ជំពូកទីដប់ប្រាំ
ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
តើព្រះសព្វព្រះហឫទ័យនឹងសាសនាទាំងអស់ឬ?
តើយើងអាចស្គាល់សាសនាពិតយ៉ាងដូចម្ដេច?
សព្វថ្ងៃនេះ តើព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់អ្នកណា?
១. តើយើងនឹងទទួលប្រយោជន៍អ្វីបើយើងថ្វាយបង្គំព្រះតាមរបៀបត្រឹមត្រូវ?
ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងនឹងយើង ហើយទ្រង់មានព្រះទ័យចង់ឲ្យយើងទទួលប្រយោជន៍ពីការណែនាំដែលទ្រង់បានប្រទានមកដោយសេចក្ដីស្រឡាញ់នោះ។ បើយើងថ្វាយបង្គំទ្រង់តាមរបៀបត្រឹមត្រូវ យើងនឹងមានសុភមង្គលហើយនឹងអាចចៀសពីបញ្ហាជាច្រើនក្នុងជីវិត។ យើងក៏នឹងទទួលពរព្រមទាំងជំនួយពីទ្រង់ដែរ។ (អេសាយ ៤៨:១៧) ក៏ប៉ុន្តែ មានរាប់រយសាសនាដែលអះអាងថាពួកគេបង្រៀនសេចក្ដីពិតអំពីព្រះ។ ប៉ុន្តែ សាសនាទាំងនោះបង្រៀនខុសៗគ្នាអំពីព្រះហើយអ្វីដែលទ្រង់តម្រូវពីយើង។
២. តើអ្នកអាចដឹងយ៉ាងដូចម្ដេចថា របៀបណាជារបៀបត្រឹមត្រូវដែលគួរថ្វាយបង្គំព្រះយេហូវ៉ានោះ? តើឧទាហរណ៍អ្វីដែលជួយឲ្យយើងយល់អំពីរឿងនេះ?
២ តើអ្នកអាចដឹងយ៉ាងដូចម្ដេចថា របៀបណាជារបៀបត្រឹមត្រូវដែលគួរថ្វាយបង្គំព្រះយេហូវ៉ានោះ? អ្នកមិនចាំបាច់សិក្សានិងប្រៀបធៀបការបង្រៀននៃសាសនាទាំងអស់នោះឡើយ។ អ្នកគ្រាន់តែត្រូវរៀនអ្វីដែលព្រះគម្ពីរពិតជាបង្រៀនអំពីការថ្វាយបង្គំពិត។ ជាឧទាហរណ៍: នៅប្រទេសជាច្រើនមានបញ្ហាដោយសារមានមនុស្សធ្វើលុយក្លែងក្លាយ។ ប្រសិនបើការងាររបស់អ្នកត្រូវត្រួតពិនិត្យមើលថាលុយណាជាលុយក្លែងក្លាយនោះ តើអ្នកនឹងសម្គាល់លុយក្លែងក្លាយយ៉ាងដូចម្ដេច? តើអ្នកនឹងខំទន្ទេញចាំលក្ខណៈនៃលុយក្លែងក្លាយគ្រប់ប្រភេទឬ? មិនមែនទេ! យកល្អអ្នកសិក្សាអំពីលុយពិតប្រាកដវិញ។ ក្រោយអ្នកដឹងថាលុយពិតប្រាកដមានលក្ខណៈអ្វីខ្លះ អ្នកនឹងអាចសម្គាល់ថាលុយណាជាលុយក្លែងក្លាយបាន។ ស្រដៀងគ្នាដែរ ពេលយើងរៀនរបៀបសម្គាល់សាសនាពិតនោះ យើងក៏អាចដឹងថាសាសនាណាជាសាសនាមិនពិតដែរ។
៣. យោងទៅតាមព្រះយេស៊ូ តើយើងត្រូវធ្វើអ្វីប្រសិនបើចង់ឲ្យព្រះសព្វព្រះហឫទ័យ?
៣ ជាការសំខាន់ណាស់ដែលយើងថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ មនុស្សជាច្រើនជឿថាព្រះសព្វព្រះហឫទ័យនឹងសាសនាទាំងអស់ ប៉ុន្តែព្រះគម្ពីរមិនបង្រៀនដូច្នេះទេ។ ការអះអាងថាខ្លួនជាគ្រីស្ទានក៏មិនគ្រប់គ្រាន់ដែរ។ ព្រះយេស៊ូមានបន្ទូលថា៖ «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ‹ឱព្រះអម្ចាស់ៗអើយ!› ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ!»។ ដូច្នេះ យើងត្រូវតែរៀនអ្វីដែលព្រះតម្រូវពីយើងហើយធ្វើតាមសេចក្ដីតម្រូវនោះ ទើបព្រះនឹងសព្វព្រះហឫទ័យ។ ព្រះយេស៊ូបានមានបន្ទូលថាអ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជា«ពួកទទឹងច្បាប់»។ (ម៉ាថាយ ៧:២១-២៣) សាសនាមិនពិតក៏ដូចជាលុយក្លែងក្លាយដែរ ដ្បិតវាគ្មានតម្លៃនោះទេ។ អាក្រក់ជាងនោះទៅទៀត សាសនាមិនពិតនាំឲ្យមានគ្រោះថ្នាក់ទៀតផង។
៤. តើបន្ទូលរបស់ព្រះយេស៊ូស្តីអំពីផ្លូវពីរមានន័យអ្វី? តើផ្លូវទាំងនោះនាំទៅណា?
៤ ព្រះយេហូវ៉ាផ្ដល់លទ្ធភាពឲ្យមនុស្សទាំងអស់នៅផែនដីទទួលជីវិតជារៀងរហូត។ ក៏ប៉ុន្តែ ដើម្បីទទួលជីវិតជារៀងរហូតក្នុងសួនមនោរម្យ យើងត្រូវតែថ្វាយបង្គំព្រះតាមរបៀបត្រឹមត្រូវ ហើយមានរបៀបរស់នៅដែលទ្រង់សព្វព្រះហឫទ័យ។ គួរឲ្យស្ដាយណាស់ មនុស្សជាច្រើនមិនព្រមធ្វើដូច្នេះឡើយ។ នេះជាមូលហេតុដែលព្រះយេស៊ូមានបន្ទូលថា៖ «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូចហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) សាសនាពិតនាំឲ្យមានជីវិតជារៀងរហូត។ សាសនាមិនពិតនាំឲ្យហិនវិនាស។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យឲ្យមនុស្សណាម្នាក់ទទួលសេចក្ដីហិនវិនាសឡើយ ហើយនេះជាមូលហេតុដែលទ្រង់ផ្ដល់ឱកាសឲ្យមនុស្សនៅគ្រប់ទីកន្លែងរៀនអំពីទ្រង់។ (ពេត្រុសទី២ ៣:៩) ដូច្នេះហើយ របៀបដែលយើងថ្វាយបង្គំព្រះគឺជារឿងស្លាប់រស់។
របៀបសម្គាល់សាសនាពិត
៥. តើយើងអាចស្គាល់អស់អ្នកដែលកាន់តាមសាសនាពិតយ៉ាងដូចម្ដេច?
៥ តើអ្នកអាចរកឃើញ«ទ្វារដែលនាំទៅឯជីវិត»យ៉ាងដូចម្ដេច? ព្រះយេស៊ូមានបន្ទូលថាសាសនាពិតនឹងសឲ្យឃើញដោយរបៀបរស់នៅរបស់មនុស្សដែលកាន់តាមសាសនាពិតនោះ។ ទ្រង់បានមានបន្ទូលថា៖ «អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត។ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ»។ (ម៉ាថាយ ៧:១៦, ១៧) បើនិយាយឲ្យស្រួលយល់ យើងអាចស្គាល់អ្នកដែលកាន់តាមសាសនាពិតដោយសារជំនឿនិងការប្រព្រឹត្តរបស់ពួកគេ។ ទោះជាពួកគេឥតគ្រប់ល័ក្ខណ៍ ហើយជួនកាលភ្លាត់ធ្វើខុសក៏ដោយ ក៏អ្នកថ្វាយបង្គំពិតទូទៅព្យាយាមធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ ឥឡូវយើងនឹងពិចារណាលក្ខណៈប្រាំមួយយ៉ាងដែលសម្គាល់អស់អ្នកដែលកាន់តាមសាសនាពិត។
៦, ៧. តើអ្នកបំរើព្រះមានទស្សនៈយ៉ាងណាចំពោះព្រះគម្ពីរ? តើព្រះយេស៊ូបានទុកគំរូអ្វីស្តីអំពីរឿងនេះ?
៦ អ្នកថ្វាយបង្គំព្រះយកព្រះគម្ពីរជាមូលដ្ឋាននៃការបង្រៀន។ ព្រះគម្ពីរចែងថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) សាវ័កប៉ុលបានសរសេរទៅកាន់គ្រីស្ទានគ្នីគ្នាថា៖ «កាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ»។ (ថែស្សាឡូនីចទី១ ២:១៣) ហេតុនេះ ជំនឿនិងការប្រព្រឹត្តរបស់អ្នកដែលកាន់តាមសាសនាពិត មិនមែនមានមូលដ្ឋានលើទស្សនៈឬទំនៀមទម្លាប់មនុស្សឡើយ តែមានប្រភពមកពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ ដែលទ្រង់បានបណ្ដាលឲ្យសរសេរវិញ។
៧ ព្រះយេស៊ូគ្រីស្ទជាគំរូល្អស្តីពីរឿងនេះ ដ្បិតទ្រង់បង្រៀនដោយមានព្រះបន្ទូលរបស់ព្រះជាមូលដ្ឋាន។ ព្រះយេស៊ូអធិស្ឋានទូលព្រះវរបិតារបស់ទ្រង់ ដោយមានបន្ទូលថា៖ «សេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) ព្រះយេស៊ូបានជឿព្រះបន្ទូលរបស់ព្រះ ហើយអ្វីទាំងអស់ដែលទ្រង់បង្រៀនគឺសមស្របតាមបទគម្ពីរ។ ជារឿយៗព្រះយេស៊ូមានបន្ទូលថា៖ «មានសេចក្ដីចែងទុកមកដូច្នេះ»។ (ម៉ាថាយ ៤:៤, ៧, ១០) ក្រោយនោះទ្រង់ដកស្រង់បទគម្ពីរ។ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះសព្វថ្ងៃនេះមិនបង្រៀនតាមមតិខ្លួនឡើយ។ ពួកគេជឿថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ ហើយពួកគេមិនបង្រៀនក្រៅពីព្រះគម្ពីរឡើយ។
៨. តើការថ្វាយបង្គំព្រះយេហូវ៉ារួមបញ្ចូលអ្វី?
៨ អ្នកដែលកាន់តាមសាសនាពិតថ្វាយបង្គំតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយប្រកាសផ្សាយព្រះនាមទ្រង់។ ព្រះយេស៊ូមានបន្ទូលថា៖ «ត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ព្រះយេស៊ូទំនងជាបានដកស្រង់ខនេះចេញពីចោទិយកថា ៦:១៣ ដែលមានព្រះនាមរបស់ព្រះ។ ហេតុនេះហើយ អ្នកបំរើរបស់ព្រះថ្វាយបង្គំតែព្រះយេហូវ៉ាប៉ុណ្ណោះ។ ការថ្វាយបង្គំរបស់ពួកគេក៏រួមបញ្ចូលការប្រាប់មនុស្សនូវព្រះនាមរបស់ព្រះពិត ហើយលក្ខណៈរបស់ទ្រង់។ ទំនុកដំកើង ៨៣:១៨ចែងថា៖ «ទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ ព្រះយេស៊ូបានទុកគំរូក្នុងការជួយអ្នកឯទៀតឲ្យស្គាល់ព្រះ។ ទ្រង់បានអធិស្ឋានថា៖ «ពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំអំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់»។ (យ៉ូហាន ១៧:៦) ស្រដៀងគ្នាដែរ អ្នកថ្វាយបង្គំពិតរបស់ព្រះសព្វថ្ងៃនេះបង្រៀនមនុស្សឯទៀតអំពីព្រះនាម គោលបំណង និងគុណសម្បត្ដិរបស់ទ្រង់។
៩, ១០. តើគ្រីស្ទានពិតបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេចខ្លះ?
៩ រាស្ត្ររបស់ព្រះបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះគ្នាទៅវិញទៅមកដោយមិនគិតប្រយោជន៍ខ្លួនឡើយ។ ព្រះយេស៊ូមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) គ្រីស្ទានជំនាន់ដើមបានស្រឡាញ់គ្នាដូច្នេះ។ សេចក្ដីស្រឡាញ់តាមគោលការណ៍ព្រះគម្ពីរមិនអាចត្រូវរារាំងដោយសាសន៍ មជ្ឈដ្ឋាន ឬសញ្ជាតិ ហើយក៏បង្រួបបង្រួមទៅជាភាតរភាពមួយដែលគ្មានអ្នកណាអាចបំបែកបានឡើយ។ (កូល៉ុស ៣:១៤) សមាជិកសាសនាមិនពិតគ្មានភាតរភាពប្រកបដោយសេចក្ដីស្រឡាញ់បែបនេះឡើយ។ ហេតុអ្វីយើងដឹង? ពួកគេសំឡាប់គ្នាដោយសារជាសាសន៍ខុសគ្នាឬដោយសារមកពីប្រទេសខុសគ្នា។ គ្រីស្ទានពិតមិនយកអាវុធមកសំឡាប់បងប្អូនគ្រីស្ទានឬអ្នកឯទៀតឡើយ។ ព្រះគម្ពីរចែងថា៖ «គឺយ៉ាងនោះហើយដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ . . . ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។—យ៉ូហានទី១ ៣:១០-១២; ៤:២០, ២១
១០ សេចក្ដីស្រឡាញ់ដ៏ស្មោះរួមបញ្ចូលច្រើនជាងការមិនសំឡាប់មនុស្សឯទៀត។ គ្រីស្ទានពិតចំណាយពេល កម្លាំង និងធនធានរបស់ខ្លួនដើម្បីជួយនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ (ហេព្រើរ ១០:២៤, ២៥) ពួកគេជួយគ្នាក្នុងគ្រាអាសន្ន ហើយប្រព្រឹត្តដោយទៀងត្រង់ជាមួយអ្នកឯទៀត។ ពួកគេប្រព្រឹត្តតាមឱវាទព្រះគម្ពីរដែលថា៖ «ត្រូវធ្វើល្អដល់មនុស្សទាំងអស់»។—កាឡាទី ៦:១០
១១. ហេតុអ្វីជាការសំខាន់ដែលយើងទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជាខ្សែរយៈរបស់ព្រះសំរាប់ផ្ដល់សេចក្ដីសង្គ្រោះ?
១១ គ្រីស្ទានពិតទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជាខ្សែរយៈរបស់ព្រះសំរាប់ផ្ដល់សេចក្ដីសង្គ្រោះ។ ព្រះគម្ពីរចែងថា៖ «គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ (កិច្ចការ ៤:១២) ដូចដែលយើងបានឃើញនៅជំពូកទី៥ ព្រះយេស៊ូបានបូជាព្រះជន្មទ្រង់ជាតម្លៃលោះមនុស្សដែលស្ដាប់បង្គាប់។ (ម៉ាថាយ ២០:២៨) ម្យ៉ាងទៀត ព្រះយេស៊ូជាស្តេចដែលព្រះបានតែងតាំងក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងផែនដីទាំងមូល។ ព្រះតម្រូវឲ្យយើងស្ដាប់បង្គាប់ព្រះយេស៊ូហើយអនុវត្តតាមសេចក្ដីបង្រៀនរបស់ទ្រង់ បើយើងចង់បានជីវិតជារៀងរហូត។ នេះជាមូលហេតុដែលព្រះគម្ពីរចែងថា៖ «អ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ»។—យ៉ូហាន ៣:៣៦
១២. អ្នកថ្វាយបង្គំពិតមិនមែនជារបស់ផងលោកីយ៍ តើនេះរួមបញ្ចូលអ្វីខ្លះ?
១២ អ្នកថ្វាយបង្គំពិតមិនមែនជារបស់ផងលោកីយ៍។ នៅពេលដែលព្រះយេស៊ូកំពុងតែត្រូវលោកពីឡាត់ ជាអ្នកគ្រប់គ្រងជនជាតិរ៉ូមម្នាក់វិនិច្ឆ័យទោសទ្រង់នោះ ព្រះយេស៊ូមានបន្ទូលថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ»។ (យ៉ូហាន ១៨:៣៦) មិនថាពួកគេរស់នៅប្រទេសណាក៏ដោយ អ្នកកាន់តាមពិតប្រាកដរបស់ព្រះយេស៊ូជាអនុរាស្ត្រនៃព្រះរាជាណាចក្រនៅស្ថានសួគ៌ ហើយហេតុនេះពួកគេរក្សាភាពអព្យាក្រឹតទាំងស្រុងក្នុងរឿងនយោបាយនៃលោកីយ៍នេះ។ ពួកគេមិនចូលប្រឡូកក្នុងជម្លោះនយោបាយឡើយ។ ក៏ប៉ុន្តែ អ្នកថ្វាយបង្គំព្រះយេហូវ៉ាក៏មិនជ្រៀតជ្រែកពេលអ្នកឯទៀតចង់ចូលគណបក្ស បោះឆ្នោត ឬក៏ឈរឈ្មោះក្នុងការបោះឆ្នោតនោះ។ ហើយទោះជាអ្នកថ្វាយបង្គំពិតរបស់ព្រះគឺអព្យាក្រឹតស្តីអំពីរឿងនយោបាយក៏ពិតមែន តែពួកគេគោរពច្បាប់រដ្ឋ។ ហេតុអ្វី? ពីព្រោះព្រះបន្ទូលរបស់ព្រះបង្គាប់ឲ្យ«ចុះចូលនឹងរាជការ»ឬរដ្ឋាភិបាលរបស់មនុស្ស។ (រ៉ូម ១៣:១) បើអ្វីដែលរដ្ឋាភិបាលមនុស្សតម្រូវគឺខុសនឹងអ្វីដែលព្រះតម្រូវនោះ អ្នកថ្វាយបង្គំពិតធ្វើតាមគំរូរបស់ពួកសាវ័កដែលប្រាប់ថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩; ម៉ាកុស ១២:១៧
១៣. តើអ្នកកាន់តាមពិតប្រាកដរបស់ព្រះយេស៊ូមានទស្សនៈយ៉ាងណាចំពោះព្រះរាជាណាចក្ររបស់ព្រះ? ហើយហេតុនេះតើពួកគេធ្វើអ្វី?
១៣ អ្នកកាន់តាមពិតប្រាកដរបស់ព្រះយេស៊ូផ្សព្វផ្សាយថាព្រះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សជាតិ។ ព្រះយេស៊ូបានទាយថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ជាជាងលើកទឹកចិត្តមនុស្សឲ្យសង្ឃឹមលើមនុស្សជាអ្នកគ្រប់គ្រងដើម្បីដោះស្រាយបញ្ហារបស់ពួកគេនោះ អ្នកកាន់តាមពិតរបស់ព្រះយេស៊ូគ្រីស្ទប្រកាសថា ព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្ស។ (ទំនុកដំកើង ១៤៦:៣) ព្រះយេស៊ូបានបង្រៀនយើងឲ្យអធិស្ឋានអំពីព្រះរាជាណាចក្រល្អឥតខ្ចោះនោះ ពេលដែលទ្រង់មានបន្ទូលថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ព្រះបន្ទូលរបស់ព្រះមានទំនាយថា ព្រះរាជាណាចក្រនៅស្ថានសួគ៌នោះ«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[ដែលមានសព្វថ្ងៃនេះ]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
១៤. តើអ្នកជឿថាសាសនាមួយណាបំពេញតម្រូវការនៃការថ្វាយបង្គំពិត?
១៤ ដោយផ្អែកលើអ្វីដែលយើងបានពិចារណានោះ សូមសួរខ្លួនឯងថា៖ ‹តើសាសនាមួយណាយកព្រះគម្ពីរជាមូលដ្ឋានក្នុងគ្រប់ការបង្រៀន ហើយប្រកាសប្រាប់អំពីព្រះនាមរបស់ព្រះយេហូវ៉ា? តើសាសនាមួយណាបង្ហាញសេចក្ដីស្រឡាញ់តាមការណែនាំរបស់ព្រះយេហូវ៉ា ហើយបង្ហាញជំនឿលើព្រះយេស៊ូ ក៏មិនមែនជារបស់ផងលោកីយ៍ ថែមទាំងប្រកាសថាព្រះរាជាណាចក្ររបស់ព្រះ ជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សជាតិនោះ? ក្នុងចំណោមសាសនាទាំងអស់នៅផែនដីនេះ តើសាសនាមួយណាបំពេញតម្រូវការទាំងអស់នេះ?›។ ហេតុការណ៍ពិតបង្ហាញឲ្យឃើញជាក់ស្តែងថា សាសនានោះគឺស្មរបន្ទាល់ព្រះយេហូវ៉ា។—អេសាយ ៤៣:១០-១២
តើអ្នកនឹងធ្វើយ៉ាងណា?
១៥. តើព្រះតម្រូវឲ្យយើងធ្វើអ្វីទៀតក្រៅពីការជឿថាមានព្រះនោះ?
១៥ គ្រាន់តែជឿថាមានព្រះគឺមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យទ្រង់សព្វព្រះហឫទ័យឡើយ។ យ៉ាងណាមិញ ព្រះគម្ពីរចែងថាពួកបិសាចក៏ជឿថាមានព្រះដែរ។ (យ៉ាកុប ២:១៩) ប៉ុន្តែពួកវាច្បាស់ជាមិនធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយព្រះទ្រង់មិនសព្វព្រះហឫទ័យនឹងពួកវាឡើយ។ ដើម្បីធ្វើឲ្យព្រះសព្វព្រះហឫទ័យ យើងមិនត្រឹមតែត្រូវជឿថាមានព្រះនោះទេ តែក៏ត្រូវធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ យើងក៏ត្រូវដកខ្លួនចេញពីសាសនាមិនពិត ហើយក្រសោបយកការថ្វាយបង្គំពិត។
១៦. តើយើងគួរប្រព្រឹត្តយ៉ាងណាស្តីអំពីការរួមចំណែកក្នុងសាសនាមិនពិត?
១៦ សាវ័កប៉ុលបានបញ្ជាក់ថាយើងមិនត្រូវរួមចំណែកក្នុងសាសនាមិនពិតឡើយ។ គាត់បានសរសេរថា៖ «ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ‹ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា› »។ (កូរិនថូសទី២ ៦:១៧; អេសាយ ៥២:១១) ហេតុដូច្នេះ គ្រីស្ទានពិតចៀសចេញពីអ្វីទាំងអស់ដែលជាប់ទាក់ទងនឹងសាសនាមិនពិត។
១៧, ១៨. តើ«បាប៊ីឡូនដ៏ជាធំ»តំណាងអ្វី? ហេតុអ្វីពេលគឺបន្ទាន់ហើយឲ្យ«ចេញពីទីក្រុងនោះ»?
១៧ ព្រះគម្ពីរបង្ហាញថាសាសនាមិនពិតទាំងអស់រួមជាផ្នែកនៃ«បាប៊ីឡូនដ៏ជាធំ»។a (វិវរណៈ ១៧:៥) ឈ្មោះនោះធ្វើឲ្យយើងនឹកចាំអំពីទីក្រុងបាប៊ីឡូននៅសម័យបុរាណ ពីព្រោះសាសនាមិនពិតមានកំណើតនៅទីក្រុងនោះក្រោយទឹកជំនន់នាសម័យណូអេ។ សេចក្ដីបង្រៀននិងទំនៀមទម្លាប់ជាច្រើនដែលមានទូទៅក្នុងសាសនាមិនពិតមានប្រភពដើមមកពីទីក្រុងបាប៊ីឡូនតាំងពីបុរាណកាលមក។ ជាឧទាហរណ៍ ព្រះទាំងប៉ុន្មានដែលពួកបាប៊ីឡូនធ្លាប់ថ្វាយបង្គំនោះ ជាព្រះបីអង្គរួមតែមួយ។ សព្វថ្ងៃនេះការបង្រៀនដ៏សំខាន់មួយរបស់សាសនាជាច្រើនគឺជាលទ្ធិព្រះឯកត្រីអង្គ។ ប៉ុន្តែ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ថា មានព្រះពិតតែមួយអង្គ គឺព្រះយេហូវ៉ា ហើយព្រះយេស៊ូគ្រីស្ទជាព្រះរាជបុត្រារបស់ទ្រង់។ (យ៉ូហាន ១៧:៣) ពួកបាប៊ីឡូនក៏ធ្លាប់ជឿថាមនុស្សមានព្រលឹងអមតៈមួយដែលបន្តរស់ក្រោយពីរូបកាយស្លាប់ ហើយអាចរងទុក្ខក្នុងកន្លែងធ្វើទារុណកម្ម។ សព្វថ្ងៃនេះ ជំនឿទៅលើព្រលឹងឬវិញ្ញាណអមតៈដែលអាចរងទុក្ខក្នុងភ្លើងនរកជាសេចក្ដីបង្រៀនមួយរបស់សាសនាភាគច្រើន។
១៨ ដោយព្រោះការថ្វាយបង្គំរបស់ពួកបាប៊ីឡូននៅសម័យបុរាណបានរាលដាលទូទាំងផែនដីនោះ បាប៊ីឡូនដ៏ធំនៅសម័យនេះអាចត្រូវសម្គាល់ដោយត្រឹមត្រូវថា ជាសាសនាទាំងឡាយដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ ហើយព្រះបានទាយថាសាសនាមិនពិតទាំងនោះនឹងមកដល់ទីបញ្ចប់ក្នុងមួយរំពេច។ (វិវរណៈ ១៨:៨) តើអ្នកយល់នូវមូលហេតុដែលការដកខ្លួនចេញពីគ្រប់ផ្នែកនៃបាប៊ីឡូនដ៏ធំជាអ្វីដ៏សំខាន់ឬទេ? ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអ្នក«ចេញពីទីក្រុងនោះ»ភ្លាមៗ កាលដែលនៅមានពេល។—វិវរណៈ ១៨:៤
១៩. តើអ្នកនឹងទទួលបានអ្វីដោយបំរើព្រះយេហូវ៉ា?
១៩ ដោយសារអ្នកសម្រេចចិត្តឈប់កាន់តាមសាសនាមិនពិត មនុស្សខ្លះប្រហែលជានឹងឈប់រាប់អានអ្នក។ ក៏ប៉ុន្តែ ដោយបំរើព្រះយេហូវ៉ាជាមួយនឹងរាស្ត្ររបស់ទ្រង់ អ្វីដែលអ្នកនឹងទទួលគឺច្រើនជាងអ្វីដែលបាត់បង់ឆ្ងាយណាស់។ អ្នកនឹងមានបងប្អូនប្រុសស្រីខាងវិញ្ញាណជាច្រើននាក់ ដូចសិស្សព្រះយេស៊ូនៅជំនាន់ដើមដែលបានលះចោលអ្វីៗឯទៀតដើម្បីកាន់តាមទ្រង់។ អ្នកនឹងទៅជាសមាជិកនៃក្រុមគ្រួសារធំមួយដែលមានទូទាំងពិភពលោក។ ក្រុមគ្រួសារនោះជាគ្រីស្ទានពិតរាប់លាននាក់ដែលនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះរូបអ្នក។ ហើយអ្នកនឹងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ គឺជីវិតជារៀងរហូតក្នុង«លោកខាងមុខ»។ (ម៉ាកុស ១០:២៨-៣០, ខ.ស.) ប្រហែលជាក្រោយមក អ្នកដែលបានកាត់កាល់អ្នកដោយសារជំនឿរបស់អ្នកនឹងពិចារណាអ្វីដែលព្រះគម្ពីរបង្រៀន ហើយអាចទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ។
២០. តើអ្នកដែលកាន់តាមសាសនាពិតនឹងមានអនាគតបែបណា?
២០ ព្រះគម្ពីរបង្រៀនថាមិនយូរទៀតព្រះនឹងបំផ្លាញចោលរបបលោកីយ៍នេះ ហើយរៀបចំពិភពលោកថ្មីដ៏សុចរិតមួយនៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់។ (ពេត្រុសទី២ ៣:៩, ១៣) ពិភពលោកថ្មីនោះនឹងជាអ្វីដ៏អស្ចារ្យណាស់! ហើយក្នុងពិភពលោកថ្មីដ៏សុចរិតនោះ នឹងមានសាសនាតែមួយ ការថ្វាយបង្គំតែមួយ។ ការធ្វើតាមជំហានដ៏ចាំបាច់ដើម្បីចូលរួមជាមួយនឹងអ្នកថ្វាយបង្គំពិតឥឡូវនេះពិតជាគួរគប្បីណាស់ មែនទេ?
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀតអំពីមូលហេតុដែលបាប៊ីឡូនដ៏ធំតំណាងសាសនាមិនពិតទាំងឡាយទូទាំងពិភពលោកនោះ សូមមើលការពន្យល់បន្ថែមដែលមានចំណងជើងថា «ការសម្គាល់‹បាប៊ីឡូនដ៏ជាធំ›»។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ មានសាសនាពិតតែមួយ។—ម៉ាថាយ ៧:១៣, ១៤
▪ សាសនាពិតត្រូវសម្គាល់ដោយការបង្រៀននិងការប្រព្រឹត្ត។—ម៉ាថាយ ៧:១៦, ១៧
▪ ព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។—អេសាយ ៤៣:១០
[ប្រអប់/រូបភាពនៅទំព័រ១៦៩]
អ្នកដែលថ្វាយបង្គំព្រះពិត
▪ យកព្រះគម្ពីរជាមូលដ្ឋានក្នុងការបង្រៀនរបស់ពួកគេ
▪ ថ្វាយបង្គំព្រះយេហូវ៉ាតែមួយអង្គប៉ុណ្ណោះ ហើយប្រកាសព្រះនាមទ្រង់
▪ បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះទៅវិញទៅមក
▪ ទទួលស្គាល់ព្រះយេស៊ូជាខ្សែរយៈរបស់ព្រះសំរាប់ផ្ដល់សេចក្ដីសង្គ្រោះ
▪ មិនមែនជារបស់ផងលោកីយ៍
▪ ប្រកាសអំពីព្រះរាជាណាចក្ររបស់ព្រះថាជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្ស
[រូបភាពនៅទំព័រ១៧៤]
ដោយបំរើព្រះយេហូវ៉ាជាមួយនឹងរាស្ត្ររបស់ទ្រង់ អ្វីដែលអ្នកនឹងទទួលគឺមានច្រើនជាងឆ្ងាយណាស់បើធៀបនឹងអ្វីដែលបានបាត់បង