ចូរជួយក្មេងៗឲ្យទទួលប្រយោជន៍ ពីមហាសន្និបាត
១ ការអញ្ជើញឲ្យចូលរួមមហាសន្និបាតប្រចាំតំបន់គឺសម្រាប់អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទាំងអស់។ អង្គការព្រះយេហូវ៉ាបានរៀបចំមហាសន្និបាតឡើង ដោយចាំជានិច្ចថាក្មេងៗជាច្រើននាក់នឹងចូលរួមជាមួយនឹងយើង។ មែនហើយ មនុស្សវ័យក្មេង សូម្បីតែ«កូនក្មេង» ក៏ត្រូវបានអញ្ជើញឲ្យចូលរួមដែរ។—ចោ. ៣១:១២
២ ឪពុកម្ដាយគួរបង្រៀនកូនរបស់ខ្លួនថាមហាសន្និបាតនេះគឺសម្រាប់ពួកគេដែរ។ ពេលដែលកូនយល់ថា ការមានវត្តមាននិងការស្ដាប់កម្មវិធីមហាសន្និបាត គឺជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់ពួកគេ នោះពួកគេអាចពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះ។ ជាការពិតមែន អង្គុយនៅតែមួយកន្លែង ស្ងៀមស្ងាត់ ហើយផ្ចង់អារម្មណ៍ក្នុងអំឡុងកម្មវិធី នោះមិនតែងតែស្រួលទេចំពោះក្មេងៗ។ ម្យ៉ាងទៀតព័ត៌មានខ្លះក្នុងកម្មវិធីប្រហែលជាពួកគេពិបាកយល់។ ហេតុនេះ ជាការចាំបាច់ដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ ហើយខំប្រឹងប្រែងព្យាយាមជានិច្ច។
៣ ពេលឃើញក្មេងតូចៗនិងក្មេងជំទង់ដែលចូលរួមមហាសន្និបាតបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះចំពោះការគោរពប្រណិប័តន៍ព្រះ នោះលើកទឹកចិត្តយើងមែន។ ក្មេងខ្លះប្រហែលជាមានចិត្តរំភើបនឹងចូលរួមមហាសន្និបាត ដោយសារពួកគេមានឱកាសធ្វើដំណើរ សប្បាយនឹងឃើញមនុស្សច្រើន ឬមានឱកាសញាំបាយខាងក្រៅជាដើម។ ទោះជាយ៉ាងនេះក្ដី ឪពុកម្ដាយអាចជួយកូនឲ្យមានចិត្តអបអរចំពោះមហាសន្និបាត ហើយទទួលប្រយោជន៍ពីកម្មវិធីនោះ សូម្បីតែកូននៅតូចក៏ដោយ។
៤ របៀបដែលឪពុកម្ដាយអាចជួយកូន: ឪពុកម្ដាយត្រូវជួយកូនផ្ដោតអារម្មណ៍ទៅលើរឿងខាងការគោរពប្រណិប័តន៍ព្រះ ដើម្បីត្រៀមខ្លួនសម្រាប់មហាសន្និបាត។ ឪពុកម្ដាយជាច្រើនបានទទួលលទ្ធផលដ៏ល្អដោយពួកគេបានរៀបចំឲ្យកូនមានគម្ពីរ មានសៀវភៅចម្រៀង និងសៀវភៅផ្សេងទៀតផ្ទាល់ខ្លួន។ ការបណ្ដុះឲ្យកូនមានទស្សនៈត្រឹមត្រូវចំពោះគម្ពីរ និងសៀវភៅផ្សេងៗរបស់អង្គការយើង នឹងជួយកូនកុំឲ្យគូសឬសរសេរនៅលើសៀវភៅនោះ។ លើកទឹកចិត្តកូនឲ្យសរសេរកំណត់ ហើយមើលកំណត់នេះឡើងវិញជាមួយក្រុមគ្រួសារនៅពេលល្ងាច។ ជាការល្អបំផុតកុំយកសៀវភៅសម្រាប់ផាត់ពណ៌ និងគ្រឿងលេងឯទៀតទៅមហាសន្និបាតឡើយ។
៥ ជួយកូនឲ្យមានសណ្ដាប់ធ្នាប់និងអាការក្រៅល្អ: ឪពុកម្ដាយខ្លះបណ្ដោយឲ្យកូនរំខានអ្នកឯទៀតក្នុងអំឡុងពេលមានកម្មវិធី។ សូម្បីតែពេលអធិដ្ឋានក្មេងខ្លះលេងហើយបង្វែរអារម្មណ៍អ្នកឯទៀត។ សូមសួរខ្លួនអ្នកថា ‹តើកូនខ្ញុំកំពុងធ្វើអ្វីក្នុងអំឡុងពេលអធិដ្ឋាន? តើគួរអនុញ្ញាតឲ្យពួកគេចេញពីកន្លែងអង្គុយក្នុងពេលមានកម្មវិធីឬទេ?›។ ឪពុកម្ដាយដែលយកចិត្តទុកដាក់នឹងអង្គុយជិតកូនរបស់ខ្លួន។ នេះនឹងជួយពួកគេឲ្យមើលកូនបានល្អដើម្បីកុំឲ្យរំខានអ្នកឯទៀត។ ទោះបីជាឪពុកម្ដាយមានភារកិច្ចផ្សេងៗក្នុងមហាសន្និបាតក៏ដោយ ក៏ពួកគេខំធ្វើយ៉ាងណាដើម្បីអាចអង្គុយជិតកូនក្នុងអំឡុងពេលមានកម្មវិធី។ ក្រោយកម្មវិធីមហាសន្និបាត ឪពុកម្ដាយក៏ត្រូវមើលកូនដោយផ្ទាល់ដែរក្នុងពេលកម្សាន្តនៅកន្លែងផ្សេងទៀត។
៦ តើកូនរបស់យើងស្លៀកពាក់យ៉ាងណាដែរនៅមហាសន្និបាត? បើពួកគេស្លៀកពាក់សាមញ្ញពេក ហើយពាក់ស្បែកជើងលេងកីឡា តើនេះនឹងជួយពួកគេឲ្យយល់នូវសារៈសំខាន់នៃមហាសន្និបាតឬទេ? ផ្ទុយទៅវិញ កូនដែលស្លៀកពាក់ត្រឹមត្រូវសម្រាប់កិច្ចប្រជុំគ្រិស្តសាសនិកបង្ហាញឲ្យឃើញថាមហាសន្និបាតជាឱកាសដ៏ថ្លៃថ្នូរនិងមានសារៈសំខាន់។ នេះនាំឲ្យមនុស្សសរសើរតម្កើងនាមព្រះយេហូវ៉ា។
៧ ឪពុកម្ដាយអាចជួយកូនឲ្យមានចិត្តគំនិតត្រឹមត្រូវដោយរៀបចំឲ្យកូនធ្វើកិច្ចការខ្លះនៅមហាសន្និបាត។ កូនដែលមានអាយុក្រោម១៦ឆ្នាំ អាចធ្វើការជាមួយឪពុកម្ដាយ ឬមនុស្សពេញវ័យដែលចេះទទួលខុសត្រូវក្រោមការណែនាំផ្នែកកិច្ចបម្រើស្ម័គ្រចិត្ត។ ក្មេងៗជាច្រើនចាត់ទុកកិច្ចការនេះជាប្រយោជន៍មួយដែលមកពីការចូលរួមមហាសន្និបាត។
៨ ដោយសញ្ជឹងគិតអំពីយោបល់ទាំងនេះ ឪពុកម្ដាយនិងអ្នកឯទៀតអាចត្រៀមខ្លួនដើម្បីជួយក្មេងៗឲ្យទទួលប្រយោជន៍ពីមហាសន្និបាត។