ការ​និយាយ​ដោយ​គិត​ដល់​អារម្មណ៍​របស់​ពួក​គេ។ សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​រក​វិធី​បង្ហាញ​ចិត្ត​សប្បុរស​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ​បំផុត។ ជា​ឧទាហរណ៍ អ្នក​ជឿ​ម្នាក់​ដែល​មាន​អាយុ​ចាស់​ហើយ ប្រហែល​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​និង​ត្រូវ​ការ​អ្នក​ណា​មក​សួរ​សុខ​ទុក្ខ​លើក​ទឹក​ចិត្ត​គាត់។ ម្ដាយ​ដែល​គ្មាន​គូ​ឬ​បង​ស្រី​ម្នាក់​ដែល​មាន​ប្ដី​មិន​ជឿ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ។ បង​ប្អូន​ដែល​ឈឺ​ឬ​កំពុង​តែ​ជួប​ការ​លំបាក​អ្វី​មួយ​ប្រហែល​ជា​ចង់​ឮ​សំ​ដី​សប្បុរស​ពី​មិត្ត​ភក្ដី។ (សុភាសិត ១២:២៥; ១៧:១៧) នៅ​ពេល​យើង​ផ្ដើម​បង្ហាញ​ចិត្ត​សប្បុរស​តាម​វិធី​នេះ យើង​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​គឺ​ស្មោះ​ពិត​មែន។—កូរិនថូសទី២ ៨:៨

១០​. តើ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​គាំ​ទ្រ​និង​និយាយ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច សូម្បី​តែ​នៅ​ពេល​ពិបាក​ធ្វើ​ក៏​ដោយ?

១០ «សេចក្ដី​ស្រឡាញ់ . . . អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ​ត្រង់​[​ឬ «​សេចក្ដី​ពិត​», ព.ថ.]»។ កំណែ​ព្រះ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖«សេចក្ដី​ស្រឡាញ់ . . . គាំ​ទ្រ​សេចក្ដី​ពិត​ដោយ​ចិត្ត​រីក​រាយ»។ សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​គាំ​ទ្រ​សេចក្ដី​ពិត​និង«និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក»។ (សាការី ៨:១៦, ខ.ស.) ជា​ឧទាហរណ៍ បើ​មនុស្ស​ជា​ទី​ស្រឡាញ់​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ នោះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​នឹង​ជួយ​យើង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ ជា​ជាង​ខិត​ខំ​លាក់​បាំង រក​លេស​ដោះ​សា ឬ​រហូត​ដល់​កុហក​អំពី​អំពើ​បាប​របស់​គាត់។ យើង​ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​ការ​ពិត​ក្នុង​កាលៈទេសៈ​នេះ​ពិត​មែន។ ប៉ុន្តែ បើ​យើង​គិត​អំពី​ប្រយោជន៍​ល្អ​បំផុត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង នោះ​យើង​ចង់​ឲ្យ​គាត់​ទទួល​និង​ប្រព្រឹត្ត​តាម​ការ​ប្រដៅ​ពី​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (សុភាសិត ៣:១១, ១២) ក្នុង​នាម​ជា​គ្រីស្ទាន​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យើង​ក៏​ចង់«ប្រព្រឹត្ត​ល្អ​[​ឬ​«​ទៀង​ត្រង់​», ព.ថ.] ក្នុង​គ្រប់​ការ​ទាំង​អស់»ដែរ។—ហេព្រើរ ១៣:១៨

១១​. ដោយ​សារ​សេចក្ដី​ស្រឡាញ់«គ្រប​បាំង​ទាំង​អស់» តើ​យើង​គួរ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ស្តី​អំពី​កំហុស​របស់​អ្នក​ជឿ​គ្នី​គ្នា​នោះ?

១១ «សេចក្ដី​ស្រឡាញ់ . . . ក៏​គ្រប​បាំង​ទាំង​អស់»។ ពេត្រុសទី១ ៤:៨ ចែង​ថា៖ «សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក​អនន្ត»។ ពិត​ណាស់ គ្រីស្ទាន​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​នាំ​មុខ​នោះ គឺ​មិន​និយាយ​បរិហារ​ពី​កំហុស​បង​ប្អូន​គ្រីស្ទាន​ឯ​ទៀត​ទេ។ ក្នុង​ករណី​ជា​ច្រើន កំហុស​របស់​អ្នក​ជឿ​គ្នី​គ្នា​គឺ​តូច​តាច​និង​អាច​ត្រូវ​គ្រប​បាំង​ដោយ​សេចក្ដី​ស្រឡាញ់​បាន។—សុភាសិត ១០:១២; ១៧:៩

បង​ប្រុស​គ្រីស្ទាន​វ័យ​ចាស់​កំពុង​បង្ហាញ​ការ​ទុក​ចិត្ដ​ចំ​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​ជា​អ្នក​រួម​ជំនឿ។

សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​បង្ហាញ​ថា យើង​ទុក​ចិត្ត​បង​ប្អូន​របស់​យើង

១២​. តើ​សាវ័ក​ប៉ុល​បង្ហាញ​ថា​គាត់​ជឿ​អ្វី​ដ៏​ល្អ​បំផុត​អំពី​ភីលេម៉ូន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ប៉ុល?

១២ «សេចក្ដី​ស្រឡាញ់ . . . ជឿ​ទាំង​អស់»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ម៉ូហ្វា​ត​ចែង​ថា សេចក្ដី​ស្រឡាញ់«រមែង​ជឿ​អ្វី​ដ៏​ល្អ​បំផុត​អំពី​អ្នក​ឯ​ទៀត»។ យើង​មិន​សង្ស័យ​ហួស​ហេតុ​ទៅ​លើ​អ្នក​ជឿ​គ្នី​គ្នា​នោះ​ទេ ដោយ​សង្ស័យ​រាល់​ដង​ទៅ​លើ​បំណង​ចិត្ត​ពួក​គេ​ពេល​ដែល​គេ​ធ្វើ​អ្វី​មួយ។ សេចក្ដី​ស្រឡាញ់​ជួយ​យើង«ជឿ​អ្វី​ដ៏​ល្អ​បំផុត​អំពី​អ្នក​ឯ​ទៀត»គឺ​អំពី​បង​ប្អូន​របស់​យើង​និង​ទុក​ចិត្ត​ពួក​គេ។a សូម​កត់​សម្គាល់​នូវ​ឧទាហរណ៍​មួយ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ភីលេម៉ូន។ ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ភីលេម៉ូន​ឲ្យ​ទទួល​ស្វាគមន៍​អូនេស៊ីម​មក​វិញ​ដោយ​សប្បុរស​ដែល​គាត់​ជា​អ្នក​បំរើ​ដែល​បាន​រត់​ចោល​ម្ចាស់​ខ្លួន​គឺ​ភីលេម៉ូន តែ​ក្រោយ​មក​ក្លាយ​ជា​គ្រីស្ទាន​ម្នាក់។ ជា​ជាង​ព្យាយាម​បង្ខំ​ភីលេម៉ូន នោះ​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់។ គាត់​បញ្ជាក់​ទំនុក​ចិត្ត​របស់​គាត់​ថា ភីលេម៉ូន​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ។ គាត់​សរសេរ​ថា៖«ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្ដាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត»។ (ខ​២១) នៅ​ពេល​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​បង​ប្អូន​របស់​យើង នោះ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បង្ហាញ​លក្ខណៈ​ល្អ​បំផុត។

១៣​. តើ​យើង​អាច​បង្ហាញ​ថា​យើង​សង្ឃឹម​ចំពោះ​បង​ប្អូន​របស់​យើង​នឹង​ទទួល​ប្រយោជន៍​ល្អ​បំផុត​យ៉ាង​ដូច​ម្ដេច?

១៣ «សេចក្ដី​ស្រឡាញ់ . . . សង្ឃឹម​ទាំង​អស់»។ សេចក្ដី​ស្រឡាញ់​តែង​តែ​ទុក​ចិត្ត និង​ក៏​តែង​តែ​សង្ឃឹម​ដែរ។ សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​សង្ឃឹម​ថា បង​ប្អូន​យើង​នឹង​ទទួល​ផល​ប្រយោជន៍​ល្អ​បំផុត។ ជា​ឧទាហរណ៍ បើ​បង​ប្អូន​ម្នាក់«ធ្វើ​ខុស​អ្វី​ដោយ​មិន​ដឹង​ខ្លួន» នោះ​យើង​សង្ឃឹម​ថា​គាត់​នឹង​ស្ដាប់​តាម​នៅ​ពេល​មាន​ការ​ព្យាយាម​កែ​តម្រង់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់។ (កាឡាទី ៦:១, ព.ថ.) យើង​ក៏​សង្ឃឹម​ថា​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​នឹង​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ​ឡើង​វិញ។ យើង​អត់​ធ្មត់​នឹង​អ្នក​ទាំង​នេះ ដោយ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ​ពង្រឹង​ជំនឿ​ឲ្យ​បាន​រឹង​មាំ។ (រ៉ូម ១៥:១; ថែស្សាឡូនីចទី១ ៥:១៤) ទោះ​បើ​មនុស្ស​ជា​ទី​ស្រឡាញ់​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ក៏​ដោយ ក៏​យើង​នៅ​តែ​សង្ឃឹម​ជា​និច្ច​ថា នៅ​ថ្ងៃ​មួយ​គាត់​នឹង​ភ្ញាក់​រឭក​ហើយ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ដូច​ជា​កូន​បង្ហិន​ទ្រព្យ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​នោះ។—លូកា ១៥:១៧, ១៨

១៤​. តើ​ការ​ស៊ូ​ទ្រាំ​របស់​យើង​អាច​ត្រូវ​សាកល្បង​នៅ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ហើយ​តើ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​ប្រព្រឹត្ត​តប​ទៅ​វិញ​យ៉ាង​ដូច​ម្ដេច?

១៤ «សេចក្ដី​ស្រឡាញ់ . . . ទ្រាំទ្រ​ទាំង​អស់»។ ការ​ស៊ូ​ទ្រាំ​ជួយ​យើង​កាន់​ជំហរ​មាំ​មួន​នៅ​ពេល​យើង​ខក​ចិត្ត​ឬ​ជួប​នឹង​ការ​លំបាក។ ការ​ល្បង​ល​នូវ​ការ​ស៊ូ​ទ្រាំ​របស់​យើង​មិន​មក​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ​តែ​ប៉ុណ្ណោះ​ទេ។ ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​ល្បង​ល​ពី​ក្នុង​ក្រុម​ជំនុំ​វិញ។ ដោយ​សារ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​នោះ បង​ប្អូន​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ម្ដង​ម្កាល។ ប្រហែល​អ្នក​ណា​ម្នាក់​និយាយ​អ្វី​ដោយ​មិន​គិត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ (សុភាសិត ១២:១៨) ជួន​កាល​មាន​រឿង​មួយ​ក្នុង​ក្រុម​ជំនុំ​មិន​បាន​ត្រូវ​ដោះ​ស្រាយ​ដូច​ជា​យើង​គិត​ថា​ត្រឹម​ត្រូវ​នោះ​ទេ។ ប្រហែល​ជា​ការ​ប្រព្រឹត្ត​របស់​បង​ប្រុស​ម្នាក់​ដែល​មាន​គេ​គោរព ធ្វើ​ឲ្យ​យើង​រង្កៀស​ចិត្ត​និង​យើង​ឆ្ងល់​ថា‹តើ​គ្រីស្ទាន​ម្នាក់​អាច​ប្រព្រឹត្ត​ដូច្នេះ​បាន​យ៉ាង​ដូច​ម្ដេច​?›។ នៅ​ចំពោះ​មុខ​កាលៈទេសៈ​បែប​នេះ តើ​យើង​នឹង​ចាក​ចេញ​ពី​ក្រុម​ជំនុំ​និង​ឈប់​បំរើ​ព្រះ​យេហូវ៉ា​ឬ? បើ​យើង​មាន​សេចក្ដី​ស្រឡាញ់ យើង​មិន​ធ្វើ​ដូច្នេះ​នោះ​ទេ! ពិត​ណាស់ សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​កំហុស​របស់​បង​ប្អូន​បាំង​ភ្នែក​យើង​មិន​ឲ្យ​ឃើញ​លក្ខណៈ​ល្អ​របស់​គាត់​ឬ​របស់​ក្រុម​ជំនុំ​ទាំង​មូល​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នឹង​ព្រះ​ថែម​ទាំង​គាំ​ទ្រ​ក្រុម​ជំនុំ​មិន​ថា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ណា​ម្នាក់​ធ្វើ​ឬ​និយាយ​អ្វី​ក៏​ដោយ។—ទំនុក​ដំកើង ១១៩:១៦៥

អ្វី​ដែល​សេចក្ដី​ស្រឡាញ់​មិន​រួម​បញ្ចូល

១៥​. តើ​ការ​ឈ្នានីស​ជា​អ្វី​ទៅ? ហើយ​តើ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​ទប់​ចិត្ត​នឹង​អារម្មណ៍​ដែល​នាំ​ឲ្យ​អន្តរាយ​ខ្លួន​នោះ​យ៉ាង​ដូច​ម្ដេច?

១៥ «សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស»។ ការ​ឈ្នានីស​នាំ​ឲ្យ​យើង​ច្រណែន​អ្នក​ឯ​ទៀត​ដោយ​សារ​ទ្រព្យ​សម្បត្ដិ ឯក​សិទ្ធិ ឬ​ក៏​សមត្ថភាព​ដែល​ពួក​គេ​មាន។ ការ​ឈ្នានីស​ជា​អារម្មណ៍​មួយ​ដែល​ប្រកប​ដោយ​អត្តទត្ថភាព​ថែម​ទាំង​នាំ​ឲ្យ​អន្តរាយ​ខ្លួន ហើយ​បើ​យើង​មិន​ទប់​ចិត្ត​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​បែក​បាក់​ដល់​មេត្រី​ភាព​ក្នុង​ក្រុម​ជំនុំ​បាន។ តើ​អ្វី​នឹង​ជួយ​យើង​ទប់​ចិត្ត​មិន​ឲ្យ​មាន​ចិត្ត​ឈ្នានីស​នោះ? គឺ​ពាក្យ​មួយ​ម៉ាត់​ថា សេចក្ដី​ស្រឡាញ់។ គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​នេះ​ធ្វើ​ឲ្យ​យើង​ចេះ​អបអរ​ចំពោះ​បង​ប្អូន​របស់​យើង​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ពួក​គេ​មាន​អ្វី​ដែល​យើង​មិន​មាន​នោះ។ (រ៉ូម ១២:១៥) សេចក្ដី​ស្រឡាញ់​ជួយ​យើង​មិន​តូច​ចិត្ត​ពេល​ដែល​អ្នក​ណា​ម្នាក់​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​គាត់​មាន​សមត្ថភាព​ច្រើន​ឬ​ក៏​បាន​សម្រេច​ការ​អ្វី​មួយ​យ៉ាង​ប្រសើរ​នោះ។

១៦​. បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​យើង ហេតុ​អ្វី​យើង​ត្រូវ​ចៀស​វាង​ការ​អួត​ពី​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា?

១៦ «សេចក្ដី​ស្រឡាញ់ . . . មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ»។ សេចក្ដី​ស្រឡាញ់​ទប់​មិន​ឲ្យ​យើង​សំញែង​ប្រាប់​ពី​សមិទ្ធផល​ឬ​សមត្ថភាព​របស់​យើង។ បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​យើង តើ​យើង​អាច​អួត​ពី​ជោគជ័យ​របស់​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ឯក​សិទ្ធិ​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ​បាន​ទេ? ការ​អួត​ដូច្នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ធ្លាក់​ទឹក​ចិត្ត និង​គិត​ថា​ខ្លួន​គេ​មាន​តម្លៃ​តិច​ជាង។ សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​យើង​អួត​ពី​អ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​ឡើយ។ (កូរិនថូសទី១ ៣:៥​-​៩) យ៉ាង​ណា​មិញ សេចក្ដី​ស្រឡាញ់«មិន​ដែល​មាន​ចិត្ត​ធំ» ឬ​ដូច​កំណែ​ព្រះ​គម្ពីរ​មួយ​ទៀត​ចែង​ថា សេចក្ដី​ស្រឡាញ់​«មិន​ចូល​ចិត្ត​រាប់​ខ្លួន​ជា​អ្នក​សំខាន់​ហួស​ប្រមាណ»។ សេចក្ដី​ស្រឡាញ់​ទប់​មិន​ឲ្យ​យើង​ក្រអឺត​ក្រទម​ឡើយ។—រ៉ូម ១២:៣

១៧​. តើ​សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​គិត​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ការ​ប្រព្រឹត្ត​បែប​ណា​ដែល​យើង​ត្រូវ​ចៀស​វាង?

១៧ «សេចក្ដី​ស្រឡាញ់ . . . មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម»។ មនុស្ស​ម្នាក់​ដែល​ប្រព្រឹត្ត​មិន​គួរ​សម​ធ្វើ​អ្វី​ដែល​ឈ្លើយ​ឬ​ក៏​ទ្រ​គោះ។ ការ​ប្រព្រឹត្ត​ដូច្នេះ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ ដ្បិត​នេះ​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​ដែល​មិន​គិត​ដល់​អារម្មណ៍​ឬ​ប្រយោជន៍​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​សុជីវធម៌​ជំរុញ​ឲ្យ​គិត​ដល់​អ្នក​ឯ​ទៀត។ សេចក្ដី​ស្រឡាញ់​បណ្ដាល​ឲ្យ​មាន​សុភាវធម៌ ប្រព្រឹត្ត​អ្វី​ដែល​ពេញ​ព្រះ​ហឫទ័យ​ព្រះ និង​គោរព​អ្នក​ជឿ​គ្នី​គ្នា។ ដូច្នេះ សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​យើង​ធ្វើ​អ្វី​ដែល«គួរ​ខ្មាស» ឬ​អ្វី​ក៏​ដោយ​ដែល​ទ្រ​គោះ​ឬ​ក៏​ធ្វើ​ឲ្យ​បង​ប្អូន​គ្រីស្ទាន​របស់​យើង​ប្រកាន់។—អេភេសូរ ៥:៣, ៤

១៨​. ហេតុ​អ្វី​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​មិន​ទាម​ទារ​ឲ្យ​ធ្វើ​អ្វីៗ​តាម​តែ​ចិត្ត​គាត់?

១៨ «សេចក្ដី​ស្រឡាញ់ . . . មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន»។ កំណែ​ព្រះ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖«សេចក្ដី​ស្រឡាញ់​មិន​ទាម​ទារ​ឲ្យ​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន»។ មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​មិន​ទាម​ទារ​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់​តាម​តែ​ចិត្ត​គាត់ ហាក់​ដូច​ជា​មតិ​គាត់​ត្រឹម​ត្រូវ​រហូត​នោះ​ទេ។ គាត់​ក៏​មិន​ខំ​បញ្ចុះ​បញ្ចូល​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង​ទាល់​តែ​គេ​ប្រែ​ទស្សនៈ​ឲ្យ​គិត​ដូច​គាត់​នោះ​ទេ។ ភាព​រឹង​ចចេស​បែប​នេះ​បង្ហាញ​ថា​ខ្លួន​មាន​អំនួត ហើយ​ព្រះ​គម្ពីរ​ចែង​ថា«អំនួត​រមែង​នាំ​អោយ​អន្តរាយ»។ (សុភាសិត ១៦:១៨, ខ.ស.) បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​យើង នោះ​យើង​នឹង​គោរព​ទស្សនៈ​របស់​ពួក​គេ ហើយ​នឹង​សុខ​ចិត្ត​ព្រម​តាម​ទៀត​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​សុខ​ចិត្ត​ព្រម​តាម​គឺ​សម​ស្រប​តាម​ពាក្យ​របស់​ប៉ុល​ដែល​ថា៖«កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។—កូរិនថូសទី១ ១០:២៤

១៩​. តើ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​ប្រព្រឹត្ត​តប​យ៉ាង​ណា​ពេល​អ្នក​ឯ​ទៀត​បញ្ឈឺ​ចិត្ត​យើង?

១៩ «សេចក្ដី​ស្រឡាញ់ . . . មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស»។ សេចក្ដី​ស្រឡាញ់​គឺ​មិន​ងាយ​ខឹង​ដោយ​សារ​អ្វី​ដែល​អ្នក​ឯ​ទៀត​និយាយ​ឬ​ក៏​ធ្វើ​នោះ​ទេ។ ពិត​ណាស់ ជា​ការ​ធម្មតា​ទេ​ដែល​យើង​មិន​សប្បាយ​ចិត្ត​ពេល​មនុស្ស​បញ្ឈឺ​ចិត្ត​យើង។ ប៉ុន្តែ ទោះ​បី​យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​ខឹង​ក៏​ដោយ សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​យើង​ខឹង​ងំ។ (អេភេសូរ ៤:២៦, ២៧) យើង​មិន​ចង​ចាំ​ការ​ប្រព្រឹត្ត​ឬ​ពាក្យ​សំ​ដី​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​នោះ ហាក់​ដូច​ជា​កត់​បញ្ជី​មួយ​ដើម្បី​កុំ​ឲ្យ​ភ្លេច។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​២៦ ព្រះ​យេហូវ៉ា​អត់​ទោស​យើង​នៅ​ពេល​មាន​ហេតុ​ត្រឹម​ត្រូវ។ នៅ​ពេល​ទ្រង់​អត់​ទោស​ឲ្យ​យើង ទ្រង់​ក៏​បំភ្លេច​ចោល បាន​ន័យ​ថា​ទ្រង់​មិន​ប្រកាន់​ទោស​យើង​នៅ​ថ្ងៃ​ក្រោយ​ទៀត​នោះ​ទេ។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​ប្រកាន់​ទោស​យើង មែន​ទេ?

២០​. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​បើ​អ្នក​ជឿ​គ្នី​គ្នា​បាន​ភ្លាត់​ធ្វើ​ខុស​និង​ទទួល​ផល​វិបាក?

២០ «សេចក្ដី​ស្រឡាញ់ . . . មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ»។ កំណែ​ព្រះ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «សេចក្ដី​ស្រឡាញ់ . . . មិន​ពេញ​ចិត្ត​នៅ​ពេល​អ្នក​ឯ​ទៀត​ធ្វើ​បាប»។ សេចក្ដី​បក​ប្រែ​មួយ​ផ្សេង​ទៀត​ចែង​ថា៖«សេចក្ដី​ស្រឡាញ់​មិន​ដែល​សប្បាយ​ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស»។ សេចក្ដី​ស្រឡាញ់​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​សោះ​ឡើយ ដូច្នេះ​យើង​មិន​បិទ​ភ្នែក​នឹង​អំពើ​អសីលធម៌​នោះ​ទេ។ តើ​យើង​ប្រព្រឹត្ត​យ៉ាង​ណា​បើ​អ្នក​ជឿ​គ្នី​គ្នា​ធ្វើ​អំពើ​បាប​និង​ទទួល​ផល​វិបាក​នោះ? សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​យើង​អរ​សប្បាយ ហាក់​ដូច​ជា​ចង់​និយាយ​ថា‹ល្អ​ណាស់! គាត់​សម​នឹង​ទទួល​មែន!›។ (សុភាសិត ១៧:៥) ប៉ុន្តែ យើង​អរ​សប្បាយ​ពិត​មែន​ពេល​បង​ប្អូន​ដែល​ធ្វើ​ខុស​ព្យាយាម​កែ​ខ្លួន​ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ឡើង​វិញ។

«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត»

២១​-​២៣​. (ក) តើ​ប៉ុល​មាន​ន័យ​អ្វី​ពេល​គាត់​និយាយ​ថា «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»? (ខ) ក្នុង​ជំពូក​ចុង​ក្រោយ​តើ​យើង​នឹង​ពិចារណា​អ្វី?

២១ «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។ តើ​ពាក្យ​នេះ​របស់​ប៉ុល​មាន​ន័យ​ដូច​ម្ដេច? បើ​មើល​បរិបទ​យើង​ឃើញ​ថា គាត់​កំពុង​តែ​រៀប​រាប់​អំពី​អំណោយ​ទាន​នៃ​វិញ្ញាណ​បរិសុទ្ធ​ដែល​មាន​ក្នុង​ចំណោម​ជន​គ្រីស្ទាន​សម័យ​ដើម។ អំណោយ​ទាំង​នោះ​ជា​ទី​សម្គាល់​ថា ក្រុម​ជំនុំ​ថ្មី​នោះ​កំពុង​តែ​ទទួល​ព្រះ​គុណ​ពី​ព្រះ។ ប៉ុន្តែ មិន​មែន​គ្រីស្ទាន​គ្រប់​រូប​អាច​ប្រោស​ឲ្យ​ជា ទាយ ឬ​និយាយ​ជា​ភាសា​ផ្សេងៗ​នោះ​ទេ។ ក៏​ប៉ុន្តែ នោះ​មិន​សំខាន់​ទេ ពីព្រោះ​នៅ​ទី​បំផុត​អំណោយ​ទាន​ដែល​ឲ្យ​ធ្វើ​អព្ភូតហេតុ​នោះ​នឹង​លែង​មាន​ត​ទៅ​ទៀត។ ប៉ុន្តែ មាន​អ្វី​មួយ​ទៀត​ដែល​នឹង​មាន​ជា​រៀង​រហូត ជា​អ្វី​មួយ​ដែល​គ្រីស្ទាន​គ្រប់​គ្នា​អាច​បណ្ដុះ​ឲ្យ​មាន។ នោះ​គឺ​ប្រសើរ​ជាង ហើយ​ស្ថិត​ស្ថេរ​យូរ​ជាង​អំណោយ​ទាន​ឯ​ទៀត។ ការ​ពិត​ប៉ុល​បាន​ហៅ​នោះ​ជា«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត»។ (កូរិនថូសទី១ ១២:៣១) តើ«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត»នេះ​ជា​អ្វី? គឺ​ជា​សេចក្ដី​ស្រឡាញ់។

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក

២២ ពិត​ណាស់ សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទាន​ពិត​ដែល​ប៉ុល​បាន​រៀប​រាប់​នោះ«មិន​ដែល​ផុត​ឡើយ» ឬ​ថា​មិន​ដែល​សាប​សូន្យ​នោះ​ទេ។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ជា​ទី​សម្គាល់​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ព្រះ​យេស៊ូ។ យើង​ពិត​ជា​ឃើញ​ភស្តុ​តាង​ដែល​បញ្ជាក់​ថា មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក មែន​ទេ? សេចក្ដី​ស្រឡាញ់​បែប​នេះ​នឹង​មាន​ជា​រៀង​រហូត ដ្បិត​ព្រះ​យេហូវ៉ា​សន្យា​ថា​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់​នឹង​បាន​ជីវិត​ជា​រៀង​រហូត។ (ទំនុក​ដំកើង ៣៧:៩​-​១១, ២៩) ចូរ​យើង​បន្ត​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី«ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់»ជា​និច្ច។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​សុភមង្គល​លើស​លប់​ដែល​មក​ពី​ការ​ឲ្យ។ សំខាន់​ជាង​នោះ​ទៅ​ទៀត យើង​អាច​រស់​ជា​និច្ច ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​និច្ច ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

២៣ ក្នុង​ជំពូក​នេះ​ដែល​បញ្ចប់​ផ្នែក​អំពី​សេចក្ដី​ស្រឡាញ់ យើង​បាន​ពិចារណា​មើល​របៀប​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ដោយ​គិត​ពី​ផល​ប្រយោជន៍​ជា​ច្រើន​ដែល​យើង​ទទួល​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​របស់​ទ្រង់ យើង​គួរ​គប្បី​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ទ្រង់​យ៉ាង​ដូច​ម្ដេច?›។ សំនួរ​នេះ​នឹង​ត្រូវ​ពិចារណា​ក្នុង​ជំពូក​ចុង​ក្រោយ។

a ប៉ុន្តែ សេចក្ដី​ស្រឡាញ់​តាម​គំរូ​ព្រះ​គ្រីស្ទ​គឺ​មិន​មែន​នាំ​ឲ្យ​ឆោត​នោះ​ទេ។ ព្រះ​គម្ពីរ​ដាស់​តឿន​ថា៖ «ចំណាំ​មើល​អស់​អ្នក​ដែល​បណ្ដាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​រវាត​ចិត្ត . . . [រួច]បែរ​ចេញ​ពី​អ្នក​ទាំង​នោះ»។—រ៉ូម ១៦:១៧

សំនួរ​សំរាប់​រំពឹង​គិត

  • កូរិនថូសទី២ ៦:១១​-​១៣ តើ​ការ«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»មាន​ន័យ​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​អនុវត្ត​តាម​ឱវាទ​នេះ​យ៉ាង​ដូច​ម្ដេច?

  • ពេត្រុសទី១ ១:២២ តើ​ពាក្យ​នេះ​បង្ហាញ​ដូច​ម្ដេច​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ជឿ​គ្នី​គ្នា​ត្រូវ​ស្មោះ​ពី​ចិត្ត មិន​ក្លែង​ក្លាយ និង​ប្រកប​ដោយ​ភាព​កក់​ក្ដៅ?

  • យ៉ូហានទី១ ៣:១៦​-​១៨ តើ​យើង​អាច​បង្ហាញ​ថា«សេចក្ដី​ស្រឡាញ់​នៃ​ព្រះ»មាន​នៅ​ក្នុង​យើង​យ៉ាង​ដូច​ម្ដេច?

  • យ៉ូហានទី១ ៤:៧​-​១១ តើ​អ្វី​ជំរុញ​ចិត្ត​យើង​ខ្លាំង​បំផុត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជឿ​គ្នី​គ្នា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក