បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៦ ទំ. ១៧៨-១៨៨
  • ចូរកាន់ជំហរខាងការថ្វាយបង្គំពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរកាន់ជំហរខាងការថ្វាយបង្គំពិត
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រូប​ព្រះ​និង​ការ​សែន​ជីដូន​ជីតា
  • គ្រីស្ទាន​ជំនាន់​ដើម​មិន​បាន​ធ្វើ​បុណ្យ​ណូអែល​ឡើយ
  • ដើម​កំណើត​នៃ​បុណ្យ​ណូអែល
  • តើ​ដើម​កំណើត​នៃ​បុណ្យ​ផ្សេង​ៗ​ពិត​ជា​សំខាន់​ឬ?
  • ចូរ​គិត​ពិចារណា​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត
  • ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សមាជិក​ក្រុម​គ្រួសារ?
  • ចូរ​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត
  • ចូរសម្រេចចិត្តគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះពេញចិត្តពិធីបុណ្យទាំងអស់ឬ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ពិធីបុណ្យផ្សេងៗដែលព្រះមិនពេញចិត្ត
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៦ ទំ. ១៧៨-១៨៨

ជំពូក​ទី​ដប់​ប្រាំ​មួយ

ចូរ​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត

តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា​ស្តី​អំពី​ការ​ប្រើ​រូប​ព្រះ ហើយ​ការ​សែន​ជីដូន​ជីតា?

តើ​ជន​គ្រីស្ទាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ធ្វើ​បុណ្យ​សាសនា?

តើ​អ្នក​អាច​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ដោយ​មិន​ធ្វើ​ឲ្យ​ពួក​គេ​អាក់​អន់​ចិត្ត​នោះ?

១, ២​. តើ​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯង​សំនួរ​អ្វី​ក្រោយ​បាន​ចេញ​ពី​សាសនា​មិន​ពិត​រួច​ហើយ? ហេតុ​អ្វី​អ្នក​គិត​ថា​សំនួរ​នោះ​គឺ​សំខាន់?

ឧបមា​ថា​អ្នក​ទទួល​ដំណឹង​ថា មនុស្ស​បាន​លួច​ដាក់​កាក​សំណល់​ជាតិ​ពុល​នៅ​តំបន់​ដែល​អ្នក​រស់​នៅ ហើយ​ឥឡូវ​ជាតិ​ពុល​នោះ​កំពុង​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ទាំង​ឡាយ​នៅ​តំបន់​របស់​អ្នក។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​ច្បាស់​ជា​នឹង​រើ​ទៅ​នៅ​កន្លែង​ផ្សេង​បើ​មាន​លទ្ធភាព។ ក៏​ប៉ុន្តែ ក្រោយ​អ្នក​បាន​រើ​ទៅ​នៅ​កន្លែង​ផ្សេង​រួច​ហើយ​នោះ អ្នក​នៅ​តែ​មាន​សំនួរ​សំខាន់​មួយ​ថា​៖‹តើ​ខ្ញុំ​មាន​ជាតិ​ពុល​ក្នុង​ខ្លួន​ឬ​ទេ?›។

២ សាសនា​មិន​ពិត​ស្ថិត​ក្នុង​សភាព​ស្រដៀង​គ្នា​នឹង​ឧទាហរណ៍​នេះ។ ព្រះ​គម្ពីរ​បង្រៀន​ថា​ទំនៀម​ទម្លាប់​និង​ការ​បង្រៀន​នៃ​សាសនា​មិន​ពិត ជា​អ្វី​ដែល​ស្មោក​គ្រោក ហើយ​ហេតុ​នេះ​នាំ​ឲ្យ​សាសនា​ទាំង​នោះ​មាន​សភាព​ដូច​ជា​តំបន់​នោះ ដែល​ពោរ​ពេញ​ទៅ​ដោយ​ជាតិ​ពុល។ (​កូរិនថូស​ទី២ ៦:១៧​) ហេតុ​នេះ​ហើយ​ជា​ការ​សំខាន់​ដែល​អ្នក​ដក​ខ្លួន​ចេញ​ពី​«​បាប៊ីឡូន​ដ៏​ជា​ធំ​»​ គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក។ (​វិវរណៈ ១៨:២, ៤​) តើ​អ្នក​បាន​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ​ហើយ​ឬ​នៅ? បើ​បាន​ចេញ​ហើយ គួរ​ឲ្យ​សរសើរ​អ្នក​មែន។ ប៉ុន្តែ​ការ​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ​រួម​បញ្ចូល​ច្រើន​ជាង​ការ​ដក​ឈ្មោះ ឬ​ដក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត​នោះ។ អ្នក​ក៏​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​នៅ​តែ​កាន់​តាម​ជំនឿ​ឬ​ទំនៀម​ទម្លាប់​ខ្លះ​ៗ​នៃ​សាសនា​មិន​ពិត​ឬ​ទេ?›។ សូម​ពិចារណា​គំរូ​ខ្លះ​ៗ។

រូប​ព្រះ​និង​ការ​សែន​ជីដូន​ជីតា

៣​. (​ក​) តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ប្រើ​រូប​ព្រះ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​ទស្សនៈ​របស់​ព្រះ? (​ខ​) បើ​អ្នក​មាន​របស់​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​មិន​ពិត តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​របស់​ទាំង​នោះ?

៣ មនុស្ស​ខ្លះ​ធ្លាប់​មាន​រូប​ព្រះ​ឬ​អាសនៈ​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​ហើយ។ តើ​អ្នក​មាន​របស់​នោះ​ឬ​ទេ? បើ​ដូច្នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មួយ​ថា​ការ​អធិស្ឋាន​ថ្វាយ​ព្រះ​ដោយ​គ្មាន​របស់​ទាំង​នោះ ស្ដាប់​ទៅ​ចម្លែក​ឬ​ក៏​ជា​ការ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ អ្នក​ប្រហែល​ជា​ស្រឡាញ់​របស់​ទាំង​នោះ​ទៀត​ផង។ ប៉ុន្តែ​គឺ​ជា​ព្រះ​ដែល​មាន​សិទ្ធិ​ប្រាប់​មនុស្ស​ថា​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​តាម​របៀប​ណា ហើយ​ព្រះ​គម្ពីរ​បង្រៀន​ថា​ទ្រង់​មិន​ចង់​ឲ្យ​យើង​ប្រើ​រូប​ព្រះ​ឡើយ។ (​និក្ខមនំ ២០:៤, ៥; ទំនុក​ដំកើង ១១៥:៤​-​៨; អេសាយ ៤២:៨; យ៉ូហាន​ទី១ ៥:២១​) ដូច្នេះ​បើ​អ្នក​មាន​របស់​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​មិន​ពិត អ្នក​អាច​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​បំផ្លាញ​ចោល​របស់​ទាំង​នោះ។ ចូរ​លត់​ដំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​របស់​ទាំង​នោះ ពោល​គឺ​ចាត់​ទុក​របស់​ទាំង​នោះ​«​ជា​ទី​ស្អប់​ខ្ពើម​»។—ចោទិយកថា ២៧:១៥

៤​. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​ការ​សែន​ជីដូន​ជីតា​ជា​ការ​គ្មាន​ប្រយោជន៍​នោះ? (​ខ​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ហាម​រាស្ត្រ​ទ្រង់​មិន​ឲ្យ​ធ្វើ​ឬ​ចូល​រួម​សកម្មភាព​គ្រប់​យ៉ាង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មន្តអាគម​នោះ?

៤ ការ​សែន​ជីដូន​ជីតា​គឺ​ជា​ទម្លាប់​មួយ​នៃ​សាសនា​ជា​ច្រើន​ដែល​ជា​សាសនា​មិន​ពិត។ មុន​ដែល​រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​មនុស្ស​ខ្លះ​ធ្លាប់​ជឿ​ថា មនុស្ស​ស្លាប់​នៅ​តែ​មាន​ស្មារតី​ក្នុង​ភព​ផ្សេង​ទៀត​ដែល​យើង​មើល​មិន​ឃើញ ហើយ​ពួក​គេ​អាច​ជួយ​ឬ​ក៏​ធ្វើ​ទុក្ខ​មនុស្ស​ដែល​នៅ​រស់​បាន។ ប្រហែល​ជា​អ្នក​ធ្លាប់​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ផ្គាប់​ចិត្ត​ជីដូន​ជីតា​ដែល​បាន​ស្លាប់​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ដូច​អ្នក​បាន​រៀន​រួច​ហើយ​នៅ​ជំពូក​ទី​៦​ក្នុង​សៀវភៅ​នេះ មនុស្ស​ស្លាប់​គ្មាន​ស្មារតី​អ្វី​ឡើយ ហើយ​ក៏​មិន​នៅ​ភព​ផ្សេង​ណា​មួយ​ទៀត​ដែរ។ ហេតុ​នេះ​ការ​ខំ​ទាក់​ទង​ជា​មួយ​មនុស្ស​ស្លាប់​គ្មាន​ប្រយោជន៍​ទេ។ ព័ត៌មាន​ណា​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មក​ពី​មនុស្ស​ស្លាប់​នោះ តាម​ពិត​មក​ពី​ពួក​បិសាច​វិញ​ទេ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ហាម​ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​ទាក់​ទង​មនុស្ស​ស្លាប់ និង​ក៏​បាន​ហាម​ធ្វើ​ឬ​ចូល​រួម​សកម្មភាព​គ្រប់​យ៉ាង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មន្តអាគម។—ចោទិយកថា ១៨:១០​-​១២

៥​. តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ធ្លាប់​ថ្វាយ​បង្គំ​ដោយ​ប្រើ​រូប​ព្រះ​ឬ​សែន​ជីដូន​ជីតា​នោះ?

៥ ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ​រូប​ព្រះ​ឬ​សែន​ជីដូន​ជីតា​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ពី​មុន តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា? ចូរ​អាន​និង​រំពឹង​គិត​ទៅ​លើ​បទ​គម្ពីរ ដែល​បង្ហាញ​ពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ទាំង​នេះ។ ចូរ​អធិស្ឋាន​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​អំពី​ចិត្ត​ប្រាថ្នា​របស់​អ្នក ដែល​ចង់​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត ហើយ​សុំ​ទ្រង់​ជួយ​អ្នក​ឲ្យ​មាន​គំនិត​ដូច​ជា​ទ្រង់​ដែរ។—អេសាយ ៥៥:៩

គ្រីស្ទាន​ជំនាន់​ដើម​មិន​បាន​ធ្វើ​បុណ្យ​ណូអែល​ឡើយ

៦, ៧​. (​ក​) តាម​ការ​អះអាង តើ​បុណ្យ​ណូអែល​គឺ​សំរាប់​រំឭក​ពី​អ្វី? តើ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សតវត្សរ៍​ទី​មួយ​ធ្លាប់​ធ្វើ​បុណ្យ​នោះ​ទេ? (​ខ​) នៅ​សម័យ​សិស្ស​ជំនាន់​ដើម​របស់​ព្រះ​យេស៊ូ តើ​បុណ្យ​ខួប​កំណើត​ជាប់​ទាក់​ទង​នឹង​អ្វី?

៦ លក្ខណៈ​ស្មោក​គ្រោក​នៃ​សាសនា​មិន​ពិត អាច​ជ្រាប​ចូល​ទៅ​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​តាម​រយៈ​ពិធី​បុណ្យ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​បុណ្យ​ណូអែល។ តាម​ការ​អះអាង​បុណ្យ​ណូអែល​គឺ​សំរាប់​រំឭក​ពី​ថ្ងៃ​ខួប​កំណើត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​សាសនា​ស្ទើរតែ​ទាំង​អស់​ដែល​អះអាង​ថា​ពួក​គេ​ជា​គ្រីស្ទាន​ក៏​ធ្វើ​បុណ្យ​នេះ​ដែរ។ ប៉ុន្តែ​គ្មាន​ភស្តុ​តាង​ណា​ដែល​បញ្ជាក់​ថា សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សតវត្សរ៍​ទី​មួយ​ធ្លាប់​ធ្វើ​បុណ្យ​នេះ​ឡើយ។ សៀវភៅ​មួយ​ប្រាប់​ថា​៖ ​«​អស់​២០០​ឆ្នាំ​ក្រោយ​ព្រះ​យេស៊ូ​ប្រសូត​មក​នោះ គ្មាន​អ្នក​ណា​ដឹង​ហើយ​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍ ថា​ព្រះ​យេស៊ូ​បាន​ប្រសូត​មក​នៅ​ថ្ងៃ​ណា​ខែ​ណា​នោះ​ឡើយ​»។—Sacred Orig​in​s of Profound Things

៧ ទោះ​បើ​សិស្ស​របស់​ព្រះ​យេស៊ូ​ធ្លាប់​ដឹង​ថា​ទ្រង់​ប្រសូត​មក​នៅ​ថ្ងៃ​ណា​ខែ​ណា​នោះ ក៏​ពួក​គេ​នៅ​តែ​មិន​ធ្វើ​បុណ្យ​ខួប​កំណើត​ទ្រង់​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា គ្រីស្ទាន​ជំនាន់​ដើម​«​បាន​ចាត់​ទុក​ការ​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​មនុស្ស​ណា​ម្នាក់​ជា​ទំនៀម​ទម្លាប់​របស់​អ្នក​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា​»។ (​The World Book Encyclopedia​) មាន​តែ​បុណ្យ​ខួប​កំណើត​ពីរ​គត់​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ ហើយ​នោះ​គឺ​ជា​បុណ្យ​ចំរើន​ព្រះ​ជន្ម​របស់​អ្នក​គ្រប់​គ្រង​ពីរ​អង្គ​ដែល​មិន​មែន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ឡើយ។ (​លោកុប្បត្តិ ៤០:២០; ម៉ាកុស ៦:២១​) មនុស្ស​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា​ក៏​ធ្លាប់​ធ្វើ​បុណ្យ​ខួប​កំណើត​ថ្វាយ​ព្រះ​ផ្សេង​ៗ​របស់​ពួក​គេ​ដែរ។ ជា​ឧទាហរណ៍​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ជន​ជាតិ​រ៉ូម​ធ្លាប់​ធ្វើ​បុណ្យ​ខួប​កំណើត​ព្រះ​នាង​ឌីយ៉ាន៉ា។ នៅ​ថ្ងៃ​បន្ទាប់​ពួក​គេ​ធ្វើ​បុណ្យ​ខួប​កំណើត​អា​ប៉ូឡូ​ដែល​ជា​អាទិទេព​ព្រះ​អាទិត្យ។ ដូច្នេះ​បុណ្យ​ខួប​កំណើត​មិន​បាន​ជាប់​ទាក់​ទង​នឹង​គ្រីស្ទ​សាសនា​ឡើយ តែ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​មិន​ជឿ​គ្រីស្ទ​សាសនា​វិញ។

៨​. សូម​ពន្យល់​ទំនាក់​ទំនង​រវាង​បុណ្យ​ខួប​កំណើត​និង​ជំនឿ​ឆ្វេង។

៨ មាន​ហេតុ​មួយ​ទៀត​ដែល​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​មិន​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​ព្រះ​យេស៊ូ​នោះ។ សិស្ស​របស់​ទ្រង់​ទំនង​ជា​ដឹង​ថា​បុណ្យ​ខួប​កំណើត​ជាប់​ទាក់​ទង​នឹង​ជំនឿ​ឆ្វេង។ ជា​ឧទាហរណ៍​នៅ​សម័យ​បុរាណ​ជន​ជាតិ​ក្រិច​និង​ជន​ជាតិ​រ៉ូម​ជា​ច្រើន​ធ្លាប់​ជឿ​ថា វិញ្ញាណ​មួយ​រូប​មាន​វត្តមាន​ពេល​ដែល​មនុស្ស​ម្នាក់​កើត​មក ហើយ​វិញ្ញាណ​នោះ​នឹង​ការពារ​អ្នក​នោះ​អស់​មួយ​ជីវិត។ សៀវភៅ​មួយ​ប្រាប់​ថា​៖ ​«​មាន​ទំនាក់​ទំនង​អាថ៌​កំបាំង​មួយ​រវាង​វិញ្ញាណ​នោះ​និង​ព្រះ​ណា​ដែល​មាន​ខួប​កំណើត​នៅ​ចំ​ថ្ងៃ​ដែល​បុគ្គល​នោះ​កើត​មក​»។ (​The Lore of Birthdays​) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​បុណ្យ​ណា​ដែល​នាំ​ឲ្យ​ព្រះ​យេស៊ូ​ជាប់​ពាក់​ព័ន្ធ​នឹង​ជំនឿ​ឆ្វេង​នោះ។ (​អេសាយ ៦៥:១១, ១២​) បើ​ដូច្នេះ ហេតុ​អ្វី​មាន​មនុស្ស​ច្រើន​ម្ល៉េះ​ធ្វើ​បុណ្យ​ណូអែល?

ដើម​កំណើត​នៃ​បុណ្យ​ណូអែល

៩​. ហេតុ​អ្វី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​បាន​ត្រូវ​រើស​យក​ជា​ថ្ងៃ​ធ្វើ​ខួប​កំណើត​របស់​ព្រះ​យេស៊ូ?

៩ រាប់​រយ​ឆ្នាំ​ក្រោយ​ព្រះ​យេស៊ូ​គង់​នៅ​ផែន​ដី ទើប​មនុស្ស​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ខួប​កំណើត​ព្រះ​យេស៊ូ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ប៉ុន្តែ​ថ្ងៃ​នោះ​មិន​មែន​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​មក​នោះ​ទេ។a បើ​ដូច្នេះ​ហេតុ​អ្វី​មនុស្ស​រើស​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​វិញ? អ្នក​ខ្លះ​ដែល​ក្រោយ​មក​អះអាង​ថា​ពួក​គេ​ជា​គ្រីស្ទាន ទំនង​ជា​«​ចង់​ឲ្យ​ថ្ងៃ​បុណ្យ​នោះ​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ដែល​ជន​ជាតិ​រ៉ូម​ដែល​មិន​កាន់​គ្រីស្ទ​សាសនា​»​តែង​ធ្វើ​បុណ្យ​ខួប​កំណើត​នៃ​ព្រះ​អាទិត្យ។ (​The New Encyclopædia Britannica​) នៅ​រដូវ​រងា​ពេល​ដែល​ព្រះ​អាទិត្យ​ហាក់​ដូច​ជា​មាន​ថាមពល​តិច​បំផុត​នោះ ជន​ជាតិ​រ៉ូម​ទាំង​នេះ​ធ្លាប់​ធ្វើ​បុណ្យ​ដើម្បី​អង្វរ​សុំ​ព្រះ​អាទិត្យ​ដែល​ជា​ប្រភព​កំដៅ​និង​ពន្លឺ ឲ្យ​វិល​ត្រឡប់​មក​វិញ​ពី​ការ​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ។ ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ត្រូវ​ចាត់​ទុក​ជា​ថ្ងៃ​ដែល​ព្រះ​អាទិត្យ​ចាប់​ផ្ដើម​វិល​ត្រឡប់​មក​វិញ។ ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ជន​ជាតិ​រ៉ូម​ទាំង​នោះ​ដូរ​សាសនា​មក​កាន់​គ្រីស្ទ​សាសនា​នោះ អ្នក​ដឹក​នាំ​គ្រីស្ទ​សាសនា​បាន​យក​បុណ្យ​ខួប​កំណើត​ព្រះ​អាទិត្យ​មក​ខំ​កែ​ច្នៃ​ឲ្យ​មើល​ទៅ​ដូច​ជា​«​បុណ្យ​គ្រីស្ទាន​»​វិញ។b

១០​. នៅ​អតីតកាល ហេតុ​អ្វី​មនុស្ស​ខ្លះ​មិន​ធ្វើ​បុណ្យ​ណូអែល?

១០ តាំង​ពី​យូរ​ហើយ​មាន​គេ​ទទួល​ស្គាល់​ថា បុណ្យ​ណូអែល​មាន​ដើម​កំណើត​ចេញ​ពី​អ្នក​មិន​ជឿ​គ្រីស្ទ​សាសនា។ ដោយ​សារ​គ្មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ បុណ្យ​ណូអែល​បាន​ត្រូវ​គេ​ហាម​ធ្វើ​នៅ​ប្រទេស​អង់គ្លេស​និង​អាណានិគម​អាមេរិក​ខ្លះ​នៅ​សតវត្សរ៍​ទី​១៧។ បើ​ត្រឹម​តែ​មិន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ​ណូអែល គេ​ត្រូវ​តែ​បង់​ប្រាក់​ពិន័យ។ ក៏​ប៉ុន្តែ​មិន​យូរ​ក្រោយ​នោះ​ទំនៀម​ទម្លាប់​ចាស់​បាន​ទៅ​ជា​ពេញ​និយម​ម្ដង​ទៀត​ទាំង​មាន​លក្ខណៈ​ថ្មី​ខ្លះ​ៗ​ដែរ។ បុណ្យ​ណូអែល​បាន​ក្លាយ​ខ្លួន​ជា​បុណ្យ​ដ៏​សំខាន់​ម្ដង​ទៀត ហើយ​នៅ​ប្រទេស​ជា​ច្រើន​បុណ្យ​ណូអែល​នៅ​តែ​ជា​បុណ្យ​ដ៏​សំខាន់។ ក៏​ប៉ុន្តែ​ដោយ​សារ​បុណ្យ​ណូអែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត អ្នក​ដែល​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​មិន​ធ្វើ​បុណ្យ​ណូអែល ឬ​បុណ្យ​ណា​ផ្សេង​ទៀត​ដែល​មាន​ដើម​កំណើត​មក​ពី​សាសនា​មិន​ពិត។c

តើ​ដើម​កំណើត​នៃ​បុណ្យ​ផ្សេង​ៗ​ពិត​ជា​សំខាន់​ឬ?

១១​. ហេតុ​អ្វី​មនុស្ស​ខ្លះ​ធ្វើ​បុណ្យ​ផ្សេង​ៗ​? តើ​អ្វី​គួរ​ជា​រឿង​សំខាន់​បំផុត​ចំពោះ​យើង?

១១ មនុស្ស​ខ្លះ​យល់​ស្រប​ថា បុណ្យ​ផ្សេង​ៗ​ដូច​បុណ្យ​ណូអែល​មាន​ដើម​កំណើត​មក​ពី​សាសនា​មិន​ពិត។ ប៉ុន្តែ​ពួក​គេ​នៅ​មាន​អារម្មណ៍​ថា​ការ​ធ្វើ​បុណ្យ​ទាំង​នោះ​គឺ​មិន​ខុស​ទេ។ យ៉ាង​ណា​មិញ ពេល​ដែល​ធ្វើ​បុណ្យ​នោះ​មនុស្ស​មិន​គិត​អំពី​សាសនា​មិន​ពិត​ឡើយ។ ឱកាស​ទាំង​នោះ​ក៏​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ឬ​ទេ? បើ​ដូច្នេះ អ្វី​ដែល​ធ្វើ​ឲ្យ​ការ​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត​មើល​ទៅ​ដូច​ជា​អ្វី​ដ៏​ពិបាក​នោះ មិន​មែន​ជា​ការ​ស្រឡាញ់​សាសនា​មិន​ពិត​នោះ​ទេ តែ​គឺ​ជា​ការ​ស្រឡាញ់​ក្រុម​គ្រួសារ​វិញ។ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ​មនុស្ស ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ។ (​អេភេសូរ ៣:១៤, ១៥​) ប៉ុន្តែ អ្នក​អាច​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​គេ​តាម​របៀប​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​អ្វី​ដែល​ត្រូវ​ជា​រឿង​សំខាន់​បំផុត​ចំពោះ​យើង។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្ដី​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចុះ!​»។​—អេភេសូរ ៥:១០

ស្ករគ្រាប់ដែលនៅក្នុងលូទឹកស្អុយ

១២​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បញ្ជាក់​មូលហេតុ ដែល​យើង​ត្រូវ​ចៀស​វាង​ពី​ទំនៀម​ទម្លាប់​និង​បុណ្យ​ដែល​មាន​ប្រភព​មិន​ល្អ។

១២ ប្រហែល​ជា​អ្នក​គិត​ថា របៀប​មនុស្ស​ធ្វើ​បុណ្យ​ផ្សេង​ៗ​សព្វ​ថ្ងៃ​នេះ មិន​សូវ​ទាក់​ទង​នឹង​ដើម​កំណើត​របស់​វា​ប៉ុន្មាន​ទេ។ តើ​ដើម​កំណើត​នៃ​ទំនៀម​ទម្លាប់​និង​បុណ្យ​ផ្សេង​ៗ​ពិត​ជា​សំខាន់​ឬ? ពិត​ជា​សំខាន់​ណាស់! ជា​ឧទាហរណ៍: ប្រសិន​បើ​អ្នក​ឃើញ​ស្ករ​មួយ​គ្រាប់​ក្នុង​លូ​ទឹក​ស្អុយ តើ​អ្នក​នឹង​រើស​ស្ករ​នោះ​មក​បៀម​ទេ? ប្រាកដ​ជា​មិន​ធ្វើ​ដូច្នេះ​ឡើយ! ស្ករ​នោះ​គឺ​មិន​ស្អាត​ទេ។ បុណ្យ​ផ្សេង​ៗ​ក៏​ដូច​ជា​ស្ករ​នោះ​ដែរ ដ្បិត​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ចង់​បាន តែ​បុណ្យ​ផ្សេង​ៗ​ទាំង​នោះ​មក​ពី​ប្រភព​មិន​ស្អាត។ ដើម្បី​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត យើង​ត្រូវ​តែ​មាន​ទស្សនៈ​ដូច​ព្យាការី​អេសាយ​ដែល​ប្រាប់​អ្នក​ថ្វាយ​បង្គំ​ពិត​ថា​៖ ​«​កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ​»។—អេសាយ ៥២:១១

ចូរ​គិត​ពិចារណា​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត

១៣​. នៅ​ពេល​ដែល​អ្នក​មិន​ចូល​រួម​ធ្វើ​បុណ្យ​ផ្សេង​ៗ​នោះ តើ​អាច​មាន​ការ​ពិបាក​អ្វី​ខ្លះ?

១៣ ជួន​កាល​អ្នក​អាច​មាន​ការ​ពិបាក​ក្រោយ​សម្រេច​ចិត្ត​មិន​ចូល​រួម​បុណ្យ​ផ្សេង​ៗ។ ជា​ឧទាហរណ៍​អ្នក​ធ្វើ​ការ​ជា​មួយ​ប្រហែល​ជា​ឆ្ងល់​ពី​មូលហេតុ ដែល​អ្នក​មិន​ចូល​រួម​សកម្មភាព​ក្នុង​បុណ្យ​ផ្សេង​ៗ​នៅ​កន្លែង​ធ្វើ​ការ។ ចុះ​បើ​ពួក​គេ​ចង់​ជូន​កាដូ​ឲ្យ​អ្នក​សំរាប់​បុណ្យ​ណូអែល? តើ​ការ​ទទួល​កាដូ​នោះ​ជា​ការ​ខុស​ទេ? ចុះ​បើ​ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​មិន​ជឿ​ដូច​អ្នក? តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា ជីវិត​របស់​ពួក​គេ​មិន​សប្បាយ​ដូច​អ្នក​ឯ​ទៀត​ដោយ​សារ​មិន​ធ្វើ​បុណ្យ​នោះ?

១៤, ១៥​. បើ​អ្នក​ណា​ម្នាក់​ជូន​ពរ​នៅ​ថ្ងៃ​បុណ្យ​ឬ​មួយ​ក៏​ចង់​ជូន​កាដូ​អ្នក តើ​អាច​ធ្វើ​យ៉ាង​ណា?

១៤ អ្នក​ត្រូវ​ចេះ​គិត​ពិចារណា​ទើប​អាច​ដឹង​ពី​របៀប​ដែល​គួរ​ធ្វើ​ក្នុង​ករណី​នីមួយ​ៗ។ បើ​មាន​គេ​ជូន​ពរ​អ្នក​នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​អាច​បង្ហាញ​ការ​គួរ​សម​ដោយ​អរគុណ​អ្នក​នោះ​វិញ ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បុគ្គល​ដែល​អ្នក​ធ្វើ​ការ​ជា​មួយ​ឬ​ជួប​ជា​ទៀង​ទាត់​នោះ? ក្នុង​ករណី​នេះ​អ្នក​អាច​ពន្យល់​ថែម​ទៀត​ក៏​បាន។ ក្នុង​គ្រប់​ករណី ចូរ​ប្រើ​សំ​ដី​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​អាក់​អន់​ចិត្ត។ ព្រះ​គម្ពីរ​ជូន​ឱវាទ​ថា​៖ ​«​ចូរ​ឲ្យ​ពាក្យ​សំ​ដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​ជា​និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និ​មួយ​ៗ​»។ (​កូល៉ុស ៤:៦​) ចូរ​ប្រុង​ប្រយ័ត្ន​មិន​ប្រព្រឹត្ត​ឬ​និយាយ​ដោយ​ឥត​គោរព។ ផ្ទុយ​ទៅ​វិញ ចូរ​ពន្យល់​ពី​គោល​ជំហរ​របស់​អ្នក​ដោយ​ប្រើ​សំ​ដី​ដែល​មិន​ធ្វើ​ឲ្យ​គេ​អាក់​អន់​ចិត្ត។ ចូរ​ពន្យល់​យ៉ាង​ច្បាស់​ថា​អ្នក​មិន​ចាត់​ទុក​ការ​ជូន​កាដូ ឬ​ការ​ជប់​លៀង​ជា​អ្វី​ខុស​នោះ​ទេ គ្រាន់​តែ​អ្នក​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ទាំង​នោះ​នៅ​គ្រា​ផ្សេង​ទៀត​ប៉ុណ្ណោះ។

១៥ ចុះ​បើ​អ្នក​ណា​ម្នាក់​ចង់​ជូន​កាដូ​អ្នក? អ្នក​ត្រូវ​មើល​តាម​កាលៈទេសៈ។ អ្នក​ជូន​កាដូ​នោះ​ប្រហែល​ជា​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​មិន​ធ្វើ​បុណ្យ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ចង់​ជូន​កាដូ​នេះ​ឲ្យ​អ្នក​»។ ក្នុង​ករណី​នេះ អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​ការ​ទទួល​កាដូ​ពី​គាត់ មិន​មែន​ជា​ការ​ចូល​រួម​ធ្វើ​បុណ្យ​នោះ​ឡើយ។ ប្រាកដ​ហើយ​បើ​អ្នក​នោះ​មិន​ដឹង​ពី​ជំនឿ​របស់​អ្នក អ្នក​អាច​ប្រាប់​ថា​អ្នក​មិន​ធ្វើ​បុណ្យ​នោះ​ឡើយ។ នេះ​នឹង​ជួយ​ឲ្យ​គាត់​យល់​នូវ​មូលហេតុ​ដែល​អ្នក​ព្រម​ទទួល​កាដូ​ពី​គាត់ តែ​មិន​បាន​ជូន​កាដូ​គាត់​វិញ​នោះ​ទេ។ ក៏​ប៉ុន្តែ ជា​ការ​ល្អ​បើ​អ្នក​មិន​ព្រម​ទទួល​កាដូ​ពី​អ្នក​ដែល​ជូន​ក្នុង​បំណង​បង្ហាញ​ថា អ្នក​មិន​កាន់​តាម​ជំនឿ​របស់​អ្នក ឬ​ថា​អ្នក​សុខ​ចិត្ត​ធ្វើ​ខុស​នឹង​ជំនឿ​របស់​អ្នក​ដើម្បី​បាន​ប្រយោជន៍។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សមាជិក​ក្រុម​គ្រួសារ?

១៦​. ស្តី​អំពី​បុណ្យ តើ​អ្នក​អាច​ប្រព្រឹត្ត​យ៉ាង​ណា​ដើម្បី​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​អាក់​អន់​ចិត្ត​នោះ?

១៦ ចុះ​បើ​សមាជិក​ក្រុម​គ្រួសារ​មិន​ជឿ​ដូច​អ្នក? ក្នុង​ករណី​នេះ​ដែរ ចូរ​ប្រើ​សំ​ដី​ដែល​មិន​ធ្វើ​ឲ្យ​គេ​អាក់​អន់​ចិត្ត។ គ្មាន​ហេតុ​ឲ្យ​ឈ្លោះ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​អំពី​គ្រប់​ទំនៀម​ទម្លាប់ និង​បុណ្យ​ដែល​ពួក​គេ​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ជំនឿ​សាសនា ដូច​ជា​អ្នក​ចង់​ឲ្យ​ពួក​គេ​គោរព​សិទ្ធិ​របស់​អ្នក​ដែរ។ (​ម៉ាថាយ ៧:១២​) ចូរ​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​ជា​ការ​ចូល​រួម​ក្នុង​បុណ្យ​នោះ។ យ៉ាង​ណា​ក៏​ដោយ ចូរ​យោគ​យល់​ក្នុង​រឿង​ដែល​មិន​មែន​ជា​ការ​ចូល​រួម​ធ្វើ​បុណ្យ​សុទ្ធសាធ​នោះ​ទេ។ ម្យ៉ាង​ទៀត​អ្នក​មិន​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​នឹង​នាំ​ឲ្យ​មនសិការ​ធ្វើ​ទុក្ខ​ដល់​ខ្លួន។—ធីម៉ូថេ​ទី១ ១:​១៨, ១៩

១៧​. តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​មិន​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ ថា​ជីវិត​របស់​ពួក​គេ​មិន​សប្បាយ​ដូច​អ្នក​ឯ​ទៀត​ដោយ​សារ​មិន​ចូល​រួម​ធ្វើ​បុណ្យ​នោះ?

១៧ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា ជីវិត​របស់​ពួក​គេ​មិន​សប្បាយ​ដូច​អ្នក​ឯ​ទៀត​ដោយ​សារ​មិន​ធ្វើ​បុណ្យ​ខុស​ពី​បទ​គម្ពីរ​នោះ? នេះ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ពេល​ផ្សេង​ទៀត​ក្នុង​ឆ្នាំ​នោះ។ មាតា​បិតា​ខ្លះ​រៀបចំ​ឲ្យ​មាន​ឱកាស​ផ្សេង​ទៀត​ដើម្បី​ជូន​កាដូ​ដល់​កូន។ អំណោយ​ល្អ​បំផុត​ដែល​អ្នក​អាច​ជូន​កូន គឺ​ជា​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់។

ចូរ​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត

១៨​. តើ​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន អាច​ជួយ​ឲ្យ​អ្នក​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត​យ៉ាង​ដូច​ម្ដេច?

១៨ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ អ្នក​ត្រូវ​តែ​បដិសេធ​ការ​ថ្វាយ​បង្គំ​មិន​ពិត ហើយ​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត​វិញ។ តើ​នេះ​រួម​បញ្ចូល​អ្វី? ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ​»។ (​ហេព្រើរ ១០:២៤, ២៥​) កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ឱកាស​ដ៏​សប្បាយ​សំរាប់​ថ្វាយ​បង្គំ​ព្រះ តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ (​ទំនុក​ដំកើង ២២:២២; ១២២:១​) នៅ​កិច្ច​ប្រជុំ​ទាំង​នេះ​គ្រីស្ទាន​ស្មោះ​ត្រង់​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។—រ៉ូម ១:១២, ខ.ស.

១៩​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ព្រះ​គម្ពីរ?

១៩ វិធី​មួយ​ទៀត​ដែល​អ្នក​អាច​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត គឺ​ដោយ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ មនុស្ស​ជា​ច្រើន​ពិត​ជា​កំពុង​តែ​«​ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ​»​ ដោយ​សារ​អំពើ​ទុច្ចរិត​ដែល​មាន​ក្នុង​របប​លោកីយ៍​សព្វ​ថ្ងៃ​នេះ។ (​អេសេគាល ៩:៤​) ប្រហែល​ជា​អ្នក​ស្គាល់​មនុស្ស​ខ្លះ​ដែល​មាន​អារម្មណ៍​ដូច្នេះ។ អ្នក​អាច​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​លើ​ព្រះ​គម្ពីរ។ ពេល​ដែល​អ្នក​ចូល​រួម​ជា​មួយ​គ្រីស្ទាន​ពិត ហើយ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ ដែល​អ្នក​បាន​រៀន​ក្នុង​ព្រះ​គម្ពីរ​នោះ អ្នក​នឹង​ឃើញ​ថា បន្ដិច​ម្ដង​ៗ​អ្នក​នឹង​លែង​មាន​ចំណង់​ធ្វើ​បុណ្យ​សាសនា​មិន​ពិត​ទៀត​ហើយ។ អ្នក​ប្រាកដ​ជា​នឹង​មាន​សុភមង្គល​ហើយ​នឹង​ទទួល​ពរ​ជា​ច្រើន​ជាក់​ជា​ពុំ​ខាន បើ​អ្នក​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត។—ម៉ាឡាគី ៣:១០

[កំណត់​សម្គាល់]

a សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​តើ​ព្រះ​យេស៊ូ​បាន​ប្រសូត​នៅ​ខែ​ធ្នូ​ឬ​ទេ?​»។

b បុណ្យ​អាទិទេព​ព្រះ​សៅរ៍​ក៏​ជាប់​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ផង​ដែរ បុណ្យ​ជន​ជាតិ​រ៉ូម​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នៃ​ភោគផល ហើយ​បុណ្យ​នេះ​ធ្លាប់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​-​២៤​ខែ​ធ្នូ។ ពេល​មាន​បុណ្យ​អាទិទេព​ព្រះ​សៅរ៍​គេ​ជប់​លៀង​លេង​សប្បាយ​សើច​ក្អាក​ក្អាយ​និង​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក។

c ដើម្បី​រៀន​អំពី​ទស្សនៈ​របស់​គ្រីស្ទាន​ពិត​ចំពោះ​បុណ្យ​ឯ​ទៀត សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​តើ​យើង​គួរ​ធ្វើ​បុណ្យ​ឬ​ទេ?​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ មិន​ត្រូវ​ប្រើ​រូប​ព្រះ​ឬ​សែន​ជីដូន​ជីតា​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​ឡើយ។—និក្ខមនំ ២០:៤, ៥; ចោទិយកថា ១៨:១០​-​១២

▪ ការ​ចូល​រួម​បុណ្យ​ដែល​មាន​ដើម​កំណើត​មក​ពី​សាសនា​មិន​ពិត​ជា​ការ​ខុស។—អេភេសូរ ៥:១០

▪ ពេល​ដែល​គ្រីស្ទាន​ពិត​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​ខ្លួន ពួក​គេ​ត្រូវ​ប្រើ​សំ​ដី​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​អាក់​អន់​ចិត្ត។—កូល៉ុស ៤:៦

​[រូប​ភាព​នៅ​ទំព័រ​១៨៤]

តើ​អ្នក​សុខ​ចិត្ត​បៀម​ស្ករ​គ្រាប់​ដែល​បាន​រើស​ពី​លូ​ទឹក​ស្អុយ​ទេ?

[រូប​ភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៨៧]

ការ​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត​នាំ​ឲ្យ​មាន​សុភមង្គល​ពិត

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក