ជំពូកទី៦
របៀបជ្រើសរើសការកម្សាន្តល្អ
«ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ១០:៣១
១, ២. ពេលដែលយើងត្រូវធ្វើការសម្រេចចិត្តស្តីអំពីការកម្សាន្ត តើយើងមានជម្រើសអ្វីខ្លះ?
សូមស្រមៃគិតថាអ្នកហៀបនឹងបរិភោគផ្លែឈើមួយ ស្រាប់តែឃើញថាមួយផ្នែកគឺខូច។ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកអាចបរិភោគផ្លែទាំងមូលនោះ ទាំងផ្នែកដែលខូច ឬបោះចោលផ្លែទាំងមូលនោះ រួមទាំងផ្នែកដែលខូច ឬមួយចិតផ្នែកដែលខូចនោះចោល ហើយបរិភោគផ្នែកដែលនៅល្អ។ តើអ្នកនឹងជ្រើសរើសមួយណា?
២ ក្នុងន័យមួយ ការកម្សាន្តគឺដូចផ្លែឈើនោះ។ ជួនកាលអ្នកចង់មានការកម្សាន្តសប្បាយ ប៉ុន្តែអ្នកទទួលស្គាល់ថាការកម្សាន្តភាគច្រើនដែលមាននៅសព្វថ្ងៃនេះ គឺប្រៀបដូចជាផ្លែដែលខូចនោះ ពីព្រោះវាប្រាសចាកសីលធម៌។ ដូច្នេះ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកខ្លះប្រហែលជាសុខចិត្តទទួលយកការកម្សាន្តទាំងអស់ ទាំងល្អ ទាំងអាក្រក់ដែលពិភពលោកនេះផ្ដល់ឲ្យ។ អ្នកឯទៀតប្រហែលជាជៀសវាងការកម្សាន្តទាំងអស់ដើម្បីកុំឲ្យប៉ះពាល់អ្វីដែលអាក្រក់ រីឯអ្នកផ្សេងទៀត ប្រហែលជាប្រុងប្រយ័ត្ន ជៀសវាងអ្វីដែលអាចមានឥទ្ធិពលអាក្រក់ តែម្ដងម្កាលចូលរួមការកម្សាន្តដែលល្អ។ តើអ្នកគួរសម្រេចចិត្តដូចម្ដេចដើម្បីអាចរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់?
៣. តើយើងនឹងពិចារណាអំពីអ្វីមុនបង្អស់?
៣ យើងភាគច្រើននឹងយកជម្រើសទី៣។ យើងទទួលស្គាល់ថាយើងត្រូវការការកម្សាន្តដែរ ប៉ុន្តែយើងចង់បានតែការកម្សាន្តដែលមិនប្រាសចាកសីលធម៌។ ដូច្នេះ យើងត្រូវពិចារណាអំពីរបៀបដែលយើងអាចកំណត់ថាការកម្សាន្តមួយណាល្អហើយមួយណាអាក្រក់។ ប៉ុន្តែមុនបង្អស់ យើងនឹងពិចារណាអំពីឥទ្ធិពលដែលការកម្សាន្តរបស់យើងអាចមានទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
«ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»
៤. តើការប្រគល់ខ្លួនជូនព្រះគួរមានឥទ្ធិពលយ៉ាងណាទៅលើការកម្សាន្តរបស់យើង?
៤ សាក្សីព្រះយេហូវ៉ាវ័យចាស់ម្នាក់ដែលបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៤៦ បាននិយាយតាំងពីយូរហើយថា៖ «ខ្ញុំបានតាំងចិត្តមានវត្តមានរាល់ដងដែលមានសុន្ទរកថាសម្រាប់ពិធីជ្រមុជទឹក ហើយខ្ញុំស្ដាប់ដោយយកចិត្តទុកដាក់ ហាក់ដូចជាខ្ញុំនឹងទទួលការជ្រមុជទឹកដែរ»។ ហេតុអ្វី? គាត់ពន្យល់ថា៖ «ការចាំជានិច្ចថាខ្ញុំបានប្រគល់ខ្លួនជូនព្រះ ជាអ្វីដ៏សំខាន់មួយដែលបានជួយខ្ញុំរក្សាភាពស្មោះត្រង់នឹងព្រះ»។ អ្នកច្បាស់ជានឹងយល់ស្របនឹងទស្សនៈរបស់គាត់។ ពេលដែលអ្នករំលឹកខ្លួនថា អ្នកបានសន្យានឹងព្រះយេហូវ៉ាថាអ្នកនឹងបម្រើលោកអស់មួយជីវិត នោះជំរុញអ្នកឲ្យស៊ូទ្រាំ។ (សូមអាន សាស្ដា ៥:៤) តាមពិត ការរំពឹងគិតអំពីការប្រគល់ខ្លួនជូនព្រះ មិនគ្រាន់តែមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកចំពោះកិច្ចបម្រើរបស់គ្រិស្តសាសនិកប៉ុណ្ណោះទេ តែមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកចំពោះរឿងឯទៀតដែរ ដូចជាការកម្សាន្តជាដើម។ សាវ័កប៉ូលបានលើកបញ្ជាក់ចំណុចនោះ ពេលគាត់សរសេរទៅកាន់គ្រិស្តសាសនិកនៅសម័យគាត់ថា៖ «ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ១០:៣១
៥. តើលេវីវិន័យ ២២:១៨-២០ជួយយើងយល់ការព្រមានក្នុងរ៉ូម ១២:១យ៉ាងដូចម្ដេច?
៥ ក្នុងជីវិតអ្នក អ្វីៗទាំងអស់ដែលអ្នកធ្វើមានឥទ្ធិពលលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ក្នុងសំបុត្រដែលប៉ូលសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់ប្រើពាក្យដែលដាស់ស្មារតីអ្នករួមជំនឿដើម្បីធ្វើឲ្យការពិតនេះដក់ជាប់ក្នុងគំនិតរបស់ពួកគេ។ គាត់ដាស់តឿនពួកគេថា៖ «[ចូរ]ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត»។ (រ៉ូម ១២:១) រូបកាយរបស់អ្នករួមបញ្ចូលគំនិត ចិត្ត និងកម្លាំង។ អ្នកប្រើអ្វីៗទាំងនេះដើម្បីបម្រើព្រះ។ (ម៉ាកុស ១២:៣០) ប៉ូលបញ្ជាក់ថាកិច្ចបម្រើដែលយើងបំពេញជូនព្រះដោយអស់ពីព្រលឹងដូច្នេះ គឺជាគ្រឿងបូជាមួយ។ ពាក្យនោះរួមបញ្ចូលការព្រមានមួយដែរ។ ក្រោមច្បាប់ម៉ូសេ ព្រះមិនព្រមទទួលគ្រឿងបូជាណាដែលមានខ្ចោះទេ។ (លេវីវិន័យ ២២:១៨-២០) ស្រដៀងគ្នាដែរ បើគ្រឿងបូជា ឬកិច្ចបម្រើរបស់គ្រិស្តសាសនិកពិតម្នាក់មានខ្ចោះ នោះព្រះនឹងមិនព្រមទទួលទេ។ ប៉ុន្តែ តើអ្វីអាចធ្វើឲ្យគ្រឿងបូជារបស់យើងមានខ្ចោះ?
៦, ៧. តើគ្រិស្តសាសនិកម្នាក់អាចធ្វើឲ្យរូបកាយរបស់គាត់ទៅជាសៅហ្មងយ៉ាងដូចម្ដេច? ហើយតើនោះអាចនាំឲ្យគាត់ទទួលផលវិបាកអ្វី?
៦ ប៉ូលទូន្មានគ្រិស្តសាសនិកនៅក្រុងរ៉ូមថា៖ «ឈប់ប្រគល់អវយវៈរបស់អ្នករាល់គ្នាទៅភាពខុសឆ្គង»។ ប៉ូលក៏បានប្រាប់ពួកគេថាត្រូវ«លះចោលឲ្យជ្រះស្រឡះនូវអំពើរបស់រូបកាយ»។ (រ៉ូម ៦:១២-១៤; ៨:១៣) នៅជំពូកមុនក្នុងសំបុត្ររបស់គាត់ ប៉ូលបានឲ្យឧទាហរណ៍ខ្លះអំពី«អំពើរបស់រូបកាយ»។ នៅទីនោះយើងអានអំពីមនុស្សមានភាពខុសឆ្គងថា៖ «មាត់របស់ពួកគេពោរពេញទៅដោយពាក្យជេរប្រមាថ»។ «ជើងរបស់ពួកគេរហ័សទៅកម្ចាយឈាម»។ «ពួកគេមិនកោតខ្លាចព្រះសោះ»។a (រ៉ូម ៣:១៣-១៨) គ្រិស្តសាសនិកនឹងធ្វើឲ្យរូបកាយរបស់គាត់មានខ្ចោះ បើគាត់ប្រើ«អវយវៈ»នៃរូបកាយរបស់គាត់ដើម្បីប្រព្រឹត្តអំពើខុសឆ្គង។ ជាឧទាហរណ៍ បើគ្រិស្តសាសនិកម្នាក់មើលដោយចេតនានូវអ្វីដែលថោកទាប ដូចជារូបអាសអាភាស ឬអំពើឃោរឃៅព្រៃផ្សៃជាដើម នោះគាត់កំពុង«ប្រគល់[ភ្នែករបស់គាត់]ទៅភាពខុសឆ្គង»។ ដោយធ្វើដូច្នេះ គាត់ធ្វើឲ្យរូបកាយទាំងមូលរបស់គាត់ទៅជាសៅហ្មងវិញ។ ការគោរពប្រណិប័តន៍របស់គាត់គឺប្រៀបដូចជាគ្រឿងបូជាដែលលែងបរិសុទ្ធ ហើយព្រះនឹងមិនព្រមទទួលទេ។ (ចោទិយកថា ១៥:២១; ពេត្រុសទី១ ១:១៤-១៦; ពេត្រុសទី២ ៣:១១) នេះជាផលវិបាកធ្ងន់ធ្ងរណាស់ដែលមកពីការជ្រើសរើសការកម្សាន្តដែលមិនល្អ!
៧ យើងអាចឃើញច្បាស់ថា ការកម្សាន្តដែលគ្រិស្តសាសនិកម្នាក់ជ្រើសរើសនាំឲ្យគាត់ទទួលផលវិបាកធ្ងន់ធ្ងរ។ បើដូច្នេះ យើងប្រាកដជាចង់ជ្រើសរើសការកម្សាន្តដែលនឹងធ្វើឲ្យគ្រឿងបូជាដែលយើងជូនព្រះកាន់តែប្រសើរ មិនមែនធ្វើឲ្យសៅហ្មងទេ។ ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលយើងអាចកំណត់ថាការកម្សាន្តមួយណាល្អហើយមួយណាអាក្រក់។
«ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត»
៨, ៩. (ក) តើយើងអាចបែងចែកការកម្សាន្តជាពីរប្រភេទណាខ្លះ? (ខ) តើយើងគួរជៀសវាងការកម្សាន្តប្រភេទណាខ្លះ? ហើយហេតុអ្វី?
៨ បើនិយាយឲ្យទូលាយ យើងអាចបែងចែកការកម្សាន្តជាពីរប្រភេទ។ ប្រភេទទី១គឺការកម្សាន្តដែលគ្រិស្តសាសនិកគួរជៀសវាងជាដាច់ខាត។ ប្រភេទទី២គឺការកម្សាន្តដែលតម្រូវឲ្យគ្រិស្តសាសនិកគិតពិចារណាមុនសម្រេចចិត្តទទួលយកឬមិនទទួល។ មុនបង្អស់ យើងនឹងពិចារណាអំពីប្រភេទទី១ គឺការកម្សាន្តដែលគ្រិស្តសាសនិកគួរជៀសវាង។
៩ ដូចយើងបានរៀននៅជំពូកទី១ ការកម្សាន្តខ្លះបង្ហាញពីការប្រព្រឹត្តដែលគម្ពីរផ្ដន្ទាទោសដោយចំៗ។ ជាឧទាហរណ៍ សូមគិតអំពីចម្រៀង គេហទំព័រ ភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលមានអំពើឃោរឃៅព្រៃផ្សៃ ការទាក់ទងពួកវិញ្ញាណកំណាច រូបអាសអាភាស ឬដែលលើកតម្កើងអំពើថោកទាបដែលប្រាសចាកសីលធម៌។ របៀបដែលការកម្សាន្តដ៏ថោកទាបបែបនេះបង្ហាញនូវអំពើដែលខុសគោលការណ៍ឬច្បាប់ក្នុងគម្ពីរ ធ្វើឲ្យមនុស្សគិតថាអំពើនោះជាអ្វីដែលធម្មតា គ្មានអ្វីគួរឲ្យទាស់ចិត្តទេ។ ដូច្នេះគ្រិស្តសាសនិកពិតគួរជៀសវាងជាដាច់ខាតពីការកម្សាន្តបែបនោះ។ (សកម្មភាព ១៥:២៨, ២៩; កូរិនថូសទី១ ៦:៩, ១០; ការបើកបង្ហាញ ២១:៨) បើអ្នកមិនព្រមទទួលយកការកម្សាន្តអាក្រក់បែបនេះ អ្នកបង្ហាញយ៉ាងច្បាស់ឲ្យព្រះយេហូវ៉ាឃើញថាអ្នកពិតជា«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត» ហើយតែងតែ«ថយចេញពីការអាក្រក់»។ ដោយធ្វើដូច្នេះ អ្នកមាន«ជំនឿដែលគ្មានពុតត្បុត»។—រ៉ូម ១២:៩; ទំនុកតម្កើង ៣៤:១៤; ធីម៉ូថេទី១ ១:៥
១០. ស្តីអំពីការកម្សាន្ត តើការវែកញែកបែបណានាំឲ្យមានគ្រោះថ្នាក់? ហើយហេតុអ្វី?
១០ ប៉ុន្តែ អ្នកខ្លះប្រហែលជាគិតថា បើមើលការកម្សាន្តដែលបង្ហាញជាក់ស្តែងអំពីអំពើប្រាសចាកសីលធម៌ នោះមិននាំឲ្យមានបញ្ហាអ្វីទេ។ ពួកគេវែកញែកថា‹ខ្ញុំគ្រាន់តែមើលអំពើនោះក្នុងភាពយន្តឬកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ តែខ្ញុំនឹងមិនប្រព្រឹត្តអំពើនោះឡើយ›។ អ្នកដែលវែកញែកដូច្នេះកំពុងបញ្ឆោតខ្លួន ហើយគំនិតបែបនេះនាំឲ្យមានគ្រោះថ្នាក់។ (សូមអាន យេរេមា ១៧:៩) បើយើងចូលចិត្តមើលអំពើដែលព្រះយេហូវ៉ាផ្ដន្ទាទោស តើយើងពិតជា«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត»ឬ? បើយើងអាន ស្ដាប់ ឬមើលអំពើទុច្ចរិតម្ដងហើយម្ដងទៀតដូច្នេះ នោះនឹងធ្វើឲ្យចិត្តយើងទៅជាស្ពឹកវិញ។ (ទំនុកតម្កើង ១១៩:៧០; ធីម៉ូថេទី១ ៤:១, ២) ទម្លាប់នេះអាចមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់យើង ឬទស្សនៈដែលយើងមានចំពោះអំពើខុសឆ្គងរបស់អ្នកឯទៀត។
១១. ស្តីអំពីការកម្សាន្ត ហេតុអ្វីយើងដឹងថាអ្វីដែលកាឡាទី ៦:៧ចែងគឺពិតមែន?
១១ នេះធ្លាប់កើតឡើង។ គ្រិស្តសាសនិកខ្លះបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដោយសារឥទ្ធិពលនៃការកម្សាន្តដែលពួកគេមានទម្លាប់មើល។ ពួកគេមានបទពិសោធន៍ល្វីងជូរចត់ទើបដឹងខ្លួនថា «មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ»។ (កាឡាទី ៦:៧) ប៉ុន្តែយើងមិនចាំបាច់ទទួលផលដ៏គួរឲ្យស្ដាយនោះទេ។ បើយើងយកចិត្តទុកដាក់សាបព្រោះក្នុងចិត្តគំនិតយើងនូវអ្វីដែលប្រកបដោយសីលធម៌ នោះយើងនឹងសប្បាយដោយសារទទួលបានផលល្អក្នុងជីវិត (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំគួរជ្រើសរើសការកម្សាន្តបែបណា?»)។
ការសម្រេចចិត្តផ្ទាល់ខ្លួនដែលផ្អែកលើគោលការណ៍គម្ពីរ
១២. តើកាឡាទី ៦:៥ទាក់ទងនឹងការកម្សាន្តយ៉ាងដូចម្ដេច? ហើយតើយើងមានការណែនាំណាដែលជួយយើងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន?
១២ ឥឡូវយើងនឹងពិចារណាអំពីការកម្សាន្តប្រភេទទី២ គឺការកម្សាន្តដែលបង្ហាញអំពើដែលបណ្ដាំរបស់ព្រះមិនផ្ដន្ទាទោសដោយចំៗ ក៏មិនចែងដោយចំៗថាអំពើនោះគឺល្អដែរ។ ពេលដែលយើងជ្រើសរើសការកម្សាន្តពីក្នុងចំណោមការកម្សាន្តបែបនោះ គ្រិស្តសាសនិកពិតម្នាក់ៗត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាការកម្សាន្តណាល្អហើយការកម្សាន្តណាមិនល្អ។ (សូមអាន កាឡាទី ៦:៥) ប៉ុន្តែយើងមានការណែនាំដែលអាចជួយយើងធ្វើការសម្រេចចិត្ត។ គម្ពីរបញ្ជាក់ហេតុការណ៍ពិតដែលអាចយកមកធ្វើជាគោល ដែលហៅថាគោលការណ៍ ហើយគោលការណ៍ទាំងនេះជួយយើងយល់អំពីគំនិតរបស់ព្រះយេហូវ៉ា។ បើយើងយកចិត្តទុកដាក់នឹងគោលការណ៍ទាំងនេះ នោះយើងនឹងអាចយល់«បំណងប្រាថ្នារបស់ព្រះយេហូវ៉ា»ក្នុងគ្រប់ការទាំងអស់ រួមទាំងការកម្សាន្តរបស់យើងដែរ។—អេភេសូរ ៥:១៧
១៣. តើអ្វីនឹងជំរុញយើងឲ្យជៀសវាងការកម្សាន្តដែលអាចធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត?
១៣ យើងយល់ថា មិនមែនគ្រិស្តសាសនិកទាំងអស់បានអប់រំសមត្ថភាពយល់ដឹងឬសមត្ថភាពវែកញែកអំពីរឿងសីលធម៌ដល់កម្រិតស្មើគ្នានោះទេ។ (ភីលីព ១:៩) ម្យ៉ាងទៀត គ្រិស្តសាសនិកទទួលស្គាល់ថា មនុស្សមានចំណង់ចំណូលចិត្តខុសៗគ្នាអំពីការកម្សាន្ត។ ដូច្នេះ យើងមិនសង្ឃឹមថាគ្រិស្តសាសនិកទាំងអស់នឹងធ្វើការសម្រេចចិត្តដូចគ្នាទាំងស្រុងទេ។ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលយើងឲ្យគោលការណ៍របស់ព្រះមានឥទ្ធិពលកាន់តែខ្លាំងមកលើចិត្តគំនិតរបស់យើង នោះយើងនឹងចង់ព្យាយាមកាន់តែខ្លាំងឡើង ដើម្បីជៀសវាងការកម្សាន្តណាដែលធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត។—ទំនុកតម្កើង ១១៩:១១, ១២៩; ពេត្រុសទី១ ២:១៦
១៤. (ក) តើយើងគួរគិតអំពីចំណុចអ្វីពេលដែលជ្រើសរើសការកម្សាន្ត? (ខ) តើយើងអាចធ្វើដូចម្ដេចដើម្បីរក្សាទុកការគោរពប្រណិប័តន៍ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិត?
១៤ ពេលដែលអ្នកជ្រើសរើសការកម្សាន្ត មានចំណុចសំខាន់មួយទៀតដែលអ្នកត្រូវពិចារណា គឺពេលវេលារបស់អ្នក។ អ្វីដែលគេបង្ហាញឬរៀបរាប់ក្នុងការកម្សាន្តដែលអ្នកជ្រើសរើស សឲ្យឃើញទស្សនៈរបស់អ្នកស្តីអំពីអ្វីដែលអ្នកគិតថាអាចទទួលយកបាន។ ចំណែកពេលវេលាដែលយើងចំណាយទៅលើការកម្សាន្តវិញ នោះសឲ្យឃើញថាយើងចាត់ទុកការកម្សាន្តថាសំខាន់ប៉ុណ្ណា។ ចំពោះគ្រិស្តសាសនិក រឿងទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះគឺសំខាន់បំផុត។ (សូមអាន ម៉ាថាយ ៦:៣៣) បើដូច្នេះ តើអ្នកអាចធ្វើយ៉ាងណាដើម្បីរក្សាទុកការគោរពប្រណិប័តន៍ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិត? សាវ័កប៉ូលសរសេរថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំឲ្យប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែដូចមនុស្សដែលប្រកបដោយប្រាជ្ញាវិញ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត»។ (អេភេសូរ ៥:១៥, ១៦) បើអ្នកដាក់កម្រិតទៅលើពេលវេលាដែលអ្នកលៃទុកសម្រាប់ការកម្សាន្ត នោះនឹងជួយអ្នកមានពេលវេលាដែលចាំបាច់សម្រាប់«ការអ្វីដែលសំខាន់ជាង» ពោលគឺការអ្វីដែលពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះ។—ភីលីព ១:១០
១៥. ហេតុអ្វីអ្នកគួរប្រុងប្រយ័ត្នលើសពីអ្វីដែលចាំបាច់ពេលជ្រើសរើសការកម្សាន្ត?
១៥ ជាការល្អដែរ បើយើងប្រុងប្រយ័ត្នឲ្យលើសពីអ្វីដែលចាំបាច់ពេលជ្រើសរើសការកម្សាន្ត។ តើនេះមានន័យដូចម្ដេច? សូមគិតម្ដងទៀតអំពីឧទាហរណ៍ស្តីអំពីផ្លែឈើ។ ដើម្បីការពារកុំឲ្យច្រឡំបរិភោគផ្នែកដែលខូច អ្នកមិនត្រឹមតែចិតកន្លែងដែលខូចចោលប៉ុណ្ណោះទេ តែក៏ចិតសាច់ល្អនៅជុំវិញវាខ្លះៗដែរ។ ស្រដៀងគ្នាដែរ អ្នកគប្បីប្រុងប្រយ័ត្នពេលជ្រើសរើសការកម្សាន្ត។ គ្រិស្តសាសនិកដែលមានប្រាជ្ញា មិនគ្រាន់តែមិនព្រមទទួលយកការកម្សាន្តដែលច្បាស់ជាខុសគោលការណ៍គម្ពីរទេ តែគាត់ក៏ជៀសវាងការកម្សាន្តប្រភេទណាដែលគួរឲ្យសង្ស័យ ឬដែលមើលទៅដូចជាមានលក្ខណៈដែលអាចប៉ះពាល់ដល់ចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាដែរ។ (សុភាសិត ៤:២៥-២៧) បើអ្នកកាន់ខ្ជាប់តាមឱវាទក្នុងបណ្ដាំរបស់ព្រះ នោះនឹងជួយអ្នកឲ្យជៀសវាងការកម្សាន្តដែលមានលក្ខណៈបែបនោះ។
«អ្វីៗដែលបរិសុទ្ធ»
អ្នកអាចការពារចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ ដោយធ្វើតាមគោលការណ៍របស់ព្រះពេលជ្រើសរើសការកម្សាន្ត
១៦. (ក) តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានទស្សនៈដូចព្រះយេហូវ៉ាស្តីអំពីសីលធម៌? (ខ) តើអ្វីនឹងជួយអ្នកឲ្យមានទម្លាប់ធ្វើតាមគោលការណ៍គម្ពីរ?
១៦ អ្វីដែលគ្រិស្តសាសនិកពិតពិចារណាមុនបង្អស់ពេលជ្រើសរើសការកម្សាន្ត គឺទស្សនៈរបស់ព្រះយេហូវ៉ា។ គម្ពីរបញ្ជាក់អំពីអារម្មណ៍និងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ស្តេចសាឡូម៉ូនរៀបរាប់អំពីអ្វីៗមួយចំនួនដែលព្រះយេហូវ៉ាស្អប់ ដូចជា«អណ្ដាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១ ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១»។ (សុភាសិត ៦:១៦-១៩) តើទស្សនៈរបស់ព្រះយេហូវ៉ាគួរមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់អ្នក? អ្នកសរសេរទំនុកតម្កើងដាស់តឿនថា៖ «ឱពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់ចុះ»។ (ទំនុកតម្កើង ៩៧:១០) ការកម្សាន្តដែលអ្នកជ្រើសរើសត្រូវសឲ្យឃើញថាអ្នកពិតជាស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។ (កាឡាទី ៥:១៩-២១) សូមចាំដែរថា អ្វីដែលសឲ្យឃើញធាតុពិតរបស់អ្នក គឺអ្វីដែលអ្នកធ្វើពេលគ្មានអ្នកណាមើលឃើញ មិនមែនអ្វីដែលអ្នកធ្វើពេលនៅជាមួយអ្នកឯទៀតទេ។ (ទំនុកតម្កើង ១១:៤; ១៦:៨) ដូច្នេះ បើអ្នកពិតជាចង់បង្ហាញថាអ្នកមានទស្សនៈដូចព្រះយេហូវ៉ាស្តីអំពីសីលធម៌ក្នុងគ្រប់ការទាំងអស់ នោះអ្នកនឹងធ្វើការសម្រេចចិត្តដែលស្របតាមគោលការណ៍គម្ពីរជានិច្ច។ ជាលទ្ធផល អ្នកនឹងចាប់ផ្ដើមមានទម្លាប់ធ្វើការសម្រេចចិត្តបែបនេះ។—កូរិនថូសទី២ ៣:១៨
១៧. មុនជ្រើសរើសការកម្សាន្ត តើយើងគួរសួរសំណួរអ្វីខ្លះ?
១៧ តើអ្នកអាចធ្វើអ្វីទៀតដើម្បីប្រាកដថាអ្នកនឹងធ្វើតាមទស្សនៈរបស់ព្រះយេហូវ៉ាពេលជ្រើសរើសការកម្សាន្ត? សូមគិតអំពីសំណួរថា‹តើការកម្សាន្តនេះនឹងមានឥទ្ធិពលយ៉ាងណាមកលើខ្ញុំនិងចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងព្រះ?›។ ជាឧទាហរណ៍ មុនសម្រេចចិត្តមើលភាពយន្តណាមួយ សូមសួរខ្លួនអ្នកថា‹តើអ្វីដែលគេបង្ហាញក្នុងភាពយន្តនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំ?›។ ឥឡូវសូមគិតអំពីគោលការណ៍ដែលទាក់ទងនឹងរឿងនេះ។
១៨, ១៩. (ក) តើគោលការណ៍នៅភីលីព ៤:៨អាចជួយយើងសម្រេចចិត្តយ៉ាងដូចម្ដេចថាការកម្សាន្តរបស់យើងល្អឬមិនល្អនោះ? (ខ) តើគោលការណ៍អ្វីទៀតអាចជួយអ្នកឲ្យជ្រើសរើសការកម្សាន្តល្អ? (សូមមើលកំណត់សម្គាល់)
១៨ គោលការណ៍សំខាន់ចម្បងមួយមាននៅភីលីព ៤:៨ ដែលចែងថា៖ «អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីដែលប្រកបដោយគុណធម៌ និងអ្វីដែលគួរឲ្យសរសើរ ចូរបន្តពិចារណាអ្វីៗទាំងនោះ»។ ពិតមែនតែក្នុងខនេះប៉ូលមិនសំដៅទៅលើការកម្សាន្តទេ ប៉ុន្តែគាត់សំដៅទៅលើអ្វីដែលយើងត្រូវរំពឹងគិតក្នុងចិត្តដើម្បីធ្វើឲ្យព្រះពេញចិត្ត។ (ទំនុកតម្កើង ១៩:១៤) ទោះជាយ៉ាងនោះក៏ដោយ យើងអាចធ្វើតាមពាក្យរបស់ប៉ូលពេលជ្រើសរើសការកម្សាន្ត។ តើតាមរបៀបណា?
១៩ សូមសួរខ្លួនអ្នកថា‹តើភាពយន្ត ហ្គេម និងចម្រៀងដែលខ្ញុំជ្រើសរើស ធ្វើឲ្យខ្ញុំគិតអំពី«អ្វីៗដែលបរិសុទ្ធ»ឬ?›។ ជាឧទាហរណ៍ ក្រោយពីអ្នកមើលភាពយន្តណាមួយ តើភាពយន្តនោះបន្សល់ទុករូបភាពបែបណាក្នុងគំនិតរបស់អ្នក? បើរូបភាពទាំងនោះបរិសុទ្ធ ធ្វើឲ្យអ្នកសប្បាយ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ នោះអ្នកដឹងថាការកម្សាន្តរបស់អ្នកគឺល្អ។ ក៏ប៉ុន្តែបើភាពយន្តណាមួយធ្វើឲ្យអ្នកគិតអំពីអ្វីដែលមិនបរិសុទ្ធ នោះមានន័យថាការកម្សាន្តរបស់អ្នកគឺមិនល្អ ព្រមទាំងអាចធ្វើឲ្យអ្នកទទួលផលវិបាកទៀតផង។ (ម៉ាថាយ ១២:៣៣; ម៉ាកុស ៧:២០-២៣) ហេតុអ្វី? គឺពីព្រោះការគិតអំពីអ្វីដែលប្រាសចាកសីលធម៌ធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល ធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកទៅជាសៅហ្មងវិញ ហើយអាចបង្ខូចចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ។ (អេភេសូរ ៥:៥; ធីម៉ូថេទី១ ១:៥, ១៩) ដោយសារការកម្សាន្តបែបនោះមានឥទ្ធិលអាក្រក់ទៅលើរូបអ្នកផ្ទាល់ ចូរតាំងចិត្តជៀសវាង។b (រ៉ូម ១២:២) ចូរធ្វើតាមគំរូរបស់អ្នកតែងទំនុកតម្កើងដែលបានអធិដ្ឋានសុំព្រះយេហូវ៉ាថា៖ «សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍»។—ទំនុកតម្កើង ១១៩:៣៧
លះបង់ប្រយោជន៍ខ្លួនដើម្បីប្រយោជន៍អ្នកឯទៀត
២០, ២១. តើកូរិនថូសទី១ ១០:២៣, ២៤ ទាក់ទងនឹងការជ្រើសរើសការកម្សាន្តយ៉ាងដូចម្ដេច?
២០ ប៉ូលបានប្រាប់គោលការណ៍គម្ពីរសំខាន់មួយដែលយើងត្រូវយកមកពិចារណាពេលដែលធ្វើការសម្រេចចិត្តអំពីរឿងផ្ទាល់ខ្លួន។ គាត់និយាយថា៖ «មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែលើកទឹកចិត្តឡើយ។ ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។ (កូរិនថូសទី១ ១០:២៣, ២៤) ពេលដែលជ្រើសរើសការកម្សាន្ត តើគោលការណ៍នេះទាក់ទងយ៉ាងដូចម្ដេច? អ្នកត្រូវសួរខ្លួនអ្នកថា‹តើការកម្សាន្តដែលខ្ញុំជ្រើសរើសនឹងមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?›។
២១ សមត្ថភាពវិនិច្ឆ័យរបស់អ្នកប្រហែលជាអនុញ្ញាតឲ្យអ្នកចូលរួមការកម្សាន្តណាមួយដែលអ្នកគិតថាអ្នក«មានច្បាប់»ចូលរួម ឬអាចទទួលយកបាន។ ក៏ប៉ុន្តែ បើអ្នកឃើញថាអ្នករួមជំនឿដែលមានសមត្ថភាពវិនិច្ឆ័យតឹងតែងជាង ទាស់ចិត្តនឹងការកម្សាន្តនោះ អ្នកប្រហែលជាសម្រេចចិត្តមិនចូលរួមការកម្សាន្តនោះទេ។ ហេតុអ្វី? គឺពីព្រោះអ្នកមិនចង់«ធ្វើខុសចំពោះបងប្អូនរបស់អ្នក» ឬរហូតដល់«ធ្វើខុសចំពោះគ្រិស្ត»ដូចប៉ូលបាននិយាយ ដោយធ្វើឲ្យបងប្អូនរួមជំនឿរបស់អ្នកពិបាករក្សាភាពស្មោះត្រង់ចំពោះព្រះ។ អ្នកអនុវត្តដំបូន្មានដែលថា៖ «កុំបង្កហេតុឲ្យ . . . ជំពប់ដួល»។ (កូរិនថូសទី១ ៨:១២; ១០:៣២) ឱវាទរបស់ប៉ូលបង្ហាញថាគាត់មានសមត្ថភាពយល់ដឹង ហើយគិតដល់ប្រយោជន៍អ្នកឯទៀត។ សព្វថ្ងៃនេះ គ្រិស្តសាសនិកពិតធ្វើតាមឱវាទរបស់ប៉ូលដោយជៀសវាងការកម្សាន្តណាដែលពួកគេ«មានច្បាប់»ចូលរួម តែជាការកម្សាន្តដែលមិន«លើកទឹកចិត្ត»ទេ។—រ៉ូម ១៤:១; ១៥:១
២២. ស្តីអំពីរឿងផ្ទាល់ខ្លួន ហេតុអ្វីគ្រិស្តសាសនិកពិតម្នាក់មិនបង្ខំអ្នកឯទៀតឲ្យមានទស្សនៈដូចគាត់?
២២ ប៉ុន្តែ មានចំណុចមួយទៀតដែលទាក់ទងនឹងការលះបង់ប្រយោជន៍ខ្លួនដើម្បីប្រយោជន៍អ្នកឯទៀត។ គ្រិស្តសាសនិកដែលមានសមត្ថភាពវិនិច្ឆ័យដែលតឹងតែងជាងអ្នកឯទៀតស្តីអំពីការកម្សាន្តដែលត្រឹមត្រូវ មិនគួរបង្ខំបងប្អូនក្នុងក្រុមជំនុំឲ្យធ្វើតាមទស្សនៈរបស់គាត់ទាំងអស់គ្នាឡើយ។ បើគាត់ធ្វើដូច្នេះ នោះគាត់គឺដូចជាមនុស្សដែលបើកឡានតាមផ្លូវ ហើយចង់បង្ខំអ្នកបើកបរទាំងអស់នៅផ្លូវជាមួយគាត់ ឲ្យបើកតាមល្បឿនដែលគាត់បើកដែរ។ ការទាមទារដូច្នេះគឺមិនសមហេតុផលទេ។ ក្នុងនាមជាគ្រិស្តសាសនិកពិត អ្នកដែលមានសមត្ថភាពវិនិច្ឆ័យតឹងតែងជាង ត្រូវបង្ហាញសេចក្ដីស្រឡាញ់ដោយគោរពអ្នករួមជំនឿដែលមានទស្សនៈខុសពីគាត់ស្តីអំពីការកម្សាន្ត ប៉ុន្តែនៅតែស្របតាមគោលការណ៍របស់គ្រិស្តសាសនិក។ ធ្វើដូច្នេះ គាត់«ឲ្យមនុស្សទាំងអស់គ្នាឃើញថា[គាត់]ជាមនុស្សសមហេតុផល»។—ភីលីព ៤:៥; សាស្ដា ៧:១៦
២៣. តើអ្នកអាចធ្វើដូចម្ដេចដើម្បីប្រាកដថាការកម្សាន្តដែលអ្នកជ្រើសរើសជាការកម្សាន្តដ៏ល្អ?
២៣ សរុបសេចក្ដី តើអ្នកអាចធ្វើដូចម្ដេចដើម្បីប្រាកដថាការកម្សាន្តដែលអ្នកជ្រើសរើសជាការកម្សាន្តដ៏ល្អ? អ្នកមិនត្រូវទទួលយកការកម្សាន្តណាដែលបង្ហាញជាក់ស្តែងអំពីការប្រព្រឹត្តដែលថោកទាប ប្រាសចាកសីលធម៌ និងជាអ្វីដែលបណ្ដាំរបស់ព្រះបានផ្ដន្ទាទោសទេ។ ចូរធ្វើតាមគោលការណ៍គម្ពីរដែលអាចយកមកអនុវត្តស្តីអំពីការកម្សាន្តដែលគម្ពីរមិនរៀបរាប់ដោយចំៗទេ។ ចូរជៀសវាងការកម្សាន្តណាដែលធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកសៅហ្មង ហើយអ្នកត្រូវសុខចិត្តលះបង់ការកម្សាន្តណាដែលអាចធ្វើឲ្យអ្នកឯទៀតទាស់ចិត្ត ជាពិសេសអ្នករួមជំនឿ។ សូមឲ្យការតាំងចិត្តរបស់អ្នកក្នុងរឿងនេះនាំឲ្យព្រះទទួលនូវការលើកតម្កើង ហើយជួយអ្នកនឹងក្រុមគ្រួសាររបស់អ្នករក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
a តាមភាសាក្រិច ពាក្យនេះមានន័យត្រង់ថា«ក្នុងភ្នែករបស់ពួកគេគ្មានការកោតខ្លាចព្រះ»។
b គោលការណ៍ខ្លះទៀតដែលអាចយកមកអនុវត្តពេលជ្រើសរើសការកម្សាន្តគឺ សុភាសិត ៣:៣១; ១៣:២០; អេភេសូរ ៥:៣, ៤; និងកូឡុស ៣:៥, ៨, ២០។