បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
    • គ្មាន​ភស្តុ​តាង​ណា​ដែល​បញ្ជាក់​ថា មនុស្ស​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​ធ្លាប់​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ ក្នុង​កំលុង​៣០០​ឆ្នាំ​ចាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​សតវត្សរ៍​ទី​បួន ព្រះ​ចៅ​អធិរាជ​ខន់​ស្ទែនធីន​បាន​ប្ដូរ​សាសនា​មក​កាន់​តាម​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​វិញ ហើយ​បាន​យក​ឈើ​ឆ្កាង​ធ្វើ​ជា​និមិត្តរូប​នៃ​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​នោះ។ ទោះ​បើ​ព្រះ​ចៅ​អធិរាជ​ខន់​ស្ទែនធីន​យក​ឈើ​ឆ្កាង​ធ្វើ​ជា​និមិត្តរូប​ក្នុង​បំណង​អ្វី​ក៏​ដោយ ក៏​ឈើ​ឆ្កាង​នៅ​តែ​មិន​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​សោះ​ឡើយ។ តាម​ពិត​ឈើ​ឆ្កាង​មាន​ប្រភព​ដើម​មក​ពី​សាសនា​ដែល​មិន​ជឿ​លើ​ព្រះ​យេស៊ូ។ សព្វ​វចនាធិប្បាយ​មួយ​សារភាព​ថា​៖ ​«​វប្បធម៌​ផ្សេង​ៗ​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា ហើយ​មាន​ដើម​កំណើត​មុន​គ្រីស្ទ​សាសនា​ក៏​ធ្លាប់​ប្រើ​ឈើ​ឆ្កាង​ដែរ​»។ (​New Catholic Encyclopedia​) ប្រភព​ឯ​ទៀត​ដែល​អាច​ទុក​ចិត្ត​បាន​ប្រាប់​ថា ឈើ​ឆ្កាង​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ធម្មជាតិ និង​ក្បួន​រីតិ៍​សាសនា​មិន​ពិត​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ។

      បើ​ដូច្នេះ ហេតុ​អ្វី​ពួក​គេ​យក​និមិត្តរូប​របស់​សាសនា​មិន​ពិត​ធ្វើ​ជា​និមិត្តរូប​សំរាប់​គ្រីស្ទ​សាសនា​ទៅ​វិញ? តាម​មើល​ទៅ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា​ស្រួល​ប្ដូរ​មក​កាន់​តាម​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​នោះ​វិញ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ការ​គោរព​និមិត្តរូប​របស់​សាសនា​មិន​ពិត​គឺ​ខុស។ (​កូរិនថូស​ទី២ ៦:១៤​-​១៨​) បទ​គម្ពីរ​ហាម​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​សព្វ​បែប​យ៉ាង។ (​និក្ខមនំ ២០:៤, ៥; កូរិនថូស​ទី១ ១០:១៤​) ដូច្នេះ​គ្រីស្ទាន​ពិត​មាន​ហេតុ​ត្រឹម​ត្រូវ​ដែល​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ។a

      [កំណត់​សម្គាល់]

  • អាហារល្ងាចរបស់ព្រះអម្ចាស់ជាពិធីមួយដែលលើកកិត្ដិយសថ្វាយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
    • ការ​ពន្យល់​បន្ថែម

      អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​ពិធី​មួយ​ដែល​លើក​កិត្ដិយស​ថ្វាយ​ព្រះ

      គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​ពិធី​រំឭក​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ។ ពិធី​នេះ​ក៏​ត្រូវ​ហៅ​ថា​«​លៀង​បរិសុទ្ធ​នៃ​ព្រះ​អម្ចាស់​[​ឬ​«​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​»​, ព.ថ.​]​»។ (​កូរិនថូស​ទី១ ១១:២០​) ហេតុ​អ្វី​បាន​ជា​ពិធី​នេះ​គឺ​សំខាន់​ម្ល៉េះ? តើ​គួរ​ធ្វើ​ពិធី​នោះ​នៅ​ពេល​ណា? តើ​គួរ​ធ្វើ​ពិធី​នោះ​យ៉ាង​ដូច​ម្ដេច?

      ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ផ្ដើម​ពិធី​នេះ​នៅ​ឆ្នាំ​៣៣​គ.ស. នៅ​យប់​ដែល​ជន​ជាតិ​យូដា​ធ្វើ​បុណ្យ​រំលង។ ជន​ជាតិ​យូដា​ធ្វើ​បុណ្យ​រំលង​មួយ​ឆ្នាំ​ម្ដង​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ដែល​ជា​ខែ​របស់​សាសន៍​យូដា។ តាម​មើល​ទៅ ដើម្បី​ដឹង​ថា​ថ្ងៃ​ណា​ជា​ថ្ងៃ​ទី​១៤ ខែ​ណែសាន​នោះ ជន​ជាតិ​យូដា​ធ្លាប់​រង់​ចាំ​ថ្ងៃ​ដែល​មាន​យប់​១២​ម៉ោង​ហើយ​ថ្ងៃ​១២​ម៉ោង។ បន្ទាប់​ពី​នោះ​ពួក​គេ​ចាំ​ទាល់​តែ​ឃើញ​ព្រះ​ចន្ទ​ដើម​ខ្នើត។ ថ្ងៃ​ទី១ ខែ​ណែសាន ចាប់​ផ្ដើម​ពេល​ដែល​ពួក​គេ​ឃើញ​ព្រះ​ចន្ទ​ដើម​ខ្នើត។ ១៣​ថ្ងៃ​ក្រោយ​នោះ បន្ទាប់​ពី​ថ្ងៃ​លិច ពួក​គេ​ធ្វើ​បុណ្យ​រំលង។

      ព្រះ​យេស៊ូ​បាន​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​សាវ័ក​របស់​ទ្រង់ ហើយ​ក្រោយ​នោះ​បាន​ឲ្យ​យូដាស​ចេញ​ទៅ។ ពេល​ដែល យូដាស អ៊ីស្ការីយ៉ុត ចេញ​ទៅ​បាត់​ហើយ ទ្រង់​បាន​ផ្ដើម​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ ពិធី​នេះ​បាន​ជំនួស​បុណ្យ​រំលង។ ហេតុ​នេះ​ហើយ ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ត្រូវ​ធ្វើ​តែ​មួយ​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។

      សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​រៀប​រាប់​ថា​៖ ​«​ព្រះ​យេស៊ូ​វ​ទ្រង់​យក​នំ​ប៉័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ‹ចូរ​យក​បរិភោគ​ចុះ! នេះ​ហើយ​ជា​រូប​កាយ​ខ្ញុំ› រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា ‹ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ! ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្ដាច់​បាប›​»។—ម៉ាថាយ ២៦:២៦​-​២៨

      មនុស្ស​ខ្លះ​ជឿ​ថា​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​នំ​ប៉័ង​នោះ​ទៅ​ជា​សាច់​របស់​ទ្រង់ ហើយ​ធ្វើ​ឲ្យ​ស្រា​នោះ​ទៅ​ជា​ព្រះ​លោហិត​ឬ​ឈាម​របស់​ទ្រង់។ ក៏​ប៉ុន្តែ សាច់​របស់​ព្រះ​យេស៊ូ​នៅ​ជាប់​នឹង​ព្រះ​កាយ​ទ្រង់​ដដែល​ពេល​ដែល​បាន​ប្រទាន​នំ​ប៉័ង​ឲ្យ​សាវ័ក។ តើ​សាវ័ក​របស់​ព្រះ​យេស៊ូ​ពិត​ជា​កំពុង​តែ​បរិភោគ​សាច់​និង​ផឹក​ព្រះ​លោហិត​របស់​ទ្រង់​ទេ? មិន​មែន​ទេ ដ្បិត​នេះ​ជា​ការ​ស៊ី​សាច់​មនុស្ស ហើយ​ជា​ការ​បំពាន​ច្បាប់​របស់​ព្រះ​ទាំង​ស្រុង។ (​លោកុប្បត្តិ ៩:៣, ៤; លេវីវិន័យ ១៧:១០​) យោង​ទៅ​តាម​លូកា ២២:២០ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា​»។ តើ​ពែង​នោះ​ពិត​ជា​បាន​ក្លាយ​ទៅ​ជា​«​សញ្ញា​ថ្មី​»​មួយ​ពិត​មែន​ឬ? មិន​អាច​ដូច្នោះ​ទេ ដ្បិត​ពាក្យ​សញ្ញា​សំដៅ​លើ​កិច្ច​ព្រម​ព្រៀង​មួយ មិន​មែន​ជា​វត្ថុ​ធាតុ​នោះ​ទេ។

      ហេតុ​នេះ ទាំង​នំ​ប៉័ង​ទាំង​ស្រា​ទំពាំង​បាយ​ជូរ​ជា​និមិត្តរូប។ នំ​ប៉័ង​តំណាង​ព្រះ​កាយ​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​ប្រើ​នំ​ប៉័ង​មួយ​ដុំ​ដែល​នៅ​សល់​ក្រោយ​ពី​ធ្វើ​បុណ្យ​រំលង​ចប់។ នំ​ប៉័ង​នោះ​គ្មាន​មេ​ឬ​ដំបែ​ឡើយ។ (​និក្ខមនំ ១២:៨​) ច្រើន​ដង ព្រះ​គម្ពីរ​ប្រើ​ដំបែ​ជា​និមិត្តរូប​បាប​ឬ​ភាព​មាន​ខ្ចោះ។ ហេតុ​ដូច្នេះ នំ​ប៉័ង​ជា​និមិត្តរូប​ព្រះ​កាយ​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បូជា។ ព្រះ​កាយ​ទ្រង់​គ្មាន​បាប​ឡើយ។—ម៉ាថាយ ១៦:១១, ១២; កូរិនថូស​ទី១ ៥:៦, ៧; ពេត្រុស​ទី១ ២:២២; យ៉ូហាន​ទី១ ២:១, ២

      ស្រា​ក្រហម​នោះ​ជា​និមិត្តរូប​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ។ ព្រះ​លោហិត​នោះ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពល​ភាព។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​ព្រះ​លោហិត​របស់​ទ្រង់​បាន​ត្រូវ​«​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្ដាច់​បាប​»​ឬ​ឲ្យ​ទទួល​ការ​ឥត​ឱន​ទោស​បាប។ ហេតុ​ដូច្នេះ​ហើយ មនុស្ស​អាច​ត្រូវ​ចាត់​ទុក​ថា​ស្អាត​ពី​បាប​នៅ​ចំពោះ​ព្រះ ហើយ​អាច​ទៅ​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ហេព្រើរ ៩:១៤; ១០:១៦, ១៧​) កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រីស្ទាន​ស្មោះ​ភក្ដី​១៤៤.០០០​នាក់​ឡើង​ទៅ​ស្ថាន​សួគ៌។ ទី​នោះ​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​ស្តេច​ហើយ​ជា​សង្ឃ​ដើម្បី​ប្រទាន​ពរ​មនុស្ស​ជាតិ​ទាំង​ឡាយ។—លោកុប្បត្តិ ២២:១៨; យេរេមា ៣១:៣១​-​៣៣; ពេត្រុស​ទី១ ២:៩; វិវរណៈ ៥:៩, ១០; ១៤:១​-​៣

      តើ​អ្នក​ណា​គួរ​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​បុណ្យ​រំឭក​នោះ? គឺ​សម​ហេតុ​សម​ផល​ដែល​ឆ្លើយ​ថា មាន​តែ​អ្នក​ដែល​ជា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ពោល​គឺ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ដែល​គួរ​ពិសា​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ។ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​យល់​យ៉ាង​ជាក់​ថា ពួក​គេ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ជា​ស្តេច។ (​រ៉ូម ៨:១៦​) ពួក​គេ​ក៏​ជា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ដែរ។—លូកា ២២:២៩

      ចុះ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី? ពួក​គេ​ស្ដាប់​តាម​បង្គាប់​ព្រះ​យេស៊ូ​ឲ្យ​ទៅ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ ប៉ុន្តែ​ពួក​គេ​ទៅ​ដើម្បី​មើល​ដោយ​ការ​គោរព មិន​មែន​ដើម្បី​ពិសា​វត្ថុ​តំណាង​ឡើយ។ មួយ​ឆ្នាំ​ម្ដង ក្រោយ​ថ្ងៃ​លិច​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ ទោះ​ជា​មាន​តែ​មនុស្ស​ប៉ុន្មាន​ពាន់​នាក់​ទូ​ទាំង​ផែន​ដី​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​នោះ ក៏​ពិធី​នេះ​មាន​តម្លៃ​ណាស់​ចំពោះ​គ្រីស្ទាន​ទាំង​ឡាយ។ ពិធី​នោះ​ជា​គ្រា​ដែល​គ្រីស្ទាន​ទាំង​អស់​គ្នា​អាច​គិត​អំពី​សេចក្ដី​ស្រឡាញ់​ជ្រាល​ជ្រៅ​បំផុត​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សម្ដែង។—យ៉ូហាន ៣:១៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក